បណ្ណាល័យ
មេរៀនទី 85 ៖ អាលម៉ា 23–24


មេរៀនទី 85

អាលម៉ា 23–24

សេចក្តី​ផ្ដើម

បន្ទាប់ពី​ការប្រែចិត្ត​របស់​ទ្រង់ ស្ដេច​នៃ​សាសន៍​លេមិន​បាន​ប្រកាស​ពី​សេរីភាព​ខាង​សាសនា​ក្នុង​ចំណោម​ប្រជាជន​របស់​ទ្រង់ ។ ការប្រកាស​នេះ​អនុញ្ញាត​ឲ្យ​អើរ៉ុន និង​បងប្អូនប្រុស​របស់​គាត់​អាច​បង្រៀន​ដំណឹងល្អ និង​បង្កើត​សាសនាចក្រ​នៅក្នុង​ទីក្រុង​ទាំងឡាយ​នៃ​សាសន៍​លេមិន ។ សាសន៍​លេមិន​រាប់ពាន់​នាក់​ត្រូវបានផ្លាស់​ប្រែចិត្ត ហើយ​មិនដែល​ធ្លាក់​ចុះ​ឡើយ ។ សាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត​ទាំងនេះ បាន​ធ្វើ​នូវ​សេចក្ដីសញ្ញា​មួយ​ដើម្បី​បោះបង់​ចោល​នូវ​អាវុធ​សង្គ្រាម​ទាំងឡាយ​របស់​គេ ហើយ​ពួកគេ​បាន​ញែក​ខ្លួន​គេ​ចេញពី​សាសន៍​លេមិន​ដែល​មិន​បាន​ប្រែចិត្ត​ជឿ ដោយ​ការហៅ​ខ្លួន​គេ​ថា សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ។ នៅពេល​សាសន៍​លេមិន​ដែល​មិន​បាន​ប្រែចិត្ត​វាយប្រហារ​ពួកគេ សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ​ខ្លះ​បាន​លះបង់​ជីវិត​របស់​ពួកគេ​ដើម្បី​រក្សា​នូវ​សេចក្ដីសញ្ញា ។

កំណត់​ចំណាំ ៖ នៅក្នុង​មេរៀន​ទី 83អ្នក​អាច​បាន​លើកទឹកចិត្ត​សិស្ស​ឲ្យ​អនុញ្ញាត​ឲ្យ​ទីបន្ទាល់ និង​គំរូ​ដ៏​សុចរិត​របស់​ពួកគេ​ជះឥទ្ធិពល​ដល់​អ្នកដទៃ ដូចជា​ថ្ម​មួយ​ធ្វើ​ឲ្យ​មាន​រលក​នៅក្នុង​ត្រពាំង ។ ប្រសិនបើ​អ្នក​បាន​ធ្វើ​ហើយ សូម​គិត​ពី​ការចាប់ផ្ដើម​មេរៀន​នេះ ដោយ​ការសុំ​ឲ្យ​សិស្ស​រៀបរាប់​ពី​ការខំប្រឹង​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 23

សាសន៍​លេមិន​រាប់ពាន់​នាក់​ត្រូវបាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់

