មេរៀនសិក្សានៅផ្ទះ
មរ៉ូណៃ 7:20–10:34 ( មេរៀនទី 32 )
ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ
សេចក្ដីសង្ខេបខាងក្រោមនៃគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលសិស្សបានរៀន នៅពេលពួកគេសិក្សា មរ៉ូណៃ 7:20–10:34 ( មេរៀនទី 32 ) មិនមែនសម្រាប់បង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកឡើយ ។ មេរៀនដែលអ្នកបង្រៀនផ្ដោតតែលើគោលលទ្ធិ និង គោលការណ៍ទាំងនេះពីរបីប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតអំពីតម្រូវការរបស់សិស្ស ។
ថ្ងៃទី 1 ( មរ៉ូណៃ 7:20–48 )
នៅពេលសិស្សបានបន្ដការសិក្សារបស់គេអំពីទេសនកថារបស់លោកមរមនទៅកាន់ប្រជាជននៅក្នុងសាលាប្រជុំ ពួកគេបានរៀនពីគោលការណ៍ដ៏សំខាន់នានាអំពីសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ៖ នៅពេលយើងអនុវត្តសេចក្តីជំនឿនៅក្នុងព្រះយេស៊ូវគ្រីស្ទ នោះយើងអាចក្តាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ ។ ប្រសិនបើយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ យើងអាចទទួលបានសេចក្ដីសង្ឃឹមតាមរយៈដង្វាយធួនរបស់ទ្រង់ថានឹងបានរស់នៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ច ។ ប្រសិនបើយើងអធិស្ឋានទៅកាន់ព្រះវរបិតាដោយអស់ពីកម្លាំងចិត្ត និងរស់នៅជាអ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានបំពេញដោយសេចក្តីសប្បុរស ។
ថ្ងៃទី 2 ( មរ៉ូណៃ 8–9 )
ដោយការសិក្សាសំបុត្រពីលោកមរមនដល់មរ៉ូណៃដែលបានកត់ត្រានៅក្នុង មរ៉ូណៃ 8 សិស្សបានរៀនថា ការប្រែចិត្ត និងបុណ្យជ្រមុជទឹកគឺចាំបាច់ដល់អ្នកទាំងឡាយណាដែលទទួលខុសត្រូវ និងអាចប្រព្រឹត្តអំពើបាបបាន ។ ពួកគេក៏បានសិក្សាពីគោលលទ្ធិដែលថា កូនក្មេងតូចៗត្រូវបានសង្គ្រោះតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ដោយការសិក្សាសំបុត្រដែលបានកត់ត្រានៅក្នុង មរ៉ូណៃ 9 សិស្សបានរៀនថា យើងត្រូវធ្វើការដោយឧស្សាហ៍ព្យាយាមនៅក្នុងការបម្រើដល់ព្រះ ទោះបីជាអ្នកដែលយើងបម្រើមិនឆ្លើយតបដោយវិជ្ជមានក្ដី ។ បន្ថែមលើនេះ សិស្សបានរៀនពីគំរូរបស់លោកមរមន និងមរ៉ូណៃថា ប្រសិនបើយើងស្មោះត្រង់នៅក្នុងព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងលើកយើងឡើង ទោះបីជានៅពេលមានការលំបាក និងអំពើទុច្ចរិតនៅជុំវិញយើងក្ដី ។
ថ្ងៃទី 3 ( មរ៉ូណៃ 10:1–7, 27–29 )
នៅពេលសិស្សបានសិក្សាពីទីបន្ទាល់ចុងបញ្ចប់របស់លោកមរ៉ូណៃហើយ ពួកគេនឹងត្រូវបានរំឭកថា ប្រសិនបើយើងសុំព្រះដោយនូវសេចក្តីជំនឿ និងដោយមានចិត្តស្មោះស នោះយើងអាចទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមន និងអំពីព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេក៏បានរៀនថា អស់អ្នកដែលបានទទួលព្រះគម្ពីរមរមន នឹងទទួលខុសត្រូវចំពោះព្រះចំពោះប្រតិកម្មរបស់គេចំពោះវា ។
ថ្ងៃទី 4 ( មរ៉ូណៃ 10:8–26, 30–34 )
សិស្សបានរៀនថា ព្រះប្រទានអំណោយទានទាំងឡាយនៃព្រះវិញ្ញាណដើម្បីជាប្រយោជន៍ដល់កូនចៅរបស់ទ្រង់ ។ ពួកគេក៏បានរៀនដែរថា ប្រសិនបើយើងមានសេចក្ដីជំនឿ យើងនឹងអាចធ្វើអ្វីដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងធ្វើ ។ ពួកគេក៏បានសិក្សាពីពាក្យសម្ដីចុងក្រោយរបស់លោកមរ៉ូណៃនៅក្នុងព្រះគម្ពីរមរមន ដែលបង្រៀនថា នៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានបន្សុទ្ធ និងបានឥតខ្ចោះតាមរយៈដង្វាយធួនរបស់ទ្រង់ ។
សេចក្តីផ្ដើម
មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ពីអត្ថន័យក្នុងការក្ដាប់ជាប់នូវអ្វីដែលជាសេចក្ដីល្អ ។ សិស្សនឹងមានឱកាសដើម្បីពន្យល់ពីរបៀបដែលបុគ្គលម្នាក់អាចរៀនដឹងដោយខ្លួនគេថា ព្រះគម្ពីរមរមនគឺពិត ។ ពួកគេក៏នឹងអាចចែកចាយទីបន្ទាល់របស់គេអំពីព្រះគម្ពីរមរមន និងពិភាក្សាពីរបៀបដែលទីបន្ទាល់របស់គេត្រូវបានពង្រឹងនៅក្នុងឆ្នាំនេះ ។ មរ៉ូណៃ 7–9 រួមមានសារ ឬសំបុត្រពីលោកមរមន ដែលលោកមរ៉ូណៃបានបញ្ចូលនៅក្នុងគម្ពីររបស់លោក ។
យោបល់សម្រាប់ការបង្រៀន
មរ៉ូណៃ 7:20–48
លោកមរ៉ូណៃកត់ត្រានូវការបង្រៀនរបស់លោកមរមនអំពីសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ សេចក្ដីសង្ឃឹម និងសេចក្តីសប្បុរស
សូមសរសេរពាក្យ ប៉ះ និង ក្ដាប់ជាប់ នៅលើក្ដារខៀន ។ សូមឲ្យសិស្សម្នាក់ឡើងមកខាងមុខថ្នាក់ ហើយបង្ហាញដល់សិស្សពីអត្ថន័យនៃការប៉ះព្រះគម្ពីរមរមន ។ បន្ទាប់មក សូមឲ្យសិស្សបង្ហាញពីអត្ថន័យនៃការក្ដាប់ជាប់នូវព្រះគម្ពីរមរមន ។
សូមឲ្យសិស្សអាន មរ៉ូណៃ 7:19 ដោយស្ងាត់ស្ងៀម ហើយរកមើលអ្វីដែលលោកមរមនបានមានប្រសាសន៍ថា យើងគួរក្ដាប់ជាប់ ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើលោកមរមនបានមានប្រសាសន៍អំពីអ្វី ដែលយើងត្រូវក្ដាប់ជាប់នោះ ?
-
តើអ្នកគិតថា « ក្តាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » មានន័យដូចម្ដេច ? ( សូមជួយសិស្សឲ្យយល់ថា « គ្រប់អ្វីៗដែលល្អ » អាចរួមមានគោលដៅសុចរិត សកម្មភាព គំនិត គោលការណ៍ និងកម្មវត្ថុ ) ។
សូមពន្យល់ថា លោកមរមនបានទៅបង្រៀនពីរបៀបដែលយើងអាច « ក្តាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី មរ៉ូណៃ 7:20–22, 25 ។ សូមឲ្យសិស្សរកមើលការប្រឹក្សារបស់លោកមរមនអំពីអ្វីដែលយើងត្រូវធ្វើដើម្បី « ក្តាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » ។
សូមសរសេរឃ្លាមិនពេញលេញខាងក្រោមនៅលើក្តារខៀន ៖ នៅពេលយើង … នោះយើងអាចក្តាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ ។
សូមសួរ ៖ ក្រោយពីអានខគម្ពីរទាំងនេះហើយ តើអ្នកនឹងបពេញប្រយោគនេះដោយរបៀបណា ? ( ចម្លើយមួយដែលសិស្សអាចឆ្លើយគឺថា នៅពេលយើងអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចក្តាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ ) ។
សូមរំឭកសិស្សថា នៅក្នុងជំពូកនេះ លោកមរមនក៏បានថ្លែងទីបន្ទាល់ថា តាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានពោរពេញដោយអំណោយទាននៃសេចក្ដីសប្បុរស ( សូមមើល មរ៉ូណៃ 7:48 ) ។ សូមឲ្យសិស្សព្យាយាមទន្ទេញវគ្គចំណេះចំណានខគម្ពីរ មរ៉ូណៃ 7:45, 47–48 ឲ្យចាំ ។ សិស្សក៏អាចអាចខគម្ពីរនេះឮៗបានដែរ ។
សូមសួរសំណួរដូចខាងក្រោម ៖
-
តើឃ្លានៅក្នុង មរ៉ូណៃ 7:45, 47–48 មួយណាដែលអ្នកចូលចិត្ត ? ហេតុអ្វីបានជាឃ្លានោះមានន័យដល់អ្នក ?
-
តើនៅពេលណាដែលអ្នកបានឃើញនរណាម្នាក់មានចិត្តសប្បុរស ឬនៅពេលអ្នកមានអារម្មណ៍ថាព្រះអម្ចាស់បានជួយអ្នកឲ្យមានចិត្តសប្បុរសទេ ? ( អ្នកអាចចែកចាយចម្លើយរបស់អ្នកផ្ទាល់ចំពោះសំណួរទាំងនេះ ) ។
មរ៉ូណៃ 10
លោកមរ៉ូណៃដាស់តឿនដល់យើងឲ្យទទួលបាននូវទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន និងមករកព្រះយេស៊ូវគ្រីស្ទ
សូមរំឭកឡើងវិញជាមួយនឹងសិស្សអំពីគោលបំណងនៃថ្មគោលនៃក្លោងទ្វារ ។ សូមពិភាក្សាពីរបៀបដែលគំនិតនៃថ្មគោលទាក់ទងទៅនឹងព្រះគម្ពីរមរមន ។ ( អ្នកអាចចង់ឲ្យសិស្សមើលទៅរូបភាពនៅក្នុងមេរៀនទី 1 ថ្ងៃ 3 នៃសៀវភៅណែនាំការសិក្សារបស់គេ ) ។ សូមឲ្យសិស្សចែកចាយពីរបៀបដែលព្រះគម្ពីរមរមន គឺជាថ្មគោលនៃទីបន្ទាល់របស់ពួកគេ ។
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 10:3–5 ។ សូមឲ្យសិស្សគិតពិចារណាអំពីមូលហេតុដែលខគម្ពីរទាំងនេះសំខាន់ក្នុងការចែកចាយដល់មនុស្សទាំងអស់ មិនថាពួកគេជាសមាជិកនៃព្រះវិហារយើងឬក៏អត់នោះទេ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយពីគំនិតរបស់គេ ហើយបន្ទាប់មក សូមសួរ ៖ តើលោកមរ៉ូណៃបានមានប្រសាសន៍ថា យើងត្រូវធ្វើអ្វីដើម្បីដឹងពីសេចក្ដីពិតនោះ ? ( នៅពេលសិស្សឆ្លើយ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ) ។ សូមបង្ហាញថា ចម្លើយរបស់ពួកគេ គឺជារបៀបដែលយើងអាចស្វែងរកនៅក្នុងសេចក្តីជំនឿដើម្បីដឹង « សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ) ។
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 10:6–7 ហើយបន្ទាប់មក សូមសួរ ៖ បន្ថែមលើសេចក្តីពិតនៃព្រះគម្ពីរមរមន តើមានអ្វីទៀតដែលយើងអាចដឹងដោយសារព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ? ( ព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជាក់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ) ។
( សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្តារខៀន៖ ប្រសិនបើយើងសុំព្រះដោយនូវសេចក្តីជំនឿ និងដោយមានចិត្តស្មោះស នោះយើងអាចទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមន និងអំពីព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សូមរំឭកសិស្សថា លោកមរ៉ូណៃបានទុកការអញ្ជើញចុងក្រោយមួយសម្រាប់មនុស្សទាំងអស់ ដែលនឹងអានព្រះគម្ពីរមរមន ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីអញ្ជើញរបស់លោក ដែលមាននៅក្នុង មរ៉ូណៃ 10:30, 32–33 ។ សូមឲ្យសិស្សរកមើលរបៀបដែលយើងអាច « មករកព្រះគ្រីស្ទ » ។ ( អ្នកអាចណែនាំថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ) ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើការអញ្ជើញអ្វីដែលលោកមរ៉ូណៃបានប្រាប់យើងនៅចុងបញ្ចប់នៃបញ្ជីពិសិដ្ឋនេះ ?
-
តើឃ្លានៅក្នុងខគម្ពីរទាំងនេះជួយអ្នកឲ្យដឹងពីរបៀបដើម្បី « មករកព្រះគ្រីស្ទ » អ្វីខ្លះ ?
-
តើគោលការណ៍អ្វី ដែលយើងអាចរៀនអំពីខគម្ពីរទាំងនេះ ? ( សិស្សអាចឆ្លើយនូវគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានបន្សុទ្ធ និងបានឥតខ្ចោះតាមរយៈដង្វាយធួនរបស់ទ្រង់ ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើវាមានន័យដល់អ្នកយ៉ាងណាដែរ ដែលថា អ្នកអាចបានឥតខ្ចោះតែតាមរយៈព្រះយេស៊ូវគ្រីស្ទ ?
សូមឲ្យសិស្សម្នាក់ៗជ្រើសរើសសំណួរមួយខាងក្រោមនេះ ហើយគិតពីចម្លើយវា ។ ( អ្នកអាចចង់បង្ហាញសំណួរទាំងនេះនៅលើក្ដារខៀន ឬរៀបចំវាជាក្រដាសចែកមុនពេលបង្រៀន ) ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយចម្លើយរបស់គេជាមួយនឹងសិស្សក្នុងថ្នាក់ ។
-
តើអ្នកបានដឹងថា ព្រះគម្ពីរមរមនពិតដោយរបៀបណា ?
-
តើព្រះអង្គសង្គ្រោះបានជួយអ្នកឲ្យក្លាយជាខ្លួនអ្នក ជាងអ្វីដែលអ្នកអាចជួយដល់ខ្លួនអ្នកដោយរបៀបណា ?
-
នៅពេលអ្នកត្រឡប់មើលទៅក្រោយពីការសិក្សារបស់អ្នកអំពីព្រះគម្ពីរមរមននៅក្នុងឆ្នាំនេះ តើមានអ្វីដែលអ្នកចង់ធ្វើដើម្បីអភិវឌ្ឍការសិក្សាព្រះគម្ពីររបស់អ្នកទេ ?
ក្រោយពីសិស្សបានចែកចាយចម្លើយរបស់ពួកគេហើយ អ្នកអាចចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន និងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ លើសពីនេះ សូមបង្ហាញសិស្សនូវការកោតសរសើររបស់អ្នកចំពោះពួកគេ និងការខិតខំរបស់គេក្នុងការសិក្សា និងរៀនសូត្រនៅក្នុងថ្នាក់សិក្ខាសាលាឆ្នាំនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យបន្ដអានព្រះគម្ពីររាល់ថ្ងៃ និងខិតខំអនុវត្តអ្វីដែលពួកគេរៀននៅក្នុងជីវិតរបស់ពួកគេ ។