បណ្ណាល័យ
មេរៀន​ទី 21 ៖ នីហ្វៃ​ទី​1 20–22


មេរៀនទី 21

នីហ្វៃទី 1 20–22

សេចក្តី​ផ្ដើម

នៅពេល​នីហ្វៃ​បាន​បង្រៀន​សមាជិក​គ្រួសារ​របស់​គាត់ គាត់​បាន​អាន​ពី​ផ្ទាំង​លង្ហិន ដោយ​ផ្ដោត​លើ​ការព្យាករណ៍​របស់​អេសាយ អំពី​ការខ្ចាត់ខ្ចាយ និង ការប្រមូល​នៃ​អ៊ីស្រាអែល ។ បន្ទាប់​មក គាត់​បាន​ឆ្លើយតប​នឹង​សំណួរ​បងៗ​របស់​គាត់​អំពី​ការព្យាករណ៍​ទាំងនោះ ។ គាត់​បាន​ពន្យល់​ថា ការព្យាករណ៍​នេះ​បាន​អនុវត្ត​ដោយ​ចំៗ​ចំពោះ​គ្រួសារ​របស់​ពួកគេ ។ ដោយ​ប្រកាស​ពាក្យសម្ដី​របស់​អេសាយ នីហ្វៃ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ប្រមូល​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់​មក​វិញ—ថា​ទោះបី​ជា​ពេល​រាស្ដ្រ​នោះ មិន​បាន​រស់នៅ​តាម​សេចក្ដី​សញ្ញា​របស់​ពួកគេ​ក្ដី ក៏​ព្រះអម្ចាស់​ស្រឡាញ់​ពួកគេ និង អញ្ជើញ​ពួកគេ​ឲ្យ​ប្រែចិត្ត និង ត្រឡប់​មក​រក​ទ្រង់​វិញ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 1 20

ព្រះអម្ចាស់​ស្ទីបន្ទោស​រាស្រ្ត​របស់​ទ្រង់ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​មក​រក​ទ្រង់​វិញ

រូបភាព
អេសាយ សរសេរ​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ

សូម​បង្ហាញ​សិស្ស​នូវ​រូបភាព​អេសាយ​សរសេរ​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ ( 62339 ; សៀវភៅ​រូបភាព​ដំណឹងល្អ [2009] ទំព័រ 22 ) ។ សូម​ពន្យល់​ថា គំនូរ​នេះ​ពិពណ៌នា​ពី​ព្យាការី​អេសាយ ដែល​កំពុង​សរសេរ​ការព្យាករណ៍​មួយ​អំពី​ការ​ប្រសូត​​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​ប៉ុន្មាន​នាក់​ដែល​បាន​ឮ​អំពី​អេសាយ ។

សូម​ពន្យល់​ថា អេសាយ​គឺជា​ព្យាការី​ម្នាក់​ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​យេរូសាឡិម និង បាន​ព្យាករណ៍​ទៅកាន់​ប្រជាជន​ក្នុង​រវាង 740 ឆ្នាំ ម. គ. ស. និង 701 ឆ្នាំ ម. គ. ស. មិន​យូរ​ប៉ុន្មាន​មុនពេល​លីហៃ និង គ្រួសារ​របស់​គាត់​បាន​ចាកចេញ​ទៅកាន់​ដែនដី​សន្យា​របស់​ពួកគេ ។ នីហ្វៃ​បាន​សប្បាយ​រីករាយ​នៅក្នុង​ពាក្យ​របស់​អេសាយ និង បាន​ប្រើ​ការព្យាករណ៍​របស់​អេសាយ​ដើម្បី​បង្រៀន​ដល់​គ្រួសារ​របស់​គាត់ ( សូម​មើល នីហ្វៃ​ទី​1 19:23; នីហ្វៃ​ទី​2 25:5) ។ ដោយសារ​ពាក្យ​សម្ដី​របស់​អេសាយ ជា​កំណាព្យ និង ពោរពេញ​ដោយ​និមិត្ត​សញ្ញា ពេលខ្លះ​មនុស្ស​ពិបាក​យល់​ក្នុង​ការបង្រៀន​របស់​គេ ។ ទោះយ៉ាង​ណាក្ដី យើង​អាច​ទទួល​បាន​នូវ​ពរជ័យ​ទាំងឡាយ នៅពេល​យើង​សិក្សា​ពាក្យសម្ដី​របស់​គាត់ និង ព្យាយាម​យល់​ពី​វា ។

សូម​ពន្យល់​ថា នៅពេល​នីហ្វៃ​បាន​បង្រៀន​គ្រួសារ​របស់​គាត់ គាត់​បាន​អាន​ពាក្យសម្ដី​ខ្លះ​របស់​អេសាយ​ដែល​បាន​បញ្ចូល​នៅក្នុង​ផ្ទាំង​លង្ហិន ។ គាត់​ធ្វើ​ដូច្នេះ ដើម្បី​គាត់ « អាច​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ឲ្យ​ជឿ​ដល់​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​ប្រោសលោះ​របស់​ពួកគេ » ( នីហ្វៃ​ទី​1 19:23;សូម​មើល​ផង​ដែរ ខ​គម្ពីរ 24) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 20:1–2 ឭៗ ។ មុនពួក​គេ​​អាន សូម​ពន្យល់​ថា នៅក្នុង​វគ្គ​នេះ អេសាយ​និយាយ​ទៅ​កាន់​បុគ្គល​ដែល​បាន​ជ្រមុជទឹក​ដែល​មិន​បាន​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ អ្នកអាច​ពន្យល់​ឃ្លា « វង្ស​អ៊ីស្រាអែល » ដោយ​ភ្ជាប់​ឃ្លា​ខាងក្រោម ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ រួម​មាន​ប្រវត្តិ​របស់​យ៉ាកុប ដែល​ជា​កូនប្រុស​របស់​អ៊ីសាក និង ជា​ចៅប្រុស​របស់​អ័ប្រាហាំ ។ ព្រះអម្ចាស់​បាន​ឲ្យ​ឈ្មោះ​យ៉ាកុប​ថា​ជា អ៊ីស្រាអែល ( សូម​មើល លោកុប្បត្តិ 32:28 ) ។ ពាក្យ « វង្ស​អ៊ីស្រាអែល » សំដៅ​លើ​កូនចៅ​របស់​យ៉ាកុប និង លើ​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ ( សូម​មើល​វចនានុក្រម​ព្រះគម្ពីរ​បរិសុទ្ធ « អ៊ីស្រាអែល » និង « អ៊ីស្រាអែល នគរ​នៃ » ) ។

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 20:3–4, 8ដោយ​ស្ងាត់ស្ងៀម ។ សុំ​ឲ្យ​ពួកគេ​ស្វែងរក​ពាក្យ និង ឃ្លា​ដែល​បង្ហាញ​ថា វង្ស​នៃ​អ៊ីស្រាអែល​មិន​មាន​ភាព​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​នោះ​ទេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

សូម​បង្ហាញ​ដែក​មួយ ដែល​ពិបាក​ពត់ ។ សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច​ចំពោះ​ពាក្យ​ថា ក​របស់​នរណា​ម្នាក់ « រឹង​ដូចជា​ចំរឹង​ដែក » ( នីហ្វៃ​ទី​1 20:4 ) ។ សូម​ពន្យល់​ថា ចំរឹង​មួយ​គឺជា​សរសៃ​ពួរ​មួយ ។ ​ដែក​ដែល​មិន​ងាយ​ពត់ គឺ​ដូច​ជា​មនុស្ស​ដែល​មាន​អំនួត នឹង​មិន​ឱន​ក្បាល​របស់​ពួក​គេ​ចុះ​ដោយ​ការបន្ទាប​ខ្លួន​នោះ​ទេ ។ ឃ្លា « ចំរឹង​ដែក » បង្ហាញ​ថា មនុស្ស​ជាច្រើន​នៅក្នុង​វង្ស​អ៊ីស្រាអែល ពោរពេញ​ដោយ​អំនួត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 20:22 ឭៗ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ពួក​ទុច្ចរិត​គ្មាន​សេចក្ដី​សុខសាន្ដ ?

សូម​រំឭក​សិស្ស​ថា នៅពេល​នីហ្វៃ​បាន​ចែកចាយ​ការព្យាករណ៍​របស់​អេសាយ គាត់​បាន​ជម្រុញ​ឲ្យ​បងប្អូន​ប្រុស​របស់​គាត់ « ប្រៀបធៀប​ពាក្យ​ព្យាករណ៍​ទាំងនោះ​ទៅ​នឹង​ខ្លួន​អ្នក » ( នីហ្វៃ​ទី​1 19:24 ) ។

  • តើ​សមាជិក​ខ្លះ​របស់​គ្រួសារ​នីហ្វៃ​ស្រដៀង​គ្នា​ទៅ​នឹង​ប្រជាជន​ដែល​អេសាយ​បាន​ហៅ​ឲ្យ​ប្រែចិត្ត​ដោយ​របៀប​ណា ?

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 20:14, 16, 20ឭៗ ។

  • តើ​ព្រះអម្ចាស់​ចង់​ឲ្យ​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់​ធ្វើ និង និយាយ​អ្វី ? ( អ្នក​អាច​ត្រូវ​ពន្យល់​ថា ការចាកចេញ​ពី​ទីក្រុង​បាប៊ីឡូន និង ស្រុក​របស់​ពួក​ខាល់ដេ គឺជា​និមិត្ត​សញ្ញា​នៃ​ការចាកចេញ​ពី​លោកិយភាព និង ការមក​ដល់​ព្រះអម្ចាស់ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​ឧទាហរណ៍​ដែល​ពួកគេ​បាន​ឃើញ​ពី​មនុស្ស​ដែល​បាន​ចូល​មក​ព្រះអម្ចាស់ ហើយ​បាន​ចាកចេញ​ពី​លោកិយភាព ។ សុំ​ឲ្យ​សិស្ស​រក នីហ្វៃ​ទី​1 20:18 ដោយ​ស្វែងរក​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ដែល​ចូល​មកកាន់​ទ្រង់ និង ស្ដាប់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

  • តើ​សេចក្ដី​សុខសាន្ដ​អាច​ដូចជា​ទន្លេ​មួយ​ដោយ​របៀប​ណា ? តើ​ភាពសុចរិត​អាច​ដូចជា​ទឹករលក​សមុទ្រ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យសង្ខេប​សេចក្ដីពិត ដែល​ពួកគេ​បាន​រៀន​ពី​នីហ្វៃ​ទី​1 20 ។ ទោះបីជា​ពួកគេ​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី សូម​សូម​ធ្វើយ៉ាងណាជួយ ​ពួកគេឲ្យ​យល់​ថា ព្រះអម្ចាស់​អញ្ជើញ​អ្នក​ដែល​មិនគោរព​ប្រតិបត្តិ​ឲ្យ​ធ្វើការ​ប្រែចិត្ត និង ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទី​មួ ។ សូម​អញ្ជើញ​សិស្ស​គិត​អំពី​របៀប​ដែល​វា​ទាក់ទង​នឹង​នីហ្វៃ​ទី​1 20 ។

« សាតាំង … ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​ទទួល​បាន​ហួស​ពី​ការអភ័យទោស​ទៅ​ទៀត ( សូម​មើល វិវរណៈ 12:10 ) ។ សាតាំង​ចង់​ឲ្យ​យើង​គិត​ថា នៅពេល​យើង​មាន​បាន យើង​បាន​កន្លង​ហួស ‹ ចំណុច​មួយ​ដែល​មិន​អាច​​ត្រឡប់​ទៅ​ក្រោយ​បាន › —ថា​វា​យឺតពេល​ណាស់​ក្នុង​ការផ្លាស់ប្ដូរ​ផ្លូវ​របស់​យើង ។ …

« … ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺជា​អំណោយមួយ​មកពី​ព្រះ​ទៅកាន់​កូនចៅ​របស់​ទ្រង់​ឲ្យ​កែតម្រូវ និង យក​ឈ្នះ​លើ​លទ្ធផល​នៃ​អំពើ​បាប ។ ព្រះ​ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់​ទាំងអស់ ហើយ​ទ្រង់​នឹង​មិនដែល​ឈប់​ស្រឡាញ់ និង មាន​ក្ដីសង្ឃឹម​លើ​ពួកយើង​ឡើយ ។ …

« ព្រះគ្រីស្ទ បាន​មក​សង្គ្រោះ​យើង ។ ប្រសិន​បើ​យើង​បាន​រើស​យក​ផ្លូវ​ខុស​មួយ ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ធានា​ឲ្យ​យើង​ថា អំពើ​បាប​គឺ​មិនមែន​ជា​ចំណុច​មួយ​ដែល​មិន​អាច​ត្រឡប់​ទៅ​ក្រោយ​វិញ​បាន​នោះ​ទេ ។ ការត្រឡប់​ទៅ​វិញ​ដោយ​សុវត្ថិភាព គឺ​អាច ប្រសិន​បើ​យើង​នឹង​ធ្វើតាម​ផែនការ​របស់​ព្រះ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ។ …

« … វា​តែង​តែ​មាន​ចំណុច​មួយ​ដែល​អាច​ត្រឡប់​ទៅ​ក្រោយ​វិញ​ដោយ​សុវត្ថិភាព វា​តែង​តែ​មាន​សេចក្ដី​សង្ឃឹម​ជានិច្ច » ( « ចំណុច​មួយ​ដែល​អាច​ត្រឡប់​ទៅ​ក្រោយ​វិញ​ដោយ​សុវត្ថិភាព »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 99,101 ) ។

  • តើ​សារលិខិត​របស់​ប្រធាន អុជដូហ្វ ស្រដៀង​ទៅ​នឹង​សារលិខិត​របស់​អេសាយ​យ៉ាង​ដូចម្ដេច ?

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​អញ្ជើញ​អ្នក​ដែល​មិន​គោរព​ប្រតិបត្តិ​ឲ្យ​ធ្វើការ​ប្រែចិត្ត និង ត្រឡប់​មក​រក​ទ្រង់​វិញ ។សូម​ធានា​សិស្ស​ថា ព្រះអម្ចាស់​ស្រឡាញ់​យើង​ម្នាក់ៗ និង តែងតែ​អញ្ជើញ​យើង​ឲ្យ​ចូល​មក​រក​ទ្រង់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​អញ្ជើញ​ពួកគេ​ឲ្យ​ចាកចេញ​មក ដើម្បី​ពួកគេ​អាច​ចូល​មក​រក​ទ្រង់​បាន​កាន់តែ​ពេញលេញ ។

នីហ្វៃទី1 21:1–17

អេសាយ​ព្យាករណ៍​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​មិន​អភ័យទោស​ ដល់​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់​នោះ​ទេ ។

សូម​សង្ខេប​ដោយ​ខ្លី នីហ្វៃ​ទី​1 21:1–13​ដោយ​ការទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅ​កាន់​សេចក្ដីថ្លែងការណ៍​ពីរ​ដំបូង​នៅក្នុង​ការសង្ខេប​ជំពូក ៖ « ព្រះម៊ែស៊ី នឹង​ជា​ពន្លឺ​មួយ​ទៅ​កាន់​សាសន៍​ដទៃ ហើយ​ទ្រង់​នឹង​រំដោះ​អ្នកជាប់​ឃុំឃាំង » និង « អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ដោយ​ព្រះចេស្ដា​នៅក្នុង​ថ្ងៃ​ចុងក្រោយ » ។ សូម​ពន្យល់​ថា នៅក្នុង​ខគម្ពីរ 1–13 ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ប្រជារាស្ដ្រ​របស់​ទ្រង់ —ទាំង​ចំពោះ​អ្នក​ដែល​បាន​ក្បត់ និង បំភ្លេច​ទ្រង់​ក្ដី ។

នៅ​លើ​ក្ដារខៀន សូម​សរសេរ​ព្រះអម្ចាស់​ស្រឡាញ់​យើង ហើយ​ទ្រង់​នឹង​មិន​ដែល​បំភ្លេច​យើង​នោះ​ទេ ។សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 21:14 ឮៗ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ពេល​ខ្លះ​មនុស្សមាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​បំភ្លេច​ពួកគេ​ចោល ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 21:15 –16 ឮៗ ។ បន្ទាប់​មក​សូម​សួរ​សំណួរ​ខាងក្រោម​ខ្លះ ឬ ទាំងអស់ ៖

  • តើ​អេសាយ​បាន​បង្រៀន​អ្វី​ខ្លះ ដោយ​ការប្រៀបធៀប​ព្រះអង្គ​សង្គ្រោះ​ទៅ​នឹង​អ្នកម្ដាយ​នៃ​ទារក​ម្នាក់ ?

  • តើ​ពាក្យ ឆ្លាក់ បង្កប់​ន័យ​អ្វី ? ( អ្នក​អាច​បង្ហាញ​ថា ជា​ធម្មតា ​យើង​គិត​ថា​ការឆ្លាក់​លើ​ថ្ម ឬ លោហៈធាតុ​តាម​របៀប​មួយ​ដែល​នឹង​ជាប់​បាន​យូរ ) ។

  • តើ​វា​ន័យ​ដូចម្ដេច​ចំពោះ​អ្នក​ដើម្បី​ឆ្លាក់ « លើ​បាត​ព្រះហស្ដ​របស់ [ ព្រះអង្គ​សង្គ្រោះ ] » ?

  • តើ​បទពិសោធន៍​អ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះអម្ចាស់​មិន​បាន​បំភ្លេច​អ្នក​នោះ​ទេ ?

នៅពេល​សិស្ស​គិត​អំពី​សំណួរ​ទាំងនេះ និង ស្ដាប់​ចម្លើយ​របស់​គ្នា​ទៅវិញទៅមក ពួកគេ​នឹង​រៀបចំ​ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​ចែកចាយ​នូវ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​រំឭក​សិស្ស​ថា នីហ្វៃ​បាន​ចែកចាយ​ការព្យាករណ៍​របស់​អេសាយ​ដើម្បី​បញ្ចុះបញ្ចូល​យើង​ឲ្យ​ជឿ​លើ​ព្រះអង្គ​ប្រោសលោះ និង ដើម្បី​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ។

នីហ្វៃ​ទី​1 21:18–26; 22:1–22

នីហ្វៃ​ពន្យល់​ពី​ការព្យាករណ៍​របស់​អេសាយ​នៃ​ការខ្ចាត់ខ្ចាយ និង ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល

ដាក់​របស់​បីបួន ( ដូចជា​ពែង ) រួម​គ្នា​នៅលើ​តុ ឬ កៅអី​មួយ ។ សូម​ប្រាប់​សិស្ស​ថា វត្ថុ​ទាំងនេះ​តំណាង​ឲ្យ​ក្រុម​មនុស្ស ។ សូម​ពន្យល់​ថា នីហ្វៃ​បាន​បង្រៀន​ថា អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​សាសន៍​ទាំងអស់ ដោយសារ​ពួកគេ​មាន​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះអង្គ​សង្គ្រោះ ( សូម​មើល នីហ្វៃ​ទី​1 22:1–5) ។ នៅពេល​អ្នក​និយាយ សូម​ផ្លាស់ប្ដូរ​វត្ថុ​ទាំងនោះ​ទៅកាន់​កន្លែង​ផ្សេង​គ្នា​នៃ​បន្ទប់​អ្នក ។ សូម​ពន្យល់​ថា នេះ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ចំពោះ​នីហ្វៃ ។ គ្រួសារ​របស់​គាត់ គឺជា​ផ្នែក​មួយ​នៃ​ការខ្ចាត់ខ្ចាយ​នោះ ។ ពួកគេ​ត្រូវ​បាន​ខ្ចាត់ខ្ចាយ​ចេញ​ពី​ទីក្រុង​យេរូសាឡិម ផ្ទះ​របស់​ពួកគេ ដោយសារ​តែ​ភាពទុច្ចរិត​នៃ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ដែនដី​នោះ ។

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 21:22–23 និង 22:6–8 ដោយ​ស្ងាត់ស្ងៀម ។ មុនពេល​ពួកគេ​អាន សូម​ពន្យល់​ថា នីហ្វៃ​ទី​1 21 រួម​បញ្ចូល​​ការព្យាករណ៍​មួយ​ដោយ​​អេសាយ​អំពី​ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល និង ថា​នីហ្វៃ​ទី​1 22 រួម​បញ្ចូល​នូវ​ការបង្រៀន​របស់​នីហ្វៃ​អំពី​ការព្យាករណ៍​របស់​អេសាយ ។

  • តើ « កិច្ចការ​ដ៏​អស្ចារ្យ​មួយ » ជាអ្វី​ដែល​បាន​លើក​ឡើង​នៅក្នុង នីហ្វៃ​ទី​1 22:7–8? ( ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ ) ។

  • តើ​ការចែកចាយ​ដំណឹងល្អ​អាច​ដូចជា​ការនាំ​អ្នកដទៃ​មក​ក្នុង​រង្វង់ដៃ​យើង ឬ នៅលើ​ស្មា​របស់​យើង​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​យល់​ថា ការខ្ចាត់ខ្ចាយ និង ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល អ្នក​អាច​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

« ហេតុអ្វី​បានជា​វង្ស​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់ខ្ចាយ ? ចម្លើយ​គឺ​ច្បាស់ វា​សាមញ្ញ ចេញ​ពី​វា នោះ​គ្មាន​ការសង្ស័យ​អ្វីនោះ​ទេ ។ ជីដូនជីតា​នៃ​សាសន៍​អ៊ីស្រាអែល​របស់​យើង ត្រូវ​បាន​ខ្ចាត់ខ្ចាយ ដោយសារ​ពួកគាត់​បដិសេធ​ដំណឹងល្អ ធ្វើ​ឲ្យ​បព្វជិតភាព​មិន​បរិសុទ្ធ លះបង់​ចេញ​ពី​សាសនាចក្រ និង ចាកចេញ​ពី​នគរ ។ …

« បន្ទាប់​មក តើ​អ្វី​ដែល​ទាក់ទង​នឹង​ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល ? ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល មាន​នៅក្នុង​ការជឿ និង ការទទួល​យក និង ការរស់នៅ​ដោយ​សុភមង្គល​ជាមួយ​គ្នា​ទាំងអស់ ដែល​ព្រះអម្ចាស់​ធ្លាប់​បាន​ផ្ដល់​ឲ្យ​ប្រជារាស្ដ្រ​ជម្រើស​ពី​បុរាណ​របស់​ទ្រង់ ។ … វា​រួម​មាន​ការជឿ​តាម​ដំណឹងល្អ ការចូលរួម​ក្នុង​សាសនាចក្រ និង ការ​មក​ក្នុង​នគរ ។ … វា​ក៏​អាច​មាន​ការ​ប្រជុំ​នៅ​កន្លែង​ជ្រើសរើស​មួយ ឬ ដែនដី​នៃ​ការថ្វាយ​បង្គំ » ( សាក្សី​ថ្មី​មួយ​ចំពោះ​មាត្រា​នៃ​សេចក្ដី​ជំនឿ [1985] ទំព័រ 515 ) ។

សូម​អាន នីហ្វៃ​ទី​1 22:9–12 ។ សូម​ពន្យល់​ថា នៅពេល​ព្រះគម្ពីរ​លើក​ឡើង​អំពី​ព្រះអម្ចាស់ « ត្រដាង​ព្រះហស្ដ​របស់​ទ្រង់ » នោះ​វា​សំដៅ​លើ​ពេល​ព្រះអម្ចាស់​ដែល​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់ ។

  • នៅក្នុង​នីហ្វៃ​ទី​1 22:11 តើ​អ្វី​ដែល​នីហ្វៃ​បាន​និយាយ​ថា ព្រះអម្ចាស់​នឹង​ធ្វើ​នៅ​ថ្ងៃ​ចុង​ក្រោយ​ដើម្បី​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់ ?

  • តើ​ការប្រមូល​ផ្ដុំ​ប្រជារាស្ដ្រ​នៅក្នុង​សាសនាចក្រ​នាំ​ពួកគេ​ចេញ​ពី​សេវកភាព និង ភាពងងឹត​ដោយ​របៀប​ណា ?

សុំ​ឲ្យ​សិស្ស​នាំ​យក​វត្ថុ​ទាំងអស់​មក​ពី​ជុំវិញ​បន្ទប់ ហើយ​ដាក់​វា​ចូល​គ្នា​នៅ​កន្លែង​មួយ ។ សូម​ពន្យល់​ថា ការប្រមូល​ផ្ដុំ​អាច​ជា​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។ នៅពេល​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នក​ដទៃ ហើយ​ពួកគេ​ត្រូវ​បាន​ជ្រមុជទឹក និង ទទួល​បាន​នូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួកគេ​ត្រូវ​បាន​ប្រមូល​ខាងវិញ្ញាណ​មក​ក្នុង​សាសនាចក្រ​នៃ​ព្រះអម្ចាស់វិញ ។ ​សាសនាចក្រកាល​ពី​ដើម​ឡើយ អ្នកប្រែចិត្ត​ថ្មី​ត្រូវ​បាន​សុំ​ឲ្យ​រួបរួម​គ្នា​ខាង​សាច់ឈាម​នៅ​កន្លែង​មួយ ( ឧទាហរណ៍ ក្រុងឃើតឡង់ រដ្ឋអូហៃអូ រដ្ឋណៅវូ រដ្ឋ​អិលលីណោយ និង ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ) ។ អ្នកប្រែចិត្ត​បច្ចុប្បន្ន ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​សាង​សាសនាចក្រ នៅ​កន្លែង​ណា​ដែល​ពួកគេ​នៅ និង រួម​គ្នា​នៅក្នុង​សាខា វួដ និង សេ្ដក​ក្នុង​ស្រុក​របស់​ពួកគេ ។

  • យោង​តាម​នីហ្វៃ​ទី​1 22:25 តើ​ពរជ័យ​អ្វី​ដែល​មក​ដល់​អ្នក​ដែល​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ដោយ​ព្រះអម្ចាស់ ? តើ​អ្នក​គិត​ថា « ដើម្បី​ក្លាយ​ជា​ហ្វូង​តែ​មួយ » មាន​ន័យ​ដូចម្ដេច ? ( អ្នកអាច​ពន្យល់​ថា ហ្វូង​តែ​មួយ គឺជា​កន្លែង​មួយ​ដែល​ហ្វូង​ចៀម​មួយ​ត្រូវ​បាន​ការពារ ) តើ​អ្នក​គិត​ថា « ដើម្បី​រក​ឃើញ​វាលស្មៅ » មាន​ន័យ​ដូចម្ដេច ?

នៅក្នុង​ជំនាន់​របស់​យើង ព្រះ​សុំ​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​ទាំងអស់​ជួយ​គ្នា​ក្នុង​ការប្រមូល​ផ្ដុំ « កូនចៅ​របស់​ទ្រង់​មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី » (នីហ្វៃ​ទី​1 22:25 ) ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​សន្យា​ថា​នឹង​ស្ដារឡើងវិញ​នូវ​ដំណឹងល្អ និង ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។

  • តើ​អ្នក​គិត​ថា​អ្នកដែល​ត្រូវ​បាន​ប្រមូល​ផ្ដុំ ( អ្នកប្រែចិត្ត ) នឹង​មាន​អារម្មណ៍​យ៉ាង​ណា អំពី​អ្នកដែល​បាន​ប្រមូល​ផ្ដុំ​ពួកគេ ( អ្នកដែល​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ពួកគេ ) ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​អ្នកដទៃ ?

សូម​រំឭក​សិស្ស​ថា នីហ្វៃ​បាន​ដកស្រង់​សម្ដី​អេសាយ​ដើម្បី​ជួយ​សមាជិក​គ្រួសារ​របស់​គាត់​មាន​​សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹម​ខ្លាំង​ជាង​មុន​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ការព្យាករណ៍​របស់​អេសាយ និង ទីបន្ទាល់​របស់​នីហ្វៃ​អាច​ជួយ​យើង​តាម​របៀប​ដូចគ្នា ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង​នឹង​មិន​បំភ្លេច​យើងឡើយ ហើយ​ថា​ទ្រង់​ព្យាយាម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រមូលផ្តុំ​​យើង ។

ការរំឭកឡើងវិញ​នៅក្នុង​នីហ្វៃ​ទី​1

សូម​យក​ពេល​ខ្លះ​រំឭកនីហ្វៃ​ទី​1 ឡើងវិញដោយ​ការសុំ​ឲ្យ​សិស្ស​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង ការសិក្សា​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ក្នុង​ឆ្នាំ​នេះ ។ អ្នក​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រំឭកឡើងវិញ​ពី​ការសង្ខេប​ជំពូក​នៅក្នុង​នីហ្វៃ​ទី​1 ។ សុំ​ឲ្យ​ពួកគេ​រៀបចំ​ចែកចាយ​អ្វី​មួយ​ពី​សៀវភៅ​នីហ្វៃ​ទី​1 ដែល​បាន​បំផុស​ពួកគេ ឬ ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​គំនិត និង អារម្មណ៍​របស់​ពួកគេ ។ សូម​គិត​ពី​ការចែកចាយ​បទពិសោធន៍​ផ្ទាល់​របស់​អ្នក អំពី​របៀប​ដែល​ការបង្រៀន​នៅក្នុង​នីហ្វៃ​ទី​1 បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី​1 21:15–16 ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​មិន​បំភ្លេច​ទេ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់​អំពី​សេចក្ដីពិត​នៅក្នុង នីហ្វៃ​ទី​1 21:15–16 ៖

« វគ្គ​កំណាព្យ​នេះ ផ្ដល់​ជា​ការរំឭក​ផ្សេង​ទៀត​អំពី​តួនាទី​សង្គ្រោះ​របស់​ព្រះគ្រីស្ទ ជា​ឪពុក​ដែល​ការពារ សង្គ្រោះ​ដល់​កូនចៅ​របស់​ស៊ីយ៉ូន ។ ទ្រង់​លួងលោម​ប្រជាជន​របស់​ទ្រង់ និង បង្ហាញ​សេចក្ដី​មេត្តា​ករុណា នៅពេល​ពួកគេ​រងទុក្ខ ដូចជា​ឪពុក ឬ ម្ដាយ​ជា​ទី​ស្រឡាញ់​ផ្សេង​ទៀត​នឹង​ធ្វើ​ចំពោះ​កូន​ម្នាក់ ប៉ុន្ដែ ដូចដែល​នីហ្វៃ​បាន​រំឭក​យើង​នៅ​ទីនេះ​តាមរយៈ​អេសាយ គឺ​ជា​ឪពុក ឬ ម្ដាយ​ដែល​ស្រឡាញ់​យើង​ខ្លាំង​ជាង​ឪពុក និង ម្ដាយ​ខាង​សាច់ឈាម​អាច​ធ្វើ​ទៅ​ទៀត ។ ទោះបីជា​ម្ដាយ​អាច​បំភ្លេច​កូន​ដែល​បំបៅ​បោះ​ដោយ​នាង​ក្ដី ( ទោះជា​វា​មិន​អាច​កើត​មាន​ចំពោះ​ម្ដាយ​បែប​នោះ​ក្ដី ) ព្រះគ្រីស្ទ​នឹង​បំភ្លេច​កូនចៅ​ដែល​ទ្រង់​បាន​សង្គ្រោះ ឬ សេចក្ដីសញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ពួកគេ​សម្រាប់​សេចក្ដី​សង្គ្រោះ​នៅក្នុង​ស៊ីយ៉ូន​ដែរ » ( ព្រះគ្រីស្ទ និង សេចក្ដី​សញ្ញា​ថ្មី ៖ សារលិខិត​នៃ​ព្រះម៊ែស៊ី​នៃ​ព្រះគម្ពីរ​មរមន 1997] ទំព័រ 84 ) ។

នីហ្វៃ​ទី​1 22:6–9 ។ « សាសន៍​ដ៏​ខ្លាំង​មួយ » និង « កិច្ចការ​ដ៏​អស្ចារ្យ​មួយ »

អែលឌើរ ម៉ាក អ៊ី ភីធើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​បង្រៀន​ថា នៅក្នុង នីហ្វៃ​ទី​1 22:7ឃ្លា « សាសន៍​ដ៏​ខ្លាំង​ពូកែ​មួយ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ » គឺជា​សេចក្ដីយោង​មួយ​ចំពោះ​សហរដ្ឋអាមេរិក ( សូម​មើល « “The Great Prologue” [address given at Brigham Young University, Sept. 29, 1974] ទំព័រ 4, speeches.byu.edu) ។

នៅក្នុង នីហ្វៃ​ទី​1 22:8 នីហ្វៃ​សំដៅ « កិច្ចការ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ចំណោម​ពួកសាសន៍​ដទៃ » នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ កិច្ចការ​ដ៏​អស្ចារ្យ​នេះ រួម​មាន​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង កូនសោ​បព្វជិតភាព​ចាំបាច់​ទាំងឡាយ​ដើម្បី​នាំ​មក​នូវ​សេចក្ដីសញ្ញា​នៃ​ព្រះ​ទៅកាន់ « គ្រប់​ទាំងពូជ​មនុស្ស​នៅ​លើ​ផែនដី » ( នីហ្វៃ​ទី​1 22:9

ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃ​ទី​1 22:7 ត្រូវ​នាំ​មុខ​អ្វី​ដែល​បាន​ពិពណ៌នា​នៅក្នុង​ នីហ្វៃ​ទី​1 22:8–9 ។ នៅក្នុង​ដើម​ទសវត្សន៍ទី 1800 ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​បាន​បង្ខំ​ឲ្យ​ចូលសាសនារប​ស់​រដ្ឋ ។ ដំណឹងល្អ​អាច​ត្រូវ​បាន​សា្ដរឡើងវិញ​តែ​នៅតែ​ក្នុង​ប្រទេស​មួយ ដែល​មាន​សេរីភាព​ខាង​សាសនាច​កើត​មាន​ស្រប​ច្បាប់ និង បាន​អនុវត្ត​ដោយ​សេរីប៉ុណ្ណោះ ។ វិសោធនកម្ម​ដំបូង​នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក រួម​មាន​ការប្រកាស​នៃ​សេរីភាព​ខាង​សាសនា ។ វិសោធនកម្ម​នេះ និង ផ្សេង​ទៀត​ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​នៅ​ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ 1791 ដោយ​អនុវញ្ញាត​​សេរីភាព​ខាង​សាសនា​ឲ្យ​ចាក់ឬស​នៅក្នុង​ពិភពលោក​ថ្មី​មួយ ។ យ៉ូសែប ស្ម៊ីធ បាន​កើត​នៅក្នុង​ខែ ធ្នូ ឆ្នាំ 1805 គឺ 14 ឆ្នាំ​ត្រឹម ក្រោយ​ពី​មាន​សច្ចានុម័ត​នៃ​វិសោធនកម្ម​ទាំងនេះ​នៅ​លើ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ ។