បណ្ណាល័យ
មេរៀនទី 138 ៖ មរមន 3–4


មេរៀនទី 138

មរមន 3–4

សេចក្តីផ្ដើម

ក្រោយពី​ការដណ្ដើម​ដែនដី​របស់​គេ​ពី​ពួកសាសន៍​លេមិន​វិញ​បាន ពួកសាសន៍​នីហ្វៃ​បានរៀបចំ​ខ្លួន​ទៅច្បាំង​ម្ដងទៀត ។ លោក​មរមន​បាន​សុំ​អង្វរ​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ប្រែចិត្ត ។ ផ្ទុយទៅវិញ ពួកគេ​មាន​ភាពឆ្មើងឆ្មៃ​ចំពោះ​កម្លាំង​ខ្លួនឯង ហើយ​បាន​ស្បថ​ថា​នឹង​សងសឹក​ចំពោះ​បងប្អូន​របស់​គេ​ដែល​បាន​បរាជ័យ​នោះ ។ ដោយសារ​ព្រះអម្ចាស់​បាន​ហាមឃាត់​ប្រជាជន​របស់​ទ្រង់​កុំ​ឲ្យ​សងសឹក នោះ​លោក​មរមន​បាន​បដិសេធ​មិន​ព្រម​ដឹកនាំ​កងទ័ព​សាសន៍​នីហ្វៃ ហើយ​ពួកគេ​បាន​ជួប​នឹង​បរាជ័យ ។ នៅពេល​ពួកសាសន៍​នីហ្វៃ​រឹងទទឹង​នៅក្នុង​សេចក្ដី​ទុច្ចរិត នោះ​ព្រះ​បាន​ស្រោច​ការជំនុំជម្រះ​របស់​ទ្រង់​មក​លើ​ពួកគេ ហើយ​ពួកសាសន៍​លេមិន​បាន​ចាប់ផ្ដើម​បំផ្លាញ​ពួកគេ​ចេញពី​ផែនដី​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

មរមន 3:1–8

ព្រះអម្ចាស់​ជួយ​ពួកសាសន៍​នីហ្វៃ​នៅក្នុង​ចម្បាំង ដើម្បី​ផ្ដល់​ឱកាស​ដល់​ពួកគេ​ឲ្យ​ប្រែចិត្ត ប៉ុន្ដែ​ពួកគេ​បែរ​ជា​ពង្រឹង​ដួងចិត្ត​របស់​ខ្លួន​ទៅ​វិញ

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​បង្រៀន ៖ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ព្យាយាម​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក ហើយ​លើកទឹកចិត្ត​ដល់​អ្នកឲ្យ​ផ្លាស់ប្ដូរ​អ្វី​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង​ដែរ​ឬ​ទេ ?

សូម​ចាប់ផ្ដើម​ដោយ​ការសុំ​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​នៅលើ​ក្ដារខៀន ។ ( សូម​ប្រាកដ​ថា ពួកគេ​មិន​មាន​អារម្មណ៍​ត្រូវតែ​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន ឬ​ឯកជន​ពេក​នោះទេ ) ។ សូមគិត​ផងដែរ​ពី​ការចែកចាយ​បទពិសោធន៍​របស់​អ្នក​ផ្ទាល់ ) ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​ចង់​ទាញ​ចំណាប់​អារម្មណ៍​របស់​សាសន៍​នីហ្វៃ ដើម្បី​ឲ្យ​ពួកគេ​នឹង​ផ្លាស់ប្ដូរ​ផ្លូវ​ដ៏​ទុច្ចរិត​របស់​ពួកគេ ។ ទោះជាយ៉ាងណាក្ដី ពួកសាសន៍​នីហ្វៃ​បាន​ពង្រឹង​ចិត្ត​របស់​ពួកគេ ហើយ​បាន​ខកខាន​មិន​បាន​យល់​ថា ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគេ​នៅក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ពួកសាសន៍​លេមិន​ឡើយ ។ ក្រោយពី​ពួកសាសន៍​នីហ្វៃ​បាន​ធ្វើ​សន្ធិសញ្ញា​ជាមួយ​នឹង​ពួកសាសន៍​លេមិន និង​ពួកចោរ​កាឌីអានតុន​ហើយ ( សូមមើល មរមន 2:28 ) ព្រះអម្ចាស់​បាន​ការពារ​ពួកគេ ដោយ​ឲ្យ​ពួកគេ​រស់នៅ​រយៈពេល 10 ឆ្នាំ​ដោយ​គ្មាន​ជម្លោះ ។ អំឡុងពេលប៉ុន្មាន​ឆ្នាំ​នោះ លោក​មរមន​បាន​ជួយ​ពួកសាសន៍​នីហ្វៃ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការវាយប្រហារ​នៅ​ថ្ងៃ​ក្រោយ ( សូមមើល មរមន 3:1 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 3:2–3 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើលអ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យឲ្យ​ពួក​សាសន៍​នីហ្វៃ​ធ្វើ អំឡុងពេល​នៃ​សន្ដិភាព​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ ។

