មេរៀនទី ៣៥
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១-២៩
បុព្វកថា
មិនយូរប៉ុន្មានពីមុនពេលសន្និសីទសាសនាចក្រ ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ១៨៣០ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយនៅក្នុងវត្តមានរបស់អែលឌើរប្រាំមួយរូប ។ តាមរយៈវិវរណៈ ពួកអែលឌើរទាំងនេះ បានរៀនអំពីការប្រមូលផ្ដុំនៃពួកជម្រើសរបស់ព្រះអង្គសង្គ្រោះ មុនការយាងមកជាលើកទីពីររបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១-១៣
ព្រះអម្ចាស់ បានថ្លែងទីបន្ទាល់អំពីដង្វាយធួនរបស់ទ្រង់ និងព្រះទ័យរបស់ទ្រង់ក្នុងការប្រមូលរាស្ត្ររបស់ទ្រង់
ពីមុនចាប់ផ្ដើមថ្នាក់រៀន សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ « សូមលើកចិត្តអ្នកឡើង ហើយអរសប្បាយចុះ » ( គ និង ស ២៩:៥ ) ។
-
ហេតុអ្វីក៏ពេលខ្លះវាពិបាកដើម្បីគោរពតាមការទូន្មាននេះ ? តើមានវិធីមួយចំនួនណាខ្លះ ដែលអ្នកបានរកឃើញដើម្បីគោរពតាមការទូន្មាននេះ ?
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១-៣មាននូវព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ដែលអាចជួយយើង « សូមលើកចិត្ត [ យើង ]ឡើង ហើយអរសប្បាយចុះ » ។
សូមដាក់បង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទជាមួយនឹងកុមារតូចៗ( សៀវភៅសិល្បៈដំណឹងល្អ[ ២០០៩ ] ទំព័រ ៤៧ សូមមើលផងដែរLDS.org ) ហើយ បើអាចធ្វើទៅបាន សូមបង្ហាញរូបភាពមេមាន់កំពុងក្រុងកូនៗវា ។ សូមសួរថាតើមាននរណាម្នាក់ អាចពិពណ៌នាអំពី របៀប និង មូលហេតុ ដែលមេមាន់ក្រុងកូនវា ។ ( បើសិស្សពុំដឹងទេ សូមពន្យល់ថា នៅពេលមេមាន់ដឹងពីគ្រោះថ្នាក់ នោះវានឹងហៅកូនៗវាមក ។ នៅពេលពួកវាមករកមេវា មេមាន់ក្រុងពួកវានៅក្រោមស្លាប ដើម្បីការពារពួកវា ) ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២ ឲ្យឮៗ ។
-
តើព្រះអង្គសង្គ្រោះ ដូចជាមេមាន់ដែលក្រុងការពារកូនវាយ៉ាងដូចម្ដេច ?
-
តើកូនមាន់ត្រូវធ្វើអ្វីខ្លះ ដើម្បីត្រូវបានក្រុងដោយសុវត្ថិភាពនៅក្រោមស្លាបការពាររបស់មេវា ? ( បើចាំបាច់ សូមចង្អុលបង្ហាញថា កូនមាន់ត្រូវខំរត់ទៅរកមេរបស់វា ) ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទនឹងប្រមូលយើង ពេលយើង …
-
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២ តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះ ដើម្បីត្រូវបានប្រមូលផ្ដុំដោយព្រះអង្គសង្គ្រោះ ? ( សូមប្រើចម្លើយរបស់សិស្សដើម្បីបំពេញគោលការណ៍នៅលើក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ នឹងប្រមូលយើង ពេលយើងស្ដាប់តាមសំឡេងទ្រង់ដោយរាបសារ ហើយទូលហៅទ្រង់ក្នុងការអធិស្ឋាន ) ។
សូមពន្យល់ថា ចាប់តាំងពីការចាប់ផ្ដើមមក ពួកព្យាការីបានព្យាករអំពីការប្រមូលផ្ដុំនៃពួកអ៊ីស្រាអែល ។ ដំណាក់នៃអ៊ីស្រាអែល--រាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់--នឹងត្រូវបានប្រមូលផ្ដុំនៅក្នុងថ្ងៃចុងក្រោយ មុនការយាងមករបស់ព្រះគ្រីស្ទ ( សូមមើលមាត្រានៃសេចក្ដីជំនឿ ១:១០ ) ។ ព្រះអម្ចាស់ ប្រមូលរាស្ត្រទ្រង់ នៅពេលពួកគេអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
ដើម្បីជួយសិស្សយល់ និងដឹងពីសេចក្តីពិត និងសារៈសំខាន់នៃគោលការណ៍នេះ សូមពិភាក្សាចំពោះសំណួរដូចខាងក្រោម ៖
-
តើវិធីមួយចំនួនដែលយើងស្ដាប់សំឡេងរបស់ព្រះអង្គសង្គ្រោះមានអ្វីខ្លះ ? ( ចម្លើយអាចរួមមានថា យើងអាចស្ដាប់ឮសំឡេងរបស់ទ្រង់តាមរយៈព្រះគម្ពីរ ការបង្រៀនរបស់ពួកព្យាការីនៅរស់ និងពួកសាវក និងការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ) ។
-
តើការស្ដាប់តាមសំឡេងរបស់ព្រះអង្គសង្គ្រោះ ខុសពីការគ្រាន់តែឮសំឡេងរបស់ទ្រង់យ៉ាងដូចម្ដេច ?
