បណ្ណាល័យ
មេរៀនទី 4 ៖ ទំព័រ​ចំណង​ជើង សេចក្ដីផ្ដើម និង ទីបន្ទាល់​នៃ​សាក្សី​ទាំងឡាយ


មេរៀនទី 4

ទំព័រ​ចំណង​ជើង សេចក្ដីផ្ដើម និង ទីបន្ទាល់​នៃ​សាក្សី​

សេចក្តីផ្ដើម

នៅពេល​អ្នក​បង្រៀន​ព្រះគម្ពីរមរមន អ្នក​នឹង​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​នូវ​ការពិត ដែល​នឹង​នាំ​ពួកគេ​ខិតជិត​ទៅ​ព្រះ ។ តាំង​ពី​ដើម​គម្ពីរ វា​ច្បាស់​ណាស់​ថា អ្នក​សរសេរ​នៃ​ព្រះគម្ពីរ​មរមន មាន​បំណង​ឲ្យ​វា ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ​ព្រះគម្ពីរ ក៏​បាន​បញ្ជាក់​ជាថ្មី​ពី​សេចក្ដីសញ្ញា​របស់​ព្រះ​ជាមួយ​នឹង​វង្សអ៊ីស្រាអែល ហើយ​បាន​បង្ហាញ​នូវ​តម្រូវការ​សម្រាប់​កូនចៅ​របស់​ព្រះ​ទាំងអស់គ្នា​ឲ្យ​ធ្វើ និង រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ។ នៅពេល​សិស្ស​សិក្សា​ព្រះគម្ពីរ​មរមនដោយ​ការអធិស្ឋាន ពួកគេ​នឹង​ទទួល​បាន​នូវ​ទីបន្ទាល់​ដ៏​អស្ចារ្យ​ជាង​នេះនៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង នៃ​ការស្ដារឡើង​វិញ​នៃ​សាសនាចក្រ​របស់​ទ្រង់ នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។ ពួកគេ​ក៏​នឹង​រៀន​អនុវត្ត​សេចក្ដីជំនឿ​ដ៏​កាន់តែអស្ចារ្យ​ ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយ​ធួន​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យោបល់​សម្រាប់​ការបង្រៀន មេរៀន​នេះ​ប្រហែលជាតម្រូវ​ពេល​បង្រៀន​យូរជាង​ម៉ោងបែងចែក​សម្រាប់​ថ្នាក់​របស់​អ្នក ។ សូម​ពិចារណា​ដោយ​ការអធិស្ឋានថា​ តើ​ផ្នែក​ណាមួយ​ដែល​ថ្នាក់​របស់​អ្នកត្រូវការ​ខ្លាំង​បំផុត ។

ទំព័រ​ចំណងជើង

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន ។ ទំព័រ​នេះ ចាប់ផ្ដើម​ជាមួយ​នឹង​ពាក្យ « ព្រះគម្ពីរ​មរមន ដំណើរ​រឿង​ដែល​បាន​សរសេរ​ទុក​ដោយ​ដៃ​របស់​ មរមន លើ​ផ្ទាំង​ទាំងឡាយ ដែល​បាន​ដកស្រង់​ចេញ​ពី​ផ្ទាំង​ទាំងឡាយ​របស់​នីហ្វៃ » ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ពី​ភាពដើម​នៃ​ទំព័រ​ចំណងជើង​នេះ ៖

« ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន គឺជា​ការបកប្រែ​តាម​ន័យ​ត្រង់ ដែល​ដកស្រង់​ពី​សន្លឹក​ចុងក្រោយ​គេ​បំផុត នៅ​ខាង​ឆ្វេង​នៃ … ផ្ទាំង​ចំណារ​មាស ដែល​មាន​នូវ​កំណត់ត្រា​ដែល​ត្រូវ​បាន​បកប្រែ … និង … បាន​និយាយ​ថា ទោះ​ដោយ​របៀប​ណាៗ​ក្ដី ទំព័រ​ចំណង​ជើង គឺ​មិន​មែន​ជា​ការសរសេរ​តាម​បែប​សម័យ​ទំនើប​មួយណា​នោះទេ ហើយ​ក៏​មិនមែន​ជា​របស់​ខ្ញុំ ឬ របស់​បុរស​ណា​ផ្សេង​ទៀត​ដែល​បាន​រស់នៅ ឬ កំពុង​រស់នៅ​ក្នុង​ជំនាន់​នេះ​ទេ » ( នៅក្នុងHistory of the Church, 1:71) ។

សូម​អញ្ជើញ​សិស្ស​អាន​ទំព័រ​ចំណងជើង នៃ​ព្រះគម្ពីរ​មរមន​ដោយ​ស្ងាត់ៗ ។ សុំ​ឲ្យ​ពួកគេ​រកមើល​ឃ្លា​ណា​ដែល​និយាយ​ពី​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន ។ ( អ្នក​អាច​ឲ្យ​សិស្ស​នូវ​តម្រុយ​មួយ​ថា គោលបំណង​ទាំងនេះ ត្រូវ​បាន​បង្ហាញ​ថា​ជា​រឿង​ដែល​ព្រះគម្ពីរ​មរមន​នឹង « បង្ហាញ​ដល់ » អស់អ្នកដែល​អាន​វា ) ។ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្តារខៀន ។ នៅពេល​ពួកគេ​បញ្ចប់ សុំ​ឲ្យ​សិស្ស​អាន​កថាខណ្ឌ​ទី​ពីរម្ដង​ទៀត​ដោយ​ខ្លួនឯង ដោយ​ជំនួស​ឈ្មោះ​របស់​ពួកគេ​នៅក្នុង​កន្លែង​នៃ « សំណល់​នៃ​វង្ស​អ៊ីស្រាអែល » ។

  • នៅពេល​អ្នក​អាន​ព្រះគម្ពីរមរមន តើ​គោលបំណង​ណាមួយ​របស់​វា​ដែល​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​អ្នក ? តើ​វាត្រូវ​បាន​បំពេញ​ដោយ​របៀប​ណា ?

  • តើ​វា​ជួយ​អ្នក​ឲ្យ​ដឹង​ដោយ​របៀបណា​ថា អស់អ្នក​ដែល​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ នឹង​មិន​ត្រូវ « កាត់ចេញ​ជារៀង​រហូត » នោះ ?

សូម​ប្រាប់​សិស្ស​ថា វា​អាច​មាន​ពេលខ្លះ ដែល​ពួកគេ​មាន​អារម្មណ៍​ឯកោ ឬ​ថា​ពួកគេ​ត្រូវ​បាន « កាត់ចេញ » ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដឹង​ថា អំឡុងពេល​ពេល​ទាំងនេះ ថា​អ្នក​មិន​ត្រូវ​បាន « កាត់ចេញ​ជារៀងរហូត​នោះ​ទេ » ?

  • តើ​ការសន្យា​នេះ គឺជា​ការបង្ហាញ​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះចំពោះ​អ្នក​ដោយ​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អំណរ​គុណចំពោះគោលបំណងដ៏​ចម្បង​ពី​ព្រះគម្ពីរ​មរមន សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ប្រសាសន៍​ខាងក្រោម​ដោយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« បេសកកម្ម​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ​មរមន ដូចដែល​បាន​កត់ត្រា​នៅលើ​ទំព័រ​ចំណងជើង​គឺ « ដើម្បី​ជា​ការបរិវត្តន៍​ដល់​សាសន៍​យូដា និង សាសន៍​ដទៃ​ថា ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​បាន​សម្ដែង​រូប​អង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ ។’

« អ្នក​តាម​ស្វែងរក​សេចក្ដីពិត​ដ៏​ស្មោះត្រង់ អាច​ទទួល​បាន​ទីបន្ទាល់​ថា ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ នៅពេល​គាត់​ពិចារណា​ដោយ​ការអធិស្ឋាន​នូវ​ពាក្យ​ដ៏​បំផុស​គំនិត​នៃ​ព្រះគម្ពីរ​មរមន ។

« ជាង​ពាក់កណ្ដាល​នៃ​ខ​គម្ពីរ​ទាំងអស់ នៅក្នុង​ព្រះគម្ពីរ​មរមន និយាយ​អំពី​ព្រះអម្ចាស់​របស់យើង ។ ទម្រង់​ខ្លះ​នៃ​ព្រះនាម​របស់​ព្រះគ្រីស្ទ ត្រូវ​បាន​លើកឡើង​យ៉ាង​ញឹកញាប់​នៅក្នុង​មួយ​ខគម្ពីរ នៅក្នុង​ព្រះគម្ពីរមរមន ច្រើន​ជាង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

« ទ្រង់​ត្រូវបាន​ផ្ដល់​នាម​ឲ្យ​ខុសៗ​គ្នា​ជាង​មួយ​រយ នៅក្នុង​ព្រះគម្ពីរមរមន ។ នាម​ទាំងនោះ មាន​សារៈសំខាន់​ជាពិសេស​មួយ ក្នុង​ការពិពណ៌នា​លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ទ្រង់ » ( « Come unto Christ » Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 83 ) ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះគម្ពីរ​មរមន គឺជា​សាក្សី​មួយ​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

សូម​គូស​រូប​ទ្វារកោង​មួយ​លើ​ក្ដារខៀន ( សូម​មើល​រូបភាព​ដែល​ភ្ជាប់​មក ) ឬ ធ្វើ​គំរូ​នៃ​ទ្វារកោង​មួយ ពី​ឈើ ឬ សម្ភារផ្សេង​ទៀត ។

រូបភាព
ទ្វារកោង​ធ្វើ​ពី​ថ្ម

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ នូវ​ប្រសាសន៍​ដោយ យ៉ូសែប ស្ម៊ីធ នៅក្នុង​បព្វកថា​នៃ​ព្រះគម្ពីរ​មរមន ( សូម​មើល​កថាខណ្ឌ​ប្រាំមួយ ) ។ អ្នក​គប្បីប្រាប់ សិស្ស​ឲ្យ​គូស​ចំណាំ​ប្រសាសន៍​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​អ្វី​ជា​គោលបំណង​នៃ​សិលា​គន្លឹះ ?

