បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 24


មេរៀន​សិក្សា​នៅ​ផ្ទះ

នីហ្វៃទី 3 1–11:17 ( មេរៀន​ទី 24 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដីសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា នីហ្វៃទី 3 1–11:17 ( មេរៀនទី 24 ) មិន​មែន​សម្រាប់​បង្រៀន​ក្នុងផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 ( នីហ្វៃទី 3 1 )

នៅពេល​សិស្ស​បាន​សិក្សា​អំពី​ការបំពេញ​នៃ​ការព្យាករណ៍​របស់​ព្យាការី​សាំយូអែល ​ជា​សាសន៍​លេមិន ដែលព្យាករណ៍ពីការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​បាន​រៀន​ថា ព្រះអម្ចាស់​នឹង​បំពេញ​តាម​ពាក្យ​ទាំងឡាយ​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​ព្យាការី​ទាំងឡាយ​របស់​ទ្រង់​បាន​ប្រសាសន៍ ។ ចេញពី​គំរូ​នៃ​អស់អ្នកទាំងឡាយ​ណា​ដែល​ស្មោះត្រង់ ទោះបីជា​នៅពេល​ពួកអ្នកមិន​ជឿ​បាន​គ្រោង​នឹង​បំផ្លាញ​ពួកគេ​ក្ដី នោះ​សិស្ស​បាន​រៀន​ថា នៅពេល​យើង​ប្រឈម​មុខ​នឹង​ការកុហក​របស់​សាតាំង យើង​អាច​ជ្រើសរើស​ដើម្បី​ជឿ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​នៅតែ​បន្ដ​ស្មោះត្រង់ ។ ការបះបោរ​នៃ​ពួកយុវជន​សាសន៍​លេមិន​ខ្លះ​បាន​បង្ហាញ​ដល់​សិស្ស​ថា ប្រសិនបើ​យើង​ចុះចាញ់​នឹង​ការល្បួង នោះ​គំរូ​របស់​យើង​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​សេចក្ដីជំនឿ និង​ភាពសុចរិត​របស់​អ្នកដទៃ​បាន ។

ថ្ងៃទី 2 (នីហ្វៃទី 3 2–5)

ខណៈពេល​ដែល​កំពុង​សិក្សា​ពី​ការធ្លាក់ចុះ​នៃ​ភាពសុចរិត​របស់ប្រជាជន នោះ​សិស្ស​បាន​សង្កេត​ឃើញថា ប្រសិនបើ​យើង​ភ្លេច​ពី​បទពិសោធន៍ខាងវិញ្ញាណ​ពីមុនៗ នោះ​យើង​នឹង​ងាយ​រង​ការល្បួង និង​ការបោក​បញ្ឆោត​របស់​សាតាំង​ជាងពេល​មុន ។ នៅពេល​ពួកគេ​បាន​វិភាគ​ពី​សំបុត្រ​បោកបញ្ឆោត​របស់​គីឌឌីអានហៃ​ទៅកាន់​ឡាកូនីអូស សិស្ស​បាន​រកឃើញ​ពី​របៀប​ដែល​សាតាំង និងពួក​បរិវារ​របស់​វា ​ជារឿយៗ​ប្រើ​នូវ​ពាក្យ​បញ្ជោរ ការសន្យា​ក្លែងក្លាយ និង​ការគំរាមកំហែង​ដើម្បី​ដឹកនាំ​ប្រជាជន​ឲ្យ​វង្វេង ។ សិស្ស​បាន​រៀន​ពី​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ដែល​បាន​ការពារ​ខ្លួនពួកគេ​ដោយ​ជោគជ័យ​ប្រឆាំង​នឹង​ពួកចោរ​កាឌីអានតុន ថានៅពេល​ពួកយើង​រៀបចំ​ខ្លួន​យើង​ខាង​វិញ្ញាណ និង​ខាងសាច់ឈាម​ជាស្រេច នោះ​ព្រះអម្ចាស់​នឹង​ពង្រឹង​យើង​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ ។ នៅពេល​សិស្ស​បាន​អាន​អំពី​ការសរសើរ​របស់​ពួកសាសន៍​នីហ្វៃ​ទៅដល់​ព្រះអម្ចាស់​ចំពោះការ​រំដោះ​ពួកគេ នោះ​សិស្ស​បាន​រៀន​ថា ការទទួល​ស្គាល់​សេចក្ដីល្អ និង​សេចក្ដីមេត្តាករុណា​របស់​ព្រះនៅក្នុង​ការដោះលែង​យើង​ពី​ភាពលំបាក​ជួយ​យើង​ឲ្យ​នៅតែ​បន្ដ​បន្ទាបខ្លួន ។ ការខិតខំ​ប្រឹងប្រែង​របស់​ពួកសាសន៍​នីហ្វៃ​ក្នុង​ការចែកចាយ​ដំណឹងល្អ និង​ការប្រកាស​របស់​លោកមរមន​អំពី​កាតព្វកិច្ច​របស់​លោក​បាន​បង្ហាញ​ថា ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​មាន​ការទទួលខុសត្រូវ​មួយ​ដើម្បី​បង្រៀន​ដល់​អ្នកដទៃ​ពី​ផ្លូវទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ថ្ងៃទី 3 ( នីហ្វៃទី 3 6–10 )

នៅពេល​សិស្ស​អាន​អំពី​របៀប​ដែល​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​ធ្លាក់ចុះ​ទៅក្នុង​ភាពទុច្ចរិត​ម្ដងទៀត នោះ​ពួកគេ​បាន​រកឃើញ​ថា នៅពេល​យើង​មានសេចក្តី​ឆ្មើងឆ្មៃ នោះ​យើងបណ្តោយឲ្យ​សាតាំង​មាន​អំណាច​ដ៏​ខ្លាំង​ក្នុង​ការល្បួង​យើង និងនាំ​យើង​ឲ្យ​ធ្វើ​អំពើបាប​បន្ថែម​ទៀត ។ ប៉ុន្តែ​គំរូ​ដ៏​ស្មោះត្រង់​នៃ​ប្រជាជន​ខ្លះ​បាន​បង្ហាញ​ថា យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាបខ្លួន និង​ស្មោះត្រង់ ទោះ​ស្ថិត​ក្នុង​​កាលៈទេសៈ​ណា​ក៏​ដោយ ។ ដូច​ជា​​ការ​គ្រប់​គ្រង​នៃ​សាសន៍​នីហ្វៃត្រូវ​បាន​ ​បាន​ដោះស្រាយហើយ នោះ​អ្នកទាំងឡាយ​ណា​ដែល​បាន​ដើរតាម​នីហ្វៃ​បាន​បង្ហាញ​ថា ប្រសិនបើ​យើង​ប្រែចិត្ត ហើយ​ធ្វើ​តាម​អ្នកបម្រើ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​រីករាយ​នឹង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​ជីវិត​របស់​យើង ។ បន្ទាប់ពី​សេចក្តីបំផ្លិចបំផ្លាញ​ដ៏​ខ្លាំងក្លា នោះ​ប្រជាជន​​ទូទាំង​ដែនដី​បាន​ស្ដាប់ឮ​សំឡេង​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ប្រកាស​នៅក្នុង​ភាពងងឹត​ថា ប្រសិនបើ​យើង​មកកាន់​ទ្រង់​ដោយ​មានចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប នោះ​ទ្រង់​នឹង​ព្យាបាល​យើង ហើយ​ប្រទាន​ដល់​យើង​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ថ្ងៃទី 4 ( នីហ្វៃទី 3 11:1–17 )

នៅពេល​សិស្ស​បាន​សិក្សា​ពី​ការប្រកាស​របស់​ព្រះវរបិតា​អំពី​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកគេ​បាន​ឃើញ​ថា ព្រះវិញ្ញាណបរិសុទ្ធ​ជារឿយៗ​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈ​អារម្មណ៍​របស់​យើង ។ ពួកគេ​ក៏​បាន​រៀន​ដែរ​ថា នៅពេល​យើង​រៀន​ពី​របៀប​ដើម្បី​ស្ដាប់​តាម​សំឡេង​នៃ​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​នឹង​អាច​យល់​ពី​ទំនាក់ទំនង​ដែល​ទ្រង់​ប្រទាន​ដល់​យើង​បាន ។ ចេញពី​ដំណើររឿង​របស់​ព្រះអង្គសង្គ្រោះ​ដែល​ចាប់ផ្ដើម​ពី​ការបម្រើ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ នោះ​សិស្ស​បាន​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​ទទួល​បាន​នូវ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ​ថា ទ្រង់​គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ហើយ​ថា​នៅពេល​យើង​ទទួល​បាន​ទីបន្ទាល់​នោះ​ហើយ យើង​មាន​ទំនួលខុសត្រូវ​មួយ​ក្នុង​ការថ្លែង​អំពី​ទ្រង់ ។

សេចក្តីផ្ដើម

សកម្មភាព​សម្រាប់ នីហ្វៃទី 3 1–7 នៅក្នុង​មេរៀន​នេះ​សង្កត់ធ្ងន់​លើ​គោលលទ្ធិ និង​គោលការណ៍​ខ្លះៗ​ដែល​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​នូវ​អត្ថន័យ​នៃ​ការប្រែចិត្ត​ជឿ​ដល់​ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ ។ សកម្មភាព​ក្នុង​ការបង្រៀននៅ នីហ្វៃទី 3 8–10 នឹង​រៀបចំ​សិស្ស​ឲ្យ​ឆ្លុះបញ្ចាំង​ពី​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​រៀន​អំពីការ​យាង​មក​របស់​ទ្រង់​ទៅដល់​កូនចៅ​របស់​លីហៃ​នៅក្នុង នីហ្វៃទី 3 11 ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី3 1–7

ទីសម្គាល់ និង​ការអស្ចារ្យ​ទាំងឡាយ​ប្រកាស​ពី​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ប្រជាជន​វិលជុំ​រវាង​ភាពសុចរិត និង​ភាពទុច្ចរិត​រហូតដល់​ការ​គ្រប់​គ្រងត្រូវ​បាន​ដួលរលំ

សូម​គូស​បន្ទាត់​មួយ​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

រូបភាព
បន្ទាត់អង្កាញ់ៗ

សូម​សួរ ៖ ដោយ​ផ្អែកលើ​ការសិក្សា​របស់​អ្នក​នៅក្នុង​សប្ដាហ៍​កន្លងទៅ តើ​បន្ទាត់នេះ​អាច​តំណាងឲ្យ​ពួកសាសន៍​នីហ្វៃ​នៅក្នុង នីហ្វៃទី 3 1–7 ដោយ​របៀបណា ? ( អ្នក​អាច​សុំ​ឲ្យ​សិស្ស​រំឭក​ពី​សេចក្ដីសង្ខេបក្បាល​ជំពូក​ក្នុង នីហ្វៃទី 3 1–7 ដើម្បី​ជួយ​ពួកគេ​ចាំ​ពី​របៀប​ដែល​ពួកសាសន៍​នីហ្វៃ​ប្រែប្រួល​រវាង​សេចក្តីសុចរិត និង​អំពើទុច្ចរិត​ពី​ឆ្នាំទី 1 នៃ គ.ស. ដល់ឆ្នាំទី 33 នៃ​គ.ស. ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល នីហ្វៃទី 3 1–7 អាច​បង្រៀន​យើង​អំពី​ការ​ធ្វើ​ជា​មនុស្ស​ដែល​​ប្រែចិត្តជឿ​យ៉ាងពិតប្រាកដ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ម៉ារ៉ុន ជី រ៉មនី នៃ​គណៈប្រធានទីមួយ ។ ( ប្រសិនបើ​អាច សូម​ចែកសំណៅ​ចម្លង​ដល់​សិស្ស​ម្នាក់ៗ ហើយ​សូម​ឲ្យ​ពួកគេ​គូស​បន្ទាត់​ពី​ក្រោម​ឃ្លា ឬ​ពាក្យ​ទាំងឡាយ​ណា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ​ពិពណ៌នា​ពី​បុគ្គល​ដែល​ប្រែចិត្ត​ជឿ​បាន​ល្អ​បំផុត ) ។

« ការប្រែចិត្តជឿ​គឺជា​ការផ្លាស់ប្ដូរ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ ប្រែចិត្ត​ជឿ មិនត្រឹមតែ​បញ្ជាក់​អត្ថន័យ​ពី​ការទទួលយក​ព្រះយេស៊ូវ និង​ការបង្រៀន​របស់​ទ្រង់ផ្នែក​អារម្មណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្ដែថែម​ទាំង​ជា​សេចក្ដីជំនឿដែល​លើក​ទឹក​ឲ្យ​មាន​ចិត្ត​ទៅលើ​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ ។ … នៅក្នុង​បុគ្គល​ម្នាក់​ដែល​ពិតជា​បាន​ប្រែចិត្ត​ជឿ​ទាំងស្រុង​មែន នោះ​បំណង​លើ​វត្ថុនានា​ដែល​ផ្ទុយទៅនឹង​ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ​ពិត​ជា​បាន​បាត់បង់​ទៅហើយ ។​ ហេតុដូច្នេះ​ហើយ​ជំនួស​មក​វិញ វា​គឺជា​សេចក្ដីស្រឡាញ់​មួយ​ដល់​ព្រះ ដោយ​ការប្ដេជ្ញាចិត្ត​ដ៏​ម៉ឺងម៉ាត់ និង​ម៉ត់ចត់​ក្នុង​ការកាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ » ( នៅក្នុង​របាយការណ៍សន្និសីទទូទៅ សន្និសីទប្រចាំតំបន់​ប្រទេស​ក្វាតេម៉ាឡា ឆ្នាំ 1977, 8 ) ។

សូម​សួរ ៖ តើ​ឃ្លា ឬ​ពាក្យ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា​ពិពណ៌នា​បាន​ល្អ​បំផុត​អំពី​បុគ្គល​ដែល​បាន​ប្រែចិត្ត​ជឿ ?

សូម​គូស​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ឬ​រៀបចំ​ជា​ក្រដាស​ចែកដល់​សិស្ស ៖

សេចក្ដីជំនឿ និង​ទង្វើរ​ដែល​នាំទៅរក​ការប្រែចិត្ត

សេចក្ដីជំនឿ និង​ទង្វើរ​ដែល​ធ្វើឲ្យ​ការប្រែចិត្ត​ទន់ខ្សោយ

នីហ្វៃទី 3 1:15–23, 27–30

នីហ្វៃទី 3 2:1–3; 3:1–10

នីហ្វៃទី 3 4:7–12, 30–33

នីហ្វៃទី 3 6:13–18; 7:1–5

នីហ្វៃទី 3 7:15–22

សូម​ដាក់​វគ្គ​ព្រះគម្ពីរ​មួយ​ពី​ក្នុង​តារាង​ដល់​សិស្ស​ម្នាក់ៗ ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​មាន​ពេល​ស្រាវជ្រាវ​លើ​វគ្គ​កិច្ចការ​របស់​ពួកគេ​ចំពោះ​សេចក្ដីជំនឿ និង​ទង្វើរ​ដែល​អាច​ទាំងដឹកនាំ ឬ​ធ្វើឲ្យ​ការប្រែចិត្តមាន​ភាព​​ទន់ខ្សោយ ។ គោលការណ៍​ជាច្រើន​ដែល​សិស្ស​អាច​រកឃើញ​ដែល​មាន​នៅក្នុង​សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅផ្ទះ​ប្រចាំថ្ងៃ​សម្រាប់​ថ្ងៃទី 1–3 នៅ​ចំណុច​ចាប់ផ្ដើម​នៃ​មេរៀន​នេះ ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ​ហើយ សូម​សរសេរ​ចម្លើយ​របស់​គេ​នៅលើ​ក្ដារខៀន ឬ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​វា​នៅលើ​ក្រដាស​របស់​ពួកគេ ។ សូម​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​បាន​រកឃើញ​ដោយ​សួរសំណួរ​ដូចខាងក្រោម​ដែល​ទាក់ទង​ទៅនឹង​សេចក្ដីពិត​មួយ ឬ​ពីរ​ដែល​សិស្ស​បាន​រកឃើញ ៖

  • តើ​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់​បាន​រស់នៅ​តាម​សេចក្ដីពិត ឬ​មាន​បទពិសោធន៍​ពី​គោលការណ៍​នោះ​ដោយ​របៀបណា ?

  • ​ផ្អែកលើ​សេចក្ដីពិត​ដែល​អ្នក​បាន​រកឃើញ តើ​ដំបូន្មាន​អ្វី​ដែល​អ្នក​នឹង​ផ្ដល់​ដល់​នរណាម្នាក់​ដើម្បី​ជួយ​គេ​ឲ្យ​កាន់តែ​ប្រែចិត្ត​ជឿ ហើយ​នឹងនរ​ខាង​វិញ្ញាណ​ថែមទៀត ?

នីហ្វៃទី 3 8–11:17

សេចក្តីបំផ្លិចបំផ្លាញ​ដ៏​ធំ និង​ភាពងងឹត​បង្ហាញ​ពី​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ ក្រោយពី​ការរស់ឡើងវិញ​របស់​ទ្រង់ ទ្រង់​ទៅសួរ​ដល់​កូនចៅ​របស់​លីហៃ

សូម​ឲ្យ​សិស្ស​ម្នាក់​សង្ខេប​ហេតុការណ៍​ទាំងឡាយ​នៅក្នុង នីហ្វៃទី3 }8 ហើយ​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​ពី​អារម្មណ៍ ឬ ចំណាប់​អារម្មណ៍​ដែល​គេ​បាន​មាន ខណៈពេល​ដែល​សិក្សា​ជំពូក​នេះ​កាល​ពី​សប្ដាហ៍​កន្លងទៅ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 8:20–23 ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ពន្យល់​ពី​មូលហេតុ​ដែល​ការរៀបរាប់​នៃ​ទីសម្គាល់​ក្នុង​ខគម្ពីរ​ទាំងនេះ គឺជា​ទីសម្គាល់​ដ៏​សមរម្យ​មួយ​ដើម្បី​បង្ហាញ​ពី​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​បញ្ជាក់​ពី​ភាពងងឹត​ដែល​ពួកសាសន៍​នីហ្វៃ​បានជួប អ្នក​អាច​ប្រើ​នូវ​សកម្មភាព​ខាងក្រោម​នេះ ៖

សូម​ចែកឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ពិល​មួយ ហើយ​បិទ​ភ្លើង​នៅក្នុង​បន្ទប់ ។ ( ប្រសិនបើ​អ្នក​មិន​មាន​ពិលគ្រប់​គ្រាន់​ទេ សិស្ស​អាច​ចែកគ្នា​ប្រើ ) ។ សូម​ឲ្យ​សិស្ស​ចុចបើក​ពិល ហើយ​សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី នីហ្វៃទី 3 9:13–20 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​សេចក្ដីពិត​ដែល​ប្រជាជន​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ដែល​ពួកគេ​ជួប​នឹង​បទពិសោធន៍​ក្នុង​ភាពងងឹត​ក្រោយពី​ការសុគត​របស់​ទ្រង់ ។ ពេល​បើក​ភ្លើង​វិញ សូម​សង្ខេប​លើ​ក្ដារខៀន​នូវ​សេចក្ដីពិត​ដែល​សិស្ស​បាន​រកឃើញ ។ សូម​បញ្ជាក់​នូវ​គោលការណ៍​ខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក ។ ប្រសិនបើ​យើង​មកកាន់​ព្រះគ្រីស្ទ​ដោយ​មាន​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​នោះ ទ្រង់​នឹង​ទទួល​យក​យើង ប្រោស​យើង ហើយ​ប្រទាន​ដល់​យើង​នូវ​ជីវិតដ៏នៅអស់កល្បជានិច្ច ។

សូម​សង្ខេប នីហ្វៃទី 3 11:1–7 ដោ​យការពន្យល់​ថា ប្រជាជន​ដែល​បាននៅ​រស់​ពី​សេចក្តីបំផ្លិចបំផ្លាញ​នោះ​បាន​ប្រជុំ​គ្នា​នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ដែនដី​បរិសុទ្ធ ។

សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅឯអឌ្ឍគោលខាងលិច ( 62380; កញ្ចប់​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 82 ) ឬ ព្រះយេស៊ូវ​ព្យាបាល​ដល់​ពួកសាសន៍​នីហ្វៃ ( កញ្ចប់​រូបភាព​ដំណឹងល្អ លេខ 83 ) ។ សូម​ឲ្យ​សិស្ស​មើល នីហ្វៃទី 3 11:8–17 នៅពេល​អ្នក​អានឲ្យ​ពួក​គេ​ស្តាប់ ។ ពេល​អាន​សូមឈប់​ម្ដងៗ​ ហើយ​សូម​ឲ្យ​សិស្ស​ចែកចាយ​អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​ឃើញ​ពី​បទពិសោធន៍​នេះ​ជាពិសេស​បទពិសោធន៍ « ម្ដងម្នាក់ៗ » ដែលពួក​សាសន៍​នីហ្វៃ​បាន​មាន​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ដូចដែល​បាន​រៀបរាប់​នៅក្នុង នីហ្វៃទី 3 11:15 ។

ក្រោយពី​ការអាន នីហ្វៃទី 3 11:8–17 ហើយ សូមសួរ​សំណួរ​ខាង​ក្រោម​ដល់​សិស្ស ។ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​ពី​សំណួរ​ដោយ​ស្ងប់ស្ងាត់​មួយ​សន្ទុះ មុននឹង​ពួកគេ​ឆ្លើយ ។ ( សូម​ប្រាកដ​ថា អ្នក​ទុកពេល​ឲ្យ​សិស្ស​ឆ្លើយនឹង​សំណួរ​ទាំងនេះ​គ្រប់គ្រាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ប្រញាប់ នៅពេល​ពួកគេ​សញ្ជឹងគិត និង​ចែកចាយ​ពី​អារម្មណ៍ និង​ទីបន្ទាល់​របស់​ពួកគេ ) ។

  • ប្រសិនបើ​អ្នក​ស្ថិតនៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ និង​បាន​មាន​ឱកាស​ដើម្បី​ស្ទាប​ស្នាម​របួស​របស់​ព្រះអង្គសង្គ្រោះ តើ​អ្នក​ចង់ទូល​អ្វី​ទៅកាន់​ទ្រង់ ?

  • នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់​ដល់​ពួកសាសន៍​នីហ្វៃ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដែល​ទ្រង់​បាន​ឲ្យ​ពួកគេ​យកចិត្តទុកដាក់​លើ « ពែងល្វីង » ? ( នីហ្វៃទី 3 11:11 ) ។

  • តើ​អ្វីទៅ​ជា « ពែងល្វីង » ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​សំដៅលើ ? ( សូមមើល គ. និង ស. 19:16–19 ។ )

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ និង​ពន្លឺ​ដែល​ទ្រង់​បាន​មាន​នៅក្នុង​ជីវិត​របស់​អ្នក នៅពេល​អ្នក​បាន​ធ្វើ​តាម​ទ្រង់ ។ ( អ្នក​ក៏​អាច​សុំ​ឲ្យ​សិស្ស​ចងចាំ​ដល់​អារម្មណ៍​ដែល​ពួកគេ​បាន​មាន អំឡុងរៀន​មេរៀន​នេះ និង​កត់ត្រា​វា​ទុក​នៅក្នុង​កំណត់ហេតុ​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅផ្ទះ ) ។

មេរៀន​បន្ទាប់ ( នីហ្វៃទី 3 11:18–16:20 )

សូម​ឲ្យ​សិស្ស​គិត​ពី​សំណួរ​ខាងក្រោម នៅពេល​ពួកគេ​សិក្សា​មេរៀន​បន្ទាប់ ៖ តើ​ខ្ញុំ​ចាត់ទុក​នរណាម្នាក់​ថា​ជា​សត្រូវ​របស់​ខ្ញុំ​ដែរឬទេ ? បើ​មាន តើ​ខ្ញុំ​ប្រព្រឹត្ត​នឹង​មនុស្ស​នោះ​យ៉ាងណា​ដែរ ? តើ​គុណធម៌​អ្វី​ដែល​ព្រះ​មាន​អារម្មណ៍​ថា​សំខាន់​នៅក្នុង​ជីវិត​របស់​ខ្ញុំ ? តើ​វា​អាច​ទទួល​យក​បាន​ទេ​ក្នុង​ការកាត់សេចក្ដី​មនុស្ស​ផ្សេង​ទៀត​នោះ ? សិស្ស​អាច​រកឃើញ​ចម្លើយ​ទៅនឹង​សំណួរ​ទាំងនេះ នៅពេល​ពួកគេ​សិក្សា​ពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​មេរៀនទី 25 ។