មេរៀនទី ១៣៥
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១២-២៥
បុព្វកថា
មេរៀននេះមាននូវផ្នែកទាំងអស់នៃលិខិតដែលព្យាការីយ៉ូសែប ស្ម៊ីធ បានសរសេរឲ្យពួកបរិសុទ្ធនៅដើមខែ កញ្ញា ឆ្នាំ ១៨៤២ ។ នៅក្នុងផ្នែកនៃលិខិតនេះ ព្យាការីបង្រៀនអំពីសេចក្តីសង្គ្រោះរបស់អ្នកនៅរស់ និង មរណជន ។ លោកបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យស្មោះត្រង់ចំពោះកិច្ចការរបស់ខ្លួនសម្រាប់មរណជន ហើយបង្ហាញសេចក្តីអំណររបស់លោកនៅក្នុងការស្តារឡើងវិញនៃដំណឹងល្អ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១២-១៨
យ៉ូសែប ស៊្មីធ បង្រៀនអំពីសេចក្តីសង្គ្រោះរបស់អ្នកនៅរស់ និង មរណជន ។
សូមបង្ហាញរូបភាពមួយនៃអាងជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធ ( ឧទាហរណ៍, « អាងជ្រមុជទឹកព្រះវិហារបរិសុទ្ធ » សៀវភៅសិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ១២១; សូមមើលផងដែរគេហទំព័រ LDS.org) ។ សូមឲ្យសិស្សស្រមៃថាពួកគេកំពុងចូលរួមការសម្ពោធបើកឲ្យប្រើប្រាស់ព្រះវិហារបរិសុទ្ធជាមួយមិត្តម្នាក់ដែលមិនមែនជាសមាជិកសាសនាចក្រ ។ បន្ទាប់ពីបានដើរកាត់កន្លែងជ្រមុជទឹកមិត្តរបស់ពួកគេសួរថា « ហេតុអ្វីបានជាអ្នកត្រូវតែលិចខ្លួនទាំងស្រុងចូលទៅក្នុងទឹកនៅពេលអ្នកទទួលបុណ្យជ្រមុជទឹកដូច្នេះ ? » មិត្តរបស់ពួកគេក៏សួរផងដែរថា « ហេតុអ្វីបានជាអ្នកជ្រមុជទឹកជំនួសអ្នកដែលស្លាប់ទៅយ៉ាងដូច្នេះ ? »
សូមរំឭកសិស្សថាខណៈពេលយ៉ូសែប ស៊្មីធ បានលាក់ខ្លួនពីមនុស្សដែលស្វែងរកចាប់ខ្លួនលោកខុសច្បាប់នោះ លោកបានសរសេរលិខិតមួយឲ្យពួកបរិសុទ្ធ ។ នៅក្នុងសំបុត្រនោះ លោកបានបង្រៀនពួកគេបន្ថែមអំពីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១២-១៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលការបង្រៀនរបស់យ៉ូសែប ស្ម៊ីធ អំពីនិមិត្តរូបនៃបុណ្យជ្រមុជទឹក ។
-
តើអ្នកអាចប្រើការបង្រៀននៅក្នុង ខ ១២–១៣ ដើម្បីជួយនរណាម្នាក់ឲ្យយល់ពីមូលហេតុដែលបុណ្យជ្រមុជទឹកត្រូវធ្វើឡើងដោយការពន្លិចខ្លួនយ៉ាងដូចម្តេច ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៥ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលមូលហេតុដែលយើងធ្វើបុណ្យជ្រមុជទឹកសម្រាប់មរណជន ។
-
