មេរៀនទី ១០៧
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២
សេចក្ដីផ្ដើម
ត្រឹមខែ មករា ឆ្នាំ ១៨៣៤ សាសនាចក្របានរីកចម្រើន ហើយមានសមាជិកច្រើនជាង៣០០០នាក់ ។ ការរីកចម្រើននេះ បានបង្កើតឲ្យមានតម្រូវការសម្រាប់ថ្នាក់ដឹកនាំបន្ថែមទៀត ដើម្បីគ្រប់គ្រងកិច្ចការសាសនាចក្រ ។ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៨៣៤ សង្ឃជាន់ខ្ពស់ម្ភៃបួននាក់ បានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់ យ៉ូសែប ស៊្មីធ សម្រាប់សន្និសីទ ដែលក្រុមប្រឹក្សាជាន់ខ្ពស់ទីមួយត្រូវបានរៀបចំឡើង ។ អួរសុន ហៃឌ ជាស្មៀននៃការប្រជុំ បានសម្គាល់ឃើញថា ក្រុមប្រឹក្សាជាន់ខ្ពស់អាចមានកំហុសឆ្គងមួយចំនួននៅក្នុងការកត់ត្រានៃការប្រជុំនោះ ។ ដូច្នេះ ក្រុមប្រឹក្សាបានបោះឆ្នោតថាព្យាការី គួរតែធ្វើការកែតម្រូវដែលចាំបាច់ ។ យ៉ូសែប ស៊្មីធ បានចំណាយពេលនៅថ្ងៃបន្ទាប់ នៅថ្ងៃទី ១៨ ខែ កុម្ភៈ បានធ្វើការកែតម្រូវដ៏បំផុសគំនិតសម្រាប់កំណត់ត្រាពីមុនទាំងប៉ុន្មាន ។ កំណត់ត្រាត្រូវបានកែតម្រូវ និងទទួលយកនៅថ្ងៃបន្ទាប់ ថ្ងៃទី ១៩ ខែ កុម្ភៈ ។ ឥឡូវវាត្រូវបានរកឃើញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០២កំណត់ត្រាទាំងនេះពន្យល់ពីការស្ថាបនាក្រុមប្រឹក្សាជាន់ខ្ពស់ និងផ្ដល់នូវការដឹកនាំសម្រាប់គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ពេលពួកគេចាត់ចែងការណែនាំសម្រាប់បុគ្គលដែលបានធ្វើការរំលងដ៏ធ្ងន់ធ្ងរ ។ ( សូមចំណាំថា គណៈប្រធានមណ្ឌល និងទីប្រឹក្សាមណ្ឌលក៏អាចអនុញ្ញាតឲ្យធ្វើតាមដំណើរការទាំងនេះដែរ )។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១-៥
ក្រុមប្រឹក្សាជាន់ខ្ពស់ដំបូងបំផុតនៃសាសនាចក្រត្រូវបានរៀបចំឡើង
សូមអាន ដំណើររឿងខាងក្រោម ដែលប្រាប់ដោយប្រធាន ហារ៉ូល ប៊ី លី ឲ្យឮៗ ៖
« ប៉ុន្មានឆ្នាំមុន … ខ្ញុំបានបម្រើជាប្រធានស្តេក ។ យើងមានករណីដ៏សោកសៅមួយដែលត្រូវបាននាំមកចំពោះទីប្រឹក្សាជាន់ខ្ពស់ និងគណៈប្រធានស្តេក ដែលជាលទ្ធផលនៃការកាត់កាលចោលបុរសម្នាក់ដែលបានបង្កគ្រោះថ្នាក់ដល់យុវនារីដ៏គួរឲ្យស្រឡាញ់ម្នាក់ ។ បន្ទាប់ពីការប្រជុំស្ទើរតែពេញមួយយប់ទាក់ទងនឹងករណីនោះមក ខ្ញុំបានទៅការិយាល័យរបស់ខ្ញុំដោយអស់កម្លាំងនៅព្រឹកបន្ទាប់ ហើយត្រូវបានប្រឈមមុខជាមួយបងប្រុសរបស់បុរសនោះ ដែលយើង [ បានជួបនៅក្នុងក្រុមប្រឹក្សា ] នៅយប់មុននោះ ។ បុរសនេះបាននិយាយថា ‹ ខ្ញុំចង់ប្រាប់អ្នកថា ប្អូនប្រុសរបស់ខ្ញុំ គ្មានកំហុសដូចដែលអ្នកបានចោទប្រកាន់នោះទេ › ។
« ‹ តើអ្នកដឹងថា គេគ្មានកំហុសដោយរបៀបណា ? ខ្ញុំបានសួរ ។
« ‹ បុរសនោះបានឆ្លើយថា ‹ ដោយសារខ្ញុំបានអធិស្ឋាន ហើយព្រះអម្ចាស់បានប្រាប់ខ្ញុំថា គេគ្មានកំហុសទេ ›» ( Teachings of Harold B. Lee, ed. Clyde J. Williams [ឆ្នាំ ១៩៩៦],ទំព័រ ៤២០–២១ ) ។
-
នៅក្នុងគំនិតរបស់អ្នក តើបុរសនោះអាចបានទទួលចម្លើយខុសពីការសម្រេចចិត្តដែលបានធ្វើឡើងដោយគណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់បានយ៉ាងដូចម្តេច ?
សូមពន្យល់ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១០២ មាននូវគោលការណ៍ដែលជួយយើងឲ្យយល់ពីរបៀបដែលគណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ព្យាយាមស្វែងយល់ព្រះទ័យព្រះអម្ចាស់ អំពីរបៀបដើម្បីជួយសមាជិកសាសនាចក្រ ដែលបានប្រព្រឹត្តការរំលងដ៏ធ្ងន់ធ្ងរ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ថាក្រុមប្រឹក្សាជាន់ខ្ពស់ជាអ្វី ។
-
តើក្រុមប្រឹក្សាជាន់ខ្ពស់ជាអ្វី ? ( ជាក្រុមដែលមានសង្ឃជាន់ខ្ពស់ ១២នាក់ ដោយមាន« មា្នក់ឬបីនាក់ ក្នុងចំណោមគណៈប្រធានទី១ » ជាអធិបតី ។ នៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ប្រធានស្តេក និងទីប្រឹក្សារបស់លោក ជាអធិបតីលើក្រុមប្រឹក្សាជាន់ខ្ពស់ ) ។
សូមពន្យល់ថា ក្រុមប្រឹក្សាជាន់ខ្ពស់ត្រូវបានពិពណ៌នានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២ មានភាពខុសគ្នាមួយចំនួនពីក្រុមប្រឹក្សាជាន់ខ្ពស់នៅក្នុងស្តេកសព្វថ្ងៃនេះ ។ វាជាតុលាការទូទៅនៅក្នុងទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ និងតំបន់ដែលនៅជុំវិញនោះ ហើយជាអធិបតីគ្រប់គ្រងដោយ គណៈប្រធានទីមួយ ។ ប៉ុន្តែ នៅពេលសមាជិកភាពនៅក្នុងសាសនាចក្របានកើនឡើង ស្ដេកត្រូវបានរៀបចំឡើង ហើយគណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ត្រូវបានហៅឲ្យបម្រើសាសនាចក្រនៅក្នុងដែនកំណត់ស្តេកនីមួយៗ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលគោលបំណងនៃក្រុមប្រឹក្សាជាន់ខ្ពស់ និងរបៀបដែលវាត្រូវបានចាត់តាំងឡើង ។
-
តើក្រុមប្រឹក្សាជាន់ខ្ពស់ត្រូវបានចាត់តាំងឡើងយ៉ាងដូចម្ដេច ? តើគោលបំណងរបស់វាជាអ្វី ?
បន្ទាប់ពីសិស្សឆ្លើយតបទៅនឹងសំណួរខាងលើ សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ ក្រុមប្រឹក្សាជាន់ខ្ពស់ ត្រូវបានចាត់តាំងដោយវិវរណៈ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលកើតឡើងនៅក្នុងសាសនាចក្រ ។ សូមពន្យល់ថា ជាធម្មតា « បញ្ហាសំខាន់ »សំដៅទៅលើស្ថានភាពដែលសមាជិកបានប្រព្រឹត្តអំពើរំលងធ្ងន់ធ្ងរ ។
សូមពន្យល់ថា ដំណើររឿងរបស់ប្រធាន លី នៅខាងដើមមេរៀនផ្ដល់នូវឧទាហរណ៍នៃការទទួលខុសត្រូវមួយរបស់ក្រុមប្រឹក្សាជាន់ខ្ពស់ ៖ ដើម្បីតំណាងជាក្រុមប្រឹក្សាវិន័យ នៅក្រោមការដឹកនាំរបស់គណៈប្រធានស្តេក ។ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យយល់ពីគោលបំណងនៃក្រុមប្រឹក្សាវិន័យ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ពីគោលបំណងបីយ៉ាង នៃក្រុមប្រឹក្សាវិន័យសាសនាចក្រ ។
« អំពើរំលងដ៍ធ្ងន់ធ្ងរបំផុត ដូចជាប្រព្រឹត្តអំពើហឹង្សាប្រឆាំងនឹងច្បាប់រដ្ឋប្បវេណី រំលោភបំពានប្ដី ឬប្រពន្ធ រំលោភបំពានលើកុមារ ផិតក្បត់ ប្រាសចាកសិលធម៌ រំលោភសេពសន្ថវៈ និងស្មន់ភាព ដែលជារឿងតម្រូវឲ្យមានការដាក់វិន័យជាផ្លូវការរបស់សាសនាចក្រ ។ ការដាក់វិន័យជាផ្លូវការរបស់សាសនាចក្រ អាចរួមមានការដាក់កម្រិតលើសិទ្ធិជាសមាជិកភាពសាសនាចក្រ ឬបាត់បង់សមាជិកភាពក្នុងសាសនាចក្រ ។…
« … គោលបំណងរបស់ក្រុមប្រឹក្សាវិន័យ គឺត្រូវ [១] សង្គ្រោះព្រលឹងជនដែលប្រព្រឹត្តអំពើរំលង, [២] ការពារជនស្មោះត្រង់ និង [៣] ការពារភាពបរិសុទ្ធ ភាពត្រឹមត្រូវ និងកិត្តិយសរបស់សាសនាចក្រ ។
« វិន័យរបស់សាសនាចក្រ គឺជាដំណើរការដ៏បំផុសគំនិត ដែលត្រូវការពេលវេលាយូរ ។ តាមរយៈដំណើរការនេះ និងតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ សមាជិកម្នាក់អាចទទួលបានការអភ័យទោសនៃអំពើបាប ទទួលបានភាពសុខសាន្តនៅក្នុងចិត្តម្ដងទៀត និងចម្រើនឡើងនូវកម្លាំង ដើម្បីចៀសវាងពីការរំលងនាពេលអនាគត » (ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងនៃដំណឹងល្អ[ ឆ្នាំ២០០៤ ] ទំព័រ ៣៧–៣៨ ) ។
-
តើគោលបំណងទាំងបីនៃក្រុមប្រឹក្សាវិន័យរបស់សាសនាចក្រ គឺជាអ្វី ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលពិពណ៌នាអំពីរបៀបដែលសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់បំពេញកាតព្វកិច្ចរបស់ពួកគេ ។ រួចហើយឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:6-34
ដំណើរការសម្រាប់ក្រុមប្រឹក្សាវិន័យត្រូវបានបង្កើតឡើង
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:៦-១១ ដោយប្រាប់សិស្សថា ខគម្ពីរទាំងនេះពន្យល់ពីរបៀបដែលក្រុមប្រឹក្សាជាន់ខ្ពស់ដំណើរការ នៅពេលដែលសមាជិកក្នុងក្រុមទាំងអស់អវត្តមាន ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១២-១៤ ដោយស្ងាត់ស្ងៀម ដើម្បីរៀនពីរបៀបដែលសមាជិកក្រុមប្រឹក្សាម្នាក់ត្រូវបានជ្រើសរើសឲ្យនិយាយនៅក្នុងក្រុមប្រឹក្សាវិន័យ ។ រួចហើយឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើការចាប់ឆ្នោតមានន័យដូចម្ដេច ? ( ក្នុងករណីនេះ វាមានន័យថា សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ចាប់ពីលេខ ១ ដល់លេខ ១២ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១៥-១៨ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលមូលហេតុដែលក្រុមប្រឹក្សាជាន់ខ្ពស់ចាប់លេខ ។
-
តើយើងអាចរៀនអ្វីពី ខ ១៥-១៦ អំពីរបៀបដែលក្រុមប្រឹក្សាវិន័យត្រូវបានដឹកនាំ ? ( បន្ទាប់ពីសិស្សបានឆ្លើយហើយ សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ក្រុមប្រឹក្សាវិន័យត្រូវបានដឹកនាំស្របតាមសមធម៌ និងយុត្តិធម៌) ។
-
បើក្រុមប្រឹក្សាជាន់ខ្ពស់មា្នក់ចាប់បានលេខគូអំឡុង ពេល ការប្រជុំក្រុមប្រឹក្សាវិន័យ តើទំនួលខុសត្រូវរបស់លោកជាអ្វី ? តើការណ៍នេះបង្ហាញពីព្រះទ័យព្រួយបារម្ភរបស់ព្រះអម្ចាស់ សម្រាប់សមាជិកសាសនាចក្រ ដែលបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:19 ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វីដែលប្រធាននៃក្រុមប្រឹក្សាត្រូវធ្វើ បន្ទាប់ពីឮរឿងពីភាគីទាំងសងខាងហើយ ។ រួចហើយឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើវាជួយដល់ប្រធានស្តេកឲ្យធ្វើការសម្រេចចិត្តស្ដាប់សមាជិកនៃក្រុមប្រឹក្សានិយាយពីចំណាប់អារម្មណ៏របស់ជនជាប់ចោទ ក៏ដូចជាចំណាប់អារម្មណ៏របស់សាសនាចក្រយ៉ាងដូចម្ដេច ?
សូមសូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយសូមឲ្យសិស្សក្នុងថ្នាក់សង្កេតមើលពីអ្វីដែលប្រធានក្រុមប្រឹក្សាធ្វើ បន្ថែមពីលើការស្ដាប់រឿងពីភាគីទាំងសងខាង ៖
« ខ្ញុំសូមអះអាងនឹងអ្នកថា … ខ្ញុំគិតថាមិនដែលមានការវិនិច្ឆ័យណាត្រូវបានសម្រចមុនការអធិស្ឋាននោះទេ ។ លទ្ធផលដែលចេញពីការវិនិច្ឆ័យរបស់មនុស្ស គឺជាទង្វើទាស់នឹងសមាជិកម្នាក់ដ៏ធ្ងន់ធ្ងរ ជាពិសេសដោយសារមនុស្សតែម្នាក់ ។ វាត្រូវតែមានការដឹកនាំពីព្រះវិញ្ញាណ ដើម្បីឲ្យមានភាពយុត្តិធម៌ ដោយការព្យាយាមស្វែងរកដោយស្មោះហើយធ្វើតាម » ( In … Counsellors There Is Safety » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩០, ទំព័រ ៥០ ) ។
-
តើប្រធានស្តេកធ្វើអ្វី បន្ថែមពីលើការស្ដាប់រឿងពីភាគីទាំងសងខាងហើយ ?
-
យោងតាម ខ ១៩តើប្រធានស្នើសុំឲ្យក្រុមប្រឹក្សាធ្វើអ្វីបន្ទាប់ពីលោកបានធ្វើការសម្រេចចិត្តហើយនោះ ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:២០-២២ ដោយការពន្យល់ថា ខគម្ពីរទាំងនេះ ផ្ដល់ការណែនាំអំពីអ្វីដែលត្រូវធ្វើ បើគ្មានការច្បាស់លាស់អំពីការសម្រេចចិត្តនោះ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:២៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីអ្វីដែលគួរតែធ្វើក្នុងករណីដែលបញ្ហាគោលលទ្ធិមិនច្បាស់លាស់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរៀន ។
-
តើសេចក្ដីពិតអ្វីដែលបានបង្រៀននៅក្នុង ខ ២៣ ? ( បន្ទាប់ពីសិស្សឆ្លើយតបហើយ សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បានសម្ដែងព្រះទ័យទ្រង់ដល់អ្វីដែលជាអធិបតីលើក្រុមប្រឹក្សាវិន័យ
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:២៧-៣៤ ដោយពន្យល់ថា ការសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាវិន័យស្តេក អាចត្រូវបានដាក់ស្នើដល់គណៈប្រធានទីមួយ ។
សូមពិនិត្យមើលដំណើររឿងដែលប្រាប់ដោយប្រធាន ហារ៉ូល ប៊ី លី នៅខាងដើមនៃមេរៀននេះជាមួយសិស្ស ។
-
តើអ្នកមានទំនុកចិត្តលើនរណាជាង—រវាងគណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ឬបុរសដែលប្រឆាំងទាស់នឹងការសម្រេចចិត្តរបស់ពួកគេ ?
-
ផ្អែកលើសេចក្ដីពិតដែលអ្នកបានរៀន នៅក្នុងការសិក្សារបស់អ្នកក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២ហេតុអ្វីបានជាយើងអាចមានទំនុកចិត្តក្នុងការសម្រេចចិត្តដែលធ្វើឡើងដោយក្រុមប្រឹក្សាវិន័យនៃសាសនាចក្រ ?
បន្ទាប់ពីសិស្សបានឆ្លើយតបហើយ អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងរបស់ប្រធាន លី ដែលនៅសល់ឲ្យឮៗ ៖
« ខ្ញុំបានសូមឲ្យគាត់ចូលមកក្នុងការិយាល័យ ហើយយើងបានអង្គុយចុះ ហើយខ្ញុំបានសួរថា ‹ តើខ្ញុំអាចសួរអ្នកនូវសំណួរផ្ទាល់ខ្លួនមួយចំនួនបានទេ ? ›
« គាត់បាននិយាយថា ‹ ពិតជាមិនបានទេ › ។…
« ‹ តើអ្នកមានអាយុប៉ុន្មានហើយ ? ›
« ‹ សែសិបប្រាំពីរឆ្នាំ › ។
« ‹ តើអ្នកកាន់បព្វជិតភាពថ្នាក់អ្វី ? ›
« គាត់បាននិយាយថា គាត់គិតថាគាត់កាន់បព្វជិតភាពថ្នាក់គ្រូបង្រៀន ។
« ‹ តើអ្នករក្សាច្បាប់សុខភាពទេ ? ›
« ‹ អត់ទេ › …
« ‹ តើអ្នកបង់ដង្វាយមួយភាគក្នុងដប់ទេ ? ›
« គាត់បាននិយាយថា ‹ ទេ ›—ហើយគាត់មិនដែលគិតចង់ធ្វើវាទេ ដរាបណា … បុរសនោះនៅជាប៊ីស្សពនៃវួដទីសាមសិបពីរនោះ ។
« ខ្ញុំបាននិយាយថា ‹ តើអ្នកចូលរួមការប្រជុំបព្វជិតភាពរបស់អ្នកទេ ? ›
« គាត់បានតបថា ‹ អត់ទេលោក ! ›…
« ‹ តើអ្នកមិនបានចូលរួមការប្រជុំសាក្រាម៉ង់ដែរមែនទេ ? ›
« ‹ អត់ទេលោក › ។
« ‹ តើអ្នកមានការអធិស្ឋានជាក្រុមគ្រួសារទេ ? › ហើយគាត់បាននិយាយថា ទេ ។
« ‹ តើអ្នកបានសិក្សាព្រះគម្ពីរទេ ? › គាត់បាននិយាយថា ភ្នែករបស់គាត់មើលមិនច្បាស់ ហើយគាត់មិនអាចអានបានច្រើនទេ ។…
«ខ្ញុំបាននិយាយថា ‹ ឥឡូវមើលចុះ › ‹ បុរសដប់ប្រាំនាក់ដែលល្អបំផុតនៅក្នុងស្តេក ផាយអូនៀ បានអធិស្ឋានកាលពីយប់មិញ…ហើយបុរសម្នាក់បានរួបរួមគ្នា ។… ហើយពេលនេះ អ្នកគឺជាអ្នកដែលមិនបានធ្វើការណ៍ទាំងនេះសោះ អ្នកបែរជានិយាយថា អ្នកបានអធិស្ឋាន ហើយបានទទួលចម្លើយដែលផ្ទុយពីនោះ ។ តើអ្នកនឹងពន្យល់វាបានយ៉ាងដូចម្ដេច ? ›
« ហើយបុរសនោះបានផ្ដល់ចម្លើយមួយ ដែលខ្ញុំគិតថាជាចម្លើយដ៏សមរម្យ ។ គាត់បាននិយាយថា ‹ ប្រធាន លី ខ្ញុំគិតថា ខ្ញុំទទួលបានចម្លើយពីប្រភពខុសហើយ › ( Teachings of Harold B. Lee, ទំព័រ ៤២១–២២ ) ។
សូមគិតពីការចែកចាយទីបន្ទាល់អ្នកទាក់ទងនឹងមូលហេតុ ដែលយើងអាចទុកចិត្តលើការសម្រេចចិត្តរបស់គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ក្នុងសាសនាចក្រ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២ ។ ក្រុមប្រឹក្សាវិន័យនៃសាសនាចក្រ
អែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីគោលការណ៍ខាងក្រោមអំពីក្រុមប្រឹក្សាវិន័យនៃសាសនាចក្រថា ៖
« ពេលខ្លះ សមាជិកសួរពីមូលហេតុដែលក្រុមប្រឹក្សាវិន័យនៃសាសនាចក្រត្រូវបានធ្វើឡើង ។ មានគោលបំណងបី ៖ ដើម្បីសង្គ្រោះព្រលឹងជនដែលប្រព្រឹត្តអំពើរំលង ការពារជនស្មោះត្រង់ និង ការពារភាពបរិសុទ្ធ ភាពត្រឹមត្រូវ និងកិត្តិយសរបស់សាសនាចក្រ ។
« គណៈប្រធានទីមួយបានណែនាំថា ក្រុមប្រឹក្សាវិន័យ ត្រូវតែ ធ្វើឡើងក្នុងករណីឃាតកម្ម ស្មន់ភាព [ រំលោភបំពានលើកុមារ ( ខាងផ្លូវភេទ ឬខាងផ្លូវកាយ ) ] ឬការក្បត់សាសនា ។ ក្រុមប្រឹក្សាវិន័យក៏ត្រូវតែធ្វើឡើងនៅពេលអ្នកដឹកនាំសំខាន់ក្នុងសាសនាចក្រ បានប្រព្រឹត្តអំពើរំលងធ្ងន់ធ្ងរ នៅពេលអ្នកបំពានជាមនុស្សដែលធ្វើបាបអ្នកដទៃ ហើយអាចគំរាមកំហែងដល់មនុស្សដទៃ នៅពេលបុគ្គលនោះបង្ហាញអំពើរំលងធ្ងន់ធ្ងរម្ដងហើយម្ដងទៀត [ហើយ] កាលដែលអំពើរំលងដ៏ធ្ងន់ធ្ងរនោះត្រូវបានដឹងយ៉ាងសុះសាយ ។…
« ក្រុមប្រឹក្សាវិន័យក៏អាចកោះប្រជុំ ដើម្បីពិចារណាពីជំហររបស់សមាជិកក្នុងសាសនាចក្រចំពោះការរំលងដូចជា ការរំលូតកូន ការវះកាត់ប្តូរភេទ ប៉ុនប៉ងធ្វើឃាត រំលោភសេពសន្ថវៈ ការរំលោភបំពានផ្លូវភេទដោយបង្ខំ មានចេតនាបង្ករបួសលើរាងកាយអ្នកដទៃ ការផិតក្បត់ អំពើប្រាសចាកសិលធម៌ ទំនាក់ទំនងប្រតិព័ទ្ធភេទដូចគ្នា … រំលោភបំពានប្ដី ឬប្រពន្ធ មានចេតនាបោះបង់ទំនួលខុសត្រូវលើគ្រួសារ អំពើឆក់ប្លន់ អំពើចោរកម្ម ការកេងបន្លំថវិកា ការលួច ការលក់ថ្នាំខុសច្បាប់ ការបន្លំ ការភូតភរ ឬការស្បថបំពាន ។ [ ក្រុមប្រឹក្សាវិន័យក៏អាចកោះប្រជុំ នៅពេលអ្នកបំពានមានកំហុសក្នុងការប្រព្រឹត្តការឆបោកធ្ងន់ធ្ងរ ការតំណាងមិនពិត ឬក្នុងទម្រង់នៃការបន្លំផ្សេងទៀត ឬការមិនស្មោះត្រង់ក្នុងការធ្វើអាជីវកម្ម ] ។
« ក្រុមប្រឹក្សាវិន័យ មិនត្រូវបានហៅឡើងឲ្យដោះស្រាយរឿងក្ដីរដ្ឋប្បវេណី ឬរឿងក្ដីព្រហ្មទណ្ឌឡើយ ។ ការសម្រេចចិត្តរបស់តុលាការស៊ីវិល អាចជួយសម្រេចថាតើក្រុមប្រឹក្សាវិន័យនៃសាសនាចក្រគួរតែកោះប្រជុំឬអត់ ។ ប៉ុន្តែការសម្រេចចិត្តរបស់តុលាការស៊ីវិល មិនកំណត់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាវិន័យទេ ។
« ក្រុមប្រឹក្សាវិន័យមិនធ្វើឡើងសម្រាប់រឿងដូចជាការមិនបង់ដង្វាយមួយភាគក្នុងដប់ មិនគោរពច្បាប់សុខភាព មិនចូលរួមក្នុងព្រះវិហារ ឬមិនទទួលគ្រូបង្រៀនតាមផ្ទះឡើយ ។ ក្រុមប្រឹក្សាមិនត្រូវធ្វើឡើង ដោយសារការបរាជ័យក្នុងជំនួញ ឬការមិនសងបំណុលនោះទេ ។ ក្រុមប្រឹក្សា មិនត្រូវបានបង្កើតឡើងដើម្បីដោះស្រាយជម្លោះរវាងសមាជិកឡើយ ។ ឬក៏ធ្វើឡើងសម្រាប់សមាជិក ដែលទាមទារថាឲ្យដកឈ្មោះរបស់គេចេញពីបញ្ជីសាសនាចក្រ ឬ [ អសកម្ម ] ដែរ ។…