សូម​គូស​រូបភាព​នៃ​មនុស្ស​ពីរ​នាក់​នៅលើ​ក្ដារខៀន ( រូបភាព​មនុស្ស​គូស​សាមញ្ញ​ទៅ​ល្មម​ហើយ ) ។ បន្ទាប់មក សូម​អាន​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​នូវ​ការពិពណ៌នា​របស់​អែលឌើរ ស្កត នៃ​ប្រភេទ​មនុស្ស​ពីរ​ខុសគ្នា ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« យើង​ម្នាក់ៗ​បាន​សង្កេត​ឃើញ​ពី​របៀប​ដែល​បុគ្គល​ខ្លះ​ឆ្លងកាត់​ជីវិត​ដោយ​ធ្វើ​នូវ​អ្វី​ដែល​ត្រូវ​បាន​យ៉ាង​ខ្ជាប់ខ្ជួន ។ ពួកគេ​មើល​ទៅ​រីករាយ ហើយ​ថែមទាំង​ពេញចិត្ត​នឹង​ជីវិត​ទៀត ។ នៅពេល​ជម្រើស​ដ៏​លំបាក​ត្រូវបាន​សម្រេច ពួកគេ​ហាក់ដូចជា​សម្រេច​នូវ​អ្វីដែល​ត្រូវ​មិន​ខុសគ្នា​ទេ ទោះបីជា​មាន​ជម្រើស​ដ៏​ទាក់ទាញ​មាន​ច្រើន​ដល់​ពួកគេ​ក្ដី ។ យើង​ដឹង​ថា ពួកគេ​អាច​ត្រូវ​ជាប់​ការល្បួង ប៉ុន្ដែ​ពួកគេ​ហាក់ដូចជា​ឃើញ​ការល្បួង​នោះ​ច្បាស់ ។ ដូចគ្នា​ដែរ យើង​បាន​សង្កេត​ឃើញ​ពី​របៀប​ដែល​អ្នក​ផ្សេង​មិន​សូវ​ក្លាហាន​ក្នុង​ការសម្រេចចិត្ត ។ នៅក្នុង​បរិយាកាស​ដ៏​មាន​អំណាច​ខាង​វិញ្ញាណ ពួកគេ​បាន​ធ្វើ​ល្អ​ជាង ផ្លាស់ប្ដូរ​ផ្លូវ​នៃ​ជីវិត​របស់​ពួកគេ បោះបង់​នូវ​ទម្លាប់​ដ៏​ទន់ខ្សោយ​ចោល ។ ពួកគេ​ស្មោះត្រង់​ខ្លាំងណាស់​នៅក្នុង​ការប្ដេជ្ញា​ចិត្ត​ដើម្បី​ផ្លាស់ប្ដូរ ប៉ុន្ដែ​ពួកគេ​នឹង​ត្រឡប់​ទៅ​ធ្វើ​អ្វី​ដែល​ពួកគេ​បាន​សម្រេច​ថា​នឹង​បោះបង់​ចោល​នោះ​វិញ​ភ្លាមៗ​ដែរ ។

« តើ​វា​គឺជា​អ្វី ដែល​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​នៃ​ក្រុម​ទាំងពីរ​នេះ ? តើ​អ្នក​អាច​រើស​យក​ជម្រើស​ដែល​ត្រូវ​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​របៀបណា ?» ( « Full Conversion Brings Happiness »Ensign,ខែ ឧសភា ឆ្នាំ 2002, ទំព័រ 24 ) ។

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​អាច​បញ្ជាក់​ពី​រូបភាព​ទាំងពីរ​នៅលើ​ក្ដារខៀន​ដោយ​ផ្អែក​លើ​ប្រសាសន៍​របស់​អែលឌើរ ស្កត ដោយ​របៀបណា ។ សូម​បញ្ជាក់​ហៅ​រូប​មួយ​នៅលើ​ក្ដារខៀន មាន​ចិត្ត​ស្មោះត្រង់ និង​រូប​មួយ​ទៀត​ថា មិន​ខ្ជាប់ខ្ជួន ។សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ឆ្លើយ​នឹង​សំណួរ​ដែល​អែលឌើរ ស្កត បាន​សួរ​ដោយ​របៀបណា ៖

  • « តើ​វា​គឺជា​អ្វី ដែល​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​នៃ​ក្រុម​ទាំងពីរ​នេះ ?

  • តើ​អ្នក​អាច​រើស​យក​ជម្រើស​ត្រឹមត្រូវ​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​របៀបណា ?»

នៅពេល​សិស្ស​ក្នុង​ថ្នាក់​សិក្សា អាលម៉ា 23–24 សូមលើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ជម្រុញ​ឲ្យ​សមាជិក​ជាច្រើន​នៃ​សាសនាចក្រ​នៅតែ​បន្ដ​ពិត និង​ស្មោះត្រង់​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

សូម​សង្ខេប អាលម៉ា 23:1–5ដោយ​ការពន្យល់​ថា ក្រោយពី​ស្ដេច​នៃ​សាសន៍​លេមិន​ត្រូវ​បាន​ប្រែចិត្តជឿ ទ្រង់​បាន​ចេញ​សេចក្ដីប្រកាស​ដល់​ប្រជាជន​ដែល​ប្រកាស​ថា ពួកគេ​គួរ​អនុញ្ញាត​ឲ្យ​អើរ៉ុន និង​បងប្អូនប្រុស​របស់​គាត់​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ​ទូទាំង​ដែនដី​ដោយ​គ្មាន​ការបង្អាក់ និង​ដោយ​គ្មាន​ការព្យាបាទ ។ សេចក្ដីប្រកាស​នេះ​ធ្វើ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងឡាយ​អាច​បង្កើត​សាសនាចក្រ​ក្នុង​ចំណោម​សាសន៍​លេមិន ។ ជា​លទ្ធផល សាសន៍​លេមិន​រាប់ពាន់​នាក់​ត្រូវបាន​ប្រែចិត្ត​ជឿ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 23:6 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​រឿង​ពីរ​ដែល​បាន​ជួយ​នាំ​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​នៃ​សាសន៍​លេមិន ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វីដែល​ពួកគេ​រកឃើញ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​ដែល​អាំម៉ូន និង​បងប្អូនប្រុស​របស់​គាត់​បាន​បង្រៀន​សាសន៍​លេមិន « ទាក់ទង​នឹង​វិញ្ញាណ​នៃ​វិវរណៈ និង ការព្យាករណ៍ » ?

  • តើ​អ្នក​គិត​ថា « ព្រះចេស្ដា​នៃ​ព្រះ​ដែល [ បាន ]សម្ដែង​អព្ភូតហេតុ » នៅក្នុង​ចំណោម​សាសន៍​លេមិន មាន​ន័យ​ដូចម្តេច ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ទទួល​ព្រះចេស្ដា​នៃ​ព្រះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត​ជឿ ? តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ពី​ព្រះចេស្ដា​នៃ​ព្រះ​ធ្វើការ​ដើម្បី​ជួយ​ដល់​នរណាម្នាក់​ទៀត​ឲ្យ​ប្រែចិត្ត​ជឿ ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 23:6 ម្ដង​ទៀត ដោយ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​ពី​សាសន៍​លេមិន​ដែល​បាន​ជឿ​លើ​ការបង្រៀន​របស់​អាំម៉ូន និង​បងប្អូនប្រុស​របស់​គាត់ ។ ( សូម​ប្រាកដថា សិស្ស​យល់​ថា សាសន៍​លេមិន​ទាំងនេះ​ត្រូវ « បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » មិន​មែន​ដល់​សាសនាចក្រ ឬ ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បាន​បង្រៀន​ដល់​ពួកគេ​នោះ​ឡើយ ។ សូម​ប្រាកដ​ផងដែរ​ថា សិស្ស​យល់​ថា ប្រជាជន​ទាំងនេះ « មិន​ដែល​បាន​ធ្លាក់ចុះ​នោះ​ឡើយ » ។ សូម​សរសេរ បានប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ និង មិន​ដែល​បាន​ធ្លាក់ចុះ​នោះ​ឡើយ នៅលើ​ក្ដារខៀន នៅក្រោម​រូបភាព​ដែល​សរសេរ​ថា មាន​ចិត្ត​ស្មោះត្រង់ ។

