ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៥៤, គោលលទ្ធិ និង សេចក្ដី​សញ្ញា ២


មេរៀន​ទី ៩

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៥៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២

បុព្វកថា

យុវជន យ៉ូសែប ស៊្មីធ បាន​បន្ដ​បញ្ជាក់​អះអាង​ថា លោក​បាន​ឃើញ​ការ​និមិត្ត​មួយ ហើយ​លោក​ត្រូវ​បាន​បៀតបៀន​ជា​បន្ដ​បន្ទាប់ ។ ក្រោយ​មក លោក​បាន​មាន​ប្រសាសន៍​ថា អំឡុង​ពេល​នេះ លោក « ធ្លាក់​ទៅក្នុង​ការ​ខុស​ឆ្គង​ជា​ច្រើន ហើយ​បាន​សម្តែង​នូវភាព​ទន់​ខ្សោយ​នៃ​យុវវ័យ » (យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៨ ) ។ នា​ល្ងាច​មួយ នៅពេល​លោក​មាន​អាយុ ១៧ ឆ្នាំ លោក​បាន​អធិស្ឋាន​សុំ​ការ​អភ័យទោស ហើយ​បាន​សូម​ដើម្បីដឹង​ពីគោល​ជំហរ​របស់​លោក​នៅ​ចំពោះ​ព្រះ ។ ទេវតា​មួយ​អង្គនាម មរ៉ូណៃ បាន​លេច​មក ហើយ​បាន​ប្រកាស​ថា ព្រះ​មាន​កិច្ចការ​មួយ​សម្រាប់​យ៉ូសែប​ធ្វើ រួម​មានទាំង​ការ​បកប្រែ​បញ្ជី​កំណត់ត្រា​បុរាណ​មួយ​នៅលើ​ផ្ទាំង​មាស ។ ខណៈដែល​កំពុង​តែ​ពន្យល់​អំពី​តួនាទី​របស់ យ៉ូសែប នៅក្នុង​ការ​ស្ដារឡើង​វិញ​នៃ​ដំណឹង​ល្អនោះ មរ៉ូណៃ បាន​ដក​ស្រង់​ពាក្យ​ព្យាករណ៍​មួយចំនួន​ចេញពី​ព្រះគម្ពីរប៊ីប រួមទាំង​ការ​ព្យាករណ៍​របស់​ម៉ាឡាគី​អំពី​ការ​ត្រឡប់​មកវិញ​នៃ​អេលីយ៉ា ។ នៅថ្ងៃ​បន្ទាប់ យ៉ូសែប ស៊្មីធ បាន​ចេញ​ទៅ​កូន​ភ្នំ ដែល មរ៉ូណៃ បាន​ប្រាប់​ថា ផ្ទាំង​មាស​ត្រូវ​បាន​កប់ទុក​នោះ ។ នៅទីនោះ លោក​បាន​ទទួល​ការ​ណែនាំ​បន្ថែម​ទៀត​មកពីមរ៉ូណៃ ។

យោបល់​សម្រាប់ការ​បង្រៀន

យ៉ូសែប ស៊្មីធ – ប្រវត្តិ ១:២៧-២៩

យ៉ូសែប ស៊្មីធ អធិស្ឋាន​សុំការ​អភ័យទោស

សូមអញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​គំរូ​របស់ យ៉ូសែប ស៊្មីធ កាល​ពី​នៅ​ក្មេង ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពីរបីនាក់​ចែកចាយ​សង្ខេប​អំពី​គោលការណ៍​ដែល​ពួកគេ​បាន​រៀន ដែល​មាន​ឥទ្ធិពលចំពោះ​ពួកគេ ។ បន្ទាប់មកសុំ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-២៩ ឲ្យឮៗ ។ មុន​ពេល​ឲ្យ​ពួកគេ​អាន សូម​ចង្អុល​បង្ហាញ​ថា ព្រឹត្តការណ៍​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ បាន​កើតឡើង​នៅពេល​យ៉ូសែប មាន​អាយុចន្លោះពី ១៤ ទៅ ១៧ ឆ្នាំ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ ប្រដូច​ខគម្ពីរ​ទាំងនេះ ទៅ​នឹង​ខ្លួនពួកគេ ដោយ​ប្រាប់​អំពី​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ ដែល​ស្រដៀងគ្នា​នឹង​បទពិសោធន៍ ដែល​ពួកគេមាន ។

  • តើ​បទពិសោធន៍​មួយចំនួន​ដែល​យ៉ូសែប ស្ម៊ីធ មាន​កាល​ពីនៅ​ក្មេង ដែល​អ្នក​អាច​មាន​ដូចគ្នា​នោះ មានអ្វី​ខ្លះ ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​គួរ​ចែកចាយ​ពី​បទពិសោធន៍​ឬ ​រឿង​ផ្ទាល់ខ្លួនខ្លាំង​ពេក​នោះ​ទេ ) ។