« ក្រុមប្រឹក្សាវិន័យចាប់ផ្ដើមដោយការអធិស្ឋានបើក អមមកជាមួយសេចក្ដីថ្លែងការនៃមូលហេតុសម្រាប់ការកោះប្រជុំក្រុមប្រឹក្សា ។ សមាជិកត្រូវបានសុំឲ្យប្រាប់ដោយពាក្យសាមញ្ញអំពីអំពើរំលង ហើយពន្យល់ពីអារម្មណ៍របស់ខ្លួន និងជំហាននៃការប្រែចិត្តដែលគេបានធ្វើ ។ សមាជិកអាចឆ្លើយតបទៅនឹងការបញ្ជាក់សំណួរ ពីអ្នកដឹកនាំ ។ បន្ទាប់មក គេត្រូវបានអនុញ្ញាតឲ្យចេញមុន ហើយអ្នកដឹកនាំធ្វើការប្រឹក្សារួមគ្នា អធិស្ឋានរួមគ្នា ហើយទទួលបានការសម្រេចចិត្ត ។
« ក្រុមប្រឹក្សាពិចារណាពីកត្តាជាច្រើន ដូចជាថាតើសេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍ ឬនៃព្រះវិហារបរិសុទ្ធត្រូវបានរំលងឬអត់ ថាតើទំនុកចិត្ត ឬអំណាចត្រូវបានបំពានឬអត់ ពីការប្រព្រឹត្តច្រំដែល ភាពធ្ងន់ធ្ងរ និងទំហំនៃការរំលង ពីអាយុ ពីភាពចាស់ទុំ និងបទពិសោធន៍របស់អ្នកបំពាន ពីចំណាប់អារម្មណ៏របស់ជនរងគ្រោះ និងសមាជិកក្រុមគ្រួសារដែលគ្មានកំហុស ពេលរវាងការរំលង និងការសារភាព ថាតើជាការសារភាពដោយស្ម័គ្រចិត្តឬអត់ និងពីភស្ដុតាងនៃការប្រែចិត្ត ។
« អ្នកដែលនៅក្នុងក្រុមប្រឹក្សា ត្រូវរក្សាអ្វីគ្រប់យ៉ាងជាការសម្ងាត់បំផុត ហើយដោះស្រាយបញ្ហាដោយស្មារតីនៃការស្រឡាញ់ ។ គោលបំណងរបស់គេ គឺមិនមែនជាការផ្ដន្ទាទោសទេ ប៉ុន្តែដើម្បីជួយសមាជិកឲ្យធ្វើការផ្លាស់ប្ដូរដែលចាំបាច់ ដើម្បីឈរស្អាតស្អំ នៅចំពោះព្រះភ័ក្រព្រះម្ដងទៀត ។
« ការសម្រេចចិត្តរបស់ក្រុមប្រឹក្សា គឺត្រូវធ្វើឡើងដោយការបំផុសគំនិត ។ ក្រុមប្រឹក្សាអាចឈានដល់ការសម្រេចចិត្តមួយក្នុងចំណោមការសម្រេចចិត្តទាំងបួននេះ ៖ (១) មិនបញ្ចេញសកម្មភាព, (២) ការព្យួរទោសតាមជាផ្លូវការ, (៣) ផ្ដាច់មិត្តភាព, ឬ (៤) កាត់កាលចេញ ។
« ទោះបីជាការរំលងត្រូវបានធ្វើឡើងក្ដី ក្រុមប្រឹក្សាក៏អាចសម្រេចថា មិនបញ្ចេញសកម្មភាព នៅពេលនោះដែរ ។ ( សមាជិកត្រូវបានលើកទឹកចិត្តឲ្យទទួលការប្រឹក្សាបន្ថែមទៀតពីប៊ីស្សពរបស់ខ្លួន) ។
« ការព្យួរទោសជាផ្លូវការ គឺជាការដាក់វិន័យបណ្ដោះអាសន្ន ធ្វើឡើងដើម្បីជួយសមាជិតប្រែចិត្តទាំងស្រុង ។ ភ្នាក់ងារដែលធ្វើជាអធិបតីលើក្រុមប្រឹក្សា បញ្ជាក់ពីលក្ខខណ្ឌដែលការព្យួរទោសអាចត្រូវបានបញ្ចប់ ។ ក្នុងកំឡុងពេលព្យួរទោស ប៊ីស្សព ឬប្រធានស្តេករក្សាទំនាក់ទំនងជិតស្និទ ដើម្បីជួយបុគ្គលនោះឲ្យរីកចម្រើន ។
« ការសម្រេចចិត្តទីបី ដែលក្រុមប្រឹក្សាអាចធ្វើឡើង គឺត្រូវ ផ្ដាច់មិត្តភាព ជាសមាជិក ។ ការផ្ដាប់មិត្តភាព គឺ [មានន័យថា] ជាបណ្ដោះអាសន្ន ក៏ប៉ុន្តែក៏មិនបានន័យថាឆាប់ដែរ ។ បុគ្គលដែលត្រូវបានផ្ដាច់មិត្តភាព រក្សាសមាជិកភាពនៅក្នុងសាសនាចក្រ ។ ពួកគេត្រូវបានលើកទឹកចិត្តឲ្យចូលរួមការប្រជុំសាសនាចក្រជាសាធាណៈ ប៉ុន្តែមិនអាចអធិស្ឋាន ឬឡើងនិយាយទៅទីសាធារណៈឡើយ ។ ពួកគេប្រហែលគ្មានតំណែងនៅក្នុងសាសនាចក្រ ទទួលទានសាក្រាម៉ង់ គាំទ្រអ្នកកាន់តំណែងនៅក្នុងសាសនាចក្រ កាន់ប័ណ្ឌចូលព្រះវិហារបរិសុទ្ធ ឬអនុវត្តអំណាចបព្វជិតភាពឡើយ ។ ប៉ុន្តែ ពួកគេអាចបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយតមអាហារ ហើយបន្តពាក់សម្លៀកបំពាក់បរិសុទ្ធ បើគេបានទទួលអំណោយទានពិសិដ្ឋហើយ ។
