ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:៤៣-១០១


មេរៀនទី ១០៦

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤៣-១០១

បុព្វកថា

នៅ​ថ្ងៃ​ទី ១៦ និង ១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​អំពី​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ដែល​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ដើម្បី​ភៀសខ្លួន​ចេញ​ពី​សេចក្ដី​បៀតបៀន ។ ពួកបរិសុទ្ធ​ជា​ច្រើន ត្រូវ​បាន​បង្ខំ​ឲ្យ​ទុក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ចោល ។ វិវរណៈ​ដែល​ព្យាការី​បាន​ទទួល បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ត្រូវ​បាន​បែងចែក​ទៅ​ជា​បីមេរៀន​នៅក្នុងសៀវភៅ​សិក្សានេះ ។ មេរៀន​ទី​បី​នេះ រួម​មាន​រឿង​ប្រដូច​របស់​ព្រះអម្ចាស់​នៃ​បុរស​ត្រកូលខ្ពស់ និង​ដើម​អូលីវ ការ​បង្រៀនពីព្រះទ័យរបស់​ទ្រង់​អំពី​សេចក្ដី​ប្រោសលោះ​នៃ​ស៊ីយ៉ូន ។ វា​ក៏​រួម​មាន​ទាំង​ការ​ទូន្មាន​របស់​ព្រះអម្ចាស់​ថា ពួកបរិសុទ្ធ​ត្រូវ​បន្ត​ប្រមូលផ្ដុំ​គ្នា ( ជាមួយ​នឹង​សេចក្ដី​យោង​នៃ​រឿង​ប្រៀបធៀប​របស់​ទ្រង់​ពី​ស្រូវ​សាលី និង​ស្រងែ ) ហើយ​ព្យាយាម​សង​ការ​ធ្វើខុស​ដែល​បាន​ធ្វើ​ប្រឆាំង​នឹង​ពួកគេ ( ជាមួយ​នឹង​សេចក្ដី​យោង​នៃ​រឿង​ប្រៀបធៀប​របស់​ទ្រង់​នៃ​ស្រ្តី និង​ចៅ​ក្រម​ដ៏​ឥត​យុត្តិធម៌​ម្នាក់ ) ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤៣-​៦២

ព្រះអម្ចាស់​ប្រទាន​រឿង​ប្រៀបប្រដូច​នៃ​បុរស​ត្រកូលខ្ពស់ និង​ដើម​អូលីវ

សូម​សរសេរ នៅ​លើ​ក្តា​រខៀន​នូវរឿងប្រៀបប្រដូច​នៃ …

សូម​ពន្យល់​ថា រឿង​ប្រៀបប្រដូច​គឺ​ជា « រឿង​សាមញ្ញ​មួយ​ដែល​ត្រូវ​បាន​ប្រើ ដើម្បី​បង្ហាញ និង​បង្រៀន សេចក្តីពិត​ខាង​វិញ្ញាណ ឬ​ពី​គោលការណ៏ ។ រឿងប្រៀបប្រដូច គឺ​ផ្អែក​លើ​ការប្រៀបធៀបកម្មវត្ថុមួយ ឬ​ព្រឹត្តិការណ៍​ធម្មតា​មួយ​ទៅ​នឹង​រឿង​ពិត ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « រឿងប្រៀបប្រដូច » scriptures.lds.org ) ។

សូម​ឲ្យ​សិស្ស​សរសេរ​រឿង​ប្រៀបប្រដូច​មួយ​ចំនួន​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន ក្នុង​ពេល​នៃ​ការ​បម្រើ​ខាង​សាច់ឈាម​របស់​ទ្រង់ ។ ឧទាហរណ៍ សិស្ស​អាច​រំឭក​ពី​រឿង​ប្រៀបប្រដូច​នៃ​សាសន៍សាម៉ារីដ៏ល្អ ឬ​រឿង​ប្រៀបប្រដូច​នៃ​ស្រ្តី​ព្រហ្មចារី​ទាំង​ដប់​នាក់ ។

សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ថ្ងៃ​នេះ សិស្ស​នឹង​ពិភាក្សា​ពី​រឿង​ប្រៀបប្រដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទានឲ្យ​តាម​រយៈ យ៉ូសែប ស៊្មីធ ។ សូម​បំពេញឃ្លា​ខាង​ក្រោម​នៅលើ​ក្ដារខៀន ដែល​និយាយ​ថា ៖ រឿង​ប្រៀបប្រដូច​នៃ​បុរស​ត្រកូលខ្ពស់ និង​ដើម​អូលីវ ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៤៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សារលិខិត​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​មាន​ព្រះទ័យ​ចង់​ប្រាប់​យើង​តាម​រយៈ​រឿង​ប្រៀបប្រដូច​នេះ ។ ( ទ្រង់​ចង់​ឲ្យ​មនុស្ស​យល់​ពី « ព្រះទ័យ​ទ្រង់​អំពីសេចក្តីប្រោះលោះនៃ​នៃ​ស៊ីយ៉ូន » ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១ :៤៤ -៤៥ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​យកចិត្ត​ទុកដាក់​លើ​សាច់រឿង​លម្អិត​នៃ​រឿង​ប្រៀបធៀប​នេះ ។ ដើម្បី​ធានា​ថា​សិស្ស​យល់ពីសាច់​រឿង សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​បុរសត្រកូល​ខ្ពស់ បាន​បញ្ជា​អ្នក​បម្រើ​របស់​គាត់​ឲ្យ​ធ្វើ​អ្វី ?

