បណ្ណាល័យ
មេរៀនទី 12 ៖ នីហ្វៃទី​1 8


មេរៀនទី 12

នីហ្វៃទី​ 1 8

សេចក្តី​ផ្ដើម

នៅក្នុង នីហ្វៃទី1 8 លីហៃ​ប្រាប់​ពី​ការនិមិត្ត​របស់​លោក​អំពី​ដើមឈើ​ជីវិត ។ នៅក្នុង​ការ​និមិត្ត​នោះ លីហៃ​បាន​ទទួល​ទាន​ផ្លែ​នៃ​ដើមជីវិត ដែល​តំណាង​ឲ្យ​សេចក្ដីស្រឡាញ់​របស់​ព្រះ និង ព្រះពរ​ដែល​យើង​អាច​ទទួល​បាន តាមរយៈ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ លីហៃ បាន​ឃើញ​នូវ​ក្រុម​មនុស្ស​ផ្សេង​ៗ​គ្នា​ជាច្រើន ។ ក្រុម​ខ្លះបាន​វង្វេង ហើយ​មិន​បាន​ទៅ​ដល់​ដើម​ឈើ​នោះ​ទេ ។ អ្នក​ផ្សេង​ទៀត បាន​ខ្មាស់អៀន​ក្រោយ​ពី​ទទួល​ទាន​នូវ​ផ្លែឈើ​នៃ​ដើមឈើ​នោះ ហើយ​ពួកគេ​បាន​ធ្លាក់​ទៅក្នុង​ផ្លូវ​ហាម​ឃាត់ ហើយ​ក៏​បាន​វង្វេង​បាត់ ។ អ្នក​ផ្សេង​ទៀត បាន​កាន់​ខ្ជាប់​ទៅ​នឹង​ដំបង​ដែក ទទួល​ទាន​នូវ​ផ្លែឈើ ហើយ​នៅបន្ដ​ភក្តីភាព ហើយ ស្មោះត្រង់ ។ ក្រុម​ផ្សេង​ទៀត ជ្រើសរើស​មិន​ស្វែង​រក​ផ្លូវ​ទៅ​កាន់​ដើម​ជីវិត​នោះ​ឡើយ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 1 8: 1–18

លីហៃ បាន​ទទួល​ការនិមិត្ត​មួយដែល​គាត់​បាន​ទទួល​ទាន​នូវ​ផ្លែឈើ​ជីវិត និង អញ្ជើញ​គ្រួសារ​របស់​គាត់​ឲ្យ​មក​ទទួល​ទាន​ដែរ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​ពួកគេ ។ សុំ​ឲ្យ​ពួកគេ​ពិចារណា​ដោយ​ស្ងាត់ៗពី​របៀប​ដែល​ពួកគេជម្រើស មាន​ឥទ្ធិពល​ដល់​ភាពជិតស្និទ្ធ​របស់​ពួកគេ​នឹង​ព្រះ និង សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ ក្រោយពី​ផ្ដល់​ពេល​វេលា​ដល់​ពួកគេ​ដើម្បី​គិត សូម​ចែក​ចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកគេ​ម្នាក់ៗ ។ នៅពេលសិស្សក្នុង​ថ្នាក់​សិក្សា​នៅក្នុង នីហ្វៃ​ទី​1 8 សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រក​មើល​រឿង​រ៉ាវ​ដែល​ពួកគេ​អាច​ធ្វើ និង រឿង​ដែល​ពួកគេ​គួរ​តែ​ជៀសវាង ប្រសិន​បើ​ពួកគេ​ចង់​ខិតទៅ​ជិត​ព្រះ និង មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​កាន់​តែ​ខ្លាំង​ជាង​មុន​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ( ដើម្បី​ជួយ​រៀបចំ​សិស្ស​សម្រាប់​មេរៀន​នេះ អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​ច្រៀង « The Iron Rod »[Hymnsទំព័រ 274] នៅពេល​ចាប់ផ្ដើ​ម​ថ្នាក់ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 8:2 ឮៗ ។ សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្វែងរកនូវបទពិសោធន៍​អ្វី​ដែល​លីហៃបានទទួល ភ្លាមៗបន្ទាប់​ពី​កូនប្រុស​របស់​គាត់ បាន​ត្រឡប់​មក​ពី​ទីក្រុង​យេរូសាឡិម​វិញ​ជាមួយ​នឹង​ផ្ទាំង​លង្ហិន ។ សុំ​ឲ្យ​សិស្ស​ពីរបីនាក់ ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅក្នុង នីហ្វៃ​ទី​1 8:5 –12 ។

  • តើ​អ្វីទៅជាវត្ថុសំខាន់ ​​នៅក្នុង​ការនិមិត្ត​របស់​លីហៃ ? ( ដើម​ជីវិត និង ផ្លែ​នៃ​ដើម​នោះ ) ។

  • តើ​ពាក្យ និង ឃ្លាអ្វី​ខ្លះ ដែល​លីហៃ​បាន​ប្រើ ដើម្បីពិពណ៌នា​ពី​ផ្លែឈើ​នោះ ? ( សូម​មើល នីហ្វៃ​ទី​1 8:10–11 អ្នក​ក៏​អាច​ឲ្យ​សិស្ស​អាន នីហ្វៃ​ទី​1 11:8–9 ដើម្បី​ឃើញ​ពី​របៀប​ដែល​នីហ្វៃ បាន​ពិពណ៌នា​ដើមឈើ​នោះ ) ។