« ការកាត់កាលចេញ គឺជាការវិនិច្ឆ័យដ៏ធ្ងន់ធ្ងរបំផុត ដែលក្រុមប្រឹក្សាវិន័យអាចធ្វើឡើង ។ បុគ្គលដែលត្រូវបានកាត់កាលចេញ ពុំមែនជាសមាជិកសាសនាចក្រទៀតទេ ។ ដូច្នេះ ពួកគេត្រូវបានបដិសេធនូវឯកសិទ្ធិនៃសមាជិកភាពក្នុងសាសនាចក្រ រួមទាំងការស្លៀកសំម្លៀកបំពាក់បរិសុទ្ធ និងការបង់ដង្វាយមួយភាគក្នុងដប់ ឬដង្វាយតមអាហារផ្សេងៗផងដែរ ។ ពួកគេអាចចូលរួមក្នុងការប្រជុំសាសនាចក្រជាសាធារណៈ ប៉ុន្តែការចូលរួមចំណែកក្នុងការប្រជុំដូចនោះ គឺមានកំណត់ដូចជាបុគ្គលដែលបានផ្ដាច់មិត្តភាពដែរ ។ បុគ្គលដែលបានកាត់កាលចេញទាំងឡាយ គឺត្រូវបានលើកទឹកចិត្តឲ្យប្រែចិត្ត ហើយរស់នៅដោយមានភាពសក្ដិសម ដើម្បីនៅទីបញ្ចប់អាចទទួលបុណ្យជ្រមុជទឹក » (« A Chance to Start Over: Church Disciplinary Councils and the Restoration of Blessings » Ensign, ខែ កញ្ញា ឆ្នាំ ១៩៩០,ទំព័រ ១៥–១៦ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១៨ ។ សិទ្ធិរបស់អ្នកចោទប្រកាន់ និងអ្នកដែលត្រូវបានចោទប្រកាន់
ក្នុងឆ្នាំ ១៨៤០ ព្យាការី យ៉ូសែប ស៊្មីធ បានផ្ដល់ការណែនាំសម្រាប់ក្រុមប្រឹក្សាជាន់ខ្ពស់ ទាក់ទងនឹងសិទ្ធិរបស់អ្នកដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តអំពើបាប ។ គោលការណ៍ដែលលោកបានបង្រៀន បន្តអនុវត្តនៅក្នុងក្រុមប្រឹក្សាវិន័យនៃសាសនាចក្រមកដល់សព្វថ្ងៃ ។ លោកបានបង្រៀនថា ៖
« ក្រុមប្រឹក្សាពុំគួរកាត់ក្ដីករណីណាមួយ ដោយគ្មានវត្តមានរបស់ភាគីទាំងពីរ ឬពុំមានឱកាសដើម្បីចូលរួមឡើយ ក៏ដូចជាពុំគួរស្ដាប់ការតវ៉ារបស់បុគ្គលតែម្ខាងចំពោះករណីរបស់ខ្លួនដែលបាននាំឡើងទៅការជំនុំជម្រះឡើយ ហើយពួកគេពុំគួរអនុញ្ញាតឲ្យបុគ្គលណាម្នាក់នាំយករឿងក្ដីណាមួយទៅចំពោះក្រុមប្រឹក្សាជាន់ខ្ពស់ដោយគ្មានវត្តមានរបស់បុគ្គលម្នាក់ទៀតដើម្បីត្រៀមខ្លួនការពារខ្លួនឯងឡើយ ហើយក្រុមប្រឹក្សាពុំគួរមានគំនិតលំអៀង ឬទាស់នឹងនរណាម្នាក់ដែលអាចនឹងប្រព្រឹត្តដូចការចោទប្រកាន់នោះដែរ » ( នៅក្នុង History of the Church, ៤:១៥៤ ) ។ បើភាគីណាមួយ ឬសាក្សីសំខាន់មិនអាចចូលរួមក្នុងក្រុមប្រឹក្សាវិន័យបាន ភ្នាក់ងារដែលជាអធិបតីនឹងសូមឲ្យគេដាក់ជូនការផ្ដល់ចម្លើយជាលាយលាក់អក្សរ ។