  • តើ​ហេតុអ្វី​បាន​ជា​បុរស​ត្រកូល​ខ្ពស់​ចង់​បាន​អ្នក​យាម​នៅ​ក្នុង​ចម្ការ​របស់​គាត់ ? ​ហេតុ​អ្វី​បាន​ជា​គាត់​ចង់​ឲ្យ​អ្នក​យាម​នៅ​លើ​ប៉ម​ចាំយាម ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៤៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​ថា​តើ​អ្នកបម្រើ​ធ្វើតាម​ការ​ណែនាំ​របស់​បុរស​ត្រកូល​ខ្ពស់​បាន​ល្អ​ដល់​កម្រិត​ណា ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៤៧-៥០ ដោយ​ស្ងាត់ស្ងៀម រកមើល​ថា​តើ​អ្នកបម្រើ​ធ្វើតាម​ការ​ណែនាំ​របស់​បុរស​ត្រកូល​ខ្ពស់​បាន​ល្អ​ដល់​កម្រិត​ណា ។

  • តើ​អ្នក​បម្រើ​បាន​ធ្វើតាម​ការ​ណែនាំ​ល្អ​ដល់​កម្រិត​ណា ? ( អ្នក​អាច​ពន្យល់​ថា នៅ​ក្នុង ខ ៥០ឃ្លា « ជជែក​គ្នា​ទៅវិញ​ទៅ​មក » មាន​ន័យ​ថា អ្នក​បម្រើ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ) ។

  • តើ​ហេតុអ្វី​បាន​ជា​អ្នក​បម្រើ​បរាជ័យ​ក្នុង​ការ​សាងសង់​ប៉មចាំយាម ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៥១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រក​មើល​អ្វី​ដែល​បាន​កើតឡើង​ដោយ​សារ​តែ​អ្នក​បម្រើ​មិន​បាន​សាងសង់​ប៉មចាំយាម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៥២-៥៤ ឲ្យ​សិស្ស​ស្ដាប់ ។ សូម​ឲ្យ​ពួកគេ​ផ្ទៀង​តាម រកមើល​ពាក្យ​របស់​បុរស​ត្រកូល​ខ្ពស់ទៅ​កាន់​អ្នក​បម្រើ​របស់​គាត់ ។

  • យោង​តាម ខ ៥៤ តើ​ហេតុ​អ្វី​បាន​បុរស​ត្រកូល​ខ្ពស់​មិន​សប្បាយ​ចិត្ត​ពេលដែល​អ្នក​បម្រើ​របស់គាត់​មិន​បាន​សង់​ប៉ម​ចាំយាម ?

  • តើ​ព្រឹត្តិការណ៍នានាដែល​បាន​ពិពណ៌នា​នៅ​ក្នុង​រឿងប្រៀបប្រដូច​នេះ ទាក់ទង​ទៅ​នឹង​អ្វី​ដែល​បាន​កើតឡើងដល់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី យ៉ាង​ដូចម្ដេច?

ជា​ផ្នែក​នៃ​ការ​ពិភាក្សា​នេះ អ្នក​អាច​រំឭក​សិស្ស​ថា នៅ​ក្នុង​វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យនៅ​ខែ កក្កដា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​កំណត់​ទីតាំង​សម្រាប់​ព្រះវិហារបរិសុទ្ធ នៅ​ទីក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ( សូមមើល គ. និង ស. ៥៧ ) ។ នៅ​ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បាន​ឧទ្ទិស​ទីតាំង​ព្រះវិហារបរិសុទ្ធ​នៅ​ទីក្រុង អ៊ិនឌីប៉ែនដែនស៍ ។ ទោះជា​យ៉ាងណា ពួកបរិសុទ្ធ​មិន​បាន​ធ្វើ​អ្វី​ដើម្បី​កសាង​ព្រះបរិសុទ្ធ​ឡើយ ។ នៅ​ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ១៨៣៣ ព្រះអម្ចាស់​បាន​បញ្ជា​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ម្ដងទៀត​ឲ្យ​កសាង​ព្រះវិហារបរិសុទ្ធ ( សូមមើល គ. និង ស. ៩៧ ) ។

  • តើ​ប៉ម​ចាំ​យាម​នៅ​ក្នុង​រឿង​ប្រៀបប្រដូច អាច​ទាក់ទង​នឹង​ព្រះវិហារបរិសុទ្ធ​ដែល​ពួក​បរិសុទ្ធ​បរាជ័យ​ក្នុងការ​កសាងយ៉ាង​ដូច​ម្ដេច ?

  • តើ​គោលការណ៏ អ្វីខ្លះ​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ ដែល​យើង​អាច​អនុវត្ត​នៅ​ក្នុង​ជីវិត​យើង ? ( ព្រោះថា​រឿង​ប្រៀបប្រដូច​អាច​មាន​ន័យ​ច្រើន សិស្ស​អាច​ស្នើ​នូវ​គោលការណ៍​មួយ​ចំនួន​ដែល​មាន​ដូច​ខាង​ក្រោម​នេះ ៖ នៅពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​ត្រូវ​បាន​ពង្រឹង​ឲ្យ​ស៊ូទ្រាំ​នឹង​សត្រូវ​ទាំង​ខាងវិញ្ញាណនិង​ខាងសាច់ឈាម ។ ពួកព្យាការី​បម្រើ​ជា​អ្នក​យាម​នៅ​លើ​ប៉មចាំយាម ព្រមាន​យើង​ពី​គ្រោះថ្នាក់​ដែល​នឹង​កើត​ឡើង ។ តាម​រយៈ​កិច្ច​ការ​ព្រះវិហារបរិសុទ្ធ យើង​រៀបចំ​ខ្លួន​ដើម្បី​ស៊ូទ្រាំ​នឹង​មារសត្រូវ ) ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់ឲ្យ​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៥៥-៦២ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើលអ្វី​ដែល​បុរស​ត្រកូល​ខ្ពស់​បាន​បញ្ជា​ដល់អ្នក​បម្រើ​គាត់​ឲ្យ​ធ្វើ ។

  • តើ​បុរស​ត្រកូល​ខ្ពស់​បាន​ប្រាប់​អ្នក​បម្រើ​គាត់​ឲ្យ​ធ្វើ​អ្វី ? ( ឲ្យ​ប្រមូលផ្ដុំ​ពលទ័ព ហើយ​រំដោះ​ចម្ការ​ទំពាំងបាយជូរឡើងវិញ ) ។