  • យោងទៅ​តាម​ចុង​បញ្ចប់​នៃ យ៉ូសែប ស៊្មីធ--ប្រវត្តិ ១:២៨ តើ​យ៉ូសែប ស្ម៊ីធ​បាន​និយាយ​អ្វីខ្លះ​អំពី​ការ​ល្បួង និង​កំហុស​ឆ្គង​ដែល​លោក​បាន​ធ្លាក់​ចូល​នោះ ? ( លោក​ពុំ​បាន​ធ្វើ​ខុសចំពោះអំពើបាប​ធ្ងន់ធ្ងរ​ណា​មួយ​ទេ ប៉ុន្តែ​ពេល​ខ្លះ លោក​មានអារម្មណ៍​ថា លោក​ពុំ​បាន​ធ្វើ​ចរិយា​សមរម្យ ជា​អ្នក​ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​គួរ​ធ្វើ​នោះ​ឡើយ ) ។

  • តើ​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​អ្វីខ្លះ ចំពោះ​កំហុស​ឆ្គង​ដែល​លោក​មាន​អារម្មណ៍​ចំពោះ​អំពើបាប​របស់​លោក ? ( លោក​បាន​អធិស្ឋាន​សុំ​ការ​អភ័យទោស ហើយ​បាន​សុំសួរ​ដើម្បី​ដឹង​ពីគោលជំហរ​របស់​លោក​នៅ​ចំពោះ​ព្រះ ) ។

  • តើ​សេចក្តីពិត​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​មកពី​គំរូ​របស់យ៉ូសែប ស្ម៊ីធ ?

នៅពេល​សិស្ស​ពិភាក្សា​អំពី​គំនិត​របស់​ពួកគេ សូម​ជួយ​ពួកគេ​ឲ្យ​ប្រាប់​ពី​សេចក្ដីពិត​ដូច​ខាងក្រោម ៖

នៅពេល​យើង​ទទួលស្គាល់​អំពើបាប​របស់យើង ហើយ​មានអារម្មណ៍​សោកស្ដាយ​ចំពោះ​វា នោះ​យើង​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​សុំ​ការ​អភ័យទោស ។

យើង​អាច​អធិស្ឋាន​ដើម្បី​ដឹង​ពីគោលជំហរ​របស់យើង​ចំពោះព្រះ ។

  • តើ​អ្នកគិត​ថា ការ​ដឹង​ពីគោលជំហរ​របស់​​អ្នកនៅ​ចំពោះ​ព្រះ​មាន​ន័យ​ដូចម្ដេច ? ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ដើម្បីដឹង​ពីគោលជំហរ​របអ្នក​ចំពោះ​ព្រះ មានន័យ​ថា ដឹងថា​តើ​ព្រះសព្វព្រះទ័យ​នឹង​យើង​ឬ​អត់ ) ។

  • ហេតុអ្វី​ក៏​វាសំខាន់​សម្រាប់​យើង ដើម្បី​ដឹងពី​គោលជំហរ​របស់យើ​ង​នៅ​ចំពោះព្រះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​នូវ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ពន្យល់​ថា ការប្រឹក្សា​របស់​អែលឌើរ អាន់ឌើរសិន អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ដែល​យើង​អាច​ដឹង​ពី​គោលជំហរ​របស់យើង​នៅចំពោះ​ព្រះ ។

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« [ យើង​អាច ] ទូលអង្វរ​ដល់ព្រះអម្ចាស់​ដោយ​រាបសារ ៖ ‹ ព្រះវរបិតា​អើយ តើទ្រង់​សព្វព្រះទ័យ​ចង់ឲ្យ​ទូលបង្គំ​ធ្វើ​អ្វី​ខ្លះ ? › ចម្លើយ​បាន​មក ។ យើង​មាន​អារម្មណ៍​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជា​ចាំបាច់ ។ ព្រះអម្ចាស់​ប្រាប់​យើង​នៅក្នុងគំនិត និង​ដួងចិត្ត​យើង » (ប្រែចិត្ត… ដើម្បី​យើងអាច​ជួយ​ដល់​អ្នកបាន » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤១ ) ។

សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ពិត​ដែល​សិស្ស​បាន​ពិភាក្សា ។ សូម​អះអាង​នឹង​សិស្ស​ថា ព្រះវរបិតា​សួគ៌ មាន​ព្រះឆន្ទៈ​អភ័យទោស​ដល់​យើង នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​អ្វីៗ​ទាំងអស់ ដែល​ចាំបាច់​ដើម្បី​ប្រែចិត្ត​ពី​អំពើបាប​របស់យើង ។

