បណ្ណាល័យ
មេរៀនទី 127 ៖ នីហ្វៃទី 3 18


មេរៀនទី 127

នីហ្វៃទី 3 ជំពូក 18

សេចក្តីផ្ដើម

នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ចប់​ថ្ងៃទីមួយ​នៃ​ការបម្រើ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ទ្រង់​បាន​ដឹកនាំ​ពិធីសាក្រាម៉ង់ ។ ទ្រង់​បាន​បញ្ជា​ពួកគេ​ឲ្យ​ទទួលទាន​សាក្រាម៉ង់ អធិស្ឋាន​ទៅ​ព្រះវរបិតា​ជានិច្ច ហើយ​ពង្រីក​សម័្ពន្ធមិត្ត​ជាមួយ​នឹង​មនុស្ស​ទាំងអស់ ។ ព្រះអង្គសង្គ្រោះ​បាន​សន្យា​នូវ​ពរជ័យដ៏​ធំ​ដល់​អ្នកទាំងឡាយណា​ដែល​គោរព​តាម ។ បន្ទាប់មក ទ្រង់​បាន​ផ្ដល់​ការណែនាំ​ដល់​ពួកសាវក​សាសន៍​នីហ្វៃ​ដប់ពីរ​នាក់ ដែល​ទាក់ទង​ទៅនឹង​ការបម្រើ​របស់​ពួកលោក​នៅក្នុង​សាសនាចក្រ ។ មុនពេល​យាងទៅ​ស្ថានសួគ៌​វិញ ទ្រង់​បាន​ប្រទាន​ដល់​ពួកលោក​នូវ​អំណាច​ដើម្បី​ផ្ដល់​នូវ​អំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី 3 18:1–14

ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ពិធីសាក្រាម៉ង់​ដល់​ពួកសាសន៍​នីហ្វៃ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជើរ៉ល អិន ឡាន នៃ​ពួកចិតសិបនាក់ ។ ( សូម​ប្រាប់​សិស្ស​ថា ឈ្មោះ Czenkusch គឺ​អាន​ថា « សិន ឃុស » ) ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្រមៃ​អ្វី​ដែល​អាច​ដូច​កាល​ដែល​ក្លាយជា​អ្នកឡើង​ភ្នំ​ដែល​បានលើកឡើង​ដោយ​អែលឌើរ ឡាន ។

« មួយ​រយៈពេល​កន្លងទៅ មាន​អត្ថបទមួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​អំពី​ការឡើង​ភ្នំ​នៅក្នុង​ទស្សនាវដ្ដី​វេជ្ជសាស្ដ្រ ។ …

« អត្ថបទ​នេះ​គឺ​អំពី​បុរស​ម្នាក់​ឈ្មោះ សិនឃុស ដែល​បើក​សាលា​ហាត់​ឡើង​ភ្នំ ។ … សិនឃុស បាន​ពិពណ៌នា​ប្រាប់​អ្នកសម្ភាសន៍​ម្នាក់​អំពី​ប្រព័ន្ធខ្សែពួរ​យឺត​នៅក្នុង​ការឡើងភ្នំ ។ នេះគឺជា​ប្រព័ន្ធ​ដែល​អ្នកឡើងភ្នំ​ការពារ​ខ្លួនគេ​កុំ​ឲ្យ​ធ្លាក់ចុះ ។ អ្នកឡើង​ភ្នំ​ម្នាក់​មាន​សុវត្ថិភាព​ ហើយ​​ការពារ​ខ្សែពួរ​នោះ​សម្រាប់​អ្នកឡើងភ្នំ​បន្ទាប់​ទៀត ជាធម្មតា​វា​ព័ទ្ធ​ជុំវិញ​ខ្លួន​របស់​គេ ។ ‹ អ្នក​ស្ថិតនៅ​ក្នុង​ខ្សែយឺត › មានន័យ​ថា ‹ ខ្ញុំការពារអ្នក​បាន​ហើយ ។ ប្រសិនបើ​មាន​អ្វី​មួយ​កើតឡើង ខ្ញុំ​នឹង​ការពារ​​អ្នក​កុំ​ឲ្យ​ធ្លាក់ចុះ ។ › វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការឡើង​ភ្នំ ។ ឥឡូវ សូម​កត់ចំណាំ​អ្វី​ដែល​កើតឡើង​បន្ទាប់​នៅក្នុង​អត្ថបទ​នេះ ៖ ‹ ខ្សែយឺត​បាន​ធ្វើ​ឲ្យ​សិនឃុស​បាន​មាន​​ពេល​ដ៏​ល្អ​បំផុត និង​អាក្រក់​បំផុត​ក្នុង​ការឡើង​ភ្នំ ។ ពេលមួយ សិនឃុស ​ធ្លាប់​បាន​ធា្លក់​ពី​ជ្រោះ​ដ៏​ខ្ពស់​មួយ ដោយ​ការកន្ដ្រាក់​មេបច្ចេកវិទ្យា​បី​ចេញ ហើយ​ទាញ​ខ្សែយឺត​របស់​គាត់​ចេញពី​ផ្នែក​លយ​ចេញក្រៅ ។ គាត់​ត្រូវបាន​បញ្ឈប់ ដាំ​ក្បាល​ចុះ 10 ហ៊្វីតថ៍ កម្ពស់​ពី​ដី ​នៅពេល​អ្នកយឺត​ខ្សែ​របស់​គាត់ [ ដន ] បាន​ចាប់​ការធ្លាក់​ដោយ​កម្លាំងសន្ធឹង​ដៃ​របស់​គាត់ ។ សិនឃុស បាន​និយាយ​ថា « ដន បាន​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ » ។ « តើ​អ្នក​ឆ្លើយតប​ទៅនឹង​បុរស​ម្នាក់​ដូចនោះ​យ៉ាងណា ? ជូន​គាត់​នូវ​ខ្សែឡើងភ្នំ​ដែល​ប្រើ​ហើយ​មួយ​សម្រាប់​កាដូ​ថ្ងៃ​គ្រីស្ទម៉ាស ? ទេ អ្នក​ចងចាំ​គាត់ ។ អ្នក​នឹង​តែងតែ​ចងចាំ​ដល់​គាត់ › » [ Eric G. Anderson « The Vertical Wilderness » Private Practice, ខែ វិច្ឆិកា ឆ្នាំ 1979, ទំព័រ 21 ; សេចក្ដីបញ្ជាក់​បន្ថែម ] » ( « The Grace and Mercy of Jesus Christ » នៅក្នុង Jesus Christ: Son of God, Savior, ed. Paul H. Peterson, Gary L. Hatch, and Laura D. Card [ ឆ្នាំ 2002 ], ទំព័រ 48 ) ។

  • តើ​ហេតុអ្វី​បានជា​អ្នក​គិត​ថា អ្នកឡើង​ភ្នំ​បាន​មាន​អារម្មណ៍​ថា ការជូន​អំណោយ​ជា​វត្ថុ​ដល់​អ្នកសង្គ្រោះ​របស់​គាត់​អាច​នឹង​ជា​របៀប​មួយ​ដែល​មិន​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​អំណរគុណ ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 18:1–7 ដោយ​ស្ងាត់ស្ងៀម ​ដោយ​រកមើល​អ្វី​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​ដល់​ពួកសាសន៍​នីហ្វៃ ថា​ពួកគេ​គួរធ្វើ​ដើម្បី​ចងចាំ​ដល់​ទ្រង់ ។ ( អ្នក​អាច​ណែនាំ សិស្ស​ឲ្យគួរ​គូសចំណាំ​ពាក្យ ការចងចាំ និង ចងចាំ នៅក្នុង នីហ្វៃទី 3 18:7 ។ ) ក្រោយពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ការទទួល​យក​ពិធីសាក្រាម៉ង់​ជួយ​យើង​ឲ្យ​ចងចាំ​ដល់​ពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ​ជំនួស​យើង​ដោយ​របៀបណា ?

  • យោងតាម នីហ្វៃទី 3 18:7 តើ​ពួកសាសន៍​នីហ្វៃ​ត្រូវ​ចងចាំ​អ្វី នៅពេល​ពួកគេ​ទទួល​បាន​នំប៉័ង ?

សូម​ឲ្យ​សិស្ស​មាន​ពេល​មើល​នៅ នីហ្វៃទី 3 11:14–15 ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​បានជា​ការចងចាំ​ដល់​ព្រះកាយ​របស់​ព្រះអង្គសង្គ្រោះ​អាច​ជា​ការណ៍​ដ៏​សំខាន់​ជា​ពិសេស​សម្រាប់​ពួកសាសន៍​នីហ្វៃ ?

  • ទោះបីជា​អ្នក​មិន​បាន​ឃើញ​ស្នាម​របួស​នៅលើ​ព្រះកាយ​របស់​ព្រះអង្គសង្គ្រោះ​ដូចជា​ពួកសាសន៍​នីហ្វៃ​ក្ដី ហេតុអ្វី​បានជា​វា​នៅតែ​សំខាន់​សម្រាប់​អ្នក​ដើម្បី​ទទួល​យក​នំប៉័ង​សាក្រាម៉ង់​ដើម្បី « រំឭក​ពី​ព្រះកាយ » នៃ​ព្រះអង្គសង្គ្រោះ ? ( គ. និង ស. 20:77 ) ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​តែងតែ​ចងចាំ​ដល់​ព្រះអង្គសង្គ្រោះ​នោះ ?

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ នៅពេល​យើង​ទទួល​យក​សាក្រាម៉ង់ យើង​ធ្វើ​ជាសាក្សី​ដល់​ព្រះ​វរបិតាថា …

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 18:8–11 ដោយ​ស្ងាត់ស្ងៀម ​ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ( សិស្ស​អាច​បំពេញ​ប្រយោគ​តាម​របៀប​នេះ ៖ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​ធ្វើ​ជាសាក្សី​ដល់​ព្រះ​វរបិតាថា យើង​នឹង​តែងតែ​ចងចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ។ ចម្លើយ​មួយ​ទៀត​អាច​ដូចខាង​ក្រោម ៖ នៅពេល​យើង​ទទួល​យក​សាក្រាម៉ង់ យើង​ធ្វើ​ជាសាក្សី​ដល់​ព្រះ​វរបិតាថា យើង​នឹង​ព្រម​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គសង្គ្រោះ​បាន​បញ្ជា​ដល់​យើង ) ។

សូម​ប្រើ​សំណួរ​ខាងក្រោម​នេះ​ខ្លះ ឬ​ទាំងអស់​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ និង​កោតសរសើរ​ដល់​តួនាទី​នៃ​ពិធីសាក្រាម៉ង់​ក្នុង​ការជួយ​យើង​ឲ្យ​ចងចាំ​ដល់​ព្រះអង្គសង្គ្រោះ ៖

  • តើ​ផ្នែក​នៃ​ជីវិត និង​ការបម្រើ​របស់​ព្រះអង្គសង្គ្រោះ​ណាខ្លះ ដែល​យើង​អាច​ចងចាំ​ក្នុងពេល​ពិធីបរិសុទ្ធ​សាក្រាម៉ង់ ? ( ចម្លើយ​អាច​រួមមាន ការសុគត និងការ​ពលិកម្មដ៏ធួន​របស់​ទ្រង់ ការប្រសូត​ដ៏​បន្ទាបខ្លួន​របស់​ទ្រង់ អព្ភូតហេតុ និង​ការបង្រៀន​របស់​ទ្រង់ ការយកចិត្ត​ទុកដាក់​ដោយ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នកដទៃ និង​ការដែល​ទ្រង់​ស្ដាប់​បង្គាប់តាម​ព្រះវរបិតាសួគ៌ ) ។

  • ទោះបីជា​ការទទួល​យក​ពិធីសាក្រាម៉ង់​ចំណាយ​ពេល​តិច​ក្ដី ក៏​ឥទ្ធិពល​នៃ​ការរៀបចំ និង​ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នេះ​អស់កល្ប​ដែរ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បីតែងតែ​ចងចាំ​ដល់​ព្រះអង្គសង្គ្រោះ ក្រោយពី​យើង​បាន​ទទួល​ទាន​ពិធីសាក្រាម៉ង់ និង​អំឡុងពេល​ពេញមួយ​សប្ដាហ៍នោះ ?

  • តើ​សេចក្តី​ស្មោះ​ស និង​ការយកចិត្ត​ទុកដាក់​ដែល​យើង​ផ្ដល់​នៅក្នុង​ការទទួល​ទាន​សាក្រាម៉ង​អាច​ជួយ​យើង​ឲ្យ​រំឭក​ដល់​ព្រះអង្គ​សង្គ្រោះ​ពេញមួយ​សប្ដាហ៍​ដោយ​របៀបណា ?

  • តើ​ពិធីសាក្រាម៉ង់​មាន​ន័យ​យ៉ាងណា ប្រសិនបើ​យើង​មិន​បាន​ចងចាំ​ដល់​ទ្រង់​ទេ​នោះ ?

  • យោងតាម នីហ្វៃទី 3 18:7, 11 តើ​ព្រះអង្គសង្គ្រោះ​បាន​សន្យា​ដល់​អស់អ្នកទាំងឡាយណា​ដែល​ទទួល​យក​ពិធីសាក្រាម៉ង់ និង​ចងចាំ​ដល់​ទ្រង់​អ្វីខ្លះ ? ( នៅពេល​យើង​ទទួល​ពិធីសាក្រាម៉ង់ និង​ចងចាំ​ដល់ព្រះអង្គសង្គ្រោះ​ជានិច្ច​នោះ យើង​នឹង​ទទួល​បាន​ព្រះវិញ្ញាណរបស់​ទ្រង់​នៅ​ជាមួយ​នឹង​យើង ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 18:12–14 ឮៗ ហើយ​បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន ហេលេមិន 5:12 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​មើល​តាម ដោយ​សញ្ជឹងគិត​ពី​ទំនាក់ទំនង​រវាង​វគ្គ​ព្រះគម្ពីរ​ទាំងពីរ ។

  • តើ​ការទទួលទាន​សាក្រាម៉ង់​ជាទៀងទាត់​អាច​ជួយ​អ្នក​ឲ្យ​យក​ព្រះយេស៊ូវគ្រីស្ទ​ធ្វើជា​មូលដ្ឋាន​គ្រឹះ​ដែល​អ្នក​ត្រូវ​សង់​ជីវិត​របស់​អ្នក​លើ​ដោយ​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ​ជាង​មុន សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅ​សរសេរ​ សៀវភៅ​កំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន​អំពី​អ្វី​ដែល​ពួកគេ​ធ្វើ​ដើម្បី​ចងចាំ​ដល់​ព្រះអង្គសង្គ្រោះ​រាល់ថ្ងៃ​សម្រាប់សប្ដាហ៍​ក្រោយ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​ពី​ការសរសេរ​អំពី​គំនិត​ដែល​ពួកគេ​បាន​មាន អំឡុងពេល​សាក្រាម៉ង់ ឬ​របៀប​ដែល​ការចងចាំ​ដល់​ព្រះអង្គសង្គ្រោះ​ដែល​ត្រូវបាន​ទទួល​នៅក្នុង​គំនិត ពាក្យសម្ដី និង​សកម្មភាព​របស់​គេ ។

សូម​តាមដាន​សិស្ស​នៅ​ពេល​បង្រៀន​លើក​ក្រោយៗ ដោយ​ការជម្រុញ​ពួកគេ​ឲ្យ​បន្ដ​សរសេរ​រាល់ថ្ងៃ ។ អំឡុងពេល​សប្ដាហ៍ អ្នក​អាច​ឲ្យ​ពួកគេ​មាន​ពេល​ពីរ​បី​នាទី​នៅពេល​ចាប់ផ្ដើម​ថ្នាក់​ដើម្បី​សរសេរ​អ្វី​ដែល​ពួកគេ​កំពុងធ្វើ​ដើម្បី​ចងចាំ​ដល់​ព្រះអង្គសង្គ្រោះ ។

នីហ្វៃ​ទី 3 18:15–25

ព្រះយេស៊ូវ​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ​ឲ្យ​អធិស្ឋាន​ដល់​ព្រះវរបិតា​ជានិច្ច និង​ជួបជុំ​គ្នា​ជាញឹកញាប់

សូម​បំបែក​សិស្ស​ធ្វើការ​ជាដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​អាន នីហ្វៃទី 3 18:15–21 រួមគ្នា​ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ​ដើម្បី​ប្រឆាំង​នឹង​ការល្បួង ។ នៅពេល​ពួកគេអាន​ចប់​ហើយ សូម​ឲ្យ​ដៃគូ​ទាំងអស់​សរសេរ​ប្រយោគ​មួយ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​នឹង​សង្ខេប​ការបង្រៀន​ទាំងនេះ​អំពី​ការយកឈ្នះ​លើ​ការល្បួង ។ សូម​ឲ្យ​ដៃគូ​បី​បួនគូ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ដើម្បី​បង្ហាញ​ពី​ការសង្ខេប​របស់​ពួកគេ​ក្ដី ក៏​ពួកគេ​គួរគូស​បញ្ជាក់​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ប្រយ័ត្ន និង​អធិស្ឋាន​ជានិច្ច​ទៅរក​ព្រះវរបិតា នោះ​យើង​នឹង​អាច​ប្រឆាំង​នឹង​ការល្បួង​របស់​សាតាំង ) ។

  • តើ​អ្នក​គិត​ថា​ពាក្យ ប្រយត័្ន មានន័យ​យ៉ាងណា​នៅក្នុង នីហ្វៃទី 3 18:18 ? ( ការទទួល​ការព្រមាន​ខាង​វិញ្ញាណ ការមិនធ្វេស​ប្រហែស ឬ​ការចាំយាម ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ទាំងការ​ប្រយត័្ន និង​ការអធិស្ឋាន​មាន​សារៈសំខាន់​ក្នុង​ការប្រឆាំង​នឹង​ការល្បួង ?

សូម​បង្ហាញ​ថា នីហ្វៃទី 3 18:15, 20–21 នេះ​គឺជា​វគ្គ​ចំណេះ​ចំណានព្រះគម្ពីរ ។ អ្នក​អាច​ណែនាំថា សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​នឹង​រកឃើញ​វា ។

  • តើ​ការអធិស្ឋាន​ជួយ​យើង​ឲ្យ​នៅតែ​ប្រយ័ត្ន និង​ទទួលបាន​​ការដាស់តឿន​ចំពោះ​ការ​ខំ​ល្បួង​របស់​សាតាំង​លើ​យើង​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅសរសេរ ឬកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ។ ( អ្នក​អាច​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ឬ​អាន​វា​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​អាច​កត់​វា​បាន ) ។

  • តើ​ការអធិស្ឋាន​បាន​ជួយ​អ្នក​ឲ្យ​ប្រឆាំង​ការល្បួង​របស់​សាតាំង​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពង្រឹង​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​អ្នក ?

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ឃើញ​ពី​ការអធិស្ឋាន​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​អ្នក ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​គ្រួសារ​របស់​អ្នក​ឲ្យ​មាន​ការអធិស្ឋានជាគ្រួសារ​ដ៏​ថិតថេរ និង​មាន​អត្ថន័យ ?

ប្រសិនបើ​មាន​ពេល សូម​គិត​ពី​ការសុំ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​ឲ្យ​សិស្ស​គិត​ពី​នរណាម្នាក់ ដែល​ពួកគេ​នឹង​ជួយ​ឲ្យ​ខិតកាន់តែ​ជិត​ទៅរក​ព្រះអង្គសង្គ្រោះ ។ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​វា ។ នៅពេល​យើង​បម្រើ​ដល់​អ្នកដទៃ យើង​អាច​ជួយ​ពួកគេ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 18:22–24 ដោយ​ស្ងាត់ស្ងៀម ។

  • តើ​ព្រះអង្គសង្គ្រោះ​សុំ​ឲ្យ​យើង​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យមក​កាន់​ទ្រង់ ? ( យើង​មិន​គួរ​រុញ​អ្នកដទៃ​ឲ្យ​ចេញ​ពី​ការប្រជុំ​នៃ​សាសនាចក្រ​យើង​ទេ ហើយ​យើង​គួរ​អធិស្ឋាន​សម្រាប់​ពួកគេ ) ។

  • ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់​គឺជា​ពន្លឺ ដែល​យើង​ត្រូវ​លើក​ឡើង​បង្ហាញ​ដល់​ពិភពលោក ។ តើ​យើង​ម្នាក់ៗ​អាច​ដោះស្រាយ​នឹង​ជីវិត​របស់​យើង​ដោយ​ការលើក​ពន្លឺ​របស់​ព្រះអង្គសង្គ្រោះ​ឡើង​ដោយ​របៀបណា ?

សូម​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​អ្វី​ដែល​អែលឌើរ ហែល បាន​មាន​ប្រសាសន៍​ថា​នឹង​កើតឡើង នៅពេល​យើង​រស់នៅ​ដោយ​សុចរិត ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« តើ​វា​មិន​ធ្វើឲ្យ​ព្រះយេស៊ូវ​គាប់​ព្រះ​ទ័យ​ទេ​ឬ នៅ​ពេល​យើងអាច​​​​អនុញ្ញាត​ឲ្យ​ពន្លឺ​របស់​យើង​បញ្ចាំង​ចេញ​ទៅ រហូតដល់​អស់អ្នកទាំងឡាយ​ដែល​ធ្វើ​តាម​យើង​នឹង​ដើរតាម​ព្រះអង្គ​សង្គ្រោះ​ដែរ​នោះ ? មាន​អ្នកដែល​កំពុង​ស្វែងរក​ពន្លឺ​ដែល​នឹង​ឆ្លងកាត់​ទ្វារ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​រីករាយ​ទៅរក​ផ្លូវ​ដ៏​ត្រង់ និង​តូចចង្អៀត​ដែល​នាំ​ទៅរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ( សូមមើល នីហ្វៃទី 2 31 ) ។ តើ​អ្នក​នឹង​ធ្វើជា​ពន្លឺ​នោះ​ដែល​នឹង​ដឹកនាំ​ពួកគេ​ទៅ​រក​កំពង់ផែ​ដ៏​មាន​សុវត្ថិភាព​មួយ​ទេ ? ( « That Ye May Be the Children of Light » [ Brigham Young University fireside address, ថ្ងៃទី 3 ខែ វិច្ឆិកា ឆ្នាំ 1996 ], ទំព័រ 8, speeches.byu.edu ) ។

  • តើ​អ្នក​គិត​យ៉ាង​ណា នៅពេល​អ្នក​គិត​អំពី​សំណួរ « តើ​វា​មិន​ធ្វើឲ្យ​ព្រះយេស៊ូវគាប់​ព្រះ​ទ័យ​ទេ​ឬ នៅ​ពេល​​យើង​អាច​អនុញ្ញាត​ឲ្យ​ពន្លឺ​របស់​យើង​បញ្ចាំង​ចេញ​ទៅ រហូតដល់​អស់អ្នកទាំងឡាយ​ដែល​ធ្វើ​តាម​យើង​នឹង​ដើរតាម​ព្រះអង្គ​សង្គ្រោះ​ដែរ​នោះ ?

សូម​ពន្យល់​ថា ការអធិស្ឋាន​សម្រាប់​អ្នកដទៃ ការអញ្ជើញ​ឲ្យ​ពួកគេ​ឲ្យ​ចូលរួម​នៅក្នុង​ការប្រជុំ​សាសនាចក្រ និង​ការធ្វើជា​គំរូដូច​ជា​ព្រះ​គ្រីស្ទ គឺជា​របៀប​ដែល​យើង​អាច​បម្រើ​ដល់​អ្នកដទៃ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​មួយ​ដែល​ពួកគេ​បាន​លើក​ពន្លឺ​របស់​ព្រះអង្គសង្គ្រោះ​ឡើង ដើម្បី​ជួយ​ដល់​នរណាម្នាក់​ដែល​មក​រក​ទ្រង់ ។

នីហ្វៃទី 3 18:26–39

ព្រះអង្គសង្គ្រោះ​បង្រៀន​ពួក​សាវក​របស់​ទ្រង់​ឲ្យ​ពង្រីក​ការរាប់អាន​ទៅ​ដល់​មនុស្ស​គ្រប់រូប

សូម​សង្ខេប នីហ្វៃទី 3 18:26–39 ដោយ​ការពន្យល់​ថា ក្រោយពី​ព្រះអង្គសង្គ្រោះ​បានមាន​បន្ទូល​ដល់​ហ្វូងមនុស្ស​ថា ទ្រង់​ងាក​ទៅរក​ពួកសាវក​ដប់ពីរនាក់​ដែល​ទ្រង់​បាន​ជ្រើសរើស និង​បាន​ណែនាំ​ពួកលោក​អំពី​របៀប​ដឹកនាំ និង​ចាត់ចែង​ការងារ​នៃ​សាសនាចក្រ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 18:32 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​របៀប​ដែល​យើង​គួរ​ឆ្លើយតប​ទៅនឹង​មនុស្ស​ដែល​បាន​វង្វេង​ចេញពី​សេចក្ដីជំនឿ ។

  • ហេតុអ្វី​បានជា​វា​ជា​ការសំខាន់​ដែល​យើង​ត្រូវ​បន្ដ​បម្រើ​ដល់​មនុស្ស​ដែល​បាន​វង្វេង​ចេញពី​សេចក្ដីជំនឿ ?

សូម​គិត​ពី​ការចែកចាយ​បទពិសោធន៍​មួយ​ដែល​អ្នក​បាន​ជួយ​បម្រើ​ដល់​កូនចៅ​របស់​ព្រះ​ម្នាក់ និង​បាន​ជួយ​បុគ្គល​ម្នាក់​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

ចំណេះចំណាន​ខគម្ពីរ—នីហ្វៃទី 3 18:15, 20–21

កំណត់ចំណាំ ៖ ដោយសារតែមេរៀន​នេះ​វែង អ្នក​អាច​ចាប់ផ្ដើម​មេរៀន​ក្រោយ​ដោយ​សកម្មភាព​ចំណេះចំណាន​ខគម្ពីរ​ខាងក្រោម ។ ឬ​ថា សកម្មភាព​នេះ​អាច​ត្រូវ​បាន​ប្រើ​នៅក្នុង​មេរៀន​ថ្ងៃក្រោយ នៅពេល​អ្នក​មាន​ពេលច្រើន​ដើម្បី​រំឭក​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ ។

សូម​ចំណាយ​ពេល​បីបួន​នាទី​ដើម្បី​ជួយ​សិស្ស​ឲ្យទន្ទេញ នីហ្វៃទី 3 18:15, 20–21 ។ សូម​សរសេរ​ខគម្ពីរ​ទាំងបី​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​អនុវត្ត​អាន​វា​ឮៗ ។ ក្រោយពី​សិស្ស​បាន​អាន​ខគម្ពីរ​ទាំងអស់​ពីរ​បី​ដង​ហើយ សូម​ចាប់ផ្ដើម​លុប​ផ្នែក​ខុសៗ​គ្នា​នៃ​ខគម្ពីរ​នេះ ខណៈពេល​ដែល​សិស្ស​បន្ដ​ទន្ទេញ​វគ្គ​ទាំងមូល ។ សូម​ធ្វើ​សកម្មភាព​នេះ​សារឡើងវិញ​រហូត​ដល់​ពាក្យ​ទាំងអស់​ត្រូវ​លុបចេញ​ពី​ក្ដារខៀនអស់ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 18:15 ។ អធិស្ឋាន​ជានិច្ច

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​មាន​ប្រសាសន៍​អំពី​អត្ថន័យ​នៃ « អធិស្ឋាន​ជានិច្ច » ៖

« ការអធិស្ឋាន​ពេល​ល្ងាច​របស់​យើង​ចាក់​គ្រឹះ និង ជា​ការបន្ដ​មួយ​នៃ​ការអធិស្ឋាន​ពី​ពេលព្រឹក​របស់​យើង ។ ហើយ​ការអធិស្ឋាន​ពេល​ល្ងាច​របស់​យើង ក៏​ជា​ការរៀបចំ​មួយ​សម្រាប់​ការអធិស្ឋាន​ពេលព្រឹក​ដ៏​មាន​ន័យ​ដែរ ។

« ការអធិស្ឋាន​ពេលព្រឹក និង ពេល​ល្ងាច —និង ការអធិស្ឋាន​ទាំងអស់​ដែល​នៅ​ចន្លោះ​នោះ— គឺ​មិន​មែន​ជា​ព្រឹត្តិការណ៍​ដែល​មិន​ទាក់ទង​គ្នា ឬ ដាច់ៗ​ពី​គ្នា​នោះ​ទេ ប៉ុន្ដែ វា​ភ្ជាប់​រួម​គ្នា​រាល់​ថ្ងៃ ហើយ​ឆ្លង​ថ្ងៃ សប្ដាហ៍ ខែ និង ឆ្នាំ​ទៀត​ផង ។ នេះ​គឺជា​ផ្នែក​ដែល​យើង​បំពេញ​តាម​ការដាស់តឿន​ពី​ព្រះគម្ពីរ​ឲ្យ ‹ អធិស្ឋាន​ជានិច្ច › ( លូកា 21:36; នីហ្វៃទី 3 18:15, 18; គ. និង ស. 31:12) ។ ការអធិស្ឋាន​ដ៏​មាន​អត្ថន័យ​បែបនោះ​គឺ​ជា​ឧបករណ៍​មួយ​ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​ខ្ពស់​ដែល​ព្រះ​បាន​ដាក់​ទុក​សម្រាប់​កូនចៅ​ដ៏​ស្មោះត្រង់​របស់​ទ្រង់ » ( « Pray Always » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 42 ) ។

នីហ្វៃ​ទី 3 18:21 ។ អធិស្ឋាន​នៅក្នុង​គ្រួសារ​របស់​អ្នក

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​អំពី​អំណាច​នៃ​ការអធិស្ឋានជាគ្រួសារ ៖

« ការអធិស្ឋានជាគ្រួសារ​គឺជា​ឥទ្ធិពល​គាំទ្រដ៏​មាន​អំណាចមួយ ។ អំឡុង​ពេល​ដ៏​ងងឹត​នៃ​សង្គ្រាម​លោកលើកទី​ពីរ គ្រាប់បែក​ទម្លាក់​ទម្ងន់ 500 ផោន​បាន​ធ្លាក់​នៅក្រៅ​ផ្ទះ​ដ៏​តូច​មួយ​របស់​បងប្រុស ផាធី ដែល​ជា​ឪពុក​ដ៏​វ័យ​ក្មេង​នៅក្នុង​ទីក្រុង​លីវើភូល ប្រទេស​អង់គ្លេស ប៉ុន្ដេ​គ្រាប់បែក​ទម្លាក់​នោះ​មិន​បានផ្ទុះ​ទេ ។ ភរិយា​របស់​គាត់​បាន​ស្លាប់ ដូច្នេះគាត់​ត្រូវ​ចិញ្ចឹម​កូន​ទាំង​ប្រាំនាក់​របស់​គាត់​តែ​ម្នាក់ឯង ។ គាត់​បាន​ប្រមូល​ពួកគេ​ជុំគ្នា​នៅពេល​ដ៏​ព្រួយបារម្ភ​នេះ​ដើម្បី​អធិស្ឋាន​ជា​គ្រួសារ ។ ពួកគេ​ទាំងអស់​គ្នា ‹ បាន​អធិស្ឋាន…ដោយ​ស្មោះត្រង់ ហើយ​នៅពេល​ពួកគេ​បាន​អធិស្ឋាន​ចប់​ហើយ កូនៗ​បាន​និយាយ​ថា ៖ « ប៉ា យើង​នឹង​មិន​អី​ទេ ។ យើង​នឹង​មិន​អី​ទេ នៅ​យប់​នេះ​នៅ​ក្នុងផ្ទះ​របស់​យើង » ។

« ‹ ហើយ​ដូច្នេះ សូម​ស្រមៃថា ពួកគេ​បាន​ចូល​ទៅសម្រាក ដោយ​មាន​​គ្រាប់​បែក​ដ៏​គ្រោះ​ថ្នាក់​នោះ​នៅ​ខាងមុខទ្វារ កប់​ក្នុង​ដី​ពាក់​កណ្ដាល​ហើយ​នោះ ។ ប្រសិនបើ​វា​បាន​ផ្ទុះ​មែន នោះ​វា​នឹង​បំផ្លាញ​ផ្ទះ​ប្រហែល​ពី​សែសិប ទៅ​ហាសិប​ខ្ទង ព្រមទាំង​នឹង​សម្លាប់​មនុស្ស​ពីរ ឬ​បី​រយ​នាក់ ។…

« ‹ លុះស្អែកឡើង …ក្នុង​រយៈ​ពេល​សែសិប​ប្រាំបី​ម៉ោង​នោះ អ្នកភូមិ​ទាំងអស់​បាន​ចាកចេញ​ ហើយនៅទីបំផុត​គ្រាប់បែក​ទម្លាក់​នោះ​ត្រូវបាន​គេ​យក​ចេញទៅ ។…

« ‹ តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ បងប្រុស​ផាធី បាន​សួរ​មេក្រុម A.R.P. ថា ៖ « មែនហើយ តើ​អ្នក​បាន​រក​ឃើញ​អ្វី​ខ្លះ ? »

« ‹ « លោក ផាធី យើង​បាន​យក​គ្រាប់ទម្លាក់​នោះ​ចេញពី​ទ្វារ​របស់​លោក ហើយ​បាន​រកឃើញ​គ្រាប់​នោះ​វា​​អាច​នឹង​ផ្ទុះ​បាន​គ្រប់ពេល ។ គ្រាប់​បែក​នោះ​គ្មាន​អ្វី​ខុស​ប្រក្រតី​ទេ​ទេ ។ យើង​ឆ្ងល់​ថា ហេតុអ្វី​បានជា​វា​មិន​ផ្ទុះ › » ។ [ Andre K. Anastasiou នៅក្នុង Conference Report ខែ តុលា ឆ្នាំ 1946 ទំព័រ 26 ] ។ រឿង​ដ៏អស្ចារ្យបាន​កើតឡើង នៅពេល​គ្រួសារ​អធិស្ឋាន​រួមគ្នា » ( « The Lifeline of Prayer » Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 61 ) ។