សូម​ពន្យល់​ថា អ្នក​បម្រើ​ដែល​បាន​លើកឡើង​នៅ​ក្នុង ខ ៥៥ តំណាង​ឲ្យ យ៉ូសែប ស៊្មីធ ( សូមមើល គ. និង ស. ១០៣:២១ ) ។ យ៉ូសែប ស៊្មីធ បាន​ធ្វើ​តាម​បញ្ជា​របស់​ព្រះអម្ចាស់ ហើយ​បាន​រៀបចំ​ក្រុម​មួយ​ដែល​ហៅ​ថា ជុំរំ​ស៊ីយ៉ូន ដើម្បី​រំដោះ​ដែនដីស៊ីយ៉ូន​ឡើង​វិញ ។ ជុំរំ​ស៊ីយ៉ូន នឹង​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​មេរៀន​ទី ១០៨ និង​មេរៀន​ទី ១១០ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៦៣-៧៥

ព្រះអម្ចាស់​ដាស់តឿន​ពួក​បរិសុទ្ធ​ឲ្យ​បន្ត​ធ្វើការ​រួមគ្នា

សូម​ពន្យល់​ថា ទោះ​ជា​ពួកបរិសុទ្ធ​នៅ​ឃុំ ចាកសុន រដ្ឋ មិសសួរី ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​ក្ដី ព្រះអម្ចាស់​បាន​បញ្ជា​ពួកគេ​ឲ្យ​បន្ត​កសាង​នគរ​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៦៣-៦៤ ឲ្យឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បន្ទូល​ថា ទ្រង់​នឹង​បន្ត​ធ្វើ ។ សូម​ឲ្យ​សិស្ស​រាយការណ៍ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៦៥– ៦៦ ដោយ​ស្ងាត់ស្ងៀម រកមើល​រឿងប្រៀបប្រដូច​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល ។

  • តើស្រូវ​សាលី និង​ស្រងែ​នៅ​ក្នុង​រឿងប្រៀបប្រដូច​នេះ តំណាង​ឲ្យ​អ្វី ? ( ស្រូវ​សាលី​តំណាង​ឲ្យ​សមាជិក​ស្មោះត្រង់​នៃ​សាសនាចក្រ ហើយ​ស្រងែ​តំណាង​ឲ្យ​មនុស្ស​ទុច្ចរិត​នៃ​ពិភពលោក ។ អ្នក​អាច​ពន្យល់​ថា ស្រងែ​ជា​ស្មៅ​ដែល​ដូច​ជា​ស្រូវ​សាលី​ពេល​វា​នៅ​ខ្ចី ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​រឿងប្រៀប​ប្រដូច​នេះ សូម​ពន្យល់​ថា​សម័យ​បុរាណ ជង្រុក​គឺ​ជា​កន្លែង​ដែល​ស្រូវសាលី​ត្រូវ​បាន​ប្រមូល ហើយ​រក្សា​ទុក​ឲ្យ​ត្រឹមត្រូវ ។ ដោយ​ផ្អែក​លើ​រឿង​ប្រដូច​នេះ និង​ការ​បង្រៀន​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះគម្ពីរ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា « ជង្រុក គឺ​ជា​ព្រះវិហារបរិសុទ្ធ » (« Honorably Hold a Name and Standing » Ensignលីអាហូណា, ខែ ឧសភា ឆ្នាំ ២០០៩,ទំព័រ ៩៧ ) ។ សូម​សរសេរ​ពាក្យ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន៖ជង្រុក = ព្រះវិហារបរិសុទ្ធ

  • យោង​តាម​រឿងប្រៀបប្រដូច​នេះ តើ​ពរជ័យ​អ្វី​ដែល​យើងនឹង​ទទួល ដោយការ​ប្រមូលផ្ដុំ ហើយ​បម្រើ​នៅ​ព្រះវិហារបរិសុទ្ធ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ប្រាប់​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖នៅពេល​យើង​ប្រមូល​ផ្ដុំគ្នា​នៅ​ព្រះវិហារបរិសុទ្ធ យើង​ទទួល​បាន​ការ​ការពារ ហើយ​រៀបចំ​ខ្លួន​យើង​សម្រាប់​ជីវិតដ៏​អស់កល្ប​ជានិច្ច ) ។

  • តើ​អ្នក​គិត​ថា​សេចក្ដី​សញ្ញា​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ អាច​ការពារ ហើយ​រៀបចំ​យើង​សម្រាប់ជីវិតដ៏នៅអស់កល្ប ជានិច្ច ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញឲ្យ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​អំពី​របៀប​ដែល​ព្រះវិហារបរិសុទ្ធ​ជា​ប្រភព​នៃ​ការ​ការពារ និង​ការ​រៀបចំ​សម្រាប់​ពួកគេ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ។ អ្នក​អាច​បន្ថែម​ទីបន្ទាល់​របស់​អ្នកលើ​គោលការណ៍​នេះផងដែរ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៧–៧៥ ដោយ​ពន្យល់​ថា ទោះ​ជា​ពួកបរិសុទ្ធ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ឃុំ ចាកសុន រដ្ឋ មិសសួរី ក្ដី​ក៏ព្រះអម្ចាស់​បាន​ទូន្មាន​ពួកគេ​ឲ្យ​បន្ត​ទិញ​ដី​នៅ​ទីនោះ និង​នៅ​ឃុំ​ជិតខាង​ដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១: ៧៦ -១០១

ព្រះអម្ចាស់​ទូន្មាន​ពួកបរិសុទ្ធ​ឲ្យ​បន្ត​ស្វែង​រក​វិធី​ត្រឡប់​ទៅ​ផ្ទះ​ពួកគេ​នៅ​រដ្ឋ មិសសួរី វិញ

សូម​ពន្យល់​ថា លើស​ពី​ការ​ណែនាំ​ពួកបរិសុទ្ធ​ឲ្យ​ទិញអចលទ្រព្យ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ឲ្យ « តវ៉ា​សូម​ឲ្យកែសាទុក្ខ » ដោយសារ​ទង្វើ​របស់​ពួក​អ្នក​ដែល​បាន​បៀតបៀន​ពួកគេ ( សូមមើល គ. និង ស. ១០១:៧៦ ) ។ ពាក្យ​ម្យ៉ាង​វិញ​ទៀត ទ្រង់​មាន​បន្ទូល​ឲ្យ​ពួកគេ​ស្វែងរក​យុត្តិធម៌តាម​ប្រព័ន្ធ​ស្របច្បាប់​របស់​រដ្ឋាភិបាល ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៧៦-៨០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​ប្រព័ន្ធ​ច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួកបរិសុទ្ធ​ស្វែង​រក​ជំនួយ​ពី​ថ្នាក់​ដឹកនាំ​ក្នុង​រដ្ឋាភិបាល ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ ព្រះអម្ចាស់​បាន​ដឹកនាំ​ការ​ស្ថាបនា​រដ្ឋធម្មនុញ្ញ​សម្រាប់​សហរដ្ឋប៉ុន្មាន​ឆ្នាំ​មុន​នោះ។ តើ​ហេតុអ្វីបាន​ជា​ទ្រង់​ចង់​ឲ្យ​រក្សា​រដ្ឋធម្មនុញ្ញ ?

  • ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​គោល​បំណង​មួយ​នៃ « សិទ្ធិជ្រើសរើស​ខាង​សិលធម៌ » គឺ​ដើម្បី​ធានា​ថា​យើង « ទទួល​ខុសត្រូវ ចំពោះ​អំពើបាប​ទាំងឡាយ​របស់​[យើង] » ( គ. និង ស. ១០១:៧៨ ) ។ តើ​ហេតុអ្វី​បាន​ជា​ការ​ទទួល​ខុសត្រូវ—ទំនួល​ខុសត្រូវ​សម្រាប់​ទង្វើ​របស់​យើង—ជា​ផ្នែក​សំខាន់​នៃ​សិទ្ធិ​ជ្រើសរើស ? តើ​អ្នក​នឹង​ឆ្លើយ​ទៅ​នឹង​នរណា​ម្នាក់​ដែល​និយាយ​ថា « ខ្ញុំ​មាន​សេរីភាព​នឹង​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​ចង់​ធ្វើ » យ៉ាងដូចម្តេច?

  • ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា គ្មាន​នរណា​ម្នាក់​គួរ​ជាប់​ក្នុងទាសភាព​របស់​នរណា​ម្នាក់​ឡើយ ។ តើ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​សំខាន់​ដែល​មនុស្ស​មិន​ជាប់​ចំណង​នោះ ?

ជា​ផ្នែក​នៃ​ការ​ពិភាក្សា​នេះ សូម​សរសេរ​នូវ​ឃ្លា​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារខៀន ៖ ព្រះ​បាន​ប្រទាន​ឲ្យ​យើង​នូវ​សិទ្ធិ​ជ្រើសរើស​ខាង​សិលធម៌ ជា​អំណាច​ដើម្បី​ជ្រើសរើស ប៉ុន្តែ​យើង …

សូម​អញ្ជើញ​សិស្សឲ្យ​បំពេញ​ឃ្លា​ខាង​ក្រោម​យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៧៨ ។ ( នៅពេល​សិស្ស​ប្រាប់​គោលការណ៍​ដូច​ខាង​ក្រោម សូម​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន ៖ ព្រះប្រទាន​សិទ្ធិ​ជ្រើសរើស​ខាង​សិលធម៌ ជា​អំណាច​ដើម្បី​ជ្រើសរើស ប៉ុន្តែ​យើង​ទទួល​ខុសត្រូវ​សម្រាប់​ជម្រើស​របស់​យើង) ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​ប្រើ​រឿង​ប្រៀបប្រដូច​ដើម្បី​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​ស្វែងរក​ជំនួយ​ពី​ថ្នាក់​ដឹកនាំ​ក្នុង​រដ្ឋាភិបាល ។ សូមអញ្ជើញ​សិស្ស​ឲ្យអាន​រឿងប្រៀបប្រដូច​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨១–៨៤ ( សូមមើល​ផងដែរ លូកា ១៨:១–៨ ) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ពិចារណា​ពី​របៀប​ដែល​រឿងប្រៀបប្រដូច​នោះ​អនុវត្ត​ចំពោះ​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។ បន្ទាប់​មក​ឲ្យ​សិស្ស​ម្នាក់ទៀត​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៨៥-៨៨ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ព្រះអង្គសង្គ្រោះ អនុវត្ត​រឿង​ប្រៀបប្រដូច​នោះ​ចំពោះ​ពួកបរិសុទ្ធ ។

  • ក្នុង​ពេល​នៃ​ប្រវត្តិ​សាសនាចក្រ​នេះ តើ​ស្ត្រី​មេម៉ាយ​អាច​តំណាង​ឲ្យ​នរណា ? ( សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ ) ។ តើ​ចៅក្រម​តំណាង​ឲ្យ​នរណា ? ( ចៅក្រម​អាច​តំណាង​ឲ្យ​ពួកចៅក្រមទាំងឡាយ និងថ្នាក់​ដឹកនាំ​ក្នុង​រដ្ឋាភិបាល ជា​អ្នក​ដែល​ពួកបរិសុទ្ធ​នឹង​សុំ​ជំនួយ ។ គាត់​ក៏​អាច​តំណាង​ឲ្យ​ព្រះវរបិតាសួគ៌ ជា​អ្នក​ដែល​ពួកបរិសុទ្ធ​នឹង​បន្ត​អធិស្ឋាន​ទៅរក​ផងដែរ ) ។

  • ដោយ​ប្រើ​រឿង​ប្រៀបប្រដូច​នេះ តើ​រឿង​ជាក់លាក់​អ្វី​មួយ​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ?

សូមពន្យល់​ថា ពួកបរិសុទ្ធ​បាន​ប្ដឹងសាទុក្ខ​ទៅ​ចៅក្រម​ក្នុង​សាលាក្ដី​ប្រចាំ​តំបន់ ប៉ុន្តែ​មិន​បាន​ទទួល​ការ​គាំទ្រ​ដែល​ពួកគេ​សង្ឃឹម​ចង់​បាន​នោះ​ទេ ។ ពួកគេ​បាន​សូម​ឲ្យ ដានីយ៉ែល ដាក់គ្លីន ជា​អភិបាល​រដ្ឋ មិសសួរី និង អែនដ្រូ ចាកសុន ជា​ប្រធានាធិបតី​សហរដ្ឋ ឲ្យ​ជួយ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ និង​ឲ្យដីធ្លី​របស់​ពួកគេ​វិញ និង​ផ្ដល់​នូវ​ការ​ការពារ​សម្រាប់​ពួកគេ ។ ពួក​អ្នក​ដឹកនាំ​ទាំង​ពីរ​បាន​បដិសេធ​មិន​ជួយ​ពួកគេ ។ ពួកបរិសុទ្ធ​ក៏​បាន​ដាក់​ពាក្យ​ស្នើ​ទៅ និតិបញ្ញត្តិ​រដ្ឋ​មិសសួរី ផងដែរ ប៉ុន្តែ​ពួកគេ​បដិសេធ​មិន​ជួយ ។

សូមយោងទៅលើ​គោលការណ៍ ដែល​អ្នក​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៨៩ -៩១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល នឹង​ត្រូវ​ឲ្យ​ទទួល​ខុសត្រូវ​បើ​ពួកគេ​បដិសេធន៏មិន​ជួយ​ពួក​បរិសុទ្ធ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៩២-៩៥ ដោយ​ស្ងាត់​ស្ងៀម រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ​សម្រាប់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​របស់​ពួកគេ ។ 

  • តើ ខ ៩២ បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ? ( ទ្រង់​មិន​ចង់​ដាក់​ទោស​មនុស្ស​ទេ ។ ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែចិត្ត ដូច្នេះ​ទ្រង់​អាច​មេត្តា​ដល់​ពួកគេ ) ។

សូម​សង្ខេបគោលលទ្ធិ និង​សេចក្ដីសញ្ញា ១០១:៩៦-១០១ ដោយពន្យល់​ថា ព្រះអម្ចាស់​បាន​ទូន្មាន​ពួកបរិសុទ្ធ​ឲ្យ​រក្សា​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ក្នុង​ឃុំ ចាកសុន ទោះ​ជា​ពួកគេ​មិន​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​ទីនោះ​ក៏​ដោយ ។ ទ្រង់​បាន​សន្យា​ថា បើ​ពួកគេ​រស់​នៅ​ដោយ​មាន​ភាព​សក្ដិសម នៅ​ថ្ងៃ​ណាមួយពួកគេ​នឹង​អាច​រស់នៅ​ទីនោះវិញ ។

ដើម្បី​បញ្ចប់ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ពី​គោលការណ៍​ដែល​សិស្ស​បាន​ពិភាក្សា ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:៤៤-៦៤ ។ រឿង​ប្រៀបប្រដូច​នៃ​បុរស​ត្រកូល​ខ្ពស់ និង​ដើម​អូលីវ

ឃ្លា​ខាងក្រោម ពន្យល់​ពី​របៀប​មួយ​ដើម្បី​បកប្រែ​រឿង​ប្រៀបប្រដូច​នៃ​បុរស​ត្រកូលខ្ពស់ និង​ដើម​អូលីវ ៖

« វា​ហាក់​ដូច​ជា​រឿង​ប្រៀបប្រដូច​ត្រូវ​បកប្រែ​តាម​របៀប​នេះ​ថា ៖ បុរស​ត្រកូល​ខ្ពស់ គឺ​ជា​ព្រះអម្ចាស់ ដែល​បាន​ជ្រើស​រើស​ដី​នៅ​ក្នុង​ចម្ការ​របស់​ទ្រង់ គឺ​នៅ​ស៊ីយ៉ូន ក្នុងរដ្ឋ មិសសួរី ។ កន្លែង​ដែល​ពួកបរិសុទ្ធ​រស់នៅ​ក្នុង​ទីក្រុង​ស៊ីយ៉ូន គឺ​ដើម​អូលីវ ។ អ្នកបម្រើទាំងឡាយ គឺ​ជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ហើយ​អ្នក​យាម គឺ​ជា​អ្នក​កាន់​តំណែង​នៅ​ក្នុង​សាសនាចក្រ ។ ពេល​មិន​ទាន់​សាងសង់​ទីក្រុង​ស៊ីយ៉ូន ពួកគេ​មាន​ការ​ខ្វែងគំនិត​គ្នា ហើយ​មិន​សាងសង់​ប៉មចាំយាម ឬ​ព្រះវិហារបរិសុទ្ធ​នៅ​កន្លែង​ដែល​បាន​ឧទ្ទិស​នៅ​ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ១៨៣១ នោះទេ ។ បើ​ពួកគេ​បាន​សាងសង់​វា​ដូច​ដែល​បាន​បង្គាប់​នោះ វា​នឹង​ក្លាយ​ជា​កន្លែង​ជ្រកកោន​ខាង​ព្រលឹង​វិញ្ញាណរបស់​ពួកគេ ដោយសារ​តែកន្លែង​នោះ អ្នកយាម​របស់​ព្រះ​អាច​មើលឃើញ​ដោយ​វិវរណៈ​ពី​សកម្មភាព​របស់​សត្រូវ​ពួកគេ​ពី​ចម្ងាយ ។ ការ​ដឹង​ជា​មុន​នេះ នឹង​អាច​ការពារ​ពួកគេ នឹង​ការ​ប្រឹងប្រែង​របស់​ពួកគេ ពេល​សត្រូវ​បាន​ធ្វើ​ការ​វាយប្រហារ​មក​លើ​ពួកគេ ។

« ប៉ុន្តែ ពួក​បរិសុទ្ធ​នៅរដ្ឋ មិសសួរី មាន​ការ​ខ្ជិល​ច្រអូស ព្រងើយកន្តើយ និង​ផ្ដេកផ្ដួល ។ សត្រូវ​បាន​មកដល់ ហើយនាំ​ឲ្យ​មាននូវ​ការ​បៀតបៀន​នៅ​រដ្ឋ មិសសួរី​កើតឡើង ។ រាស្ត្រ​របស់​ព្រះអម្ចាស់​បាន​បែកខ្ញែក ហើយ​ការ​ខិតខំ​របស់​គេ​ក្លាយ​ជា​អសារបង់ ។ ដូច​ដែល​យើង​បាន​ឃើញ​រួច​ហើយ​ថា ព្រះ​ដ៏មាន​មហិទ្ធិឬទ្ធិ​បាន​ត្មះតិះដៀល​រាស្ត្រ​ទ្រង់ ប៉ុន្តែ​ទ្រង់​បាន​បញ្ជា​ឲ្យ​អ្នកបម្រើ​របស់​ទ្រង់ ( ខ ៥៥ ), យ៉ូសែប ស៊្មីធ ( ១០៣:២១ ), ឲ្យ​ប្រមូល ‹ ដែលជាកម្លាំង​នៃ​វង្សាយើង › ហើយ​រំដោះ​ដី និង​ប្រមូលទ្រព្យសម្បត្តិទាស់នឹងពួកគេ។

« ក្រោយមក ព្យាការី និង​បងប្អូនប្រុស​របស់​លោក​នៅ​ក្នុង​ជុំរំ​ក្រុង​ស៊ីយ៉ូន​ដ៏​ល្បី​ឈ្មោះ​បាន​ទៅ​រដ្ឋ មិសសួរី ក្នុង​ឆ្នាំ ១៨៣៤ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​រឿង​ប្រដូច​នោះ​បាន​សម្រេច ។ មុនពេល​ពួកគេ​ទៅ វិវរណៈ​មួយ​ទៀត​ត្រូវ​បាន​ទទួល ( សូមមើល ១០៣:២១–២៨ ) ស្តីពីការ​ប្រោសលោះ​នៃ​ស៊ីយ៉ូន ។ បងប្អូនប្រុស​ត្រូវ​បាន​បង្គាប់​ឲ្យ​ព្យាយាម​ទិញ​ដី​នៅ​រដ្ឋ មិសសួរី ដោយ​មិន​ប្រើ​កម្លាំង ហើយ​បើ​ពួកសត្រូវ​ប្រឆាំង​នឹង​ពួកគេ ពួកគេ​នឹង​ដាក់​បណ្ដាសា​ដល់​ពួក​សត្រូវ​នោះ ។ ទីក្រុង​ស៊ីយ៉ូន​មិន​ត្រូវ​បាន​ប្រោសលោះ​នៅ​ពេល​នោះ​ទេ ប៉ុន្តែ​យើង​អាច​ឃើញ​វា​មិន​យូរ​ប៉ុន្មានទេ​នៅពេល​អនាគត ។… វា​នឹង​ត្រូវ​បាន​ប្រោសលោះ ពេល​ព្រះអម្ចាស់​មាន​ព្រះតំរិះ​ដូច្នោះ » ។ ( Sidney B. Sperry, Doctrine and Covenants Compendium [ឆ្នាំ ១៩៦០],ទំព័រ ៥២១–២២; សេចក្ដីដកស្រង់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា សៀវភៅសិក្សាសិស្ស [Church Educational System manual,ឆ្នាំ ២០០១],ទំព័រ ២៤៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៧៨ ។ សិទ្ធិ​ជ្រើសរើស​ខាង​សិលធម៌ និង​ការ​ទទួល​ខុសត្រូវ

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានបង្រៀន​ពី​មូលហេតុ​ដែល​ពាក្យ សិទ្ធិ​ជ្រើសរើស​ខាង​សិលធម៌ ត្រូវ​បាន​ប្រើ​ជំនួស​ពាក្យ សិទ្ធិ​សេរីភាព​ក្នុងការ​ជ្រើសរើស ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ជា​ច្រើន​ឆ្នាំ​មុន ជា​ទូទៅ​យើង​ប្រើ​ពាក្យ សិទ្ធិ​សេរីភាព​ក្នុងការ​ជ្រើសរើស ។ វា​មិន​ខុស​ទេ ប៉ុន្តែ​ថ្មីៗ​នេះ យើង​បាន​ចំណាំ​ថា សិទ្ធិ​សេរីភាព​ក្នុងការ​ជ្រើសរើស មិន​បាន​បង្ហាញ​ថា​ជា​ការ​បញេ្ចញ​អារម្មណ៍​នៅ​ក្នុង​ខគម្ពីរ​ទេ ។ វា​និយាយ​ពី ‹ សេរីភាព​ក្នុង​ការ​ជ្រើសរើស › របស់​យើង និង​‹ សេរីភាព​ក្នុង​ការ​ប្រពឹ្រត្ត › សម្រាប់​ខ្លួន​យើង​ពី​កាតព្វកិច្ច​ក្នុង​ការ​ធ្វើ​អ្វី​ជា​ច្រើន ‹ តាមចិត្ត › របស់​យើង ។ ប៉ុន្តែ​ពាក្យ សិទ្ធិជ្រើសរើស មាន​ដោយ​ខ្លួន​វា ឬ នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា កណ្ឌទី ១០១ ខ ៧៨, ដោយ​មាន​ការកែតម្រូវ​ខាង សិលធម៌ ៖ ‹ ថា​មនុស្ស​គ្រប់រូប​អាច​ប្រព្រឹត្ត​នូវ​គោលលទ្ធិ និង​គោលការណ៍ … តាម សិទ្ធិជ្រើសរើស​ខាង​សិលធម៌ ដែល​យើង​ប្រទាន​ដល់​គេ ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់រូប​អាច​បាន​ទទួល​ការ​ខុសត្រូវ ចំពោះ​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន នៅ​ថ្ងៃ​ជំនុំជំរះ › ( គូសបញ្ជាក់បន្ថែម ) ។ នៅពេលយើងប្រើពាក្យ សិទ្ធិជ្រើសរើសខាងសីលធម៌ នោះ យើង​កំពុងគូសបញ្ជាក់ដោយ​សមរម្យ​នូវ​ទំនួលខុសត្រូវ​ដែល​ជា​ផ្នែក​មួយដ៏សំខាន់​នៃ​អំណោយទាន​ដ៏ទេវភាព​នៃ​សិទ្ធិជ្រើសរើស ។ យើងមានសិទ្ធិជ្រើសរើស​ខាង​សិលធម៌ យើង​មានសិទ្ធិសេរីភាព​ក្នុង​ការ​ជ្រើសរើស ប៉ុន្តែ​យើង​ក៏​មាន​ទំនួល​ខុសត្រូវ​សម្រាប់​ជម្រើស​របស់​យើង​ផងដែរ » ( « Moral Agency » [ Brigham Young University devotional address, ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០០៦ ],ទំព័រ ១, speeches.byu.edu ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៨០ ។ ព្រះបាន​តាំង រដ្ឋធម្មនុញ្ញ​នៃ​សហរដ្ឋ​ឡើង ។

ប្រធាន ជេ រ៉ូប៊ីន ក្លាក នៃ​គណៈប្រធាន​ទីមួយ​បាន​មានប្រសាសន៍​ថា ៖

រូបភាព
ប្រធាន ជេ រ៉ូប៊ីន ក្លាក

« បងប្អូនប្រុស​ស្រី សេចក្ដី​ថ្លែងការណ៍​នៃ​ព្រះអម្ចាស់​ថា ‹ យើង​បាន​តាំង​រដ្ឋធម្មនុញ្ញ​នៃ​ដែនដី​នេះ​ឡើង › ចំពោះខ្ញុំ​វា​មានន័យ​ថា សូម​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​សហរដ្ឋ អាមេរិក ហាក់​ដូច​ជាវា​បាន​សរសេរ​នៅ​ក្នុង​ព្រះគម្ពីរ​គោលលទ្ធិ​នៃ​សេចក្ដី​សញ្ញា​ដែរ ។ រដ្ឋធម្មនុញ្ញ​នេះ​ដូច​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​មក​កាន់​យើង​ដែរ ។ វា​មិន​ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​ពាក្យ​សម្ដី​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ដោយ​ការ​ដាក់​ព្រះគំនិត និង​ព្រះវិញ្ញាណ​របស់​ទ្រង់​មក​លើ​គំនិត​របស់​មនុស្ស បំផុស​គំនិត​ពួកគេ​ឲ្យ​ជួយ​ស្ថាបនា​រដ្ឋាភិបាល​មនុស្ស​ដ៏​អស្ចារ្យ​នេះ ដោយ​មិន​ផ្លាស់ប្ដូរ​សិទ្ធិ​របស់​វា » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៣៥,ទំព័រ ៩៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៨០ ។ « ពួក​អ្នកប្រាជ្ញ​ដែល​យើង​បាន​បង្កើត​ឡើង ចំពោះ​គោលបំណង​នេះ​ឯង »

ប្រធាន ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​ពី​មនុស្ស​មួយ​ចំនួន​ដែល​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្តព្រះ ដើម្បី​តាំង​រដ្ឋធម្មនុញ្ញ​នៃ​សហរដ្ឋ​ឡើង ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« យើង​ជឿ​ថា ព្រះអម្ចាស់​បាន​រៀបចំ​ពេលវេលា ដែល​ទ្រង់​នឹង​បង្ហាញ​កិច្ចការ​របស់​ទ្រង់​នៅពេល​សក្ដិសម វា​អាច​មាន​កន្លែង​ដែល​ជា​កំណល់ព្រះបាទរបស់​ទ្រង់ ជាកន្លែងដែលមានសិទ្ធិសេរីភាពនៃសតិសម្បជញ្ញៈគ្រប់គ្រាន់ ជា​កន្លែង​ដែល​ពួកបរិសុទ្ធ​របស់​ទ្រង់​អាចរស់នៅក្នុងភាពសុខសាន្ត​នៅ​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដ៏​សម្បូរបែប និង​សិទ្ធិ​ស្មើគ្នា ។ នៅ​ក្នុង​ទស្សនៈ​នេះ យើង​គិត​ថា​មនុស្ស​នៅ​ក្នុង​ការ​បដិវត្តន៍ ត្រូវ​បាន​បំផុស​គំនិត​ដោយ​ព្រះ ដើម្បី​ទំលាក់​ឧបសគ្គ​នៃ​រដ្ឋាភិបាល​ជា​អចិន្ត្រៃយ៍ ជាមួយ​នឹង​គោលការណ៍​របស់​វា ។ អ័ដាម ជែហ្វឺសុន ហ្វ្រែងក្លីល វ៉ាស៊ីនតោន និង​អ្នក​ដែល​មាន​ការ​បំផុស​គំនិត​មួយ​ក្រុម​ទៀត​បាន​ប្រឆាំង​នឹង​ទង្វើ​របស់​ស្ដេច​នៃ​ចក្រភព​អង់គ្លេស … ហើយ​បាន​ស្ថាបនា​រដ្ឋាភិបាល​ថ្មី ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​សេរី​ភាព​កាន់​តែ​ច្រើន ជា​មូលដ្ឋាន​នៃ​ការ​គ្រប់គ្រង​លើ​ខ្លួន​ឯង ដែល​អនុញ្ញាត​ឲ្យ​មាន​មាន​សិទ្ធិសេរីភាព​ក្នុង​ការ​គោរព​សាសនា ។

« វា​ជា​សំឡេង​របស់​ព្រះអម្ចាស់​ដែល​បាន​បំផុស​គំនិត​ដល់​បុរស​ដែល​មាន​ភាព​សក្ដិសម ជា​អ្នក​ដែល​បាន​ពុះពារ​នឹង​ពេល​សាកល្បង​នោះ មិន​ត្រឹម​តែ​ឲ្យ​ចូល​ច្បាំង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវអនុវត្តប្រាជ្ញាឲ្យ​ចេះ​ប្រឹក្សា អត់ធ្មត់ ក្លាហាន និង​ស៊ូទ្រាំ​នៅ​ក្នុង​ជុំរំ​នៅ​ទីវាល ក៏​ដូច​ជា​ត្រូវ​បង្កើត និង​ទទួលយក​ការ​វាស់វែង​ដ៏​ឆ្លាត និង​មាន​ប្រសិទ្ធភាព​ជា​បន្តបន្ទាប់ ដែល​អាច​ធានា​បាន​នូវ​ជំនាន់​ជោគជ័យ ដែល​ជា​ពរជ័យ​នៃ​រដ្ឋាភិបាល​ឯករាជ្យ និង​សេរី » ( Discourses of Brigham Young, sel. John A. Widtsoe [ឆ្នាំ ១៩៥៤],ឆ្នាំ ៣៥៩–៦០ ) 

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:៨១-៩៥ ។ « ពួកគេ​ត្រូវ​តែ​បន្ត​តវ៉ា​សូម​ឲ្យ​កែសាទុក្ខ »

នៅក្នុង​វិវរណៈ ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១ព្រះអម្ចាស់​បាន​ប្រាប់​រឿង​ប្រៀបប្រដូច​របស់​ទ្រង់​ឡើង​វិញ​នៃ​ស្រ្តី​ដែល​ធ្វើ​ឲ្យ​ចៅក្រម​នឿយណាយ រហូត​ដល់​គាត់​យល់​ព្រម​ធ្វើ​តាម​ការ​ស្នើសុំ ( សូមមើល​នៅក្នុង លូកា ១៨:១-៨ ) ។ ទ្រង់​បាន​ប្រដូច​រឿង​ប្រៀបធៀប​នៅ​នឹង​ស្ថានភាព​នៃ​ពួកបរិសុទ្ធ ដែល​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​រដ្ឋ មិសសួរី ។ ពួកគេ​ត្រូវ​ទៅ​ជួប​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ដើម្បី​រក​យុត្តិធម៌ និង​ការ​ការពារ ចាប់ផ្ដើម​ពី​ចៅក្រម ហើយ​ទៅ​ជួប​អភិបាល​រដ្ឋ មិសសួរី និង​ប្រធានាធិបតី​នៃ​សហរដ្ឋ​បើ​ចាំបាច់ ។ បើ​ពាក្យ​បណ្ដឹង​របស់​ពួក​បរិសុទ្ធ​មិន​ត្រូវ​បាន​ស្ដាប់​ឮ នោះ​ព្រះអម្ចាស់​នឹង​ក្រោធ​ឡើង ហើយ​រក​យុត្តិធម៌​ពី​អ្នក​ដែល​បាន​បណ្ដេញ​ពួកបរិសុទ្ធ​ចេញ ដោយសារ​មនុស្ស​ទាំង​អស់ « អាច​បាន​ទុកថា​ឥត​ដំណោះ​សារ » ( គ. និង ស. ១០១:៩៣ ) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ពួកបរិសុទ្ធ​ក៏​ត្រូវ​នាំ​យក​ទុក្ខសោក​របស់​ពួកគេ​ទៅ​សាលាក្ដី​ត្រឹមត្រូវ ហើយ​ស្វែងរក​ការ​កែសាទុក្ខ​នៃ​ការ​ចោទប្រកាន់​មកលើ​ពួកគេ ។ វា​គឺ​ជា​ជំហាន​ដ៏​ចាំបាច់ ហើយ​នៅពេល​ពួកបរិសុទ្ធ​ធ្វើ​ដូច្នេះ ហើយ​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​ខាង​សាសនា មន្ត្រី​ទាំង​នោះ​គ្មាន​ពាក្យ​ដោះសារ ហើយ​សេចក្ដី​វិនិច្ឆ័យ​របស់​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ នឹងធ្លាក់មកលើពួកគេ​ក្នុងពេលសង្គ្រាមស៊ីវិល ត្រូវ​បាន​រាប់​ជា​សុចរិត ។…

« ដោយសារ​មាន​ច្បាប់​ស្ដី​ពីការ​ដាក់ទោស​យ៉ាង​យុត្តិធម៌ ទាំង​នៅ​អស់កល្ប​ក៏​ដូច​ជា​ច្បាប់​ដទៃ​ទៀត​របស់​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ [ សូមមើល កូរិនថូសទី ២ ៩:៦គ. និង ស. ៦:៣៣ថ្ងៃ​នោះ​នឹង​មក​ដល់ នៅពេល​ដែល​មាន​ការ​កែតម្រូវ​ត្រូវ​បាន​ធ្វើឡើង​នៅចំពោះ​ចៅក្រម​ដ៏​សុចរិត ជា​អង្គ​ដែល​មិន​តក់ស្លុត​ដោយ​ការ​គំរាម​កំហែង​របស់​ពួក​មនុស្ស​កំណាច​នោះ​ឡើយ » (Church History and Modern Revelation,វ៉ុល ២ [ ឆ្នាំ ១៩៥៣ ], ១:៤៦២, ៤៦៩ ) ។