យ៉ូសែប ស៊្មីធ – ប្រវត្តិ ១:៣០-៣៥

ទេវតា​មរ៉ូណៃ លេច​មក​ឯយ៉ូសែប ស្ម៊ីធ

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ូសែប ស៊្មីធ– ប្រវត្តិ ១:៣០​ដោយ​ស្ងាត់ស្ងៀម រក​មើល​អ្វី​ដែលបាន​កើត​ឡើង នៅពេល​យ៉ូសែប ស្ម៊ីធ បាន​អធិស្ឋាន​សុំ​ការ​អភ័យ​ទោស ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ដាក់​បង្ហាញ​រូបភាព មរ៉ូណៃ លេច​មក​ឯយ៉ូសែប ស្ម៊ីធ ក្នុង​បន្ទប់របស់​លោក(សៀវភៅ​សិល្បៈដំណឹងល្អ[ ឆ្នាំ ២០០៩ ] ទំព័រ ៩១ សូមមើល​ផងដែរ LDS.org ) ។

រូបភាព
មរ៉ូណៃ បាន​លេច​មក​ឯ យ៉ូសែប ស៊្មីធ ​នៅក្នុង​បន្ទប់​របស់​លោក

សូម​ឲ្យ​សិស្ស​អាន យ៉ូសែប ស៊្មីធ– ប្រវត្តិ ១:៣២-៣៣ ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​សារលិខិត​ដំបូង​របស់​មរ៉ូណៃ​ទៅកាន់​យ៉ូសែប ស្ម៊ីធ ។

  • តើ​មរ៉ូណៃ​និយាយ​អ្វី​ខ្លះ អំពី​អនាគត​របស់ យ៉ូសែប ស្ម៊ីធ ? ( សិស្ស​គួរ​តែ​បង្ហាញ​ថា ព្រះ​មាន​កិច្ចការ​មួយ​ឲ្យ​យ៉ូសែប ស្ម៊ីធ ធ្វើ) ។

  • មរ៉ូណៃ បាន​និយាយ​ថា ឈ្មោះ​របស់​យ៉ូសែប ស៊្មីធ នឹង « ត្រូវ​បាន​ស្គាល់​សម្រាប់​សេចក្ដី​ល្អ និង​សេចក្ដីអាក្រក់​ក្នុង​ចំណោម​គ្រប់​សាសន៍​ទាំងអស់ » ។ តើ​អ្នក​បាន​ឃើញ​គំរូដូច្នេះ​នៅ​ពេល​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤-៣៥ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្ទៀង​តាម ប្រាប់​អំពី​អ្វី​ដែល មរ៉ូណៃ បាន​បង្រៀន​អំពី​កិច្ចការ​ដែល យ៉ូសែប នឹង​ធ្វើ ។

  • តើ​ព្រះគម្ពីរ​នឹង​ត្រូវ​បក​ប្រែ​ដោយ​របៀប​ណា ? ( តាមរយៈ​ការ​ប្រើ​ត្បូង​ពិសេស ដែល​បាន​ហៅ​ថា យ៉ូរីម និង​ធូមីម ដែល​ព្រះ​បាន​រៀបចំ​ទុក ) ។

សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ខាង​មុខ សិស្ស​នឹង​រៀន​អំពី​ការខិតខំ​របស់​យ៉ូសែប ស៊្មីធ ដើម្បី​បកប្រែ និង​បោះពុម្ព​ព្រះគម្ពីរមរមន ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦-៤៩; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២ ។

មរ៉ូណៃ​បង្រៀន​ដល់​យ៉ូសែប ស្ម៊ីធ

សូម​សង្ខេប យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦-៤២​ដោយ​ការ​ពន្យល់​ថា មរ៉ូណៃ បាន​ដកស្រង់​ការ​ព្យាករណ៍​មកពី ព្រះគម្ពីរប៊ីប ដើម្បី​ពន្យល់​អំពី​តួនាទី​របស់ យ៉ូសែប ស៊្មីធ នៅក្នុង​ការ​នាំ​មកនូវ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។ ( សូម​ពិចារណា​ឲ្យ​យោបល់​ដល់សិស្ស​ឲ្យ​គូសចំណាំ​សេចក្ដីយោង​ខគម្ពីរ ដែល​បាន​ប្រាប់​នៅ​ក្នុង​វគ្គ​ទាំងនោះ ) ។ ឧទាហរណ៍ នៅ​ក្នុង ខ ៤០ សិស្ស​អាច​គូស​ចំណាំ​ឃ្លា « ជំពូក​ដប់មួយ​នៃ​គម្ពីរ​អេសាយ » ) ។

សូម​ចង្អុល​បង្ហាញ​ថា ពាក្យ​នៅក្នុង​ការ​ព្យាករណ៍ ដែល​បាន​ដក​ស្រង់​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨-៣៩ ក៏​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២ ផងដែរ។ នេះ​គឺ​ជា​វិវរណៈ​មួយ​ដំបូង​បំផុត នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ដែល​បាន​ប្រគល់​ដល់ យ៉ូសែប ស៊្មីធ នៅពេល​លោក​មាន​អាយុ ១៧ ឆ្នាំ ។