សូម​ពន្យល់ថា សិលា​គន្លឹះ គឺជា​សិលា​កណ្ដាល នៅកំពូល​នៃ​ទ្វារកោង ។ នៅពេល​ទ្វារកោង ត្រូវ​បាន​សាងសង់​ឡើង មាន​ថ្ម​ពីរ​សងខាង​សង់​ឡើង​ដើម្បី​គាំទ្រ​វា ។ គម្លាត​នៅ​កំពូល​នៃ​ទ្វារកោង គឺ​ត្រូវបាន​វាស់​យ៉ាង​ប្រុងប្រយ័ត្ន ហើយ​សិលា​គន្លឹះ​ត្រូវ​កាត់​ឲ្យ​ត្រូវ​វា​យ៉ាង​ត្រឹមត្រូវ ។ នៅពេល​សិលា​គន្លឹះ​បាន​ដាក់​នៅ​កន្លែង​ដែល​ត្រឹម​ត្រូវ ទ្វារកោង​អាច​ឈរ​ដោយ​គ្មាន​ជើង​ទ្រ​អ្វី​ទេ ។

  • តើ​នឹង​មាន​អ្វី​កើតឡើង​លើ​ទ្វារកោង ប្រសិនបើ​សិលា​គន្លឹះ​ត្រូវបាន​គេ​ដកចេញ ? ( ប្រសិនបើ​អ្នក​ប្រើ​គំរូ សូម​បង្ហាញ​ដោយ​ការដកចេញ​នូវ​សិលា​គន្លឹះ ) ។

  • តើ​ព្រះគម្ពីរ​មរមន ដើរ​តួ​ដូចជា​សិលា​គន្លឹះ​ទាក់ទង​នឹង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ នូវ​ប្រសាសន៍​ខាងក្រោម​ដោយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។ ( អ្នក​គប្បី​រៀបចំ​ប្រសាសន៍​នេះ ជា​ក្រដាស​ចែក​ឲ្យ​សិស្ស​ដើម្បី​ដាក់​ចូល​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ ជា​ជម្រើស​មួយ​ទៀត អ្នក​គប្បី​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ប្រសាសន៍​របស់​ប្រធាន ប៊ែនសឹន នៅក្នុងព្រះគម្ពីរ​របស់​ពួកគេ នៅ​លើ ឬ ក្រោម​នៃ​ទំព័រ​ទីមួយ​នៃ​បព្វកថា ) ។

« មាន​របៀប​បី​យ៉ាង​ដែល​ព្រះ​គម្ពីរ​មរមន គឺ​ជាសិលាគន្លឺះ​នៃ​សាសនា​របស់​យើង ។ វា​គឺជា​សិលាគន្លឹះ​ក្នុង​ភាព​ជា​សាក្សី​របស់​យើង​អំពី​ព្រះ​គ្រីស្ទ ។ វា​គឺជា​សិលាគន្លឹះ​មូលដ្ឋាន​នៃ​គោលលទ្ធិ​របស់​យើង ។ វាគឺ​ជា​សិលា​គន្លឹះ​នៃ​ទីបន្ទាល់ » ( « ព្រះគម្ពីរ​មរមន —សិលា​គន្លឹះ​នៃ​សាសនា​របស់​យើង »Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 5 ) ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន គឺជា​សិលាគន្លឹះ​នៃ​ទីបន្ទាល់ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ប្រសាសន៍​ខាងក្រោម​ដោយ ប្រធាន ប៊ែនសឹន ៖

« ព្រះ​គម្ពីរ​មរមន​គឺជា​សិលាគន្លឹះ​នៃ​ទីបន្ទាល់ ។ ក៏​ដូចជា​ទ្វារកោង​បាក់​ស្រុត​ដូច្នោះ​ដែរ បើសិនជា​សិលាគន្លឹះ ត្រូវ​បាន​ដកចេញ ដូច្នេះ​ការឈរឡើង ឬ ការធ្លាក់​ចុះ​របស់​សាសនា​ចក្រ គឺ​វា​អាស្រ័យ​លើ​ភាពពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន​យ៉ាង​នោះ​ដែរ ។ … ប្រសិន​បើ​ព្រះគម្ពីរ​មរមន​ពិត … នោះ​មនុស្ស​ម្នាក់​ត្រូវតែ​ទទួល​យក​ការអះអាង​នៃ​ការស្ដារឡើង​វិញ និង អ្វីៗ​ទាំងអស់​ដែល​រួម​ដំណើរ​មក​ជាមួយ​វា » ( « ព្រះគម្ពីរ​មរមន​— សិលាគន្លឹះ​នៃ​សាសនា​របស់​យើង » ទំព័រ 6 ) ។

  • តើ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន បាន​មានឥទ្ធិពល​លើ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះគម្ពីរ​មរមន បាន​នាំ​អ្នក​ខិតជិត​ទៅ​ព្រះ​ដោយ​របៀប​ណា ?

អ្នកគប្បី​​ប្រាប់​អំពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរមរមន​របស់​អ្នក បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក និង បាន​នាំ​អ្នក​ខិតជិត​ទៅរក​ព្រះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចូលរួម​ក្នុង​ការដើរ​តួ​សម្ដែង ។ សុំ​ឲ្យ​ពួកគេគិត​ស្រមៃ​ថា ពួកគេ​នឹង​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ទៅ​នរណាម្នាក់ ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​នោះទេ ។ សូម​ជួយ​ពួកគេ​រៀបចំ​ដើរតួ​សម្ដែង ដោយ​បែងចែក​ពួកគេ​ជា​ពីរ​ក្រុម ។ សុំ​ឲ្យ​ក្រុម​ទីមួយ អាន​កថាខណ្ឌ​ទី 2 –4 នៃ​បព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។ សុំ​ឲ្យ​ក្រុម​ទីពីរ អាន​កថាខណ្ឌ 5–8 ។ សូម​ឲ្យ​ក្រុម​ទាំងពីរ រកមើល​ព័ត៌មាន ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់ ដើម្បី​ចែកចាយ​នៅពេល​បង្រៀន​អំពី​ព្រះគម្ពីរមរមន ។

ក្រោយ​ពី​ឲ្យ​ពេល​សិស្ស​សិក្សា និង រៀបចំ​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​ខាងមុខ​ថ្នាក់ ដើរតួ​ជា​មនុស្ស​ម្នាក់​ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ ។ សុំ​ឲ្យ​សិស្ស​ម្នាក់​ពី​ក្រុម​មួយៗ នៃ​ក្រុម​ទាំងពីរ មក​ខាងមុខ​ថ្នាក់​ផងដែរ ។ សូម​ពន្យល់​ថា សិស្ស​ទាំងពីរ​នាក់​នេះ​នឹង​ធ្វើ​ជា​ដៃគូ​អ្នកផ្សព្វផ្សាយ​សាសនា ។ ពួកគេ​នឹង​ប្រើ​សម្ភារ​ដែល​ក្រុម​របស់​ពួកគេ​បាន​រកឃើញ នៅក្នុង​បព្វកថា ដើម្បី​បង្រៀន​សិស្ស​ទីមួយ​អំពី​ព្រះគម្ពីរមរមន ។

នៅពេល​សិស្ស​បញ្ចប់​ការដើរតួ​សម្ដែង អ្នកគប្បី​​សួរ​សិស្ស​ទាំងអស់ ថា​តើ​មាន​ចំណុច​បន្ថែម​ណាទៀត​ពី​បុព្វកថា ដែល​ពួកគេ​អាច​ចែកចាយ បើ​ពួកគេ​ត្រូវ​បាន​ជ្រើសរើសឲ្យ​បង្រៀន ។

អ្នកគប្បី​​បង្ហាញ​ថា ព្រះគម្ពីរមរមន មិន​មែន​អះអាង​ថាផ្តល់ប្រវត្តិសាស្ដ្រ​មួយ​របស់​មនុស្ស​ទាំងអស់​ដែល​បាន​រស់​នៅ​ពី​បុរាណ នៅក្នុង​លោក​ខាង​លិច​នោះទេ ។ វា​គឺជា​កំណត់ត្រា​តែ​លើ​កូនចៅ​របស់​លីហៃ ( សាសន៍​នីហ្វៃ និង សាសន៍​លេមិន ) និង ប្រជាជន​សាសន៍​យ៉ារេឌ​ប៉ុណ្ណោះ ។ ប្រហែល​ជាមាន​ប្រជាជន​ផ្សេងទៀត ដែល​បាន​រស់នៅ​លើ​ទ្វីប​នោះ ក្នុង​លោក​ខាងលិច​ពីមុន អំឡុងពេល និង ក្រោយ​ពេល​ព្រឹត្តិការណ៍ ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរមរមន ។

សូម​អញ្ជើញ​សិស្ស​អាន មរ៉ូណៃ 10:3–5 ដោយ​ស្ងាត់​ស្ងៀម ។

  • ដោយ​យោង​តាម មរ៉ូណៃ តើ​យើង​អាច​ដឹង​ថា ព្រះគម្ពីរមរមន ពិត​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​អាន​កថាខណ្ឌ 8–9 នៅក្នុង​បព្វកថា​នៃ​ព្រះគម្ពីរមរមន ។ សុំ​ឲ្យ​ពួកគេ​រកមើល​នូវ​សេចក្ដីពិត​បី​បន្ថែម ដែល​ពួកគេ​នឹង​ទទួល​បាន​នូវ​សាក្សី​មួយ ប្រសិនបើ​ពួកគេ​ទទួល​យក​ការតាំងចិត្ត​របស់​មរ៉ូណៃ ។

សូម​ថ្លែង​ទីបន្ទាល់​ទៅ​សិស្ស​ថា នៅពេល​យើង​អាន សូម​ពិចារណា និង អធិស្ឋាន​អំពី​ព្រះគម្ពីរ​មរមន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ជា​សាក្សី​ថា វា​ជា​ការពិត ថា​ព្រះយេស៊ូវគឺជា​ព្រះគ្រីស្ទ ថា​យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​របស់​ព្រះ​ម្នាក់ និង ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺ​ជា​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។

ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ និង ពួក​សាក្សី​ប្រាំបី​នាក់

សុំ​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​បាន​ឃើញ​​នរណាម្នាក់​បាន​យក​របស់​ដ៏​មាន​តម្លៃ​ចេញ​ពី​ផ្ទះ​របស់​អ្នកជិតខាង​របស់ខ្លួន ។

  • នៅពេល​ដោះស្រាយ​បទល្មើស​មួយ ហេតុអ្វី​បានជា​វា​មាន​តម្លៃ​ក្នុង​ការមាន​សាក្សីម្នាក់ ?

  • ហេតុអ្វី​បានជា​វា​មាន​សារៈសំខាន់​ដើម្បី​មាន​សាក្សី​ច្រើន​ជាង​ម្នាក់ ?

សុំ​ឲ្យ​សិស្ស​អាន « ទីបន្ទាល់​នៃ​ពួកសាក្សី​បី​នាក់ » ដោយ​ស្ងាត់ៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​ឃ្លា ដែល​មាន​ន័យ​ពិសេស​ចំពោះ​ពួកគេ ។ អ្នក​គប្បី​​ស្នើ​ថា ពួកគេ​គួរ​តែ​គូស​ឃ្លា​ទាំងនេះ​ទុក ។

  • តើ​ឃ្លា​ណា​មួយ ដែល​បាន​អ្នក​គូស ? ហេតុអ្វី​បានជា​វា​មាន​អត្ថន័យ​ចំពោះ​អ្នក ? ( អ្នកគប្បី​បង្ហាញ​ថា សំឡេង​នៃ​ព្រះ បាន​ប្រកាស​ដល់​ពួក​សាក្សី​បី​នាក់​ថា ផ្ទាំងមាស​ត្រូវ​បាន​បកប្រែ​ដោយ​អំណោយទាន និង ព្រះចេស្ដា​នៃ​ព្រះ ) ។

សុំ​ឲ្យ​សិស្ស​អាន « ទីបន្ទាល់​នៃ​ពួកសាក្សី​ប្រាំបី​នាក់ » ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ផ្សេង​ទៀត​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់ ហើយ​រកមើល​ភាពខុសគ្នារវាង​ទីបន្ទាល់​នៃ​ពួកសាក្សី​បីនាក់ និង ពួកសាក្សី​ប្រាំ​បី​នាក់ ។

  • តើ​ភាពខុសគ្នា​អ្វី​ខ្លះ ដែល​អ្នក​បាន​កត់សម្គាល់​ឃើញ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ទីបន្ទាល់​របស់​ខ្លួនគេ​ផ្ទាល់ ឬ ​អារម្មណ៍​អំពី​ព្រះគម្ពីរ​មរមន ។ ពួកគេគប្បី​​សរសេរ​វា​នៅក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ឬ នៅលើ​ក្រដាស​ទទេ​មួយ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សិស្ស​ខ្លះ អាច​មាន​អារម្មណ៍​ថា ពួកគេ​មិន​ទាន់​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត​នៅឡើយ​ទេ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ ឲ្យ​ស្វែងរកដើម្បី​ទទួល​បាន​នូវ​ទីបន្ទាល់​មួយ​នៅក្នុង​ឆ្នាំ​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ទំព័រ​ចំណងជើង

និយម​ន័យ​ខាងក្រោម អាចជា​ជំនួយ​ដ៏​មាន​អត្ថប្រយោជន៍ នៅពេល​សិក្សា​ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន ។

វង្ស​នៃ​អ៊ីស្រាអែល សំដៅ​លើ​កូនចៅ​ជំនាន់​ក្រោយ​របស់ អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ ចៅប្រុស​របស់​អ័ប្រាហាំ គឺយ៉ាកុប ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​ផ្លាស់ទៅ​ជា អ៊ីស្រាអែល មាន​កូន​ប្រុស​ដប់ពីរ​នាក់ ។ កូនចៅ​របស់​ពួកគេ ត្រូវ​បានគេ​ស្គាល់​ថាជា ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ដប់ពីរ​ពូជ ។ ដោយសារ​តែ​ជា​កូនចៅ​របស់​អ័ប្រាហាំ នោះ​វង្ស​អ៊ីស្រាអែល ក៏ជា​ប្រជាជន​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់​ដែរ ។ បច្ចុប្បន្ន​នេះ វង្ស​អ៊ីស្រាអែល រួម​មាន​អ្នក​ដែល​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ និង ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ « ហេតុដូច្នេះ​ហើយ ឈ្មោះ​អ៊ីស្រាអែល ត្រូវ​បាន​ប្រើប្រាស់​ផ្សេងៗ​គ្នា ដើម្បី​ចង្អុល​ប្រាប់ (1) បុរស​ យ៉ាកុប (2) កូនចៅ​តាម​ខ្សែ​របស់​យ៉ាកុប និង (3) អ្នកជឿ​ដ៏​ពិត​លើ​ព្រះគ្រីស្ទ ដោយ​មិន​គិត​ពី​ខ្សែស្រឡាយ ឬ ទីតាំង​ភូមិសាស្ដ្រ​របស់​ពួកគេឡើយ » ( Bible Dictionary « Israel ») ។

សាសន៍​យូដា ដំបូង​ឡើយ​សំដៅ​លើ​អ្នកទាំងឡាយ​ណា​ដែល​មកពី​ពូជ​របស់​យូដា ( កូន​មួយ​នៃ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ដប់ពីរ​ពូជ ) ។ វា​មាន​ន័យ​ថា អ្នក​ណា​ដែល​មក​ពី​នគរ​របស់​យូដា ( នៅក្នុង​សម័យ​កាល​ព្រះគម្ពីរ​សញ្ញា​ចាស់ ផ្នែក​ខាងត្បូង​នៃ​នគរ​អ៊ីស្រាអែល​ដែល​បាន​បែងចែក ) ទោះបី​ជា​ពួកគេ​មិន​មែន​មក​ពី​ពូជ​របស់​យូដា​ក្ដី ។ វា​ក៏​សំដៅ​លើ « ប្រជាជន​ដែល​ជឿ​លើ​សាសនា របៀបរស់នៅ និង ប្រពៃណី​នៃ​ពួកសាសនា​យូដា​ដែរ ប៉ុន្ដែ​ប្រហែល​ជា​មែន ឬ ប្រហែល​ជា​មិនមែន​ជា​ពួក​យូដា​ពី​កំណើត​នោះ​ទេ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សាសន៍​យូដា » scriptures.lds.org ) ។

សាសន៍​ដទៃ មាន​ន័យ​ថា « ជាតិសាសន៍​ជាច្រើន » ។ វា​សំដៅ​លើ (1) អស់​អ្នក​ណាដែល​មិន​មែន​ជា​ពូជពង្ស​នៃ​អ៊ីស្រាអែល (2) អស់​អ្នក​ណា​ដែល​មិន​ជឿ​លើ​ព្រះ​នៃ​អ៊ីស្រាអែល ឬ ដែល​មិន​មាន​ដំណឹងល្អ ដោយ​មិន​គិត​ពី​ពូជ​អំបូរ​របស់ពួកគេ និង (3) អ្នក​ណា​ដែល​មិន​មែន​មក​ពី ឬ មិន​បាន​រស់នៅ​ក្នុង​ដែនដី​យូដា ។ ឧទាហរណ៍ ពួកធ្វើ​ធម្មយាត្រា និង​អាណានិគម​ជន ត្រូវ​បាន​ហៅថា​ជា សាសន៍​ដទៃ នៅក្នុង នីហ្វៃទី1 13:3–13 ។ អ្នក​ដែល​បាន​នាំ​ព្រះគម្ពីរ​មរមន​ចេញ​មក ត្រូវ​បាន​ហៅ​ថា​ជា សាសន៍​ដទៃ នៅក្នុង​ នីហ្វៃទី​1 13:34 គោលលទ្ធិ និង សេចក្ដី​សញ្ញា និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ក៏​ត្រូវ​បាន​នាំ​មក​ដោយ​សាសន៍​ដទៃ​ដែរ ( សូម​មើល នីហ្វៃទី​1 13:39 ) ។ សហរដ្ឋ​អាមេរិក ត្រូវ​បាន​ហៅ​ថា​ជា ពួក​​សាសន៍​ដទៃ​មួយ នៅក្នុង នីហ្វៃ​ទី​1 13:34, 39

សេចក្ដី​សង្ខេប គឺជា​ការរឿង​ខ្លីមួយ​នៃ​អ្វី​មួយ ។

សំណល់ គឺជា​ផ្នែក​ដែល​នៅ​សល់ ។ នៅលើ​ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន ឃ្លា « សំណល់​នៃ​វង្ស​អ៊ីស្រាអែល » សំដៅ​លើ​ប្រជាជន​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ខ្ចាយ និង កូនចៅ​របស់​ពួកគេ ។ នៅពេល​មរ៉ូណៃ​បាន​យក​កំណត់ត្រា​របស់​គាត់​ទៅ​បិទ ហើយ​បិទត្រាភ្ជាប់​ផ្ទាំងមាស​ដើម្បី​ទុក​សម្រាប់​ថ្ងៃ​ចុងក្រោយ លោក​បាន​ព្រួយបារម្ភ​ជាពិសេស​អំពី​ពួក​សាសន៍​លេមិន​ដែល​នៅរស់ និង កូនចៅ​របស់​ពួកគេ ដែល​ឪពុក​របស់​គាត់​បាន​និយាយ​ថា​ជា « សំណល់​នៃ​វង្ស​អ៊ីស្រាអែល » (មរមន 7:1) ។ មរ៉ូណៃ បាន​ទន្ទឹង​រង់ចាំ​ថ្ងៃមួយ នៅពេល​ដែល​សាសន៍​លេមិន​នឹង​ដឹង​ជាថ្មី​ម្ដងទៀត ហើយ​ឱបក្រសោប​យក​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល មរ៉ូណៃ 1:4) ។

សេចក្តីផ្ដើម ។ កូនចៅ​នៃ​សាសន៍​លេមិន​ជំនាន់​ថ្មី

សាសន៍​លេមិន ស្ថិត​ក្នុង​ចំណោម​បព្វជន​នៃ​ពួកអាមេរិកស្បែកក្រហម ។ ទោះយ៉ាងណា​ក៏​ដោយ ព្រះគម្ពីរមរមន មិនមែន​អះអាង​ថា ពួក​អាមេរិកស្បែកក្រហម​ទាំងអស់ គឺជា​កូនចៅ​នៃ​ពួកសាសន៍​លេមិន​នោះ​ទេ ។ ប្រធាន អានថូនី ដបុលយូ អាយវិនស៍ នៃ​គណៈប្រធាន​ទី​មួយ បាន​ថ្លែង​ថា ៖

« យើង​ត្រូវ​តែ​ប្រយ័ត្ន ពេល​យើង​ឈានទៅ​ដល់​សេចក្ដី​សន្និដ្ឋាន ។ ព្រះគម្ពីរ​មរមន​បាន​បង្រៀន​អំពី​ប្រវត្តិសាស្ដ្រ​នៃ​ប្រជាជន​បី​ក្រុម​ផ្សេង​គ្នា … ដែល​បាន​ចេញ​ពី​កន្លែង​ចាស់​មក​កាន់​ទ្វីប​នេះ ។ ប៉ុន្ដែ​ព្រះគម្ពីរ​មរមន​មិន​បាន​ប្រាប់យើង​ថា គ្មាន​នរណា​ម្នាក់​នៅ​ទីនោះ​ពីមុន​ពួកគេ​នោះ​ទេ ។ ព្រះគម្ពីរ​មរមន​ក៏​មិន​បាន​ប្រាប់យើង​​ថា គ្មាន​ប្រជាជន​មក​តាម​ក្រោយ​នោះ​ដែរ ។ ដូចនេះ​ហើយ ប្រសិនបើ​មាន​របកគំហើញ​ដែល​លើក​ឡើង​ពី​ភាពខុសគ្នា​អំពី​ភាពដើម​នៃជាតិសាសន៍ វា​អាច​នឹង​ងាយ​បកស្រាយ ដោយ​មាន​ហេតុផល ដោយសារ​យើង​ពិត​ជា​ជឿ​ថា ប្រជាជន​ផ្សេង​ទៀត​បាន​មក​ដល់​ទ្វីប​នេះ​មែន » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ 1929 ទំព័រ 15 ) ។

ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ ។ « ត្រូវ​បាន​បកប្រែ​ដោយ​អំណោយ​ទាន និង ព្រះចេស្ដា​នៃ​ព្រះ »

អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃពួកសាវក​ដប់​ពីរនាក់ បាន​ទទួល​ស្គាល់​ថា ខណៈ​ដែល​ព្រះគម្ពីរមរមន ត្រូវ​បាន​បកប្រែ​ដោយ​អំណោយទាន និង ព្រះចេស្ដា​នៃ​ព្រះ យើង​មិន​ដឹង​ពី​សេចក្ដីលម្អិតនានា​នៃ​ដំណើរការ​បកប្រែ​នោះ​ទេ ៖

« មនុស្ស​ជាច្រើន​ដែល​បាន​អាន​ព្រះគម្ពីរមរមន មាន​បំណង​ចង់​យល់​ខ្លាំង​ដើម្បី​ដឹងកាន់តែ​ច្រើន​ អំពី​ការណ៍​ដែល​នឹង​កើតឡើង រួម​មាន​ដំណើរការ​ពិតប្រាកដ​នៃ​ការបកប្រែ ។ នេះ​គឺ​ពិត​ជា​ដូច្នេះ​មែន ជាមួយ​នឹង​ហៃរ៉ុម ស្ម៊ីធ ដ៏​ភក្ដីភាព និង ស្មោះត្រង់ ។ តាម​ការ​សួរសំណួរ​របស់គាត់ ព្យាការី​យ៉ូសែប បាន​ប្រាប់​ដល់​ហៃរ៉ុម​ថា ‹វា​ពុំ​មែន​មានចេតនា​ប្រាប់​ពិភព​លោក​នូវ​រាល់​រឿង​ជាក់លាក់​នៃ​ការ​ចេញមក​របស់ព្រះគម្ពីរមរមន​ទេ› ហើយ​ថា ‹វា​ពុំគប្បី ដែល​គាត់​រៀបរាប់​នូវ​រឿង​ទាំង​នេះ​ដែរ› (History of the Church 1:220 ) ។ ដូច​នេះ អ្វី​ដែល​យើង​ពិត​ជា​ដឹង​អំពី​ការចេញ​មក​នៃ​ព្រះគម្ពីរមរមន គឺ​គ្រប់គ្រាន់ ប៉ុន្ដែ​វា​មិន​ពេញ​លេញទេ ។…

« ព្យាការី យ៉ូសែប តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ដឹង​អំពី​ដំណើរ​ការ​ពេញ​លេញ ហើយ​លោក​បានស្ទាក់ស្ទើរ​ដើម្បី​ពិពណ៌នា​លម្អិត​ ។ យើង​កត់សម្គាល់​អំពី​ពាក្យ​សម្ដី​របស់​ ដាវីឌ វីតមើរ, យ៉ូសែប ណៃត, ម៉ាទីន ហារីស ដែល​ជា​អ្នក​សង្កេត​មើល ពុំ​មែន​ជា​អ្នក​បកប្រែ​ទេ ។ ដាវីឌ វីតមើរ បានចង្អុល​បង្ហាញ​ថា នៅពេល​ព្យាការី​បាន​ប្រើ​ឧបករណ៍​ដ៏ទេវភាព​ទាំងឡាយ ដែល​បាន​ផ្ដល់​ឲ្យ​ដើម្បី​ជួយដល់​គាត់ ‹ វត្ថុលេខនា នឹង​បង្ហាញ​ឡើង និង​ការ​បកប្រែ​ជា​ភាសា​អង់គ្លេស​ផងដែរ… នៅក្នុង​អក្សរច្បាស់ៗ › ។ បន្ទាប់មក យ៉ូសែប នឹង​អាន​ពាក្យ​ទាំងឡាយ​ទៅកាន់ អូលីវើរ (​បានដកស្រង់​នៅក្នុង James H. Hart, « About the Book of Mormon » Deseret Evening News ថ្ងៃទី 25 ខែ មិនា ឆ្នាំ 1884, ទំព័រ 2 ) ។ ម៉ាទិន ហារិស បាន​រៀប​រាប់អំពី​ត្បូង​អ្នក​មើល​ឆុត៖ ‹​ប្រយោគ​ទាំងឡាយ​នឹង​លេច​ឡើង ហើយ​ត្រូវ​បាន​អាន​​ដោយព្យាការី ហើយ​ត្រូវ​បាន​សរសេរ​ដោយ ម៉ាទិន› (​បាន​ដកស្រង់​នៅក្នុង Edward Stevenson,One of the Three Witnesses: Incidents in the Life of Martin Harris,Latter-day Saints’ Millennial Star, ថ្ងៃទី 6 ខែ កុម្ភៈ ឆ្នាំ 1882, ទំព័រ 86–87 ) ។ យ៉ូសែប ណៃត៍ បាន​ធ្វើ​ការ​សង្កេត​ស្រដៀងគ្នា​នេះ ( សូមមើល ឌីន ជេស៊ី « Joseph Knight’s Recollection of Early Mormon History,» BYU Studies ថ្ងៃទី 17 [រដូវ​ស្លឹកឈើជ្រុះ ឆ្នាំ 1976]: 35 ) ។

« អូលីវើរ ខៅឌើរី ត្រូវ​បាន​រាយការណ៍ មាន​ទីបន្ទាល់​នៅក្នុងតុលាការ​ថា យូរីម និងធូមីម ជួយ​ឲ្យ ‹អាន​ជា​ភាសា​អង់គ្លេស បាន​ផ្គុំ​​អក្សរ​អេស៊ីព្ទ ដែល​បាន​ឆ្លាក់​នៅលើ​ផ្ទាំង​ចំណារ› («​Mormonites,» Evangelical Magazine and Gospel Advocate ថ្ងៃទី 9 ខែ មេសា ឆ្នាំ 1831 ) ។ បើ​របាយការណ៍​ទាំង​នេះ ត្រឹមត្រូវ វា​ផ្ដល់​យោបល់​ពីដំណើរ​ការ​មួយ ដែល​ចង្អុល​បង្ហាញ​អំពី​ការ​ប្រទានពរ​ដល់​យ៉ូសែប មកពីព្រះ​នូវ ‹ចក្ខុវិស័យ និង​អំណាច​ដើម្បី​បកប្រែ› (គ និង ស 3:12) ។…

« ដំណើរការវិវរណៈពិតជា មិន​បាន​តម្រូវ​ឲ្យ​ព្យាការី​ក្លាយជា​អ្នកជំនាញ​ខាង​ភាសា​បុរាណ​នោះ​ទេ ។ ភាព​ខ្ជាប់ខ្ជួន​នៃ​វិវរណៈ វា​សំខាន់​ជាង​វត្តមាន​ដ៏សំខាន់​នៃ​ផ្ទាំងមាស​ដែល​បើក ដែល​ដោយ​ការណែនាំ ត្រូវ​បាន​លាក់​ពី​ការមើលឃើញ​របស់​អ្នកដែល​មិនមាន​អំណាច ។

« ខណៈពេល​ដែល​ការប្រើ​ឧបករណ៍​ដ៏​ទេវភាព អាចទុក​សម្រាប់​អត្រា​ការបកប្រែ​ដ៏​លឿន​ក៏ដោយ ពេល​ខ្លះ ព្យាការី​ប្រហែលជា​ប្រើ​របៀប​បច្ចេកទេស​តិច ។ ជា​ធម្មតា យើង​មិន​ដឹង​ពី​សេចក្ដីលម្អិតនានា​ទេ ។

ទោះយ៉ាង​ណា​ក៏ដោយ យើង​ដឹង​ថា ដំណើរការ​ដ៏​ពោរពេញ​ដោយ​ក្ដី​ជំនឿ​នេះ គឺ​មិន​ងាយ​ស្រួល​នោះទេ ។ ការពិត​នេះ ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅក្នុង​បំណង​ផ្ទាល់​របស់​អូលីវើរ ខៅឌើរី ក្នុង​ការព្យាយាម​បកប្រែ ។ លោកអូលីវើរ បានទទួល​បរាជ័យ ដោយសារ​គាត់ ‹ ពុំ​បាន​ធ្វើ​ត​ទៅទៀត នៅពេល [ គាត់ ] បាន​ចាប់ផ្ដើម › ហើយ​ដោយសារ ការខ្វះ​សេចក្ដី​ជំនឿ និង កិច្ចការ គាត់ ‹ ពុំ​បាន​យក​មក​គិត​សោះ ក្រៅ​ពី​សុំ › (គ. និង ស. 9:5, 7) ។… គាត់​មិន​បាន​រៀបចំ​ល្មម​ដើម្បី​ធ្វើ​វា​នោះ​ទេ ។…

« សេចក្ដី​លម្អិត​ណាក៏​ដោយ​នៃ​ដំណើរការ​នេះ វាតម្រូវឲ្យ​មានការខិតខំ​ប្រឹងដ៏ហ្មត់ចត់​ផ្ទាល់ខ្លួន​របស់​យ៉ូសែប ជាមួយ​នឹង​ជំនួយ​នៃ​ឧបករណ៍​ដែល​ប្រកប​ដោយ​វិវរណៈ​នោះ ។ ដំណើរការ​នេះ ប្រហែលមាន​លក្ខណៈ​ផ្សេងៗ​គ្នា ដោយសារ​សមត្ថភាព​របស់​យ៉ូសែប បាន​រីកចម្រើន ដោយ​ទាក់ទង​នឹង​យូរីម និង ធូមីម ប៉ុន្ដែ​ប្រហែល​ជា​ការពឹងផ្អែក​លើ​ឧបករណ៍​បែប​នោះ​មាន​តិច​ជាង​នៅក្នុង​កិច្ចការ​បកប្រែ​លើក​ក្រោយ​ទៀត​របស់​ព្យាការី ។ អែលឌើរ អួរសុន ប្រាត្ត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​និយាយ​ថា យ៉ូសែប ស្ម៊ីធ បាន​ប្រាប់​គាត់​ថា គាត់​បាន​ប្រើ​ត្បូងយូរីម និង​ធូមីម នៅពេល​ដែល​គាត់ខ្វះ​បទពិសោធន៍​ក្នុង​ការបកប្រែ ប៉ុន្ដែ​ពេល​ក្រោយមក​​គាត់​មិន​ត្រូវការ​វា​ទៀតទេ ដែល​នេះ​ជា​ករណី​ក្នុ​ងការបកប្រែ​របស់​យ៉ូសែប នូវខគម្ពីរ​ជាច្រើន​នៃ​ព្រះគម្ពីរ​បរិសុទ្ធ ( សូម​មើល Latter-day Saints’ Millennial Star ថ្ងៃទី 11 ខែ សីហា ឆ្នាំ 1874 ទំព័រ 498–99) » ( « By the Gift and Power of God Ensign ខែ មករា ឆ្នាំ 1997 ទំព័រ 39 ) ។