បណ្ណាល័យ
មេរៀនទី 128 ៖ នីហ្វៃទី 3 19


មេរៀនទី 128

នីហ្វៃទី 3 19

សេចក្តីផ្ដើម

ក្រោយពី​ព្រះអង្គសង្គ្រោះ​បាន​បញ្ចប់​ការសំណេះ​សំណាលជា​មួយ​សាសន៍​នីហ្វៃនៅ​ថ្ងៃទីមួយ​របស់​ទ្រង់ ដំណឹង​នៃ​ការយាង​មក​របស់​ទ្រង់​បាន​ចែកចាយ​នៅក្នុង​ចំណោម​ប្រជាជន​ពេញ​មួយ​យប់​នោះ ។ ( ហេតុការណ៍​នេះ​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី 3 11–18 បាន​កើតឡើង​ទាំងស្រុង​តែ​ក្នុង​មួយ​ថ្ងៃ​ទេ ) ។ នៅ​ពេញ​មួយ​យប់ ប្រជាជន​បាន​ធ្វើការ « យ៉ាងខិតខំ … ដើម្បីស្អែកឡើង​គេ​អាច​ទៅ​កាន់​ទីកន្លែង » ដែល​ព្រះយេស៊ូវ​ទ្រង់​នឹង​បង្ហាញ​រូបអង្គ​ទ្រង់​ទៀត ( នីហ្វៃទី 3 19:3 ) ។ នាពេល​ព្រឹក ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន​ប្រជាជន និង​បាន​អធិស្ឋាន​ជាមួយ​នឹង​ពួកគេ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក និង​បាន​បញ្ជា​ប្រជាជន​ឲ្យ​អធិស្ឋាន ខណៈពេល​ដែល​ទ្រង់​បាន​អធិស្ឋាន​ទៅរក​ព្រះវរបិតា​ជំនួស​ពួកគេ ។ ដោយសារតែ​សេចក្ដីជំនឿ​របស់​ពួកគេ ពួកសាវក​ដប់ពីរ​នាក់​ត្រូវបាន​ធ្វើ​ឲ្យ​បរិសុទ្ធ ។ ព្រះយេស៊ូវ​បាន​អធិស្ឋាន​ថា ពួកសាវក និង​អស់​អ្នក​ទាំងឡាយណា​ដែល​បាន​ជឿ​លើ​ពាក្យ​របស់​ពួកលោក​អាច​នឹង​ក្លាយជា​​តែ​មួយ​ជាមួយ​នឹង​ទ្រង់ និង​ព្រះបិតា​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 19:1–14

ពួកសាវក​ទាំង​ដប់ពីរ​នាក់​បម្រើ​ដល់​ប្រជាជន ដូចដែល​ព្រះអង្គសង្គ្រោះ​បាន​បញ្ជា

សូម​ឲ្យ​សិស្ស​ស្រមៃ​ពីអ្វី​ដែល​ពួកគេ​អាច​ធ្វើ ឬ​របៀប​ដែល​ពួកគេ​អាច​មាន​អារម្មណ៍ ​ប្រសិនបើ​ពួកគេ​បាន​ដឹង​ថា ថ្ងៃស្អែក​ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​នៅឯ​ព្រះវិហារ​បរិសុទ្ធ ( ឬ​មជ្ឈមណ្ឌល​ស្ដេក ឬ​ទីប្រជុំជន​ក្នុងក្រុង ឬ​ទីតាំង​ផ្សេង​ទៀត​ខ្លះ​ ដែល​នឹង​តម្រូវ​ឲ្យ​សិស្ស​មាន​ការខិតខំ​ខ្លះ​​ដើម្បី​ធ្វើ​ដំណើរ​ទៅ ) ។

  • តើ​អ្នក​នឹង​ទៅដល់​ទីនោះ​ដោយ​របៀបណា ?

  • តើ​អ្នក​ណា​ដែល​អ្នក​ចង់ឲ្យ​ទៅ​ជាមួយ​នឹង​អ្នក ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀបចំ​សម្រាប់​ទទួល​បទពិសោធន៍​នេះ ?

សូម​រំឭក​សិស្ស​ថា នៅពេលនៃ​ការ​សំណេះ​សំណាល​របស់ព្រះ​អង្គ​សង្រ្គោះ​ជា​មួយ​ពួកសាសន៍​នីហ្វៃ​នៅថ្ងៃ​ទីមួយជិត​ចប់ ទ្រង់​បាន​លើកទឹកចិត្ត​ប្រជាជន​ឲ្យ​ទៅ​ផ្ទះ​របស់​ពួកគេ ហើយ​សញ្ជឹងគិត និង​អធិស្ឋាន​អំពី​ការបង្រៀន​របស់​ទ្រង់ ​ដើម្បី​រៀបចំ​សម្រាប់​ការជួប​ទ្រង់​នៅ​ថ្ងៃ​បន្ទាប់ទៀត ( សូមមើល នីហ្វៃទី 3 17:3 ) ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 19:1–3 ដោយ​ស្ងាត់ស្ងៀម​ ដោយ​រកមើល​ចម្លើយ​របស់​ពួកសាសន៍​នីហ្វៃ​ចំពោះ​ការសន្យា​របស់​ព្រះអង្គសង្គ្រោះ​ដែល​ថា ទ្រង់​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​បន្ទាប់​នោះ ។ ក្រោយពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ​ហើយ សូម​សង្ខេប នីហ្វៃទី 3 19:4–8 ដោយ​ការពន្យល់​ថា ក្រោយពី​ហ្វូងមនុស្ស​បាន​ប្រជុំ​គ្នា​នៅ​ថ្ងៃ​បន្ទាប់ នោះ​ពួកសាវក​ទាំងដប់ពីរ​នាក់​បាន​បំបែក​ប្រជាជន​ទៅជា​ដប់ពីរ​ក្រុម ហើយ​ចាប់ផ្ដើម​បង្រៀន​ដល់​ពួកគេ ។ ក្រោយពី​ការបង្រៀន​ដល់​ហ្វូងមនុស្ស​ឲ្យ​លុតជង្គង់​ចុះ​អធិស្ឋាន​ហើយ ពួកសាវក​ដប់ពីរ​នាក់​ក៏​បាន​អធិស្ឋាន ហើយ​បន្ទាប់មក​បាន​បង្រៀន​ប្រជាជន​នូវ​សេចក្ដីពិត​ដូចគ្នា​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​រួចហើយ​កាល​ពីថ្ងៃ​មុន ។ បន្ទាប់មក ពួកសាវក​បាន​លុតជង្គង់​ចុះ​អធិស្ឋាន​ម្ដង​ទៀត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 19:8–9 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​ពួកសាវក​បាន​អធិស្ឋាន​សុំ ។

  • តើ​ពួកសាវក​ចង់​បាន​អ្វី​បំផុត ?

  • ពួកសាវក​ដប់ពីរ​នាក់​នឹង​ចាត់ចែង​កិច្ចការ​សាសនាចក្រ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ក្រោយពី​ព្រះអង្គសង្គ្រោះ​បាន​ចាកចេញ​ទៅ ។ តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​ពួកគេ​ត្រូវការ​ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​កិច្ចការបម្រើ​របស់​ពួកលោក ?

  • នៅក្នុង​ការអធិស្ឋាន​ដែល​អ្នក​ធ្វើ តើ​រឿង​អ្វីខ្លះ​ដែល​អ្នក​ចង់​បាន​បំផុត ?