-
ហេតុអ្វីក៏អ្នកគិតថា យើងចាំបាច់ត្រូវបន្ទាបខ្លួន ដើម្បីត្រូវបានប្រមូលដោយព្រះអង្គសង្គ្រោះ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាដែលពួកគេបានទទួលអារម្មណ៍ថា នៅជិតនឹងព្រះអង្គសង្គ្រោះ តាមរយៈការសិក្សាព្រះគម្ពីរ ការធ្វើតាមពាក្យសម្ដីរបស់ព្យាការីនៅរស់ ឬការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ សូមផ្ដល់ឱកាសដល់សិស្សពីរបីនាក់ ឲ្យចែកចាយបទពិសោធន៍ទាំងនេះ សូមរំឭកសិស្សថា បទពិសោធន៍មួយចំនួន គឺពិសិដ្ឋ ឬផ្ទាល់ខ្លួនណាស់ ពុំគួរចែកចាយទេ ។
យោងទៅបទគម្ពីរដែលអ្នកបានសរសេរនៅលើក្ដារខៀនពីមុនចាប់ផ្ដើមថ្នាក់រៀន ។
-
តើគំនិតដែលត្រូវបានប្រមូលផ្ដុំដោយព្រះអង្គសង្គ្រោះ ជួយអ្នកលើកចិត្តអ្នកឡើង ហើយអរសប្បាយយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១ , ៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុមួយ ដើម្បីលើកចិត្តយើងឡើង ហើយអរសប្បាយ ។ បន្ទាប់មក សូមឲ្យសិស្សប្រាប់អំពីគោលការណ៍មួយមកពីខគម្ពីរទាំងនេះ ដែលពន្យល់ពីមូលហេតុដែលយើងអាចលើកចិត្តខ្លួនឯងឡើង ហើយអរសប្បាយ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីគោលការណ៍ដែលពួកគេបានប្រាប់នោះ ។ ( ចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងពីគោលការណ៍ដូចខាងក្រោម ៖ ដោយសារតែព្រះអង្គសង្គ្រោះបានធួនសម្រាប់អំពើបាបរបស់យើង នោះយើងអាចលើកចិត្តយើងឡើង ហើយអរសប្បាយ ) ។
-
តើទីបន្ទាល់របស់អ្នកអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបាននាំសុភមង្គលមកក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ? ( បន្ទាប់ពីសិស្សបានឆ្លើយតបចំពោះសំណួរនេះ អ្នកអាចនឹងចង់ចែកចាយចម្លើយរបស់អ្នកផងដែរ ) ។
សូមពន្យល់ថា របៀបមួយដែលព្រះអង្គសង្គ្រោះប្រមូលរាស្ត្រទ្រង់ គឺតាមរយៈការខិតខំរបស់យើងដើម្បីចែកចាយដំណឹងល្អ ។ នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៩ ទ្រង់មានបន្ទូលតាមរយៈ យ៉ូសែប ស៊្មីធ ទៅកាន់អែលឌើរទាំងប្រាំមួយរូប ហើយបានបញ្ជាពួកគេដើម្បីប្រកាសដំណឹងល្អរបស់ទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤-៦ដោយស្ងាត់ស្ងៀម ។ សូមលើកទឹកចិត្តពួកគេឲ្យរកមើលពាក្យ និងឃ្លាទាំងឡាយដែលទាក់ទងនឹងកិច្ចការអ្នកផ្សព្វផ្សាយសាសនា ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើពាក្យ និង ឃ្លាអ្វីខ្លះ ដែលអ្នកបានរកឃើញ ? តើពាក្យ ឬឃ្លាទាំងឡាយនេះ បង្រៀនអំពីបទពិសោធន៍នៃការចែកចាយដំណឹងល្អយ៉ាងណាខ្លះ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៧-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការពន្យល់របស់ព្រះអង្គសង្គ្រោះអំពីអ្វីដែលអែលឌើរទាំងប្រាំមួយនាក់នេះ ត្រូវបានហៅឲ្យធ្វើ និងហេតុអ្វី ។
-
តើព្រះអង្គសង្គ្រោះបានហៅពួកអែលឌើរទាំងនេះឲ្យធ្វើអ្វីខ្លះ ? ( « ដើម្បីនាំឲ្យមានការប្រមូលផ្ដុំនៃពួកជម្រើស [ របស់ទ្រង់ ] » ) ។ តើព្រះអង្គសង្គ្រោះពិពណ៌នាអំពីពួកជម្រើសរបស់ទ្រង់យ៉ាងដូចម្ដេច ? ( អ្នកទាំងឡាយដែល « ស្ដាប់សំឡេងរបស់ទ្រង់ ហើយពុំរឹងរូសក្នុងដួងចិត្តរបស់ពួកគេ » ) ។
-
តើអ្នកផ្សព្វផ្សាយសាសនាជួយនាំមកនូវការប្រមូលផ្ដុំនៃពួកជម្រើសយ៉ាងដូចម្ដេច ?
ចូរពន្យល់ថា កាលវិវរណៈនេះត្រូវបានផ្ដល់ឲ្យ សមាជិកភាពក្នុងសាសនាចក្រមានចំនួនតិច ។ ពួកបរិសុទ្ធអាច « ត្រូវបានប្រមូលនៅកន្លែងមួយ » ( គ. និង ស. ២៩:៨ ) ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលសាសនាចក្ររីកចម្រើន ព្រះអម្ចាស់ បានបញ្ជាឲ្យពួកបរិសុទ្ធប្រមូលផ្ដុំគ្នាពីកន្លែងផ្សេងៗ ។ សព្វថ្ងៃនេះ យើងប្រមូលផ្ដុំគ្នានៅក្នុងស្ដេកនៃស៊ីយ៉ូន ត្រង់កន្លែងដែលយើងរស់នៅ ។
-
តើយើងប្រមូលផ្ដុំគ្នានាសព្វថ្ងៃនេះត្រង់កន្លែងណា ? ( ចម្លើយអាចរួមមាន នៅគេហដ្ឋាន សាលាប្រជុំ និងព្រះវិហារបរិសុទ្ធ ) ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៩-១៣ដោយការពន្យល់ថា នៅក្នុងខគម្ពីរទាំងនេះ ព្រះអង្គសង្គ្រោះ បានប្រកាសថា ទ្រង់នឹងយាងមកម្ដងទៀតនៅលើផែនដីដោយព្រះចេស្ដា និងសិរីល្អ ។ ពួកពលបរិវារដែលនឹងមកជាមួយព្រះអង្គសង្គ្រោះក្នុងសិរីល្អនៅការយាងមកជាលើកទីពីររបស់ទ្រង់ នឹងជាពួកបរិសុទ្ធស្មោះត្រង់ ដែលបានរស់នៅពីគ្រប់ជំនាន់នៃប្រវត្តិសាស្ត្រផែនដី ។ ពួកសុចរិតដែលបានស្លាប់ទៅ នឹងត្រូវបានរស់ឡើងវិញ ហើយពួកទុច្ចរិតនឹងត្រូវបំផ្លាញចោល ។ ព្រះយេស៊ូវគ្រីស្ទ នឹង « ស្ថិតនៅក្នុងសេចក្ដីសុចរិតជាមួយមនុស្សលោកនៅលើផែនដីអស់មួយពាន់ឆ្នាំ » ( គ និង ស ២៩:១១ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១៤-២១
ព្រះយេស៊ូវគ្រីស្ទ ពិពណ៌នាអំពីទីសម្គាល់មួយចំនួនដែលនឹងមានមុនការយាងមកជាលើកទីពីររបស់ទ្រង់
សូមពន្យល់ថា ការប្រមូលផ្ដុំនៃពួកអ៊ីស្រាអែល គឺជាចំណែកនៃការរៀបចំខ្លួនរបស់យើងសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។ ព្រះអម្ចាស់ បានបើកសម្ដែងទីសម្គាល់ដទៃៗទៀត ដែលនឹងកើតឡើង ពីមុនការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១៤-២១ ដោយស្ងាត់ស្ងៀម រកមើលទីសម្គាល់ដែលនឹងកើតឡើង ពីមុនការយាងមកជាលើកទីពីរ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សគូសចំណាំទីសម្គាល់ទាំងនេះនៅក្នុងបទគម្ពីររបស់ពួកគេ ឬសរសេរវានៅក្នុងសៀវភៅកត់ចំណាំការរៀនសូត្ររបស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ ។
ពីមុនសិស្សអានខគម្ពីរទាំងនេះ សូមគូសបញ្ជាក់ថា យើងពុំដឹងពីរបៀប ឬនៅពេលណាដែលការព្យាករណ៍ទាំងនេះនឹងត្រូវបានបំពេញនោះទេ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីសិក្សាខគម្ពីរទាំងនេះហើយ សូមចង្អុលបង្ហាញថា ទោះបីជាទីសម្គាល់ទាំងនេះនឹងកើតមាន ដោយសារតែសេចក្ដីទុច្ចរិតក្ដី នោះវានឹងមានឥទ្ធិពលលើមនុស្សទាំងអស់នៅលើផែនដី ទោះជាពួកសុចរិតក្ដី ។ អ្នកអាចនឹងចង់អានសេចក្ដីថ្លែងការដូចខាងក្រោម ដោយព្យាការី យ៉ូសែប ស៊្មីធ ៖
« អំពីការយាងមករបស់កូនមនុស្ស… វាក៏ជាគំនិតខុសឆ្គងផងដែរ ដែលថាពួកបរិសុទ្ធ នឹងចៀសផុតពីគ្រប់ការជំនុំជម្រះ ខណៈពេលដែលមនុស្សទុច្ចរិតរងទុក្ខ ដ្បិតគ្រប់សាច់ឈាម គឺស្ថិតនៅក្រោមការរងទុក្ខ ហើយ ‹ ពួកសុចរិតវិះនឹងភៀសខ្លួនមិនរួចដែរ › [ សូមមើល គ និង ស ៦៣:៣៤ប៉ុន្តែពួកបរិសុទ្ធជាច្រើននឹងបានភៀសខ្លួន ដ្បិតមនុស្សសុចរិតនឹងរស់នៅដោយសេចក្តីជំនឿរបស់ខ្លួន[ សូមមើល ហាបាគុក ២:៤] ប៉ុន្តែពួកសុចរិតជាច្រើន នឹងរងគ្រោះដោយសារជម្ងឺ គ្រោះចង្រៃ ជាដើម ។ ដោយសារតែមូលហេតុនៃភាពទន់ខ្សោយខាងសាច់ឈាម ហើយប៉ុន្តែនឹងត្រូវបានសង្គ្រោះនៅក្នុងនគរព្រះ » ( Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧], ២៥៣ ) ។
-
ហេតុអ្វីក៏អ្នកចង់ត្រូវបានប្រមូលផ្ដុំជាមនុស្សជម្រើសម្នាក់របស់ព្រះអង្គសង្គ្រោះ នៅពេលរឿងទាំងនេះកើតឡើងដូច្នេះ ?
