បណ្ណាល័យ
មេរៀនទី 99 ៖ អាលម៉ា 42


មេរៀនទី 99

អាលម៉ា 42

សេចក្តី​ផ្ដើម

អាលម៉ា​បញ្ចប់​ការបង្រៀន​ដល់​កូនប្រុស​របស់​គាត់ កូរីអាតុន ដោយ​ការពន្យល់​ថា ព្រះវរបិតាសួគ៌​បាន​ផ្ដល់​របៀប​មួយ​ដល់​អ្នកដែល​បាន​ធ្វើ​បាប​ឲ្យ​ទទួល​បាន​សេចក្ដីមេត្តាករុណា ។ គាត់​បាន​បង្រៀន​ថា សេចក្ដីយុត្តិធម៌​នៃ​ព្រះ​ទាមទារ​ឲ្យ​អ្នកមាន​បាប​ទាំងឡាយ​ត្រូវកាត់​ចេញពី​វត្តមាន​នៃ​ព្រះ ។ បន្ទាប់មក គាត់​បាន​ថ្លែងទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង « ធ្វើឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌ » ( អាលម៉ា 42:15 ) ដោយ​ការរងទុក្ខ​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បាន​ធ្វើ​អំពើបាប ហើយ​ដោយ​ការផ្ដល់​នូវ​សេចក្ដីមេត្តាករុណា​ដល់​អ្នកប្រែចិត្ត ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 42:1–14

អាលម៉ា​បង្រៀន​កូរីអានតុន​អំពី​សេចក្ដីយុត្តិធម៌​របស់​ព្រះ

មុនចាប់ផ្ដើម​ថ្នាក់ សូម​គូស​រូបជញ្ជីង​សាមញ្ញ​មួយ​នៅលើ​ក្ដារខៀន ដូចដែល​បាន​បង្ហាញ​នៅក្នុង​ទំព័រ​បន្ទាប់ ។ ( សូម​កុំ​បន្ថែម​ពាក្យ​លើ​គំនូស​នោះ រហូតដល់​បាន​ណែនាំ​ឲ្យ​ធ្វើ​ដូច្នោះ​នៅក្នុង​មេរៀន​នេះ ។ អ្នក​អាច​ណែនាំ​សិស្ស​ឲ្យ​ចម្លង​រូបនេះ​ទៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ )

នៅលើ​ជញ្ជីង​នោះ សូម​សរសេរ​ប្រយោគ​ខាងក្រោម ៖ ខ្ញុំ​ចង់​ឲ្យ​ការជំនុំជម្រះ​លើកចុងក្រោយ​មាន​សេចក្ដីយុត្តិធម៌ ។

សូម​ឲ្យ​សិស្ស​លើកដៃ​ប្រសិនបើ​ពួកគេ​យល់ស្រប​នឹង​ប្រយោគ​នៅលើ​ក្ដារខៀន ។

  • ហេតុអ្វីបានជា​អ្នក​ចង់​ឲ្យ​ការជំនុំជម្រះ​លើកចុងក្រោយ​មាន​សេចក្ដីយុត្តិធម៌ ?

  • តើ​ពាក្យ យុត្តិធម៌ មាន​ន័យ​យ៉ាងណា ?

សូម​ស្នើ​ថា យុត្តិធម៌ អាច​មានន័យ​ថា ការទទួល​បាន​អ្វី​ដែល​អ្នក​សមនឹង​ទទួល ។ គំនិត​នៃ​ភាពយុត្តិធម៌​ទាក់ទង​នឹង​ពាក្យ​ក្នុង​ព្រះគម្ពីរ​ថា សេចក្ដីយុត្តិធម៌សូម​សរសេរ​ពាក្យ សេចក្ដីយុត្តិធម៌ នៅលើ​ក្ដារខៀននៅក្រោម​រូប​ជញ្ជីង ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលគំនិត​នៃ​ភាពយុត្តិធម៌ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ការពន្យល់​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក. អូកស៍ នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

« សេចក្ដីយុត្តិធម៌ មាន​អត្ថន័យ​ជាច្រើន ។ អត្ថន័យ​ទីមួយ​គឺ​តុល្យភាព ។ សញ្ញា​ដ៏​ល្បីល្បាញ​នៃ​សេចក្ដីយុត្តិធម៌​គឺជា​ជញ្ជីង​ដែល​មាន​តុល្យភាព ។ ហេតុដូច្នេះហើយ នៅពេល​គេ​រំលង​ច្បាប់​នៃ​មនុស្ស ជាធម្មតា​សេចក្ដីយុត្តិធម៌​តម្រូវ​ឲ្យ​មាន​ការដាក់ទោស ការពិន័យ​មួយ​ដែល​នឹង​សាងឡើងវិញ​នូវ​តុល្យភាព [ ដល់​ជញ្ជីង ] ។ …

« ច្បាប់​នៃ​ព្រះ​គឺដូចគ្នា​ដែរ វា​ទាក់ទង​នឹង​សេចក្ដីយុត្តិធម៌ ។ គំនិត​នៃ​សេចក្ដីយុត្តិធម៌​ដូចដែល​អ្វី​ដែល​មនុស្ស​ម្នាក់​សមនឹង​ទទួល គឺជា​គោលការណ៍​គ្រឹះ​នៃ​ព្រះគម្ពីរ​ទាំងឡាយ​ដែល​និយាយ​ពី​មនុស្ស​ដែល​ត្រូវ​ជំនុំជម្រះ​ស្របតាម​កិច្ចការ​របស់​ពួកគេ » ( « Sins, Crimes, and Atonement » [ សុន្ទរកថា​ថ្លែង​ទៅ​កាន់​អ្នកអប់រំ​សាសនា CES នៅថ្ងៃទី 7ខែ កុម្ភៈ ឆ្នាំ 1992 ], 1, si.lds.org ) ។

សូម​ពន្យល់​ថា កូនប្រុស​របស់​អាលម៉ា កូរីអានតុន​បាន​ព្រួយបារម្ភ​អំពី​សេចក្ដីយុត្តិធម៌​នៃ​សេចក្ដីជំនុំជម្រះ​លើកចុងក្រោយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 42:1 ឮៗ​ខណៈពេល​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​កូរីអានតុន​បាន​គិត​ថា​នឹង​មិន​យុត្តិធម៌ ឬ​មិន​ត្រឹមត្រូវ​អំពី​សេចក្ដីជំនុំជម្រះ​លើកចុងក្រោយ ។

  • តើ​កូរីអានតុន​មាន​អារម្មណ៍​យ៉ាងណា​ដែល​មិន​យុត្តិធម៌​នោះ ? ( អ្នក​ធ្វើបាប​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ ឬ​ដាក់ទៅក្នុង​សភាព​នៃ​ទុក្ខវេទនា ។ )

  • ហេតុអ្វីបានជា​កូរីអានតុន​អាច​ចង់​ជឿ​ថា វា​មិន​យុត្តិធម៌​សម្រាប់​អ្នកដែល​បាន​ធ្វើ​អំពើបាប​ត្រូវតែ​បាន​ដាក់ទោស ? ( ប្រសិនបើ​សិស្ស​ត្រូវការ​រំឭក​ថា កូរីអានតុន​កំពុង​តស៊ូវនឹង​អំពើបាប​ផ្សេងៗ​ជាច្រើន សូម​ឲ្យ​ពួកគេ​បើកទៅ អាលម៉ា 39:2–3 ។ )

  • ប្រសិបើ​សេចក្ដីយុត្តិធម៌​មាន​ន័យ​ថា​ការទទួល​បាន​អ្វី​ដែល​យើង​សម​នឹង​ទទួល ហើយ​ដាក់ទោស​ចំពោះ​អំពើបាប​របស់​យើង​នោះ តើ​ការណ៍​នេះ​ក៏​នឹង​អាច​ព្រួយបារម្ភ​ដល់​យើង​ទេ ? ( យើង​ទាំងអស់​គ្នា​ធ្វើ​បាប ហើយ​រង​នឹង​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌ ។ )

សូម​សង្ខេបស អាលម៉ា 42:2–11 ដោយ​ការពន្យល់​ថា អាលម៉ា​បាន​ដោះស្រាយ​ការខ្វល់ខ្វាយ​របស់​កូរីអានតុន ។ គាត់​បាន​បង្រៀន​ថា ការធា្លក់​របស់​អ័ដាម​បាន​នាំ​មនុស្ស​ទាំងអស់​ឲ្យ​ធ្លាក់ ដែល​ពួកគេ​ត្រូវ​តែ​ទទួល​នូវ​សេចក្ដីស្លាប់​ខាង​រូបកាយ និង​សេចក្ដីស្លាប់​ខាង​វិញ្ញាណ ( សូមមើល អាលម៉ា 42:9) ។ គាត់​ក៏​បាន​ពន្យល់​ថា បើ​គ្មាន​របៀប​មួយ​ដើម្បី​ដោះលែង​ពី​ស្ថានភាព​ធ្លាក់​នេះ​ទេ នោះ​ព្រលឹង​នៃ​មនុស្ស​ទាំងអស់​នឹង​រងទុក្ខ ហើយ​កាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ​ជារៀងរហូត ( សូមមើល អាលម៉ា 42:11) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 42:12 ឮៗ ។ សូម​ពន្យល់​ថា ខគម្ពីរ​នេះ​បញ្ជាក់​ថា ការធ្លាក់​និង​លទ្ធផល​របស់​វា រួមមាន​ការកាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ ត្រូវបាននាំ​មក​ដោយ​ការមិនគោរព​របស់​អ័ដាម​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​។ សូម​ជួយ​សិស្ស​ឲ្យយលល់​ថា នៅពេល​យើង​មិន​គោរព​តាម​ព្រះបញ្ញត្តិ —នៅពេល​យើង​ធ្វើ​អំពើបាប —យើង​ពង្រីកចម្ងាយ​កាន់តែ​ឆ្ងាយ​ថែមទៀត​រវាង​ខ្លួនយើង​ខាងវិញ្ញាណ​នឹង​ព្រះ ហើយខ្លួន​ត្រូវ​រងទុក្ខ​នឹង​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌ ។ ( អ្នក​អាច​ឲ្យ​សិស្ស​ម្នាក់​អាន មាត្រា​នៃ​សេចក្ដីជំនឿ 1:2 ឮៗ ។ ) សូម​ឲ្យ​សិស្ស​អាន អាលម៉ា 42:14 ដោយ​ស្ងាត់ៗ ដោយ​រកមើល​លទ្ធផល​ដែល​សេចក្ដីយុត្តិធម៌​ត្រូវការ​ចំពោះ​ការមិនគោរព​តាម ។

  • តើ « កាត់ចេញ » ពី​វត្តមាន​នៃ​ព្រះ មាន​ន័យ​យ៉ាងណា ? ( ការបែកចេញ​ពី​ព្រះ ហើយ​មិន​អាច​ត្រឡប់​ទៅរស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​បាន​ទៀត​ឡើយ ។ អ្នក​ក៏​អាច​លើកឡើង​ថា នៅពេល​យើង​ធ្វើ​អំពើបាប យើង​ដក​ខ្លួនយើង​ចេញពី​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែលជា​សមាជិក​នៃ​ក្រុមព្រះ ។ )

សូម​បន្ថែម​ឃ្លា ការមិនគោរព​តាម ឬ អំពើបាប និង កាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ លើ​តារាង​ដូចដែល​បាន​បង្ហាញ​នៅលើ​ក្ដារខៀន ។

រូបភាព
ជញ្ជីង

ចេញពី​អ្វីដែល​អ្នក​បាន​រៀន​នៅក្នុង អាលម៉ា 42:1–14 តើ​អ្នក​នឹង​សង្ខេប​ចេញ​ជា​មួយ​ប្រយោគ​ថា​អ្វី​ទៅ​ជា​ច្បាប់​នៃ​សេចក្ដីយុត្តិធម៌​តម្រូវ​ឲ្យ​មាន នៅពេល​បុគ្គល​ម្នាក់​មិន​គោរព​តាម​នោះ ? ( សូមសរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន​នៅក្រោម​ជញ្ជីង ៖ ដោយសារតែ​ការមិនគោរព​តាម​របស់​យើង ច្បាប់​នៃ​សេចក្ដីយុត្តិធម៌​តម្រូវ​ឲ្យ​យើង​ត្រូវ​កាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ ។អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 42:1–14 ។ )

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 42:18 ដោយ​ស្ងាត់ៗ ដោយ​រកមើល​លទ្ធផល​ផ្សេង​ទៀត​នៃ​អំពើបាប ។

  • តើ​ការសោកស្ដាយ​នៅក្នុងស្មារតីមាន​ន័យ​យ៉ាងណា ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​ពេល​មួយ​ដែល​ពួកគេ​បាន​ជួបនឹង​ការក្រៀមក្រំ និង​ការសោកស្ដាយ ឬ​អវត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយសារ​ពួកគេ​បាន​ធ្វើអំពើបាប ។ សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា អារម្មណ៍​ច្រើន​ច្រួលច្រាល​ដោយ​អ្វីៗ​ដែល​ពួកគេ​បាន​ធ្លាប់​បាន​ធ្វើ​ខុស ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា អារម្មណ៍​នោះ​នៅតែ​បន្ដ​នៅនឹង​ពួកគេ​ជារហូត​មក ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ និង​មាន​អារម្មណ៍​ថា​ត្រូវការ​សេចក្ដីមេត្តាករុណា អ្នក​អាច​សួរ​សំណួរ​ខាងក្រោម ៖

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង អាលម៉ា 42:1–14 តើ​អ្នក​ចង់​បាន​សេចក្ដីជំនុំជម្រះ​លើកចុងក្រោយ​ដោយ​ផ្អែក​តែ​លើ​សេចក្ដីយុត្តិធម៌​ទេ ?

អាលម៉ា 42:15–31

អាលម៉ា​បង្រៀន​កូរីអានតុន​អំពី​ផែនការ​នៃ​សេចក្ដីមេត្តាករុណា

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌​ត្រូវតែ​បំពេញ សូម​បង្ហាញ​ចំហៀង​នៃ​ជញ្ជីង​នៃ​ការដាក់ទោស​នៅលើ​ក្ដារខៀន ។ អ្នក​អាច​គិត​ពី​ការលើក​ជ័រលុប​ហាក់ដូចជា​អ្នក​នឹង​លុប​ការទាមទារ​សេចក្ដីយុត្តិធម៌ ។ សូម​សួរ ៖

  • តើ​មាន​របៀបណា​សម្រាប់​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌​ដើម្បី​អាច​លុបចេញ ឬ​បណ្ដេញ​ចេញ​ទេ ? ( ទេ ។ នៅពេល​ច្បាប់​របស់​ព្រះ​ត្រូវ​បាន​រំលង សេចក្ដីយុត្តិធម៌​ត្រូវការ​ការដាក់ទោស ។ ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌​ត្រូវ​តែ​បំពេញ​ទោះជា​យ៉ាងណាក្ដី ។ )

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា វា​នឹង​មិន​យុត្តិធម៌​ទេ​បើ​លុប​លទ្ធផល​ដែល​សេចក្ដីយុត្តិធម៌​ទាមទារ​នោះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 42:25 ឮៗ ។

  • យោងតាម​អាលម៉ា តើ​នឹង​អ្វី​កើតឡើង ប្រសិនបើ​លទ្ធផល​នៃ​អំពើបាប​ត្រូវ​បាន​លុបចេញ ហើយ​សេចក្ដីយុត្តិធម៌​ត្រូវបាន​ទុកចោល​មិន​បាន​បំពេញ​នោះ ?

សូម​ឲ្យ​សិស្ស សញ្ជឹងគិត ពី​សំណួរ​ខាងក្រោម​មុនពេល​ឲ្យ​ពួកគេ​អាន​សេចក្ដីយោង​ព្រះគម្ពីរ​រក​ចម្លើយ ។

  • ប្រសិនបើ​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌​មិន​អាច​លុបចោល​ទេ នោះ​តើ​អ្នកដែល​បាន​ធ្វើ​អំពើបាប ( យើង​ម្នាក់ៗ ) អាច​នឹង​ទទួល​បាន​សេចក្ដីសុខសាន្ដ​ក្នុង​ស្មារតី ហើយ​បាន​សាងឡើងវិញ​ដល់​វត្តមាន​នៃ​ព្រះ​ដោយ​របៀបណា ? ( ក្រោយពី​ឲ្យ​ពេល​ដល់​សិស្ស​សញ្ជឹង​គិត​ពី​សំណួរ​នេះ​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 42:15 ។ វា​អាច​ជួយ​អ្នក​បើ​ពន្យល់​ថា​ឃ្លា « ធ្វើឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌ » មានន័យ​ថា ត្រូវបង់​ថ្លៃ ឬ រងទុក្ខ​នឹង​ការដាក់ទោស​ដែល​សេចក្ដីយុត្តិធម៌​ទាមទារ ។

  • យោងតាម អាលម៉ា 42:15 តើ​វា​អាច​ទៅរួច​ទេ ដែល​សេចក្ដីមេត្តាករុណា​អាច​នឹង​ត្រូវ​ពង្រីក​ដល់​យើង​នោះ ?

សូម​សន្និដ្ឋាន​ចម្លើយ​របស់​សិស្ស សូម​លុប​ឃ្លា « កាត់ចេញ​ពី​វត្តមាន​របស់​ព្រះ » ពី​ក្ដារខៀន ហើយ​សរសេរ​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីមេត្តាករុណា ។នៅក្រោម​ជញ្ជីង សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម ៖ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​បំពេញ​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌ ដើម្បី​ឲ្យ​សេចក្ដីមេត្តាករុណា​អាច​ត្រូវ​បាន​ពង្រីក​ដល់​យើង ។

រូបភាព
ជញ្ជីង
  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ដល់​អ្នក​ដែល​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​នឹង​រងទុក្ខ​ជំនួស​អ្នក​ដោយ​ស្មគ្រ័ចិត្ត ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​សេចក្ដីមេត្តាករុណា ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 42:22–24 ហើយ​រក​មើលអ្វី​ដែល​ចាំបាច់​ដើម្បី​ឲ្យ​សេចក្ដីមេត្តាករុណា​ត្រូវបាន​ពង្រីក​ដល់​យើង ។

  • តើ​អ្វី​ដែល​ចាំបាច់​សម្រាប់​យើង​ដើម្បី​ទទួល​បាន​សេចក្ដីមេត្តាករុណា ហើយ​ចៀសវាង​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌​ដ៏ពេញលេញ​នោះ ? ( នៅពេល​សិស្ស​រកឃើញ​ការប្រែចិត្ត​ជា​វិធី​ដែល​យើង​ទទួល​បាន​សេចក្ដីមេត្តាករុណា​ហើយ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន​នោក្រោម​ជញ្ជីង ៖ ប្រសិនបើ​យើង​ប្រែចិត្ត យើង​នឹង​ទទួល​បាន​សេចក្ដីមេត្តាករុណា​តាមរយៈ​ដង្វាយធួន​បរស់​ព្រះអង្គ​សង្គ្រោះ ។អ្នក​ក៏​អាច​ផ្ដល់​យោបល់​ថា ពួកគេ​គួរ​សរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 42:22–24 ) 

  • តើ​អ្នក​គិត​ថា​ឃ្លា « ជនណា​ដែល​ប្រែចិត្ត » មាន​ន័យ​យ៉ាងណា ? ( អ្នកដែល​ប្រែចិត្ត​ដោយ​ស្មោះពិត ។

  • ហេតុអ្វីបានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​នឹង​ការដាក់ទោស​សម្រាប់​អំពើបាប​របស់​យើង​ជំនួស​យើង ?

សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្នកកណ្តាល​របស់​យើង ។ អ្នកកណ្តាល​ម្នាក់​គឺជា​អ្នក​ដែល​ឈរ​នៅ​ចន្លោះ​គូភាគី​ពីរ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តមួយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ. ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​ហើយ​រកមើល​នូវ​មូលហេតុ​ដែល​ជន​ទីបី​ម្នាក់​ត្រូវ​តែ​មាន​ដើម្បី​ឲ្យ​សេចក្ដីមេត្តាករុណា​អាច​បាន​ពង្រីក​ដល់​អ្នកមាន​បាប ៖

« ហើយ​តាមរយៈច្បាប់​ដ៏​អស់​កល្ប​ជានិច្ច នោះ​សេចក្ដី​មេត្តាករុណា​មិន​អាច​ផ្ដល់​នូវ​ការសង្គ្រោះ​បាន​ឡើយ លុះត្រា​តែ​មាន​មនុស្ស​ម្នាក់​ដែល​សុខ​ចិត្ត ហើយ​មាន​សមត្ថភាពទទួល​យក​បំណុល​របស់យើង ហើយ​បង់ថ្លៃនោះ ហើយ​រៀបចំ​លក្ខខណ្ឌ​សម្រាប់​ការប្រោសលោះ​របស់​យើង ។

« រហូតដល់​មាន​អ្នកកណ្ដាល រហូតដល់​យើង​មាន​មិត្តម្នាក់ បើ​ពុំដូចនោះ​ទេ​ទម្ងន់​ដ៏​ពេញលេញ​នៃ​សេចក្ដី​យុត្តិធម៌​ដែល​មិន​បង្អន់ មិន​មាន​មេត្តា នឹង​ត្រូវ​ធ្លាក់លើ​យើង​ជាប្រាកដ ។ ការផ្ដន្ទាទោស​ទាំងស្រុង​សម្រាប់​គ្រប់​អំពើ​រំលង ទោះ​តូច ឬ​ធំ នឹង​ត្រូវ​ទាមទារ​ពី​យើង​ឲ្យ​គ្រប់ ។

« ប៉ុន្ដែ​សូម​ដឹង​ការណ៍​នេះ ៖ សេចក្ដីពិត សេចក្ដីពិត​ដ៏​រុងរឿង បាន​ប្រកាស​ថា​ពិត​ជា​អ្នកកណ្ដាល​ម្នាក់​មែន ។ …

« តាមរយៈ​ទ្រង់ ក្ដី​មេត្តា​អាច​លូក​ទៅ​រក​យើង​ម្នាក់ៗ ដោយ​ពុំ​មាន​ការបង្អាក់​បង្អន់​ដល់​ក្រិត្យវិន័យ​ដ៏​អស់កល្ប​នៃ​ក្ដី​យុត្តិធម៌​ឡើយ ។ …

« ការពង្រីក​នៃ​សេចក្ដីមេត្តាករុណា​មិនមែន​ស្វ័យប្រវត្តិ​នោះទេ ។ វា​ត្រូវធ្វើ​តាមរយៈ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ ។ វា​នឹង​អាស្រ័យ​លើ​លក្ខខណ្ឌ​របស់​ទ្រង់ ជា​លក្ខខណ្ឌ​ដ៏​ប្រោសប្រណី​របស់​ទ្រង់ » ( « The Mediator » Ensign,ខែ ឧសភា ឆ្នាំ 1977, ទំព័រ 55–56 ) ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 42:29–31ដោយ​ស្ងាត់ៗ ដោយរកមើល​អ្វី​ដែល​អាលម៉ា​ចង់​ឲ្យ​កូរីអានតុន​មាន ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ដើម្បី​ឲ្យ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីមេត្តាករុណា និង​ការរងទុក្ខ​របស់​ព្រះអម្ចាស់ « មាន​ប្រសិទ្ធិភាព​យ៉ាងពេញ​ទំហឹង​នៅក្នុង​ចិត្ត​កូន​ចុះ » ?

សូម​ឲ្យ​សិស្ស​សរសេរ​គម្រោង​មេរៀន​សង្ខេប​មួយ​ដែល​បង្ហាញ​ពី​របៀប​ដែល​ពួកគេ​អាច​បង្រៀន​គោលគំនិត​នៃ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីមេត្តាករុណា​ដល់​អ្នកដទៃ ។ សូម​ណែនាំ​ពួកគេ​ឲ្យ​បង្រៀន​គ្រួសារ​របស់​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃនេះ ។

សូម​រំឭក​សិស្ស​អំពី​ការព្រួយបារម្ភ​របស់​កូរីអានតុន​ទាក់ទង​នឹង​ភាពយុត្តិធម៌​នៃ​សេចក្ដីយុត្តិធម៌​របស់​ព្រះ ។ អ្នក​អាច​ថ្លែងទីបន្ទាល់​ថា សេចក្ដីជំនុំជម្រះ​នៅ​ថ្ងៃចុងក្រោយ​នឹង​យុត្តិធម៌ ហើយ​ថា​យើង​នឹង​ទទួល​បាន​អ្វី​ដែល​យើង​សម​នឹង​ទទួល​នៅទីបញ្ចប់ យោងតាម​សេចក្ដីយុត្តិធម៌ និង​សេចក្ដីមេត្តាករុណា​របស់​ព្រះ ។ អ្នក​ក៏​អាច​ចង់​បង្ហាញ​ថា កូរីអានតុន​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​គាត់ ហើយ​បាន​មាន​ឥទ្ធិពល​ដ៏​វិជ្ជមាន​លើ​ការលូតលាស់​នៃ​សាសនាចក្រ ( សូមមើល អាលម៉ា 49:30 ) ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​ត្រូវ​បន្ដ​ដំណើរការ​នៃ​ការប្រែចិត្ត​ផ្ទាល់ខ្លួន​គេ ។

សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយ​ការដឹងគុណ និង​ទីបន្ទាល់​របស់​ពួកគេ​ចំពោះ​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ធ្វើ​ឲ្យ​ធួន​សម្រាប់​អំពើបាប​របស់​យើង ហើយ​បំពេញ​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌​ជំនួស​យើង ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីមេត្តាករុណា និង​ការប្រោសលោះ​ដែល​មាន​តាមរយៈ​ការលះបង់​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 42:1 ។ សេចក្ដីយុត្តិធម៌​នៃ​ព្រះ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិននៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀន​ថា សុភមង្គល​អាច​រកបាន​តែ​តាមរយៈ​ការប្រែចិត្ត ៖

« សុភមង្គល​ពិត​ប្រាកដ​មិនមែន​ស្ថិតនៅលើ​ការបដិសេធ​សេចក្ដីយុត្តិធម៌​នៃ​ព្រះ ឬ​ការព្យាយាម​ចៀសវាង​លទ្ធផល​នៃ​អំពើបាប ប៉ុន្ដែ​ការប្រែចិត្ត និង​ការអភ័យទោស​តាមរយៈ​ព្រះគុណ​ដែល​ធ្វើ​ឲ្យ​ធួន​របស់​ព្រះរាជបុត្រា​នៃ​ព្រះ » ( « The Blessing of Scripture » EnsignLiahona ខែ ឧសភា ឆ្នាំ 2010 ទំព័រ 34 ) ។

អាលម៉ា 42:15 ។ « ព្រះ​អង្គ​ទ្រង់​ផ្ទាល់​បាន​ធ្វើឲ្យ​ធួន​នឹង​អំពើបាប​ទាំងឡាយ​នៃ​មនុស្ស​លោក »

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្ដីយោង​ទៅ « ព្រះអង្គ​ទ្រង់​ផ្ទាល់ » បាន​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​ទាំងឡាយ​របស់យើង សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

« ព្រះគ្រីស្ទ​មិនត្រឹមតែ​ជា​អ្នកកណ្ដាល​ប៉ុណ្ណោះទេ ប៉ុន្ដែ​ទ្រង់​ក៏​ជា​ចៅក្រម​ដែរ ។ វា​នៅក្នុង​តួនាទី​នៃ​ចៅក្រម​នោះ​ដែល​យើង​អាច​រកឃើញ​អត្ថន័យ​ដ៏​អស្ចារ្យ​ជាងនេះ​នៅក្នុង​ការបង្ហាញ​ថា ‹ ព្រះអង្គ​ទ្រង់​ផ្ទាល់ › នឹង​យាង​ចុះ​មក​ប្រោសលោះ​ប្រជាជន​របស់​ទ្រង់ ។ វា​ដូចជា​ចៅក្រម​នៅក្នុង​សវនាការ​ដ៏​អស្ចារ្យ​នៅលើ​ស្ថានសួគ៌​នោះ ដោយ​មិន​ចង់​សុំ​ឲ្យ​នរណាទៀត​ក្រៅពី​អង្គ​ទ្រង់​ឲ្យ​ទ្រាំ​នឹង​ការទុក្ខវេទនា​នៃ​កំហុស​របស់​បុគ្គល​ដែល​ឈរ​នៅក្នុង​ក្រចកចេះ ទ្រង់​ដោះ​សំលៀកបំពាក់​ជា​ចៅក្រម​ចេញ ហើយ​ចុះ​មក​ផែនដី​ដើម្បី​ទ្រាំ​នឹង​ការវាយរំពាត់​របស់​ពួកគេ​ដោយ​អង្គ​ទ្រង់ ។ ព្រះគ្រីស្ទ​ដូចជា​ចៅក្រម​ដ៏​មាន​មេត្តាករុណា​គឺ​ដូចជា​គោលគំនិត​ដ៏​ស្រស់ស្អាត និង​អស្ចារ្យ​មួយ​នៃ​ព្រះគ្រីស្ទ​ជា​អ្នកណែនាំ អ្នកកណ្ដាល និង​អ្នកគាំពារ » (Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ], ទំព័រ 81 ) ។