សូម​ពន្យល់​ថា ជាញឹកញាប់ ព្រះអម្ចាស់​ប្រើ​វត្ថុ​ដែល​យើង​ស្គាល់ ជា​សញ្ញា​ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពីសេចក្ដីពិត​ដ៏​នៅអស់កល្ប​ជានិច្ច ។ ដើម្បីជួយ​សិស្ស​ឲ្យ​ស្គាល់​នូវ​អ្វី​ដែល​ដើមឈើ និង ផ្លែឈើ​នៅក្នុង​សុបិន​របស់​លីហៃតំណាង​ឲ្យ សូម​អញ្ជើញ​សិស្ស​ម្នាក់​ អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ សុំ​ឲ្យ​សិស្សក្នុងថ្នាក់​ស្ដាប់ដោយ​ប្រុងប្រយ័ត្ន ហើយ​រក​មើល​នូ​វអ្វី​ដែល​ដើមឈើ និង ផ្លែឈើ​នោះ​តំណាង​ឲ្យ ។

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

« ដើម​ឈើ​ជីវិត … គឺជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ( សូម​មើល នីហ្វៃ​ទី​1 11:25) ។ សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់ គឺ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ជ្រាល​ជ្រៅ​នៅក្នុង​អំណោយ​ទាន​របស់​ទ្រង់ ជា​ព្រះយេស៊ូវ ជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង ៖ ‹ ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ › ( យ៉ូហាន 3:16 ) ។ ដើម្បី​ទទួល​ទាន​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ គឺ​ត្រូវ​ទទួល​យក​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ និង ការ​ដោះលែង និង សេចក្ដីអំណរ ដែល​វា​អាច​នាំ​មក​បាន » ( « មេរៀន​ស្តី​អំពី​លេមិន និង លេមយួល »Ensign ខែ វិច្ឆិកា ឆ្នាំ 1999 ទំព័រ 8 ) ។

  • យោង​តាម​អែល​ឌើរ ម៉ាក់ស្វែល ដើម​ឈើ​ជីវិត តំណាង​ឲ្យ​សេចក្ដីស្រឡាញ់​នៃ​ព្រះ​ដែល​បាន​បង្ហាញដល់​យើង ជាពិសេស​តាមរយៈ​អំណោយ​អ្វី ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ គឺជា​ការបង្ហាញ​ដ៏​អស្ចារ្យ​​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ ចំពោះ​កូនចៅ​របស់​ទ្រង់ ។ នៅពេល​មនុស្ស​នៅក្នុង​ទស្សន​និមិត្ត​របស់​លីហៃ បាន​ទទួល​ទាន​នូវ​ផ្លែ​នៃ​ដើម​ជីវិត វា​មាន​ន័យ​ថា ពួកគេ​កំពុង​តែ​ទទួល​យក​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន ) ។

  • ការដោះលែង មាន​ន័យ​ថា ការរំដោះ ឬ សេរីភាព ។ តើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​រំដោះ​យើង​ចេញ​ពី​សេវកភាព ហើយនាំ​យើង​ទៅ​កាន់​សេចក្ដីអំណរ​ដោយ​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​មួយ​ដែល​បាន​បង្ហាញ​នៅក្នុង នីហ្វៃ​ទី​1 8:10–12 សុំ​ឲ្យ​ពួកគេ​ស្វែង​រក​នៅក្នុង នីហ្វៃ​ទី​1 8:11 នូវ​ព្រះ​បន្ទូល​ដែល​ពិពណ៌នា​អ្វី​ដែល​លីហៃ​បាន​ធ្វើ ( « ខ្ញុំ​បាន​ដើរ​ចូល​ទៅ​បេះ​ផ្លែឈើ​នោះ ហើយ​ទទួល​ទាន » ) ។ បន្ទាប់​មក សុំ​ឲ្យ​ពួកគេ​ស្វែង​រក​លទ្ធផល​នៃ​សកម្មភាព​របស់​គាត់នៅក្នុង នីហ្វៃ​ទី​1 8:12 ( « ព្រលឹងវិញ្ញាណ​របស់​ខ្ញុំក៏​ពោរពេញ​ទៅ​ដោយ​សេចក្ដីអំណរ​អតិបរមា » ) ។ អ្នក​ក៏​អាច​បង្ហាញ​ដល់​សិស្ស​ថា នៅក្នុង​នីហ្វៃ​ទី​1 8:10 លីហៃ​បាន​ពិពណ៌នា​ផ្លែឈើ​ថា​ជា « ផ្លែ​ដ៏​គួរ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​រីករាយ » ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូសចំណាំ​ឃ្លា​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​លីហៃ​មាន​អារម្មណ៍​បែប​ណា​ចំពោះ​ការទទួល​បាន​បទពិសោធន៍ ក្រោយពី​ទទួលទាន​នូវ​ផ្លែឈើ​នោះ ?