សូមចង្អុលបង្ហាញថា បើយើងមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមទ្រង់ នោះយើងអាចមានភាពសុខសាន្ដជានិច្ច ទោះជានៅក្នុងគ្រាទាំងឡាយ ដែលបានពិពណ៌នានៅក្នុងវិវរណៈនេះក្ដី ។ ដើម្បីគូសបញ្ជាក់អំពីសេចក្ដីពិតនេះ អ្នកអាចអញ្ជើញសិស្សឲ្យអាននូវខមួយចំនួន ឬខទាំងអស់ដូចខាងក្រោម ៖ យ៉ូហាន ១៤:២៧,១៦:៣៣, គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២៣ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលផលវិបាកនៃការបដិសេធក្នុងការប្រែចិត្ត ។
-
តើផលវិបាកនៃការបដិសេធក្នុងការប្រែចិត្តមានអ្វីខ្លះ ? ( សិស្សគួរតែបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖ បើយើងមិនប្រែចិត្តទេ នោះលោហិតនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នឹងពុំលាងជម្រះយើងឡើយ ។ អ្នកអាចនឹងចង់ឲ្យយោបល់សិស្សគូសចំណាំគោលការណ៍នេះនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១៧ ) ។
សូមអះអាងនឹងសិស្សថា ការរៀបចំខ្លួនដ៏សំខាន់បំផុត ដែលយើងអាចធ្វើសម្រាប់ការយាងមកជាលើកទីពីរគឺ ការមករកព្រះអង្គសង្គ្រោះ ប្រែចិត្ត ហើយត្រូវបានលាងជម្រះពីអំពើបាបរបស់យើង ។ សូមអញ្ជើញសិស្សឲ្យគិតថា តើពួកគេចាំបាច់ត្រូវប្រែចិត្តអ្វីខ្លះ ហើយអ្វីខ្លះដែលពួកគេត្រូវធ្វើ ដើម្បីឲ្យបានជ្រះស្អាតពីអំពើបាប ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២២-២៩
ព្រះអង្គសង្គ្រោះ បើកសម្ដែងសេចក្ដីពិតអំពីអ្វីដែលនឹងកើតមានឡើង បន្ទាប់ពីសហសវត្ស រួមទាំងការជំនុំជម្រះចុងក្រោយផងដែរ
សូមចាត់ឲ្យសិស្សម្នាក់ៗនូវវគ្គបទគម្ពីរដូចខាងក្រោមមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ២៩ ៖ ខ ២២, ខ ២៦ ឬ ខ ២៧-២៨ ។ សូមអញ្ជើញសិស្សឲ្យអានខគម្ពីរដែលបានចាត់ទៅឲ្យពួកគេ ឬអានខគម្ពីរនោះដោយស្ងាត់ស្ងៀម ហើយប្រាប់នូវរឿងមួយដែលនឹងកើតឡើងនៅចុងបញ្ចប់នៃសហស្សវត្សរ៍ ។ ( សម្រាប់សិស្សទាំងឡាយដែលត្រូវបានចាត់តាំងឲ្យសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២៦អ្នកអាចនឹងចង់ពន្យល់ថា មីគែលដែលជាមហាទេវតា គឺជាលោកអ័ដាម ។ សូមមើលគ. និង ស. ១០៧:៥៤ ) ។ បន្ទាប់ពីសិស្សមានពេលស្រាវជ្រាវខគម្ពីរដែលបានចាត់ទៅឲ្យពួកគេឬខគម្ពីរទាំងឡាយរួចហើយ សូមឲ្យពួកគេរាយការណ៍អំពីអ្វីដែលពួកគេបានរកឃើញ ចាប់ផ្ដើមពី ខ ២២ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២៧ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលនូវពរជ័យដែលបានប្រទានដល់ពួកសុចរិតនៅក្នុងការជំនុំជម្រះចុងក្រោយ ។
-
តើនឹងមានពរជ័យអ្វីខ្លះកើតមានដល់យើង បើយើងត្រូវបានប្រមូលផ្ដុំទៅជួបព្រះអង្គសង្គ្រោះ ? ( សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ អ្នកទាំងឡាយដែលបានរស់នៅដោយសុចរិត ហើយមករកព្រះយេស៊ូវគ្រីស្ទនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នកអាចចង់លើកទឹកចិត្តពួកគេឲ្យគូសចំណាំសេចក្ដីពិតនេះ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២៧ ) ។
សូមបញ្ចប់ដោយការដាក់រូបភាពនៃព្រះយេស៊ូវគ្រីស្ទជាមួយនឹងកុមារតូចៗនៅលើក្ដារខៀន ។ សូមសរសេរពាក្យ ខ្ញុំ នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យគិតអំពីកន្លែងដែលពួកគេនឹងដាក់ពាក្យខ្ញុំ បើសិនជាការដាក់ជំនួសវានោះ តំណាងឲ្យភាពជិតស្និតបំផុតរបស់ពួកគេចំពោះព្រះអង្គសង្គ្រោះ ។ សូមឲ្យសិស្សចែកចាយបទពិសោធន៍ដែលពួកគេមាន នៅពេលពួកគេបានធ្វើតាមការបំផុសគំនិតដែលបាននាំពួកគេទៅកាន់តែជិតនឹងព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញពួកគេឲ្យជ្រើសរើសអ្វីមួយ ដែលពួកគេនឹងធ្វើ ដើម្បីធ្វើនូវអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ហើយខិតទៅកាន់តែជិតនឹងទ្រង់ ។