  • នៅពេល​យើង​ជួប​នឹង​ស្ថានភាពពិបាក និង ឧបសគ្គ តើ​ហេតុអ្វីបានជា​វា​សំខាន់​ដែល​យើង​ត្រូវ​ប្រែចិត្​ជឿ​ដល់​ព្រះអម្ចាស់ ជាជាង​ដល់​មនុស្ស ឬ​គំនិត​ផ្សេង​ទៀត​នោះ ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 23:7, 16–18 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​ផ្ដល់​នូវ​ភស្ដុតាង​អំពី​ការប្រែចិត្ត​ជឿ​របស់​សាសន៍​លេមិន ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នក​អាច​សរសេរ​ពាក្យ និង​ឃ្លា​ទាំងនេះ​នៅលើ​ក្ដារខៀន​នៅក្រោម​រូបភាព​ដែល​សរសេរ​ថា មាន​ចិត្ត​ស្មោះត្រង់ ។ដើម្បី​ជួយ​សិស្ស​ឲ្យ​វិភាគ​ខគម្ពីរ​ទាំងនេះ​កាន់តែ​ខ្លាំង អ្នក​អាច​សួរ​សំណួរដូច​ខាងក្រោម ៖

  • តើ​បំណងប្រាថ្នា​របស់​ប្រជាជន​ចង់​មាន​ឈ្មោះ​ថ្មី​មួយ ជា​ភស្ដុតាង​ថា ពួកគេ​បាន​ផ្លាស់ប្ដូរ​ដោយ​របៀបណា ?

  • តើ​អ្នកទាំងឡាយ​ដែល​បាន​ប្រែចិត្ត​ជឿ​សព្វថ្ងៃនេះ​អាច « ញែកចេញ » ពី​អ្នក​ដទៃ​ដោយ​របៀបណា ?

  • យោងតាម អាលម៉ា 23:18 សាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត​ជឿ​បាន​ចាប់ផ្ដើម​ឧស្សាហ៍​ព្យាយាម និង​រួសរាយ​នឹង​សាសន៍​នីហ្វៃ ។ នៅពេល​បុគ្គល​ម្នាក់​ព្យាយាម​ប្រែចិត្ត ឬ​ផ្លាស់ប្ដូរ​ជីវិត​របស់​គេ តើ​វា​អាច​ជួយ​ដល់​គេ​ដើម្បី​ទាក់ទង​នឹង​មនុស្ស​ផ្សេង​ទៀត​ដែល​បាន​ប្រែចិត្ត​ជឿ​ហើយ​ដោយ​របៀបណា ?

សូម​សរសេរ​ពាក្យ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ការប្រែចិត្ត​ជឿ​មាន​ន័យ​ថា …

សូម​ឲ្យ​សិស្ស​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី អាលម៉ា 23 ដោយ​ការបំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្នុង​ចម្លើយ​របស់​ពួកគេ ប៉ុន្ដែ​ពួកគេ​គួរ​បង្ហាញ​នូវ​សេចក្ដីពិត​ដូចខាងក្រោម ៖ ការប្រែចិត្ត​ជឿ​មាន​ន័យ​ថា ការផ្លាស់ប្ដូរ និង​ការក្លាយជា​បុគ្គល​ថ្មី​មួយ​តាមរយៈ​អំណាច​នៃ​ព្រះ ។សូម​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។

សូម​ឲ្យ​សិស្ស​មើល​ទៅ​ពាក្យ មាន​ចិត្ត​ស្មោះត្រង់និងមិន​ខ្ជាប់ខ្ជួន នៅលើ​ក្ដារខៀន ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គិត​ពី​ពាក្យ​មួយ ដែល​ពិពណ៌នា​បាន​ល្អ​បំផុត​ពី​លំដាប់​នៃ​ការប្រែចិត្ត​របស់​ពួកគេ ។

