បណ្ណាល័យ
មេរៀនទី 98 ៖ អាលម៉ា 41


មេរៀនទី 98

អាលម៉ា 41

សេចក្តី​ផ្ដើម

ដោយបន្ដ​ណែនាំ​ដល់​កូនប្រុស​របស់​គាត់ កូរីអានតុន អាលម៉ា​បាន​បង្រៀន​ថា​ផែនការ​នៃ​ការស្ដារឡើងវិញ​មិន​ត្រឹមតែ​រួមមាន​ការរស់ឡើងវិញ​ខាង​រាងកាយ​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែមទាំង​ការស្ដារឡើងវិញ​ខាង​វិញ្ញាណ​មួយ​ដែល​សភាព​ដ៏​អស់កល្ប​របស់​យើង​ឆ្លុះបញ្ចាំង​ពី​សកម្មភាព និង​បំណង​ខាង​សាច់ឈាម​របស់​យើង ។ អាលម៉ា​បញ្ជាក់​ថា អំពើទុច្ចរិត​មិន​អាច​នាំ​ទៅរក​សុភមង្គល​ឡើយ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 41

អាលម៉ា​បង្រៀន​កូរីអានតុន​អំពី​ផែនការ​នៃ​ការស្ដារឡើងវិញ

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​គិត​ពី​របៀប​ដែល​សកម្មភាព​របស់​មនុស្ស​ម្នាក់​អាច​មាន​ឥទ្ធិពល ប្រសិនបើ​ពួកគេ​ជឿ​លើ​ប្រយោគ​ខាងក្រោម ( សូម​ឈប់​បន្ទាប់ពី​បញ្ចប់​ប្រយោគ​នីមួយៗ​ដើម្បី​ឲ្យ​សិស្ស​ឆ្លើយ ) ៖

គ្មាន​ជីវិត​បន្ទាប់ពី​សេចក្ដីស្លាប់​នោះ​ទេ ។

ក្រោយពី​យើង​ស្លាប់ យើង​នឹង​ត្រូវ​ធ្វើឲ្យ​បាន​ឥតខ្ចោះ ដោយ​មិនគិត​ពី​កិច្ចការ​របស់​យើង​នៅលើ​ផែនដី​នោះទេ ។

នៅក្នុង​ការជំនុំជម្រះ​លើកចុងក្រោយ យើង​នឹង​ទទួល​បាន​រង្វាន់​សម្រាប់​អំពើ​ល្អ​របស់​យើង ហើយដាក់​ទោស​ចំពោះ​អំពើ​អាក្រក់​របស់​យើង ។

  • ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​យល់​ឲ្យ​បាន​ត្រឹមត្រូវ​ពី អ្វី​ដែល​នឹង​កើតឡើង​ដល់​យើង​បន្ទាប់ពី​យើង​ស្លាប់​ទៅ ?

សូម​រំឭក​សិស្ស​ថា​នៅក្នុង អាលម៉ា 40 ពួកគេ​បាន​រៀន​អំពី​ការបង្រៀន​របស់​អាលម៉ា​ដល់​កូរីអានតុន​អំពី​ពិភព​វិញ្ញាណ ការរស់ឡើងវិញ និង​ការជំនុំជម្រះ ។ សូម​ពន្យល់​ថា​នៅក្នុង អាលម៉ា 41 យើង​រៀន​ថា កូរីអានតុន​បាន​ច្រឡំ​នឹង​អ្វី​ដែល​មនុស្ស​ខ្លះ​កំពុង​បង្រៀន​អំពី​ការរស់ឡើងិវញ ។ សូម​បង្ហាញ​ឃ្លា « បាន​ដើរ​វង្វេង​ទៅ​ឆ្ងាយ » នៅក្នុង អាលម៉ា 41:1 ហើយ​សូម​ឲ្យ​សិស្ស​អាន​ខ​នេះ​ដោយ​រកមើល​អ្វី​ដែល​បណ្ដាល់​ឲ្យ​មនុស្ស​ខ្លះ​ដើរ​វង្វេង ។

  • ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​ដើរ​វង្វេង ? ( អ្នក​អាច​ពន្យល់​ថា ការប្រកួត​ព្រះគម្ពីរ គឺ​ត្រូវ​ត្របាញ់​វា​ចូលគ្នា ប្រែប្រួល​វា ឬ ផ្លាស់ប្ដូរ​អត្ថន័យ​របស់​វា ។

  • តើ​អាលម៉ា​បាន​និយាយ​ថា​គាត់​នឹង​ពន្យល់​អ្វី​ដល់​កូរីអានតុន ?