យោងតាម ខគម្ពីរនេះ ហេតុអ្វីបានជាដូនតារបស់យើងត្រូវការយើងឲ្យធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនដូច្នេះ ? ( បើចាំបាច់ សូមទាញចំណាប់អារម្មណ៍សិស្សមកពាក្យ « ពួកគេពុំអាចបានល្អឥតខ្ចោះ ក្រៅពីយើងឡើយ » ។ សូមជួយសិស្សឲ្យស្វែងរកគោលលទ្ធិខាងក្រោម ៖ ជីដូនជីតារបស់យើង ដែលបានស្លាប់ដោយគ្មានដំណឹងល្អ មិនអាចរីកចម្រើនទៅកាន់ភាពល្អឥតខ្ចោះឡើយ ទាល់តែមានពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះនៃដំណឹងល្អ ត្រូវបានធ្វើឡើងសម្រាប់ពួកគាត់ ) ។
បើសិនសិស្សត្រូវការជំនួយដើម្បីឆ្លើយសំណួរនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ៖
« ជីដូនជីតាដែលបានទទួលមរណកាលទៅហើយរបស់អ្នករស់នៅកន្លែងមួយដែលហៅថា ពិភពវិញ្ញាណ ។ នៅទីនោះពួកគេមានឱកាសដើម្បីស្តាប់ និង ទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនអាចទទួលពិធីបរិសុទ្ធនៃដំណឹងសម្រាប់ខ្លួនពួកគេឡើយ ហើយពួកគេពុំអាចរីកចម្រើនឡើងលើកលែងតែមានមនុស្សដទៃទៀតផ្តល់ពិធីបរិសុទ្ធទាំងនេះសម្រាប់ពួកគេ ។
« ឯកសិទ្ធិ និង ទំនួលខុសត្រូវរបស់អ្នកគឺត្រូវផ្តល់អំណោយនេះដល់ពួកគេដោយការស្វែងរកពួកគេ ហើយធានាថាពិធីបរិសុទ្ធទាំងនេះត្រូវបានធ្វើឡើងជំនួសពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ។ បន្ទាប់មក ពួកគេអាចជ្រើសរើសថាព្រមទទួលយកកិច្ចការដែលបានធ្វើនេះឬក៏ អត់ » ( Member’s Guide to Temple and Family History Work [ ឆ្នាំ ២០០៩ ] ទំព័រ ២ ) ។
-
តើអ្នកគិតថាជីដូនជីតារបស់អ្នកអាចមានអារម្មណ៍បែបណាចំពោះអ្នក នៅពេលអ្នកធ្វើកិច្ចការនេះសម្រាប់ពួកគេនោះ ?
-
យោងតាម ខ ១៥, តើហេតុផលអ្វីមួយផ្សេងទៀតដែលយើងធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជននោះ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរគោលលទ្ធិខាងក្រោមនេះលើក្ដារខៀន ៖ សេចក្តីសង្គ្រោះសម្រាប់ជីដូនជីតាដែលបានស្លាប់របស់យើងគឺចាំបាច់ ហើយសំខាន់ចំពោះ សេចក្តីសង្គ្រោះរបស់យើង) ។
-
ហេតុអ្វីអ្នកគិតថា « សេចក្តីសង្គ្រោះរបស់ពួកគេគឺចាំបាច់ ហើយសំខាន់ចំពោះសេចក្តីសង្គ្រោះរបស់យើង ? » ( បន្ទាប់ពីសិស្សមានពេលដើម្បីពិភាក្សាសំណួរនេះហើយ សូមប្រាប់ពួកគេថាពួកគេនឹងរៀនបន្ថែមទៀតអំពីគោលលទ្ធិនៅពេលពួកគេបន្តសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៦-១៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលព្យាការីនៅក្នុងព្រះគម្ពីរប៊ីបដែលបានសរសេរអំពីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ ។ សូមអញ្ជើញពួកគេឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើវគ្គព្រះគម្ពីរប៊ីបទាំងនេះអាចមានសារៈប្រយោជន៍ចំពោះមិត្តម្នាក់ដែលមិនមែនជាសមាជិកសាសនាចក្រដូចម្តេច ?