  • តើ​ព្រះអម្ចាស់​បាន​បញ្ជា​លោក​មរមន​ឲ្យ​ផ្ដល់​សារ​អ្វី​ទៅ​ដល់​ពួកសាសន៍​នីហ្វៃ ? តើ​ពួកសាសន៍​នីហ្វៃ​បាន​យល់​ពី​សារ​នេះ​ដែរ​ឬ​ទេ ? តើ​ពួកសាសន៍​នីហ្វៃ​បាន​ឆ្លើយតប​ទៅនឹង​សារ​នេះ​ដោយ​របៀបណា ?

  • យោងតាម មរមន 3:3 ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ថែ​រក្សា​ពួកសាសន៍​នីហ្វៃ​នៅក្នុង​សង្គ្រាម​ថ្មីៗ​របស់​ពួកគេ ទោះបីជា​មាន​អំពើទុច្ចរិត​របស់​គេ​យ៉ាង​ណា​ក្ដី ?

  • តើ​សេចក្ដីពិត​អ្វី​ដែល​អ្នក​អាច​រកឃើញ​ពី​ការទាក់ទង​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​ពួកសាសន៍​នីហ្វៃ​នៅក្នុង មរមន 3:2–3 ? ( សិស្ស​អាច​ឆ្លើយ​ខុសៗគ្នា ។ សូម​សង្ខេប​ចម្លើយ​របស់​ពួកគេ ដោយ​ការសរសេរ​សេចក្ដីពិត​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​ប្រទាន​ដល់​យើង​នូវ​ឱកាស​ដ៏​គ្រប់គ្រាន់​ល្មម​ដើម្បី​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ។ អ្នក​អាច​ណែនាំ​ឲ្យ សិស្ស​អាច​សរសេ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

សូម​សង្ខេប មរមន 3:4–8 ដោយ​ការពន្យល់​ថា ព្រះអម្ចាស់​បាន​ការពារ​ពួកសាសន៍​នីហ្វៃ​ពីរ​ដង​ទៀត​នៅក្នុង​សង្គ្រាម ទោះបីជា​ពួកគេ​ទុច្ចរិត ហើយ​គ្មាន​ឆន្ទៈ​បែរទៅរក​ទ្រង់​វិញ​ក្ដី ។

  • តើ​ការការពារ​របស់​ព្រះអម្ចាស់​លើ​ពួកសាសន៍​នីហ្វៃ​បាន​បង្រៀន​អ្នក​អំពី​អត្តចរិត​របស់​ទ្រង់​យ៉ាងដូចម្ដេច​ខ្លះ ? ( ចម្លើយ​អាច​រួមមាន ព្រះអម្ចាស់​មាន​មេត្តាករុណា និង​អត់ធ្មត់ ) ។

សូម​បង្ហាញ​ថា ព្រះអម្ចាស់​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា​នូវ « ឱកាស​មួយ​សម្រាប់​ការប្រែចិត្ត » ( មរមន 3:3 ) ។ បន្ទាប់មក សូម​ឲ្យ​សិស្ស សញ្ជឹងគិត ក្នុង​ចិត្ត​ពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​ធ្លាប់​មាន​ឆន្ទៈ​ដើម្បី​ប្រែចិត្ត ហើយ​ធ្វើ​ការផ្លាស់ប្ដូរ​ទៅ​តាម​អ្វី​ដែល​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ធ្វើ​ដែរ​ឬ​ទេ ? តើ​មាន​ការផ្លាស់ប្ដូរ​អ្វី​ដែល​អ្នក​អាច​ធ្វើ​នា​ពេល​នេះ ដើម្បី​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ដែរ​ឬ​ទេ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីល្អ និង​ការអត់ធ្មត់​របស់​ព្រះ ក្នុង​ការប្រទាន​ដល់​យើង​នូវ​ឱកាស​ដើម្បី​ប្រែចិត្ត ។ សូម​ឲ្យ​សិស្ស​រកមើល​ឱកាស និង​ការអញ្ជើញ​ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​នៅក្នុង​ជីវិត​របស់​គេ ហើយ​សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​តាម​ការបំផុស​គំនិត​នោះ ។

មរមន 3:9–22

ពួក​សាសន៍​នីហ្វៃ​កើនឡើង​នៅក្នុង​សេចក្ដីទុច្ចរិត ហើយ​លោក​មរមន​បដិសេធ​មិន​ព្រម​ដឹកនាំ​កងទ័ព​របស់​ពួកគេ

សូម​ពន្យល់​ថា ពួកសាសន៍​នីហ្វៃ​មិន​បាន​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​របស់​ព្រះអម្ចាស់ឲ្យ​ប្រែ​ចិត្ត​ឡើយ ប៉ុន្ដែ​គេ​បែរជា​ពង្រឹង​ដួងចិត្ត​របស់​ពួកគេ​ទៅវិញ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 3:9–10 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​របៀប​ដែល​ពួកសាសន៍​នីហ្វៃ​ធ្វើសកម្មភាព​ឆ្លើយតប​ទៅនឹង​ជ័យជំនះ​ដ៏​ច្រើន​របស់​គេ​លើ​ពួក​សាសន៍​លេមិន ។ ( អ្នក​អាច​ប្រាប់​សិស្ស​ថា​ពាក្យ សងសឹក នៅក្នុង ខគម្ពីរទី 9 មាន​ន័យ​ថា​ចង់​ព្យាយាម​ចង់​សងសឹក ) ។

  • តើ​ពួក​សាសន៍​នីហ្វៃ​បាន​ឆ្លើយតប​យ៉ាងណា បន្ទាប់ពី​ជ័យ​ជំនះ​របស់​ពួកគេ​លើ​ពួកសាសន៍​លេមិន ?

  • ហេតុអ្វី​បាន​ជា​វា​ខុសឆ្គង​ដែល​ពួកសាសន៍​នីហ្វៃ​មាន​ការលើកខ្លួន​ឡើង​ចំពោះ​កម្លាំង​ខ្លួនឯង ? តើ​មាន​ការមាន​ការលើកខ្លួន​ឡើង​នេះ​បង្ហាញ​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ដូចម្ដេច​ជាមួយ​នឹង​ព្រះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 3:11–13 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ចម្លើយ​របស់​មរមន នៅ​ពេល​ពួក​សាសន៍​នីហ្វៃ​បាន​ស្បថ​ថា​នឹង​សងសឹក ។

  • តើ​មរមន​បាន​ធ្វើ​អ្វី នៅពេល​ពួកសាសន៍​នីហ្វៃ​បង្ហាញ​ពី​បំណង​ដើម្បី​សងសឹក​នឹង​ពួកសាសន៍​លេមិន ?

  • តើ​អ្នក​ធ្លាប់​ចង់​ព្យាយាម​សងសឹក​នឹង​នរណាម្នាក់​ដែរ​ឬ​ទេ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការចង់​ព្យាយាម​សងសឹក​គឺជា​ប្រតិកម្ម​ពី​ធម្មជាតិ​មួយ​សម្រាប់​មនុស្ស​ជាច្រើន ?

  • មរមន​បាន​ដឹកនាំ​កងទ័ព​ពួកសាសន៍​នីហ្វៃ​អស់រយៈពេល​ជាង 30 ឆ្នាំ ទោះបីជា​ពួកគេ​ទុច្ចរិត​ក្ដី ។ តើ​ការបដិសេធ​របស់​មរមន​មិន​ព្រម​ដឹកនាំ​កងទ័ព បង្រៀន​អ្វីខ្លះ​អំពី​ភាពធ្ងន់ធ្ងរ​ក្នុង​ការសងសឹក ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 3:14–16 ហើយ​សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​មរមន​អំពី​ការសងសឹក ។

  • តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាងណា​ចំពោះ​ការចង់ព្យាយាម​សងសឹក ? ( ចម្លើយ​របស់​សិស្ស​អាច​ខុសៗគ្នា ។ សូម​សង្ខេប​ចម្លើយ​របស់​ពួកគេ ដោយ​ការសរសេរ​សេចក្ដីពិត​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​ហាម​មិន​ឲ្យ​យើង​ព្យាយាម​សងសឹក​ឡើយ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ការណែនាំ​របស់​ព្រះអម្ចាស់​នៅក្នុង ខគម្ពីរទី 14–16 សូម​ឲ្យ​សិស្ស​និយាយ​ម្ដងទៀត​នូវ​ផ្នែក​ទីមួយ​នៃ មរមន 3:15 ( « ការសងសឹក​គឺជា​របស់​យើង ហើយ​យើង​នឹង​សង » ) ជា​សម្ដី​ខ្លួន​ឯង ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​មិន​សងសឹក​គេ ? តើ​យើង​អាច​យកឈ្នះ​លើ​បំណង​ចង់​សង​សឹក​ដោយ​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​ពី​របៀប​យក​ឈ្នះ​លើ​អារម្មណ៍​សងសឹក សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ការណែនាំ​ខាងក្រោម​ពី​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទី​មួយ ។ ប្រសិនបើ​អាច សូម​ផ្ដល់​ច្បាប់​ចម្លង​នៃ​ប្រសាសន៍​ដកស្រង់​នេះ​ដល់​សិស្ស​ម្នាក់ៗ ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« យើង​ត្រូវ​ស្គាល់ ហើយ​ទទួល​យក​នូវ​អារម្មណ៍​ខឹង​សម្បារ​នេះ ។ វា​ត្រូវការ​ការបន្ទាបខ្លួន​ដើម្បី​ធ្វើ​បែប​នេះ​បាន ប៉ុន្ដែ​ប្រសិនបើ​យើង​លុតជង្គង់​ចុះ ហើយ​សុំ​ព្រះវរបិតា​ដើម្បី​មាន​អារម្មណ៍​នៃ​ការអភ័យទោស នោះ​ទ្រង់​នឹង​ជួយ​យើង ។ ព្រះអម្ចាស់​សុំ​ឲ្យ​យើង ‹ អត់ទោស​ដល់​មនុស្ស​ទាំងអស់ › [គ. និង ស. 64:10] ដើម្បី​ការល្អ​របស់​យើង​ផ្ទាល់ ដោយសារ ‹ ការស្អប់​បង្អាក់​ការរីកចម្រើន​ខាង​វិញ្ញាណ › ។ [ Orson F. Whitney, Gospel Themes ( ឆ្នាំ 1914 ), ទំព័រ 144 ។ ] មាន​តែ​នៅពេល​យើង​បញ្ចៀស​ខ្លួន​យើង​ចេញពី​ការស្អប់ និង​ភាពជូរចត់​ទេ ទើប​ព្រះអម្ចាស់​អាច​ផ្ដល់​នូវ​ការលួងលោម​ដល់​ដួងចិត្ត​របស់​យើង​បាន ។ …

« … នៅពេល​សោកនាដកម្ម​កើតឡើង យើង​មិន​គួរ​ឆ្លើយតប​ដោយ​ការព្យាយាម​សងសឹក​ផ្ទាល់ខ្លួន​នោះទេ ប៉ុន្ដែ​យើង​ត្រូវ​អនុញ្ញាត​ឲ្យ​សេចក្ដីយុត្តិធម៌​ដើរ​តាម​ផ្លូវ​របស់​វា ហើយ​បន្ទាប់មក​បណ្ដោយ​ឲ្យ​វា​កន្លង​ទៅ​ចុះ ។ វា​មិន​ងាយស្រួល​ទេ​ដើម្បី​បណ្ដោយ​ឲ្យ​វា​ទៅ ហើយ​ធ្វើឲ្យ​ដួងចិត្ត​យើង​ទទេ​ស្អាត​ពី​ការឈឺចាប់ ។ ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ដល់​យើង​ទាំងអស់គ្នា​នូវ​សេចក្តី​សុខសាន្ត​ដ៏​មាន​តម្លៃ​មួយ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ប៉ុន្ដែ​ការណ៍​នេះ​អាច​កើតឡើង​តែ​នៅពេល​យើង​មាន​ឆន្ទៈ​បោះ​បង់​ចោល​នូវ​អារម្មណ៍​អវិជ្ជមាន គឺ​កំហឹង ការស្អប់ ឬ​ការសងសឹក​ប៉ុណ្ណោះ » ( « The Healing Power of Forgiveness » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2007, ទំព័រ 69 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 3:17, 20–22 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​លោក​មរមន​បាន​ចង់​ឲ្យ​យើង​ដឹង ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​គូសចំណាំ​ការណែនាំ​របស់​លោក​មរមន​ក្នុង « ការប្រែចិត្ត និង​រៀបចំ​ខ្លួន​ដើម្បី​ឈរ​នៅចំពោះ​ការជំនុំជម្រះ​របស់​ព្រះគ្រីស្ទ » ( មរមន 3:22 ) ។

មរមន 4

ពួកសាសន៍​លេមិន​ចាប់ផ្ដើម​កំចាយ​ពួកសាសន៍​នីហ្វៃ​ចេញពី​ផែនដី

សូម​ឲ្យ​សិស្ស​លើក​ដៃ ប្រសិនបើ​ពួកគេ​ស្គាល់​នរណាម្នាក់​ដែល​បាន​ធ្វើ​អ្វី​មួយ​ខុស ប៉ុន្ដែ​មិន​ត្រូវបាន​គេ​ចាប់បាន ឬ​ជួប​នឹង​លទ្ធផល​នៃ​ការធ្វើ​ខុសនោះ ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​នៅពេល​ណា​ដែល​លទ្ធផល​នៃ​ជម្រើស​ខុស​នឹង​តាមទាន់​នរណាម្នាក់​ដែល​ជ្រើសរើសធ្វើ​ខុស​ដោយ​ចេតនា ?

សូម​ឲ្យ​សិស្ស​អាន មរមន 4:1–2 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​ដល់​កងទ័ព​សាសន៍​នីហ្វៃ នៅពេល​ពួកគេ​បាន​ចង់​សងសឹក​នឹង​ពួក​សាសន៍​លេមិន ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន មរមន 4:4 ដោយ​ស្ងាត់ៗ​ដោយរកមើល​មូលហេតុ​ដែល​កងទ័ព​សាសន៍​នីហ្វៃ​មិន​បាន​ជោគជ័យ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 4:5 ឮ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​សេចក្ដីពិត​ដែល​ខគម្ពីរ​នេះ​បង្រៀន​អំពី​លទ្ធផល​នៃ​ការរឹងទទឹង​នៅក្នុង​អំពើទុច្ចរិត ។ នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរក​ឃើញ សូម​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដីពិត​ខាងក្រោម​ពី មរមន 4:5 ៖ « សេចក្ដី​ជំនុំជម្រះ​នៃ​ព្រះ​នឹង​យកឈ្នះ​លើ​ពួកទុច្ចរិត » ។​ អ្នក​អាច​ណែនាំ​ថា សិស្ស​អាច​គូសចំណាំ​សេចក្ដីពិត​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​អាន មរមន 4:10–12 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​ការពិពណ៌នា​នៃ​អំពើទុច្ចរិត​របស់​ពួកសាសន៍​នីហ្វៃ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី មរមន 4:13–14, 18, 21– 22 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​រកមើល​របៀប​ដែល​ការជំនុំជម្រះ​នៃ​ព្រះ​ដែល​បាន​ស្រោច​មក​លើ​ពួកសាសន៍​នីហ្វៃ ។

  • សម្រាប់​អ្នក តើ​អ្វី​ជា​ផ្នែក​ដ៏​ក្រៀមក្រំ​បំផុត​នៃ​ដំណើររឿង​នេះ ?

សូម​ឲ្យ​សិស្ស​មើល​ទៅ​គោលការណ៍​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដីពិត​ទាំងនេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​ការបំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ពួកគេ​ទទួល​បាន នៅពេល​ពួកគេ​សញ្ជឹងគិត ។

សូម​ថ្លែងទីបន្ទាល់​ពី​សេចក្ដីល្អ និង​សេចក្ដីស្រឡាញ់​នៃ​ព្រះអម្ចាស់​ក្នុង​ការប្រទាន​ដល់​យើង​នូវ​ឱកាស​ដ៏​គ្រប់​គ្រាន់​ល្មម​ដើម្បី​ប្រែចិត្ត ។ សូម​ថ្លែងទីបន្ទាល់​ផងដែរ​ថា លទ្ធផល​នឹង​តែងតែ​មក​ដល់​អ្នកណា​ដែល​រឹងទទឹង​មិនព្រម​ប្រែចិត្ត ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរមន 3:9–10 ។ ការស្បថ​សម្បថ

លោក​មរមន​បាន​មាន​ប្រសាសន៍​ថា ពួកសាសន៍​នីហ្វៃ​បាន​ស្បថ « ដល់​ស្ថានសួគ៌ និង​ចំពោះ​បល្ល័ង្ក​នៃ​ព្រះ​ផង » ថា​ពួកគេ​នឹង​សងសឹក​លើ​ពួកសាសន៍​លេមិន ( សូមមើល មរមន 3:9–10) ។ សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​ពន្យល់​ពី​សារៈសំខាន់​នៃ​ការស្បថ​សម្បថ​នៅ​ក្នុង​ជំនាន់​នៃ​ព្រះគម្ពីរ​មរមន ហេតុដូច្នេះ​វា​ផ្ដល់​ដល់​យើង​នូវ​ការយល់ដឹង​ពី​ធម្មជាតិ​នៃ​ការមើល​ងាយ​ព្រះ​នៃ​បំណង​របស់​សាសន៍​នីហ្វៃ​ដែល​ពាក់ព័ន្ធ​នឹង​ព្រះ​ក្នុង​ការសងសឹក​របស់​គេ ។

« បញ្ហា​នៃ​ការស្បថ​ជាមួយ​នឹង​សម្បថ​ក្នុង​ជំនាន់​បុរាណ​នេះ គឺ​សំខាន់​ខ្លាំង​ជាង​អ្វី​ដែល​យើង​ភាគច្រើន​បាន​យល់ ។

« ឧទាហរណ៍ ៖ នីហ្វៃ និង​បងប្អូនរបស់​លោក​បាន​ខំ​ទៅរក​ផ្ទាំងលង្ហិន​ពី​ឡាបាន់ ។ ជីវិត​របស់​ពួកគេ​ស្ថិតក្នុង​គ្រោះថ្នាក់ ។ ប៉ុន្ដែ​នីហ្វៃ​បាន​ស្បថ ៖ ‹ ប្រាកដ​ដូចជា​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ប្រាកដ​ដូចជា​យើង​មាន​ជីវិត នោះ​យើង​នឹង​មិន​ចុះ​ទៅរក​ឪពុក​យើង​នៅក្នុង​ទីរហោស្ថាន​ឡើយ ទាល់តែ​យើង​បាន​សម្រេច​នូវ​កិច្ចការ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា​យើង​សិន › (នីហ្វៃទី 1 3:15) ។

« ហេតុដូច្នេះហើយ នីហ្វៃ​បាន​យក​ព្រះ​ធ្វើ​ជា​ដៃគូ​របស់​លោក ។ ប្រសិនបើ​លោក​បរាជ័យ​យក​ផ្ទាំងចំណារ​មិន​បាន​ទេ វា​មាន​ន័យ​ថា ព្រះ​បាន​បរាជ័យ​ដែរ ។ ហើយ​ដោយសារ​ព្រះ​មិន​បរាជ័យ វា​បាន​ក្លាយ​ទៅ​ជា​ភារកិច្ច​របស់​នីហ្វៃ​ថា លោក​ត្រូវតែ​ទៅ​យក​ផ្ទាំងចំណារ បើ​ពុំ​នោះ​សោត​ទេ លោក​នឹង​លះបង់​ជីវិត​របស់​នៅ​ក្នុង​ការខំប្រឹងប្រែង​នោះ » ( « The Doctrine of the Priesthood » Ensign ខែ ឧសភា ឆ្នាំ 1982 ទំព័រ 33 ) ។