  • តើ​អ្នក​បាន​អធិស្ឋាន​សុំ​ព្រះវិញ្ញាណបរិសុទ្ធ​ទេ ? ហេតុអ្វី​សុំ ឬ​ហេតុអ្វី​បាន​ជា​មិន​សុំ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 19:10–12 ឮៗ ។ ក្រោយពី​គេ​អាន​ចប់​ហើយ សូម​ពន្យល់​ថា បុណ្យជ្រមុជទឹក​លើក​ទីពីរ​នេះ​គឺជា​កាលៈទេសៈ​ដ៏​ពិសេស​មួយ ។ ទោះបីជា​ពួកសាសន៍​នីហ្វៃ​ត្រូវបាន​ជ្រមុជទឹក​ពី​មុន​មក​សម្រាប់​ការផ្ដាច់​បាប និង​មាន​ភាពសក្តិសម​ដើម្បី​នៅក្នុង​វត្តមាន​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្ដី ក៏​ព្រះអង្គសង្គ្រោះ​បាន​បញ្ជា​ពួកគេ​ឲ្យ​ជ្រមុជទឹក​ម្ដងទៀត ដោយសារ​ទ្រង់​បាន​រៀបចំ​សាសនាចក្រ​ជា​ថ្មី ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 19:13–14 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់មើល​តាម ដោយ​រកមើល​ពរជ័យ​ដែល​ពួកសាវក​បាន​ទទួល​ជា​ការឆ្លើយតប​ទៅនឹង​បំណង​ដ៏​សុចរិត​របស់​ពួកលោក ។ ដើម្បី​ជួយ​សិស្ស​បង្កើន​បំណង​របស់​គេ​ដើម្បី​សុំ​រក​ឥទ្ធិពល​របស់​ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម ៖

សូម​បំបែក​សិស្ស​ធ្វើការ​ជាដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ធ្វើ​បញ្ជី​នៅក្នុង​សៀវភៅសរសេរ ឬកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​អំពី​អ្វី​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើ​សម្រាប់​អ្នកដែល​រស់នៅ​ដោយ​ស្អាតស្អំ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ប្រៀបធៀប​បញ្ជី​របស់​ពួកគេ​​ជាមួយ​នឹង​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ ( មុនចាប់ផ្ដើម​ថ្នាក់ សូម​ចម្លង​ប្រយោគ​នេះ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ) ។ សូម​ឲ្យសិស្ស​បន្ថែម​លើ​បញ្ជី​របស់ពួកគេ​នូវ​គំនិត​ថ្មីៗ​ដែល​ពួកគេ​រកឃើញ នៅពេល​ពួកគេ​អាន​សេចក្ដីថ្លែងការណ៍​នេះ ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« ព្រះវិញ្ញាណបរិសុទ្ធ … គឺជា​ប្រភព​នៃ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះវរបិតា និងព្រះរាជបុត្រា ។ …

« យើង​ត្រូវការ​ព្រះវិញ្ញាណបរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើការ​សម្រេច​ដ៏​ល្អប្រសើរ​ដែល​យើង​ជួប​ជា​ប្រចាំ​ថ្ងៃ ។ … ដៃគូ​ជាមួយ​នឹង​ព្រះវិញ្ញាណ​នឹង​ផ្ដល់​ដល់​ពួកគេ [ យុវជន​របស់​យើង ] នូវ​កម្លាំង​ដើម្បី​ប្រឆាំង​នឹង​អំពើអាក្រក់ ហើយ​នៅពេលដែល​ចាំបាច់ ជួយ​ឲ្យ​ប្រែចិត្ត និង​ត្រឡប់​មក​កាន់​ផ្លូវ​ដ៏​ត្រង់ និង​តូចចង្អៀត​វិញ ។ …យើង​ទាំងអស់​គ្នា​ត្រូវការ​ការពង្រឹង​ដែល​មាន​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ … ការមាន​អំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធ​ជួយ​សមាជិក​គ្រួសារ​ឲ្យ​ធ្វើ​ការ​សម្រេចចិត្តដ៏​ឆ្លាតវៃ —ជម្រើស​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​ទៅជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ​ ទៅរក​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​រស់នៅ​ជាមួយ​នឹង​ទ្រង់​ដ៏​អស់កល្ប » ( « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign, ខែ វិច្ឆិកា ឆ្នាំ 2000, ទំព័រ 8 ) ។

  • តើ​ពរជ័យ​នៅក្នុង​បញ្ជី​របស់​អ្នក​អាច​នឹង​ជួយ​ដល់​យុវជន​នៅក្នុង​សាសនាចក្រ​បានយ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​រំឭក​បញ្ជី​នៃ​ពរជ័យ​ដែល​ពួកគេ​បាន​សរសេរ និង​សូម​គិត​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​សក្តិសម​នឹង​ទទួល​ពរជ័យ​ទាំងនេះ ។ សូម​ឲ្យ​ពួកគេ​អាន នីហ្វៃទី 3 19:9, 13 ដោយ​ស្ងាត់ស្ងៀម​ ដោយ​រកមើល​គោលការណ៍​មួយ​អំពី​ការទទួល​បាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​ឲ្យ​សិស្ស​សរសេរ​គោលការ៍​ដែល​ពួកគេ​រកឃើញ ។ សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ( សិស្ស​អាច​ចែកចាយ​អ្វីមួយ​​ដូច​ខាងក្រោម ៖ បំណង និង​ការអធិស្ឋាន​ដ៏​សុចរិត​របស់​យើង អាច​ធ្វើ​ឲ្យ​យើង​សក្តិសម​ដើម្បី​ពោរពេញ​​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • តើនៅពេល​ណា​ខ្លះ​​ដែល​បំណង និង​ការអធិស្ឋាន​ដ៏​សុចរិត​របស់​អ្នក​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​​ព្រះវិញ្ញាណ ?

សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ សូម​ឲ្យ​សិស្ស​សរសេរ​ប្រយោគ​មិន​ពេញ​លេញ​នេះ ហើយ​បន្ទាប់មក​បំពេញ​វា​តាម​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន ។

ខ្ញុំ​នឹង​បង្ហាញ​ដល់​ព្រះវរបិតាសួគ៌​នូវ​បំណង​របស់​ខ្ញុំ​ដើម្បី​សុំ​ដៃគូ​ជា​ព្រះវិញ្ញាណបរិសុទ្ធ​ដោយ …

នីហ្វៃទី 3 19:15–36

ព្រះអង្គសង្គ្រោះ​យាង​មក ហើយ​អធិស្ឋាន​សម្រាប់​ប្រជាជន​ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​តាមរយៈ​សេចក្ដីជំនឿ​របស់​ពួកគេ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 19:15–16 ឮៗ ។ សូម​បង្ហាញ​ថា ខណៈពេល​ដែល​ប្រជាជន​កំពុង​លុតជង្គង់​ចុះ ពួកគេ​បាន​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ការអធិស្ឋាន​បី​ដាច់ដោយ​ឡែក​ពី​គ្នា​ សម្រាប់​សាវក​របស់​ទ្រង់ និង​សម្រាប់​ហ្វូងមនុស្ស ។ ( សូម​ពន្យល់​ថា ចំណុច​បន្ទាប់​នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​សិក្សា​ពី​ការអធិស្ឋាន​ទីបី​របស់​ព្រះអង្គសង្គ្រោះ ) ។

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម និង​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន មុន​ពេល​ចាប់ផ្ដើម​ថ្នាក់ ( ឬ​រៀបចំ​វា​ជា​ក្រដាស​សម្រាប់​ចែក​ដល់​សិស្ស​ម្នាក់ៗ ) ៖

នីហ្វៃទី 3 19:17–18, 24–26, 30

នីហ្វៃទី 3 19:19–23

នីហ្វៃទី 3 19:27–29

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះអំពី​ការអធិស្ឋាន​ពី​វគ្គ​នេះ ?

តើ​អ្នក​អាច​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​នៅក្នុង​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​អ្នក​ដោយ​របៀបណា ?

សូម​បំបែក​សិស្ស​ជាក្រុម​ដែល​មាន​សិស្ស​បី​នាក់​ក្នុង​ក្រុម​នីមួយៗ ។ ( ប្រសិនបើ​អ្នក​មាន​សិស្ស​តិច អ្នក​អាច​ត្រូវបំបែក​សិស្ស​ទៅជា​ក្រុម​តូចៗ ) ។ សូម​ដាក់​ឲ្យ​សិស្ស​ម្នាក់​នៅក្នុង​ក្រុម​នីមួយៗ​អាន​វគ្គ​ព្រះគម្ពីរ​មួយ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ប្រាប់​សិស្ស​ថា ពួកគេ​គួរ​រៀបចំ​ឆ្លើយតប​នៅក្នុង​ក្រុម​របស់​ពួកគេ​ចំពោះ​សំណួរ​នៅលើ​ក្ដារខៀន​ទាំងអស់ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​​ជាមួយ​នឹង​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុម​របស់​ពួកគេ ។ សូម​រៀបចំ​ឆ្លើយ ប្រសិនបើ​សិស្ស​សួរ​ថា​តើ​ហេតុអ្វី​បានជា​ពួកសាវក​បាន​អធិស្ឋាន​ដល់​ព្រះអង្គសង្គ្រោះ ( សូមមើល នីហ្វៃទី 3 19:18 ) ។ សូម​បង្ហាញ​ថា នៅក្នុង​ឧទាហរណ៍​ដ៏​ពិសេស​នេះ ពួកសាវក​បាន​អធិស្ឋាន​ទៅដល់​ព្រះយេស៊ូវគ្រីស្ទ ដោយសារ​ទ្រង់​នៅ​ជាមួយ​នឹង​ពួកលោក​ផ្ទាល់ ដូចជា​អ្នកតំណាង​មួយ​ពី​ព្រះវរបិតា ( សូមមើល នីហ្វៃទី 3 19:22 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 19:31–34 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ហើយ​គិត​ពី​មូលហេតុ​ដែល​ការអធិស្ឋាន​របស់​ព្រះអង្គសង្គ្រោះ​បានជ្រោត​ជ្រាបដល់​​ប្រជាជន​យ៉ាងខ្លាំង ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ខណៈពេល​ដែល​សិស្ស​អាច​រៀន​សេចក្ដីពិត​ជាច្រើន​ពី​គ្នា​ទៅវិញទៅមក កាល​ពួកគេ​ចែកចាយ នោះ​សកម្មភាព​ខាងក្រោម​នឹង​បញ្ជាក់​ពី​គោលការណ៍​ពីរ​ដែល​ពួកគេ​អាច​រកឃើញ​នៅក្នុង​ការសិក្សា​របស់​ពួកគេ ។

សូម​សរសេរ​ឃ្លាខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ …

សូម​ឲ្យ​សិស្ស​រំឭកនីហ្វៃទី 3 28ដោយ​ស្ងាត់ស្ងៀម ដើម្បី​រកមើល​វិធី​ដើម្បី​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ ( សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ ។ សិស្ស​អាច​បំពេញ​ប្រយោគ​តាម​របៀប​ដូចខាងក្រោម​នេះ ៖ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿលើ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ត្រូវ​បាន​បន្សុទ្ធ ) ។

  • តើ​ការ​ដែល​បានត្រូវ​បានបន្សុទ្ធ​មានន័យ​ដូចម្តេច ?តើ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​ឲ្យ​បាន​ជ្រះស្អាត​ដោយ​របៀបណា ?

  • តើ​ពួកសាវក​បាន​អនុវត្ត​សេចក្ដីជំនឿ​អំឡុង​ពេល​ហេតុការណ៍​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី 3 19 តាម​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា យើង​ត្រូវបាន​បន្សុទ្ធ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ សូម​រំឭក​ពួកគេ​ថា ពួកសាវក​បាន​ទទួល​បាន​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ត្រូវ « ពោរពេញ​ដោយ​ភ្លើង » ( នីហ្វៃទី 3 19:13 ) ។ សូម​ពន្យល់​ថា​ឃ្លា « ពោរពេញ​ដោយ​ភ្លើង » គឺជានិមិត្ត​សញ្ញា​ដែល​សំដៅ​លើ​ពរជ័យ​នៃ​ការត្រូវបាន​សម្អាត​តាមរយៈ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 19:23, 29 ដោយ​ស្ងាត់ៗ​ម្ដង​ទៀត ​ដោយ​រកមើល​ពរជ័យ​ផ្សេង​ទៀត​ដែល​មក​ដល់​អស់អ្នក​ដែល​មាន​ព្រះវិញ្ញាណនៃព្រះអម្ចាស់​ស្ថិត​នៅ​ជាមួយ​នឹង​ពួកគេ ។ ( ក្រោយពី​សិស្ស​អាន​ហើយ អ្នក​ណែនាំ​ថា ពួកគេ​គួរ​គូស​ចំណាំ​ខគម្ពីរ​ទាំងពីរ​នូវ​ឃ្លា « ដើម្បី​ឲ្យ​យើង​អាច​ទៅ​ជាមួយ » ) ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតា​តែមួយ​ដោយ​របៀបណា ? ( ពួកទ្រង់​ដាច់​ពី​គ្នា ជា​អង្គ​មាន​រូប​កាយ​បី​ផ្សេង​គ្នា ប៉ុន្ដែ​ពួកទ្រង់​គឺ​តែមួយ​ក្នុង​គោលបំណង និង​គោលលទ្ធិ ។ សាមគ្គីគ្នាដ៏​ឥតខ្ចោះ ទ្រង់​ទាំង​បី​អង្គ​នាំ​មក​នូវ​ផែនការសង្គ្រោះ​ដ៏​ទេវភាព​របស់​ព្រះវរបិតាសួគ៌ ) ។ 

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​សម្រាប់​យើង​ដើម្បី​ក្លាយជា​តែ​មួយ​ជាមួយ​នឹង​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា ?

  • តើ​យើង​រៀន​អ្វីខ្លះ​ពី នីហ្វៃទី 3 19:23, 29 អំពី​របៀប​ដែល​យើង​អាច​ក្លាយជា​តែមួយ​ជាមួយ​នឹង​ពួកទ្រង់ ? ( តាមរយៈ​សេចក្ដីជំនឿ យើង​អាច​ត្រូវបាន​បន្សុទ្ធ និង​ក្លាយជា​តែមួយ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ ដូចដែល​ទ្រង់​គឺ​តែមួយ​ជាមួយ​នឹង​ព្រះវរបិតា  ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​ពី​របៀប​ដែល​យើង​អាច​ក្លាយជា​តែមួយ​ជាមួយ​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ព្រះយេស៊ូវ​បាន​សម្រេច​បាន​ភាពសាមគ្គី​ដ៏​ឥតខ្ចោះ​ជាមួយ​នឹង​ព្រះវរបិតា​ដោយ​ការថ្វាយ​អង្គ​ទ្រង់​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ប្រគល់​ជូន​តាម​ព្រះឆន្ទៈ​របស់​ព្រះបិតា ។ ការបម្រើ​របស់​ទ្រង់​តែងតែ​ផ្ចិត​ផ្ចង់យ៉ាងច្បាស់ ដោយសារ​គ្មាន​ការទន់​ខ្សោយ ឬ​ការ​ស្ទាក់​ស្ទើរ​បែក​គំនិត​ពីរ​ចំពោះ​ទ្រង់​ឡើយ ។ ដោយ​សំដៅ​ទៅរក​ព្រះបិតា​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ‹ ខ្ញុំ​ចេះ​តែ​ធ្វើការ​ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជាដរាប › ( យ៉ូហាន 8:29 ) ។…

« ពិតណាស់​យើង​នឹង​មិន​ក្លាយជា​តែមួយ​ជាមួយ​នឹង​ព្រះ និង​ព្រះគ្រីស្ទ​ឡើយ រហូតទាល់តែ​យើង​ដាក់​បំណង​ដ៏​ធំ​បំផុត​របស់យើង​តាម​បំណង និង​ការចាប់អារម្មណ៍​របស់​ទ្រង់ ។ ការបន្ទាបខ្លួន​បែបនោះ​មិន​មែន​អាច​ធ្វើ​បាន​ភ្លាមៗ​នោះទេ ប៉ុន្ដែ​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ព្រះអម្ចាស់​នឹង​បង្រៀន​យើង ប្រសិនបើ​យើង​មាន​ឆន្ទៈ​​រហូតនោះ តាម​ដំណើរ​ពេលវេលា វា​អាច​និយាយ​ដោយ​ត្រឹមត្រូវ​ថា ទ្រង់​គឺ​នៅក្នុង​យើង ដូចជា​ព្រះបិតា​នៅក្នុង​ទ្រង់​ដែរ » ( « That They May Be One in Us » Ensign, ខែ វិច្ឆិកា ឆ្នា 2002, ទំព័រ 72, 73 ) ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 19:35–36 ដោយ​ស្ងាត់ស្ងៀម​ហើយ​សញ្ជឹងគិត​ពី​កម្លាំង​នៃ​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​គេ ។ សូម​សន្យា​នឹង​សិស្ស​ថា យើង​ក៏​អាច​មាន​បទពិសោធន៍ខាងវិញ្ញាណ​ដ៏​អស្ចារ្យ និង​រីកចម្រើន​ទៅកាន់​ការក្លាយ​ជា​តែមួយ​ជាមួយ​នឹង​ព្រះវរ​បិតា និង​ព្រះរាជបុត្រា​បាន​ដែរ ប្រសិនបើ​យើង​បង្កើន​សេចក្ដីជំនឿ​របស់​យើង និង​អធិស្ឋាន​ដោយ​ស្មោះត្រង់​សុំ​ដៃគូ​នៃ​ព្រះវិញ្ញាណ​នោះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 19:10–13 ។ ជ្រមុជ​ទឹក​ជាថ្មី

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ពន្យល់​ពី​មូលហេតុ​ដែល​សាសន៍​នីហ្វៃ​ត្រូវ​ជ្រមុជទឹក​ម្ដងទៀត ៖

« គ្មាន​អ្វី​ចម្លែក​ចំពោះ​ការពិត​ដែល​ថា នៅពេល​ដែល​ព្រះអម្ចាស់​បាន​មក​ជួប​នឹង​សាសន៍​នីហ្វៃ នីហ្វៃ​ត្រូវ​បាន​ជ្រមុជទឹក ហើយ​ក៏​ដូចជា​មនុស្ស​គ្រប់គ្នា​ផ្សេង​ទៀត​ដែរ ទោះបីជា​ពួកគេ​ត្រូវបាន​ជ្រមុជទឹក​ពី​មុន​មក​ក្ដី ។

« សាសនាចក្រ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​មុនពេល​ការយាងមក​របស់​ព្រះគ្រីស្ទ មិន​បាន​នៅក្នុង​ភាពពេញលេញ​នោះទេ ហើយ​នៅក្រោម​ក្រឹត្យវិន័យ​ម៉ូសេ ។ ព្រះអង្គសង្គ្រោះ​បាន​ស្ដារឡើងវិញ​នូវ​ភាពពេញលេញ និង​បាន​ប្រគល់​ដល់​ពួកគេ​នូវ​ពិធីការ​បរិសុទ្ធ​ទាំងឡាយ និង​ពរជ័យ​នៃ​ដំណឹងល្អ ។ ហេតុដូច្នេះហើយ វា​ពិតជា​ក្លាយទៅ​ជា​សាសនាចក្រ​ថ្មី​មួយ ហើយ​តាមរយៈ​ពិធីបុណជ្រមុជទឹក នោះ​ពួកគេ​បាន​ចូលទៅក្នុង​សាសនាចក្រ​នេះ ។

« យើង​មាន​ស្ថានភាព​ស្រដៀង​គ្នា​នេះ​នៅក្នុង​ជំនាន់​នៃ​ការកាន់កាប់​នេះ ។ ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ត្រូវបាន​ជ្រមុជទឹក​ដោយ​ការបង្គាប់ពី​ទេវតា គឺយ៉ូហាន បាទីស្ទ ។ អុ្នក​ផ្សេង​ជា​ច្រើន​ទៀត​ត្រូវបាន​ជ្រមុជទឹក មុនពេល​ការរៀបចំ​នៃ​សាសនាចក្រឡើង ។ ទោះជាយ៉ាងណាក្ដី នៅថ្ងៃ​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ ទាំងអស់គ្នា​ដែល​បាន​ជ្រមុជទឹក​កាលពី​មុន​ត្រូវ​ជ្រមុជទឹក​ជាថ្មី មិន​មែន​សម្រាប់​ការផ្ដាច់បាប​នោះ​ទេ ប៉ុន្ដែ​សម្រាប់​ការចូល​ទៅក្នុង​សាសនាចក្រ ។ នៅក្នុង​ករណី​ដូចគ្នា​នេះ មូលហេតុ​គឺ​តែមួយ » (Answers to Gospel Questions, បាន​កែសម្រួល​ដោយ Joseph Fielding Smith Jr 5 vols. [1957–66] 3:205–6 ) ។

នីហ្វៃទី 3 19:18, 22 ។ « ពួកគេ​បាន​អធិស្ឋាន​ដល់​ព្រះយេស៊ូវ »

ចេញពី​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ថ្ងៃចុងក្រោយ យើង​ដឹង​ថា យើង​ត្រូវ​ថ្វាយបង្គំ​ព្រះ​ជា​ព្រះវរបិតា និង​អធិស្ឋាន​ដល់​ទ្រង់​តែ​មួយ​គត់ ។ យើង​មិន​ត្រូវ​អធិស្ឋាន​ដល់​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ ឧទាហរណ៍ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ​ថា « អ្នករាល់គ្នា​ត្រូវ​អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​នូវ​នាម​យើង​ជានិច្ច » (នីហ្វៃទី 3 18:19) ។ ទោះជាយ៉ាងណាក្ដី រយៈពេល​ខ្លី​ក្រោយពី​ព្រះអង្គសង្គ្រោះ​បានបង្រៀន​ការណ៍​នេះ ពួកសាវក​សាសន៍​នីហ្វៃ​បាន​អធិស្ឋាន​ដោយ​ផ្ទាល់​ទៅ​ទ្រង់ ( សូមមើល នីហ្វៃទី 3 19:18) ។ ពួកគេ​បាន​ធ្វើ​ដូច្នោះ ទ្រង់​បាន​មាន​បន្ទូល​ថា ដោយសារ​ទ្រង់​គឺ​នៅ​ជាមួយ​នឹង​ពួកគេ ( សូមមើល នីហ្វៃទី 3 19:22) ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ពន្យល់​ថា នេះ​គឺជា​ការលើកលែង​មួយ —ស្ថានភាព​ពិសេស ៖

« វាមាន​មូលហេតុ​ដ៏​ពិសេស​មួយ​ដែល​ការណ៍​នេះ​ត្រូវកើតឡើង​ក្នុង​កាលៈទេសៈ​នេះ និង​នៅក្នុង​មូលដ្ឋាន​ពេល​តែមួយ​នេះ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ពួកគេ​រួចមក​ហើយ​ថា​ឲ្យ​អធិស្ឋាន​នៅក្នុង​ព្រះនាម​របស់​ទ្រង់​ទៅរក​ព្រះវរបិតា ដែល​ពួកគេ​បាន​ធ្វើ​ជាលើក​ដំបូង ។… ព្រះយេស៊ូវ​បាន​មាន​វត្តមាន​នៅនឹង​មុខ​ពួកគេ​ជា​និមិត្តសញ្ញា​នៃ​ព្រះវរបិតា ។ ដោយ​ការឃើញ​ទ្រង់ វា​ដូចជា​ពួកគេ​បាន​ឃើញ​ព្រះវរបិតា​ដែរ ដោយ​ការអធិស្ឋាន​ទៅ​រក​ទ្រង់ វា​ដូចជា​ពួកគេ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​ដែរ ។ វា​គឺជា​ស្ថានភាព​ដ៏​ពិសេស និង​មាន​តែមួយ​គត់ » ( «The Promised Messiah [ ឆ្នាំ 1978 ], ទំព័រ 560, 561 ) ។