  • តើ​យើង​អាច « ទទួល​ទាន » ដង្វាយ​ធួន ដោយ​របៀប​ណា ? ( តាមរយៈ​ដំណើរការ​នៃ​ការប្រែចិត្ត ) ។

  • ហេតុអ្វី​បាន​ជាការទទួល​ទាន​នូវ​ដង្វាយ​ធួន បំពេញ​ព្រលឹង​របស់​យើង​ជាមួយ​នឹង « សេចក្ដី​អំណរ​ជា​អតិបរមា » ?

សូម​ចែក​ចាយ​ទីបន្ទាល់​របស់​អ្នក​ថា ការ​ចូល​មករក​​ព្រះយេស៊ូវគ្រីស្ទ និង ការទទួល​ទាន​នូវ​ដង្វាយ​ធួននាំ​មក​នូវ​សុភមង្គល និង សេចក្ដី​អំណរ ។( អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ) ។

  • តើ​នៅពេល​ណា​ដែល​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ បាន​នាំ​មក​នូវ​សុភមង្គល និង សេចក្ដីអំណរ​ចំពោះ​ជីវិត​របស់​អ្នក ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ត្រូវ​ចែកចាយ​បទពិសោធន៍​ដែល​មាន​លក្ខណៈ​​ផ្ទាល់ខ្លួន​​ពេក​នោះ​ទេ ) ។

នីហ្វៃ1 8:19–35

នៅក្នុង​ការនិមិត្តរបស់គាត់ លីហៃ​បាន​ឃើញ​ក្រុម​មនុស្ស​ផ្សេងៗ​គ្នា និង ជោគជ័យ​ ឬ បរាជ័យ​របស់​ពួកគេ​នៅក្នុង​ការ​ទៅដល់​ដើមឈើ​ជីវិត

រូបភាព
សុបិន​របស់​លីហៃ

សូម​បង្ហាញ​រូបភាព​នៃ​ការសុបិន​របស់​លីហៃ (62620; សៀវភៅ​រូបភាព​ដំណឹងល្អ [2009] ទំព័រ 69) និង បង្ហាញ​និមិត្ត​សញ្ញា​ដែលសិស្សក្នុង​ថ្នាក់​បាន​ពិភាក្សា​គ្នា​៖ ដើមឈើ និង ផ្លែឈើ ។ សូម​ពន្យល់​ថា នៅក្នុង​ការនិមិត្ត​នេះ ព្រះអម្ចាស់​ក៏​បាន​ប្រើនិមិត្ត​​សញ្ញា​ផ្សេង​ទៀត ដើម្បី​បង្រៀន​លីហៃ​ពី​របៀប​ដើម្បី​ចូល​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​ទាន​នូវ​ដង្វាយ​ធួន​របស់​ទ្រង់ ។ សូម​សួរ​សិស្ស​ថា តើនិមិត្ត​​សញ្ញា​ណា​ទៀត​ ដែល​ពួកគេ​ឃើញ​នៅក្នុង​រូបភាព​នេះ ។ ( ចម្លើយ​អាច​រួម​មាន ទន្លេ ដំបង​ដែក អ័ព្ទ​នៃ​សេចក្ដី​ងងឹត និង អគារ​ដ៏ទូលាយ និង ស្ថិត​នៅ​លើ​អាកាស​ខ្ពស់​ពី​ដី ) ។

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​បាន​បង្ហាញ​នីហ្វៃ​នូវ​ការនិមិត្ត​ដូច​គ្នា ។ ក្រោយ​មក នីហ្វៃ​បាន​កត់ត្រា​នូវ​អត្ថន័យ​នៃ​និមិត្តសញ្ញា និង រូបភាព​​ផ្សេងៗ​គ្នានៅក្នុង​ទស្សន​និមិត្ត​នេះ ( សូម​មើល នីហ្វៃ​ទី​1 11, 12 និង 15 ) ។

សូម​រៀបចំ​តារាង​ខាងក្រោម​ជា​ក្រដាស​សម្រាប់​ចែក ឬ បង្ហាញ​វា​នៅលើ​ក្ដារខៀន មុន​ពេល​ចាប់​ផ្ដើម​បង្រៀន ។ ( សូម​ទុក​កូឡោន​ខាង​ស្ដាំឲ្យ​នៅ​ទំនេរ លើកលែង​តែ​ខគម្ពីរ​យោង ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​សេចក្តីយោងបទគម្ពីរ​ដែល​បាន​ផ្ដល់ឲ្យ ដើម្បី​ស្គាល់​នូវ​ការ​បកប្រែ​នៃ​ធាតុ​នីមួយៗ​នៃ​ទស្សន​និមិត្ត​របស់​លីហៃ ។ សូម​រំឭកឡើងវិញ​និមិត្តសញ្ញា​ទី​មួយ ដើមឈើ​ជាមួយ​នឹង​ផ្លែឈើ​ពណ៌​ស រួមគ្នា​ជា​ថ្នាក់​មួយ ។ សូម​ឲ្យ​សិស្ស​គិត​ពីរ​បីនាទី​រៀងៗ​ខ្លួន ដើម្បី​រក​ន័យ​នៃ​និមិត្តសញ្ញា​ដែល​នៅ​សល់​បួន​ទៀត ។ ( អ្នក​អាច​ស្នើ​ថា ពួកគេ​គួរតែ​កត់ត្រា​ចម្លើយ​របស់​ពួកគេ នៅក្នុង​ព្រះគម្ពីរ​របស់ពួកគេ​ក្បែរ​ខគម្ពីរ​ដែល​ត្រូវ​គ្នា នៅក្នុង​នីហ្វៃ​ទី​1 8 ) ។