អ្នក​អាច​នឹង​ចង់​ប្រាប់​ថា ការ​ព្យាករណ៍​នេះ គឺ​មាន​សារៈសំខាន់ដូច​ដែល​វា​បាន​មាន​នៅក្នុង​គម្ពីរ​សញ្ញា​ចាស់​ផងដែរ ( សូមមើល ម៉ាឡាគី ៤:៥-៦) គម្ពីសញ្ញា​ថ្មី ( សូមមើល លូកា ១:១៧) និង​ព្រះគម្ពីរ​មរមន ( សូមមើលនីហ្វៃទី ៣ ២៥:៥-៦ ) ។

មុន​ពេល​ចាប់​ផ្ដើម​ថ្នាក់ សូម​ថតចម្លង​តារាង​ដូច​ខាង​ក្រោម ។ កាត់​វា​ជា​បី​ចំរៀក​ដើម្បី​ចែក​ឲ្យ​សិស្ស ។ សូមបំបែក​សិស្ស​ក្នុង​ថ្នាក់​ជា​បី​ក្រុម ហើយឲ្យក្រុមនិមួយៗនូវ​ក្រដាស​មួយសន្លឹក ។ សូម​ឲ្យ​ក្រុម​នីមួយៗ​សិក្សា​អំពី​ខគម្ពីរ និង​ការ​ពន្យល់​អំពី​ការ​ព្យាករណ៍​ដែល​មាន​មក​តាម​ក្រោយ​វា ដែលបាន​ដាក់​ឲ្យ​ពួកគេ​ធ្វើ​នោះ ។ បន្ថែម​ពី​លើ​នោះ សូម​ឲ្យ​ក្រុម​នីមួយៗ សង្ខេប​សារលិខិត​ក្នុង​ខគម្ពីរ​ដែល​បាន​ចាត់​ឲ្យ​ពួកគេ​នោះ​តាម​ពាក្យ​សម្ដី​ខ្លួន​គេ ហើយ​ឆ្លើយ​សំណួរ ឬសួរ​សំណួរ​នៅលើ​ក្រដាស​របស់ពួកគេ ។

ក្រុម​ទី ១

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២:១-- តើ​អេលីយ៉ា​ជា​នរណា ? តើ​អំណាច​បព្វជិតភាព​ដែល មរ៉ូណៃ បាន​និយាយ​ថា អេលីយ៉ា នឹង​ស្ដារឡើង​វិញ​ជា​អ្វី ?

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« អេលីយ៉ា គឺ​ជា​ព្យាការី​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ព្រះ​បាន​ប្រទាន​អំណាច​ដ៏​មហិមា​ដល់​លោក ។ លោក​កាន់​អំណាច​ដ៏ធំបំផុត ដែល​ព្រះ​បាន​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់៖ លោក កាន់​អំណាច​នៃ​ការ​ផ្សារភ្ជាប់ អំណាច​ដើម្បី​ចង​អ្វីៗ​នៅលើ​ផែនដី និង​វា​ចង​អ្វីៗ​នៅលើ​ស្ថានសួគ៌ » ( ប្រធាន ហិនរី ប៊ី អាវរិង Hearts Bound Together » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៧៨ ) ។

ក្រុម​ទី ២

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២:២--​តើ​ឪពុក និង​កូន ដែល​និយាយនៅក្នុង​ខ​នេះ សំដៅ​ទៅលើ​នរណា ?

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

នៅក្នុង​ការ​ព្យាករណ៍​ថា « លោក​នឹង​ដាក់​នៅក្នុង​ចិត្ត​នៃ​កូនចៅ នូវ​សេចក្ដីសន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក » ឃ្លា « ឪពុក » សំដៅ​ទៅលើ « អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ដែល​សេចក្ដី​សន្យា​ទាំង​ឡាយ​បាន​ធ្វើ​ឡើង ។ តើ​ការ​សន្យា​មាន​អ្វីខ្លះ ? វា​គឺ​ជា​ការ​សន្យា​ទាំងឡាយ​នៃ​ការ​បន្ដ​មាន​ក្រុមគ្រួសារ​ដ៏នៅ​អស់កល្បជានិច្ច » ( អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Millennial Messiah [ ឆ្នាំ ១៩៨២ ] ទំព័រ ២៦៧ ) ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

