បណ្ណាល័យ
មេរៀន​ទី 149 ៖ អេធើរ 12:1–22


មេរៀន​ទី 149

អេធើរ 12:1–22

សេចក្តីផ្ដើម

ក្រោយពី​តំណាល​ពី​ប្រវត្តិសាស្ដ្រ​ជាច្រើន​ឆ្នាំ​របស់​ពួកសាសន៍យ៉ារេឌ​ហើយ លោក​មរ៉ូណៃ​បាន​ណែនាំ​អំពី​ការបម្រើ​របស់​ព្យាការី​អេធើរ ។ បន្ទាប់មក លោក​មរ៉ូណៃ​បាន​បង្អាក់​ដំណើររឿង​ប្រវត្តិសាស្ដ្រ​ដើម្បី​កត់ត្រា​អំពី​ពរជ័យ​ខ្លះៗ​ដែល​មក​ដល់​អស់អ្នកណា​ដែល​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​ក្ដោប​លើ អេធើរ 12:1–22 ខណៈពេល​មេរៀន​ទី 150 ទាក់ទង​នឹង អេធើរ 12:23–41 ។

យោបល់​សម្រាប់​ការបង្រៀន

អេធើរ 12:1–4

លោក​អេធើរ បង្រៀន​អំពី​ការប្រែចិត្ត​ដល់​ពួកសាសន៍​យ៉ារេឌ

សូម​ចាប់ផ្ដើម​ថ្នាក់​រៀន​ដោយ​ការសុំ​ឲ្យ​សិស្ស​ម្នាក់​ឡើង​មក​ខាង​មុខ​ថ្នាក់ ហើយ​គូស​រូប​រលក​ខ្លះ និង​ទូក​មួយ​ដែល​មាន​សុវត្ថិភាព​ដោយ​យុថ្កា​មួយ ។

  • ហេតុអ្វីបានជា​វា​សំខាន់ដែល​ទូក​ត្រូវ​មាន​​យុថ្កា ?

  • តើ​មាន​គ្រោះថ្នាក់ ឬ​ការលំបាក​ណាខ្លះ​ដែល​អាច​នឹង​កើតមាន ប្រសិនបើ​ទូក​គ្មាន​យុថ្កា​ទេ​នោះ ?

  • តើ​រលក​នឹង​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​ទូក ? ( ចម្លើយ​អាច​រួមមាន រលក​នឹង​បណ្ដាល​ឲ្យ​ទូក​នោះ​ផ្លាស់ទី រសាត់​អណ្ដែត ឬ​ក៏​បក់ទៅបក់​មក ) ។

សូម​សរសេរ​លើ​ទូក​នោះ​ដោយពាក្យ​ថា ជីវិត​របស់​អ្នក ។

  • ប្រសិនបើ​ទូក​នោះ​តំណាង​ឲ្យ​ជីវិត​របស់​យើង តើ​រលក​នោះ​អាច​ដូចជា​អ្វី​ទៅ ? ( ចម្លើយ​អាច​រួមមាន សំពាធ​ពីសង្គម ឧបសគ្គ ការបង្រៀន​ខុសឆ្គង ឬ​អំពើទុច្ចរិត ) ។

  • តើ​ជីវិត​របស់​មនុស្ស​ម្នាក់​អាច​ដូចជា​ទូក​ដែល​គ្មាន​យុថ្កា​ដោយ​របៀបណា ? ( អ្នក​អាចណែនាំ​ សិស្ស​គួរ​អាន​នៅក្នុង មរមន 5:17–18 ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឆ្លើយតប​ទៅនឹង​សំណួរ​នេះ ) ។

  • តើ​មាន​រឿង​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បានប្រទាន ដែល​អាច​ធ្វើ​ជា​យុថ្កា​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​របស់​យើង​បាន​នោះ ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ខុសៗ​គ្នា ។ ផ្នែក​ជាច្រើន​នៃ​ដំណឹងល្អ អាច​ប្រៀប​ដូចជា​យុថ្កា ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ឧទាហរ៍ណ​នៃ​យុថ្កា​ខាងវិញ្ញាណ នៅពេល​ពួកគេ​សិក្សា​ក្នុង អេធើរ 12 ។

សូម​ពន្យល់​ថា អេធើរ 12 ចាប់ផ្ដើម​ដោយ​ការណែនាំ​របស់​លោក​មរ៉ូណៃ​អំពី​លោក​អេធើរ ដែល​ជាព្យាការី​របស់​ពួកសាសន៍​យ៉ារេឌ ដែល​បាន​បង្រៀន​ក្នុងពេល​មួយ​ដែល​ប្រជាជន​បាន​បដិសេធ​ព្យាការី និង​បាន​រស់នៅ​ក្នុង​សេចក្ដីទុច្ចរិត ។ សូម​ឲ្យសិស្ស​អាន អេធើរ 12:1–3 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​អ្វីៗ​ដែល​ធ្វើឲ្យ​ពួកគេ​រំភើប​អំពី​សកម្មភាព​របស់​លោក​អេធើរ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 12:4 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើលអ្វី​ដែល​អស់អ្នកទាំងឡាយ​ណា​ដែល​ជឿ​លើ​ព្រះ​អាច « សង្ឃឹម​ដល់ » ទោះបីជា​រស់នៅ​ក្នុង​ភាពលំបាក និង​សេចក្ដីទុច្ចរិត​ក្ដី ។ នៅពេល​សិស្ស​ឆ្លើយ អ្នក​អាចលើក​ឡើង​ « ពិភព​ដ៏​ល្អប្រសើរ​មួយ » ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ​គឺជា « កន្លែងមួយ​ដែល​នៅ​ខាងស្ដាំ​ព្រះហស្ដ​នៃ​ព្រះ » ។

  • តើ​វា​មាន​ន័យ​យ៉ាងណា ដែល​មាន​កន្លែងមួយ​នៅ​ខាងស្ដាំ​ព្រះហស្ដ​នៃ​ព្រះ ? ( ការត្រឡប់​ទៅកាន់​វត្តមាន​របស់​ទ្រង់​វិញ និង​ទទួល​បាន​ជីវិតដ៏នៅអស់កល្បជានិច្ច ) ។

  • តើ​អ្នក​គិត​ថា ការមាន​សង្ឃឹម « ដោយ​ភាពពិតប្រាកដ » ខុសគ្នា​ពី​ការគ្រាន់តែ​ចង់​បាន​អ្វីមួយ​ដោយ​របៀបណា ? ( នៅក្នុង​ព្រះគម្ពីរ សេចក្ដីសង្ឃឹម​សំដៅ​ទៅលើ​ការមាន​ទំនុកចិត្ត​ថា យើង​អាច​ទទួល​បាន​ពរជ័យ​ដែល​ព្រះ​ទ្រង់​សន្យា​នឹង​យើង ប្រសិនបើយើង​កាន់តាម​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​នឹង​ទ្រង់ ) ។

  • យោងតាម អេធើរ 12:4 តើ​យើង​ទទួល​បាន​សេចក្ដីសង្ឃឹម​នៃ​ការទទួល​បាន​កន្លែង​មួយ​នៅ​ខាងស្ដាំ​ព្រះហស្ដ​នៃ​ព្រះ​ដោយ​របៀបណា ? ( នៅពេល​សិស្ស​ឆ្លើយ សូម​ពន្យល់​ថា សេចក្ដីជំនឿ​ដែល​បាន​លើកឡើង​នៅក្នុង អេធើរ 12:4 សំដៅ​ទៅលើ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ) ។ តើ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​​ឲ្យយើង​សង្ឃឹម « ដោយ​ភាពពិតប្រាកដ » ថា​នឹង​បាន​កន្លែង​មួយ​នៅ​ខាងស្ដាំ​ព្រះហស្ដ​នៃ​ព្រះ​ដោយ​របៀបណា ?

នៅលើ​ក្ដារខៀន សូម​សរសេរ​លើ​រូប​យុថ្កា​ដោយ​ពាក្យ សេចក្ដីជំនឿ និង​សេចក្ដីសង្ឃឹម ។

  • យោងតាម អេធើរ 12:4 តើ​នឹង​មាន​អ្វី​កើតឡើង នៅពេល​នរណាម្នាក់​មាន​សេចក្ដីសង្ឃឹម និង​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ? ( ទោះបីជា​សិស្ស​អាច​ឆ្លើយ​ដោយ​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​បង្ហាញ​នូវ​គោលការណ៍​ខាងក្រោម​នេះ ៖ នៅពេល​យើង​មាន​សេចក្ដីសង្ឃឹម និង​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ខ្ជាប់ខ្ជួន ហើយ​យើង​នឹង​ចងភ្ជាប់​ទៅនឹង​កិច្ចការ​ល្អ ) ។

  • តើ​អ្នក​គិត​ថា « ចងភ្ជាប់ » នៅក្នុង​កិច្ចការ​ល្អ​មាន​ន័យយ៉ាងណា ? ( ការធ្វើ​រឿង​ល្អៗ​ជាច្រើន ) ។

  • តើ​កិច្ចការ​ល្អ​អ្វីខ្លះ​ដែល « តម្កើង​សិរីល្អ​ដល់​ព្រះ » ? ( ចម្លើយ​អាច​រួមមាន ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការបម្រើ​អ្នកដទៃ និង​ការអភិវឌ្ឍ​ទេពកោសល្យ ) ។

  • សូម​គិត​ពី​មនុស្ស​ដែល​អ្នក​ស្គាល់ ដែល​តែងតែ​មើល​ទៅ​ចងភ្ជាប់​ទៅនឹង​កិច្ចការ​ល្អ ហើយ​មិន​ខ្មាស់អៀន​ក្នុង​ការ​តម្កើង​សិរីល្អ​ដល់​ព្រះ ។ តើ​មាន​រឿង​ជាក់លាក់​អ្វីខ្លះ​ដែល​ពួកគេ​បាន​ធ្វើ ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​គំរូ​ដ៏​ល្អ​មួយ​ក្នុង​ការឆ្លុះបញ្ចាំង​ពី​គោលការណ៍​នេះ ?

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​ពេល​ដែល​វា​ជា​ការពិបាក​សម្រាប់​ពួកគេ ដើម្បី​បន្ដ​ខ្ជាប់ខ្ជួន និង​ចងភ្ជាប់​នៅក្នុង​កិច្ចការ​ល្អ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​សម្រាប់​ស្ថានភាព​ដែល​ស្រដៀង​គ្នា​ពេញ​មួយ​ឆាកជីវិត​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​របៀប​ដែល​ពួកគេ​អាច​បង្កើន​សេចក្ដីជំនឿ និង​សេចក្ដីសង្ឃឹម​របស់​ពួកគេ នៅពេល​ពួកគេ​បន្ដ​ការសិក្សា​នៅក្នុង អេធើរ 12 ។

អេធើរ 12:5–22

លោក​មរ៉ូណៃ​រៀបរាប់​ពី​អព្ភូតហេតុ និង​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​បាន​កើតឡើង​ដោយ​សេចក្ដីជំនឿ

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ ខ្ញុំ​ចង់​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​ថា …

សូម​ឲ្យ​សិស្ស​ផ្ដល់​យោបល់​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​នានា គោលការណ៍​ទាំងឡាយ ឬ​ក៏​គោលលទ្ធិ​ផ្សេងៗ​ដែល​មនុស្ស​អាច​រកឃើញ​នូវ​សាក្សី​ខាង​វិញ្ញាណ ។ នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្តារខៀន ។ ( ចម្លើយ​អាច​រួមមាន​សាក្សីមួយ​ថា ព្រះគម្ពីរ​មរមន​គឺពិត ; ការរស់នៅ​ក្នុង​ជីវិត​មួយ​ដោយ​មាន​ភាពស្អាតស្អំ និង​ពោរពេញ​ដោយ​គុណធម៌​គឺ​មាន​សារសំខាន់ ; ពាក្យគតិបណ្ឌិត​គឺជា​ច្បាប់​របស់​ព្រះ​មួយ ; ខ្ញុំ​គួរតែ​រៀបចំ​ដើម្បី​ទៅ​បម្រើ​បេសសកម្ម ) ។ សូម​ឲ្យ​សិស្ស​គិត​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​មួយ ដែល​ពួកគេ​ចង់​ទទួល​បាន​នូវ​សាក្សី​ខាងវិញ្ញាណ ឬ​ក៏​មាន​ទីបន្ទាល់​កាន់តែ​រឹងមាំ​ឡើង ។

សូម​ពន្យល់​ថា មនុស្ស​ខ្លះ​មាន​នូវ​ឥរិយាបថ​ដូចខាងក្រោម​នេះ ៖ « ខ្ញុំ​នឹង​មិន​ជឿ ឬ​មិន​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ​នោះ​ទេ រហូតដល់​ខ្ញុំ​បាន​ឃើញ​ភស្ដុតាង​ដែល​បញ្ជាក់​ថា វា​គឺជា​ការពិត​សិន » ។ សូម​ឲ្យ​សិស្ស​អាន អេធើរ 12:5–6 ដោយ​ស្ងាត់ស្ងៀម ​ដោយ​រកមើល​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​ទាក់ទង​ទៅនឹង​ឥរិយាបថ​បែបនេះ ។ សូម​បង្ហាញ​ថា អេធើរ 12:6 នេះ​គឺជា​វគ្គ​ព្រះគម្ពីរ​ចំណេះចំណាន ។ អ្នក​អាច​ណែនាំ សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​នឹង​រកឃើញ​វា ។

  • យោងតាម អេធើរ 12:6 តើ​មាន​អ្វី​ត្រូវតែ​កើតឡើង មុនពេល​យើង​អាច​ទទួល​បាន​សក្ខីភាព​មួយ​នោះ ?

  • តើ​គំនិត​អ្វីខ្លះ ដែល​អ្នក​មាន នៅពេល​អ្នក​គិត​អំពី​ឃ្លា « ការសាកល្បង​នៃ​សេចក្ដីជំនឿ » ?

ក្រោយពី​សិស្ស​ឆ្លើយ​ហើយ អ្នក​អាច​ចង់​ពន្យល់​ថា មនុស្ស​ខ្លះ​បកប្រែ​ន័យ​នៃ « ការសាកល្បង​នៃ​សេចក្ដីជំនឿ » ខុសឆ្គង​ថា​ជា​ការសំដៅ​ទៅរក​ភាពលំបាក​លំបិន​ទៅវិញ ។ ឃ្លា « ការសាកល្បង​នៃ​សេចក្ដីជំនឿ » អាច​ពិពណ៌នា​ថា​ជា​អ្វីៗ​ដែល​ផ្ដល់​ឱកាស​មួយ​ដល់​យើង ដើម្បី​បង្ហាញ ឬ​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖ មុនពេល​សិស្ស​អាន​សេចក្ដីថ្លែងការណ៍​នេះ សូម​ឲ្យ​សិស្ស​ស្ដាប់​​ការពន្យល់​របស់​អែលឌើរ ស្កត អំពី​អត្ថន័យ​នៃ​ឃ្លា « ការសាកល្បង​នៃ​សេចក្ដីជំនឿ » ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« អ្នក​អាច​រៀន​ដើម្បី​ប្រើ​សេចក្ដី​ជំនឿ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាងនេះ​ទៅទៀត ដោយ​ការអនុវត្ត​គោលការណ៍​ដែល​បាន​បង្រៀន​ដោយ​លោក​មរ៉ូណៃ​នេះ ៖ ‹ … ត្បិត​អ្នករាល់​គ្នា​ពុំទ​ទួល​សាក្សី​ឡើយ លុះ​ដល់​ក្រោយពី​ការសាកល្បង​នៃ​សេចក្ដីជំនឿ​របស់​អ្នកសិន › [ អេធើរ 12:6; អក្សរ​ទ្រេត​ត្រូវបាន​បន្ថែម ] ។ ហេតុដូច្នេះហើយ រាល់ពេល​ដែល​អ្នក សាកល្បង​សេចក្ដីជំនឿ​របស់​អ្នក នោះ​គឺ​ថា អ្នកត្រូវ​ធ្វើសកម្មភាព​ដោយ​ភាពសក្ដិសម​ចំពោះ​ការរំភើប​មួយ ដែល​អ្នក​នឹង​ទទួល​បាន​ភស្ដុតាង​បញ្ជាក់​អំពី​ព្រះវិញ្ញាណ ។ អារម្មណ៍​ទាំងនោះ​នឹង​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​អ្នក ។ នៅពេល​អ្នក​ធ្វើ​តាម​គំរូ​នោះ​ម្ដងហើយ​ម្ដង​ទៀត សេចក្ដីជំនឿ​របស់​អ្នក​នឹង​កាន់តែ​រឹងមាំ​ជាងនេះ​ទៅ​ទៀត » ( « The Sustaining Power of Faith in Times of Uncertainty and Testing »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2003, ទំព័រ 76 ) ។

  • តើ​ដំណើរការ​ដែល​បាន​រៀបរាប់​ដោយ​អែលឌើរ ស្កត ខុសពី​ឥរិយាបថ​របស់​អស់អ្នកទាំងឡាយ​ណា​ដែល​ចង់​បាន​ភស្ដុតាង​មុន​ពេល​ពួកគេ​នឹង​ជឿ ឬ​ធ្វើសកម្មភាព​ដោយ​របៀបណា ?

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ អេធើរ 12:7–12; អេធើរ 12:13–18; អេធើរ 12:19–22, 30–31 ។ សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​បី​ក្រុម ហើយ​ចាត់តាំង​ឲ្យ​ក្រុម​នីមួយៗ​អាន​នូវ​វគ្គ​ព្រះគម្ពីរ​មួយ ។ សូម​ឲ្យ​សិស្ស​រកមើល​នូវ​ពរជ័យ​ដែល​បាន​មក​ពី​លទ្ធផល​នៃ​សេចក្ដីជំនឿ​របស់​មនុស្ស​ដែល​បាន​រៀបរាប់​នៅក្នុង​វគ្គ​គម្ពីរ​នីមួយៗ ។ សូម​អញ្ជើញ​ឲ្យ​ពួកគេ​កត់ចំណាំ​នូវ​ការប្រើ​ឃ្លា « លុះត្រា​ក្រោយពី​ពួកគេ​មាន​សេចក្ដីជំនឿ » ឬ « លុះត្រា​ក្រោយពី​សេចក្ដីជំនឿ​របស់​ពួកគេសិន » នៅក្នុង ខគម្ពីរ​ទី 7, 12, 17, 18, និង 31 ។ ( អ្នក​អាច​ណែនាំ​ សិស្ស​គួរ​គូសចំណាំ​ឃ្លា​ទាំងនេះ​រាល់ពេល​ដែល​គេ​អាន​ប៉ះ ) ។

ក្រោយពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បានរ​កឃើញ​ហើយ សូម​ឲ្យ​ពួកគេ​សង្ខេបនូវ​អ្វី​ដែល​ព្រះអម្ចាស់​ប្រទាន ក្រោយពី​យើង​បង្ហាញ​ពី​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរ​បង្ហាញ​នូវ​សេចក្ដីពិត​ស្រដៀង​នឹង​ឃ្លា​ដូច​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ចង់​បាន​សាក្សី​ខាងវិញ្ញាណ នោះ​យើង​ត្រូវតែ​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ជាមុន​សិន ។ សូម​ពន្យល់​ថា គឺ​ដូចជា​សាក្សី​ខាងវិញ្ញាណ​ភាគច្រើន​ដែរ អព្ភូតហេតុ​នឹង​មិន​កើតមាន​ឡើង​នោះទេ រហូតដល់​ក្រោយពី​យើងបាន​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង​សិន ។

សូម​បង្ហាញ​ស្ថានភាព​ដូចខាងក្រោម​ដល់​សិស្ស ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែល​បុគ្គល​ម្នាក់​នៅក្នុង​ស្ថានភាព​នីមួយៗ​អាច​នឹង​បង្ហាញ​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ។

  1. យុវនារី​ម្នាក់​ចង់​ទទួល​បាន​សាក្សី​មួយ​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរមរមន ។

  2. យុវជន​ម្នាក់​មាន​បំណង​ដ៏​មុតស្រួច​មួយដើម្បី​ជួយ​មនុស្ស​ជាទីស្រឡាញ់​របស់​គេ​ឲ្យ​ទទួល​យក​ដំណឹងល្អ ។

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​មួយ​សន្ទុះ នៅពេល​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្គាល់​បាន​ទទួល​នូវ​សាក្សី​ខាងវិញ្ញាណ ឬ​ក៏​អព្ភូតហេតុ​ណាមួយ ក្រោយពី​បាន​បង្ហាញ​នូវ​សេចក្តីជំនឿ​ទៅលើ​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​ចែករំលែក​ពី​បទពិសោធន៍​ដែល​ពួកគេ​បាន​គិត​ដល់ ។ ( សូម​ប្រាកដ​ថា សិស្ស​យល់​ថា ពួកគេ​មិន​គួរ​មាន​អារម្មណ៍​ថា​ត្រូវតែ​ចែករំលែក​អំពី​បទពិសោធន៍​ដែល​ផ្ទាល់ខ្លួន ឬ​ឯកជន​ពេក​នោះទេ ) ។ អ្នក​ក៏​អាច​ចែករំលែក​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែរ ។

សូម​ឲ្យ​សិស្ស​គិត​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​មួយ ដែល​ពួកគេ​ចង់​ទទួល​បាន​នូវ​សាក្សី​ខាងវិញ្ញាណ ។ សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​អ្វីមួយ ដែល​ពួកគេ​អាច​នឹង​ធ្វើ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​ឲ្យ​កាន់តែ​ខ្លាំង​នៅលើ​ព្រះអម្ចាស់ ។

ចំណេះចំណានខគម្ពីរ —អេធើរ 12:6

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ អេធើរ 12:6 សូម​ឲ្យ​សិស្ស​ម្នាក់ៗ​សរសេរ​ខគម្ពីរ​នេះ​នៅលើ​ក្រដាស​មួយ​សន្លឹក ដោយ​ទុក​ចន្លោះ​សម្រាប់​ពាក្យ ឬ​ឃ្លា​គន្លឹះ ហើយ​បំពេញ​កន្លែង​ចន្លោះ​នោះ​នៅក្នុង​កន្លែង​របស់​ពួកគេ ។ នៅពេល​ពួកគេ​ធ្វើ​រួចហើយ សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​នាទី​ដើម្បី​ព្យាយាម​ទន្ទេញ​ខគម្ពីរ​នេះ​ឲ្យ​ចាំ ដោយ​បំពេញ​ចន្លោះ​នៅលើ​ក្រដាស​របស់​ពួកគេ​ក្នុងខួរ​ក្បាល ។

សូម​ឲ្យ​សិស្ស​ផ្លាស់ប្ដូរ​ក្រដាស​ជាមួយ​នរណាម្នាក់​ដែល​នៅ​ជិត​នឹង​ពួកគេ ។ សិស្សម្នាក់ៗ​គួរតែ​អាន​ក្រដាស​ថ្មី​របស់​គេ​ឮៗ ដោយ​ព្យាយាម​បំពេញ​ក្នុង​ចន្លោះ​នោះ​ចេញពី​ការចងចាំ​របស់​គេ ។ បើ​សិន​ជា​មាន​ពេល សូម​ឲ្យ​សិស្ស​ធ្វើ​សកម្មភាព​នេះ​ម្ដងទៀត ដោយ​ការផ្លាស់ប្ដូរ​ក្រដាស​នោះ​ម្ដងទៀត ។

សូម​ឲ្យ​សិស្ស​យក​ក្រដាស​របស់​ពួកគេ​ទៅផ្ទះ ហើយ​ប្រើ​វា​ដើម្បី​ទន្ទេញ អេធើរ 12:6 ដល់​ឪពុកម្ដាយ​របស់​គេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សួរ​ទៅ​​ឪពុកម្ដាយ​របស់​គេ ក្នុង​កាល​ឪពុក​ម្តាយ​របស់​ពួក​គេ​បាន​បង្ហាញ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​បាន​ទទួល​នូវ​សាក្សី ឬ​អព្ភូតហេតុ​មួយ​ដែល​ពួកគេ​បាន​ស្វែងរក ។

សូម​បញ្ចប់​ដោយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អេធើរ 12:4–6 ។ តើ​សេចក្ដីសង្ឃឹម​គឺជាអ្វី ?

នៅក្នុង អេធើរ 12 ការបង្រៀន​របស់​លោក​មរ៉ូណៃ​អំពី​គោលការណ៍​នៃ​សេចក្ដីសង្ឃឹម និង​សេចក្ដីជំនឿ បង្ហាញ​ថា​សេចក្ដី​ទាំងពីរ​នេះ​ត្រូវ​ទាក់ទង​គ្នា​យ៉ាងស្អិត​រមួត ។ លោក​បាន​ឲ្យ​និយមន័យ​អំពី​សេចក្ដីជំនឿ​ថា​ជា « អ្វី​ដែល​សង្ឃឹម​ចង់​បាន ហើយ​មើល​មិន​ឃើញ » (អេធើរ 12:6) និង​បាន​បង្រៀន​ថា សេចក្ដីសង្ឃឹម​របស់យើង​សម្រាប់​សេចក្ដីសង្គ្រោះ « មកពី​សេចក្ដីជំនឿ » នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ( អេធើរ 12:4) ។ កូនសៀវភៅ ពិត​ចំពោះ​សេចក្ដីជំនឿ បង្រៀន​អំពី​សេចក្ដីសង្ឃឹម​ដូចខាងក្រោម​នេះ ៖

« នៅពេល​យើង​មាន​សេចក្ដីសង្ឃឹម នោះ​យើង​ទុកចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ ។ យើង​មាន​នូវការធានា​ដ៏​ពិត​មួយ​ថា ប្រសិនបើ​យើង​ធ្វើ ‹ កិច្ចការ​ទាំងឡាយ​ដោយ​សេចក្តី​សុចរិត › នោះ​យើង ‹ នឹង​ទទួល​បាន​រង្វាន់ [ របស់​យើង ] គឺ​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោកនាយ › (គ. និង ស. 59:23) ។… គោលការណ៍​នៃ​សេចក្ដីសង្ឃឹម​នេះ​បាន​ទៅ​ដល់​ភាព​ដ៏​អស់កល្ប​ជានិច្ច ប៉ុន្ដែ​វា​ក៏​អាច​ទ្រទ្រង់​អ្នក​ឲ្យ​ឆ្លងកាត់​នឹង​ឧបសគ្គ​ប្រចាំថ្ងៃ​ក្នុង​ជីវិត​បាន​ដែរ » (ពិត​ចំពោះ​សេចក្ដីជំនឿ ៖ សេចក្ដីយោង​នៃ​ដំណឹងល្អ [2004] 85–86) ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​ផ្ដល់​និយមន័យ​នៃ​ពាក្យ​សេចក្ដីសង្ឃឹម​ដូច​ខាងក្រោមនេះ ៖

« សេចក្ដីសង្ឃឹម​គឺជា​អំណោយ​ខាង​វិញ្ញាណ ។ [ សូមមើល មរ៉ូណៃ 8:26] ។ វា​គឺជា​សេចក្ដីសង្ឃឹម​មួយ​ដែល​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះចេស្តា​នៃ​ការរស់ឡើងវិញ​របស់​ទ្រង់ នោះ​យើង​នឹង​ត្រូវបាន​ក្រោកឡើង​ទៅរក​ជីវិត​ដ៏​នៅ​អស់កល្ប ហើយ​ការណ៍​នេះ​គឺ​ដោយសារ​តែ​សេចក្ដីជំនឿ​របស់​យើងទៅលើ​ព្រះអង្គសង្គ្រោះ ។ [ សូមមើល មរ៉ូណៃ 7:41] ។ សេចក្ដីសង្ឃឹម​ប្រភេទនេះ​គឺជា​គោលការណ៍​នៃ​សេចក្ដីសន្យា​មួយ​ផង ហើយ​ក៏​ជា​ព្រះបញ្ញត្តិ​មួយ​ដែរ [ សូមមើល កូល៉ុស 1:21–23] ហើយ​ដូច​ដែល​មាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ផង យើង​មាន​ការទទួលខុសត្រូវ​ដើម្បី​ធ្វើ​ឲ្យ​វា​សកម្ម​នៅក្នុង​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង ហើយ​យកឈ្នះ​លើ​ការល្បួង​ដែល​ធ្វើ​ឲ្យ​បាត់បង់​សេចក្ដីសង្ឃឹម ។ សេចក្ដីសង្ឃឹម​ទៅលើ​ផែនការ​នៃ​សុភមង្គល​ដ៏​មាន​មេត្តាករុណា​របស់​ព្រះវរបិតា​សួគ៌ ដឹកនាំ​ទៅរក​សេចក្ដីសុខសាន្ដ [ សូមមើល រ៉ូម 15:13], សេចក្ដីមេត្តាករុណា [ សូមមើល ទំនុកតម្កើង 33:22], សេចក្ដីអំណរ [ សូមមើល រ៉ូម 12:12] និង​សេចក្ដី​រីករាយ ។ [ សូមមើល សុភាសិត 10:28] ។ សេចក្ដីសង្ឃឹម​នៃ​សេចក្តីសង្គ្រោះ​គឺ​ដូចជា​មួក​សឹក​មួយ​ដូច្នោះដែរ [ សូមមើល ថែសាឡូនីចទី 1 5:8] វា​គឺជា​គ្រឹះ​មួយ​នៃ​សេចក្ដីជំនឿ​របស់​យើង [ សូមមើល ហេព្រើរ 11:1; មរ៉ូណៃ 7:40] និង​ជា​យុថ្កា​មួយ​ដល់​ព្រលឹង​របស់​យើង ។ [ សូមមើល ហេព្រើរ 6:19; អេធើរ 12:4] » ។ ( « The Infinite Power of Hope » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 21–22 ) ។

អេធើរ 12:6 ។ « ការសាកល្បង​នៃ​សេចក្ដីជំនឿ​របស់​អ្នក »

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ដំណាល​រឿង​មួយ​ដែល​បង្ហាញ​ពី​គោលការណ៍​នៃ​ការទទួល​បាន​នូវ​សាក្សី​មួយ ក្រោយ​ពី​មាន​ការសាកល្បង​នៃ​សេចក្ដីជំនឿ​របស់​យើង ៖

« ខ្ញុំ​សូម​ចែកចាយ​ដល់​អ្នក​នូវ​រឿង​មួយ​អំពី​ស្ដ្រី​ម្នាក់​នៅក្នុង​ទីក្រុង សៅ ប៉ូឡូ ប្រទេស​ប្រេស៊ីល ។ នាង​បាន​ធ្វើការ ខណៈពេល​ដែល​កំពុង​ទៅរៀន​ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​នាង ។ ខ្ញុំ​សូម​ប្រើ​ពាក្យពេចន៍​ផ្ទាល់​របស់​នាង​ក្នុង​ការប្រាប់​រឿង​នេះ ។ នាង​ថ្លែងថា ៖

« សាកលវិទ្យាល័យ​ដែល​ខ្ញុំ​បាន​សិក្សា​នោះ មាន​ច្បាប់​មួយ​ដែល​ហាមឃាត់​សិស្ស​ដែល​មិន​ទាន់​បង់​លុយ​ឲ្យ​ធ្វើ​ការប្រឡង​នោះ​ឡើយ ។ ដោយសារ​មូលហេតុ​នេះ​ហើយ នៅពេល​ខ្ញុំបើក​ប្រាក់ខែ​របស់​ខ្ញុំ ខ្ញុំ​បាន​បែងចែក​លុយ​សម្រាប់​ការបង់​ដង្វាយមួយភាគក្នុងដប់មុនគេ និង​ដង្វាយ​តមអាហារ ហើយ​លុយ​ដែល​នៅសល់​ត្រូវ​រក្សា​សម្រាប់​ការបង់​សាលា និង​ការចំណាយ​ផ្សេងៗ​ទៀត ។

« ‹ ខ្ញុំ​បាន​ចាំ​ពីពេល​មួយ នៅពេល​ដែល​ខ្ញុំ … មាន​បញ្ហា​លំបាក​ខ្លាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​មួយ នៅ​ពេល​ដែល​ខ្ញុំ​បាន​បើក​ប្រាក់​ខែ​របស់​ខ្ញុំ ។ នៅពេល​ដែលខ្ញុំ​ចាត់ចែង​ថវិកា​ប្រចាំ​ខែ​របស់​ខ្ញុំ នោះ​ខ្ញុំ​ចាប់​អារម្មណ៍​ថា គ្មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​បង់ [ ទាំង ] ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ថ្លៃ​សាកល​វិទ្យាល័យ​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​តែ​ជ្រើស​រើស​រវាង​តម្រូវការ​ទាំងពីរ​នោះ ។ ការ​ប្រឡង​រៀង​រាល់​ពីរ​ខែ​ម្តង នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​បន្ទាប់ ហើយ​បើសិន​ខ្ញុំ​មិន​បាន​ប្រឡង​ទេ នោះ​ខ្ញុំ​នឹងធ្លាក់ក្នុងឆ្នាំនោះ ។ ខ្ញុំ​មាន​អារម្មណ៍​ច្របូក​ច្របល់​យ៉ាង​ខ្លាំង ។… ដួង​ចិត្ត​របស់​ខ្ញុំ​ឈឺ​ចាប់ » ។ ខ្ញុំ​មាន​ការសម្រេច​ចិត្ត​ដ៏​ពិបាក​ក្រៃលែង​នៅចំពោះ​មុខ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ​ទេ ។ ខ្ញុំ​បាន​សញ្ជឹងគិត រវាង​ជម្រើស​ទាំងពីរ​នេះ ៖ ត្រូវ​បង់​ដង្វាយមួយភាគក្នុងដប់ ឬ​ក៏​ត្រូវ​ប្រថុយ​មិន​បាន​ទទួលបាន​ពិន្ទុដែល​ត្រូវ​ផ្តល់​ឲ្យ​នៅ​ក្នុង​សាលា ។

« ‹ អារម្មណ៍​នេះ​បាន​ទាក់យក​ព្រលឹង​របស់​ខ្ញុំ ហើយ​បាន​នៅបន្ដ​អន្ទោល​តាមប្រាណ​រហូតដល់​ថ្ងៃសៅរ៍ ។ បន្ទាប់មក ខ្ញុំ​បាន​ចងចាំ​ថា នៅពេល​ខ្ញុំ​បាន​ជ្រមុជទឹក ខ្ញុំ​បាន​យល់ព្រម​ដើម្បី​រស់នៅ​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ខ្ញុំ​បាន​លើកដាក់​មក​លើ​ខ្លួន​ខ្ញុំ​នូវ​កាតព្វកិច្ច​នេះ មិន​មែនជាមួយ​នឹង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នោះទេ ប៉ុន្ដែ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។ នៅពេល​នោះ ការឈឺចាប់​បាន​ចាប់ផ្ដើម​វិនាស​បាត់​ទៅ ដោយ​បន្សល់​ទុក​នូវ​អារម្មណ៍​ដ៏​រីករាយ​នៃ​ភាពស្ងប់ស្ងាត់ និង​ការប្ដេជ្ញាចិត្ត ។…

« ‹ នា​យប់​នោះ នៅពេល​ខ្ញុំ​បាន​អធិស្ឋាន ខ្ញុំ​បាន​ទូល​សុំ​ព្រះអម្ចាស់​ឲ្យ​អភ័យទោស​ឲ្យ​ខ្ញុំ​ចំពោះ​ការសម្រេចចិត្ត​របស់​ខ្ញុំ ។ នៅ​ថ្ងៃអាទិត្យ មុនពេល​ចាប់ផ្ដើម​ការប្រជុំសាក្រាម៉ង់ ខ្ញុំ​បាន​ទាក់ទង់​ជាមួយ​នឹង​ប៊ីស្សព ហើយ​ដោយ​មាន​សេចក្ដីអំណរ​ដ៏​ខ្លាំង ខ្ញុំ​បាន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​តម​អាហារ​របស់​ខ្ញុំ ។ នោះ​គឺជា​ថ្ងៃដ៏​ពិសេស​មួយ ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ និង​សុខសាន្ដ​នៅក្នុង​ខ្លួន​ខ្ញុំ និង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។

« ‹ នៅ​ថ្ងៃស្អែក ពេល​ខ្ញុំ​មក​ដល់​ការិយាល័យ​របស់​ខ្ញុំ ខ្ញុំ​បាន​ព្យាយាម​រក​វិធី​សាស្រ្ត​ដើម្បី​ខ្ញុំ​អាច​ប្រឡងបាន ដែល​វា​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃពុធ ។ កាលណា​ខ្ញុំ​គិត​កាន់តែ​ច្រើន នោះ​ខ្ញុំ​កាន់តែ​មាន​ដំណោះស្រាយ​កាន់តែ​ច្រើន​ដែរ ។…

« ‹ ជិត​ដល់​ម៉ោង​ចេញ​ពី​ធ្វើ​ការ​ទៅ​ហើយ ស្រាប់​តែ​ថៅកែ​របស់​ខ្ញុំ​បាន​ដើរ​សំដៅ​មក​កាន់​ខ្ញុំ ហើយ​បាន​ប្រគល់​ការ​បញ្ជា​ទិញ​ចុង​ក្រោយ​ឲ្យ​ខ្ញុំ​ធ្វើ​នៅ​ថ្ងៃ​នោះ ។ នៅពេល​លោក​បាន​ធ្វើ​រួចហើយ ដោយ​មាន​កាតាប​នៅក្នុង​ដៃ លោក​ក៏​បាន​លា​ចេញទៅ ។… ភ្លាមនោះ លោក​បាន​ឈប់ ហើយ​មើល​មក​ខ្ញុំ ដោយ​សួរ​ថា « តើ​សាលា​របស់​ប្អូន​យ៉ាងដូចម្ដេច​ទៅហើយ » ? ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ហើយ​ខ្ញុំ​សឹងតែ​មិន​ជឿ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ឮ ។ អ្វី​ដែល​ខ្ញុំ​អាច​ឆ្លើយ​បាន​ដោយ​សំឡេង​ញ័រ​នោះ​គឺ « អ្វីៗ​ដំណើរការ​ល្អ​ទេ ! » លោក​បាន​មើល​មក​ខ្ញុំ​ដោយម៉ឺងម៉ាត់ ហើយ​ក៏​លា​ចេញទៅ​ម្ដងទៀត ។…

« ‹ ភ្លាម​នោះ លេខាធិការ​បាន​ចូល​មកក្នុង​បន្ទប់ ដោយ​និយាយ​ថា ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​ដែល​មាន​សំណាង​ខ្លាំង​ណាស់ ! នៅពេល​ខ្ញុំ​បាន​សួរគាត់​ថា ហេតុអ្វី? នាង​បាន​ឆ្លើយ​ដោយ​ថា ៖ « លោក​នាយក​បាន​មាន​ប្រសាសន៍​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ ក្រុម​ហ៊ុន​នឹង​បង់​លុយ​សម្រាប់​ការ​សិក្សា និង​សៀវ​ភៅ​របស់​ឯង​ពេញ​តែ​ម្តង ។ មុន​ពេល​អ្នក​ចេញ​ពី​ធ្វើ​ការ សូម​ទៅ​តុ​របស់​ខ្ញុំ ហើយ​សូម​ប្រាប់​ខ្ញុំ​ពី​តម្លៃ​សាលា ដូច្នេះ​ថ្ងៃ​ស្អែក​ខ្ញុំ​អាច​ចេញ​ជា​មូលទាន​ប័ត្រ​ឲ្យ​អ្នក » ។

« ‹ ក្រោយពីគាត់​បាន​ចាកចេញ​ទៅ ខ្ញុំ​បាន​លុតជង្គង់​ចុះ​នៅ​នឹង​កន្លែង​ដែល​ខ្ញុំ​ធ្វើការ ហើយ​ថ្លែង​អំណរគុណ​ដល់​ព្រះអម្ចាស់​ចំពោះ​សេចក្ដីសប្បុរស​របស់​ទ្រង់ ដោយ​ទាំង​ទឹកភ្នែក និង​មាន​អារម្មណ៍​រាបទាប​បំផុត ។ ខ្ញុំ … បាន​និយាយ​ទៅកាន់​ព្រះវរបិតាសួគ៌​ថា ទ្រង់​មិន​ចាំបាច់​ប្រទានពរ​ដល់​ខ្ញុំ​ច្រើន​ពេក​នោះ​ទេ ។ ខ្ញុំ​គ្រាន់តែ​ត្រូវការ​ការប្រាក់​ខែ​បង់​រំលោះ​មួយ​ខែប៉ុណ្ណោះ ហើយ​ដង្វាយមួយភាគក្នុងដប់​ដែល​ខ្ញុំ​បាន​បង់​នៅ​ថ្ងៃអាទិត្យ​នោះ​គឺ​តិចតួច​ណាស់​បើ​ប្រៀបទៅ​នឹង​ចំនួន​ប្រាក់​ដែល​ខ្ញុំ​បាន​ទទួលនេះ ! អំឡុងពេល​នៃ​ការអធិស្ឋាន​នោះ ពាក្យសម្ដី​ដែល​បាន​កត់ត្រា​នៅក្នុង​គម្ពីរ​ម៉ាឡាគី​បាន​អណ្ដែត​ចូលមក​ក្នុង​គំនិត​របស់​ខ្ញុំ ៖ « ហើយ​ល្បង​ល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » (ម៉ាឡាគី 3:10) ។ មក​ដល់​ពេល​នោះ ខ្ញុំ​មិន​ដែល​ធ្លាប់​មាន​អារម្មណ៍​ថា ទំហំ​នៃ​ការសន្យា​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​នោះ ហើយ​ថា ព្រះបញ្ញតិ្ត​នេះ​គឺ​ពិតជា​សាក្សីមួយ​នៃ​សេចក្ដីស្រឡាញ់​ដែល​ព្រះ ជា​ព្រះវរបិតាសួគ៌​របស់​យើង នឹង​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់​នៅ​លើផែនដី​នេះ › » ( « We Walk by Faith » Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 73–74 ) ។

អេធើរ 12:6 ។ « ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​សិន »

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន ៖

« ការធ្វើ​ជា​មនុស្ស យើង​ត្រូវ​បណ្ដេញ​ការឈឺចាប់ និង​ទុក្ខព្រួយ​ខាង​រាងកាយ និង​ខាង​សតិអារម្មណ៍​ក្នុង​ជីវិត​របស់​យើង​ចេញ ហើយ​ធានា​ខ្លួន​យើង​អំពីសេចក្តី​សុខសាន្ដ​ដ៏​និរន្ដរ៍ និង​ការលួងលោម ប៉ុន្ដែ​ប្រសិនបើ​យើង​នៅ​ក្បែរ​នឹង​ទ្វារ​នៃ​ទុក្ខសោក និង​ការក្រៀមក្រំ នោះ​យើង​អាច​ផ្ដាច់ខ្លួន​យើង​ចេញពី​មិត្តភក្ដិ និង​ឧបការី​ដ៏​អស្ចារ្យ​របស់​យើង​បាន ។ ការឈឺចាប់​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាពបរិសុទ្ធ នៅពេល​ពួកគេ​រៀន​អំពី​ការអត់ធ្មត់ ការតស៊ូ និង​ការគ្រប់គ្រង​លើ​ខ្លួនឯង » (Teachings of Presidents of the Church: Spencer W. Kimball [2006] 15 ) ។