អាលម៉ា 24

សាសន៍ អាន់តៃ-នីហ្វៃ-លីហៃ ធ្វើ​សេចក្ដីសញ្ញា​ថា​នឹង​មិន​ប្រើ​អាវុធ​ម្ដងទៀត​នោះ​ឡើយ

សូម​ឲ្យ​សិស្ស​គិត​ដោយ​ស្ងៀមស្ងាត់ ថាតើ​ពួកគេ​ធ្លាប់​បាន​ប្ដេជ្ញាចិត្ត​ដើម្បី​ចៀសវាង​ការប្រព្រឹត្ត​កំហុស ឬ អំពើ​បាប​មួយ​ចំនួន​ដដែល ប៉ុន្ដែ​ក្រោយមក​បាន​ធ្វើ​នូវ​កំហុស ឬ អំពើ​បាប​នោះ​ម្ដងទៀត​ទេ ។ សូម​ពន្យល់​ថា ប្រសិនបើ​ពួកគេ​ធ្លាប់​មាន សូម​ឲ្យ​ពួកគេ​បន្ដ​ព្យាយាម​ពង្រឹង​វា​ឡើង ។ នៅពេល​ពួកគេ​សិក្សា អាលម៉ា 24 ពួកគេ​នឹង​រៀន​ពី​សេចក្ដីពិត​ដែល​នឹង​ជួយ​ពួកគេ ។

សូម​សង្ខេប អាលម៉ា 24:1–5 ដោយ​ការពន្យល់​ថា ពួកសាសន៍​អាម៉ាលេកៃ និង​ពួកសាសន៍​អាមូឡុន ដែល​ជា​សាសន៍​នីហ្វៃ​ពីមុន​នោះ បាន​ចាក់រុក​នឹង​សាសន៍​លេមិន​ជាច្រើន​ឲ្យ​ខឹង​សម្បារ​នឹង​ស្ដេច​របស់​ពួកគេ និង​សាសន៍​អាន់តៃនីហ្វៃលីហៃ​ផ្សេង​ទៀត ។ ដោយ​កំហឹង សាសន៍​លេមិន​ទាំងនេះ​បាន​រៀបចំ​វាយប្រហារ​នឹង​ពួកសាសន៍​អាន់តៃនីហ្វៃលីហៃ ។ នៅក្នុង​ពេល​បញ្ហា​នេះ ស្ដេច​នៃ​សាសន៍​អាន់តៃនីហ្វៃលីហៃ​បាន​សុគត ។ នគរ​ត្រូវបាន​ប្រទាន​ទៅដល់​បុត្រា​មួយ​អង្គ​របស់​ទ្រង់ ។ អាំម៉ូន​បាន​ប្រមូលផ្ដុំ​ស្ដេច​ថ្មី និង​ជាមួយ​នឹង​ស្ដេច​ឡាម៉ូណៃ និង​អ្នកផ្សេង​ទៀត​ឲ្យ​មក​ប្រឹក្សា​នឹង​គ្នា និង​សម្រេច​ពី​របៀប​ដើម្បី​ការពារ​ខ្លួន​គេ​ប្រឆាំង​នឹង​សាសន៍​លេមិន ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 24:6 ដោយ​ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​សាសន៍​អាន់តៃនីហ្វៃលីហៃ បាន​សម្រេច​ថា​ពួកគេ​នឹង​មិន​ធ្វើ ។ ក្រោយពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ហើយ​សូមឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរវេន​គ្នាអាន​ឮ​ពី អាលម៉ា 24:7–10, 12–14 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​ស្ដាប់​រកមើល​ពី​របៀប​ទាំងឡាយ​ដែល​ស្ដេច​នៃ​សាសន៍​អាន់តៃនីហ្វៃលីហៃ បាន​ទទួល​ស្គាល់​ថា ព្រះ​បាន​ប្រទានពរ​ដល់​ពួកគេ ។

  • យោងតាម អាលម៉ា 24:9 តើ​អ្វីជា​អំពើបាប​មួយ​របស់​សាសន៍​អាន់តៃនីហ្វៃលីហៃ​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​មុន ?

  • យោងតាម អាលម៉ា 24:13 ហេតុអ្វីបានជា​ពួកគេ​បដិសេធ​មិន​ប្រយុទ្ធ​នឹង​សង្គ្រាម​នេះ ?

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​ក្រុម​ទីមួយ​អាន អាលម៉ា 24:11, 15 ដោយ​រកមើល​ឃ្លា​ដែល​បង្ហាញ​ពី​ការខំប្រឹង​របស់​សាសន៍​អាន់តៃនីហ្វៃលីហៃ​ដើម្បី​ប្រែចិត្ត ។ សូម​ឲ្យ​ក្រុម​ទីពីរ​អាន អាលម៉ា 24:16–19ដោយ​រកមើល​អ្វី​ដែល​សាសន៍​អាន់តៃនីហ្វៃលីហៃ​បាន​ធ្វើ​ដើម្បី​ធានា​ថា ពួកគេ​នឹង​នៅ​តែ​ស្អាតស្អំ ។ ក្រោយពី​សិស្ស​មាន​ពេល​អាន​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​អាច​ប្រើ​សំណួរ​ខាងក្រោម​ដើម្បី​នាំ​មក​នូវ​គំនិត​បន្ថែម ៖

  • តើ​អ្នក​គិត​ថា ស្ដេច​មាន​ន័យ​យ៉ាងណា នៅពេល​ទ្រង់​បាន​មាន​បន្ទូល​ថា « ការណ៍​ទាំង​អស់នេះ​ហើយ ដែល​យើង​រាល់​គ្នា​អាចធ្វើ … ដើម្បី​ប្រែចិត្ត » ? ( អាលម៉ា 24:11 ) ។ ( ឃ្លា​នេះ​បង្ហាញ​ពី​ការខំប្រឹង និង​ការប្ដេជ្ញា​ដ៏​ខ្លាំង​របស់​សាសន៍​អាន់តៃនីហ្វៃលីហៃ​ដើម្បី​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ។

  • ពាក្យ ទីបន្ទាល់ លេចឡើង​បីដង​នៅក្នុង អាលម៉ា 24:15–16, 18 ។ តើ​ការកប់​អាវុធ​របស់​ពួកគេ​ទៅក្នុង​ដី​ធ្វើ​ជា​ទីបន្ទាល់​មួយ​យ៉ាង​ណា​ដែរ ? ( វា​បាន​បង្ហាញ​ដល់​ប្រជាជន​ផ្សេង​ទៀត និង​ដល់​ព្រះ​ថា ពួកគេ​ពិត​ជា​បាន​លះបង់ ឬ បោះបង់​ចោល​នូវ​អំពើបាប​របស់​ពួកគេ​មែន ។ )

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ដើម្បី​បោះបង់​ចោល​អំពើបាប យើង​មិន​អាច​គ្រាន់តែ​ចង់​បាន​ស្ថានភាព​ដ៏​ប្រសើរ​នោះទេ ។ … គេ​ត្រូវតែ​ប្រាកដ​ថា គេ​មិន​ត្រឹមតែ​បាន​បោះបង់ចោល​នូវ​អំពើបាប​នោះ​ទេ ប៉ុន្ដែ​ថែមទាំង​បាន​ផ្លាស់ប្ដូរ​នូវ​ស្ថានភាព​ជុំវិញ​អំពើបាប​នោះ​ទៀតផង ។ គេ​គួរ​ចៀសវាង​នូវ​កន្លែង និង​ស្ថានភាព និង​កាលៈទេសៈ​នានា​ដែល​អំពើ​បាន​កើតឡើង ដោយសារ​វា​អាច​នឹង​កើតឡើង​ម្ដងទៀត​បាន​យ៉ាង​ខ្លាំង​បំផុត ។ គេ​ត្រូវតែ​បោះបង់​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​នោះ ។ គេ​មិន​មែន​ស្អប់​មនុស្ស​ដែល​ទាក់ទង​នោះ​ទេ ប៉ុន្ដែ​គេ​ត្រូវតែ​ចៀសវាង​ពី​ពួកគេ និង​អ្វីៗ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​អំពើបាប​នោះ » ( The Miracle of Forgiveness [ ឆ្នាំ 1969 ] ទំព័រ 171–72 ) ។

  • តើ​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ចៀសវាង​នូវ​ស្ថានភាព និង​មនុស្ស​ដែល​អាច​ទាក់ទាញ​ពួកគេ​ឲ្យ​ប្រព្រឹត្ត​អំពើបាប​ពី​មុន​របស់​ពួកគេ ?

