បណ្ណាល័យ
មេរៀនទី 141 ៖ មរមន 8:12–41


មេរៀន​ទី 141

មរមន 8:12–41

សេចក្តីផ្ដើម

ក្រោយពី​បាន​សរសេរ​អំពី​សេចក្តីបំផ្លិចបំផ្លាញ​នៃ​ប្រជាជន និង​ការស្លាប់​នៃ​ឪពុក​របស់​លោក​ហើយ មរ៉ូណៃ​បាន​ព្យាករណ៍​អំពី​ការលេចចេញ​មក​នៃ​ព្រះគម្ពីរមរមន និង​បាន​ព្រមាន​ពី​លទ្ធផល​នៃ​ការបដិសេធ​គម្ពីរ​នេះ ។ លោក​មរ៉ូណៃ​បាន​ឃើញ​ថា កំណត់ត្រា​សាសន៍​នីហ្វៃ​នឹង​ចេញមក​នៅក្នុង​ថ្ងៃមួយ​ក្នុង​គ្រា​អំពើទុច្ចរិត​ដ៏​ខ្លាំងក្លា នៅពេល​មនុស្ស​ជាច្រើន​នឹង​ស្រឡាញ់​ទ្រព្យសម្បត្តិ​លោកិយ​ច្រើន​ជាង​ព្រះ ។ លោក​បាន​ថ្លែងទីបន្ទាល់​ថា ព្រះគម្ពីរមរមន​នឹង​ជា​របស់​ដ៏​មាន​តម្លៃ​បំផុត​មួយ​នៅក្នុង​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ ដែល​នឹង​មាន​នៅ​ថ្ងៃចុងក្រោយ ។

យោបល់​សម្រាប់​ការបង្រៀន

មរមន 8:12–32

លោក​ព្យាករណ៍​អំពី​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន

មុនពេល​បង្រៀន សូម​រៀបចំ​បង្ហាញ​នូវ​របស់ ឬ​រូបភាព​ដែល​តំណាង​ឲ្យ​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា ។ នៅ​ពេល​ចាប់ផ្ដើម​បង្រៀន សូម​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅ​មើល​រូបភាព​នោះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ខ្ញុំ​ចង់​និយាយ​អំពី​អំណោយទាន​ដ៏​មាន​សំខាន់​បំផុត​មួយ​ដែល​ត្រូបាន​ប្រទាន​ដល់​ពិភព​លោក​នេះ​នា​សម័យ​ទំនើប ។ អំណោយ​ទាន​ដែល​ខ្ញុំ​កំពុង​គិត គឺ​សំខាន់​ជាង​អ្វីៗ​ដែល​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​បាន​បង្កើត​ឡើង​ទៅ​ទៀត ។​វាគឺ​ជា​អំណោយទាន​មួយ​ដ៏​មាន​តម្លៃ​បំផុត ចំពោះ​មនុស្ស​ច្រើន​ជាង​អ្វី​ដែល​យើង​ឃើញ​នៅ​ក្នុង​ការ​លូតលាស់​នៃ​ឱសថ​ក្នុង​សម័យ​ទំនើប ។អំណោយ​ទាន​នេះ មាន​តម្លៃ​សក្តិសម​ចំពោះ​មនុស្ស ជាង​ការ​អភិវឌ្ឍន៍​នៃ​ការ​ហោះហើរ ឬ​ការ​ធ្វើ​ដំណើរ​លើ​អាកាស​ទៅ​ទៀត ។​ខ្ញុំ​និយាយ​អំពី​អំណោយទាន​នៃ … » ( « The Book of Mormon—Keystone of Our Religion » Ensign, ខែ វិច្ឆិកា ឆ្នាំ 1986, ទំព័រ 4 ) ។

  • តើ​អ្នក​ចង់​បាន​នូវ​អំណោយទាន​ដែល​ប្រធាន ប៊ែនសឹន បាន​មាន​ប្រសាសន៍​ដែរ​ឬ​ទេ ? ហេតុអ្វី ?

  • តើ​អ្នក​គិត​ថា អំណោយទាន​នោះ​អាច​ជា​អ្វី ?

សូម​ពន្យល់​ថា លោក​មរ៉ូណៃ​បាន​បង្រៀន​អំពី​អំណោយ​ទាន​នេះ ។ សូម​ឲ្យ​សិស្ស​អាន មរមន 8:12 ដើម្បី​រកមើលថា​តើ​អំណោយទាន​នោះ​ជា​អ្វី ។ ​សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា​ឃ្លា « បញ្ជី​នេះ » សំដៅ​ទៅលើ​ព្រះគម្ពីរ​មរមន ។ សូម​ពន្យល់​ថា ប្រធាន ប៊ែនសឹន បាន​មាន​ប្រសាសន៍​អំពី​អំណោយទាន​នៃ​ព្រះគម្ពីរ​មរមន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន សូមឲ្យ​ពួកគេ​អាន មរមន 8:13–16 ដោយ​ស្ងាត់ៗ ។ មុនពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​រកមើលអ្វី​ដែល​លោក​មរ៉ូណៃ​បាន​បង្រៀន​អំពី​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន ។ បន្ទាប់មក សូម​សួរ​នូវ​សំណួរ​ខាងក្រោម​នេះ​ខ្លះ ឬ​ទាំងអស់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ពិភាក្សា ហើយ​វិភាគ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ៖

  • មនុស្ស​ខ្លះ​អាច​គិត​អំពី​តម្លៃ​នៃ​រូបិយ​វត្ថុ​ដ៏​មាន​តម្លៃ​នៃ​ផ្ទាំង​មាស​នេះ ។ យោងតាម មរមន 8:14 តើ​ផ្នែក​ណាមួយ​នៃ​ផ្ទាំងចំណារ​ដែល​ពិត​ជា « មាន​តម្លៃ » នោះ ? ​( សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ដោយសារ​ព្រះអម្ចាស់​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់ « ស្វែងរក​កម្រៃ » ពី​ផ្ទាំងមាស​ទាំងនេះ នោះ​ផ្ទាំង​ទាំងនេះ « ពុំ​មាន​តម្លៃ​អ្វី​ឡើយ » ។ ទោះជាយ៉ាងក្ដី បញ្ជី​ដែល​ត្រូវបាន​សរសេរ​នៅ​លើ​ផ្ទាំង​នេះ « មាន​តម្លៃ » ) ។

  • លោក​មរ៉ូណៃ​បាន​មាន​ប្រសាសន៍​ថា ព្រះគម្ពីរមរមន​មិន​ត្រឹមតែ​អាច​នាំ​ចេញ​មក​ដោយ​មនុស្ស​ម្នាក់​ដែល​ « មាន​ភ្នែក​ស្មោះស្ម័គ្រ​ទាំងស្រុង​ចំពោះ​សិរីល្អ [ របស់​ព្រះ ] » ប៉ុណ្ណោះទេ ( មរមន 8:15 ) ។ តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច ? ( នៅពេល​សិស្ស​ពិភាក្សា​ពី​សំណួរ​នេះ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​អាន យ៉ូសែប ស៊្មីធ—ប្រវត្តិ 1:46 ដែល​រួមមាន​នូវ​ការណែនាំ​ចុងក្រោយ​របស់​លោក​មរ៉ូណៃ​ដល់​យ៉ូសែប ស្ម៊ីធ មុនពេល​លោក​បាន​នាំ​ព្រះគម្ពីរមរមន​ចេញ​មក ) ។ 

  • នៅក្នុង មរមន 8:16 តើ​ការរៀបរាប់​របស់​លោក​មរ៉ូណៃ​ពី​ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ជួយ​ពន្យល់​ពី​តម្លៃ​ដ៏​មហិមា​នៃ​ព្រះ​គម្ពីរ​នេះ​ដូចម្ដេច​ខ្លះ ?

ដូច​ដែល​បាន​កត់ត្រា​នៅក្នុង មរមន 8:17–21 លោក​មរ៉ូណៃ​បាន​ព្រមាន​អ្នក​ដែល​នឹង​ដាក់ទោស ឬ​ប្រឆាំង​នឹង​ព្រះគម្ពីរ​មរមន​នេះ ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ ហើយ​រកមើល​ការព្រមាន​របស់​មរ៉ូណៃ ។

  • តើ​អ្វី​ទៅ​ជា​ការព្រមាន​របស់​មរ៉ូណៃ​ដល់​អស់អ្នកណា​ដែល​បដិសេធ ឬ​ថ្កោលទោស​ដល់​ព្រះគម្ពីរមរមន ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​រៀន​ពី មរមន 8:22 នេះ ? តើ​ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​នៅ​ក្នុង​ជំនាន់​ចុងក្រោយ​នេះ ជួយ​បំពេញ​ដល់​គោលបំណង​ដ៏​អស់កល្ប​របស់​ព្រះអម្ចាស់​បាន​ដោយ​របៀបណា ?

សូម​ពន្យល់​ថា មរមន 8:23–25 រួមមាន​ប្រសាសន៍​របស់​មរ៉ូណៃ​អំពី​ការអធិស្ឋាន​របស់​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់ ដែល​បាន​រស់នៅ​ពី​មុន​ជំនាន់​របស់​លោក ។ លោក​បាន​មាន​ប្រសាសន៍​ថា ពួកគេ​បាន​អំពាវនាវ​ដល់​​ព្រះអម្ចាស់ « ចេញ​ពី​ធូលីដី​មក » ។ សូម​ឲ្យ​សិស្ស​អាន​វគ្គ​នេះ​ដោយ​ស្ងៀម​ស្ងាត់ ដោយរកមើល​អ្វី​ដែល​ពួកបរិសុទ្ធ​នៅក្នុង​ដែនដី​អាមេរិក​ពី​បុរាណ​បាន​អធិស្ឋាន​សុំ ដែល​ទាក់ទង​ទៅនឹង​ព្រះគម្ពីរ​មរមន ។

  • តើ​ពួកបរិសុទ្ធ​សម័យ​បុរាណ​បាន​អធិស្ឋាន​សុំ​អ្វីខ្លះ ? ( ពួកគេ​បាន​អធិស្ឋាន​សម្រាប់​បងប្អូន​របស់​គេ —មាន​ន័យ​ថា ពួកសាសន៍​លេមិន និង​កូនចៅ​របស់​គេ— និង​ដល់​មនុស្ស​ដែល​នឹង​នាំ​ព្រះគម្ពីរ​មរមន​ចេញមក— មាន​ន័យ​ថា ព្យាការី យ៉ូសែប ស៊្មីធ )។

សូម​ពន្យល់​ថា លោក​មរ៉ូណៃ​បាន​រៀបរាប់​ពី​ស្ថានភាព​ដែល​នឹង​កើតមាន នៅពេល​ព្រះគម្ពីរ​មរមន​នឹង​លេច​ចេញ​មក ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា​ខ្លួន​គេ​ស្ថិត​នៅ​ក្នុង​សម័យ​របស់​មរ៉ូណៃ ដោយ​បាន​រស់នៅ​កាល​ពី​ជាង 1,600 ឆ្នាំ​កន្លង​ទៅ ហើយ​ទទួល​បាន​ការនិមិត្ត​មួយ​ពី​ជំនាន់​របស់​យើង ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​សរសេរ ឬ ក្នុង​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួក​គេ​មួយ​កថាខណ្ឌ ដោយ​រៀបរាប់​ពី​ស្ថានភាព​ខាង​វិញ្ញាណ​នៃ​ជំនាន់​របស់​យើង ។ នៅពេល​សិស្ស​បាន​មាន​ពេល​សរសេរ​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​បី​បួន​នាក់ ចែកចាយ អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន មរមន 8:26– 32 ដោយ​ស្ងាត់ៗ ហើយ​ប្រៀបធៀប​កថាខណ្ឌ​របស់​គេ​ទៅ​នឹង​ការរៀបរាប់​នៃ​ការព្យាករណ៍​របស់​មរ៉ូណៃ​ពី​ជំនាន់​របស់​យើង ។ សូមបំបែក​សិស្ស​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ចែកចាយ​ភាពស្រដៀងគ្នា​ពីរ​បី និង​ភាព​ខុសគ្នា​រវាង​ការៀបរាប់​របស់​គេ និង​របស់​មរ៉ូណៃ ។

  • តើ​អ្នក​គិត​ថា ការរៀបរាប់​របស់​លោក​មរ៉ូណៃ​អំពី​ជំនាន់​របស់​យើង​ត្រឹមត្រូវ​ដែរ​ឬ​ទេ ?

សូម​សរសេរ​សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ការព្យាករណ៍​របស់​លោក​មរ៉ូណៃ​នៅ​លើ​ក្ដារខៀន​ថា ៖ ព្រះគម្ពីរ​មរមន​នឹង​ចេញមក​ដោយ​ព្រះចេស្ដា​នៃ​ព្រះ អំឡុងពេល​ថ្ងៃ​ដ៏​ទុច្ចរិត​ដ៏​ធំ​មួយ ។ ប្រសិនបើ​អ្នក​បាន​បង្ហាញ​របស់ ឬ​រូបភាព​ណាមួយ​ដែល​តំណាង​ឲ្យ​ការបង្កើត​ផ្នែក​បច្ចេកវិទ្យា ឬ​វេជ្ជសាស្ដ្រ សូម​ពិចារណា​ពី​ការដាក់​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​នៅ​ក្បែរ​របស់​នោះ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​សញ្ជឹងគិត និង​ថ្លែងទីបន្ទាល់​អំពី​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ព្រះគម្ពីរ​មរមន​អាច​ជួយ​យើង​ឲ្យ​តទល់​នឹង​អំពើទុច្ចរិត​នៅក្នុង​ជំនាន់​របស់​យើង​ដោយ​របៀបណា ?

  • តើ​ព្រះគម្ពីរមរមន​មាន​តម្លៃ​ជាង​ការបង្កើត​ថ្មី​នៃ​បច្ចេកវិទ្យា ឬ​វេជ្ជសាស្ដ្រ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ព្រះគម្ពីរមរមន​គឺជា « អំណោយទាន​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត​ចំពោះ​ពិភពលោក​នៅក្នុង​សម័យ​ទំនើប​នេះ » ដូចដែល​ប្រធាន ប៊ែនសឹន បាន​មាន​ប្រសាសន៍ ?

  • ប្រសិនបើ​មាន​មិត្តភក្តិ​សួរ​អ្នក​ថា ហេតុអ្វី​បានជា​ព្រះគម្ពីរ​មរមន​មាន​តម្លៃ​ចំពោះ​អ្នក តើ​អ្នក​នឹង​និយាយ​ដូចម្ដេច ?

មរមន 8:33–41

លោក​មរ៉ូណៃ​មើល​ឃើញ​ពី​ជំនាន់​ចុងក្រោយ ហើយ​ដាក់ទោស​ដល់​អំពើទុច្ចរិត​ខាង​វិញ្ញាណ​នៃ​ជំនាន់​របស់​យើង

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ​មរមន 8:35 ឮៗ ។ មុនពេល​គេ​អាន សូម​បង្ហាញ​ថា នៅក្នុង​ខគម្ពីរ​នេះ លោក​មរ៉ូណៃ​កំពុង​មាន​ប្រសាសន៍​ដោយ​ចំៗ​មក​យើង ។

  • តើ​ខគម្ពីរ​នេះ​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​អាន​ព្រះគម្ពីរមរមន​យ៉ាង​ដូចម្ដេច ?

នៅពេល​សិស្ស​បាន​ពិភាក្សា​ពី​សំណួរ​នេះ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែល​លោក​បាន​មាន​ប្រសាសន៍​អំពី​ពួកព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន ៖

« បើសិន​ជា​ពួក​លោក​បាន​មើល​ឃើញ​សម័យ​របស់​យើង ហើយ​បាន​ជ្រើសរើស​ការណ៍​ទាំង​នោះ​ដែល​អាច​មាន​តម្លៃ​អស្ចារ្យ​បំផុត​ដល់​យើង តើ​នោះ​មិន​មែន​ជា​របៀប​ដែល​យើង​គួរ​តែ​សិក្សា​ព្រះ​គម្ពីរ​មរមន​ដែរ​ឬ​ទេ​ឬ​អី ?យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ជា​ញឹកញាប់​ថា ‹ ហេតុអ្វី​បាន​ជា​ព្រះ​អម្ចាស់​បំផុស​គំនិត​មរមន ( ឬ​មរ៉ូណៃ ឬ អាលម៉ា ) ឲ្យ​កត់ត្រា​បញ្ចូល​ការណ៍​នោះ​ក្នុង​បញ្ជី​របស់​លោក ?តើ​មេរៀន​អ្វី​ដែល​ខ្ញុំ​អាច​រៀន​ចេញ​ពី​នោះ ដើម្បី​ជួយ​ខ្ញុំ​រស់​នៅ​ក្នុង​សម័យកាល​នេះ និង​ក្នុង​ស្ថាន​ភាព​នេះ​បាន › » ?( « ព្រះ​គម្ពីរ​មរមន— ជា​មូលដា្ឋនគ្រឹះ​នៃ​សាសនា​របស់​យើង » 6 ) ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការណែនាំ​នេះ នៅពេល​ពួកគេ​សិក្សា​ពី​ប្រសាសន៍​របស់​លោក​មរ៉ូណៃ មរមន 8 ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេលវេលា​ដែល​ពួក​គេ​បាន​ឃើញ​នរណាម្នាក់មាន​សេចក្តី​​ត្រូវការ— ផ្នែក​រាងកាយ អារម្មណ៍ សង្គម ឬ​ផ្នែកវិញ្ញាណ ។ សូម​ឲ្យ​ពួកគេ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​ជួយ​ដល់​បុគ្គល​នោះ —ឬ​ប្រសិនបើ​ពួកគេ​មិន​ផ្ដល់​ជំនួយ​ទេ តើ​ពួកគេ​អាច​ធ្វើ​អ្វី​បាន ។ សូម​ជួយ​ពួកគេ​ឲ្យ​សញ្ជឹងគិត​ពី​មូលហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស​ជួយ ឬ​មិន​ជួយ​ផងដែរ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី មរមន 8:33–41 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​មូលហេតុ​ដែល​មនុស្ស​ខ្លះ​នៅក្នុង​ជំនាន់​ចុងក្រោយ​មិន​ជួយ​ដល់​អ្នក​ដែល​មាន​សេចក្តី​ត្រូវការ ។

  • តើ​ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​នៅក្នុង​ថ្ងៃចុងក្រោយ​មិន​ជួយ​អ្នកដែល​ត្រូវការ​ជំនួយ ? ( ចម្លើយ​អាច​រួមមាន​ភាពឆ្មើងឆ្មៃ អំពើទុច្ចរិត ការស្រឡាញ់​លុយ និង​សម្លៀកបំពាក់​ល្អៗ​ជាង​ពួកគេ​ស្រឡាញ់​អ្នកដែល​ត្រូវការ​ជំនួយ ហើយប្រាថ្នា​ចង់​បាន​ការកោតសរសើរ​ពី​លោកិយ ) ។

  • នៅក្នុង មរមន 8:38 លោក​មរមន​ប្រើ​ពាក្យកខ្វក់ ។ តើ​ឥទ្ធិពល​អ្វី​ខ្លះ​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​ដែល​អាច​ត្រូវបាន​ចាត់ទុកថា​ជា​ការកខ្វក់ ? ( ចម្លើយ​អាច​រួមមាន ភាពឆ្មើងឆ្មៃ រូបអាសគ្រាម និង​ការស្រឡាញ់​លុយ ) ។

សូម​ឲ្យ​សិស្ស​សរសេរ​ប្រយោគ​មួយ​ដែល​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី មរមន 8:36–41 អំពី​ការទទួលខុសត្រូវ​ដើម្បី​យកចិត្ត​ទុកដាក់​ដល់​ជនក្រីក្រ និង​អ្នកដែល​ទីទាល់ ។ សូម​ឲ្យ​សិស្ស​ពីរ ឬ​បី​នាក់​អាន​ប្រយោគ​របស់​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះ​នឹង​ប្រទាន​ឲ្យ​យើង​នូវ​ការទទួល​ខុសត្រូវ​ចំពោះ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ជនក្រីក្រ និង​អ្នក​ដែល​ទីទាល់ ។

  • តើ​អ្នកគិត​ថា អ្វីខ្លះ​ជា​តម្រូវការ​ទូទៅ​បំផុត​នៅក្នុង​សាលា ឬ​សហគមន៍​របស់​អ្នក ? តើ​យុវវ័យ​នៃ​សាសនាចក្រ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​មើលថែ​មនុស្ស​ដែល​មាន​តម្រូវការ​ទាំងនេះ ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ពួកគេ​មិន​ត្រូវបាន​រំពឹង​ថា​ឲ្យ​ផ្ដល់​ប្រាក់ និង​ពេល​វេលា​ចំពោះ​បុព្វហេតុ​ដ៏​មាន​តម្លៃ​គ្រប់យ៉ាង ឬ​ចំពោះ​បុគ្គល​គ្រប់​រូប​ដែល​សុំ​ជំនួយ​នោះ​ទេ ។ នៅក្នុង​គ្រួសារ​របស់​ពួកគេ និង​នៅក្នុង​សាសនាចក្រ យុវវ័យ​ទទួល​បាន​ឱកាស​ជាច្រើន​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ទីទាល់ ។ លើសពី​នេះ​ទៅទៀត ពួកគេ​អាច​ធ្វើតាម​ការដឹកនាំ​នៃ​ព្រះវិញ្ញាណ​ដើម្បី​ជួយ​ដោយ​ខ្លួន​ឯង ) ។

  • តើ​អ្នក​គិតថា យុវវ័យ​នៅ​ក្នុង​សាសនាចក្រ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​មើលថែ​ជនក្រីក្រ ? ( ប្រសិនបើ​សិស្ស​មិន​លើកឡើង​ពី​ដង្វាយតមអាហារ​ទេ អ្នក​អាច​បញ្ជាក់​ពី​ការបង់​ដង្វាយតមអាហារ​ដោយ​ការអាន​វគ្គ​នៅ​ក្រោម « សប្តាហ៍​តមអាហារ » នៅក្នុង ពិត​ចំពោះ​សេចក្ដីជំនឿ ៖ សេចក្ដីយោង​ដំណឹងល្អ​មួយ [ ឆ្នាំ 2004 ] ទំព័រ 16–17 ) ។

បន្ទាប់ពី​ការពិភាក្សា​នេះ សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​សរសេរ ឬ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​អំពី​រឿង​មួយ ឬ​ពីរ​ដែល​ពួកគេ​អាច​ធ្វើ​បាន​ក្នុង​ការមើលថែ​ជនក្រីក្រ និង​អ្នក​ដែល​ទីទាល់ ។ ពួកគេ​អាច​សរសេរ​នូវ​យោបល់ ដែល​ពួកគេ​បាន​ឮ​អំឡុងពេល​រៀន ឬ​ពី​គំនិត​របស់​គេ​ផ្ទាល់ ។ សូម​ឲ្យ​ពួកគេ​សរសេរ​គោលដៅ​មួយ​ដើម្បី​ធ្វើ​រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំង​នេះ​នៅ​សប្ដាហ៍​ក្រោយ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បំពេញ​តាម​គោលដៅ​របស់​ខ្លួន ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរមន 8:14–18 « អ្នកទទួល​បាន​ពរ​ចំពោះ​អ្នក​ដែល​នាំ​បញ្ជី​នោះ​មក​ឯ​ពន្លឺ »

មរ៉ូណៃ​បាន​ព្យាករណ៍​អំពី​ព្យាការី យ៉ូសែប ស៊្មីធ ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​នាំយក​ព្រះគម្ពីរ​មរមន​ចេញមក​ដល់​ពិភពលោក ( សូមមើល មរមន 8:15–16) ។ ព្យាការី​ពី​បុរាណ​ជាច្រើន​ផ្សេងទៀត​ក៏​បាន​ដឹង​ពី​យ៉ូសែប ស៊្មីធ ហើយ​បាន​អធិស្ឋាន​សម្រាប់​ជោគជ័យ​របស់​លោក​ក្នុង​ការបកប្រែ ហើយ​បោះពុម្ព​ផ្ទាំងមាស ដើម្បី​បាន​បំពេញ​គោលបំណង​របស់​ព្រះ ( សូមមើល មរមន 8:23–25; គ. និង ស. 10:46) ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី​តួនាទី​របស់ យ៉ូសែប ស៊្មីធ ក្នុង​ការនាំ​យក​ព្រះគម្ពីរ​មរមន​ចេញ​មក ៖

« សេចក្ដីពិត​គឺ​សាមញ្ញ​ថា លោក​គឺជា​ព្យាការី​ម្នាក់​របស់​ព្រះ— គ្មាន​លើសពី​នេះ​ទៀត​ឡើយ ហើយ​ក៏​គ្មាន​អ្វី​តិច​ជាង​នេះ​ដែរ !

« ព្រះគម្ពីរ​មិន​បាន​ចេញមក​ច្រើន​ពី យ៉ូសែប ស៊្មីធ ដូចដែល​វា​បាន​ចេញមក​តាមរយៈ​លោក​ឡើយ ។ លោក​គឺជា​ឧបករណ៍​មួយ​ដែល​វិវរណៈ​ត្រូវបាន​ប្រទាន​មក ។…

« ព្យាការី យ៉ូសែប ស៊្មីធ គឺជា​ក្មេង​អ្នក​ចម្ការ​ដែល​មិន​បាន​រៀន​សូត្រ ។ ដើម្បី​អាន​លិខិត​ដើម​របស់​លោក​ខ្លះ បង្ហាញ​ថា​លោក​មិន​បាន​ល្អ​ឥតខ្ចោះ​ក្នុង​អក្ខរាវិរុទ្ធ និង វេយ្យាករណ៍ ព្រមទាំង​កន្សោមពាក្យ​ផងដែរ ។

« កាល​ដែល​វិវរណៈ​បាន​មក​តាមរយៈ​លោក​នៅក្នុង​ទម្រង់​នានា​នៃ​ការបន្សុទ្ធ​ខាង​អក្សរសាស្ដ្រ​គឺ​គ្មាន​អ្វី​ក្រៅពី​អព្ភូតហេតុ​នោះ​ទេ » ( « We Believe All That God Has Revealed » Ensign, ខែ ឧសភា ឆ្នាំ 1974 ទំព័រ 94 ) ។

មរមន 8:37–38 ។ តើ​ការថែទាំ​ដល់​ជនក្រីក្រ និង​អ្នកទីទាល់​ទាក់ទង​នឹង​សុភមង្គល​ដ៏​អស់កល្ប​ដោយ​របៀបណា ?

ប៊ីស្សព អេក ដេវីឌ ប៊ើរតុន ក្នុង​ប៊ីស្សព​ជា​អធិបតី​បាន​ថ្លែង​ទីបន្ទាល់ អំពី​លទ្ធផល​ដ៏​អស់កល្ប​នៃ​ការថែទាំ​ដល់​ជនក្រីក្រ និង អ្នក​ទីទ័ល​ថា ៖

« គោលបំណង សេចក្ដីសន្យា និង​គោលការណ៍​នានា​ដែល​សង្កត់ធ្ងន់​លើ​កិច្ចការ​របស់​យើង​ក្នុង​ការថែទាំ​ដល់​ជនក្រីក្រ និង​អ្នកទីទាល់ នឹង​មាន​លើសពី​ព្រំដែន​នៃ​ជីវិត​រមែងស្លាប់​ទៅទៀត ។ កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ គឺ​មិន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍ ហើយ​ប្រទានពរ​ដល់​អ្នកដែល​រងទុក្ខ ឬ​អ្នក​ទីទាល់​ប៉ុណ្ណោះ​ទេ ។ ក្នុង​នាម​ជា​បុត្រា និង​បុត្រី​នៃ​ព្រះ យើង​មិន​អាច​គ្រង​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ពេញលេញ ដោយមិន​បាន​ជួយ​មើលថែទាំ​ដល់​គ្នាទៅវិញទៅមក ខណៈពេល​យើង​នៅ​លើ​ផែនដី​នោះទេ ។ វា​គឺជា​ការអនុវត្ត​ដ៏​មាន​មេត្តា​នៃ​ការលះបង់ និង ការផ្ដល់​ពី​ខ្លួនយើង​ទៅដល់​អ្នកដទៃ ដើម្បី​យើង​រៀន​ពី​គោលការណ៍​ខាង​សេឡេស្ទាល​នៃ​ការលះបង់ និង ការថ្វាយ” ( “កិច្ចការ​ដ៏​បរិសុទ្ធ​នៃ​សុខុមាលភាព,” EnsignLiahona, ខែ ឧសភា ឆ្នាំ 2011, ទំព័រ 81–82 ) ។