សូមបង្ហាញ ច្រវ៉ាក់ ដែលដែលមានច្រើនកាំ ឬ សូមគូសវានៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលតំណនៃច្រវ៉ាក់នេះទាក់ទងនឹងការបង្រៀនរបស់យ៉ូសែប ស្ម៊ីធ អំពីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ ។ ( អ្នកអាចរំឭកសិស្សថាសម័យកាន់កាប់ត្រួតត្រាគឺជាអំឡុងពេលដែលព្រះអម្ចាស់បើកសម្តែងគោលលទ្ធិ ពិធីបរិសុទ្ធ និង បព្វជិតភាពរបស់ទ្រង់ ។ អ្នកអាចពន្យល់ថានៅក្នុងខគម្ពីរនេះពាក្យថា កូនៗ សំដៅលើពួកយើង ហើយពាក្យថា ឪពុក សំដៅលើជីដូនជីតារបស់យើង ) ។
-
តើតំណនៃច្រវ៉ាក់នេះទាក់ទងនឹងការបង្រៀនរបស់យ៉ូសែប ស្ម៊ីធ អំពីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់យ៉ាងដូចម្តេច ? ( សិស្សគួរតែរកឃើញសេចក្ដីពិតខាងក្រោមនេះ ៖ បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ជួយភ្ជាប់យើងជានិរន្តរ៍ជាមួយនឹងជីដូនជីតារបស់យើង ។ សូមពន្យល់ថា ក្រៅពីបុណ្យជ្រមុជទឹក ពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះផ្សេងទៀត—ពិធីបញ្ជាក់ ការតែងតាំងបព្វជិតភាពមិលគីស្សាដែក [ សម្រាប់បុរស ] ពិធីអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ និង ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់—ក៏សំខាន់ដើម្បីសង្គ្រោះតំណនៃការផ្សារភ្ជាប់គ្នារវាងជីដូនជីតារបស់យើង និង ខ្លួនយើង ) ។
ដើម្បីជួយសិស្សបង្កើនការយល់ដឹងរបស់ពួកគេអំពីគោលលទ្ធិ និង គោលការណ៍ដែលពួកគេបានរកឃើញនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១២–១៨, សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធឲ្យឮៗ ៖
« ត្រូវតែមានអង្គការគ្រួសារមួយជាអង្គភាពក្រុមគ្រួសារមួយ ហើយជំនាន់និមួយៗត្រូវតែផ្សារភ្ជាប់ជាមួយនឹងច្រវ៉ាក់ដែលបានទៅមុនដើម្បី នាំមកនូវភាពល្អឥតខ្ចោះនៅក្នុងអង្គភាពគ្រួសារ ។ ដូច្នេះនៅទីបំផុត យើងនឹងក្លាយជាគ្រួសារដ៏ធំមួយតំាងពីដំបូងជាមួយនឹងអ័ដាម មីកែល មេទ័ពពួកទេវតា ធ្វើជាអធិបតីលើពូជពង្សរបស់លោក » (Doctrines of Salvation, បាននិពន្ធដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ភាគទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ២:១៧៥ ) ។
សូមចង្អុលបង្ហាញថាយោងតាម ខ ១៨, ផែនដីនឹងត្រូវបានវាយដោយសេចក្តីបណ្តាសា លើងលែងតែមានចំណងភ្ជាប់ណាមួយរវាងពួកឪពុក និង កូនៗ ។ ដើម្បីជួយសិស្សឲ្យយល់ពីគោលលទ្ធិនេះ សូមអានសុន្ទរកថាខាងក្រោមនេះដែលពន្យល់ដោយប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ ៖
« បើសិនគ្មានតំណភ្ជាប់គ្នារវាងពួកឪពុក និងកូនៗ—ដែលជាកិច្ចការសម្រាប់មនុស្សស្លាប់ទេ—នោះយើងទាំងអស់គ្នានឹងត្រូវកំទេចចោល ហើយកិច្ចការរបស់ព្រះទាំងមូលនឹងបរាជ័យ និង ត្រូវកំទេចចោលសូន្យឈឹង » (Doctrines of Salvation,២:១២២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៩-២៥
យ៉ូសែប ស៊្មីធ បង្ហាញពីសេចក្តីអំណរនៅក្នុងស្តារឡើងវិញនៃដំណឹងល្អ ហើយលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យស្មោះត្រង់ នៅពេលពួកគេធ្វើកិច្ចការសម្រាប់សេចក្តីសង្គ្រោះដល់មរណជន
សូមអញ្ជើញសិស្សឲ្យគិតអំពី ពេលមួយដែលពួកគេមានភាពរីករាយដោយបានឮដំណឹងដ៏ល្អ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ។ បន្ទាប់ពីពួកគេចែកចាយហើយ សូមសួរពួកគេបើសិនពួកគេចង់ចែកចាយព័ត៌មាននេះជាមួយមនុស្សដទៃ និង មូលហេតុអ្វី ។
សូមពន្យល់ថាពាក្យមួយទៀតសម្រាប់ពាក្យ ព័ត៌មាន គឺ ដំណឹង ។ បន្ទាប់មកសូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលដំណឹងដែល យ៉ូសែប ស៊្មីធបាននិយាយដែលយើងបានទទួល ។
-
តើ « ដំណឹងល្អ » អ្វីដែលយើងបានទទួល ? ( ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ) ។
-
តើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺជាសំឡេងរីករាយសម្រាប់អ្នករស់ និង មរណជនយ៉ាងដូចម្តេច ?