និមិត្តសញ្ញា​នៅក្នុង​ទស្សន​និមិត្ត​របស់​លីហៃ

ការបកប្រែ​ដែលបានចែក​ចាយ​ដោយ​នីហ្វៃ

នីហ្វៃទី​1 8:10–12—​ ដើមឈើ​ដែល​មាន​ផ្លែឈើ​ពណ៌​ស

នីហ្វៃ​ទី​1 11:21–25( សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ពរជ័យ​នៃ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ )

នីហ្វៃទី​1 8:13—ទន្លេ​ទឹក​មួយ​ដ៏​កខ្វក់

នីហ្វៃ​ទី​1 12:16; 15:26–29 ( ភាពកខ្វក់ ជម្រៅ​នៃ​ស្ថាន​នរក )

នីហ្វៃ​ទី​1 8:19—ដំបង​ដែក

នីហ្វៃ​ទី​1 11:25( ព្រះ​បន្ទូល​នៃ​ព្រះ )

នីហ្វៃ​ទី​1 8:23—អ័ព្ទ​នៃ​សេចក្ដី​ងងឹត

នីហ្វៃ​ទី​1 12:17 ( ការល្បួង​ពី​​អារក្ស )

នីហ្វៃ​ទី​1 8:26— ​អគារ​ដ៏​ទូលាយ និង នៅលើ​អាកាស​ខ្ពស់​ពី​ដី

នីហ្វៃ​ទី​1 11:35–36; 12:18( អំនួត និង ការគិតស្រមៃ​​ដ៏​អសារ​ឥត​ការ​នៃ​ពិភពលោក )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​ការ​បកស្រាយ ដែល​ពួកគេ​បាន​រក​ឃើញ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពីទំនាក់ទំនង​គ្នា​នៃ​នីហ្វៃ​ទី​1 8 នៅក្នុង​ជីវិត​របស់​ពួកគេ សូមសិស្ស​ម្នាក់​​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ ។ សូម​អញ្ជើញសិស្សក្នុង​ថ្នាក់​ឲ្យ​ស្ដាប់ ហើយ​រក​នូវ​មូលហេតុ​មួយ ដែល​សំខាន់​សម្រាប់​ពួកគេ ដើម្បី​សិក្សា​ពី​ទស្សន​និមិត្ត​របស់​លីហៃ ៖

« អ្នក​អាច​គិត​ថា សុបិន ឬ ទស្សន​និមិត្ត​របស់​លីហៃ គ្មាន​ន័យ​ពិសេស​សម្រាប់​អ្នក​នោះ​ទេ ប៉ុន្ដែ​វា​ពិត​ជា​មាន​ន័យ​សម្រាប់​អ្នក ។ អ្នក​នៅក្នុង​ទស្សន​និមិត្ត​នេះ យើង​ទាំងអស់​គ្នាគឺ​នៅក្នុង​នោះ ។ …

« សុបិន ឬ ទស្សន​និមិត្ត​របស់​លីហៃ … មាន​អ្វីៗ​ទាំងអស់​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ ត្រូវការ​ដើម្បី​យល់​ពី​ការសាកល្បង​នៃ​ជីវិត » ( « ការរកឃើញ​ខ្លួន​យើង​នៅក្នុង​សុបិន​របស់លីហៃ » Ensign ខែ សីហា ឆ្នាំ 2010 ទំព័រ 22 ) ។

នៅពេល​សិស្ស​សិក្សា​ពី​អ្វី​ដែល​នៅសល់​នៃ​ទស្សន​និមិត្ត​នេះ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រក​មើល​មនុស្ស​នៅក្នុង​ទស្សន​និមិត្ត​ដែល​អាច​តំណាង​ឲ្យ​ខ្លួន​គេ​ផ្ទាល់ ។ សូម​បញ្ជាក់​ប្រាប់​ពួកគេ​ថា មិន​ថា​កន្លែង​ណា​ដែល​ពួកគេ​ឃើញ​ខ្លួន​ឯង​នៅក្នុង​ទស្សន​និមិត្ត​នោះទេ ពួកគេ​ម្នាក់​មាន​អំណាច និង សមត្ថភាព​ដើម្បីជ្រើសរើស​ឲ្យ​សាកសម​នឹង​ពរជ័យ​នៃ​ដង្វាយ​ធួន ។

សូម​បែងចែក​សិស្ស​ជា​ពីរ​ក្រុម ។ សូម​ពន្យល់ថា ក្រុម​នីមួយៗ​នឹង​រក​មើល​នូវ​រឿង​ខុសៗ​គ្នា នៅពេលសិស្សក្នុង​ថ្នាក់​អាន នីហ្វៃ​ទី​1 8:21–33 រួម​គ្នា ។

សុំ​ឲ្យ​ក្រុម​ទី 1 រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម ។ ( មុន​ចាប់ផ្ដើម​បង្រៀន សូម​សរសេរ​សំណួរ​ទាំងនេះ​នៅលើក្ដារខៀន ឬ នៅលើ​ក្រដាស​សម្រាប់​ចែក ) ។

  • តើ​ឧបសគ្គ​អ្វី ដែល​មនុស្ស​នៅក្នុង​ទស្សន​និមិត្ត​របស់លីហៃ បាន​ជួប​ប្រទះ ?

  • តើ​ឧបសគ្គ​ទាំងនោះ​តំណាង​ឲ្យ​អ្វី ?

  • តើ​ឧបសគ្គ​ទាំងនេះ មាន​ទម្រង់ជា​​អ្វី​នៅ​សព្វថ្ងៃ​នេះ ?

  • តើ​គោលការណ៍​អ្វី ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

សូម​អញ្ជើញ​ឲ្យ​ក្រុម​ទី 2 រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។ ( មុន​ចាប់ផ្ដើម​បង្រៀន សូម​សរសេរ​សំណួរ​ទាំងនេះ​នៅលើក្ដារខៀន ឬ នៅលើ​ក្រដាស​សម្រាប់​ចែក ) ។

  • តើ​អ្វី​ដែល​បាន​ជួយ​មនុស្ស​ទាំងនោះ ឲ្យ​ឈាន​ទៅ​ដល់​ដើមឈើ និង ទទួល​ទាន​​ផ្លែឈើ​នោះ ?

  • តើ​តាម​របៀប​ណា​ ដែល​ដំបង​ដែក​ ប្រៀបទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ ?

  • តើ​ព្រះបន្ទូល​នៃ​ព្រះ ជួយ​យើងឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​នានា ដែលស្ថិត​នៅលើ​ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

  • តើ​គោលការណ៍​អ្វី ដែល​អ្នក​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់ ប្ដូរ​វេន​គ្នា​អាន​ឲ្យ​ឮៗ ​នៅក្នុង នីហ្វៃ​ទី​1 8:21–33 ។ បន្ទាប់​មក​ សូម​អញ្ជើញ​សិស្ស​នៅក្នុង​ក្រុម​ទី​ 1 ឲ្យ​ចែក​ចាយ​នូវ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ដែល​បាន​ដាក់​ឲ្យ​​គេ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​គោលការណ៍ ​ដែល​ពួកគេ​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ផងដែរ ។ សូម​ធ្វើយ៉ាងណាជួយសិស្សឲ្យ​យល់​ថា អំនួត ជីវិត​​លោកិយ និង ការ​ចុះចាញ់​ការល្បួង អាច​រារាំង​យើង​ពី​ការទទួល​បាន​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ឧបសគ្គ​ទាំងនេះ អាច​បង្អាក់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ ។

សុំ​ឲ្យ​សិស្ស​នៅក្នុង​ក្រុម​ទី 2 ចែក​ចាយ​នូវ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ដែល​ពួកគេ​ត្រូវបានដាក់ឲ្យ ។ ក្រោយ​ពី​ពិភាក្សា​ពី​ទស្សន​វិស័យជ្រៅជ្រះ​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ចែកចាយ​នូវ​គោលការណ៍​ដែល​ពួកគេ​ឃើញ​នៅក្នុង នីហ្វៃ​ទី​1 8:21–33 ។ គោលការណ៍​ដែល​ពួកគេ​រកឃើញ អាច​រួម​មាន​ដូច​តទៅ ៖

ប្រសិន​បើ​យើង​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ វា​នឹង​ជួយ​យើង​ ​យក​ឈ្នះ​លើ​ការល្បួង និង ឥទ្ធិពល​ខាង​លោកិយ ។

ការកាន់​ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ ជួយ​យើង​ឲ្យ​ខិត​កាន់​តែ​ជិត​ទៅ​រក​ព្រះអម្ចាស់ ហើយ​ទទួល​បាន​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន ។

  • នៅក្នុង​នីហ្វៃ​ទី​1 8:24 និង 30 តើ​ពាក្យសម្ដី​អ្វី ដែល​ពិពណ៌នា​ការខិតខំ​ប្រឹងប្រែង​របស់​ប្រជាជន ក្នុង​ការ​កាន់​តាម​ដំបង​ដែក ហើយ​ទៅ​ដល់​ដើមឈើនោះ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​ក្នុង​ការ « ប្រជ្រៀត​ទៅ​មុខ » ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូច​ម្ដេច​ដើម្បី​តោង និង កាន់​ខ្ជាប់​ជានិច្ច​តាម​ព្រះបន្ទូល​នៃ​ព្រះ ? ( អ្នក​អាច​ពន្យល់​ថា នៅក្នុង​នីហ្វៃ​ទី​1 8:30 ពាក្យ​ថា ខ្ជាប់​ជានិច្ច មាន​ន័យ​ថា តោង​ជាប់​យ៉ាង​មាំ ) ។

  • តើ​ហេតុអ្វី​បាន​ជា​យើង​គួរ​តែ​សិក្សា​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ?