នៅក្នុង​ការ​ព្យាករណ៍​ថា « ចិត្ត​នៃកូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់ពួកគេ » ឃ្លា « ពួក​ឪពុក​របស់ពួកគេ » សំដៅទៅលើ « ជីដូនជីតា​ដែល​ចែកឋាន​ទៅ​របស់​យើង ដែល​បាន​ទទួល​មរណកាល​ទៅ​ដោយ​គ្មាន​ឯកសិទ្ធិ​ដើម្បី​ទទួលដំណឹង​ល្អ ប៉ុន្តែ​បាន​ទទួល​ការ​សន្យា​ថា ពេល​វេលា​នឹង​មកដល់ ដែល​ឯកសិទ្ធិ​នោះ​នឹង​ផ្ដល់​ដល់​ពួក​គាត់ ។ កូនចៅ​គឺ​ជា​អ្នកទាំងឡាយ ដែល​កំពុង​រស់នៅ​ឥឡូវ​នេះ ដែល​កំពុង​រៀបចំ​ទិន្នន័យ​ពង្សាវលី ហើយ​ដែល​កំពុង​ធ្វើ​ពិធីបរិសុទ្ធ​ជំនួស​នៅក្នុង​ព្រះវិហារបរិសុទ្ធ » ( President Joseph Fielding Smith Doctrines of Salvation បាន​បោះពុម្ព​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ២:១២៧ ) ។

ក្រុម​ទី ៣

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២:៣--​ហេតុអ្វី​ផែនដី​នឹង​ត្រូវ​កំទេច​ចោល​សូន្យ​ឈឹង បើ​អំណាច​នៃ​ការ​ផ្សារភ្ជាប់​មិន​ត្រូវ​បាន​ស្ដារឡើងវិញ​នោះ ?

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ហេតុអ្វី​ផែនដី​នឹង​ត្រូវ​កំទេចចោល​ដូច្នេះ ? ធម្មតាប្រសិនបើ​វា​ពុំ​មាន​បណ្ដាញវេញ​ចូល​គ្នា​មួយ​រវាង​ពួក​ឪពុក និង​កូនចៅ--​ដែល​ជា​កិច្ចការ​សម្រាប់​មរណជនទេ--​នោះ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូ​វចំទេច​ចោល ហើយ​កិច្ចការ​របស់ព្រះ​ទាំង​មូល នឹង​បរាជ័យ ហើយ​កំទេច​ចោល​សូន្យឈឹង » ( ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ Doctrines of Salvation បាន​បោះពុម្ព​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ២:១២២ ) ។

បន្ទាប់ពី​ក្រុម​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រៀបចំ សូម​អញ្ជើញ​សិស្ស​មកពី​ក្រុម​ទាំងឡាយ រាយការណ៍​អំពី​ការសង្ខេប និង​ចម្លើយ​របស់ពួកគេ​ដល់សិស្ស​ក្នុង​ថ្នាក់ ។ ចម្លើយ​របស់សិស្ស គួរ​ឆ្លុះបញ្ចាំង​ពី​សេចក្ដីពិតដូច​ខាង​ក្រោម ៖

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២:១ព្រះ​នឹង​បញ្ជូន​អេលីយ៉ា​ឲ្យមក​ស្ដារ​អំណាច​នៃ​ការ​ផ្សារភ្ជាប់​នៅលើ​ផែនដី មុន​ពេល​ការ​យាង​មក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២:២ដួងចិត្ត​របស់យើង អាច​បង្វែរ​ទៅ​រកជីដូនជីតា​របស់យើង ហើយ​យើង​អាច​ធ្វើ​ពិធីបរិសុទ្ធ​នានា​ជំនួស​ពួកគាត់​ក្នុង​ព្រះវិហារបរិសុទ្ធ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២:៣បើ​គ្មាន​អំណាច​ដើម្បី​រួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាព​ដ៏នៅ​អស់កល្បជានិច្ច​ទេ នោះ​ផែនដី​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅការយាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។

បើ​អ្នក​បាន​ផ្សារភ្ជាប់​ហើយ​ក្នុង​ព្រះវិហារបរិសុទ្ធ អ្នក​អាច​នឹង​បង្ហាញ​រូបភាព​មួយ​អំពី​ក្រុមគ្រួសារ​របស់អ្នក ។ បើ​អ្នក​ពុំ​ទាន់​បាន​ផ្សារភ្ជាប់​ទេ សូម​ប្រាប់​អំពី​ក្ដីរំភើប​របស់​អ្នក​ដើម្បី​ទទួលបាន​ការផ្សារភ្ជាប់ ។ សូម​ពន្យល់​ដោយ​សង្ខេប​ថា នៅពេល​សិស្ស​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០ នោះ​ពួកគេ​នឹង​រៀន​អំពី ​អេលីយ៉ា​ប្រគល់​អំណាច​នៃ​ការ​ផ្សារភ្ជាប់​ទៅ​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ ។

សូមបង្វែរ​អារម្មណ៍​សិស្ស​ឲ្យ​ផ្ដោត​លើរឿងនិទាន​នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ វិញ​ដោយ​ពន្យល់​ថា បន្ទាប់ពី មរ៉ូណៃ បាន​ដកស្រង់​ការព្យាករណ៍​អំពី​ការ​ត្រឡប់មក​វិញ​របស់ អេលីយ៉ា នោះ​លោក​បានដក​ស្រង់​ការ​ព្យាករណ៍​ផ្សេងទៀត អំពី​ការ​ស្ដារឡើងវិញ ។ បន្ទាប់​មក លោក​បាន​ផ្ដល់​ការណែនាំ​បន្ថែម អំពី​ផ្ទាំង​មាស ហើយ​ក៏​ចេញ​ទៅ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤២-៤៣ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤៤-៤៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​អ្វី​ដែល​បាន​កើតឡើង បន្ទាប់ពី​មរ៉ូណៃ​បាន​ចាកចេញទៅ ។ នៅពេល​សិស្ស​ស្គាល់​ថា មរ៉ូណៃ បាន​ត្រឡប់មក​យប់នោះ ហើយ​រំឭក​សារលិខិត​ដដែល សូម​អញ្ជើញ​ពួកគេ​ឲ្យ​មើល​ត្រួសៗ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤៦-៤៩ ហើយ​ស្វែងរក​ចំនួន​ដង​ដែល​មរ៉ូណៃ បាន​នាំ​សារលិខិត​ដូចគ្នា​ទៅដល់​យ៉ូសែប ស៊្មីធ ។

  • តើ​ទេវតា​មរ៉ូណៃ​បាន​នាំ​សារ​មក​កាន់ យ៉ូសែប ស៊្មីធ រយៈពេល​ប៉ុន្មាន​ដង ? ( បួនដង ) ។

  • តើ​សារលិខិតមួយចំនួន ដែល​បាន​ផ្ដល់​ដដែលៗ​នៅក្នុង​បទគម្ពីរ នៅក្នុង​មេរៀន​សាសនាចក្រ និង​នៅក្នុង​សុន្ទរកថា​សន្និសីទទូទៅ​មាន​អ្វីខ្លះ ?

  • តើ​យើង​អាច​ទទួលប្រយោជន៍ នៅពេល​ព្រះអម្ចាស់ និង​ពួក​អ្នក​បម្រើ​ទ្រង់ បាន​ថ្លែង​សារលិខិត​របស់ពួក​លោកឡើងវិញ តាម​វិធី​ណា ?

សូម​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​រកមើល​ការ​បង្រៀន​ដដែលៗ នៅពេល​ពួកគេ​សិក្សា​បទគម្ពីរ​ដោយ​ខ្លួន​ឯង ហើយ​ពិចារណា​អំពី​សារៈសំខាន់​នៃ​ការ​បង្រៀន​ទាំង​នោះ ។

យ៉ូសែប ស៊្មីធ – ប្រវត្តិ ១:៥០-៥៤

យ៉ូសែប បាន​ទៅ​កាន់​កូនភ្នំនោះ ហើយ​បាន​បើក​យក កំណត់ត្រា យ៉ូរីម និង​ធូមីម និង​​ប្រដាប់​បាំងទ្រូង ។

សូម​សង្ខេបយ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥០-៥១​ដោយ​ពន្យល់​ថា យ៉ូសែប បាន​គោរព​តាម​បញ្ជា​របស់ មរ៉ូណៃ ហើយ​បាន​ប្រាប់​ដល់​ឪពុក​របស់​លោក អំពី​បទពិសោធន៍​នា​យប់​មុនរបស់លោក ។ ឪពុក​របស់​លោក​ជឿ​ដល់​លោក ហើយ​បាន​ទូន្មាន​ដល់​លោក​ឲ្យ​ធ្វើ​តាម​អ្វី​ដែល មរ៉ូណៃ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ ។ ដូច្នេះ​យ៉ូសែប បាន​ទៅ​កូន​ភ្នំ​ជា​កន្លែង​ដែល​ផ្ទាំង​មាស​កប់​នៅ​ទីនោះ ។ សូម​ឲ្យ​សិស្ស​បីនាក់ ផ្លាស់​វេន​គ្នា​អាន​យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥២-៥៤ ឲ្យ​ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ។ ដើម្បី​ប្រាកដ​ថា​សិស្ស​យល់​បាន​ច្បាស់​អំពី​ព្រឹត្តការណ៍​នានា ដែល​បាន​ពិពណ៌នា​នៅក្នុង​ខទាំងនេះ សូម​ឲ្យ​សិស្ស​ម្នាក់​ថ្លែង​ឡើងវិញ​ពីអ្វី​ដែល​បាន​កើត​ឡើង​តាម​ពាក្យ​របស់​គេ​ផ្ទាល់ ។ សូម​ប្រាប់​ដល់​សិស្ស​ថា នៅក្នុង​មេរៀន​ក្រោយ ពួកគេ​នឹង​ពិភាក្សា​អំពី​ព្រឹត្តការណ៍​នានា​ដែល​កើត​ឡើងនៅជុំ​វិញ​ពេល​ដែលយ៉ូសែប ត្រូវ​បាន​អនុញ្ញាតឲ្យ​ទទួល​ផ្ទាំងចំណារ ។

អ្នក​ក៏​អាច​ចង់​បញ្ចប់​មេរៀន​ដោយ​ការ​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​អ្នក​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ និង​ដោយ​ការ​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​តាម​ការ​បំផុសគំនិត​ទាំងឡាយ​ណា ដែល​ពួកគេ​បាន​ទទួល ដើម្បី​អនុវត្ត​សេចក្ដីពិត​ទាំងនេះ​នៅក្នុង​ជីវិត​របស់ពួកគេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៣៣ ។ « ឈ្មោះ​របស់ខ្ញុំ … ត្រូវ​បាន​ស្គាល់​សម្រាប់​សេចក្ដី​ល្អ និង​សេចក្ដីអាក្រក់​ក្នុង​ចំណោម​គ្រប់​សាសន៍​ទាំងអស់ » ។

អែលឌើរ ចន អេច ហ្គូ្រប៊ើហ្គ នៃ​ពួក​ចិតសិប​នាក់ បាន​ប្រាប់​ពី​បទពិសោធន៍​មួយ ដែល​លោក​បានឃើញ​ពី​ការ​បំពេញ​តាមការ​ព្យាករណ៍​របស់ មរ៉ូណៃ នៅក្នុង យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៣៣ ។ ខណៈពេល​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប៉ាស៊ីហ្វិក​ខាង​ត្បូង អែលឌើរ ហ្គូ្រប៊ើហ្គ បាន​ទៅ​កោះ​ដាច់​ស្រយាល​មួយ ឈ្មោះ​ថា តាហ្វាហ៊ី ដែល​មាន​ផ្ទះ​តែ ១៨ ខ្នង​គត់ ហើយ​គ្មាន​ភ្លើង​អគ្គិសនី ឬ​ទឹកម៉ាស៊ីន​ទេ ។ គាត់​បាន​សរសេរ​ថា ៖

រូបភាព
អែលឌើរ ចន អេច ហ្គ្រូប៊ើក

« នៅ​ផ្ទះ​ចុង​ក្រោយ គំនិត​ចម្លែក​បាន​ផុស​ឡើង​ក្នុង​ចិ​ត្តខ្ញុំ​ថា ‹ ហេតុអ្វី​ក៏​អ្នក​មិន​សាកល្បង​ល​ការព្យាករណ៍ ដែល​ថា ឈ្មោះ​របស់​យ៉ូសែប ស្ម៊ីធ នឹង​ត្រូវ​បាន​ស្គាល់​សម្រាប់​សេចក្ដីល្អ និង​សេចក្ដីអាក្រក់​នៅ​ទូទាំង​ពិភពលោក​ទៅ ? › ខ្ញុំមិន​ដឹង​ថា ហេតុអ្វី​ក៏​មាន​គំនិត​ដូច្នោះទេ ប៉ុន្តែ​វា​កើត​មាន​មែន » ។

គាត់​បាន​សួរ​ដល់​គ្រួសារ​នៅក្នុង​ផ្ទះនេះ បើ​ពួកគេ​ធ្លាប់​ឮ​អំពី​ប្រធានាធិបតី​អាមេរិក​ឬ​ទេ ។ ពួកគេ​បាន​តប​ថា « តើ​គាត់​ជា​នរណា ? » ហើយ « អាមេរិក​នៅកន្លែង​ណា ? » អែលឌើរ ហ្គូ្រប៊ើហ្គ រាយការណ៍​ថា ៖

« ខ្ញុំ​បាន​ព្យាយាម​ពន្យល់​ពីទីកន្លែង​នោះ ប៉ុន្តែ​ពួកគេ​ពុំ​យល់​ទេ ។ ពួកគេ​បាន​សួរ​ថា តើ​កោះ​នោះធំប៉ុណ្ណា ។ ខ្ញុំ​បាន​តបថា វា​ជា​កោះ​ដ៏ធំ​មួយ មាន​ចម្ងាយ​រាប់រយ​គីឡូ​ម៉ែត្រ​យ៉ាង​ឆ្ងាយ ដែល​មាន​មនុស្ស​រស់នៅ​រាប់លាន​នាក់ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា មនុស្ស​ជា​ច្រើន​នៅទីនោះ ពុំ​ដែល​ធ្លាប់​ឃើញ​សមុទ្រ​ទេ ហើយ​ថា​មាន​មនុស្ស​ជាច្រើន​ពុំ​ស្គាល់​គ្នា​ទេ ។ ពួកគេ​មិន​យល់​ពី​រឿង​នោះ​ទេ » ។

បន្ទាប់មក គាត់​បាន​សួរ​ពួកគេ​អំពី​ប្រធានាធិតី​រ៉ុស្សី និង​បារាំង ប៉ុន្តែ​ពួកគេ​ពុំ​អាច​ឆ្លើយ​សំណួរ​គាត់​បាន​ទេ ។

គាត់​និយាយ​ថា « បន្ទាប់​មក ខ្ញុំ​បាន​សួរ​អំពី​កីឡា តួកុន អ្នកជំនួញ​ល្បី​ខ្លះៗ សួរ​អំពី​វិបត្តិសេដ្ឋកិច្ច សង្គ្រាមកូរ៉េ និង​រឿង​ជាច្រើន​ទៀត ។

« គ្មាន​សមាជិក​នៃ​សាសនាចក្រ​រស់នៅ​លើ​កោះ​នេះ​ទេ ទោះ​ជា​មាន​ព្រះវិហារ​ផ្សេង​ពីរ​នៅទីនោះ​ក្ដី ។ ខ្ញុំ​បាន​ដក​ដង្ហើម​ធំ ហើយ​និយាយ​ថា ‹ តើ​អ្នក​ធ្លាប់​ឮ​អំពី​យ៉ូសែប ស៊្មីធ​ឬ​ទេ ? ›

« ភ្លាម​នោះ ទឹក​មុខ​របស់​ពួកគេ​បានបង្ហាញ​ថា​ស្គាល់ ។ មនុស្ស​គ្រប់គ្នា​បាន​មើល​មុខ​ខ្ញុំ ហើយ​ឪពុកគេ បាន​និយាយ​ថា ‹ កុំ​និយាយ​ប្រាប់​យើង​អំពី​ព្យាការី​ក្លែង​ក្លាយ​នោះ​ឲ្យ​សោះ ! កុំ​និយាយ​ក្នុង​ផ្ទះ​យើង​ឡើយ ! យើង​ដឹង​ទាំងអស់​ហើយ​ពី​គាត់​នោះ ។ រដ្ឋ​មន្រ្តី​យើង​បាន​ប្រាប់​យើង​អស់​ហើយ ! › ខ្ញុំ​ស្ទើរ​តែ​ពុំ​ជឿ​អ្វី​ដែល​ខ្ញុំ​បាន​ស្ដាប់ឮ ។ បទគម្ពីរ… បាន​បន្លឺ​ក្នុង​គំនិត​ខ្ញុំ​ថា ឈ្មោះ​របស់​យ៉ូសែប ‹ នឹង​ត្រូវ​បាន​ស្គាល់​សម្រាប់​សេចក្ដីល្អ និង​សេចក្ដីអាក្រក់​​ក្នុង​ចំណោម​គ្រប់​សាសន៍​ទាំងអស់ › (យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៣៣) ។ ចំពោះ​ខ្ញុំ នេះ​គឺ​ជា​ការ​បំពេញ​តាម​ការ​ព្យាករណ៍​ដោយ​ចំៗ​មួយ ។

« ខ្ញុំ​ជឿ​ថា អ្នក​ពិបាក​នឹង​រក​កន្លែង​មួយ​ដែល​នៅ​ដាច់ស្រយាល ដែល​គ្មាន​អារ្យធម៌​ទំនើប ជា​ង​កោះ​តូច តាហ្វាហ៊ី​នេះណាស់ ។ មនុស្ស​នៅទីនោះ ពុំ​ស្គាល់​អំពី​អ្នកដឹកនាំធំៗ​នៃ​សម័យ​នេះ--​ខាង​នយោបាយ សេដ្ឋកិច្ច ឬ​អ្វី​ផ្សេងៗ --ប៉ុន្តែ​ពួកគេ​ស្គាល់​ឈ្មោះ យ៉ូសែប ស៊្មីធ ។ នៅ​ក្នុង​ករណីនេះ ពួកគេ​ដឹង​អំពី​ឈ្មោះ​លោក​សម្រាប់​សេចក្ដីអាក្រក់ ដែល​យ៉ាង​ហោច​ណាស់​ជា​ការ​ចាប់​ផ្ដើមវា ។ ខ្ញុំ​បាន​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ពន្យល់​អំពី​បេសកកម្ម​របស់ព្យាការី យ៉ូសែប ស៊្មីធ បន្ថែម ហើយ​ពីមុន​ពេល​យើង​ចាកចេញ មាន​ពួក​គេ​មួយចំនួន​តូច​បាន​ស្គាល់​ឈ្មោះ​លោក សម្រាប់​សេចក្ដីល្អ » (In the Eye of the Storm[ ឆ្នាំ ១៩៩៣ ] ទំព័រ ១០៤–៦ ) ។