សូមពន្យល់ថាយ៉ូសែប ស្ម៊ីធ បានរៀបរាប់ពីបទពិសោធន៍មួយចំនួន ដែលលោកបានមានជាមួយសារទូតឋានសួគ៌នៅពេលដំណឹងល្អត្រូវបានស្តារឡើងវិញតាមរយៈលោក ។ សូមអញ្ជើញសិស្សឲ្យអានត្រួសៗ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២០-២១ ហើយរកមើលបទពិសោធន៍ និង សារទូតទាំងនោះ ។ អ្នកអាចចង់ឲ្យពួកគេគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។ បន្ទាប់ពីសិស្សបានចែកចាយអ្វីដែលពួកគេបានឃើញ ហើយសង្ខេបយោបល់របស់ពួកគេដោយការសរសេរគោលលទ្ធិនៅលើក្ដារខៀន ៖ កូនសោ អំណាច និង សិទ្ធិអំណាចនៃសម័យកាន់កាប់ត្រួតត្រាពី ដើមត្រូវបានស្តារឡើងវិញនៅក្នុងសម័យកាន់កាប់ត្រួតត្រានៃពេលពេញកំណត់នេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន យ៉ូហាន ថេលើរ ឲ្យឮៗ ៖
« គោលការណ៍ដែល [ យ៉ូសែប ស៊្មីធ ] ត្រូវបានដឹកនាំឲ្យធ្លាក់ចូលទៅក្នុងការសន្ទនា ជាមួយព្រះអម្ចាស់ ហើយមិនមែនត្រឹមតែជាមួយព្រះអម្ចាស់ឡើយ ប៉ុន្តែជាមួយសាវក និង ព្យាការីបុរាណ បុរសទាំងនោះរួមមាន ដូចជា អ័ប្រាហាំ អ៊ីសាក យ៉ាកុប ណូអេ អ័ដាម សេត អេណុក និង ព្រះយេស៊ូវ និងព្រះវរបិតា និង សាវកដែលបានរស់នៅលើទ្វីបនេះ ព្រមទាំងអស់អ្នកដែលបានរស់នៅក្នុងទ្វីបអាស៊ីផងដែរ ។ លោកហាក់បីដូចជាស្គាល់មនុស្សទាំងនោះនៅពេលយើងបាននៅជាមួយគ្នា ។ ហេតុអ្វី ? ដោយសារលោកត្រូវតែណែនាំនូវគ្រាកាន់កាប់ត្រួតត្រាមួយដែលត្រូវបានហៅថាសម័យកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ ហើយវាត្រូវបានទទួលស្គាល់ដោយអ្នកបម្រើពីបុរាណនៃព្រះ (The Gospel Kingdom [ ឆ្នាំ ១៩៨៧ ] ទំព័រ ៣៥៣ ) ។
-
តើមានអ្វីខ្លះបានផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នកដោយការដឹងថា ដំណឹងល្អបានស្តារឡើងវិញលើផែនដីតាមរយៈសារទូតឋានសួគ៌ ?
សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២២-២៣ មានការបង្ហាញពីសេចក្តីអំណររបស់យ៉ូសែប ស្ម៊ីធដោយសារកូនសោនៃបព្វជិតភាពត្រូវបានស្តារឡើងវិញ ហើយដោយសារពួកបរិសុទ្ធអាចជួយសង្គ្រោះដល់មរណជន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានខគម្ពីរទាំងនេះឲ្យឮៗ ។ សូមអញ្ជើញសិស្សឲ្យផ្ទៀងតាម រកមើលឃ្លានានា ដែលមានអត្ថន័យពិសេសចំពោះពួកគេ ។ ( អ្នកអាចចង់ស្នើថា ពួកគេគូសចំណាំឃ្លាទាំងនោះ ) ។ បន្ទាប់មកសូមឲ្យសិស្សផ្ទៀងតាម ហើយពន្យល់មូលហេតុដែលឃ្លាទាំងនោះមានន័យចំពោះពួកគេ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២៤ ឲ្យឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលអ្វីដែលព្យាការីបានណែនាំពួកបរិសុទ្ធឲ្យធ្វើ ។ សូមអញ្ជើញពួកគេឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
យោងតាមខគម្ពីរនេះ តើអ្វីទៅជាការថ្វាយដង្វាយដោយសេចក្តីសុចរិតដែលយើងថ្វាយដល់ព្រះអម្ចាស់ ? ( បញ្ជីមួយដែលមានបញ្ជីនៃពួកអ្នកស្លាប់របស់យើង ) ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីរួមចំណែកនៅក្នុង « បញ្ជី » នេះ ? តើ ខ ២៤ បង្រៀនអ្វីខ្លះអំពីការចូលរួមរបស់យើងនៅក្នុងកិច្ចការនៃពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងធ្វើកិច្ចការពង្សប្រវត្តិ ហើយទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធសម្រាប់ជីដូនជីតារបស់យើង នោះយើងធ្វើការថ្វាយដង្វាយដោយសុច្ចរិតដល់ព្រះអម្ចាស់ហើយ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្តាប់ការពិពណ៌នារបស់អែលឌើរ បែដណាអំពីតួនាទីរបស់ពួកគេនៅក្នុងកិច្ចការនៃសេចក្តីសង្គ្រោះដល់មរណជន ៖
« មានអ្នករាល់គ្នាជាច្រើនប្រហែលជាគិតថា កិច្ចការពង្សប្រវត្តិគឺត្រូវតែធ្វើឡើងដោយពួកមនុស្សវ័យចំណាស់ ។ ប៉ុន្តែខ្ញុំដឹងថាគ្មានការកំណត់អាយុណាមួយបានរៀបរាប់នៅក្នុងព្រះគម្ពីរ ឬសេចក្ដីណែនាំណាមួយដែលបានប្រកាសដោយពួកអ្នកដឹកនាំសាសនាចក្របានដាក់កំហិតលើការបម្រើដ៏សំខាន់នេះទេ ។…
« វាមិនមែនជាការចៃដន្យទេ ដែលកម្មវិធីស្រាវជ្រាវពង្សប្រវត្តិ…ឧបករណ៍ទាំងឡាយដទៃទៀតត្រូវបង្កើតឡើងនៅចំពេលដែលមនុស្សវ័យក្មេងមានការចេះដឹងយ៉ាងទូលំទូលាយអំពីបច្ចេកវិជ្ជាព័ត៌មាន និង ទំនាក់ទំនងនោះ ។… ជំនាញ និង ភាពឆ្លាតវៃក្នុងចំណោមពួកយុវវ័យជាច្រើនរបស់យើងសព្វថ្ងៃនេះ រៀបចំដើម្បីចូលរួមចំណែកជួយដល់កិច្ចការនៃសេចក្តីសង្រ្គោះ ។
« …ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យសិក្សា ស្វែងរកជីដូនជីតារបស់អ្នក ហើយត្រៀមខ្លួនរបស់អ្នកដើម្បី ធ្វើបុណ្យជ្រមុជទឹកជំនួសនៅក្នុងដំណាក់របស់ព្រះអម្ចាស់សម្រាប់ មរណជន របស់អ្នក ។… យើងខ្ញុំសូម ជម្រុញអ្នកឲ្យជួយមនុស្សដទៃស្វែងរកពង្សប្រវត្តិរបស់ពួកគេ » (The Hearts of the Children Shall Turn »Ensignឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៦ ) ។
-
តើតាមរបៀបណាខ្លះដែលអ្នកអាចចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធ ?
-
តើនៅពេលណា ដែលអ្នកបានថ្វាយដង្វាយតាមរយៈកិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ ? តើអ្នកត្រូវបានប្រទានពរតាមរបៀបណាខ្លះនៅពេលអ្នកបានធ្វើការថ្វាយដង្វាយទាំងនេះ ?
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យទាំងឡាយដែលសិស្សនឹងទទួលបាននៅពេលពួកគេចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញសិស្សឲ្យដាក់គោលដៅដែលនឹងជួយពួកគេធ្វើកិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ ។