បណ្ណាល័យ
មេរៀនទី 102 ៖ អាលម៉ា 49–51


មេរៀនទី 102

អាលម៉ា 49–51

សេចក្តី​ផ្ដើម

ការរៀបចំ​ការពារ​របស់​មរ៉ូណៃ​សំខាន់​ក្នុង​ការការពារ​សាសន៍​នីហ្វៃ​ប្រឆាំង​នឹង​សត្រូវ​របស់​ពួកគេ ។ សាសន៍​នីហ្វៃ​បាន​ជោគជ័យ​ក្នុង​ការការពារ​ខ្លួនគេ​ប្រឆាំង​នឹង​សាសន៍​លេមិន រហូតដល់​ការបះបោរ និង​សេចក្ដីទុច្ចរិត​ក្នុង​ចំណោម​ប្រជាជន​ខ្លួនគេ​បានចាប់ផ្ដើម​ធ្វើ​ឲ្យ​ពួកគេ​ទន់ខ្សោយ ។ ម៉ូរីអានតុន និង​ពួកបែកចេញ​របស់​វា​ព្យាយាម​ចង់​បំបែក​បំបាក់ និង​បង្ក​ការទាស់ទែង​នៅក្នុង​ចំណោម​ប្រជាជន ។ មរ៉ូណៃ​បាន​ព្យាយាម​បំបាត់​ការបែកបាក់ និង​ការទាស់ទែង ហើយ​ស្ថាបនា​សន្ដិភាព ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 49; 50:1–24

សាសន៍​នីហ្វៃ​កសាង​ការពង្រឹង រីកចម្រើន ហើយ​រក្សា​បាន​នូវ​សេរីភាព​របស់​ពួកគេ

សូម​អាន​រឿង​ខាងក្រោម​ដល់​សិស្ស​ក្នុង​ថ្នាក់ ហើយ​សូម​សួរ​សំណួរ​ដែល​អម​មក ( ឬ បង្កើត​រឿង​ខ្លួន​អ្នក ហើយ​បង្កើត​សំណួរ ) ៖

យុវជន​ម្នាក់​មាន​អារម្មណ៍​ហត់នឿយ ប៉ុន្ដែ​មិន​ចង់​ចូលទៅ​គេង​នោះ​ទេ ដូច្នេះ​គាត់​បាន​ចាប់ផ្ដើម​បើក​អ៊ិនធើណិត ។ គាត់​ឃើញ​ខ្លួន​គាត់​ចង់​ទៅ​មើល​ទំព័រ ដែល​មាន​រូប​អាសអាភាស​ជាច្រើន ។

  • តើ​ការរៀបចំ​អ្វីខ្លះ​ដែល​យុវជន​នេះ​អាច​បាន​ធ្វើ​ដើម្បី​ចៀសវាង​ការល្បួង​នេះ ?

  • តើ​គាត់​អាច​ធ្វើ​អ្វី​ដើម្បី​ចៀសវាង​ការល្បួង​នៅក្នុង​ថ្ងៃ​អនាគត ?

សូម​ពន្យល់​ដល់​សិស្ស​ថា នៅពេល​ពួកគេ​សិក្សា អាលម៉ា 49–51 ពួកគេ​អាច​រកមើល​ពី​របៀប​ដែល​ការរៀបចំ​របស់​មេទ័ព​មរ៉ូណៃ​បាន​ធ្វើ​ប្រឆាំង​នឹង​សាសន៍​លេមិន​អាច​ត្រូវ​ប្រៀបធៀប​ទៅនឹង​ការរៀបចំ​ដែល​យើង​គួរ​ធ្វើ​ប្រឆាំង​នឹង​ការល្បួង​របស់​សាតាំង​សព្វថ្ងៃ​នេះ ។

សូម​ពន្យល់​ថា ខណៈពេល​ដែល​អាម៉ាលិកាយ​កំពុង​បង្ក​ឲ្យ​កងទ័ព​របស់​សាសន៍​លេមិន​មួយ​ទៅ​ច្បាំង មេទ័ព​មរ៉ូណៃ​កំពុង​ពង្រឹង​ដល់​ទីក្រុង​ទាំងឡាយ​នៃ​សាសន៍​នីហ្វៃ ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 49:1, 6–7 ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​ពួកគេ​គិត​ពី​របៀប​ដែល​ការរៀបចំ​របស់​មេទ័ព​មរ៉ូណៃ​ដើម្បី​ប្រឈមមុខ​នឹង​សាសន៍​លេមិន អាច​ដូចជា​តម្រូវការ​របស់​យើង​ដើម្បី​រៀបចំ​សម្រាប់​ការវាយប្រហារ​របស់​សាតាំង​លើ​យើង ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 49:2–4; 50:1–6 ដោយ​ស្ងាត់ៗ ដោយរកមើល​របៀប​ដែល​សាសន៍​នីហ្វៃ​បាន​រៀបចំ​សម្រាប់​ការវាយលុក​របស់​ពួកសាសន៍​លេមិន ។

  • ប្រសិនបើ​អ្នក​ជា​កងទ័ព​សាសន៍​លេមិន​ម្នាក់ តើ​អ្នក​អាច​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​បាន​ឃើញ​ការពង្រឹង​ទាំងនេះ​លើក​ដំបូង ?

សូមឲ្យ​សិស្ស​ពីរ​បីនាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី អាលម៉ា 49:8–12 ។ សូម​ឲ្យ​សិស្ស​មើល​តាម ដោយ​រកមើល​របៀប​ដែល​សាសន៍​លេមិន​ឆ្លើយតប​នឹង​ការរៀបចំ​របស់​សាសន៍​នីហ្វៃ ។

  • តើ​សាសន៍​លេមិន​បាន​ធ្វើ​អ្វី នៅពេល​ពួកគេ​បាន​ឃើញ​ថា អាំម៉ូណៃហា​ត្រូវបាន​ពង្រឹង​នោះ ? ( ពួកគេ​បាន​ដកថយ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ ៖

« សាតាំង​គឺជា​សត្រូវ​ដ៏​ធំ​បំផុស​របស់​យើង ហើយ​វា​ធ្វើការ​ទាំងយប់​ទាំងថ្ងៃ​ដើម្បី​បំផ្លាញ​យើង ។ ប៉ុន្ដែ​យើង​មិន​ត្រូវ​ភ័យខ្លាច​នឹង​អំណាច​របស់​សាតាំង​ឡើយ ។ វា​មិន​អាច​មាន​អំណាច​លើ​យើង រហូត​ដល់​យើង​អនុញ្ញាត​ឲ្យ​វា​មាន​អំណាច ។ វា​គឺពិត​ជា​កំសាក​ណាស់ ហើយ​ប្រសិនបើ​យើង​ឈរ​ដោយ​រឹងមាំ វា​នឹង​ដកថយ » ( « Be Not Afraid » Ensign,ខែ តុលា ឆ្នាំ 2002, ទំព័រ 4 ) ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 49:18–20, 23 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​គិត​ពី​របៀប​ដែល​យើង​អាច​ប្រើ​ការរៀបចំ​សម្រាប់​សង្គ្រាម​របស់​សាសន៍​នីហ្វៃ​ជា​គំរូ​មួយ​ដើម្បី​ជួយ​យើង​ឲ្យរៀបចំ​សង្គ្រាម​ខាង​វិញ្ញាណ​ប្រឆាំង​នឹង​សាតាំង ។

  • មេទ័ព​មរ៉ូណៃ​បាន​ធ្វើការ​ដើម្បី​ការពារ​សាសន៍​នីហ្វៃ​ពី​ពួកសាសន៍​លេមិន ។ តើ​អ្នកដឹកនាំ​បស់​យើង​ធ្វើការ​ដើម្បី​ការពារ និង​ថែរក្សា​យើង​ពី​ឧបសគ្គ​ដោយ​របៀបណា ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​កសាង​ជញ្ជាំង​ខាង​វិញ្ញាណ​ឲ្យ​បាន​ខ្ពស់​ដើម្បី​ការពារ​ការល្បួង​របស់​សាតាំង ? ( ចម្លើយ​អាច​រួមមាន​ការអធិស្ឋាន​ដ៏​មាន​អត្ថន័យ​ប្រចាំថ្ងៃ ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ការទៅព្រះវិហារ​ជាទៀងទាត់ ការបម្រើ​ដល់​អ្នកដទៃ និង​ការតមអាហារ ។

សូម​គិត​ពី​ការឲ្យ​សិស្ស​ឆ្លើយតប​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​បង្រៀន ។

  • តើ​អ្នក​នឹង​រៀបរាប់​ការខិតខំ​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​ពង្រឹង​ជញ្ជាំង​ការពារ​ខាង​វិញ្ញាណ​របស់​អ្នក​ដោយ​របៀបណា ?

  • សូម​ជ្រើសរើស​រឿង​មួយ​ដែល​អ្នក​កំពុង​ធ្វើ​ដើម្បី​ពង្រឹង​ខ្លួនអ្នក​ខាង​វិញ្ញាណ ឬ​រឿង​មួយ​ដែល​អ្នក​មិន​បាន​ធ្វើ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​នៃ​សកម្មភាព​នោះ​ដើម្បី​ពង្រឹង​ខ្លួន​អ្នក​ប្រឆាំង​នឹង​អំពើអាក្រក់ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 49:28–30 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នរណា ក្រៅពី​មរ៉ូណៃ ដែល​កំពុង​បម្រើ​ដើម្បី​ការពារ​ដល់​សាសន៍​នីហ្វៃ​ទាស់​នឹង​សាសន៍​លេមិន ។ សូម​បញ្ជាក់​ថា ដោយ​ការជួយ​សាសន៍​នីហ្វៃ​ឲ្យ​នៅបន្ដ​សុចរិត ហេលេមិន និង​បងប្អូនប្រុស​របស់​គាត់​បាន​ជួយ​ពួកនីហ្វៃ​ឲ្យ​ទទួល​បាន​ពរជ័យ​ជាច្រើន និង​ការការពារ​ពី​ព្រះអម្ចាស់ ។

សូម​ឲ្យ​សិស្ស​មាន​ពេល​សិក្សា អាលម៉ា 50:10–12 ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ពិភាក្សា​ពី​រឿង​ខាងក្រោម​ជាមួយ​នឹង​មិត្តភក្ដិ​ម្នាក់ ។ ( ប្រសិនបើ​អាច សូម​រៀបចំ​ជា​ក្រដាស​មុន​ចាប់ផ្ដើម​ថ្នាក់ ។ ប្រសិនបើ​មិន​អាច​ទេ សូម​អាន​រឿង​ម្ដង​មួយៗ ដោយ​ឲ្យ​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​ពី​រឿង​នោះ ។

  1. មរ៉ូណៃ « បញ្ចប់​ចំណង​ដ៏​មាំ​ទាំងឡាយ​នៃ​ពួកសាសន៍​លេមិន » ។ តើ​យុវនារី​ម្នាក់​អាច « បញ្ចប់ » ស្ថានភាព​ការនិយាយដើម​គេ នៅពេល​នាង​ជួបជុំ​គ្នា​នឹង​មិត្តភក្ដិ​នាង​នា​អាហារ​ថ្ងៃត្រង់​ដោយ​របៀបណា ?

  2. មរ៉ូណៃ​ពង្រឹង​ខ្សែ ឬ​ព្រំដែន​រវាង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន ។ តើយុវជន​ម្នាក់ និង​យុវនារី​ម្នាក់​អាច​ពង្រឹង​ខ្សែ​រវាង​ការកាន់តាម​ច្បាប់​ព្រហ្មចារីយភាព និង​ការរំលង​ចូលទៅ​ភាពអសីលធម៌​ដោយ​របៀបណា ?

