បណ្ណាល័យ
មេរៀន​ទី 35 ៖ នីហ្វៃទី 2 25


មេរៀន​ទី 35

នីហ្វៃទី 2 25

សេចក្តីផ្ដើម

ដោយ​បន្ដ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការព្យាករណ៍​របស់​អេសាយ នីហ្វៃ​បាន​ពន្យល់​ថា មនុស្ស​គ្រប់​គ្នា​ដែល​មាន​ព្រះវិញ្ញាណ​នៃ​ការព្យាករណ៍​អាច​យល់ និង កោតសរសើរ​ដល់​ពាក្យពេចន៍​របស់​អេសាយ ។ គាត់​បាន​ចែកចាយ​ពី​គោលបំណង​នៃ​ការសរសេរ​របស់​គាត់ ៖ « ដើម្បី​បញ្ចុះបញ្ចូល​កូនចៅ​យើង និង បងប្អូន​យើង​ផង ដើម្បី​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ » ( នីហ្វៃទី 225:23 ) ។ គាត់​បាន​អញ្ជើញ​ដល់​មនុស្ស​ទាំងអស់​គ្នា​ឲ្យ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ និង ដើម្បី « ថ្វាយ​បង្គំ​ទ្រង់​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង អស់​ពី​កម្លាំង [ របស់​ពួកគេ ] ហើយ​អស់​ពី​ព្រលឹង​ទាំងមូល [ របស់​ពួកគេ ] » ( នីហ្វៃទី 225:29 ) ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 25:1–8

នីហ្វៃ​បង្រៀន​ថា យើង​អាច​យល់​ពាក្យ​ពេចន៍​របស់​អេសាយ នៅពេល​យើង​មានវិញ្ញាណ​នៃ​ការព្យាករណ៍

សូម​បង្ហាញមេសោ​មួយ ដែល​មិន​អាច​បើក​បាន បើ​គ្មាន​កូនសោ​នោះ ( ឬ សូម​គូស​រូបភាព​មួយ​នៃ​មេសោ​មួយ និង កូនសោ​នៅលើ​ក្ដារខៀន ) ។ សូម​បង្ហាញ​ថា នៅពេល​មនុស្ស​ចង់​ទុក​វត្ថុ​មាន​តម្លៃ​ឲ្យ​មាន​សុវត្ថិភាព ជារឿយៗ​ពួកគេ​ចាក់សោ​វា​ទុក ។ ពួកគេ​អាច​ទុក​តែ​កូនសោ​សម្រាប់​ចាក់ ឬ ពួកគេ​អាច​ឲ្យ​កូនសោ​ចម្លង​ទៅ​មិត្តភក្ដិ​ដែល​គេ​ទុកចិត្ត​ម្នាក់ ឬ សមាជិក​គ្រួសារ​ម្នាក់ ។

រូបភាព
មេសោ និង កូនសោ

សូម​ពន្យល់​ថា នីហ្វៃ​បាន​ដឹង​ថា​ការព្យាករណ៍​របស់​អេសាយ​គឺ « មាន​ប្រយោជន៍​ដ៏​ធំ » ( នីហ្វៃទី 2 25:8 ) ។ ទោះ​ជា​យ៉ាងណា​ក្ដី គាត់​មិន​បាន​លាក់​វា​ជា​ការណ៍​សម្ងាត់​នោះ​ទេ ។ គាត់​ថែម​ទាំង​បាន​បង្រៀន​អំពី​កូនសោ​សម្រាប់​គ្រប់គ្នា ដែល​ចង់​ចាក់​សោយល់​ពី​អត្ថន័យ​នៃ​ពាក្យ​ពេចន៍​របស់​អេសាយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ប្រយោគ​ទីមួយ​នៅក្នុង នីហ្វៃទី 2 25:4 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​កូនសោ​ដើម្បី​យល់​ពី​ពាក្យ​ពេចន៍​របស់​អេសាយ ។

  • តើ​អ្នក​រកឃើញ​កូនសោ​អ្វី ? ( « វិញ្ញាណ​នៃ​ការព្យាករណ៍ ។ » )

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​ក្នុង​ការមាន « វិញ្ញាណ​នៃ​ការព្យាករណ៍ » សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដក​ស្រង់​ចេញ​ពី​សេចក្តីណែនាំ​ដល់​បទគម្ពីរទាំង​ឡាយ ៖

« ការព្យាករណ៍​មួយ​រួមមាន​ពាក្យ​ពេចន៍ ឬ ការសរសេរ​​បំផុស​គំនិត​ដ៏​ទេវភាព ដែល​មនុស្ស​ម្នាក់​ទទួល​បាន​តាមរយៈ​វិវរណៈ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទីបន្ទាល់​អំពី​ព្រះយេស៊ូវ គឺជា​វិញ្ញាណ​នៃ​ការព្យាករណ៍ ( វិវរណៈ 19:10 ) ។ ការព្យាករណ៍​មួយ​អាច​ជាប់​ទាក់ទង​ទៅនឹង​អតីតកាល បច្ចុប្បន្នកាល ឬ អនាគត ។ នៅពេល​មនុស្ស​ម្នាក់​ព្យាករ កាត់​និយាយ ឬ សរសេរ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​គាត់​ដឹង សម្រាប់​ការណ៍​ល្អ​ផ្ទាល់ខ្លួន ឬ ការណ៍​ល្អសម្រាប់​អ្នក​ដទៃ ។ បុគ្គល​គ្រប់គ្នា​អាច​ទទួល​បាន​ការព្យាករណ៍ ឬ វិវរណៈ​សម្រាប់​ជីវិត​ផ្ទាល់​របស់​ពួកគេ » ( ការណែនាំ​ពី​ព្រះគម្ពីរ « ការព្យាករណ៍ , ព្យាករ » scriptures.lds.org ) ។

សូម​ជួយ​សិស្ស​ឲ្យ​ដឹង​ថា ការយល់​របស់​ពួកគេ​អំពី​ពាក្យ​ពេចន៍​របស់​អេសាយ​នឹង​កើនឡើង​នៅពេល​ពួកគេ (1) ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង (2) មាន​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង បំណង​ប្រាថ្នា​មួយ​ចង់​រៀន​អំពី​ទ្រង់ ។ នៅពេល​ពួកគេ​យល់​ពី​ពាក្យ​ពេចន៍​របស់​អេសាយ​តាម​របៀប​នេះ សូមស្វែងរក​របៀប​ដែល​ការព្យាករណ៍​របស់​គាត់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​ជានិច្ច នោះ​ពួកគេ​អាច​យល់​ពី​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​ពួកគេ​ដឹង សម្រាប់​ការណ៍​ល្អ​ផ្ទាល់​របស់​ពួកគេ ឬ សម្រាប់​ការណ៍​ល្អ​របស់​អ្នកដទៃ ។

សូម​បង្ហាញ​ថា នីហ្វៃ​បាន​ចែកចាយ​គំនិត​ផ្សេង​ទៀត​ដែល​អាច​ជួយ​ជា​ជំនួយដល់យល់​ដឹង​របស់​យើង​អំពី​ពាក្យ​ពេចន៍​របស់​អេសាយ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 25:1 ដោយ​ស្ងាត់ៗ ដោយ​ស្វែងរក​ពី​ហេតុផល​ដែល​ប្រជាជន​ជាច្រើន​របស់​នីហ្វៃ​ពិបាក​យល់​ពី​ការព្យាករណ៍​របស់​អេសាយ ។

  • តើ​អ្នក​រកឃើញ​អ្វី ? ( ពួកគេ​មិន​បាន​ដឹង « ទាក់ទង​របៀប​នៃ​ការព្យាករណ៍​ក្នុង​ចំណោម​ប្រជាជន​យូដា » នោះ​ទេ 

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​អាន​ពី​ពាក្យ​ពេចន៍​របស់​អេសាយ តើ​អ្វី​ខ្លះ​ជា​លក្ខណៈ​នៃ​ការព្យាករណ៍​របស់​សាសន៍​យូដា​ពី​បុរាណ ? ( ចម្លើយ​អាច​រួម​មាន​ថា អេសាយ និង ព្យាការី​ផ្សេង​ទៀត​បាន​ប្រើ​និមិត្ត​សញ្ញា និង ភាសា​កំណាព្យ 

  • នៅពេល​អ្នក​អាន​ពាក្យ​ពេចន៍​របស់​អេសាយ តើ​ហេតុអ្វី​បានជា​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ពី​របៀប​នៃ​ការព្យាករណ៍​នេះ ?

សូម​ពន្យល់​ថា គំនិត​ដ៏​មាន​ប្រយោជន៍​ផ្សេង​ទៀត​ត្រូវ​បាន​រកឃើញ​នៅក្នុង នីហ្វៃទី 2 25:5–6 ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ខគម្ពីរ​ទាំងនេះ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​បទពិសោធន៍​ដែល​នីហ្វៃ​ជួប ដែល​បាន​ជួយ​គាត់​ឲ្យ​យល់​ពី​ពាក្យ​ពេចន៍​របស់​អេសាយ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​បាន​ជួយ​ដល់​នីហ្វៃ​ឲ្យ​រស់នៅ​ក្នុង​ទីក្រុង​យេរូសាឡិម ? ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​អាន​ពី​ពាក្យ​ពេចន៍​របស់​អេសាយ តើ​អ្នក​គិត​ថា​ហេតុអ្វី​បានជា​វា​មាន​ប្រយោជន៍​សម្រាប់​នីហ្វៃ​ដើម្បី​មាន « របៀប​នៃ​ការណ៍​ទាំងឡាយ​របស់​ពួកសាសន៍​យូដា » និង ដើម្បី « ស្គាល់​នូវ​ភូមិភាគ​ជុំវិញ » យេរូសាឡិម ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​ចំណេះដឹង​នៃ​រឿង​ទាំងនេះ ? ( យើង​អាច​សិក្សា​ពី​វប្បធម៌ ប្រវត្តិសាស្ដ និង ភូមិសាស្ដ្រ​នៃ​អ៊ីស្រាអែល​ពី​បុរាណ 

សូម​អាន នីហ្វៃទី 2 25:7–8 ដល់​សិស្ស ។ នៅពេល​អ្នក​អាន សូម​បង្ហាញ​ថា​ការព្យាករណ៍​របស់​អេសាយ​នឹង​ជា​ប្រយោជន៍​ដ៏​ធំ​ដល់​យើង នៅពេល​យើង​ដឹង​ថា​ពួកវា​ត្រូវ​បាន​បំពេញ​ហើយ ។ ដើម្បី​បង្ហាញ​ពី​សេចក្ដី​ពិត​នេះ សូម​សួរ ៖

  • នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ តើ​ការព្យាករណ៍​អ្វី​ខ្លះ​ដែល​យើង​បាន​សិក្សា​ដែល​ត្រូវ​បាន​បំពេញ​រួចរាល់​ហើយ​នោះ ? ( សិស្ស​អាច​ចាំ​ពី​ការព្យាករណ៍​ទាំងឡាយ​អំពី​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក [ សូម​មើល នីហ្វៃទី 2 12:2–3 ] , ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ [ សូម​មើល នីហ្វៃទី 2 19:6 ] និង យ៉ូសែប ស្ម៊ីធ [ សូម​មើល នីហ្វៃទី 2 21:1, 10 ] តើ​ការព្យាករណ៍​ទាំងនេះ​ក្លាយជា​មាន​អត្ថន័យ​ខ្លាំង នៅពេល​អ្នក​ដឹង​ថា​ពួកវា​ត្រូវ​បាន​បំពេញ​ហើយ​នោះ ដោយ​របៀប​ណា ?

ដើម្បី​បញ្ចប់​ផ្នែក​នៃ​មេរៀន​នេះ សូម​បង្ហាញ​ទំនុក​ចិត្ត​របស់​អ្នក​ថា សិស្ស​អាច​ពង្រីក​នូវ​ការយល់​ដឹង​របស់​ពួកគេ​អំពី​ពាក្យ​ពេចន៍​របស់​អេសាយ នៅពេល​ពួកគេ​ស្វែងរក​វិញ្ញាណ​នៃ​ការព្យាករណ៍ ។ សូម​បង្ហាញ​ថា ពួកគេ​អាច​ពង្រីក​ការយល់​ដឹង​របស់​ពួកគេ​តាមរយៈ​ការសិក្សា​មួយ​ពី​របៀប​នៃ​ការព្យាករណ៍​របស់​សាសន៍​យូដា​ពី​បុរាណ និង ពី​វប្បធម៌ ប្រវត្តិសាស្ដ្រ និង ភូមិសាស្ដ្រ​របស់​អ៊ីស្រាអែល​ពី​បុរាណ ។

នីហ្វៃទី 2 25:9–19

នីហ្វៃ​ព្យាករណ៍​អំពី​ការខ្ចាត់ខ្ចាយ និង ការប្រមូល​ផ្ដុំ​នៃ​សាសន៍​យូដា

សូម​សង្ខេប នីហ្វៃទី 2 25:9–19 ដោយ​និយាយ​ថា នីហ្វៃ​បាន​ព្យាករណ៍​អំពី​សាសន៍​យូដា និង ដែនដី​កំណើត​របស់​ពួកគេ​នៅក្នុង​ទីក្រុង​យេរូសាឡិម និង តំបន់​ជុំវិញ ។ គាត់​បាន​និយាយ​ថា សាសន៍​យូដា​ដែល​ត្រូវ​បាន​ចាប់​ជា​ឈ្លើយ​ទៅ​ក្រុង​បាប៊ីឡូន ក្រោយពី​ការបំផ្លាញ​ទីក្រុង​យេរូសាឡិម​ហើយ​នោះ នឹង​ត្រឡប់​ទៅកាន់ « ដែនដី​នៃ​កេរ្ដិ៍​អាករ​របស់​ពួកគេ » ( សូម​មើល នីហ្វៃទី 2 25:9–11 ) ។ ព្រះយេស៊ូវគ្រីស្ទ ព្រះម៊ែស៊ី នឹង​រស់នៅ​ក្នុង​ចំណោម​ពួកគេ ប៉ុន្ដែ​មនុស្ស​ជាច្រើន​បាន​បដិសេធ​ទ្រង់ ហើយ​ឆ្កាង​ទ្រង់ ( សូមមើល នីហ្វៃទី 2 25:12–13 ) ។ ក្រោយពី​ការសុគត និង ការរស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ទីក្រុង​យេរូសាឡិម​នឹង​ត្រូវ​បាន​បំផ្លាញ​ម្ដង​ទៀត ហើយ​សាសន៍​យូដា​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ និង ត្រូវ​បាន​បំបែក​ឲ្យ​ខ្ចាត់​ព្រាត់​ដោយ​ពួកសាសន៍​ដទៃ ( សូម​មើល នីហ្វៃទី 2 25:14–15 ) ។ ទីបញ្ចប់ ពួកគេ​នឹង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ហើយ​ព្រះអម្ចាស់​នឹង​តាំង​ពួកគេ​ឡើងវិញ « ពី​ស្ថានភាព​វង្វេង និង ភាពធ្លាក់ » ( សូម​មើល នីហ្វៃទី 2 25:16–19 ) ។

នីហ្វៃទី 2 25:20–30

នីហ្វៃ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​ឲ្យ​សិស្ស​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប​នឹង​នរណា​ម្នាក់​ដែល​និយាយ​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មិន​បាន​ជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ប្រាប់​ដោយ​សង្ខេប​អំពី​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន នៅពេល​មនុស្ស​ផ្សេង​បាន​ប្រណាំង​ប្រជែង​ពី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​សិស្ស​អាន និង ពិភាក្សា នីហ្វៃទី 2 25:20–30 សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​វគ្គ​នានា​ដែល​ពួកគេ​អាច​ចែកចាយ​នៅក្នុង​ស្ថានភាព​បែបនោះ​បាន ។

សូម​ឲ្យ​សិស្ស​ស្វែងរក « ផ្លូវ​ត្រឹម​ត្រូវ » នៅក្នុង​នីហ្វៃទី 2 25:28–29 ។ ក្រោយពី​ពួកគេ​បាន​រកឃើញ​ថា « ផ្លូវ​ត្រឹមត្រូវ គឺ​ត្រូវ​ជឿ​ទៅលើ​ព្រះគ្រីស្ទ ហើយ​មិន​ត្រូវ​បដិសេធ​ទ្រង់​នោះ » សូម​សរសេរ​នៅលើ​ក្ដារខៀន​ពី​មូលហេតុ​នៃ​ការជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ផ្លូវ​ត្រឹមត្រូវ ។បន្ទាប់​មក សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ស្រាវជ្រាវ នីហ្វៃទី 2 25:20, 23–26 ដោយ​ស្វែងរក​ពី​មូលហេតុ​ដែល​ថា​ការជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ផ្លូវ​ត្រឹមត្រូវ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ក្រោម​ចំណងជើង​ដែល​អ្នក​បាន​សរសេរ ។ ចម្លើយ​អាច​រួម​មាន​ដូច​ខាងក្រោម ៖

សេចក្ដី​សង្គ្រោះ​មក​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​តែ​ប៉ុណ្ណោះ ។

ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ដោយ​ព្រះគុណ ក្រោយពី​អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ។

តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាច​ទទួល​បាន​ការផ្ដាច់​បាប​របស់​យើង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 25:23 និងនីហ្វៃទី 2 10:24ឮៗ ។ សូម​បង្ហាញ​ថា ខគម្ពីរ​ទាំងនេះ​រួម​មាន​ពាក្យ ស្រុះស្រួល ដែល​មាន​ន័យ​ដើម្បី​នាំ​មនុស្ស ឬ វត្ថុ​នានា​មក​ជា​សុខស្រួល ឬ ព្រមព្រៀង​នឹង​គ្នា ។

  • នៅក្នុង​ខគម្ពីរ​ទាំងពីរ​នេះ ព្យាការី​លើក​ទឹកចិត្ត​យើង​ឲ្យ​ស្រុះស្រួល​ខ្លួន​យើង​ទៅនឹង​ព្រះ ។ តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែរ ?

សូម​ពន្យល់​ថា ខគម្ពីរ​ទាំងពីរ​នេះ​ក៏​រួម​មាន​ពាក្យ ព្រះគុណ ។ព្រះគុណ​គឺជា​អំណោយ​មួយ​មក​ពី​ព្រះវរបិតា​សួគ៌​ដែល​បាន​ប្រទាន​តាមរយៈ​ព្រះរាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពាក្យ ព្រះគុណ ដូច​ដែល​បាន​ប្រើ​នៅក្នុង​ព្រះគម្ពីរ សំដៅ​ជា​ចម្បង​ទៅលើ​អំណាច​ដែល​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង និង ការព្យាបាល​ខាង​វិញ្ញាណ​ដែល​បាន​ផ្ដល់​តាមរយៈ​សេចក្ដី​មេត្តាករុណា និង សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​នីហ្វៃទី 2 10:24 និង 25:23 បង្រៀន​អ្វីខ្លះ​អំពី​ទំនាក់ទំនង​រវាង​ព្រះគុណ និង ការខិតខំ​របស់​យើង ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ដោយ​ការសរសេរ​ចម្លើយ​ទៅនឹង​សំណួរ​ខាងក្រោម​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវសរសេរក្នុង​ថ្នាក់​របស់​ពួកគេ ។ អ្នក​អាច​សរសេរ​សំណួរ​នៅលើ​ក្ដារខៀន ។

  • តើ​វា​មាន​ន័យ​ចំពោះ​អ្នក​យ៉ាង​ណា ដើម្បី​បាន​សង្គ្រោះ​ដោយ​ព្រះគុណ​នោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការពោល​អះអាង​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី 2 25:24–25ថា ច្បាប់​បាន​ស្លាប់​ចំពោះ​ប្រជាជន​របស់​គាត់ សូម​ពន្យល់​ថា គាត់​យោង​ទៅលើ​ច្បាប់​ម៉ូសេ ។ ច្បាប់​នោះ ដោយ​មាន​ប្រព័ន្ធ​របស់​វា​នៃ​ការប្រារព្ធ ពិធី​បុណ្យ និមិត្ត​សញ្ញា និង បញ្ញត្តិ ដែល​រួម​មាន​ការធ្វើ​យញ្ញបូជា​សត្វ គឺ​នៅតែ​មាន​អនុវត្ត​អំឡុង​ជំនាន់​របស់​នីហ្វៃ ។ នីហ្វៃ និង អ្នកផ្សេង​បាន​ដឹង​ថា ច្បាប់​នេះ​នឹង​ត្រូវ​បាន​បំពេញ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពី​ដង្វាយធួន សាវក​របស់​ព្រះអង្គ​សង្គ្រោះ​លែង​ត្រូវ​កាន់​តាម​ច្បាប់​ម៉ូសេ​ទៀត​ហើយ ។ ប៉ុន្ដែ​សាសន៍​នីហ្វៃ​ដែល​ស្មោះត្រង់​ជាច្រើន​នៅ​បន្ដ​គោរព​តាម​ច្បាប់​នេះ​នៅពេល​នេះ ទោះជា​ដឹង​ថា​ច្បាប់​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​ត្រូវ​ជំនួស​នៅ​ថ្ងៃ​ណា​មួយ​នោះ​ក៏​ដោយ ។

នៅពេល​នីហ្វៃ​បាន​និយាយ​ថា ច្បាប់​នេះ​បាន​ស្លាប់​ដល់​គាត់ និង អ្នកផ្សេង គាត់​ចង់​មាន​ន័យ​ថា ច្បាប់​នេះ​នឹង​មិន​សង្គ្រោះ​ពួកគេ​នោះ​ទេ ។ ពួកគេ​បាន​រក្សា​ច្បាប់​នេះ ដោយសារ​ពួកគេ​ចង់​ក្លាយជា​មនុស្ស​ដែល​គោរព​តាម ហើយ​ដោយសារ​ពួកគេ​បាន​ដឹង​ថា​ច្បាប់​នេះ​បាន​បង្ហាញ​ពួកគេ​ដល់​ព្រះយេស៊ូវគ្រីស្ទ ដែល​នឹង​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​ពួកគេ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី នីហ្វៃទី 2 25:23–26 អំពី​មូលហេតុ​ដែល​យើង​ត្រូវ​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​នោះ ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី « និយាយ​អំពី​ព្រះគ្រីស្ទ » និង « អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ » ? ( នីហ្វៃទី 2 25:26 ) ។ តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ ?

សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​វគ្គ​ដែល​ពួកគេ​បាន​រក​ឃើញ​ថា នឹង​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​នឹង​ការនិយាយ​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មិន​បាន​ជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ទេ​នោះ ។ សូម​ឲ្យ​ពួកគេ​ប្រាប់​អំពី​មូលហេតុ​ដែល​ពួកគេ​ចូលចិត្ត​វគ្គ​គម្ពីរ​ទាំងនេះ ។

សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅ​ថ្ងៃនេះ ។ អ្នក​ក៏​អាច​ឲ្យ​ឱកាស​ដល់​សិស្ស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងនេះ​ដែរ ។

ចំណេះចំណាន​ខគម្ពីរ— នីហ្វៃទី 2 នីហ្វៃទី 25:23, 26

កំណត់​ចំណាំ ៖ សូម​គិត​ពី​ការប្រើ​គំនិត​ក្នុង​ការបង្រៀន​ដូច​ខាងក្រោម អំឡុងពេល​ផ្នែក​ចុងក្រោយ​បង្អស់​នៃ​មេរៀន​នេះ ។ ប្រសិនបើ​អ្នក​មិន​មាន​ពេល​វេលា​ដើម្បី​ប្រើ​គំនិត​នេះ​នៅក្នុង​មេរៀន​នេះ​ទេ អ្នក​អាច​ប្រើ​វា​នៅក្នុង​មេរៀន​ក្រោយ​ទៀត​ជា​ការរំឭក​បាន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ នីហ្វៃទី 2 25:26 ជា​ខគម្ពីរ​មួយ​នៅក្នុង​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ សូម​សរសេរ​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

និយាយ

អររីករាយ

ផ្សាយ

ព្យាករ

សរសេរ

ដើម្បី​ឲ្យ​កូនចៅ​យើង …

តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ …

ដើម្បី​ឲ្យ​បាន​ផ្ដាច់បាប …

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ពាក្យ​បង្ហាញ​នៅលើ​ក្ដារខៀន​ដើម្បី​ទន្ទេញ នីហ្វៃទី 2 25:26 ។ ក្រោយពី​ការសូត្រ​ខគម្ពីរ​នេះឡើង​វិញ​ពីរ​បីដង​ហើយ សូម​សួរ​បើសិនជា​មាន​នរណា​មួយ​នៅក្នុង​ថ្នាក់​ចង់​សាក​សូត្រ​ខគម្ពីរ​នេះ​ដោយ​ចាំ​មាត់ ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ទាំងអស់​គ្នា​នៅក្នុង​ថ្នាក់​ទន្ទេញ​ខគម្ពីរ​នេះ​រួម​គ្នា ដោយ​មិន​មើល​ទៅ​ក្ដារខៀន ។ ដើម្បី​បញ្ចប់ អ្នក​អាច​ស្នើ​ថា វា​មាន​តម្លៃ​ក្នុង​ការស្ដាប់​ដោយ​ប្រុងប្រយ័ត្ន​នៅពេល​ឪពុកម្ដាយ អ្នកដឹកនាំ និង គ្រូ​បង្រៀន​ទាំងឡាយ​បម្រើ​ដើម្បី​បញ្ចុះបញ្ចូល​យើង​ឲ្យ​សំឡឹង​ទៅ​ព្រះអង្គ​សង្គ្រោះ ។

សូម​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សំបុត្រ​មួយ​ទៅ​កូនៗ​របស់​ពួកគេ​នា​ពេល​អនាគត ដោយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​ជីវិត​របស់​ពួកគេ​ជា​ស្នូល​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សិស្ស​អាច​ចង់​ដាក់​សំបុត្រ​របស់​ពួកគេ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​ទុក​វា​សម្រាប់​អនាគត ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 25:23 ។ គោលលទ្ធិ​នៃ​ព្រះគុណ

« គំនិត​ដ៏​សំខាន់​នៃ​ពាក្យ [ ព្រះគុណ ] គឺជា​អត្ថន័យ​ដ៏​ទេវភាព​នៃ​ជំនួយ ឬកម្លាំង ដែល​បាន​ផ្តល់​ឲ្យ​តាមរយៈ​សេចក្តី​មេត្តា​ករុណា និងសេចក្តី​ស្រឡាញ់​ដ៏​បរិបូរណ៍​របស់​ព្រះយេស៊ូវគ្រីស្ទ ។

« វា​គឺ​តាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ ដែល​បាន​ធ្វើ​ឲ្យ​មាន​ឡើង ដោយ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ដើម្បី​ឲ្យ​មនុស្ស​នឹង​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​អមតភាព នោះ​មនុស្ស​លោក​ទាំងអស់​នឹង​ទទួល​រូបកាយ​របស់​គេ​ចេញ​មក​ពី​ផ្នូរ​នៅក្នុង​ស្ថានភាព​នៃ​ជីវិត​អស់កល្ប​ជានិច្ច ។ ទន្ទឹម​នឹង​នោះ​ដែរតាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់​ថាតាមរយៈ​សេចក្តីជំនឿ​លើ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ពួកគេ បុគ្គល​ទាំងឡាយ​នឹង​ទទួល​បាន​កម្លាំង និងជំនួយ​ដើម្បី​ធ្វើ​កិច្ចការ​ល្អ​ទាំងឡាយ បើ​ពុំ​ដូចនោះ​ទេ​ពួកគេ​មិន​មាន​លទ្ធភាព​ដើម្បី​បន្ត ប្រសិនបើ​ត្រូវ​ទុក​ឲ្យ​ពួកគេ​ធ្វើ​ដោយ​ខ្លួនឯង​នោះ ។ ព្រះគុណ​នេះ គឺជា​អំណាច​មួយ​ដែល​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ដែល​អនុញ្ញាត​ឲ្យ​បុរស និង​ស្ត្រី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច និងការលើក​តម្កើងបន្ទាប់​ពី​ពួកគេ​បាន​ពង្រីក​ការខិតខំ​របស់​ពួកគេ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់ » ។

« រាល់​ព្រលឹង​ទាំងអស់ ត្រូវការ​ព្រះគុណ​ដ៏​ទេវភាព​ដែល​ជា​លទ្ធផល​មក​ពី​ការធ្លាក់​របស់​អ័ដាម និង ក៏​ដោយសារ​តែ​ភាពកម្សោយ និង ការធា្លក់​ក្នុង​ការល្បួង​របស់​មនុស្ស ។ ទោះជា​យ៉ាងណា​ក្ដី ព្រះគុណ​មិន​អាច​គ្រប់ ដោយ​គ្មាន​ការខិតខំ​ទាំងស្រុង​ពី​ផ្នែក​ខាង​អ្នកទទួល​ដែរ ។ ដូច្នេះ​ហើយ ការពន្យល់​គឺ ‹ មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន › (នីហ្វៃទី 2 25:23) ។ វា​ជា​ការពិត​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​កើតឡើង​បាន » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគុណ ») ។

អែលឌើរ អិម រ័សល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន​ថា ៖

« ទីបន្ទាល់​របស់​ខ្ញុំ​ដល់​អ្នក​គឺជា សុវត្ថិភាព សេចក្ដី​សុខសាន្ដ សេចក្ដី​អំណរ និង សន្ដិសុខ ដែល​យើង​ស្វែងរក នឹង​ត្រូវ​រកឃើញ​តែ​នៅក្នុង​ការទទួល​យក និង ការជឿ​ដោយ​ស្មោះត្រង់​នៅក្នុង​ជីវិត និង បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ ។ នៅពេល​យើង​ឱបក្រសោប​ការបង្រៀន​របស់​ទ្រង់ យើង​នឹង​លះបង់​ចោល​នូវ​រាល់​អំពើបាប​របស់​យើង​ទាំងអស់ យើង​ប្រែចិត្ត ហើយ​យើង​នឹង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​អំណាច​របស់​យើង​ដើម្បី​មក​រក​ទ្រង់​នៅក្នុង​វិញ្ញាណ​ដ៏​ពិត​មួយ​នៃ​ភាព​ជា​កូនសិស្ស ដោយ​ដឹង​យ៉ាង​ល្អ​ឥតខ្ចោះ​ថា វា​គឺ​តាមរយៈ​ព្រះគុណ​របស់​ទ្រង់​ទើប​យើង​អាច​បាន​សង្គ្រោះ គឺ​បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ។ ហើយ​នៅពេល​យើង​ប្រគល​ខ្លួន​យើង​ទៅដល់​ព្រះគ្រីស្ទ ដោយ​ពេញលេញ និង ទាំងស្រុង នោះ​យើង​នឹង​រកឃើញ​សុវត្ថិភាព សេចក្ដី​សុខសាន្ដ សេចក្ដី​អំណរ និង សន្ដិសុខ​នៅក្នុង​ទ្រង់ » ( នៅក្នុង « Latter-day Counsel » Ensign ខែ មិថុនា ឆ្នាំ 2001 ឆ្នាំ 74 ) ។

នីហ្វៃទី 2 25:26 ។ « យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ »

ប្រធាន គរដុន ប៊ី. ហ៊ិងគ្លី បាន​កត់​ចំណាំ​ថា ចំណេះដឹង​ដែល​ទទួល​បាន​តាមរយៈ​ការស្ដារ​ឡើងវិញ វា​អនុញ្ញាត​ឲ្យ​យើង​ពិត​ជា​អររីករាយ​នៅក្នុង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​មែន ។

« ក្នុង​នាម​ជា​សាសនាចក្រ យើង​មាន​អ្នករិះគន់​ជាច្រើន មាន​ពួកគេ​ជាច្រើន ។ ពួកគេ​និយាយ​ថា យើង​មិន​បាន​ជឿ​លើ​ព្រះគ្រីស្ទ​ប្រពៃណី​នៃ​ពួកគ្រីស្ទាន​នោះ​ទេ ។ មាន​ធាតុ​ខ្លះ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​និយាយ​នោះ ។ សេចក្ដី​ជំនឿ​របស់​យើង ចំណេះដឹង​របស់​យើង​គឺ​មិនមែន​ផ្អែក​លើ​ប្រពៃណី​ពី​បុរាណ​នោះ​ទេ គោលលទ្ធិ​ទាំងឡាយ​ដែល​បាន​មក​ពី​ការយល់​ដែល​មាន​កម្រិត​មួយ និង ចេញ​ពី​ការពិភាក្សា​ដែល​ស្ទើរតែ​ជា​និរន្ដរ៍​របស់​មនុស្ស​កំពុង​ព្យាយាម​មក​ដល់​និយមន័យ​មួយ​នៃ​ព្រះគ្រីស្ទ​ដែល​រស់ឡើង​វិញ ។ សេចក្ដី​ជំនឿ​របស់​យើង ចំណេះដឹង​របស់​យើង​ចេញ​មក​ពី​សាក្សី​នៃ​ព្យាការី​ម្នាក់​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ដែល​បាន​ឃើញ​ពី​មុខ​ទ្រង់ ជា​ព្រះ​ដ៏​មហិមា​នៃ​សកលលោក និង ព្រះរាជ​បុត្រា​របស់​ទ្រង់ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ដែល​បាន​រស់ឡើង​វិញ ។ ពួក​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​គាត់ ។ គាត់​បាន​និយាយ​ជាមួយ​នឹង​ពួកទ្រង់ ។ គាត់​បាន​ថ្លែង​ទីបន្ទាល់​ដោយ​បើក​ចំហ ដោយ​គ្មាន​មន្ទិល​អ្វី និង ដោយ​មិន​ខ្មាស់អៀន​អំពី​ការនិមិត្ត​ដ៏​អស្ចារ្យ​នោះឡើយ ។ វា​គឺជា​ការនិមិត្ត​មួយ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ និង នៃ​ព្រះប្រោសលោះ​នៃ​ពិភពលោក ដែល​មាន​សេចក្ដី​រុងរឿង​លើស​ពី​ការយល់​របស់​យើង ប៉ុន្ដែ​ជាក់លាក់ និង គ្មាន​មន្ទិល​សង្ស័យ​នៅក្នុង​ចំណេះដឹង​ដែល​មាន​នោះឡើយ ។ ព្រោះ​តែ​ចំណេះដឹងនោះ​ហើយដែលចាក់​ឫស​ជ្រៅ​ទៅក្នុង​ដី​នៃ​វិវរណៈ​សម័យ​ទំនើប ដែល​តាម​ពាក្យ​របស់​នីហ្វៃ យើងថា‹ និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ ហើយ​យើង​សរសេរ​ស្រប​តាម​ពាក្យ​ព្យាករណ៍​ទាំងឡាយ​របស់​យើង ដើម្បី​ឲ្យ [ យើង និង ] កូនចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណាមួយ​ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប [ របស់​យើង ] › (នីហ្វៃទី 2 25:26) » ( « We Look to Christ »​ Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 90–91 ) ។