ក្រោយ​ពី​ការពិភាក្សា​នូវ​សំណួរ​ទាំងនេះ អ្នក​អាច​បង្ហាញ​ថា នៅក្នុង​ទស្សន​និមិត្ត​នេះ មនុស្ស​ខ្លះដូចជា លេមិន និង លេមយួល នឹង​មិន​ទទួល​ទាននូវ​ផ្លែឈើ​នោះ​ទេ ( សូម​មើល នីហ្វៃ​ទី​1 8:22–23, 35–38) ។ នេះតំណាង​ឲ្យ​ការបដិសេធ​របស់​ពួកគេ​ ដើម្បី​ប្រែចិត្ត និង ទទួល​ទាន​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ មនុស្ស​ខ្លះបាន​ធ្លាក់ ទោះ​ជា​បាន​ទទួល​ទាន​នូវ​ផ្លែឈើ​នោះ​ហើយ​ក៏​ដោយ ( សូម​មើល នីហ្វៃ​ទី​1 8:25, 28) ។ ការណ៍​នេះ រំឭក​យើង​ថា ក្រោយ​ពី​យើង​បាន​ចាប់ផ្ដើម​ទទួល​យក​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន​ហើយ យើង​ត្រូវ​បន្ដ​ឧស្សាហ៍ព្យាយាម និង ស្មោះ​ត្រង់​ ដោយ​ការប្រែចិត្ត​ចេញ​ពី​អំពើ​បាប​របស់​យើង ហើយ​ព្យាយាម​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​គំរូ​របស់​មនុស្ស​ដែល បាន​ទទួល​ទាន​ផ្លែឈើ ហើយ​នៅតែ​បន្ដ​នៅ​ក្បែរ​ដើមឈើ ( សូម​មើល នីហ្វៃ​ទី​1 8:33 ) ។

ដើម្បី​ជួយ​សិស្ស​ឃើញ​ពី​របៀប​ដែល​គោលការណ៍​នៅក្នុង​ទស្សន​និមិត្ត​របស់​លីហៃ​នេះ បាន​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឆ្លើយ​នូវ​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ទាំងឡាយ​ខាងក្រោម នៅក្នុង​សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ឬ សៀវភៅកំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​គេ ៖

  • តើ​ពេល​ណា​ដែល​ព្រះបន្ទូល​នៃ​ព្រះ​បាន​ដឹកនាំ​អ្នក ឬ ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ការល្បួង អំនួត ឬ ជី​វិត​លោកិយ ?

  • តើ​នៅពេល​ណា​ដែល​អ្នកទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ចំពោះ​អ្នក នៅពេល​ដែល​អ្នក​បាន​អាន ឬ បាន​ស្ដាប់​​តាម​ព្រះបន្ទូល​របស់​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​ថ្នាក់ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្តទៅលើ​អ្វី​ដែល​ពួកគេ​បាន​រៀន និង មាន​អារម្មណ៍​ ពេល​កំពុង​សិក្សា​ក្នុង​នីហ្វៃ​ទី​1 8 ដោយ​ការ​ដាក់​គោលដៅ​ជាក់លាក់​មួយ ចាប់ផ្ដើម ឬ បន្ដ​ដើម្បី​អភិវឌ្ឍ​ទម្លាប់​មួយ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ ។ សូម​ចែកចាយ​ជាមួយ​សិស្ស​នូវ​ពរជ័យ ដែល​បាន​មក​នៅក្នុង​ជីវិត​របស់​អ្នក តាម​រយៈ​ការសិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី​1 8

ផ្អែក​លើ​ទស្សន​និមិត្ត​នៃ​ដើម​ជីវិត អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ូម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​មានប្រសាសន៍​ថា ៖ « រូបភាព​នៃ​ព្រះគ្រីស្ទ និង ដើមឈើ ភ្ជាប់​គ្នា​ដោយ​ដោះស្រាយ​មិន​បាន​នោះទេ ។… … នៅ​ដើម​ដំបូង​បំផុត​នៃ​ព្រះគម្ពីរ​មរមន … ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ទេវភាព​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​​ព្រះគ្រីស្ទ​ត្រូវបានពិពណ៌នាថាជា​ប្រភព​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង សេចក្ដី​អំណរ និង ជា​របៀ​បដែល​ព្រះ​នឹង​បំពេញ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​វង្ស​នៃ​អ៊ីស្រាអែល ការពិតនោះគឺ ក្រុម​គ្រួសារ​មនុស្ស​លោកទាំងមូល ដើម្បី​បញ្ជូន​ពួកគេ​ទៅ​កាន់​សេចក្ដី​សន្យា​ដ៏​នៅអស់​កល្បជានិច្ច​ទាំងអស់​របស់​ពួកគេ » ( Christ and the New Covenant 1997] ទំព័រ 160, 162 ) ។

នីហ្វៃទី1 8:4–35

តារាង​ខាងក្រោម ផ្ដល់​នូវ​សេចក្ដី​លម្អិត​បន្ថែម​អំពី អ្វី​ដែល​នីហ្វៃ​បាន​រៀន​ពី​ការ​និមិត្ត​នៃ​ដើម​ជីវិត ៖

និមិត្ត​សញ្ញា​ពី​ការ​និមិត្ត​របស់​លីហៃ ( នីហ្វៃ​ទី​1 8 )

ការបកប្រែ​ដែល​ផ្ដល់​ដល់​នីហ្វៃ ( នីហ្វៃ​ទី​1 11–12)

នីហ្វៃ​ទី1 8:10–12— ដើម​ឈើ ដែល​មាន​ផ្លែឈើ​ពណ៌​ស

នីហ្វៃ​ទី1 11:21–25 ( សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ពរជ័យ​នៃ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ )

នីហ្វៃ​ទី1 8:13—ទឹក​ទន្លេ​​ដ៏​កខ្វក់

នីហ្វៃ​ទី1 12:16 ( ប្រភព​ទឹក​កខ្វក់ ជម្រៅ​នៃ​ស្ថាន​នរក )

នីហ្វៃ​ទី1 8:19—ដំបង​ដែក

នីហ្វៃទី​1 11:25 ( ព្រះបន្ទូល​នៃ​ព្រះ )

នីហ្វៃ​ទី​1 8:23—អ័ព្ទ​នៃ​សេចក្ដី​ងងឹត​

នីហ្វៃ​ទី​1 12:17 ( ការ​ល្បួងរបស់​​អារក្ស )

នីហ្វៃ​ទី​1 8:26—អគារ​ដ៏​ទូលាយ និង នៅលើ​អាកាស​ខ្ពស់​ពី​ដី

នីហ្វៃ​ទី1 11:35–36; 12:18 ( អំនួត និង ការគិតស្រមៃ​ដ៏​អសារ​ឥតការ​នៃ​លោកិយ )

នីហ្វៃ​ទី1 8:21–23— មនុស្ស​ដែល​ចាប់​ផ្ដើម​ដើរ​លើ​ផ្លូវ​ទៅ​កាន់​ដើមឈើ ប៉ុន្ដែ​ត្រូវ​វង្វេង​បាត់​នៅក្នុង​អ័ព្ទ

នីហ្វៃ​បាន​ឃើញ​ប្រភេទ​មនុស្ស​ដូច​ខាងក្រោម​នៅក្នុង​ការ​និមិត្ត​របស់​គាត់ ៖

  • នីហ្វៃ​ទី​1 11:28 ( ហ្វូង​មនុស្ស ដែល​បាន​ឮ​ព្រះយេស៊ូវ ប៉ុន្ដែ « ទ្រង់​ត្រូវ​បាន​គេ​បណ្ដេញ​​ចេញ » )

  • នីហ្វៃ​ទី1 11:31–33 ( មនុស្ស​ដែល​បាន​ឆ្កាង​ព្រះយេស៊ូវ បន្ទាប់ពី​ទ្រង់​បាន​ព្យាបាល​អ្នក​ឈឺ និង បណ្ដេញ​ពួក​អារក្ស​ចេញ​ក៏​ដោយ )

  • នីហ្វៃ​ទី1 11:34–36 ( ហ្វូង​មនុស្ស​​ដែល​ប្រមូល​ផ្ដុំ​គ្នានៅក្នុង​អគារ​ដ៏​ទូលាយ និង នៅលើ​អាកាស​ខ្ពស់​ពី​ដី ដើម្បី​ប្រឆាំង​ទាស់​នឹង​ពួក​សាវក​ដប់​ពីរ​នាក់​របស់​កូនចៀម )

  • នីហ្វៃ​ទី1 12:1–3, 13–15 ( សាសន៍​នីហ្វៃ និង សាសន៍​លេមិន ដែល​បាន​ប្រមូល​ផ្ដុំគ្នា ដើម្បី​ច្បាំង និង ត្រូវ​បាន​សម្លាប់​នៅក្នុង​សង្គ្រាម )

  • នីហ្វៃ​ទី1 12:19–23 ( ដោយសារ​តែ​អំនួត សាសន៍​នីហ្វៃ ត្រូវ​បាន​បំផ្លាញ​ដោយ​សាសន៍​លេមិន និង រស់នៅ​ក្នុង​ការ​ឥត​ជំនឿ )

នីហ្វៃទី1 8:24–25, 28— មនុស្ស​ដែល​បាន​ទៅ​ដល់​ដើមឈើ ( ហើយ​បាន​ភ្លក់​នូវ​ផ្លែឈើ ) ដោយ​ការ​កាន់​តាម​ដំបង​ដែក ប៉ុន្ដែ​បាន​ធ្លាក់​ចេញ នៅពេល​ពួកគេ​ត្រូវ​បាន​ចំអក​ឲ្យ​ដោយ​មនុស្ស​ដែល​នៅក្នុង​អគារ​ដ៏​ទូលាយ និង នៅលើ​អាកាស​ខ្ពស់​ពី​ដី

នីហ្វៃ​ទី​1 8:26–27, 31–33— មនុស្ស​ដែល​ប្រាថ្នា​ចង់​បាន​អគារ​​ដ៏​ទូលាយ និង នៅលើ​អាកាស​ខ្ពស់​ពី​ដី ជាជាង​ចង់​បាន​ដើមឈើ និង ផ្លែឈើ​នោះ​

នីហ្វៃ​ទី​1 8:30, 33—មនុស្ស​ដែល​​កាន់​តាម​ដំបង​ដែក ទទួល​ទាន​នូវ​ផ្លែឈើ និង មិន​បាន​ធ្លាក់​ចេញ​ឡើយ

នីហ្វៃ​ទី​1 15:24, 36 ( អ្នក​ដែល​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ​ជានិច្ច តស៊ូ​នឹង​ការល្បួង​នៃ​ឧបសគ្គ និង ទទួល​ទាន​នូវ​អំណោយ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​អំណោយ​ទាំងឡាយ​នៃ​ព្រះ )

នីហ្វៃទី1 8:19 ។ ពរជ័យ​នៃ​ការ​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ​

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​អំពីពរជ័យ​ដែល​មក​ពីការ​កាន់ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ ៖

« [ លីហៃ ] បាន​ឃើញ​ថា ប្រសិន​បើ​មនុស្ស​នឹង​កាន់​ខ្ជាប់​តាម​ដំបង​ដែក​នោះ ពួកគេ​អាច​ជៀសវាង​ទឹកទន្លេ​ដ៏​កខ្វក់​នោះបាន នៅ​ឆ្ងាយ​ពី​ផ្លូវ​ហាមឃាត់ ឈប់​ដើរ​វង្វេង​នៅតាម​ផ្លូវ​ចម្លែក ដែល​នាំ​ទៅ​រកការ​បំផ្លាញទៀត ។… ព្រះ​បន្ទូល​នៃ​ព្រះ​មិន​ត្រឹម​តែនឹង​ដឹកនាំ​យើង​ទៅ​កាន់​ផ្លែឈើ​ ដែល​ជា​ទី​ប្រាថ្នា​ជាង​អ្វី​ទាំងអស់នោះ​ទេ ប៉ុន្ដែ​នៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ និង តាមរយៈ​ព្រះបន្ទូល​នៃ​ព្រះ យើង​អាច​រក​ឃើញ​អំណាច​ដើម្បី​ប្រឆាំង​នឹង​ការល្បួង អំណាច​ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​របស់​សាតាំង និង បេសកជន​របស់វា​មិន​បាន​សម្រេច ។… ព្រះបន្ទូល​នៃ​ព្រះ ដូចដែល​បាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ នៅក្នុង​សម្ដី​របស់​ព្យាការី​ដែល​នៅរស់ និង នៅក្នុង​វិវរណៈ​ផ្ទាល់​ខ្លួន មាន​អំណាច​ដើម្បី​លើក​កម្លាំង​ពួក​បរិសុទ្ធ និង បំពាក់​ពួកគេ​ដោយ​ព្រះវិញ្ញាណ ដូច្នេះ​ពួកគេ​អាច​តតាំង​នឹង​អំពើ​អាក្រក់ កាន់​ខ្ជាប់​តាម​ការល្អ និង រក​ឃើញ​នូវ​សេចក្ដី​អំណរ​នៅក្នុង​ជីវិត​នេះ » ( « អំណាច​នៃ​ព្រះបន្ទូល » Ensign ខែ ឧសភា ឆ្នាំ 1986 ទំព័រ 80 ) ។

នីហ្វៃទី 1 8:26–27 ។ « អគារ​​ដ៏​ទូលាយ និង នៅលើ​អាកាស​ខ្ពស់​ពី​ដី »

អគារ​​ដ៏​ទូលាយ និង នៅលើ​អាកាស​ខ្ពស់​ពី​ដី ឈរ​ទល់​មុខ​នឹង​ដើមឈើ​ជីវិត ដែល​តំណាង​​ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ និង ពរជ័យ​នៃ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ គ្លែន អិល ផេស នៃ​ក្រុម​ចិតសិប​នាក់ បានប្រៀបធៀប​បទដ្ឋាន​នៃ​ព្រះ នឹង​អាកប្បកិរិយា​នៃ​មនុស្ស​នៅក្នុង​អគារ​​ដ៏​ទូលាយ និង នៅលើ​អាកាស​ខ្ពស់​ពី​ដី ៖

« ចំពោះ​អស់​អ្នក​ណា​ដែល​ឈាន​សន្សឹមៗ​ទៅ​រក​អគារ​ដ៏​ទូលាយ និង នៅលើ​អាកាស​ខ្ពស់​ពី​ដីនោះ​បន្តិច​ម្តងៗ ខ្ញុំ​សូម​ប្រាប់​ឲ្យ​យ៉ាង​ច្បាស់​ថា មនុស្ស​នៅក្នុង​អគារ​នោះ​ ពិត​ជា​គ្មាន​អ្វី​ទាំងអស់​ក្នុង​ការ​ផ្ដល់​ឲ្យ​លើកលែង​តែ ការពេញ​ចិត្ត​មួយ​ភ្លែត មួយ​រយៈ​ខ្លី ដែល​ភ្ជាប់​នឹង​ទុក្ខសោក និង ការរង​ទុក្ខ​ក្នុងពេល​ដ៏​យូរ​ដែល​មិន​អាច​គេច​បានឡើយ ។ ព្រះបញ្ញត្តិ​ដែល​អ្នក​បាន​ឃើញ មិន​ផ្ដល់​ឲ្យ​ដោយ​ព្រះ​ដ៏​ឥតអាណិតមេត្តា​មួយ​អង្គ​ ដើម្បី​ការពារ​អ្នក​ពី​ការ​មានក្ដី​រីករាយនោះ​ទេ ប៉ុន្ដែ​ដោយ​ព្រះវរបិតា​​ដែល​ស្រឡាញ់​យើង ដែល​គង់​នៅ​ស្ថានសួគ៌ ដែល​ចង់​ឲ្យ​អ្នក​សប្បាយ​រីករាយ ពេល​អ្នក​កំពុង​រស់នៅ​លើ​ផែនដី​នេះ ក៏​ដូចជា​បន្ទាប់​ពី​ជីវិត​នេះ » ( « ពួកគេ​មិន​សូវ​សប្បាយ​រីករាយ​ប៉ុន្មាន​ទេ » Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 40 ) ។