បណ្ណាល័យ
មេរៀន​ទី 52 ៖ ម៉ូសាយ 2


មេរៀនទី 52

ម៉ូសាយ 2

សេចក្តី​ផ្ដើម

នៅពេល​ស្ដេចប៊េនយ៉ាមីន​ជិត​ចូល​ទីវង្គត ទ្រង់​មាន​បំណងប្រាថ្នា​ចង់​បង្រៀន​ប្រជាជន​របស់​ទ្រង់ជា​លើក​ចុងក្រោយ ។ ការបង្រៀន​របស់​ទ្រង់ ដែល​ត្រូវ​បាន​កត់ត្រា​នៅក្នុង ម៉ូសាយ 2 គឺជា​ប្រធានបទ​នៃ​មេរៀន​នេះ និង មេរៀន​ទី 53–55 ។ ពេល​ចាប់ផ្ដើម​បង្រៀន ទ្រង់​បាន​ប្រាប់​ពី​ការបម្រើ​របស់​ទ្រង់​ដល់​ប្រជាជន ដោយ​បញ្ជាក់​ថា​យើង​បម្រើ​ដល់​ព្រះ នៅពេល​យើង​បម្រើ​ដល់​អ្នកដទៃ ។ ទ្រង់​ក៏​បាន​ថ្លែងទីបន្ទាល់​អំពី​ស្ថានភាព​ដ៏​រីករាយ​នៃ​អស់អ្នកណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

កំណត់​ចំណាំ ៖ ការសង្ខេប​ខាងក្រោម​អាច​ជួយ​អ្នក​បាន ប្រសិនបើ​អ្នក​ជ្រើសរើស​ដើម្បី​ផ្ដល់​សេចក្ដីសង្ខេប​នៃ​សេចក្ដីថ្លែង​របស់​ស្ដេចបេនយ៉ាមីន​នៅពេល​ចាប់ផ្ដើម​ថ្នាក់ ។

មកដល់​ចុងបញ្ចប់​នៃ​ព្រះជន្ម​របស់​ទ្រង់ ស្ដេចប៊េនយ៉ាមីន​បាន​ថ្លែង​ទៅកាន់​ប្រជាជន​ក្នុង​នគរ​ទ្រង់​នៅក្បែរ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ដែនដី​សារ៉ាហិមឡា ។ ទ្រង់​បាន​ប្រាប់​ពី​ដំណើររឿង​នៃ​ការបម្រើ​របស់​ទ្រង់​ទៅដល់​ប្រជាជន និង ពី​មនសិការ​ដ៏​ច្បាស់​របស់​ទ្រង់​ចំពោះ​ព្រះ ហើយ​ទ្រង់​បាន​បង្ហាញ​បុត្រា​របស់​ទ្រង់ ម៉ូសាយ ថា​ជា​ស្ដេច​ថ្មី​របស់​ប្រជាជន​នេះ ។ នៅក្នុង​សេចក្ដីថ្លែង​ចុងក្រោយ​របស់​ទ្រង់ ដែល​មាន​នៅក្នុង ម៉ូសាយ 2–5 សេ្ដចបេនយ៉ាមីន បាន​ចែកចាយ​សារលិខិត​អំពី​ប្រធានបទ​ជាច្រើន​រួមមាន សារៈសំខាន់​នៃ​ការបម្រើ​អ្នកដទៃ ការជំពាក់​ដ៏​អស់កល្ប​របស់​យើង​ទៅដល់​ព្រះវរបិតាសួគ៌ ការបម្រើ​ខាង​សាច់ឈាម និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ តម្រូវការ​ដើម្បី​ស្រាតចោល​នូវ​ភាពខាងសាច់ឈាម​ចេញ ការជឿ​លើ​ព្រះ​សម្រាប់​សេចក្ដី​សង្គ្រោះ ការចែក​រំលែក​ដល់​អ្នកក្រ ការទទួល​បាន​ការផ្ដាច់បាប និង ការក្លាយជា​បុត្រា និង បុត្រី​នៃ​ព្រះគ្រីស្ទ​តាមរយៈ​សេចក្ដី​ជំនឿ និង ការបន្ដ​ធ្វើ​ល្អ​ជានិច្ច ។ នៅក្នុង​កំណត់ចំណាំ​ពិសេស ម៉ូសាយ 3 រួមមាន​សារលិខិត​មួយ​ដែល​សេ្ដចបេនយ៉ាមីន​បាន​ទទួល​ពី​ទេវតា​មួយ​អង្គ ។

ម៉ូសាយ 2:1–9

គ្រួសារ​ជាច្រើន​ប្រមូល​ផ្ដុំ​គ្នា ហើយ​រៀបចំ​ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ស្ដេចបេនយ៉ាមីន

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​ផ្នែក​ខាងលើ ៖ នរណា ? កន្លែងណា ? អ្វី ? ហេតុអ្វី ?

សូម​ឲ្យ​សិស្ស​ស្វែងរក​នៅក្នុង ម៉ូសាយ 2:1–6 ដោយ​ស្ងៀមស្ងាត់ ដោយ​រកមើល​សេចក្ដី​លម្អិត​ដែល​ឆ្លើយតប​នឹង​សំណួរ​នៅលើ​ក្ដារខៀន ។ ក្រោយពី​ពួកគេ​បាន​អាន​ហើយ សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​សរសេរ​សេចក្ដី​លម្អិត​ដែល​ពួកគេ​មាន​ឲ្យ​បាន​ច្រើន​តាម​ដែល​គេ​អាច​នៅក្រោម​សំណួរ​នីមួយៗ​លើ​ក្ដារខៀន ។ ( អ្នក​អាចពន្យល់​ថា ប្រជាជន​បាន​រៀបចំ​ទទួល​ព្រះបន្ទូល​របស់​ស្ដេច​បេនយ៉ាមីន ដោយ​ការលះបង់​ទាក់ទង​នឹង​ច្បាប់​ម៉ូសេ ។ ក្នុង​ការលះបង់​នេះ ប្រជាជន​បាន​បង្ហាញ​ការដឹងគុណ​ដល់​ព្រះ ហើយ​ថ្វាយ​ខ្លួន​គេ​ដល់​ទ្រង់ ។ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ូសាយ 2:9 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ពាក្យ និង ឃ្លា​ដែល​បង្ហាញ​ពី​អ្វី​ដែល​ស្ដេច​ប៊េនយ៉ាមីន​ចង់​ឲ្យ​ប្រជាជន​ធ្វើ នៅពេល​ពួកគេ​ស្ដាប់​ពាក្យសម្ដី​របស់​ទ្រង់ ។

  • ចេញពី​ពាក្យ និង ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ តើ​អ្នកគិត​ថា សេ្ដច​ប៊េនយ៉ាមីន​មាន​ព្រះទ័យ​យ៉ាង​ណា​អំពី​សារលិខិត​របស់​ទ្រង់ ?

  • យោងតាម​ផ្នែក​ចុងក្រោយ​នៃ ម៉ូសាយ 2:9 តើ​សេ្ដច​ប៊េនយ៉ាមីន​ជឿ​ថា​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​ប្រជាជន​បើក​ត្រចៀក និង ដួងចិត្ត​របស់​ពួកគេ​ស្ដាប់តាម​សារលិខិត​របស់​ទ្រង់​នោះ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា ដើម្បី​បើក​ត្រចៀក និង ដួងចិត្ត​របស់​យើង​ស្ដាប់តាម​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បង្រៀន ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចងចាំ​ពី​ការអញ្ជើញ​របស់​ស្ដេច​បេនយ៉ាមីន នៅពេល​ពួកគេ​សិក្សា​សារលិខិត​របស់​ទ្រង់ និង នៅពេល​ពួកគេ​ស្ដាប់​តាមពាក្យ​សម្ដី​របស់​ព្យាការី​ថ្ងៃចុងក្រោយ​ទាំងឡាយ ។

ម៉ូសាយ 2:10–28

ស្ដេច​បេនយ៉ាមីន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការបម្រើ​ព្រះ និង ការបម្រើ​គ្នា​ទៅវិញទៅមក និង អំពី​ការជំពាក់​ដ៏​អស់កល្ប​របស់​យើង​ចំពោះ​ព្រះ

រូបភាព
King Benjamin Addresses His People

សូម​បង្ហាញ​សិស្ស​ពី​រូបភាព​ស្ដេច​បេនយ៉ាមីន ដែល​ថ្លែង​ទៅកាន់​ប្រជាជន​របស់​ទ្រង់ ( 62298 សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 74 ) ។ សូម​រំឭក​សិស្ស​ថា ស្ដេច​បេនយ៉ាមីន​បាន​ហៅ​ប្រជាជនន​របស់​ទ្រង់​ឲ្យ​មក​ជួបជុំ​គ្នា​ដើម្បី​ប្រកាស​ថា បុត្រា​របស់​ទ្រង់ ម៉ូសាយ នឹង​សោយរាជ្យ​បន្ដ​ជា​ស្ដេច និង ដាក់​ឲ្យ​ពួកគេ​នូវ “ ឈ្មោះ​មួយ​ដល់​ប្រជាជន​នេះ​ដើម្បី​ឲ្យ​គេ​អាច​ញែក​ចេញ​ពី​ប្រជាជន​ទាំងអស់​ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​នាំ​ចេញ​ពី​ដែនដី​យេរូសាឡិម ” ( សូមមើល ម៉ូសាយ 1:9–12 ) ។

សូម​អាន ម៉ូសាយ 2:10–15 ឮៗ​ក្នុង​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​ស្វែងរក​ឃ្លា​ដែល​បង្ហាញ​ពី​ការបារម្ភ​របស់​ស្ដេច​បេនយ៉ាមីន​អំពី​ការបម្រើ​ប្រជាជន មិនមែន​អំពី​កិត្តិនាម ឬ ការទទួលស្គាល់​ផ្ទាល់ខ្លួន​របស់​ទ្រង់​ឡើយ ។ សួម​អញ្ជើញ​ពួកគេ​ឲ្យ​លើកដៃ​ឡើង នៅពេល​ពួកគេ​ឮ​ឃ្លា​មួយ​នៃ​ឃ្លា​ទាំងនេះ ។ នៅពេល​ពួកគេ​លើកដៃ សូម​ឈប់​អាន​សិន ហើយ​សុំ​ឲ្យ​ពួកគេ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ និង ពី​អ្វី​ដែល​វា​បង្ហាញ​អំពី​សេ្ដច​បេនយ៉ាមីន ។

នៅ​ផ្នែក​នៃ​ការពិភាក្សា​នេះ សូម​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖

“ សូម​កុំ​បារម្ភ​ខ្លាំងពេក​ពី​កិត្តិនាម ។ … វា​សំខាន់​ដែល​ត្រូវ​បាន​គេ​សរសើរ ។ ប៉ុន្ដែ​ការផ្ដោត​របស់​យើង​គួរតែ​នៅលើ​សេចក្ដីសុចរិត មិនមែន​ការល្បីល្បាញ​ទេ ផ្ដោត​លើ​ការបម្រើ មិនមែន​កិត្តិនាម​នោះ​ទេ ” ( “ To the Women of the Church,” Ensign ខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 96 ) ។

សូម​ឲ្យ​សិស្ស​អាន ម៉ួសាយ 2:16–17 ដោយ​ស្ងាត់ស្ងៀម ហើយ​រក​នូវ​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​ចង់​ឲ្យ​ប្រជាជន​របស់​ទ្រង់​រៀន ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា នៅពេល​យើង​បម្រើ​ដល់​អ្នកដទៃ នោះ​យើង​បម្រើ​ដល់​ព្រះ ។សូម​សរសេរ​ប្រយោគ​នេះ​នៅលើ​ក្ដារខៀន ។ សូម​បង្ហាញ​ថា ម៉ូសាយ 2:17 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​គួរ​លើកទឹកចិត្ត​ដល់​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​នេះ​តាម​របៀប​មួយ ដែល​ពួកគេ​នឹង​អាច​រកវា​ឃើញ​ដោយ​ងាយស្រួល ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល ដែល​ពួកគេ​បាន​បម្រើ​ដល់​អ្នកដទៃ ។

  • នៅពេល​ដែល​អ្នក​បម្រើ​ដល់​អ្នកដទៃ តើ​អ្នក​ក៏​អាច​បម្រើ​ដល់​ព្រះ​ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា​ដែល​មាន​អ្នកដទៃ​បាន​ប្រទានពរ​ដល់​ជីវិត​អ្នក តាមរយៈ​ការបម្រើ ? នៅពេល​ពួកគេ​បម្រើ​អ្នក តើ​ពួកគេ​ក៏​បាន​បម្រើ​ដល់​ព្រះ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ឆ្លាស់គ្នា​អាន ម៉ូសាយ 2:18–24, 34 ឮៗ ។

  • ហេតុអ្វី​បានជា​សេ្ដចបេនយ៉ាមីន​ហៅ​ខ្លួន​ទ្រង់ និង ប្រជាជន​របស់​ទ្រង់​ថា​ជា “ អ្នកបម្រើ​ដ៏ឥតប្រយោជន៍ ” ? ( អ្នក​អាច​ពន្យល់​ថា ប្រជាជន​យក​ផល​ចំណេញ នៅពេល​ពួកគេ​ទទួល​បាន​ច្រើនជាង​ពួកគេ​ចាយ ។ យើង​គឺជា​អ្នកបម្រើ​ដ៏ឥតប្រយោជន៍​ចំពោះ​ព្រះវរបិតាសួគ៌​របស់​យើង ដោយសារ​តម្លៃ​នៃ​ពរជ័យ​ដែល​ទ្រង់​បានប្រទាន​ដល់​យើង​នោះតែងតែ​លើសលប់​ជាង​តម្លៃ​នៃ​ការបម្រើ​ដែល​ទ្រង់​បាន​ទទួល​ពី​យើង ។ )

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ទទួល ហើយ​អ្នក​មាន​អារម្មណ៍​ថានៅ​ជំពាក់​ដល់​ព្រះ ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដឹង​ថា​យើង “ ជាប់​ជំពាក់​គុណ​ដ៏​អស់កល្ប​ជានិច្ច ” ដល់​ព្រះ ? ( ចម្លើយ​អាច​រួម​មាន នៅពេល​យើង​ដឹង​ថា យើង​ជាប់​ជំពាក់​គុណ​ដល់​ព្រះ នោះ​ការដឹងគុណ​របស់​យើង​នឹង​កើនឡើង យើង​មាន​បំណង​ចង់​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​យើង​ចង់​បម្រើ​ដល់​អ្នកដទៃ​កាន់​តែ​ខ្លាំង ។ )

សូម​ពន្យល់​ថា នៅក្នុង ម៉ូសាយ 2:34 ពាក្យ តបស្នងគុណ មាន​ន័យ​ថា ឲ្យ ឬ ប្រគល់​ឲ្យ​វិញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច “ តបស្នង​គុណ​ដល់ [ ព្រះវរបិតា​សួគ៌ ] នូវ​អ្វី​ដែល [ ពួកគេ ] មាន ” ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​កាន់​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ ហើយ​ស្វែងរក​ការបម្រើ​ដោយ​ចិត្ត​ស្មោះ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង ។

ម៉ូសាយ 2:29–41

ស្ដេច​បេនយ៉ាមីន​បាន​ដាស់តឿន​ប្រជាជន​របស់​ទ្រង់​ឲ្យ​គោរពតាម​ព្រះ

សូម​សរសេរ ប្រយ័ត្ន នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ប្រាប់​អំពី​ពេល​ដែល​ពួកគេ​បាន​ឃើញ​សញ្ញា​មួយ ដែល​ប្រើ​ពាក្យ​នេះ ឬក៏​ទាក់ទង​នឹង​គំនិត​នេះ ។ សូម​បង្ហាញ​ថា ការហាមប្រាម​បែបនោះ​អាច​ការពារយើង ឬ ជួយ​សង្គ្រោះ​ជីវិត​របស់​យើង ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 2:32–33, 36–38 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​បាន​ប្រាប់​ប្រជាជន​របស់​ទ្រង់​ឲ្យ​ប្រយ័ត្ន ។ អ្នក​អាច​ត្រូវ​ពន្យល់​ថា នៅក្នុង ម៉ូសាយ 2:33 ពាក្យ ការវេទនា សំដៅ​ទៅលើ​ទុក្ខសោក និង ការសោកសង្រេង ។

  • តើ​ការហាមប្រាម​អ្វី​ខ្លះ ដែល​ស្ដេច​បេនយ៉ាមីន​បាន​ប្រាប់​ទៅ​ប្រជាជន​របស់​ទ្រង់ ?

  • តើ​យើង​អាច​ដឹង​ដោយ​របៀប​ណា ថា​យើង​កំពុង​ចាប់ផ្ដើម​ធ្វើតាម​វិញ្ញាណ​ខុសឆ្គង​នោះ ? ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដឹង​ពីការ​ខុស​ឆ្គង​នោះ​ជា​មុន ?

  • យោង​តាម ម៉ូសាយ 2:38 តើ​អ្វី​ខ្លះ​ជា​ផលវិបាក​ទៅដល់​អ្នកដែល​ស្លាប់​នៅក្នុង​អំពើ​បាប​របស់​ពួកគេ ?

អ្នក​អាច​បញ្ជាក់បន្ថែម​ពី​ការបង្រៀន​នេះ​នៅក្នុង ម៉ូសាយ 2:36 ថា​បុគ្គល​ម្នាក់ៗ​អាច​លែង​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ដោយសារ​អាកប្បកិរិយា​ផ្ទាល់​របស់​គេ ។ អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ថ្លែង​អំពី​សារៈសំខាន់​ក្នុង​ការដឹង នៅពេល​យើង​អាច​លែងមាន​ព្រះវិញ្ញាណ ៖

“ យើង​គួរ … ព្យាយាម​យល់ដឹង នៅពេល​យើង ‹ ដកខ្លួន​ថយ​ចេញ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ដើម្បី​កុំ​ឲ្យ​ព្រះវិញ្ញាណ​មាន​កន្លែង​នៅក្នុង​ខ្លួន[ យើង ] ទៀត​ឡើយ ដើម្បី​ណែនាំ [ យើង ] ទៅតាម​ផ្លូវ​ទាំងឡាយ​ខាង​ប្រាជ្ញា​ដើម្បី [ យើង ] អាច​បាន​ពរ​ចម្រើន​ឡើង ហើយ​ស្ថិតស្ថេរ​ជាប់នៅ › ( ម៉ូសាយ 2:36 ) ។ …

“ … ប្រសិនបើ​អ្វី​មួយ​ដែល​យើង​គិត ឃើញ ឮ ឬ ធ្វើ​ឲ្យ​យើង​ចាកចេញ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ នោះ​យើង​គួរ​ឈប់​គិត មើល ស្ដាប់ ឬ ធ្វើ​រឿង​នោះ​ទៀត ។ ប្រសិនបើ​រឿង​នោះ​មាន​បំណង​ដើម្បី​កំសាន្ដ ឧទាហរណ៍ ធ្វើ​ឲ្យ​យើង​លែង​ជិត​ស្និទ្ធ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៀត នោះ​វា​ប្រាកដ​ណាស់​ថា​ការកំសាន្ដ​ប្រភេទ​នោះ​គឺ​មិនមែន​សម្រាប់​យើង​នោះ​ទេ ។ ដោយសារ​ព្រះវិញ្ញាណ​មិន​អាច​នៅ​ជាមួយ​នឹង​អ្វី​ដែល​អាសគ្រាម គ្រោតគ្រាត ឬ ក្រអឺតក្រទម​នោះ​ទេ ដូច្នេះ​វា​ជាក់ច្បាស់​ថា​អ្វី​បែប​នោះ​គឺ​មិនមែន​សម្រាប់​យើង​នោះ​ទេ ។ ដោយសារ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ នៅពេល​យើង​ធ្វើ​សកម្មភាព​នានា​ដែល​យើង​ដឹង​ថា​យើង​គួរ​គេច​ចេញ នោះ​រឿង​បែប​នោះ​គឺ​ពិត​ជា​មិនមែន​សម្រាប់​យើង​នោះ​ទេ ” ( “ ដើម្បី​ឲ្យ​យើង​តែងតែ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង ” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 30 ) ។

  • តើ​អែលឌើរ បែដណា បាន​និយាយ​ថា​អ្វី ដែល​នឹង​គម្លាត​យើង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​យើង​អាច​ដឹង នៅពេល​យើង​ឃ្លាត​ខ្លួន​យើង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ?

សូម​សរសេរ​ពាក្យ ចងចាំ និង ពិចារណា នៅលើ​ក្ដារខៀន ក្បែរ​ពាក្យ ប្រយ័ត្ន ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 2:40–41 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​ចង់​ឲ្យ​ប្រជាជន​របស់​ទ្រង់​ពិចារណា និង អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ពួកគេ​ចងចាំ ។ នៅពេល​សិស្ស​ឆ្លើយ អ្នក​អាច​បញ្ជាក់​ការបង្រៀន​របស់​ស្ដេច​បេនយ៉ាមីន​ដោយ​ការសរសេរ​នូវ​សេចក្ដីពិត​ដូចខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​ត្រូវ​បាន​ប្រទានពរ​ខាងសាច់ឈាម និង ខាង​វិញ្ញាណ ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ធ្វើ​ទីបន្ទាល់ ឬ ទទួល​បទពិសោធន៍​ពី​សុភមង្គល​ដែល​មកពី​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​អ្វី​ដែល​សិស្ស​បាន​ពិភាក្សា​នៅ​ថ្ងៃនេះ ។ សូម​បញ្ចប់​ដោយ​ការលើកទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​គោលដៅ​ជាក់លាក់​ដើម្បី​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជាង​មុន​នៅក្នុង​រឿង​ណា​ដែល​ពិបាក​សម្រាប់​ពួកគេ ឬ ខិតខំ​ពង្រឹង​ខ្លួន​នៅក្នុង​បញ្ហា​ណា​មួយដែល​មាន​នៅ​ក្នុង​ការអភិវឌ្ឍ៍​ផ្ទាល់ខ្លួន ( សម្រាប់​យុវនារី ) ឬ កាតព្វកិច្ច​ចំពោះ​ព្រះ ( សម្រាប់​យុវជន ) ។

ចំណេះចំណាន​ខគម្ពីរ —ម៉ូសាយ 2:17

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ូសាយ 2:17, ម៉ាថាយ 22:36–40 និង ម៉ាថាយ 25:40 ។ វគ្គ​នៅក្នុង​ម៉ាថាយ​ជួយ​បរិយាយ​ពី​គោលលទ្ធិ ជួយ​បន្ថែម​ការយល់​ដឹង និង បញ្ជាក់​ពី​អត្ថន័យ​នៃ ម៉ូសាយ 2:17 ។ អ្នក​អាច​​លើកទឹកចិត្ត​សិស្ស​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ខគម្ពីរ​ដោយ​ការសរសេរ ម៉ាថាយ 22:36–40 ក្បែរ ម៉ូសាយ 2:17, ម៉ាថាយ 25:40 ក្បែរ ម៉ាថាយ 22:36–40, និង ម៉ូសាយ 2:17 ក្បែរ ម៉ាថាយ 25:40 ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់​ពី​ពេល​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ថា ពួកគេ​បាន​កំពុង​បម្រើ​ព្រះ​ដោយ​ការបម្រើ​ដល់​អ្នកដទៃ ។

សូម​អញ្ជើញឲ្យ​សិស្ស​បម្រើ​នរណាម្នាក់ មុន​ពេល​ចាប់ផ្ដើម​ថ្នាក់​សិក្ខាសាលា​លើកក្រោយ ។ សូម​ផ្ដល់​យោបល់​ថា ពួកគេ​គួរ​រៀបចំ​ចែកចាយ​បទពិសោធន៍​របស់​ខ្លួន​ក្នុង​កិច្ចការ​នេះ ( ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ពួកគេ​មិន​ចាំបាច់​មាន​អារម្មណ៍​ថា​ត្រូវ​ចែកចាយ​បទពិសោធន៍​​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ) ។

អ្នក​ក៏​អាច​សុំឲ្យ​សិស្ស​ទន្ទេញ​ ម៉ូសាយ 2:17 មុនពេល​អ្នក​ជួប​គ្នា​លើកក្រោយ​ទៀត​ដែរ ។

សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​បម្រើ​អ្នកដទៃ​ដោយ​ស្មោះស យើង​បម្រើ​ដល់​ព្រះអម្ចាស់ ។

កំណត់​ចំណាំ ៖ ដោយសារ​តែ​លក្ខណៈ និង​រយៈពេល​នៃ​មេរៀន​នេះ អ្នក​អាច​ប្រើ​សកម្មភាព​នេះ​នៅ​ថ្ងៃ​ក្រោយ នៅពេល​អ្នក​មាន​ពេល​បន្ថែម ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 2:33, 38–39 ។ « ទោស​ដ៏​អស់កល្ប » « ភ្លើង​ដែល​ពន្លត់​មិន​បាន » និង « ការទុក្ខវេទនា​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ »

នៅក្នុង​ការព្រមាន​មួយ​អំពី​លទ្ធផល​នៃ​ការបះបោរ​ទាស់​នឹង​ព្រះ ស្ដេច​បេនយ៉ាមីន​បាន​ប្រើ​ឃ្លា « ទោស​ដ៏​អស់កល្ប » (ម៉ូសាយ 2:33), « ភ្លើង​ដែល​ពន្លត់​មិន​បាន » (ម៉ូសាយ 2:38), និង « ការទុក្ខវេទនា​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ » (ម៉ូសាយ 2:39) ។ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​ពាក្យ​ទាំងនេះ សូម​មើល​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា 19:6–12 ។