  3. កងទ័ព​របស់​មរ៉ូណៃ​បាន​កសាង​ភាពរឹងមាំ​ដើម្បី​ធានា​សន្ដិសុខ​ប្រជាជន​របស់​គាត់​ប្រឆាំង​នឹង​សត្រូវ​គេ ។ យុវជនម្នាក់​ទទួល​ស្គាល់​ថា គាត់​បាន​ចំណាយ​ពេល​ច្រើនហួស​លើ​ការប្រើ​ព័ត៌មាន​សង្គម ( តាម​អ៊ិនធើណិត ឬ​តាមរយៈ​ការផ្ញើរ​តាម​ទូរសព្ទ ) ។ អាកប្បកិរិយា​នេះ​មើលទៅ​ហាក់ដូចជា​កាត់បន្ថយ​ការបារម្ភ​របស់​គាត់​ចំពោះ​គ្រួសារ​គាត់ ហើយ​គាត់​ធ្វេសប្រហែស​លើ​ទំនួលខុសត្រូវ​ក្នុង​ផ្ទះ​របស់គាត់ ។ តើ​គាត់​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង និង​ធានា​ដល់​ទំនាក់ទំនង​របស់​គាត់​ជាមួយនឹង​គ្រួសារ​របស់​គាត់ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​សង្ខេប​អ្វី​ដែល​ពួកគេបាន​រៀន​ពី​សកម្មភាព​របស់​មេទ័ព​មរ៉ូណៃ អំពី​របៀប​ដែល​យើង​អាច​ការពារ​ខ្លួន​យើង​ប្រឆាំង​នឹង​ការវាយប្រហារ​នៃ​ឧបសគ្គ ។ សូម​ធានាថា​សិស្ស​យល់​ថា ប្រសិនបើ​យើង​រៀបចំ​ខ្លួនយើង យើង​អាច​ប្រឈមមុខ​នឹង​ការវាយប្រហារ ( ការល្បួង ) ពី​ឧបសគ្គ​ទាំងឡាយ ។អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 50:1 ឮៗ ។ សូម​សួរ​សិស្ស ៖

  • ដោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការរៀបចំ​របស់​មេទ័ព​មរ៉ូណៃ តើ​ការយល់ដឹង​បន្ថែម​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​នេះ ? ( មរ៉ូណៃ « មិន​បាន​ឈប់ » រៀបចំ​ឡើយ គាត់​បានបន្ដ​ពង្រឹង​ការការពារ​របស់​គាត់ ទោះបីជា​នៅពេល​មិនមាន​ការគម្រាម​ភ្លាមៗ​ក្ដី ។ )

ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​ពី​តម្រូវការ​ដើម្បី​បន្ដ​ពង្រឹង​ខាង​វិញ្ញាណ​ជាដរាប សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« នៅពេល​កម្លាំង​នៅជុំវិញ​យើង​កើនឡើង មិន​ថា​កម្លាំង​ខាង​វិញ្ញាណ​ដែល​ធ្លាប់​មាន​ប្រសិទ្ធិភាព​នោះ​ទេ វា​នឹង​មិនគ្រប់គ្រាន​ឡើយ ។ ហើយ​ការរីកចម្រើន​ខាង​កម្លាំង​វិញ្ញាណ​ណា​ដែល​យើង​ធ្លាប់​គិត​ថា​អាច​កើតមាន ការរីកចម្រើន​ដ៏​អស្ចារ្យ​ជាង​នេះ​នឹង​អាច​កើតមាន​ដល់​យើង ។ ទាំង​តម្រូវការ​កម្លាំង​ខាង​វិញ្ញាណ និង​ឱកាស​ដើម្បី​ទទួល​បាន​វា នឹង​កើតឡើង​ក្នុង​កម្រិត​មួយ​ដែល​យើង​មើលងាយ​គ្រោះថ្នាក់​របស់​យើង » ( « Always, »Ensign,ខែ តុលា ឆ្នាំ 1999, ទំព័រ 9 ) ។

សូម​សរសេរ​ប្រយោគ​ខាង​ក្រោម​នៅ​លើ​ក្តាខៀន ៖

ខ្ញុំ​នឹង​រៀបចំ​ប្រឈមមុខ​នឹង​ការល្បួង​ដោយ …

ខ្ញុំ​នឹង​ឈរ​ដោយ​រឹងមាំ​នៅពេល …

សូមឲ្យ​សិស្ស​បំពេញ​ប្រយោគ​ទាំងនេះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ក្រោយពី​សិស្ស​បញ្ចប់​ការសរសេរ​ហើយ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​សរសេរ​ប្រយោគ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 50:10–12 ។

« ការរៀបចំ​និង​ការពារ វា​ប្រសើរ​ជាង​ការព្យាបាល និង​ប្រែចិត្ត » ( The Teachings of Ezra Taft Benson [ ឆ្នាំ 1988 ], ទំព័រ 285 ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ប្រយោគ​នេះ​ត្រឹមត្រូវ ? តើ​នៅពេល​ណា​ដែល​អ្នក​ឃើញ​គំរូ​នៃ​គោលការណ៍​ក្នុង​ប្រយោគ​នេះ​ត្រូវបាន​បង្រៀន ?

សូមពន្យល់​ថា ការរៀបចំ​របស់​សាសន៍​នីហ្វៃ​បាន​ដឹកនាំ​ឲ្យ​មាន​ការរីកចម្រើន និង​សន្ដិភាព​ដ៏​អស្ចារ្យ​រយៈពេល​ពីរបី​ឆ្នាំ ។ សូម​បង្ហាញ​ថា ខណៈពេល​ដែល​អាម៉ាលិកាយ​បាន​ប្រមាទ​ព្រះ​ដោយសារ​វា​ចាញ់ សាសន៍​នីហ្វៃ « បាន​ថ្លែងអំណរគុណ​ដល់​ព្រះអម្ចាស់​ជា​ព្រះ​របស់​គេ » ( « អាលម៉ា 49:28 ) ។

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​មិន​មិត្ត​ម្នាក់​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​មាន​សង្គ្រាម​កើតឡើង ។ គាត់​មាន​អារម្មណ៍​ថា វា​មិន​អាច​រកឃើញ​សន្ដិភាព និង​សុភមង្គល​ឡើយ ដោយសារតែ​ចលាចល​នៅជុំវិញ​ខ្លួនគាត់ ។ សូម​សរសេរ​សេចក្ដី​យោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ អាលម៉ា 50:18–23 ។សូមឲ្យ​សិស្ស​អាន​វគ្គ​នេះ ហើយ​បង្កើត​ចម្លើយ​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ដល់​មិត្ត​របស់​គេ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​នឹង​និយាយ ។ សេចក្ដីពិត​មួយ​ដែល​ពួកគេ​អាច​រួមបញ្ចូល​នៅក្នុង​ចម្លើយ​របស់​គេ​គឺ​ថា ភាពស្មោះត្រង់​ចំពោះ​ព្រះ​នាំ​មក​នូវ​សុភមង្គល ទោះបីជា​នៅក្នុង​កណ្ដាល​ចលាចល​ក្ដី ។( អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើក្ដារខៀន ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា សេចក្ដីពិត​នេះ​អនុវត្ត​មិនត្រឹមតែ​ក្នុង​សង្គ្រាម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ដល់​ឧបសគ្គ​ផ្ទាល់ខ្លួន​ដូចជា​ការធ្លាក់ចុះ​ហិរញ្ញវត្ថុ ការបាត់បង់​ការងារ ការស្លាប់​នៃ​មនុស្ស​ជាទីស្រឡាញ់ ទំនាក់ទំនង​ដ៏​មាន​បញ្ហា​ជាមួយ​នឹង​សមាជិក​គ្រួសារ និង​គ្រោះធម្មជាតិ​នានា ។

  • យោងតាម អាលម៉ា 50:18–23 ហេតុអ្វីបានជា​សាសន៍​នីហ្វៃ​ទទួលបាន​ពេលមួយ​ដ៏​មាន​សុភមង្គល ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ទ្រង់​បាន​ពង្រីក​ព្រះចេស្ដា​របស់​ទ្រង់ និង​ពរជ័យ​ទាំងឡាយ​ដល់​អ្នក​ដោយសារ​ការគោរព​តាម និង​ការពង្រឹង​ខ្លួនអ្នក​ទាស់​នឹង​ការល្បួង ?

  • តើនៅពេល​ណា​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​មាន​ការរីកចម្រើន សេចក្ដីសុខសាន្ដ និង​សុភមង្គល​នៅក្នុង​ពេល​ដ៏​លំបាក ? ( ក្រោយពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​គិត​ពីការចែកចាយ​គំរូ​មួយ​ពី​ជីវិត​របស់​អ្នក ។

អាលម៉ា 50:25–40; 51

ការការពារ​របស់​ពួកនីហ្វៃ​ត្រូវ​បាន​ធ្វើ​ឲ្យ​ទន់ខ្សោយ ហើយ​មរ៉ូណៃ​ប្រឈម​មុខ​នឹង​ការបះបោរ​ក្នុង​ចំណោម​ប្រជាជន​របស់​គាត់

កំណត់ចំណាំ ៖ ដោយសារ​ប្រវែង​នៃ​មេរៀន​វែង អ្នក​អាច​សង្ខេប​ខ្លីៗ​នូវ​ចំណុច​នៃ​មេរៀន​ផ្សេង​ទៀត ។ ប្រសិនបើ​អ្នក​ធ្វើ​ដូច្នោះ សូម​ពន្យល់​ថា អាលម៉ា 50:25–40 រួមមាន​ដំណើររឿង​នៃ​ការបះបោរ​របស់​ម៉ូរីអានតុន និង​ការស្លាប់ និង​ការណាត់ជួប​នៃ​ស្ដេច​ពេហូរ៉ាន​ជា​មេចៅក្រម ។ អាលម៉ា 51ប្រាប់​អំពី​ក្រុម​មួយ​ដែល​ហៅ​ថា​ពួកនិយម​ស្ដេច ដែល​ព្យាយាម​ផ្លាស់ប្ដូរ​ច្បាប់​ដើម្បី​ឲ្យ​ស្ដេច​គ្រប់គ្រង​លើ​សាសន៍​នីហ្វៃ ។ ពួកគេ​បាន​បរាជ័យ​នៅក្នុង​ការប៉ុនប៉ង​នោះ ។ ដោយ​ការខឹងសម្បារ​នឹង​បរាជ័យ​របស់​គេ ពួកនិយម​ស្ដេច​បាន​បដិសេធ​មិន​ប្រយុទ្ធ នៅពេល​អាម៉ាលិកាយ និង​ពួកសាសន៍​លេមិន​បាន​មក​ធ្វើ​សង្គ្រាម​នឹង​ពួកសាសន៍​នីហ្វៃ ។ យោងតាម​ច្បាប់ មរ៉ូណៃ​ត្រូវ​ឲ្យ​ពួកគេ​ទៅ​ប្រយុទ្ធ ឬ​ត្រូវ​ដាក់​ទោស ។ កងទ័ព​របស់​អាម៉ាលិកាយ​បាន​ដាក់​ទីក្រុង​សាសន៍​នីហ្វៃ​ជាច្រើន​ក្នុង​សេវភាព និង​បាន​សម្លាប់​សាសន៍​នីហ្វៃ​ជាច្រើន ។ នៅពេល​អាម៉ាលិកាយ​បាន​ព្យាយាម​ដាក់​ដែនដី​បរិបូរណ៍​ក្នុង​សេវកភាព គាត់​បាន​ជួប​នឹង​ទីអានគុម និង​កងទ័ព​របស់គាត់ ។ ទីអានគុម​បាន​សម្លាប់​អាម៉ាលិកាយ ហើយ​បាន​រារាំង​ការរីកចម្រើន​នៃ​កងទ័ព​សាសន៍​លេមិន ។ )

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ សាមគ្គី​រស់ បែកបាក់​សាមគ្គី​ស្លាប់ ។

សូមឲ្យ​សិស្ស​អាន អាលម៉ា 50:25–26 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ពាក្យ​នៅក្នុង​ខគម្ពីរ​នីមួយៗ​ដែល​រៀបរាប់​ពី​មូលហេតុ​នៃ​ការបែកបាក់​ក្នុង​ចំណោម​សាសន៍​នីហ្វៃ ។

  • តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ការបែកបាក់​ក្នុង​ចំណោម​ប្រជាជន ?

