បណ្ណាល័យ
មេរៀនទី 58 ៖ ម៉ូសាយ 11–12:17


មេរៀនទី 58

ម៉ូសាយ 11–12:17

សេចក្តី​ផ្ដើម

ដោយសារ​អំនួត​របស់​ស្ដេច​ណូអេ និង ការរស់នៅ​ដ៏​ចលាចល​ដែល​បាន​ដឹកនាំ​ប្រជាជន​របស់​ទ្រង់​ជាច្រើន​ទៅក្នុង​សេចក្ដីទុច្ចរិត ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី​អ័ប៊ីណាដៃ​ឲ្យ​មក​ព្រមាន​ស្ដេច​ណូអេ និង ប្រជាជន​របស់​ទ្រង់ ។ អ័ប៊ីណាដៃ​បាន​ព្រមាន​ពួកគេ​ថា ពួកគេ​នឹង​ត្រូវ​បាន​ដាក់​នៅក្នុង​សេវកភាព ប្រសិនបើ​ពួកគេ​មិន​ប្រែចិត្ត​នោះ​ទេ ។ ប្រជាជន​បាន​ជ្រើសរើស​មិន​ស្ដាប់​តាម​ការព្រមាន​នោះ ហើយ​ស្ដេច​ណូអេ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​អ័ប៊ីណាដៃ​ដាក់​គុក ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 11:1–19

ស្ដេចណូអេ​ដឹកនាំ​ប្រជាជន​របស់​ទ្រង់​ទៅក្នុង​សេចក្ដីទុច្ចរិត

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនពេល​ចាប់ផ្ដើម​ថ្នាក់ ៖

តើ​អ្នក​នឹង​ឆ្លើយតប​ដោយ​របៀបណា ប្រសិនបើ​ឪពុកម្ដាយ​របស់​អ្នក​បាន​និយាយ​ថា មិត្តភក្ដិ​របស់​អ្នក​មួយ​ចំនួន​កំពុង​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​អ្នក ?

តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាងណា ប្រសិនបើ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​បាន​និយាយ​ថា សកម្មភាព​ដែល​អ្នកចូលចិត្ត​មួយ​កំពុង​រារាំង​ដល់​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​អ្នក ?

តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាងណា ប្រសិនបើ​ព្យាការី​បាន​និយាយ​ប្រាប់​ពី​ការកំសាន្ដ​មួយ​ចំនួន​ទាស់​នឹង​អ្វី​ដែល​អ្នក​ចូលចិត្ត ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​សំណួរ​ទាំងនេះ​ដោយ​ស្ងាត់ស្ងៀម ។ បន្ទាប់មក​សូម​សួរ ៖

  • ហេតុអ្វី​បានជា​ស្ថានភាព​ទាំងនេះ​ពិបាក ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើតាម​ការប្រឹក្សា​របស់​ឪពុកម្ដាយ ឬ អ្នកដឹកនាំ​របស់​អ្នក​នៅក្នុង​ស្ថានភាព​ដូច​នេះ ?

  • ហេតុអ្វី​បានជា​មនុស្ស​សុចរិត​មាន​ឆន្ទៈ​ធ្វើតាម​ការប្រឹក្សា ទោះបីជា​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដ៏​លំបាក​ក្នុង​ជីវិត​របស់​ពួកគេ​ក្ដី ?

សូម​ពន្យល់​ថា នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​អំពី​ក្រុម​មនុស្ស​មួយក្រុម​ដែល​មិន​មាន​ឆន្ទៈ​ធ្វើតាម​ការប្រឹក្សា​មក​ពី​ព្យាការី​ម្នាក់ ។

ដើម្បី​ផ្ដល់​បរិបទ​នៃ​មេរៀន​នេះ សូម​រំឭក​សិស្ស​ថា​ស៊ីនិព្វ​បាន​ដឹកនាំ​មនុស្ស​មួយ​ក្រុម​ទៅកាន់​ដែនដី​នីហ្វៃ កន្លែង​ដែល​ពួកគេ​ត្រូវ​បាន​ដាក់​ទៅក្នុង​សេវកភាព​ដោយ​សាសន៍​លេមិន ។ ទោះបីជា​ភាពចង់បាន​របស់​ស៊ីនិព្វ​បាន​ដឹកនាំ​គាត់​ឲ្យធ្លាក់​ទៅ​ក្នុង​ការបោកបញ្ឆោតរបស់​ពួក​សាសន៍​លេមិន​ក៏​ដោយ គាត់​គឺជា​បុរស​ដ៏ល្អ​ម្នាក់ ហើយ​គាត់​បាន​បង្រៀន​ប្រជាជន​របស់​គាត់​ឲ្យ​ដាក់​ទីទុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់ ។ មុនពេល​ស៊ីនិព្វ​ស្លាប់ គាត់​បាន​ផ្ទេរ​នគរ​ទៅ​ឲ្យ​កូនប្រុស​របស់​គាត់ ណូអេ ។ ( សូមមើល ម៉ូសាយ 9–10 

សូម​ពន្យល់​ថា ណូអេ​គឺជា​មនុស្ស​ដ៏​ទុច្ចរិត​ម្នាក់ ។ ដើម្បី​បង្ហាញ​ថា​ភាព​ទុច្ចរិត​របស់​គាត់​ជះឥទ្ធិពល​ដល់​ប្រជាជន​គាត់​ប៉ុណ្ណា សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​ក្រុម​ទីមួយ​អាន ម៉ូសាយ 11:1–2, 5–7 ហើយ​សូម​ឲ្យ​ក្រុម​ទីពីរ​​អាន ម៉ូសាយ 11:14–19 ។ សូម​ឲ្យ​ទាំងពីរ​ក្រុម​រកមើល​សេចក្ដី​លម្អិត​នៃ​ភាពទុច្ចរិត​របស់​ស្ដេចណូអេ​ដែល​បាន​ជះឥទ្ធិពល​ដល់​ប្រជាជន ។ សូម​ជួយ​សិស្ស​ឲ្យ​វិភាគ​ខគម្ពីរ​ទាំងនេះ ដោយការសួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​ប្រជាជន​ចង់​គាំទ្រ​ណូអេ​នៅក្នុង​ភាពទុច្ចរិត​របស់​គាត់ ?

  • ហេតុអ្វី​បានជា « សំដី​ផ្អែមល្ហែម​ឥត​ប្រយោជន៍ បញ្ចើច​បញ្ចើ » អាច​ដឹកនាំ​ប្រជាជន​ឲ្យ​ត្រូវ​បាន​បោកបញ្ឆោត ? ( នៅពេល​សិស្ស​ពិភាក្សា​ពី​សំណួរ​នេះ អ្នក​អាច​បង្ហាញ​ថា សំដី​ផ្អែមល្ហែម​បញ្ចើចបញ្ចើ​គឺជា​ការសរសើរ​មិន​ពិត ជាទូទៅ​និយាយ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ដែល​ចូលចិត្ត​ការសរសើរ 

  • ចេញពី​ដំណើររឿង​នៃ​ប្រជាជន​របស់​ស្ដេច​ណូអេ តើ​យើង​អាច​រៀន​អ្វី​ខ្លះ អំពី​របៀប​ដែល​យើង​អាច​ឆ្លើយតប​ទៅនឹង​សំដី​ផ្អែមល្ហែម​ឥត​ប្រយោជន៍ បញ្ចើច​បញ្ចើ ? ( នៅពេល​យើង​ជឿ​លើ​សំដី​ផ្អែមល្ហែម​ឥត​ប្រយោជន៍ បញ្ចើច​បញ្ចើ​របស់​អ្នកដទៃ យើង​បើក​ខ្លួន​យើង​ឲ្យ​ត្រូវ​គេ​ដឹកនាំខុស ។ )

  • តើ​យើង​អាច​ធ្វើ​អ្វី នៅពេល​មនុស្ស​ទាំងអស់​នៅជុំវិញ​យើង​កំពុងរស់នៅ​ក្នុង​ភាពមិនសុចរិត ?

ម៉ូសាយ 11:20–12:17

អ័ប៊ីណាដៃ​ព្រមាន​ដល់​ប្រជាជន​ថា ពួកគេ​នឹង​ត្រូវ​បាន​ដាក់​នៅក្នុង​សេវកភាព បើសិនជា​ពួកគេ​មិន​ប្រែចិត្ត​ទេ​នោះ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 11:20 ឮៗ ។

  • តើ​ព្រះអម្ចាស់​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​ដល់​ប្រជាជន​របស់​ស្ដេចណូអេ ? ( ទ្រង់​បាន​បញ្ជូន​ព្យាការី​ដើម្បី​ប្រាប់​ពួកគេ​ឲ្យ​ប្រែចិត្ត ។ )

សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះ​បញ្ជូន​ព្យាការី​ដើម្បី​ជួយ​យើង​ឲ្យ​ប្រែចិត្ត និង ចៀសវាង​ក្ដីទុក្ខ​វេទនា ។សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​បញ្ជូន​អ័ប៊ីណាដៃ​ពីរ​ដង​ដើម្បី​ព្រមាន​ដល់​ប្រជាជន ។

សូម​ចម្លង​តារាង​ខាងក្រោម​ដាកលើ​ក្ដារខៀន ។ សូម​ទុក​ចន្លោះ​ល្មមដើម្បី​សរសេរ​ការសង្ខេប​មួយ​នៅក្រោម​សេចក្ដីយោង​ព្រះគម្ពីរ​នីមួយៗ ។

សារលិខិត​របស់​អ័ប៊ីណាដៃ

ប្រតិកម្ម​របស់​ប្រជាជន

ការព្រមាន​ទីមួយ

ម៉ូសាយ 11:20–25

ម៉ូសាយ 11:26–29

ការព្រមាន​ទីពីរ

ម៉ូសាយ 12:1–8

ម៉ូសាយ 12:9–17

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារលិខិត​របស់​អ័ប៊ីណាដៃ សូម​ឲ្យ​ពួកគេ​ពាក់កណ្ដាល​ថ្នាក់​អាន ម៉ូសាយ 11:20–25 ដែល​ប្រាប់​ពី​ការព្រមាន​ទីមួយ​របស់​អ័ប៊ីណាដៃ ហើយ​សូម​ឲ្យ​ពួកគេ​ពាក់កណ្ដាល​ទៀត​អាន ម៉ូសាយ 12:1–8 ដែល​ប្រាប់​ពី​ការព្រមាន​ទីពីរ​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ក្រុម​នីមួយៗ​សង្ខេប​ពី​សារលិខិត​របស់​អ័ប៊ីណាដៃ ខណៈពេល​សិស្ស​ម្នាក់​សរសេរ​ការសង្ខេប​របស់​ពួកគេ​នៅលើ​ក្ដារខៀនដែល​ត្រូវនឹង​សេចក្ដីយោង ។

  • តើ​អ្នកឃើញ​ពី​ភាពខុសគ្នា​អ្វីខ្លះ​រវាង​ការព្រមាន​ទាំងពីរ​របស់​អ័ប៊ីណាដៃ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​ភាពខុសគ្នា​ទាំងនេះ សូម​យកចិត្តទុកដាក់​លើ ម៉ូសាយ 11:20–25 ហើយ​អាន​ឃ្លា « លើកលែង​តែ​ពួកគេ​ប្រែចិត្ត » និង « លើកលែង​តែ​ប្រជាជន​នេះ​ប្រែចិត្ត » ។ អ្នក​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គូសចំណាំ​ឃ្លា​ទាំងនេះ ។ បន្ទាប់មក​សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រក​ភាពខុសគ្នា​រវាង​ពាក្យ​នៅក្នុង​ឃ្លា​ទាំងនេះ និង ពាក្យ​នៅក្នុង ម៉ូសាយ 12:1–8។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​យកចិត្ត​ទុកដាក់​ជាពិសេស​ទៅលើ​ពាក្យ នឹង និង នឹងត្រូវ នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ( សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ប្រជាជន​អាចជៀសចេញ​ពី​លទ្ធផល​ទាំងនេះបាន ប្រសិនបើ​ពួកគេ​បាន​ប្រែចិត្ត​ក្រោយពី​ការព្រមាន​លើកទីមួយ ។ ដោយសារ​ប្រជាជន​បដិសេធ​មិន​ព្រម​ប្រែចិត្ត លទ្ធផល​បាន​មក​ដល់ ហើយ​ខ្លាំងក្លា​នៅក្នុង​ការព្រមាន​លើកទីពីរ​របស់​អ័ប៊ីណាដៃ ។ )

  • តើ​ភាពខុសគ្នា​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ អំពី​លទ្ធផល​នៃ​ការមិនគោរព​ដល់​ការព្រមាន​របស់​ព្យាការី ?

  • តើ​មាន​គ្រោះថ្នាក់​អ្វីខ្លះ​នៃ​ការរឹងទទឹង​នៅក្នុង​អំពើបាប​របស់​យើង ហើយ​មិន​ព្រម​ប្រែចិត្ត​នោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ប្រតិកម្ម​របស់​ប្រជាជន​ចំពោះ​សារលិខិត​របស់​អ័ប៊ីណាដៃ សូម​សិស្ស​ពាក់កណ្ដាល​ថ្នាក់​អាន ម៉ូសាយ 11:26–29 ដោយ​កត់សម្គាល់​ពី​ប្រតិកម្ម​របស់​ប្រជាជន និង​ស្ដេច​របស់​គេ​ចំពោះ​សារលិខិត​លើកទីមួយ​របស់​អ័ប៊ីណាដៃ ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ទៀត​អាន ម៉ូសាយ 12:9–17 ដោយ​កត់សម្គាល់​ពី​ប្រតិកម្ម​ចំពោះ​សារលិខិត​លើកទីពីរ​របស់​អ័ប៊ីណាដៃ ។ សូម​ឲ្យ​សិស្ស​ក្នុង​ក្រុម​នីមួយៗ​សង្ខេប​ពី​ប្រតិកម្ម​ទាំងឡាយ នៅពេល​សិស្ស​ម្នាក់​សរសេរ​ពី​ការសង្ខេប​នោះ​នៅក្នុង​តារាង ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ប្រជាជន​តបដោយ​កំហឹង​ចំពោះ​អ័ប៊ីណាដៃ ដែល​បាន​ព្យាយាម​ជួយ​ដល់​ពួកគេ ? តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​ពួកគេ​ការពារ​ដល់​ស្ដេច​ណូអេ ដែល​បាន​ដឹកនាំ​គេ​ទៅកាន់​ទុក្ខវេទនា ?

  • នៅក្នុង ម៉ូសាយ 11:29 យើង​អាន​ថា « ភ្នែក​របស់​ប្រជាជន​ខ្វាក់» ។ តើ​ប្រជាជន​នេះ​ខ្វាក់​នឹង​សេចក្ដីពិត​ដោយ​របៀប​ណា ?

នៅពេល​សិស្ស​ពិភាក្សា​ពី​សំណួរ​ទាំងនេះ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​គោលការណ៍​ខាងក្រោម ៖ អំពើបាប​អាច​ធ្វើ​ឲ្យ​យើង​ខ្វាក់​ពី​ការស្គាល់​សេចក្ដីពិត​នៃ​សម្ដី​របស់​ព្យាការី ។សូម​ពន្យល់​ថា នៅក្នុង​ភាពខ្វាក់​របស់​ពួកគេ ប្រជាជន​បាន​គិត​ថា ស្ដេចណូអេ​គឺជាមិត្ត​របស់​ពួកគេ ហើយ​ថា​អ័ប៊ីណាដៃ​គឺជា​សត្រូវ តែ​តាម​ពិត​ទៅ​វា​ផ្ទុយខុស​ពី​នេះ ។ សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ដោយ​ស្ងៀមស្ងាត់​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​ធ្លាប់​បាន​ខឹង ឬ ការពារ​កំហុស​របស់​អ្នក នៅពេល​នរណាម្នាក់​កែតម្រូវ​អ្នក ទោះបីជា​អ្នក​ដឹង​ថា​ពួកគេ​ត្រូវ​ក៏​ដោយ​ទេ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​យក​ការប្រឹក្សា​របស់​សមាជិក​គ្រួសារ ពួកអ្នកដឹកនាំ​សាសនាចក្រ​ក្នុង​ស្រុក និង ព្យាការី​នៅពេល​ពួកគេ​ណែនាំ​អ្នក​ពី​របៀប​ដើម្បី​ធ្វើតាម​ព្រះបន្ទូល​នៃ​ព្រះ ?

សូម​បង្ហាញ​ថា មនុស្ស​ជាច្រើន​លើកទឹកចិត្ត​យើង​ឲ្យ​រស់នៅតាម​ព្រះបន្ទូល​នៃ​ព្រះ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​បាន​វែងឆ្ងាយ​ពី​របៀប​ដើម្បី​ឆ្លើយតប​ដោយ​សមរម្យ​ចំពោះ​អ្នកដែល​ណែនាំ​យើង​ឲ្យ​ផ្លាស់ប្ដូរ ឬ ប្រែចិត្ត សូម​ត្រឡប់​ទៅកាន់​សំណួរ​ទាំងបី​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន​មុន​ចាប់ផ្ដើម​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​ឆ្លើយតប​នឹង​សំណួរ​មួយ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ នៅពេល​ពួកគេ​មាន​ពេល​សរសេរ​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​ពីរបីនាក់​ប្រាប់​ពី​ពេលមួយ​ដែល​ពួកគេ​ត្រូវ​បាន​ប្រទានពរ ដោយសារ​ពួកគេ​បាន​ធ្វើតាម​ការណែនាំ​ពី​ឪពុកម្ដាយ ឬ អ្នកដឹកនាំ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក និង ធ្វើតាម​ការណែនាំ​របស់​ឪពុកម្ដាយ អ្នកដឹកនាំ​សាសនាចក្រ​ក្នុង​ស្រុក និង ព្យាការី ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

ការយល់​របស់​សិស្ស​អំពី​វគ្គ​ក្នុង​ព្រះគម្ពីរ​នឹង​កើនឡើង នៅពេល​ពួកគេ​បង្កើត​សំណួរ​ផ្ទាល់ខ្លួន​អំពី​វគ្គ​នោះ ។ សូម​ឲ្យ​សិស្ស​ធ្វើការ​រួមគ្នា​ជា​ថ្នាក់ ឬ​ជា​ក្រុម​តូចៗ ដើម្បី​សរសេរ​តម្រុយ​ដែល​ចង្អុល​ទៅ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ពិសេសៗ ។ ( អ្នក​អាច​ជ្រើសរើស​ក្រុម​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ដែល​អ្នក​ចង់​ឲ្យ​សិស្ស​រៀន ឬ រំឭក ។ ) បន្ទាប់មក សូម​ឲ្យ​ពួកគេ​អាន​តម្រុយ​របស់​ពួកគេ​ប្រាប់​អ្នក ។ អ្នក​នឹង​ទទួល​បាន​ពិន្ទុ ប្រសិនបើ​អ្នក​ទាយ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​បាន​ត្រូវ ។ សិស្សក្នុង​ថ្នាក់នឹង​ទទួល​បាន​ពិន្ទុ ប្រសិនបើ​អ្នក​មិន​អាច​ទាយ​បាន​ត្រូវ​ទេ​នោះ ។

កំណត់​ចំណាំ ៖ ប្រសិនបើ​អ្នក​មិន​មាន​ពេល​ប្រើ​សកម្មភាព​នេះ​ជា​ផ្នែក​នៃ​មេរៀន​នេះ​ទេ អ្នក​អាច​ប្រើ​វា​នៅ​ថ្ងៃក្រោយ ។ សម្រាប់​សកម្មភាព​រំឭក​ផ្សេង​ទៀត សូម​មើល​សេចក្ដី​បន្ថែម​នៅចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។