អ្នក​អាច​ឲ្យ​សិស្ស​មាន​ពេល​គិត​ថា តើ​មាន​កាលៈទេសៈ​ណាខ្លះ​ដែល​ជីវិត​របស់​ពួកគេ ត្រូវការ​ការផ្លាស់ប្ដូរ​ដើម្បី​ប្រែចិត្ត និង​បោះបង់​អំពើបាប​មួយ​ដែល​ពួកគ​បាន​តស៊ូ​នឹង​លះបង់ ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង … ព្រះ​នឹង …

សូម​ឲ្យ​សិស្ស​រំឭក អាលម៉ា 24:10–18 ដោយ​រកមើល​របៀប​ដែល​ពួកគេ​អាច​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន​បាន ។ ( អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​សរសេរ​ប្រយោគ​មួយ​ដូច​ខាងក្រោម​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ៖ ប្រសិនបើ​យើង​ធ្វើ​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ដើម្បី​ប្រែចិត្ត​នោះ ព្រះនឹង​បោះចោល​នូវ​កំហុស​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​នៅតែ​ស្អាតស្អំ ។

សូម​ឲ្យ​សិស្ស​បើក​ទៅ អាលម៉ា 24:17 ។

  • តើ​គំរូ​អ្វីខ្លះ​នៃ​អាវុធ​នៃ​ការបះបោរ ( សូមមើល អាលម៉ា 23:7 ) ដែល​មនុស្ស​អាន​ដាក់ចុះ ឬ កប់​ចោល នៅពេល​ពួកគេ​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ? ( សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា អាវុធ​នៃ​ការបះបោរ​អាច​រួមមាន ឥរិយាបថ ឬ​សកម្មភាព​ដ៏​មាន​បាប​ដែល​មនុស្ស​ត្រូវតែ​លះបង់​ដើម្បី​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« វា​ពិត​ជា​ចំណាយ​ពេល​ដ៏​យូរ​ដើម្បី​ប្រែចិត្ត​គឺ​ដូចជា ពេល​អ្នក​និយាយ​ថា ‹ ខ្ញុំ​នឹង​ផ្លាស់ប្ដូរ ›—ហើយ​អ្នក​នឹង​ធ្វើ​វា ។ មែនហើយ នឹង​មាន​បញ្ហា​ក្នុងពេល​អនុវត្ត ហើយ​នឹង​មាន​ការផ្ដុំឡើង​វិញ ។ អ្នក​អាច​ចំណាយពេល​គួរសម—ពិត​ហើយ​ថា អ្នក​ត្រូវតែ​ចំណាយពេល​នោះ—ពេញ​មួយ​ជីវិត​របស់​អ្នក​ដើម្បី​បញ្ជាក់​ការប្រែចិត្ត​របស់​អ្នក ដោយ​ការមាន​ជា​អចិន្ដ្រៃយ៍ » ( « For Times of Trouble »New Era,ខែ តុលា ឆ្នាំ 1980 ទំព័រ 11–12 ) ។

សូម​ឲ្យ​សិស្ស​ពន្យល់​ពី​សកម្មភាព​របស់​យុវជន ឬ យុវនារី​ម្នាក់​ដែល​អាច​ធ្វើ​ដើម្បី​ចៀសវាង​ពី​ការធ្វើ​អំពើបាប​ខាងក្រោម​នីមួយៗ​ច្រំដែល ៖ ការរំលង​ពាក្យ​នៃ​ប្រាជ្ញា​វាងវៃ ការមើល​រឿង​អាសអាភាស និង​ការមិន​មាន​ចិត្ត​ល្អ​ដល់​បងប្អូនបង្កើត​ឯង ។

សូម​ឲ្យ​សិស្ស​ស្រមៃ​ពី​អារម្មណ៍​ដែល​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ​អាច​មាន ក្រោយពី​ពួកគេ​បាន​កប់​អាវុធ​របស់​ពួកគេ​ចោល ហើយ​បន្ទាប់មក​បានដឹង​ថា កងទ័ព​សាសន៍លេមិន​នឹង​មក​វាយប្រហារ​ពួកគេ ។ សូម​ឲ្យ​សិស្ស​គិត​ពី​ស្ថានភាព​នេះ នៅពេល​ពួកគេ​អាន អាលម៉ា 24:20–22 ដោយ​ស្ងាត់ៗ ។

សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង យើង​អាច​ជួយ​អ្នកដទៃ​ឲ្យ​ប្រែចិត្ត​ជឿ​បាន ។សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 24:23–27 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​បង្រៀន​ពីគោលការណ៍​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • តើ​ដំណើររឿង​នេះ​ជះឥទ្ធិពលដល់​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​រក្សា​សេចក្ដីសញ្ញា​របស់​អ្នក​ដោយ​របៀបណា ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពង្រឹង​បំណងប្រាថ្នា និង​សមត្ថភាព​របស់​យើង​ដើម្បី​រក្សា​សេចក្ដីសញ្ញា ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់ ?

សូម​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​ខ្លះៗ ដែល​ពួកគេ​បាន​មាន​អំពី​គោលការណ៍​នៅលើ​ក្ដារខៀន​នេះ ។ សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 23:17 ។ « ពួកគេ​បាន​ហៅ​ខ្លួនគេ​ថា ពួកសាសន៍​អាន់តៃនីហ្វៃលីហៃ »

« សាសន៍​លេមិនដែល​បាន​ប្រែចិត្ត​ដោយ​បុត្រា​នៃ​ស្ដេច​ម៉ូសាយ​បួន​អង្គ និង​ដៃគួ​របស់​ពួកទ្រង់​បាន​លើកដាក់​នូវ​ឈ្មោះ ‹ សាសន៍​អាន់តៃនីហ្វៃលីហៃ › មក​លើ​ខ្លួនគេ (អាលម៉ា 23:17; អាលម៉ា 24:1–5) ។ ផ្នែក​នៃ​ងារ ‹ នីហ្វៃលីហៃ › ប្រហែល​ជា​មាន​សេចក្ដីយោង​ទៅ​ដែនដី​នីហ្វៃ និង​លីហៃ ( ឬក៏​ប្រជាជន​ដែល​រស់នៅ​ក្នុង​ដែនដី​នោះ​នា​ជំនាន់​នោះ ) ជាជាង​សំដៅ​លើ​កូនចៅ​នៃ​នីហ្វៃ ឬ​លីហៃ ។

« ទោះជាយ៉ាងណាក្ដី វេជ្ជ. ហាហ្វ នីប្លី បាន​រកឃើញ ‹ ឬសគល់​របស់​សាសន៍​ស៊ីម៉ៃ និង​ឥណ្ឌូអឺរ៉ុប​ទូទៅ ស្របគ្នា​ទៅនឹង​អាន់តៃ ដែល​មាន​ន័យ​ថា « នៅពី​មុខ​នឹង » ឬ « នៅពីមុខ » ដូចជា​មនុស្ស​ម្នាក់​នៅពីមុខ​កញ្ចក់ ហើយ​ដោយ​ពង្រីកន័យ​នោះ​វា​មាន​ន័យ​ថា « អ្នកដែល​ប្រឆាំង ផង ឬ « អ្នក​ដែល​ធ្វើតាម » ផង › » ។ ( ដកស្រង់​ពី Eldin Ricks, Book of Mormon Study Guide, ទំព័រ.63 ) ។ ហេតុដូច្នេះហើយ ពាក្យ « អាន់តៃនីហ្វៃលីហៃ » អាច​សំដៅ​ទៅលើ​អ្នកដែល​ធ្វើតាម​ការបង្រៀន​នៃ​កូនចៅ​របស់​នីហ្វៃ និង​លីហៃ » ( Daniel H. Ludlow, A Companion to Your Study of the Book of Mormon [1976], 209–10 ) ។