នៅពេល​សិស្ស​រកឃើញ​ពាក្យ ការសាងឡើងវិញ អ្នក​អាច​សរសេរ​វា​នៅក្នុង​ក្ដារខៀន ។ សូម​ពន្យល់​ថា ការសាងឡើងវិញ មាន​ន័យ​ថា ការនាំ​មក​វិញ ឬ​ការដាក់​មក​វិញ​នូវ​សភាព​ដើម​វា​មុន ។

សូម​ពន្យល់​ថា អាលម៉ា​ចង់​ឲ្យ​កូរីអានតុន​យល់​ថា មាន​ចំណែក​ខាង​រាងកាយ និង​ចំណែក​ខាង​វិញ្ញាណ​ដែល​ជា​អ្វី​ដែល​គាត់​ហៅ​ថា « ផែនការ​នៃ​ការសាងឡើងវិញ » ( អាលម៉ា 41:2 ) ។ សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា 41:2–5 ដោយ​ស្ងាត់ៗ ដោយរកមើល​អ្វីៗ​ដែល​នឹង​ត្រូវបាន​សាងឡើងវិញ​ខាង​រូបកាយ​ដល់​យើង បន្ទាប់​ពី​ការស្លាប់ និង​អ្វី​ដែល​នឹង​ត្រូវ​សាងឡើងវិញ​ខាង​វិញ្ញាណ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ មុនពេល​សិស្ស​អាន វា​អាច​ជួយ​ដល់​អ្នក​បើ​អ្នក​ពន្យល់​ថា ជាការចាំបាច់ មាន​ន័យ​ថា​ដែល​ត្រូវការ ឬ​ចាំបាច់ ។

  • តើ​អ្វី​ជា​ផ្នែក​នៃ​រាងកាយ​នៃ​ផែនការ​នៃ​ការសាងឡើងវិញ​ដែល​បាន​លើកឡើង​នៅក្នុង អាលម៉ា 41:2 ? ( នៅក្នុង​ការរស់ឡើងវិញ ព្រលឹង​មនុស្ស​នឹង​ត្រូវ​ផ្គុំ​ទៅក្នុង​រាងកាយ ហើយ​ផ្នែក​ទាំងអស់​នៃ​រាងកាយ​នឹង​បាន​ផ្គុំឡើង​វិញ ។

  • តើ​អ្វី​ជា​ផ្នែក​នៃ​វិញ្ញាណ​នៃ​ផែនការ​នៃ​ការសាងឡើងវិញ​ដែល​បាន​លើកឡើង​នៅក្នុង អាលម៉ា 41:3–5? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ យើង​នឹង​ត្រូវ​សាង​ឡើងវិញ​អាច​ទាំង​សុភមង្គល ឬ​អាច​ជា​ទុក្ខវេទនា​យោងតាម​កិច្ចការ​របស់​យើង និង​បំណង​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់ ។

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​កំពុង​បង្រៀន​ខគម្ពីរ​ទាំងនេះ​ដល់​សិស្ស​ក្នុង​ថ្នាក់​កុមារ ។

  • តើ​អ្នក​នឹង​ពន្យល់​ពី​គោលលទ្ធិ​នៃ​ការសាងឡើងវិញ​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​ក្មេងៗ​អាច​យល់​ដោយ​របៀបណា ?

សូម​រំឭក​សិស្ស​ថា កូរីអានតុន​បាន​រំលង​ច្បាប់​ព្រហ្មចារីយភាព ហើយ​បាន​លះបង់ចោល​ការទទួលខុសត្រូវ​បេសកកម្ម​របស់​គាត់ ( សូមមើល អាលម៉ា 39:2–4 ) ។

  • តើ​ការយល់​ដ៏​ត្រឹមត្រូវ​នៃ​គោលលទ្ធិ​នៃ​ការសាងឡើងវិញ​ខាង​វិញ្ញាណ​អាច​ជួយ​ដល់​កូរីអានតុន​ឲ្យ​រើស​ជម្រើស​ដ៏​ល្អ​ជាង​មុន​ដោយ​របៀបណា ? តើ​ការយល់​ពី​គោលលទ្ធិ​នេះ​អាច​ជះឥទ្ធិពល​ដល់​សកម្មភាព និង​បំណង​របស់​យើង​ដោយ​របៀបណា ?

សូម​ថ្លែងទីបន្ទាល់​ពី​សេចក្ដីពិត​នៃ​គោលលទ្ធិ​នេះ ហើយ​សូមចែកចាយ​ពី​គំនិត​របស់​អ្នក​អំពី​សេចក្ដីយុត្តិធម៌​នៃ​ព្រះ​នៅក្នុង​ការសាង​យើង​ម្នាក់ៗ​ឡើងវិញ​ដល់​សេចក្ដីល្អ ឬ សេចក្ដីអាក្រក់​ស្របតាម​បំណង និង​សកម្មភាព​របស់​យើង​ទាំងឡាយ ។

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ចុះ​បើ​ខ្ញុំ​បាន​ធ្វើ​អំពើបាប ?

  • យោងតាម​ផែនការនៃ​ការសាង​ឡើងវិញ តើ​យើង​ទទួល​បាន​អ្វី បើសិន​ជា​បាន​ធ្វើ​អំពើបាប​នោះ ?

  • តើ​មាន​វិធីណា​ដើម្បី​សាងឡើងវិញ​នូវ​សេចក្ដីល្អ និង​សុភមង្គល​ដល់​យើង នៅពេល​យើង​បាន​ធ្វើ​ខុស​ទេ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 41:6–9 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ទទួល​បាន​សេចក្ដីល្អ និង​សុភមង្គល​សាងឡើងវិញ​ដល់​យើង ទោះបីជា​ជា​នៅពេល​យើង​បាន​ធ្វើ​អំពើបាប​ក្ដី ។ ( យើង​ត្រូវតែ​ប្រែចិត្ត ហើយ​ចង់​ធ្វើ​សុចរិត​ពេញ​មួយ​ជីវិត​របស់​យើង ។

  • តើ​ពាក្យ ឬ​ឃ្លា​ណា​នៅក្នុង អាលម៉ា 41:6–7 ប្រាប់​ថា​យើង​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​យើង​ទទួល​ពេល​រស់ឡើងវិញ ? តើ​យើង​ជា​ចៅក្រម​ផ្ទាល់ខ្លួន​ឯង​តាម​វិធីណា ? ( ជម្រើស​របស់​យើង​នៅក្នុង​ជីវិត​រមែងស្លាប់​សម្រេច​ពី​ប្រភេទ​នៃ​សេចក្ដីជំនុំជម្រះ​ដែល​យើង​នឹង​ទទួល នៅពេល​យើង​ឈរ​នៅចំពោះ​មុខ​ព្រះ ។

សូម​បង្ហាញ​ថា មនុស្ស​ខ្លះ​គិត​ថា ពួកគេ​អាច​ត្រឡប់ទៅ​រស់នៅ​ជាមួយ​នឹង​ព្រះ​វិញ ដោយ​មិន​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ជាញឹកញាប់ ពួកគេ​និយាយ​ថា​ជម្រើស​ដ៏​មាន​បាប​របស់​គេ​គឺជា​ការរីករាយ ។ ពេលខ្លះ​អ្នកដែល​ធ្វើអំពើបាប​អាច​ទាំង​មើល​ទៅ​សប្បាយរីករាយ​ថែមទៀត​ផង ។

សូម​ឲ្យ​សិស្ស​ឈរ ហើយ​អាន អាលម៉ា 41:10ឬនៅក្នុង​កិច្ចសន្យា ។ សូម​បង្ហាញ​ថា អាលម៉ា 41:10 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​រក​វា​ឃើញ ។ ( ដោយោសារ​នេះ​គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ អ្នក​អាច​ឲ្យ​ពួកគេ​អាន​វា​រួមគ្នា​ម្ដង​ហើយ​ម្ដង​ទៀត ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ណាម្នាក់​ក្នុង​ថ្នាក់​សូត្រ​វា​ក៏​បាន ។ ) នៅពេល​ពួកគេ​បញ្ចប់ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​អង្គុយ ។ សូម​សរសេរ « សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » នៅលើ​ក្ដារខៀន ។

  • ហេតុអ្វីបានជា​វា​ពិត​ដែល​ថា « សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ?

  • តើ​អ្វី​ជា​គំរូ​នៃ​របៀប​ដែល​សាតាំង​នឹង​ឲ្យ​យើង​រំលង​ច្បាប់​មួយ ហើយ​ជឿ​ថា​យើង​នៅតែ​អាច​ទទួល​បាន​សុភមង្គល ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​សរសើរ​ពី​ភាពខុសគ្នា​រវាង​ការសប្បាយ​នៃ​លោកិយ​តែ​មួយ​ភ្លែត និង​សុភមង្គល​ដែល​ព្រះអម្ចាស់​បាន​ប្រទាន សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ គ្លែន អិល ផេស នៃ​ក្រុម​ចិតសិប​នាក់ ៖

« សកម្មភាព​ដែល​តែងតែ​ហាមឃាត់​ដោយ​ព្រះអម្ចាស់ និង​អស់រយៈពេល​ជាច្រើន​ឆ្នាំ​ដែល​សង្គម​មិនពេញចិត្ត​ឥឡូវ​នេះ​ត្រូវបាន​គេ​ទទួលយក ហើយ​តម្កើង​ដោយ​សង្គមដូចគ្នា​នោះ ។ ព័ត៌មាន​បម្រើ​ដល់​សកម្មភាព​ទាំងនេះ​នៅក្នុង​របៀប​មួយ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​មើលទៅ​គួរ​ឲ្យ​ចង់​បាន ។ …

« … កុំ​ច្រឡំ​ការសប្បាយ​នៃ​ស្ថាន​តេឡេស្ទាល និង​សុភមង្គល​និង​សេចក្ដីអំណរ​នៃ​ស្ថានសេឡេស្ទាល​ឡើយ ។ សូម​កុំ​ច្រឡំ​ការខ្វះ​ការគ្រប់គ្រង​លើ​ខ្លួន​ឯង​ថា​ជា​សេរីភាព ។ ការបំពេញ​សេរីភាព​ដោយ​គ្មាន​ការរឹតត្បិត​ដ៏​មិន​សមរម្យ ធ្វើ​ឲ្យ​យើង​ក្លាយជា​ខ្ញុំបម្រើ​ដល់​ចំណង់​របស់​យើង ។ សូម​កុំ​ច្រណែន​នឹង​ជីវិត​ដែល​តិចតួច និង​ទប់ទាប​ជាង​ឡើយ ។ …

« … ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​អ្នក​សង្កេត មិនមែន​ផ្ដល់​ដោយ​ព្រះ​ដ៏​គ្មាន​មេត្តា ដើម្បី​រារាំង​អ្នក​ពី​ការសប្បាយ​នោះទេ ប៉ុន្ដែ​ដោយ​ព្រះវរបិតា​ជាទីស្រឡាញ់​នៅលើ​ស្ថានសួគ៌​ដែល​ចង់​ឲ្យ​អ្នក​រីករាយ ខណៈពេល​ដែល​អ្នក​កំពុងរស់នៅ​លើ​ផែនដី​នេះ ក៏ដូចជា​នៅក្នុង​ភព​ក្រោយពី​ជីវិត​នេះ » ( « They’re Not Really Happy »Ensign,ខែ វិច្ឆិកា ឆ្នាំ 1987, ទំព័រ 39–40 ) ។

សូម​សរសេរ​នូវ​ឃ្លា​ដូច​ខាង​ក្រោម​នៅលើ​ក្តារ​ខៀន ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​សរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 41:10 ។ ( ឃ្លា​នេះ​មាន​នៅក្នុង “To ‘the Rising Generation,’” New Era,ខែ មិថុនា ឆ្នាំ 1986, ទំព័រ 5 ។ )

« អ្នក​មិន​ធ្វើ​ខុស ហើយ​មាន​អារម្មណ៍​ថា​ត្រូវ​នោះទេ ។ វា​មិន​អាច​ឡើយ ! » ( ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ) ។

សូម​ប្រាប់​សិស្ស​ថា អាលម៉ា 41:11ពន្យល់​ពី​មូលហេតុ​ដែល​វា​មិន​អាច​មាន​ការសប្បាយ​រីករាយ​ដ៏​ពិត នៅពេល​រើស​ជម្រើស​ខុស​នោះទេ ។ សូម​ចម្លង​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ( អ្នក​អាច​ចម្លង​វា​មុនចាប់ផ្ដើម​ថ្នាក់ ) ឬ​រៀបចំ​វា​ជា​ក្រដាស​ចែក​ដល់​សិស្ស ។ សូម​រៀបចំ​សិស្ស​ធ្វើការ​ជា​ដៃគូ ហើយ​ណែនាំ​ពួកគេ​ឲ្យ​ផ្គូផ្គង​ឃ្លា​នីមួយៗ​ពី អាលម៉ា 41:11ទៅនឹង​អត្ថន័យ​របស់​វា ។ សូម​ឲ្យ​ពួកគេ​ពិភាក្សា​ពី​សំណួរ​ដែល​អមមក​ផងដែរ ។

ឃ្លា​នៅក្នុង អាលម៉ា 41:11 ដែល​ពិពណ៌នា​ពី​ការនៅក្នុង « ស្ថានភាព​ខាង​សាច់ឈាម »

អត្ថន័យ

  1. « នៅក្នុង​ស្ថានភាព​ខាង​រូបកាយ »

  1. កម្រិត និង​រងទុក្ខ​ដោយ​អំពើបាប​របស់​យើង

  1. « នៅក្នុង​ប្រមាត់​ល្វីង​ជូរចត់ និង​នៅក្នុង​ចំណង​ទាំងឡាយ​នៃ​អំពើទុច្ចរិត »

  1. ការខ្វះ​ពរជ័យ និង​ការណែនាំ​ពី​ព្រះ ; ការបាត់បង់​ដៃគូ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ

  1. « គ្មាន​ព្រះ​នៅក្នុង​លោកិយ »

  1. គ្រប់គ្រង​ដោយ​ចំណង់​នៃ​សាច់ឈាម

នៅក្នុង​ខគម្ពីរ​នេះ យើង​ឃើញ​ថា « ព្រះហឬទ័យ​នៃ​ព្រះ » គឺជា « ស្ថានភាព​នៃ​សុភមង្គល » ។ តើ​ការណ៍​នេះ​ប្រាប់​អ្នក​អំពី​មូលហេតុ​ដែល​អំពើបាប​ផ្ទុយ​ពី​ស្ថានភាព​នៃ​សុភមង្គល​អ្វីខ្លះ ?

តើ​គំរូ​ដ៏​ជាក់លាក់ណាខ្លះ​នៃ​មូលហេតុ​ដែល​មនុស្ស​អាច​ឃើញ​ថា​ខ្លួនគេ​នៅក្នុង​ស្ថានភាព​នៃ​អសុភមង្គល​នោះ ?

( ចម្លើយ ៖ 1-គ, 2-ក, 3-ខ )

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​របៀប​ដែល​ការទទឹង​នៅក្នុង « ស្ថានភាព​ខាង​សាច់ឈាម » ទាក់ទង​នឹង​គោលលទ្ធិ​នៃ​ការសាងឡើងវិញ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 41:12 ។ ក្រោយពី​អាន​ខគម្ពីរ​នេះ​ហើយ សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​របស់​អាលម៉ា ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន​ចម្លើយ​របស់​អាលម៉ា​ទៅនឹង​សំណួរ​របស់​គាត់​នៅក្នុង អាលម៉ា 41:13 ។ ( អ្នក​អាច​ផ្ដល់យោបល់​ថា ពួកគេ​គួរ​គូសចំណាំ​អ្វី​ដែល​អាលម៉ា​បាន​និយាយ​ថា នឹង​ត្រឡប់​មក​ដល់​យើង​ជា​ផ្នែក​នៃ​ផែនការ​នៃ​ការសាងឡើងវិញ ។

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​មាន​មិត្ត​ម្នាក់​ដែល​កំពុង​ជ្រើសរើស​ដើរផ្លូវ​ដែល​ផ្ទុយ​ពី​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ប៉ុន្ដែ​ចង់​បាន​សាងឡើងវិញ​នៅក្នុង​សេចក្ដីសុចរិត ។ សូមឲ្យ​សិស្ស ពន្យល់ ពី​គោលលទ្ធិ​នៃ​ការសាងឡើងវិញ​ដល់​ដៃគូ ដូចជា​ពួកគេ​គឺជា​មិត្ត​ម្នាក់​នោះ ដោយ​ប្រើ អាលម៉ា 41:12–13 ។ ( សិស្ស​អាច​ប្រើ​សម្ដី​ខ្លួនឯង ឬ ពាក្យ​នៃ​ប្រយោគ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ៖ « យើង​នឹង​ត្រូវបាន​សាងឡើងវិញ​ដល់​សុភមង្គល ឬ​ដល់​សេចក្ដីទុក្ខវេទនា​យោងតាម​កិច្ចការ និង​បំណង​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់ » ។

សូម​បង្ហាញ​សិស្ស​រូប​ដំបង​ប៊ូម៉ឺរ៉ង់​មួយ ឬ គូស​រូប​ដំបង​ប៊ូម៉ឺរ៉ង់​មួយ​នៅលើក្ដារខៀន ។

សូម​សួរ​សិស្ស​ថា តើ​ដំបង​ប៊ូម៉ឺរ៉ង់​មួយ​ធ្វើអ្វី នៅពេល​គប់​វា​បាន​ត្រឹមត្រូវ​នោះ ។ ( វា​ត្រឡប់​ទៅ​កន្លែង​ដែល​វា​ត្រូវ​បាន​គប់​ចេញ​ទៅ​នោះ ។ សូមឲ្យ​ពួកគេ​អាន អាលម៉ា 41:14–15 ដោយ​ស្ងាត់ៗ ដោយ​រកមើល​របៀប​ដែល​ដំបង​ប៊ូម៉ឺរ៉ង់​អាច​តំណាង​ឲ្យ​ការទុកចិត្ត​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ( អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​ខគម្ពីរ​ទាំងនេះ ។ ( សូម​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​អ្វីខ្លះ​ដែល​អ្នក​សង្ឃឹម​ថា​នឹង​បាន​ទទួល​ពី​អ្នកដទៃ និង​ពី​ព្រះអម្ចាស់​នៅក្នុង​ជីវិត​នេះ និង​នៅក្នុង​ជីវិត​បន្ទាប់ពី​នេះ ? ( ចម្លើយ​អាច​រួមមាន​សន្ដានចិត្ត សេចក្ដីមេត្តាករុណា និង​សេចក្ដីស្រឡាញ់ ។ សូម​គិត​ពី​ការសរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ )

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ផ្ដល់​សេចក្ដីល្អ សេចក្ដីមេត្តាករុណា ឬ​សន្ដានចិត្ត​ដល់​អ្នកដទៃ ហើយ​ក្រោយមក​បាន​ទទួល​វា​វិញ ?

សូម​ណែនាំ​សិស្ស​ឲ្យ​ដាក់​គោលដៅ​ដើម្បី​ធ្វើ​តាម​របៀបទាំងឡាយ និង​អភិវឌ្ឍ​ឥរិយាបថ​ទាំងឡាយ​ដែល​ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា​នឹង​បាន​សាងពួកគេ​ឡើងវិញ​នៅក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់​ពី​នេះ ។ សូម​ថ្លែងទីបន្ទាល់​ពី​សុភមង្គល​ដែល​មក នៅពេល​យើង​ធ្វើអ្វី​ដែល​សុចរិត ។

ចំណេះចំណាន​ខគម្ពីរ—អាលម៉ា 41:10

កំណត់ចំណាំ ៖ ដោយសារតែ​លក្ខណៈ និង​ប្រវែង​នៃ​មេរៀន​នេះ សកម្មភាព​ខាងក្រោម​នឹង​បំផុត​សម្រាប់​ប្រើ​នៅ​ថ្ងៃក្រោយ នៅពេល​អ្នក​មាន​ពេល​បន្ថែម ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ … គឺជា​សុភមង្គល ។

សូម​ឲ្យ​សិស្ស​បំពេញ​ប្រយោគ​មួយ​ដែល​ផ្ទុយ​នឹង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង អាលម៉ា 41:10 ។ ( ចម្លើយ​មួយ​អាច​ថា « សេចក្ដីសុចរិត​គឺជា​សុភមង្គល » ។ ) បន្ទាប់មក សូម​ឲ្យ​សិស្ស​សរសេរ​ទង្វើ​សុចរិត​ជាក់លាក់​នានា​ដែល​ពួកគេ​មាន​អារម្មណ៍​នឹង​ត្រូវ​ក្នុង​ចន្លោះ​នេះ ។ ( ឧទាហរណ៍ « ការបម្រើ​ដល់​អ្នកដទៃ​គឺជា​សុភមង្គល » ។ ) សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​អាច​ថ្លែងទីបន្ទាល់​ថា ទង្វើ​សុចរិត​ទាំងនេះ​ដឹកនាំ​ទៅរក​សុភមង្គល​ទេ ។ ក្រោយពី​សិស្ស​ពីរ​បី​នាក់​បាន​ចែកចាយ​បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ​ហើយ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សរសេរ​លើ​កាតទំហំ​តូច​មួយ ឬ ក្រដាស​មួយ​នូវ​ទង្វើ​សុចរិត​មួយ ឬ​ពីរ​ដែល​ពួកគេ​អាច​ធ្វើ អំឡុងពេល​សប្ដាហ៍​នេះ​ដើម្បី​បង្កើន​សុភមង្គល​របស់​ពួកគេ ។ សូម​ណែនាំ​ពួកគេ​ឲ្យ​យក​ក្រដាស​ពួកគេ​ដាក់​តាម​ខ្លួនគេ​ជា​ការរំឭក ហើយ​រៀបរាប់​ពី​ការខិតខំ​របស់​គេ​នៅ​ថ្ងៃក្រោយ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 41:10 សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ

ប្រយោគ​ខាងក្រោម​ពី ពិត​ចំពោះ​សេចក្ដីជំនឿ បញ្ជាក់​បន្ថែម​ពី​គំនិត​ដែល​សិស្ស​អាច​មាន​សេចក្ដីរីករាយ និង​រកសុភមង្គល​តាម​របៀប​ត្រឹមត្រូវ ។

« មនុស្ស​ជាច្រើន​ព្យាយាម​ស្វែងរក​សុភមង្គល និង​ការបំពេញ​ក្នុង​សកម្មភាព​ដែល​ផ្ទុយ​ពី​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ដោយ​ការព្រងើយ​នឹង​ផែនការ​របស់​ព្រះ​សម្រាប់​ពួកគេ ពួកគេ​បដិសេធ​ប្រភព​តែមួយ​គត់​នៃ​សុភមង្គល​ដ៏​ពិតប្រាកដ ។ ពួកគេ​បាន​ចុះចាញ់​ពួកអារក្ស​ដែល ‹ ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំងអស់​មាន​ទុក្ខ​វេទនា​ដូចវា​ដែរ › (នីហ្វៃទី 2 2:27) ។ ទីបញ្ចប់​ពួកគេ​រៀន​ពី​សេចក្ដីពិត​នៃ​ការព្រមាន​របស់​អាលម៉ា​ដល់​កូនប្រុស​របស់​គាត់ កូរីអានតុន ៖ ‹ សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ › (អាលម៉ា 41:10) ។…

« នៅពេល​អ្នក​ចង់​សប្បាយ សូម​ចាំ​ថា​របៀប​តែមួយ​គត់​ដើម្បី​ទទួល​បាន​សប្បាយ​ដ៏​ពិត​ប្រាកដ​គឺ​ការរស់នៅ​តាម​ដំណឹងល្អ ។ អ្នក​នឹង​រកឃើញ​សុភមង្គល​ដ៏​មាន​សន្ដិភាព ដ៏​អស់កល្ប​នៅពេល​អ្នក​ខិតខំ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ អធិស្ឋាន​សុំ​កម្លាំង ប្រែចិត្ត​ពី​អំពើបាប​របស់​អ្នក ចូលរួម​សកម្មភាព​ដ៏​ល្អ ហើយ​ផ្ដល់​ការបម្រើ​ដ៏​មាន​អត្ថន័យ ។ អ្នក​នឹង​រៀន​ដើម្បី​មាន​ការរីករាយ​ដោយ​មាន​ព្រំដែន​ដែល​បាន​ដាក់​ដោយ​ព្រះវរបិតា​សួគ៌​នៅលើ​ស្ថានសួគ៌ » (ពិត​ចំពោះ​សេចក្ដីជំនឿ ៖ សេចក្ដីយោង​នៃ​ដំណឹងល្អ [ ឆ្នាំ 2004 ] ទំព័រ 79–80 ) ។

អាលម៉ា 41:10–11 ។ មនុស្ស​ទាំងអស់​ស្ថិតនៅក្នុង « ស្ថានភាព​ខាង​សាច់ឈាម »

ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន​ថា យើង​មាន​ស្ថានភាព និង​សមត្ថភាព​ពីរ​ដើម្បី​ជ្រើសរើស​សុភមង្គល​តាមរយៈ​ការបញ្ជា​លើ​ខ្លួន​ឯង ៖

«ការរស់នៅ​តាម​សេចក្ដីពិត និង​ភាពបរិសុទ្ធ​ដ៏​មាន​សីលធម៌​នាំ​មក​នូវ​សេចក្ដីអំណរ និង​សុភមង្គល ខណៈពេល​ដែល​ការរំលង​លើ​ច្បាប់​សីលលធម៌ និង​សង្គម​នាំ​មក​តែ​ការមិនពេញចិត្ត ការសោកស្ដាយ និង​នៅពេល​ដល់​កម្រិត​ខ្ពស់​មួយ នាំ​មក​នូវ​ការខូចខាត ។

« មនុស្ស​មាន​ស្ថានភាព​ពីរ —មួយ​ទាក់ទង​នឹង​ជីវិត​ខាង​លោកិយ ឬ​ភាវៈ ; ទីពីរ​ជា​ជីវិត​ខាង​វិញ្ញាណ​ដែល​ស្រដៀង​នឹង​ស្ថានសួគ៌ ។ រាងកាយ​របស់​មនុស្ស​ប៉ុន្ដែ​ជា​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​កន្លែង​ដែល​ព្រលឹង​របស់​គេ​នៅ ។ មនុស្ស​ជាច្រើន ពិត​ជា​ច្រើន​ពន់ពេកក្រៃ​ទោរទន់​គិត​ថា​រាងកាយ​ជា​មនុស្ស ហើយ​ជាលទ្ធផល​ដឹកនាំ​ការខិតខំ​របស់​គេ​ទៅ​បំពេញ​តាម​ការសប្បាយ ចំណង់ បំណងប្រាថ្នា តណ្ហា​របស់​រាងកាយ ។ មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ថា មនុស្ស​ពិត​គឺជា​ព្រលឹង​ដែល​រមែងស្លាប់​ដែល ‹ ប្រាជ្ញា ឬ​ពន្លឺ​នៃ​សេចក្ដីពិត › សកម្ម​ដូចជា​រាងកាយ​របស់​បុគ្គល​ម្នាក់​មុនពេល​រាងកាយ​នោះ​ត្រូវបាន​ទទួល ហើយ​ថា​រូបកាយ​ខាង​វិញ្ញាណនេះ​នឹង​បន្ដ​ក្រោយពី​រាងកាយ​ឈប់​ឆ្លើយតប​ទៅនឹង​បរិស្ថាន​នៃ​លោកិយ​របស់​វា ដោយ​លក្ខណៈ​ប្លែក​របស់​វា​ទាំងអស់ ។

« មិនថា​មនុស្ស​ម្នាក់​នៅបន្ដ​ពេញចិត្ត​នឹង​អ្វី​ដែល​យើង​រើស​នៅក្នុង​ពិភព​ភាវៈ ពេញចិត្ត​នឹង​អ្វី​ដែល​ពិភពភាវៈ​នឹង​ផ្ដល់​ឲ្យ​គេ ដោយ​ទោរទន់​តាម​ដោយ​មិនបាច់​ខំប្រឹង​ទៅតាម​កម្លាំង​នៃ​ចំណង់ និង​តណ្ហា​របស់​គេ ហើយ​ទៅ​កាន់តែ​ឆ្ងាយ​ទៅៗ​ទៅក្នុង​ពិភព​នៃ​ការសប្បាយ ឬ​មិនថា​តាមរយៈ​ការបញ្ជា​ខ្លួនឯង គេ​ចម្រើ​ទៅកាន់​សេចក្ដីរីករាយ​ខាង​ប្រាជ្ញា សីលធម៌ និង​ខាង​វិញ្ញាណ វា​ផ្អែក​លើ​ប្រភេទ​នៃ​ជម្រើស​ដែល​គេ​រើស​រាល់​ថ្ងៃ —ទេ រាល់​ម៉ោង​នៃ​ជីវិត​របស់​គាត់ » ( នៅក្នុង​របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ 1967 ទំព័ឬ 6–7 ) ។

អាលម៉ា 41:11 ។ « ផ្ទុយទៅនឹង​ស្ថានភាព​នៃ​សុភមង្គល »

អែលឌើរ អែហ្វ អេនហ្សីយ៉ូ ប៊ុសឆេ នៃ​ក្រុមចិតសិប​នាក់​បាន​ពន្យល់​ថា ការសិក្សា​ដ៏​ផ្ចិតផ្ចង់​នៃ​ព្រះបន្ទុល​នៃ​អ្នកបម្រើ​របស់​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ប្រយ័ត្ន នៅពេល​យើង​ធ្លាក់​ទៅក្នុង​សភាព​មួយ​ដែល​ផ្ទុយទៅនឹង​ស្ថានភាព​នៃ​សុភមង្គល ៖

« យើង​ទាំងអស់គ្នា​ម្ដងម្កាល​ទោរទន់​ទៅតាម​សភាព​មួយ​ដែល​ផ្ទុយទៅនឹង​ស្ថានភាព​នៃ​សុភមង្គល ហើយ​ដោយ​មិន​ចាំបាច់ ដោយសារតែ​យើង​ដេញតាម​សេចក្ដីទុច្ចរិត ឬ​អំពើអាក្រក់​ដល់​កម្រិត​ដ៏​ពេញលេញ​មួយ ។ ប៉ុន្ដែ​ដរាបណា​យើង​នៅក្នុង​សភាព​បណ្ដោះអាសន្ន​នា​លោកិយ​នេះ ឧបសគ្គ​អាច​មាន​ឥទ្ធិពល​លើ​យើង ។ យើង​អាច​មិន​សូវយកចិត្ត​ទុកដាក់​បន្ដិចបន្ដួច ។ យើង​អាច​ធ្វេសប្រហែស​ទំនាក់ទំនង​របស់​យើង​នឹង​អ្នកដែល​ជិតដិត​នឹង​យើង ។… ប្រហែល​ជា​យើង​អាច​ឲ្យ​ទម្លាប់ ឬ​ឥរិយាបថ​តូចតាច​ដ៏​អាក្រក់​ខ្លះ​ចូលទៅក្នុង​ជីវិត​របស់​យើង ; ឬ​ប្រហែល​ជា​យើង​បាន​បាត់បង់​ការយល់ដឹង​ក្នុង​កម្រិត​ខ្លះ​ពី​សារសំខាន់​នៃ​ការរក្សា​សេចក្ដីសញ្ញា​ដោយ​ភាពជាក់លាក់ ។ ប្រសិនបើ​ដូច្នោះ យើង​ស្ថិតនៅក្នុង​ស្ថានភាព​មាន​គ្រោះថ្នាក់​ហើយ ។ យើង​ត្រូវតែ​ប្រយ័ត្ន​នឹង​វា ។ យើង​មិន​អាច​ព្រងើយកន្ដើយ​នឹង​ស្ថានភាព​នេះ​ទេ ។ យើង​អាច​សង្កេត​ថា ពេល​ខ្លះ​យើង​មិន​បាន​សប្បាយ​ដោយ​ពិត​ប្រាកដ​នោះទេ ថា​យើង​ត្រូវតែ​បង្ខំ​ខ្លួនយើង​ឲ្យ​ញញឹម​ជាប្រចាំ ឬ ប្រហែល​ជា​ថា​យើង​ស្ថិតនៅក្នុង​ស្ថានភាព​ក្បែរ​អារម្មណ៍​បាក់​ទឹកចិត្ត ។… ទោះបីជា​យើង​អាច​បញ្ឆោត​អ្នកដទៃ​បាន តែ​យើង​មិន​អាច​បញ្ឆោត​ខ្លួនឯង​បាន​ទេ ហើយ​យើង​មិន​អាច​បញ្ឆោត​ព្រះអម្ចាស់​បាន​ឡើយ ។

« ដំណឹងល្អ​នៅក្នុង​ភាពពេញលេញ​របស់​វា​ត្រូវបាន​បង្រៀន​ទូទាំង​ពិភពលោក​ដោយ​អ្នកបម្រើ​ដែល​បាន​តែងតាំង​របស់​ព្រះអម្ចាស់ ថា​មនុស្ស​គ្រប់គ្នា​អាច​ប្រយ័ត្ន​នឹង​ស្ថានភាព​របស់​គេ ។ ដើម្បី​ខិតទៅជិត​នឹង​ព្រះបន្ទូល​នៃ​អ្នកបម្រើ​តែងតាំង​របស់​ព្រះអម្ចាស់ វា​ចាំបាច់​ដើម្បី​អាន និង​សិក្សា​ព្រះគម្ពីរ​ដោយ​ការប្ដេជ្ញា និង​ការស្មោះស្ម័គ្រ ។…

« …ព្រះអម្ចាស់​មិន​ចង់​ឲ្យ​យើង​ប្រយ័ត្ន​នឹង​ស្ថានភាព​របស់​យើង​នៃ​ភាពគ្មាន​អ្វី និង​ភាពវេទនា​នោះទេ ( សូមមើល ម៉ូសាយ 4:11; អាលម៉ា 26:12; ហេលេមិន 12:7; ម៉ូសេ 1:10) តែ​នៅថ្ងៃ​ជំនុំជម្រះ​ប៉ុណ្ណោះ​ទេ ។ ឥឡូវ ហើយ​រាល់ថ្ងៃ​នៅក្នុង​ជីវិត​រមែងស្លាប់​របស់​យើង ទ្រង់​ចង់​សំលៀង​ការប្រយ័ត្ន​របស់យើង ថា​យើង​អាច​ក្លាយជា​ចៅក្រម​ផ្ទាល់ខ្លួន នៅពេល​ទ្រង់​ហៅ​យើង​ឲ្យ​ប្រែចិត្ត​បន្ដ​ឥតដាច់ » ( « University for Eternal Life » Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 72 ) ។

អាលម៉ា 41:11 ។ យើង​អាច​ផ្លាស់ប្ដូរ​ស្ថានភាព​របស់​យើង​តាមរយៈ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« សារសំខាន់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​តម្រូវឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន និង អចិន្ដ្រៃយ៍​នៅក្នុង​និស្ស័យ​របស់​យើង ដែល​កើត​មាន​តាមរយៈ​ការពឹងផ្អែក​របស់​យើង​ទៅលើ ‹ បុណ្យគុណ និង សេចក្ដី​មេត្តា​ករុណា និង ព្រះគុណ​នៃ​ព្រះម៊ែស៊ី​ដ៏​បរិសុទ្ធ › ( នីហ្វៃទី 2 2:8 ) ។ នៅពេល​យើង​ជ្រើសរើស​ធ្វើតាម​លោកចៅហ្វាយ យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ —ដើម្បី​កើត​ខាង​វិញ្ញាណ » ( « អ្នកត្រូវតែ​កើត​ជាថ្មី​ម្ដងទៀត » EnsignLiahona, ខែ ឧសភា ឆ្នាំ 2007, ទំព័រ 20 ) ។