សូម​សង្ខេប អាលម៉ា 50 ទាំងអស់​ដោយ​ការពន្យល់​ថា ម៉ូរីអានតុន និង​ប្រជាជន​របស់​គាត់​បាន​ព្យាយាម​ចាកចេញ​សាសន៍​នីហ្វៃ ហើយ​គេចចេញ​ទៅ​ដែនដី​ភាគខាងជើង ។ មរ៉ូណៃ​បាន​ខ្លាច​ថា ការបែកបាក់​នេះ​នឹង​នាំ​ទៅរក​ការបាត់បង់​សេរីភាព​របស់​សាសន៍​នីហ្វៃ ។ គាត់​បាន​បញ្ជូនកងទ័ព​មួយ ដែល​ដឹកនាំ​ដោយ​បុរស​ម្នាក់​ឈ្មោះ ទីអានគុម ទៅ​បញ្ឈប់​ប្រជាជន​របស់​ម៉ូរីអានតុន​កុំ​ឲ្យ​ចាកចេញ ។ កងទ័ប​របស់​ទីអានគុម​បាន​រារាំង​ប្រជាជន​របស់​ម៉ូរីអានតុន​ពី​ការទៅដល់​គោលដៅ​របស់​គេ ហើយ​ម៉ូរីអានតុន​ត្រូវ​បាន​សម្លាប់ ។ ប្រជាជន​ដែល​នៅ​សេសសល់ « បាន​ធ្វើ​សេចក្ដីសញ្ញា​ថា​នឹង​រក្សា​សន្ដិភាព » ( អាលម៉ា 50:36 ) ។ ភ្លាមៗ​ក្រោយពី​ការបះបោរ​របស់​ម៉ូរីអានតុន ការបែកបាក់​ខាង​នយោបាយ​ដ៏​គ្រោះថ្នាក់​មួយ​បាន​លេចឡើង​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ។ សាសន៍​នីហ្វៃ​ខ្លះ​ចង់​បណ្ដេញ​ពេហូរ៉ាន​ពី​តំណែង​ចៅក្រម ហើយ​ដាក់​ស្ដេច​ជំនួស​គាត់ ។ ប្រជាជន​ផ្សេង​ទៀត​ចង់​ឲ្យ​បន្ដ​ប្រព័ន្ធ​ដឹកនាំ​គ្រប់គ្រង​ជា​ចៅក្រម ។

សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា 51:5–6 រក​ឈ្មោះ​នៃ​ក្រុម​ប្រឆាំង​ពីរ ( ពួកនិយម​ស្ដេចនិង​ពួកសេរី ) ។ សូម​ឲ្យ​សិស្ស​មាន​ពេល​រក​នៅក្នុង អាលម៉ា 51:8 នូវ​ការជម្រុញ​របស់​ពួកនិយម​ស្ដេច ។

សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ការបែកបាក់ និង​ការទាស់ទែង​គ្នា​បំផ្លាញ​សន្ដិភាព​របស់​យើង ។

  • តើ​គោលការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ដំណើររឿង​នៃ​ការបែកបាក់ និង​ការទាស់ទែង​គ្នា​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 50និង51 ដោយ​របៀបណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​នៅក្នុង​គ្រួសារ​របស់​អ្នក ក្នុង​ចំណម​មិត្ត​របស់​អ្នក ឬ នៅក្នុង​សហគមន៍​របស់​អ្នក​ដើម្បី​ដោះស្រាយ​ការទាស់ទែង​គ្នា ?

  • តើ​នៅពេល​ណា​ដែល​អ្នក​ឃើញ​ពរជ័យ​ដែល​មក​ពី​ការសាមគ្គី​គ្នា​ពង្រឹង​ដល់​គ្រួសារ ឬ កូរ៉ុម ឬ ថ្នាក់ ?

សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងនោះ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បញ្ជាក់ ។ សូម​រំឭក​សិស្ស​ថា មេរៀន​ពីរ​បី​បន្ទាប់ទៀត​នឹង​ផ្ដល់​ឱកាស​ដល់​ពួកគេ​ឲ្យ​រក​នូវ​គោលការណ៍​នានា ហើយ​រៀន​មេរៀន​ពី​សង្គ្រាម​រវាង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន ។