បណ្ណាល័យ
មេរៀនទី 62 ៖ ម៉ូសាយ 19–20


មេរៀនទី 62

ម៉ូសាយ 19–20

សេចក្តី​ផ្ដើម

ក្រោយពី​អាលម៉ា និង ប្រជាជន​របស់​គាត់​បាន​គេច​ពី​កងទ័ព​របស់​ស្ដេចណូអេ ស្ដេច​ណូអេ​ និង​ ប្រជាជន​របស់​ទ្រង់​បាន​ចាប់ផ្ដើម​រងទុក្ខ​នឹង​លទ្ធផល​នៃ​ភាពមិនសុចរិត​របស់​ពួកគេ ដូចដែល​បាន​ព្យាករណ៍​ដោយ​អ័ប៊ីណាដៃ— ពួកគេ​ត្រូវ​បាន​វាយប្រហារ និង ដាក់​ក្នុង​សេវកភាព​ដោយ​សាសន៍​លេមិន ហើយ​ស្ដេចណូអេ​បាន​រងទុក្ខ​ដល់​សុគត​ដោយ​ភ្លើង ។ កូនប្រុស​របស់​ណូអេ លិមហៃ បាន​ក្លាយជា​ស្ដេច​បន្ទាប់​ពី​ណូអេ​សុគត ។ នៅពេល​ពួកសង្ឃ​របស់​ស្ដេចណូអេ​ពីមុន​បាន​ចាប់ពង្រត់​កូនស្រី​នៃ​សាសន៍លេមិន​មួយ​ក្រុម សាសន៍​លេមិន​បាន​បន្ទោស​ដល់​ប្រជាជន​របស់​លិមហៃ ហើយ​បាន​រៀបចំ​ដើម្បី​វាយលុក​ពួកគេ ។ ប្រជាជន​របស់​លិមហៃ​បាន​ច្បាំង​ដោយ​ក្លាហាន ហើយ​ពួកគេ​បាន​រងរបួស ហើយ​បាន​ចាប់​យក​ស្ដេច​នៃ​សាសន៍​លេមិន ។ លិមហៃ​បាន​នាំ​សន្ដិភាព​ដល់​ស្ដេច​សាសន៍​លេមិន ដែល​ក្រោយមក​បាន​បញ្ចុះបញ្ចូល​ប្រជាជន​របស់​ខ្លួន​ឲ្យ​ត្រឡប់​ទៅ​ដែនដី​ខ្លួន​វិញ​ដោយ​សេចក្ដីសុខសាន្ដ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 19–20

សាសន៍​នីហ្វៃ​នៅក្នុង​ដែនដី​លីហៃ-នីហ្វៃ​បាន​ទទួល​នូវ​ការបំពេញ​នៃ​ការព្យាករណ៍​របស់​អ័ប៊ីណាដៃ

សូម​ឲ្យ​សិស្ស​គិត​ពី​ពេល​មួយ ដែល​នរណាម្នាក់​បាន​ព្រមាន​ដល់​ពួកគេ​ពី​គ្រោះថ្នាក់​មួយ​ដែល​ពួកគេ​មិន​អាច​មើលឃើញ ។ សូម​ឲ្យ​ពួកគេ​ប្រាប់​ពី​របៀប​ដែល​ពួកគេ​ត្រូវ​បាន​ប្រទានពរ ដោយសារ​ពួកគេ​បាន​ធ្វើតាម​ការព្រមាន​នោះ ។ សូម​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​ពី​គោលបំណង​នៃ​ការព្រមាន​ដោយ​ការសួរ​សំណួរ​ខាងក្រោម ៖

  • តើ​អ្វី​ជា​គោលបំណង​នៃ​ការព្រមាន​នោះ ? តើ​នរណា​ដែល​ព្រមាន​អ្នក​អំពី​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ ឬ រឿង​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គ្រោះថ្នាក់ ?

  • តើ​ព្រះ​លាតត្រដាង​ការព្រមាន​ខាង​វិញ្ញាណ​ដល់​សាសនាចក្រ​របស់​ទ្រង់​ដល់​អ្នកណា ?

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​បាន​បញ្ជូន​អ័ប៊ីណាដៃ​ឲ្យ​ទៅ​ព្រមាន​សាសន៍​នីហ្វៃ​អំពី​លទ្ធផល​នៃ​អំពើបាប​របស់​ពួកគេ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រំឭក​ពី​ការព្យាករណ៍​របស់​អ័ប៊ីណាដៃ​ដល់​សាសន៍​នីហ្វៃ​នៅក្នុង​ដែនដី​លីហៃ-នីហ្វៃ សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ។ សូម​ប្រាកដ​ថា អ្នក​ទុក​កន្លែង​ល្មម​ឲ្យ​សិស្ស​សរសេរ​នៅក្រោម​វគ្គ​នៃ​សេចក្ដីយោង​ព្រះគម្ពីរ​នីមួយៗ ។

ការព្យាករណ៍​អំពី​ប្រជាជន​របស់​ស្ដេចណូអេ ( (ម៉ូសាយ 12:1–2; 17:17 )

ការបំពេញ ( ម៉ូសាយ 19:10, 14–15; 20:20; 21:2–4 )

ការព្យាករណ៍​អំពី​ស្ដេច​ណូអេ ( ម៉ូសាយ 12:3; 17:18 )

ការបំពេញ ( ម៉ូសាយ 19:18–20 )

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 12:1–2 ឮៗ ។ សូម​ឲ្យ​សិស្ស​រក​នូវ​អ្វី​ដែល​អ័ប៊ីណាដៃ​បាន​ព្យាករណ៍​ថា​នឹង​កើតឡើង​ដល់​ប្រជាជន​របស់​ស្ដេច​ណូអេ ដោយសារ​ពួកគេ​មិន​ព្រម​ប្រែចិត្ត ។ សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​លទ្ធផល​ទាំងនេះ​នៅក្នុង​ប្រអប់​នៅ​ខាងឆ្វេង​ផ្នែក​ខាងលើ​នៃ​តារាង​នៅ​លើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​អាន ម៉ូសាយ 12:3 ឮៗ ។ សូម​ឲ្យ​សិស្ស​រក​មើល​អ្វី​ដែល​អ័ប៊ីណាដៃ​បាន​ព្យាករណ៍​ថា​នឹង​កើតឡើង​ដល់​ស្ដេចណូអេ ។ សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​លទ្ធផល​នេះ​នៅក្នុង​តារាង ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​សារសំខាន់​នៃ​ការព្រមាន​ខាង​វិញ្ញាណ​ដែល​យើង​ទទួល​តាមរយៈ​ព្យាការី សូម​ចែកចាយ​នូវ​រឿង​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អ ស្ដូន នៃ​ក្រុម​ចិតសិបនាក់ ៖

« នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ ជាង​មួយ​ឆ្នាំ​កន្លងទៅ យើង​បាន​ក្រោកឡើង​នា​ថ្ងៃ​ដ៏​ល្អ​ក្នុង​ទីក្រុង សានតូ ដូមីងហ្គូ នៃ​សាធារណរដ្ឋ​ដូមីនីកាំង ។ ព្រះអាទិត្យ​នាំ​សមុទ្រ​ការីប៊ីន​បាន​រះ ហើយ​ផ្ទៃមេឃ​ស្រឡះ ។ ខ្យល់​ដ៏​ស្រទន់​បាន​បក់​មក ស្ទើរ​មិន​ធ្វើ​ឲ្យ​ស្លឹកឈើ​រង្គើ វា​ក្ដៅ​ល្មម ហើយ​សុខសាន្ដ និង ស្ងប់ស្ងាត់ ។ ប៉ុន្ដែ​ឆ្ងាយ​ឯ​នាយ​សមុទ្រ លើស​ពី​ការមើលឃើញ​ដោយ​ភ្នែក​យើង​ខាង​សាច់ឈាម​នា​ថ្ងៃនោះ ព្យុះ​ដ៏​កំណាច​បាន​មក ដែល​មិន​អាច​ទប់ទល់​បាន ។ មជ្ឈមណ្ឌល​ខ្យល់ព្យុះ ដោយ​មាន​ការទទួលខុសត្រូវ​ដើម្បី​តាមដាន និង ព្យាករណ៍​ផ្លូវ​នៃ​ខ្យល់ព្យុះ​ចច បាន​ប្រាប់​ពី​ព័ត៌មាន​ជា​បន្ដបន្ទាប់​ភ្លាមៗ​ដែល​មាន​នៅក្នុង​អ៊ិនធើណិត ។ នៅក្នុង​ព្រឹក​ដ៏​សន្ដិភាព ស្ងប់ស្ងាត់​នោះ ដោយក្រសែ​ភ្នែក​ដែល ​ឃើញ​ ​ទៅលើ​ផ្ទៃមេឃ ខ្ញុំ​បាន​ឃើញ​ផ្លូវ​នៃ​ព្យុះ​ដែល​បាន​ព្យាករណ៍​នោះ សំដៅ​មក​បេះដូង​នៃ​ទីក្រុង​សានតូ ដូមីងហ្គូ ដូចជា​ព្រួញ​មួយ ។

« នៅក្នុង​រយៈពេល 48 ម៉ោង ព្យុះ​នោះ​បាន​បក់បោក​កោះ​យ៉ាងខ្លាំង … ដោយ​កំណាច ដោយ​បន្សល់​នូវ​ការបំផ្លាញ ភាពឯកោ និង ការស្លាប់​ដោយ​ការ​បោក​បក់​ដ៏​ខ្លាំង​នោះ ។ …

« ការខូចខាត និង​ការបំផ្លាញ និង​ការស្លាប់ដ៏​ក្រៃ​លែង​​ពី​គ្រោះមហន្ដរាយ​នៃ​កម្លាំង​ខាង​សាច់ឈាម​ដ៏​ខ្លាំង​នេះ​អាច​កើតឡើង ការ​បំផ្លិច​បំផ្លាញ​ដែល​ខ្លាំង​ជាង​នេះ​ទៅទៀត ​នៅក្នុង​ជីវិត​របស់​មនុស្សគឺ​ខ្យល់​ព្យុះ​ខាង​វិញ្ញាណ ។ កម្លាំង​ដ៏​ខ្លាំង​ទាំងនេះ​ជាញឹកញាប់​បណ្ដាល​ឲ្យ​មាន​ការខូចខាត​យ៉ាង​ខ្លាំង​ជាង​ខ្យល់ព្យុះ​កំបុត​ត្បូង​ខាង​សាច់ឈាម​ទៅទៀត ដោយសារ​វា​បំផ្លាញ​ព្រលឹង​យើង ហើយ​ឆក់​យើង​ពី​ការរំពឹង និង ការសន្យា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់យើង ។ …

« ប៉ុន្ដែ​យើង​ក៏​មាន​អ្នកយាម​ខ្យល់ព្យុះ​ខាងវិញ្ញាណ​ដែរ អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ឃ្លាំមើល និង ព្រមាន ដោយ​ជួយ​យើង​ឲ្យ​ចៀសចេញ​ពី​ការខូចខាត​ខាង​វិញ្ញាណ ការបំផ្លាញ ហើយ​និង​សេចក្ដីស្លាប់ ។ អ្នកយាម​របស់​យើង​នៅលើ​ប៉ម ដែល​យើង​ស្គាល់​ថា​ជា​សាវក និង ព្យាការី ។ ពួកគាត់​គឺជា​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​នៅលើ​មេឃ ហើយ​តាមរយៈ​ការបំផុស​គំនិត និង ការយល់ដឹង និង ប្រាជ្ញា​ដ៏​បរិសុទ្ធ ពួកគាត់​ដឹង​ពី​ផ្លូវ​ដែល​ព្យុះ​ទាំងនេះ​អាច​នឹង​មក ។ ពួកគាត់​បន្ដ​បន្លឺ​សំឡេង​ដើម្បី​ព្រមាន​ដល់​យើង​អំពី​លទ្ធផល​ដ៏​សោកសៅ​នៃ​ការរំលង​ដ៏​ចចេស និង គ្មាន​ត្រាប្រណី​នៃ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ការព្រងើយ​នឹង​ការព្រមាន​ទាំងនេះ​ដោយ​មាន​ចេតនា គឺ​ត្រូវ​រងទុក្ខ សោកស្ដាយ និង បំផ្លាញ ។ ការធ្វើតាម​ពួកគាត់ គឺ​ធ្វើតាម​អ្នកបម្រើ​ដែល​ត្រូវបាន​ជ្រើសរើស​របស់​ព្រះអម្ចាស់​ទៅកាន់​កន្លែង​ស្ងប់ស្ងាត់ និង សំបូរសប្បាយ​ខាងវិញ្ញាណ » ( “ Spiritual Hurricanes ” Ensign ខែ វិច្ឆិកា ឆ្នាំ 1999 ទំព័រ 31–32 ) ។

  • តើ​រឿង​នេះ​ទាក់ទង​នឹង​តួនាទី​របស់​អ័ប៊ីណាដៃ​ក្នុង​ចំណោម​ប្រជាជន​របស់​ស្ដេចណូអេ​ដោយ​របៀបណា ?

សូម​ប្រាប់​សិស្ស​ថា សកម្មភាព​ខាងក្រោម​នឹង​ជួយ​ពួកគេ​ឲ្យ​ស្គាល់​សាច់​រឿង​នៃ ម៉ូសាយ 19–20 ហើយ​ឃើញ​ពី​ការបំពេញ​នៃ​ការព្យាករណ៍​របស់​អ័ប៊ីណាដៃ​នៅក្នុង​ជំពូក​ទាំងនេះ ។ ក្រោយពី​សកម្មភាព​នេះ សិស្ស​នឹង​បំពេញ​កូឡោន​ខាងស្ដាំ​នៃ​តារាង​លើ​ក្ដារខៀន ។

សូម​សរសេរ​ប្រយោគ​ដប់មួយ​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​ថ្នាក់ ឬ សូមរៀបចំ​វា​ជា​ក្រដាស​ចែក​ឲ្យ​សិស្ស ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 19–20 ។ នៅពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​ដាក់លេខ​តាម​លំដាប់​នៃ​ព្រឹត្តិការណ៍​ក្នុង​បញ្ជី ។ អ្នក​អាច​ប្រាប់​សិស្ស​ថា ការសង្ខេប​ជំពូក​ទាំងឡាយ​ផ្ដល់​នូវ​តម្រុយ​ដែល​អាច​ជួយ​បាន ។

គេឌាន​ចង់​សម្លាប់​ស្ដេច​ណូអេ ។

ស្ដ្រី​សាសន៍​នីហ្វៃ និង កូនចៅ​គេ​បាន​អង្វរ​ដល់​សាសន៍​លេមិន​កុំ​ឲ្យ​សម្លាប់​ពួកគេ ។

ស្ដេចណូអេ​រងទុក្ខ​ដល់​ស្លាប់​ដោយសារ​ភ្លើង ។

កងទ័ព​សាសន៍​លេមិន​មក​ដល់​ព្រំដែន​សេមឡុន ។

ពួកសង្ឃ​របស់​ស្ដេចណូអេ​បាន​ចាប់យក​កូនស្រី​សាសន៍លេមិន 24 នាក់ ។

ស្ដេច​សាសន៍​លេមិន​បាន​អង្វរ​ដល់​កងទ័ព​របស់​ទ្រង់​ឲ្យ​ទុកជីវិត​ដល់​ប្រជាជន​របស់​លិមហៃ ។

ស្ដេចណូអេ និង មនុស្ស​ខ្លះ​របស់​ទ្រង់​បាន​រត់ចេញ​ពី​សាសន៍​លេមិន ដោយ​ទុក​ប្រពន្ធ និង​កូន​ពួកគេ​ចោល ។

លិមហៃ​បញ្ជា​ប្រជាជន​របស់​គាត់​កុំ​ឲ្យ​សម្លាប់​ស្ដេច​សាសន៍​លេមិន ។

មាន​សេចក្ដីសុខសាន្ដ​រវាង​សាសន៍​នីហ្វៃ និង សាសន៍​លេមិន​រយៈពេល​ពីរ​ឆ្នាំ ។

លិមហៃ​បាន​សន្យា​ថា ប្រជាជន​របស់​គាត់​នឹង​បង់​របស់ទ្រព្យ​របស់​ពួកគេ​ពាក់​កណ្តាល​ទៅដល់​សាសន៍​លេមិន ។

សាសន៍​នីហ្វៃ​វាយបក​ចំពោះ​ការវាយប្រហារ​របស់​សាសន៍​លេមិន ហើយ​ចាប់បាន​ស្ដេច​សាសន៍​លេមិន ។

សូម​ឲ្យ​សិស្ស​បំពេញ​សកម្មភាព​រយៈពេល​ប្រាំ​ទៅ​ដប់​នាទី ។ បន្ទាប់មក សូម​ប្រើ​បញ្ជី​នេះ​ដើម្បី​រំឭក​ខ្សែរឿង​នៃ ម៉ូសាយ 19–20 ។ ( លំដាប់​នៃ​ហេតុការណ៍ដែល​ត្រូវ គឺ​ចាប់​ពី​ខាងលើ​នៃ​បញ្ជី គឺ​មាន​ដូចតទៅ ៖ 1, 4, 5, 2, 8, 11, 3, 10, 7, 6, 9 ។ )

សូម​ឲ្យ​សិស្ស​មើលទៅ​តារាង​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ធ្វើការ​ជាពីរ​ក្រុម ។ សូម​ឲ្យ​ក្រុម​មួយ​អាន ម៉ូសាយ 19:10, 14–15; 20:20; 21:2–4 ដើម្បី​រកមើល​ពី​របៀប​ដែល​ការព្យាករណ៍​របស់​អ័ប៊ីណាដៃ​អំពី​ប្រជាជន​របស់​ស្ដេចណូអេ​ត្រូវបាន​បំពេញ ។ សូម​ឲ្យ​ក្រុម​ទីពីរ​អាន ម៉ូសាយ 19:18–20 ដើម្បី​រកមើល​ពី​របៀប​ដែល​ការព្យាករណ៍​របស់​អ័ប៊ីណាដៃ​អំពី​ស្ដេចណូអេ​ត្រូវបាន​បំពេញ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​សង្ខេប​ពី​របៀប​ដែល​ការព្យាករណ៍​របស់​អ័ប៊ីណាដៃ​ត្រូវបាន​បំពេញ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​សរសេរ​ការសង្ខេប​របស់​ពួកគេ​នៅក្នុង​តារាង ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 20:21 ដោយ​ស្ងាត់ៗ ។

  • តើ​អ្វី​ទៅ​ដែល​គេឌាន​បាន​និយាយ ថា​ជា​មូលហេតុ​នៃ​ការរងទុក្ខ​របស់​ប្រជាជននោះ ?

សូម​ឲ្យ​សិស្ស​ពន្យល់​ជា​សម្ដី​ខ្លួន​ឯង​ពី​អ្វី​ដែល​គេឌាន​ចង់​ឲ្យ​ប្រជាជន​យល់ ។ ខណៈដែល​ពួកគេ​អាច​ប្រើ​ពាក្យ​ខុសគ្នា សិស្ស​គួរ​បង្ហាញ​ការយល់​ថា ការបដិសេធ​ព្រះបន្ទូល​នៃ​អ្នកបម្រើ​របស់​ព្រះអម្ចាស់​នាំ​មក​នូវ​ការរងទុក្ខ និង ការសោកសង្រេង ។( អ្នក​អាច​សរសេរ​គោលការណ៍​នេះ​លើ​ក្ដារខៀន ។ )

សូម​ប្រាប់​សិស្ស​ថា ព្រះអម្ចាស់​បាន​ប្រទាន​ការព្រមាន​ស្រដៀងគ្នា​នេះ​ទៅដល់​អ្នក​នៅក្នុង​ថ្ងៃចុងក្រោយ​ដែល​មិន​បាន​ស្ដាប់​តាម​សំឡេង​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា 133:70–72 ឮៗ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​សរសេរ​សេចក្ដីយោង​នេះ​នៅ​គែម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសាយ 20:21 ។

  • តើ​ព្យាការី និង ពួកសាវក​បង្រៀនអ្វី​ខ្លះ​នៅក្នុង​ជំនាន់​របស់​យើង ​ដែល​នឹង​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការរងទុក្ខ និង ការសោកសង្រេង ? តើ​ពួកគាត់​បង្រៀន​អ្វីខ្លះ ដែល​នឹង​ជួយ​នាំ​យើង​ទៅកាន់​សេចក្ដីសុខសាន្ដ និង​សុភមង្គល ហើយ​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ ? ( អ្នក​អាច​បង្ហាញ​ដល់​សិស្ស​នូវ​ការបោះពុម្ព​សន្និសីទ​ទូទៅ​ថ្មីៗ​មួយ​ពី Ensign និង និយាយ​អំពី​ចំណងជើង​ខ្លះៗ​នៃ​សុន្ទរកថា​ដែល​ថ្លែង​ដោយ​ព្យាការី ។

សូម​ឲ្យ​សិស្ស​ប្រាប់​ពី​ពេល​ដែល​ពួកគេ​ត្រូវបាន​ប្រទានពរ ដោយសារ​ពួកគេ​បាន​ធ្វើតាម​ការប្រឹក្សា​របស់​អ្នកដឹកនាំ​សាសនាចក្រ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ការគោរព​តាម​ពាក្យ​របស់​ព្យាការី​អាច​នាំ​មក​នូវ​សន្ដិភាព និង ជួយ​យើង​ឲ្យ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វិញ សូម​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« សុវត្ថិភាព​ខាងវិញ្ញាណ​របស់​យើង​ស្ថិត​លើ​ការបែរទៅរក​សំឡេង​ដ៏​ច្បាស់​របស់​ព្យាការី​ដែល​នៅរស់​របស់​យើង ។ ប្រសិនបើ​យើង​ស្ដាប់តាម​សំឡេង​របស់​គាត់ ហើយ​គោរព​តាម​ការណែនាំ​របស់​គាត់ យើង​នឹង​អាច​រស់នៅ​ដូចដែល​ព្រះគ្រីស្ទ​ចង់​ឲ្យ​យើង​រស់នៅ ហើយ​ស៊ូទ្រាំ​ដល់​ទីបញ្ចប់​ដើម្បី​នៅ​ថ្ងៃមួយ យើង​ជាមួយ​នឹង​គ្រួសារ​របស់​យើង នឹង​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះវរបិតាសួគ៌​របស់​យើង និង ព្រះអង្គ​សង្គ្រោះ​យេស៊ូវគ្រីស្ទ » (” Hear the Prophet’s Voice and Obey ,” Ensign ខែ ឧសភា ឆ្នាំ 1995 ឆ្នាំ 17 ) ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ការថ្លែងទីបន្ទាល់​ពី​សេចក្ដីសុខសាន្ដ និង សុវត្ថិភាព​ខាងវិញ្ញាណ​ដែល​មក​ពី​ការធ្វើតាម​ការប្រឹក្សា​នៃ​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

ប្រសិនបើ​មាន​ពេល អ្នក​អាច​រំឭក​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដែល​អ្នក​បាន​បង្រៀន​កន្លងមក​នៅ​ឆ្នាំនេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​ពាក្យ​គន្លឹះ​នៅក្នុង​វគ្គ​នីមួយៗ ។

សូម​ឲ្យ​សិស្ស​រំឭក​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដែល​ពួកគេ​បាន​រៀន​កន្លង​មក​ក្នុង​ឆ្នាំ​សិក្សា​នេះ​ពីរ​បី​នាទី ។ សូម​ឲ្យ​សិស្ស​ម្នាក់​មក​ខាងមុខ​ថ្នាក់​ជាមួយ​នឹង​ព្រះគម្ពីរ​របស់​គេ ។ សូម​ឲ្យ​សិស្ស​បើក​ទៅ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ដោយ​មិន​បង្ហាញ​វា​ដល់​នរណា​ផ្សេង​ទៀត ។ ( ប្រសិនបើ​មាន​កាត​ចំណេះចំណាន​ខគម្ពីរ អ្នក​អាច​ឲ្យ​សិស្ស​ប្រើ​វា ។ ) សូម​ឲ្យ​សិស្ស​សរសេរ​ពាក្យ​មួយ​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នៅលើ​ក្ដារខៀន ។ ( សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ជ្រើសរើស​ពាក្យ​គន្លឹះ​ពី​វគ្គ ជាជាង​ការបំបែក​ពាក្យ​ឲ្យ​តិច​ដូចជា និង  ។សូម​ឲ្យ​សិស្ស​ផ្សេងទៀត​រក​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដែល​ពួកគេ​គិត​ពី​ពាក្យ​ដែល​ចេញ​មក​នោះ ។ ប្រសិនបើ​គ្មាននរណា​អាច​រក​វគ្គ​ត្រូវ​ដោយ​ប្រើ​ពាក្យ​មួយ​នោះ​ទេ សូម​ឲ្យ​សិស្ស​សរសេរ​ពាក្យ​ផ្សេង​ទៀត​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នៅលើ​ក្ដារខៀន ។ សូម​ធ្វើ​ដូច្នេះ​ដដែល រហូតដល់​យ៉ាងហោចណាស់​សិស្ស​ម្នាក់​រកឃើញ​វគ្គ​ដែល​ត្រូវ ។ សូម​ឲ្យ​សិស្ស​ទាំងអស់​ក្នុង​ថ្នាក់​ផ្សេង​ទៀត​បើក​ទៅ​វគ្គ​នោះ ហើយ​សូម​ឲ្យ​សិស្ស​ទន្ទេញ​វា​រួមគ្នា ។ បន្ទាប់មក សូម​ធ្វើ​សកម្មភាព​នេះ​សារឡើងវិញ​ជាមួយ​នឹង​សិស្ស​ផ្សេង​ទៀត ហើយ​រើស​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ផ្សេង​ទៀត ។