បណ្ណាល័យ
មេរៀន​ទី 51 ៖ ពាក្យ​សម្ដី​នៃ​មរមន –ម៉ូសាយ 1


មេរៀនទី 51

ពាក្យ​សម្ដី​នៃ​មរមន ម៉ូសាយ 1

សេចក្តី​ផ្ដើម

គម្ពីរ​ដែល​មាន​ចំណងជើង​ថា ពាក្យ​សម្ដី​នៃ​មរមន ជួយ​ជា​ស្ពាន​មួយ​រវាង​ផ្ទាំង​នីហ្វៃ​តូច និង សេចក្ដីសង្ខេប​ពី​ផ្ទាំង​នីហ្វៃ​ធំ​របស់​មរមន ។ នៅក្នុង​គម្ពីរ​នេះ គម្ពីរ​ដែល​មរមន​បាន​សរសេរ​ជិត 400 ឆ្នាំ​ក្រោយ​ពី​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ មរមន​បាន​ពន្យល់​ថា គាត់​បាន​ស្វែងរក​ការដឹកនាំ​ពី​ព្រះ ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​អ្វី​ដែល​ត្រូវ​កត់ចូល​ទៅក្នុង​កំណត់ត្រា​របស់​គាត់ ។ គាត់​ក៏​បាន​លើកឡើង​ពី​ស្ដេច​បេនយ៉ាមីន និង ផ្ដល់​តម្លៃ​អំពី​ហេតុផល​ដែល​ស្ដេច​បេនយ៉ាមីន​បាន​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ប្រជាជន​របស់​ទ្រង់ ។ ម៉ូសាយ 1 រួមមាន​ការបង្រៀន​ខ្លះៗ​របស់​ស្ដេច​បេនយ៉ាមីន​ដល់​កូនប្រុស​របស់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ពួកគេ​ថា ព្រះគម្ពីរ​ជួយ​យើង​ឲ្យ​ចងចាំ​ដល់​ព្រះ និង កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ពាក្យ​សម្ដី​នៃ​មរមន 1:1–11

មរមន​ថ្លែងទីបន្ទាល់​ថា ព្រះ​បាន​រក្សាទុក​នូវ​កំណត់ត្រា​ផ្សេងទៀត​សម្រាប់​គោលបំណង​ដ៏​ឈ្លាសវៃ​មួយ

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ នៅពេល​ព្រះវិញ្ញាណ​បាន​បំផុស​ពួកគេ​ឲ្យ​ធ្វើ​អ្វី​មួយ ។ អ្នក​អាច​ឲ្យ​ពួកគេ​សរសេរ​អំពី​បទពិសោធន៍​នេះ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​បទពិសោធន៍​នេះ អ្នក​អាច​ចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​ខ្លី​មួយ ។ សូម​ឲ្យ​សិស្ស​ដឹង​ថា វគ្គ​បន្ដ​ទៀត​នៅក្នុង​មេរៀន​នេះ អ្នក​នឹង​សួរ​ពួកគេ​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​របស់​ខ្លួន​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​ពន្យល់​ដល់​សិស្ស​ថា ថ្ងៃ​នេះ​ពួកគេ​នឹង​សិក្សា​ពី​គំរូ​របស់​នរណាម្នាក់ ដែល​បាន​ធ្វើតាម​ការបំផុសគំនិត ទោះបីជា​គាត់​មិន​បាន​យល់​ពី​ហេតុផល​ទាំងអស់​ថា​ហេតុអ្វី​បាន​ជា​គាត់​ត្រូវ​ធ្វើ​តាម​នោះ​ទេ ។

សូម​ឲ្យ​សិស្ស​បើក​ទៅ​ពាក្យសម្ដី​នៃ​មរមន ហើយ​ស្វែងរក ( នៅគែម​ខាងក្រោម​ទំព័រ ឬ នៅក្នុង​សេចក្ដីសង្ខេប​ជំពូក ) កាលបរិច្ឆេទ​ដែល​ប៉ាន់ស្មាន នៅពេល​មរមន​បាន​សរសេរ​គម្ពីរ​នេះ ។ សូម​ឲ្យ​ពួកគេ​ប្រៀបធៀប​កាលបរិច្ឆេទ​នោះ ជាមួយ​នឹង​កាលបរិច្ឆេទ​សម្រាប់​គម្ពីរ​អោមណៃ និង ម៉ូសាយ ។

  • តើ​យើង​បាន​រៀន​អ្វីខ្លះ​អំពី​ពាក្យសម្ដី​នៃ​មរមន​ពី​កាលបរិច្ឆេទ​ទាំងនេះ ?

រូបភាព
Mormon Abridging the Plates

សូម​បង្ហាញ​រូបភាព​មរមន​សង្ខេប​ផ្ទាំង​ទាំងឡាយ ( 62520 សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 73 ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពាក្យសម្ដី​នៃ​មរមន 1:1–2 ឮៗ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា មរមន​បាន​សរសេរ​គម្ពីរ​ដែល​មាន​ចំណងជើង​ថា ពាក្យសម្ដី​នៃ​មរមន ក្រោយពី​ព្រឹត្តិការណ៍​ជាច្រើន​នៃ​ព្រះគម្ពីរ​មរមន​បាន​កើតឡើង ។ សូម​ពន្យល់​ថា ពាក្យ​សម្ដី​នៃ​មរមន​ជួយ​យើង​ឲ្យ​យល់​ថា ព្រះគម្ពីរ​មរមន​ត្រូវ​បាន​ចងក្រង​ពី​កំណត់ត្រា​ផ្សេងៗ​ជាច្រើន ។ វា​ក៏​បង្ហាញ​ផងដែរ​ថា វិវរណៈ​បាន​ដឹកនាំ​ដំណើរការ​នេះ ។

សូម​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​ពាក្យ​សម្ដី​នៃ​មរមន ផ្ទាំង​ចំណារ​តូច​របស់​នីហ្វៃ និង សេចក្ដី​សង្ខេប​របស់​មរមន​ពី​ផ្ទាំង​ចំណារ​ធំ​របស់​នីហ្វៃ​ប្រសព្វគ្នា​យ៉ាងណា​នៅក្នុង​ព្រះគម្ពីរ​មរមន​នោះ សូម​គិត​ពី​ការបង្ហាញ​ដល់​សិស្ស​នូវ​តារាង​មាន​ចំណងជើង​ថា “ ផ្ទាំង​ទាំងឡាយ និង ទំនាក់ទំនង​របស់​ពួកគេ​ទៅនឹង​ព្រះគម្ពីរ​មរមន​ដែល​បាន​បោះពុម្ព ” នៅក្នុង​សេចក្ដី​បន្ថែម​នៅ​ចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។ អ្នក​ក៏​អាច​រៀបចំ​នូវ​ជំនួយ​ដូចខាងក្រោម​មុន​ចាប់ផ្ដើម​ថ្នាក់​ដែរ ៖

ប្រមូល​សៀវភៅ​ពីរ​ក្បាល និង ក្រដាស​មួយ​សន្លឹក ។ សៀវភៅ​មួយ​គួរតែ​ក្រាស់​ជាង​សៀវភៅ​មួយ​ទៀត​ពីរ​ដង ។ នៅលើ​ខ្នង​នៃ​សៀវភៅ​ស្ដើង សូម​ភ្ជាប់​ក្រដាស​មួយ​សរសេរ​ថា ផ្ទាំង​ចំណារ​តូច​របស់​នីហ្វៃ ។នៅ​លើ​ខ្នង​នៃ​សៀវភៅ​ក្រាស់ សូម​ភ្ជាប់​ក្រដាស​មួយ​សរសេរ​ថា សេចក្ដីសង្ខេប​របស់​មរមន​ពី​ផ្ទាំងចំណារ​ធំ​របស់​នីហ្វៃ ។នៅលើ​ក្រដាស​មួយ​សន្លឹក​នោះ សូម​សរសេរ​ថា ពាក្យ​សម្ដី​នៃ​មរមន ។

ដើម្បី​ប្រើ​ជំនួយ​នេះ​នៅក្នុង​ថ្នាក់ សូម​លើក​សៀវភៅ​តំណាង​ឲ្យ​សេចក្ដីសង្ខេប​ពី​ផ្ទាំង​នីហ្វៃ​ធំ​របស់​មរមន ។ សូម​ពន្យល់​ថា កំណត់ត្រា​ទាំងឡាយ​នៅក្នុង​ផ្ទាំង​នីហ្វៃ​ធំ​គឺជា​ប្រភព​ចម្បង​ដល់​ព្រះគម្ពីរ​មរមន ។ ចេញពី​សេចក្ដីសង្ខេប​របស់​មរមន​លើ​កំណត់ត្រា​នេះ យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​គម្ពីរ​ម៉ូសាយ អាលម៉ា ហេលេមិន នីហ្វៃទី 3 និង នីហ្វៃទី 4 ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ពាក្យ​សម្ដី​នៃ​មរមន 1:3ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​មរមន​បាន​រកឃើញ ក្រោយ​ពី​គាត់​បាន​សង្ខេប​ផ្នែក​មួយ​នៃ​ផ្ទាំង​នីហ្វៃ​ធំ​ហើយ ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ឃ្លា ថា“ ផ្ទាំង​ទាំងនេះ ” សំដៅ​ទៅលើ​ផ្ទាំង​នីហ្វៃ​តូច ។ សូម​លើក​សៀវភៅ​ឡើង ដើម្បី​ជា​តំណាង​ឲ្យ​ផ្ទាំង​នីហ្វៃ​តូច ។ សូម​ពន្យល់​ថា ចេញ​ពី​កំណត់ត្រា​នេះ យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​គម្ពីរ​នីហ្វៃ​ទី 1 ដល់​គម្ពីរ​អោមណៃ ។

សូម​ឲ្យ​សិស្ស​អាន ពាក្យ​សម្ដី​នៃ​មរមន 1:4–6 ដើម្បី​រៀន​ពី​របៀប​ដែល​មរមន​មាន​អារម្មណ៍​អំពី​ផ្ទាំង​នីហ្វៃ​តូច ។

  • តើ​មរមន​បាន​រកឃើញ​អ្វី​ដែល​រីករាយ​នៅក្នុង​ផ្ទាំង​នីហ្វៃ​តូច ?

  • តើ​មរមន​បាន​ធ្វើ​អ្វី ជាមួយ​នឹង​ផ្ទាំង​នីហ្វៃ​តូច ?

ដើម្បី​បង្ហាញ​ថា មរមន​បាន​បញ្ចូល​ផ្ទាំង​នីហ្វៃ​តូច​ជាមួយ​នឹង​សេចក្ដី​សង្ខេប​របស់​គាត់​ពី​ផ្ទាំង​នីហ្វៃ​ធំ សូម​ដាក់​សៀវភៅ​ស្ដើង​នៅលើ​សៀវភៅ​ក្រាស់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពាក្យ​សម្ដី​នៃ​មរមន 1:7 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ហេតុផល​របស់​មរមន​ដែល​គាត់​បាន​បញ្ចូល​ផ្ទាំង​នីហ្វៃ​តូច​ជាមួយ​នឹង​សេចក្ដី​សង្ខេប​របស់​គាត់​ពី​ផ្ទាំង​នីហ្វៃ​ធំ ។

  • ហេតុអ្វី​បានជា​មរមន​បញ្ចូល​ផ្ទាំង​នីហ្វៃ​តូច​ជាមួយ​នឹង​សេចក្ដី​សង្ខេប​របស់​គាត់​ពី​ផ្ទាំង​នីហ្វៃ​ធំ ? ( គាត់​បាន​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ។ ) តើ​គាត់​យល់​ពី​ហេតុផល​ទាំងអស់​ដែល​គាត់​ត្រូវ​ធ្វើ​តាម​ឬ​ទេ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា មរមន​បាន​យល់​ពី​ហេតុផល​មួយ​ចំនួន ថា​ហេតុអ្វី​បាន​ជា​ផ្ទាំង​តូច​អាច​មាន​សារៈសំខាន់ ។ គាត់​បាន​ស្គាល់​ពី​តម្លៃ​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​នៃ​ផ្ទាំង​នោះ ហើយ​បាន​រីករាយ​នឹង​ការព្យាករណ៍​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​គម្ពីរ​នោះ​មាន ( សូម​មើល ពាក្យ​សម្ដី​នៃ​មរមន 1:4–6 ) ។ ទោះជាយ៉ាងណាក្ដី គាត់​មិន​បាន​ដឹង​ពី​ហេតុផល​ទាំងអស់​ថា​ហេតុអ្វី​គាត់​ត្រូវ​បញ្ចូល​វា​បន្ថែម​លើ​ផ្នែក​នៃ​ផ្ទាំង​ធំ ដែល​មាន​ពេលវេលា​ប្រវត្តិសាស្ដ្រ​ដូចគ្នា​នោះ​ទេ ។ ( ដើម្បី​អាន​អំពី​ហេតុផល​មួយ​ដែល​មរមន​មិន​បាន​ដឹង​នៅពេល​នោះ សូម​មើល​សេចក្ដីផ្ដើម​អំពី​ពាក្យ​សម្ដី​នៃ​មរមន​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ) ។

សូម​ឲ្យ​សិស្ស​រំឭក ពាក្យ​សម្ដី​នៃ​មរមន 1:7 ដោយ​ស្ងាត់ស្ងៀម ដោយ​រក​មើល​ពី​គោលលទ្ធិ​ទាំងឡាយ​ដែល​មរមន​បាន​បង្រៀន​អំពី​ព្រះអម្ចាស់ ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ព្រះអម្ចាស់​ទ្រង់​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ហើយ​ថា​ព្រះអម្ចាស់​អាច​ធ្វើការ​តាមរយៈ​យើង​ដើម្បី​សម្រេច​នូវ​ព្រះឆន្ទៈ​របស់​ទ្រង់ ។

  • តើ​គោលលទ្ធិ​ទាំងនេះ​អាច​ជួយ​មរមន​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការបំផុសគំនិត ដែល​គាត់​បាន​ទទួល​ដោយ​របៀប​ណា ?

  • តើ​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​អ្នក នៅពេល​អ្នក​ទទួល​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​ដោយ​របៀប​ណា ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រំឭក​ពី​ស្ថានភាព​ដែល​ពួកគេ​បាន​សរសេរ ឬ គិត​នៅពេល​ចាប់ផ្ដើម​ថ្នាក់ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្រាប់​ពី​ការបំផុស​ដែល​ពួកគេ​បាន​ទទួល ពី​របៀប​ដែល​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ទាំងនោះ ​ហើយ​អ្វី​ដែល​បាន​កើតឡើង​ជា​លទ្ធផល ។ ( សូម​ប្រាកដ​​ថា ពួកគេ​យល់​ថា ពួកគេ​មិន​ចាំបាច់​មាន​អារម្មណ៍​ថា​ត្រូវ​តែ​ចែកចាយ​ពី​បទពិសោធន៍​ដែល​វា​ផ្ទាល់ខ្លួន ឬ ឯកជន​នោះ​ទេ ) ។ នៅពេល​សិស្ស​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ អ្នក​អាច​សួរ​នូវ​សំណួរ​មួយ​ចំនួន​ដូចខាងក្រោម ៖

  • តើ​អ្នក​ដឹង​ពី​អ្វី​ដែល​នឹង​កើតឡើង​ទេ ប្រសិនបើ​អ្នក​ធ្វើ​តាម​ការបំផុស​នេះ ?

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សម្រេចចិត្ត និង មានសេចក្ដី​ជំនឿ​ដើម្បី​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​នោះ ?

សូម​លើក​សៀវភៅ​ដែល​តំណាង​ឲ្យ​សេចក្ដី​សង្ខេប​របស់​មរមន​ពី​ផ្ទាំង​ធំ ជាមួយ​នឹង​សៀវភៅ​ដែល​តំណាង​ឲ្យ​ផ្ទាំង​នីហ្វៃ​តូច​ដែល​នៅ​ពី​លើ​វា​នោះ ។ បន្ទាប់​មក សូម​លើក​ក្រដាស​មួយ​សន្លឹក​ដែល​តំណាង​ឲ្យ​ពាក្យ​សម្ដី​នៃ​មរមន ។

  • តើ​ពាក្យ​សម្ដី​នៃ​មរមន​ប្រសព្វ​គ្នា​នឹង​កំណត់ត្រា​ផ្សេងទៀត​ទាំងនេះ​ត្រង់​ណា ?

នៅពេល​សិស្ស​ឆ្លើយ សូម​ដាក់​ក្រដាស​តំណាង​ឲ្យ​ពាក្យ​សម្ដី​នៃ​មរមន នៅ​ចន្លោះ​សៀវភៅ​ទាំងនេះ ។ សូម​ពន្យល់​ថា ពាក្យ​សម្ដី​នៃ​មរមន​ធ្វើ​ជា​ស្ពាន​មួយ​ដែល​ភ្ជាប់​ដំណើរ​សាច់​រឿង​រវាង​ផ្ទាំង​ចំណារ​តូច​របស់នីហ្វៃ និង សេចក្ដី​សង្ខេប​របស់​មរមន​ពី​ផ្ទាំងចំណារ​ធំរបស់​នីហ្វៃ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពាក្យ​សម្ដី​នៃ​មរមន 1:8 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​អ្វី​ដែល​មរមន​សង្ឃឹម​ថា​នឹង​ជា​លទ្ធផល​នៃ​ការធ្វើតាម​ការបំផុស​គំនិត​ឲ្យ​បញ្ចូល​ផ្ទាំង​ចំណារ​តូច​របស់នីហ្វៃ​នៅក្នុង​ការចងក្រង​កំណត់ត្រា​របស់​គាត់ ។

សូម​បញ្ជាក់​ថា ការសរសេរ​ទាំងអស់​ដែល​សិស្ស​បាន​សិក្សា​កន្លង​មក​នៅក្នុង​ឆ្នាំ​នេះ ក្នុង​ព្រះគម្ពីរ​មរមន ( នីហ្វៃទី1 –អោមណៃ ) អាច​មាន​ចំពោះ​ពួកគេ ដោយសារ​មរមន​បាន​ធ្វើ​តាម​ការបំផុស​ខាង​វិញ្ញាណ​ឲ្យ​បញ្ចូល​ផ្ទាំង​ចំណារ​តូច​នោះ ។

  • តើ​ការគោរព​តាម​របស់​មរមន​ចំពោះ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​ការបង្រៀន​អ្វី​ខ្លះ​នៅក្នុង​នីហ្វៃទី 1 ដល់​អោមណៃ ដែល​អ្នក​មាន​សេចក្ដីអំណរ​ចំពោះ​នោះ ? ហេតុអ្វី​បាន​ជា​អ្នក​មាន​សេចក្ដី​អំណរ​ចំពោះ​ការបង្រៀន​ទាំងនោះ ?

  • សូម​គិត​អំពី​ឆន្ទៈ​របស់​មរមន​ក្នុង​ការធ្វើ​តាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ ។ តើ​ឆន្ទៈ​របស់​យើង​ក្នុង​ការធ្វើតាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ ជះឥទ្ធិពល​ដល់​ជីវិត​របស់​យើង​យ៉ាង​ណា​ខ្លះ ? តើ​ឆន្ទៈ​នេះ​អាច​ជះឥទ្ធិពល​ដល់​ជីវិត​របស់​អ្នកដទៃ​ដោយ​របៀប​ណា ? ( សូម​ពន្យល់​ថា ព្រះអម្ចាស់​អាច​ប្រទានពរ​ដល់​អ្នកដទៃ តាមរយៈ​យើង​នៅពេល​យើង​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ )

សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​មាន​ភក្ដីភាព​ចំពោះ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​នឹង​ធ្វើការ “ នៅក្នុង [ យើង ] ដើម្បី​ធ្វើ​ទៅតាម​ឆន្ទៈ​របស់​ទ្រង់ ” ( ពាក្យ​សម្ដី​នៃ​មរមន 1:7) ។

ពាក្យ​សម្ដី​នៃ​មរមន 1:12–18

សេ្ដច​បេនយ៉ាមីន​បង្កើត​សន្ដិភាព​នៅក្នុង​ដែនដី

សូម​សរសេរ ពី​ការទាស់ទែង​ទៅជា​សន្ដិភាព នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា ពាក្យ​សម្ដី​នៃ​មរមន 1:12–18 ណែនាំ​ពី​រជ្ជកាល​នៃ​សេ្ដច​បេនយ៉ាមីន ។ បុរស​ដ៏​សុចរិត​នេះ​បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជាច្រើន​នៅក្នុង​ពេល​គាត់​បម្រើ​ជា​ព្យាការី​ម្នាក់ និង ជា​ស្ដេច​នៃ​ប្រជាជន ។ សូម​បែងចែក​សិស្ស​ជា​ដៃគូ ហើយ​អាន ពាក្យ​សម្ដី​នៃ​មរមន 1:12–18 ជាមួយ​នឹង​ដៃគូ​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​រក​នូវ​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន និង ព្យាការី​ផ្សេង​ទៀត​បាន​ធ្វើ​ដើម្បី​បង្កើត​សន្ដិភាព​នៅក្នុង​ដែនដី ។

ក្រោយ​ពី​សិស្ស​មាន​ពេល​អាន​រួចហើយ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​សរសេរ​ប្រយោគ​មួយ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ដែល​សង្ខេប​នូវ​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន និង ប្រជាជន​របស់ទ្រង់​បាន​ធ្វើ ដើម្បី​ផ្លាស់ប្ដូរ​ពី​ការទាស់ទែង​គ្នា​ទៅជា​សន្ដិភាព ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​សរសេរ​ប្រយោគ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ ការសង្ខេប​របស់​សិស្ស​អាច​ស្រដៀងគ្នា​ទៅនឹង​ប្រយោគ​ដូចខាងក្រោម ៖

នៅពេល​យើង​ធ្វើតាម​ការដឹកនាំ​ដ៏​បំផុស​របស់​ព្យាការី យើង​អាច​បង្កើត​នូវ​សន្ដិភាព ។

នៅក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ យើង​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ ។

យើង​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ដោយ​អស់​ពី​កម្លាំង​របស់​យើង ដើម្បី​បង្កើត​សន្ដិភាព ។

សូម​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅ​លើ ពាក្យ​សម្ដី​នៃ​មរមន 1:17 ដែល​មរមន​បាន​និយាយ​ថា ស្ដេច​បេនយ៉ាមីន និង “ មនុស្ស​បរិសុទ្ធ​ជាច្រើន​នៅលើ​ដែនដី … បាន​ថ្លែង​ព្រះបន្ទូល​នៃ​ព្រះ​ប្រកប​ដោយ​អានុភាព និង សិទ្ធិ​អំណាច ” ។ សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ពីរ​បី​បន្ទាប់​ទៀត សិស្ស​នឹង​សិក្សា​ពី​ការបង្រៀន​ដោយ​ស្ដេច​បេនយ៉ាមីន ដែល​លើក​ឧទាហរណ៍​ពី​អានុភាព និង អំណាច​នៃ​ការបង្រៀន​របស់​គាត់ ។

ម៉ូសាយ 1:1–8

ស្ដេច​បេនយ៉ាមីន​បង្រៀន​កូនប្រុស​របស់​គាត់​ពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពូកគេ​មិន​ដែល​ស្គាល់​អ្វី​បន្ដិច​សោះ​អំពី​ព្រះគម្ពីរ ។

  • តើ​ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាងណា ប្រសិនបើ​អ្នក​មិន​ដែល​មាន​ព្រះគម្ពីរ​នោះ ?

  • តើ​សេចក្ដីពិត​ណាមួយ​ដែល​ពិបាក​បំផុត​ដែល​អ្នក​មិន​អាច​រស់នៅ​ដោយ​គ្មាន​វា​បាន ?

សូម​ណែនាំ​ដោយ​សង្ខេប​អំពី​គម្ពីរ​ម៉ូសាយ ។ សូម​ពន្យល់​ថា ដើម​ដំបូង​នៃ​គម្ពីរ​នេះ​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ស្ដេច​បេនយ៉ាមីន​ចំពោះ​កូនប្រុស​របស់​ទ្រង់​ឲ្យ​បន្ដ​រៀន​ពី​ព្រះគម្ពីរ ( សូម​មើល ម៉ូសាយ 1:2 ) ។ នៅពេល​ដែល​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​បុត្រា​របស់​ទ្រង់ ទ្រង់​បាន​ពន្យល់​ពី​របៀប​ដែល​ជីវិត​របស់​ពួកគេ​នឹង​ខុសគ្នា​យ៉ាងណា ប្រសិនបើ​ពួកគេ​មិន​ដែល​បាន​ទទួល​ព្រះគម្ពីរ​នោះ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេនគ្នា​អាន ម៉ូសាយ 1:3–8 ឮៗ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​សាសន៍​នីហ្វៃ​ត្រូវ​បាន​ប្រទានពរ ដោយសារ​ពួកគេ​បាន​មាន​ព្រះគម្ពីរ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • តើ​តាម​របៀប​ណា​ដែល​ស្ដេច​បេនយ៉ាមីន​ជឿ​ថា ព្រះគម្ពីរ​នឹង​ជួយ​បុត្រា​របស់​ទ្រង់​នោះ ?

  • តើ​អ្វី​ជា​ទំនាក់ទំនង​រវាង​ការសិក្សា​ព្រះគម្ពីរ​ដោយ​ម៉ត់ចត់ និង ការកាន់តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ ដូចដែល​ស្ដេច​បេនយ៉ាមីន​បាន​លើកឡើង​នោះ ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ដើម្បី​ប្រាប់​ពី​ចម្លើយ​របស់​ពួកគេក៏ដោយ​ ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ដូចខាងក្រោម​នេះ ៖ ការសិក្សា​ព្រះគម្ពីរ​ដោយ​ហ្មត់ចត់​ជួយ​យើង​ឲ្យ​ដឹង និង កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ អ្នក​អាចផ្ដល់​យោបល់​ថា សិស្ស​គួរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសាយ 1:3–8 

  • តើ​នៅពេល​ណាដែល​ការសិក្សា​ព្រះគម្ពីរ​បាន​ជួយ​អ្នក​ឲ្យ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នោះ ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះគម្ពីរ​គឺ​ពិត ហើយ​ថា​ព្រះគម្ពីរ​ជួយ​យើង​ឲ្យ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ។ ( អ្នក​អាច​សរសេរ​វា​ពី​មុន​ចាប់ផ្ដើម​ថ្នាក់ 

តើ​សេ្ដច​បេនយ៉ាមីន​បាន​គ្រោង​ប្រកាស​អ្វី អំពី​បុត្រា​របស់​ទ្រង់ ម៉ូសាយ ?

តើ​សេ្ដច​បេនយ៉ាមីន​បាន​មាន​បន្ទូល​អ្វី​ខ្លះ​អំពី “ ឈ្មោះ​មួយ ” ដែល​ញែក​មនុស្ស​ចេញ​ពី​គ្នា ?

ហេតុអ្វី​បាន​ជា​សាសន៍​នីហ្វៃ​មិន​បាន​ត្រូវ​បំផ្លាញ​ដោយ​សាសន៍​លេមិន ?

តើ​របស់​អ្វី ដែល​ស្ដេច​បេនយ៉ាមីន​បាន​សុំ​ឲ្យ​ម៉ូសាយ​ថែរក្សា​នោះ ?

សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​នាទី ហើយ​ឃើញ​ថា​តើ​ពួកគេ​អាច​រកឃើញ​ចម្លើយ​ប៉ុន្មាន​ចំពោះ​សំណួរ​ទាំងនេះ​នៅក្នុង ម៉ូសាយ 1:10–18 ។

ក្រោយពី​សិស្ស​បាន​ឆ្លើយ​ដោយ​សង្ខេប​ទៅនឹង​សំណួរ​ទាំងនេះ​ហើយ សូម​បង្ហាញ​ថា​នៅក្នុង​មេរៀន​ពីរបី​ក្រោយ​ទៀត​ពួកគេ​នឹង​សិក្សា​ពី​ការបង្រៀន​ដែល​ស្ដេច​បេនយ៉ាមីន​បាន​ធ្វើ​ទៅកាន់​ប្រជាជន​របស់​ទ្រង់ “ ឈ្មោះ​មួយ ដែល​នឹង​មិន​ត្រូវ​លុបចោល​បាន​ឡើយ លើកលែង​តែ​ដោយការរំលង ” ( ម៉ូសាយ 1:12 ) ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ពាក្យ​សម្ដី​នៃ​មរមន 1:12–18 ។ ការបម្រើ​ពី​ដំបូង​របស់​ស្ដេចបេនយ៉ាមីន

មរមន​បាន​សរសេរ​ពី​ឧបសគ្គ​ខ្លះៗ​ដែល​ស្ដេចបេនយ៉ាមីន​បាន​ជួប​ក្នុង​ការចាប់ផ្ដើម​បម្រើ​របស់​ទ្រង់ ៖ ការទាស់ទែង​នៅក្នុង​ចំណោម​ប្រជាជន​របស់​ទ្រង់; សង្រ្គាម​ជាមួយ​នឹង​កងទ័ព​ឈ្លានពាន​សាសន៍​លេមិន; ព្រះគ្រីស្ទ​ក្លែងក្លាយ; ព្យាការី អ្នកបង្រៀន​ដំណឹងល្អ និង គ្រូបង្រៀន​ក្លែងក្លាយ; ការទាស់ទែង​ជាច្រើន​ពី​សាសន៍​នីហ្វៃ​ទៅ​សាសន៍​លេមិន; និង ភាពរឹងទទឹង​នៅក្នុង​ចំណោម​ប្រជាជន ( សូម​មើល ពាក្យ​សម្ដី​នៃ​មរមន 1:12–17 ) ។ តែ « ដោយ​មាន​ជំនួយ​ពី​ព្យាការី​ដ៏​បរិសុទ្ធ » ស្ដេច​បេនយ៉ាមីន « បាន​សោយរាជ្យ​លើ​ប្រជាជន​របស់​ទ្រង់​នៅក្នុង​សេចក្ដី​សុចរិត » និង « បាន​បង្កើត​សន្ដិភាព​ម្ដងទៀត​នៅក្នុង​ដែនដី » ( ពាក្យ​សម្ដី​នៃ​មរមន 1:16–18 ) ។