បណ្ណាល័យ
មេរៀនទី 116 ៖ នីហ្វៃទី 3 1


មេរៀនទី 116

នីហ្វៃទី 3 1

សេចក្តីផ្ដើម

នៅពេល​ដែល​ពេលវេលា​ខិតជិត​មក​ដល់​ការបំពេញ​តាម​ការព្យាករណ៍​របស់​សាំយូអែល​ជា​សាសន៍​លេមិន​អំពី​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ នោះ​អ្នកជឿ​ទាំងឡាយ​នឹង​ចាំមើល​ទីសម្គាល់​ដែល​សាំយូអែល​បាន​និយាយ​ថា​នឹង​កើតឡើង ។ អ្នកដែល​មិន​ជឿ​បាន​គំរាម​សម្លាប់​អ្នកជឿ ប្រសិនបើ​ការព្យាករណ៍​មិន​បាន​បំពេញ​នៅ​ថ្ងៃដែលបាន​កំណត់​នោះ ។ នីហ្វៃ ជា​កូនប្រុស​របស់​នីហ្វៃ និង​ជា​ចៅប្រុស​របស់​ហេលេមិន បាន​សុំអង្វរ​ព្រះអម្ចាស់​ជំនួស​ឲ្យពួក​អ្នកជឿ ។ ជាការ​ឆ្លើយ​តប​ចំពោះ​ការអធិស្ឋាន​របស់​នីហ្វៃ សំឡេងរបស់​ព្រះអម្ចាស់​បាន​បន្លឺ​ដល់​លោក ដោយ​ប្រកាស​ថា ទីសម្គាល់​នឹង​ត្រូវ​បាន​ផ្ដល់​នៅ​យប់​នោះ ។ នៅពេល​ព្រះអាទិត្យ​លិច នឹង​គ្មាន​ភាពងងឹត​ឡើយ ហើយ​ផ្កាយ​ថ្មី​មួយ​នឹង​លេចឡើង ។ ថ្វីបើ​បំណង​របស់​សាតាំង​ដែល​ចង់​បន្ដ​បំផ្លាញ​សេចក្ដីជំនឿ​របស់​ប្រជាជន​​ក្ដី ក៏​ប្រជាជន​ភាគច្រើន​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់​​ដែរ ។ ប៉ុន្ដែ​ពីរ​ឆ្នាំ​ក្រោយមក ពួកចោរ​កាឌីអានតុន​បាន​ចាប់ផ្ដើម​ដឹកនាំ​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ជាច្រើន​ទៅក្នុង​សេចក្ដីទុច្ចរិត ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 1:1–26

ការព្យាករណ៍​ដែល​ទាក់ទង​នឹង​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បានបំពេញ ហើយ​សាសន៍​នីហ្វៃ​ជាច្រើន​ត្រូវបាន​ប្រែចិត្ត

សូម​អញ្ជើញ​សិស្ស​អោយ​គិត​ពី​ប្រជាជន​ដែល​បាន​លះបង់​ជីវិត​របស់​គេ​ដើម្បី​ដំណឹងល្អ ។ ( ឧទាហរណ៍​ខ្លះ​មាន ព្រះយេស៊ូវគ្រីស្ទ អ័ប៊ីណាដៃ សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ​ខ្លះ និង​យ៉ូសែប និង​ហៃរ៉ុម ស្ម៊ីធ ។ ) សូម​ឲ្យ​សិស្ស​ពនុ្យល់​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា ប្រជាជន​មាន​ឆន្ទៈ​ដើម្បី​ធ្វើការ​លះ​បង់​​បែបនោះ ។ សូម​ឲ្យ​សិស្ស​មាន​ពេល​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ប្រសិនបើ​ពួកគេ​ស្ថិតនៅក្នុង​ស្ថានភាព​មួយ​ដែល​តម្រូវ​ឲ្យ​ពួកគេ​លះបង់​ជីវិត​របស់​ពួកគេ​ដើម្បី​ដំណឹងល្អ ។ សូម​ពន្យល់​ថា ប្រាំឆ្នាំ​ក្រោយពី​សាំយូអែល​ជា​សាសន៍​លេមិន​បាន​បង្រៀន​នៅក្នុង​ដែនដី​សារ៉ាហិមឡា ក្រុម​សាសន៍​នីហ្វៃ​ដ៏​ស្មោះត្រង់​មួយ​ក្រុម​បាន​ប្រឈមមុខ​នឹង​ការណ៍​នេះ ។

សូម​សង្ខេប ​នីហ្វៃទី 3 1:1–3 ដោយ​ការប្រាប់​សិស្ស​ថា កូនប្រុស​របស់​ហេលេមិនគឺ នីហ្វៃ បាន​ប្រគល់​កំណត់ត្រា​ដ៏​ពិសិដ្ឋ​ដល់​កូនប្រុស​របស់​លោកដែល​ជា នីហ្វៃ ហើយ​បន្ទាប់មក​លោក​បាន​ចាកចេញ​ពី​ដែនដី​ទៅ ។ គ្មាន​នរណាម្នាក់​បាន​ដឹង​ថា​លោក​ទៅ​ណា​នោះ​ទេ ។

សូម​ឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី នីហ្វៃទី 3 1:4–9 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​​រកមើល​ឧបសគ្គ​ដែល​ពួកសាសន៍​នីហ្វៃ​ស្មោះត្រង់​បាន​ជួប ។

  • តើ​ឧបសគ្គ​អ្វី​ដែល​ពួកអ្នក​ជឿ​បាន​ជួបប្រទះ ?

  • ហេតុអ្វីបានជា​មនុស្ស​ខ្លះ​អាច​តស៊ូ​ដើម្បី​នៅតែ​ស្មោះត្រង់​នៅក្នុង​ស្ថានភាព​នេះ ?

  • តើ​អ្នកស្គាល់ ​នរណា​ដែល​អ្នកជឿ​ថា នឹង​នៅ​បន្ដ​ស្មោះត្រង់​នៅក្នុង​ស្ថានភាពបែប​នេះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ប្រជាជន​ទាំងនោះ​នឹង​នៅបន្ដ​ស្មោះត្រង់ ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 1:10–12 ដោយ​ស្ងាត់ៗ សូម​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​ធ្វើ​នៅក្នុង​ពេល​ដ៏​ពិបាក​នេះ ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​​អំពី​ចម្លើយ​របស់​នីហ្វៃ​ទៅ​នឹង​ស្ថានភាព​នេះ ? ហេតុអ្វី?

សូម​ឲ្យ​សិស្ស​ម្នាក់​អាននីហ្វៃទី 3 1:13–14 ឮៗ ​ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​យកចិត្ត​ទុកដាក់​ជាពិសេស​លើ​ចម្លើយ​នៃ​ព្រះអម្ចាស់​ចំពោះ​ការអធិស្ឋាន​របស់​នីហ្វៃ ។

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​យ៉ាងណា​ថា​ទ្រង់​នឹង « បង្ហាញ​ដល់​មនុស្សលោក » ? ( ចម្លើយ​របស់​សិស្ស​គួរ​បញ្ជាក់ថា ព្រះអម្ចាស់​នឹង​បំពេញ​ព្រះបន្ទូលដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​ព្យាការី​របស់​ទ្រង់​មាន​ប្រសាសន៍ ) ។

  • នៅពេល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​ការយាងមក​ក្នុង​ពិភពលោក​នេះ « ដើម្បី​ធ្វើ​តាម​ឆន្ទៈ ទាំង​ព្រះវរបិតា និង​ព្រះរាជបុត្រា » នោះ​ទ្រង់​សំដៅ​លើ​ដង្វាយធួន​របស់​ទ្រង់ ។ តើ​សារលិខិត​នេះ​ជួយ​យើង​ឲ្យ « មានសង្ឃឹមឡើង » ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 1:4, 14–15, 19–21 ​ស្ងាត់ៗ ​ដោយ​រកមើល​ឃ្លាដែល​បញ្ជាក់​ថា ព្រះ​អម្ចាស់​​បំពេញ​តាម​ពាក្យសម្ដី​របស់​ព្យាការី​ទាំងឡាយ ។

  • តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​អ្នក​ស្ថិតនៅក្នុង​ចំណោម​អ្នកជឿ នៅពេល​ដែល​ទីសម្គាល់​បាន​កើតឡើងនោះ ?

  • តើ​ការដឹង​ថា ព្រះអម្ចាស់​នឹង​បំពេញ​តាម​ពាក្យសម្ដី​របស់​ព្យាការី​អាច​ជួយ​អ្នក នៅពេល​នរណាម្នាក់​សើចចំអក​នឹង​បទដ្ឋាន​របស់​អ្នក ឬ​បៀតបៀន​អ្នក​ចំពោះ​សេចក្ដីជំនឿ​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ពីរ ឬ​បី​នាក់​ប្ដូរ​វេនគ្នា​អាន​ឮៗ​ពី នីហ្វៃទី 3 1:16–18 ។ សូម​ឲ្យ​សិស្ស​មើល​តាម ដោយ​រកមើល​ពី​របៀប​ដែល​ពួកទុច្ចរិត​ឆ្លើយតប នៅពេល​ពួកគេ​ឃើញ​ទីសម្គាល់​ដែល​ត្រូវបាន​ព្យាករណ៍​នោះ ។

  • តើ​ពួកទុច្ចរិត​បាន​ដឹង​ពី​អ្វីខ្លះ ក្រោយពី​ទីសម្គាល់​ត្រូវ​បាន​ប្រទាន​នោះ ?

  • ហេតុអ្វី​បានជា​អំពើបាប និង​ការឥត​ជំនឿ​នាំ​ទៅរក​សេចក្ដីភ័យខ្លាច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 1:22–23 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​សាតាំង​បាន​ធ្វើ​ ដើម្បី​បញ្ចុះ​បញ្ចូល​ប្រជាជន​កុំ​ឲ្យ​ជឿ​លើ​ទីសម្គាល់​លើ​ការប្រសូត​របស់​ព្រះអម្ចាស់ ។

  • តើ​សាតាំង​បាន​ធ្វើ​អ្វី​ខ្លះ ? ( វា​បាន​កុហក​ប្រជាជន ) ។ តើ​ការកុហកបែបណាខ្លះ ដែល​សាតាំង​បាន​និយាយ​នា​សព្វថ្ងៃ​នេះ ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​ប្រតិកម្ម​របស់​ប្រជាជន​ចំពោះ​ការកុហក​របស់​សាតាំង ? ( សូម​ជួយ​សិស្ស​ឲ្យ​រកមើល​គោលការណ៍​ខាងក្រោម ៖ នៅពេល​យើង​ជួប​នឹង​ការភូតកុហក​របស់​សាតាំង យើង​អាច​ជ្រើសរើស​ដើម្បី​ជឿ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ជឿ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​បាន​ទទួល​អារម្មណ៍ពី​សេចក្ដីពិត និង​ពី​សារៈសំខាន់​នៃគោលការណ៍​នេះ សូម​ចែកចាយ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​របស់​ប៊ីស្សព រីឆាឌ ស៊ី អែជ្ជលី នៃ​គណៈប៊ីស្សពជាអធិបតី ។ សូម​គិត​ពី​ការចែកចាយ​នូវ​សំណៅ​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍​នេះ​ដល់​សិស្ស ដែល​អាច​សំគ្នា​ទៅនឹង​ព្រះគម្ពីរ​របស់​ពួកគេ ។

« ដោយ​សារតែ​វិបត្តិ និង​ឧបសគ្គ​ដែល​យើង​ជួប​ប្រទះ​នៅក្នុង​ពិភពលោក​នា​សព្វថ្ងៃ​នេះ ខ្ញុំ​សូម​ណែនាំ​នូវ​ការ​ជ្រើស​រើស​មួយ— ជាជម្រើស​នៃ​សេចក្ដីសុខសាន្ដ និង​ការការពារ​មួយ ហើយ​ជា​ជម្រើស​ដែល​សមរម្យ​សម្រាប់​មនុស្សគ្រប់គ្នា ។ ជម្រើស​នោះ​គឺជា​សេចក្ដីជំនឿ ។ … សូម​ជ្រើសយក​សេចក្ដីជំនឿ​ឲ្យ​លើស​ពី​​ការសង្ស័យ ជ្រើសយក​សេចក្ដីជំនឿ​ឲ្យ​លើស​ភាព​ភ័យខ្លាច ជ្រើសយក​សេចក្ដីជំនឿ​ឲ្យ​លើស​ពីអ្វីដែល​មិន​ដឹង ហើយ​មើលមិនឃើញ និង​ជ្រើសយក​សេចក្ដីជំនឿ​ឲ្យ​លើស​ពី​ភាព​ទុទិដ្ឋិនិយម ។ …

« នៅពេល​ភាពសម​ហេតុ​ផល មូលហេតុ ឬ​បញ្ញា​ផ្ទាល់ខ្លួន ខ្វែងជំទាស់នឹង​ការបង្រៀន និង​គោលទ្ធិ​ដ៏​ពិសិដ្ឋ ឬ​សារលិខិត​ខុស​ដែលវាយប្រហារ​​ដល់​សេចក្ដីជំនឿ​របស់​អ្នក … សូម​ជ្រើសរើស​កុំ​បោះចោល​គ្រាប់ពូជ​នោះ​ចេញ​ពី​​ចិត្ត​របស់​អ្នក​ដោយ​ការឥតជំនឿ​ឡើយ [ សូមមើល អាលម៉ា 32:28] ។ សូម​ចងចាំ​ថា យើង​នឹង​មិន​ទទួល​បាន​ទីបន្ទាល់​ឡើយ ទាល់តែ​សេចក្ដីជំនឿ​របស់​យើង​ជួប​នឹង​ការសាក​ល្បង​ជាមុនសិន ( សូមមើល អេធើរ 12:6 ) » ( « Faith—the Choice Is Yours » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 31, 32–33 ) ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជ្រើស​យក​សេចក្ដីជំនឿ​ជាជាង​ការសង្ស័យ ការភ័យខ្លាច និង​ទុទិដ្ឋិនិយម ? ( ចម្លើយ​អាច​រួមមាន យើង​អាច​ជ្រើស​រើសការ​អធិស្ឋាន ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ សិក្សា​ព្រះគម្ពីរ កាន់តាម​ព្រះបញ្ញត្តិ ចូលរួម​ការប្រជុំ​ក្នុង​ព្រះវិហារ និង​បម្រើ​ដល់​អ្នកដទៃ ) ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 1:24–25 ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​ឧបសគ្គ​មួយបន្ថែមទៀត​ដែល​អ្នកជឿ​ខ្លះ​បាន​ជួបប្រទះ ។​

  • តើ​អ្វីទៅដែល​មនុស្ស​មួយ​ចំនួន​បាន​ខំប្រឹងប្រែង​ដើម្បី​បញ្ជាក់​ពី​ច្បាប់​ម៉ូសេ ?

  • តើ​អ្វី​ដែលធ្វើ​ឲ្យ​​អ្នក​ចាប់​អារម្មណ៍ពី​ចម្លើយ​របស់​មនុស្ស​ទាំងនេះ នៅពេល​ពួកគេ​បាន​ដឹង​ថា ពួកគេ​បាន​ធ្វើ​ខុស​នោះ ?

សូម​សរសេរ​សំណួរ​នៅលើ​ក្ដារខៀន ៖ នៅពេលបច្ចាមិត្ត​ ព្យាយាម​ធ្វើ​​ឲ្យ​ខ្ញុំមាន​ការ​​សង្ស័យ តើ​ខ្ញុំ​នឹង​បន្ត​រក្សា​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់​បាន​ដោយ​របៀប​ណា ?​ សូម​ឲ្យ​សិស្ស​កត់ត្រា​សំណួរ​នេះ​ទៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​​​របស់​ពួកគេ ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​ពីរ​បី​នាទី​ដើម្បី​សរសេរ​ចម្លើយ​របស់​ពួកគេ ។

នីហ្វៃទី 3 1:27–30

ពួក​សាសន៍​នីហ្វៃ​ដែល​ប្រឆាំង និង​ពួក​យុវជន​សាសន៍​លេមិន​ខ្លះ​ចូលរួម​នឹង​ពួកចោរ​កាឌីអានតុន ។

សូម​ឲ្យ​សិស្ស​ពីរ​នាក់​ឡើង​មក​ខាង​មុខ​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​បិទ​ភ្នែក ហើយ​ឈរ​​ជើង​មួយ ។ សូម​ពន្យល់​ថា សិស្ស​រូប​នេះ​តំណាង​ឲ្យ​នរណាម្នាក់​ដែល​ដឹង​អំពី​សេចក្ដីពិត ប៉ុន្ដែ​មិន​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​មិន​ខំ​ឧស្សាហ៍​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ។

សូម​ពន្យល់​ថា នៅក្នុង​ការសម្ដែង​នេះ សិស្ស​ទីពីរ​តំណាង​ឲ្យ​ឥទ្ធិពល​ដែល​អាច​ដឹកនាំ​នរណាម្នាក់​ឲ្យ​ឃ្លាត​ចេញពី​សេចក្ដីពិត ។ សូម​ឲ្យ​សិស្ស​ទីពីរ​ទាញ​ដៃ​សិស្ស​ទីមួយ​ថ្មមៗ រហូត​ដល់​សិស្ស​ទីមួយ​ឈរ​លែង​នឹង ឬ ​បាត់បង់ជំហរ ។ សូម​បង្ហាញ​ថា នៅពេល​មនុស្ស​ម្នាក់​មិន​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ​ទេ នោះ​ភាគច្រើនគេ​នឹង​ត្រូវ​ចាញ់បោក​ដោយ​ការកុហក និង​ការល្បួង​របស់​សាតាំង ។

  • តើ​សិស្ស​ទីមួយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ឈរ​មាន​លំនឹង ? ( សិស្សនេះ​គួរ​បើក​ភ្នែក​របស់​គេ និង​ឈរ​លើ​ជើង​ទាំងពីរ ) ។

សូម​ណែនាំ​ឲ្យ​សិស្ស​ទីមួយឲ្យបើក​ភ្នែក​របស់​គេ ហើយ​ឈរ​លើ​ជើង​ទាំងពីរ​ឲ្យ​ត្រង់​ខ្លួន ។​ សូម​ពន្យល់​ថា សិស្ស​រូប​នេះ​ឥឡូវ​តំណាង​ឲ្យ​មនុស្ស​​ម្នាក់​ដែល « រឹងមាំ ហើយ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដីជំឿ » ( ហេលេមិន 15:8 ) ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ទីពីរ​ទាញ​ដៃ​សិស្ស​ទីមួយ​ថ្មមៗ​ម្ដងទៀត ។ សូម​បង្ហាញ​ថា នៅពេល​បុគ្គល​ម្នាក់​ខិតខំ​សិក្សា​ដំណឹងល្អ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ គាត់​នឹង​នៅ​រឹងមាំ​ទោះបីជា​នៅពេល​មាន​ឧបសគ្គ​យ៉ាង​ណា​​ក្ដី ។

សូម​ឲ្យ​សិស្ស​ពីរ​នាក់​ត្រឡប់​ទៅកាន់​កន្លែង​អង្គុយ​វិញ ។ សូម​ពន្យល់​ថា ពីរ​បី​ឆ្នាំ​ក្រោយពី​ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ សាតាំង​បាន​បន្ដ​ល្បួង​មនុស្ស​ឲ្យ​សង្ស័យ​នឹង​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី នីហ្វៃទី 3 1:27–29  ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ឥទ្ធិពល​ដែល​មនុស្ស​ទុច្ចរិត​បាន​មាន​លើ​យុវជនខ្លះ​នៃ​សាសន៍​លេមិន ។

  • តើ​មាន​អ្វី​បាន​កើតឡើង​ដល់​យុវជន​ខ្លះ​នៃ​សាសន៍​​លេមិន ? ( ពួកគេ « ត្រូវ​បាន​ដឹកនាំ​ទៅ​ផ្លូវ​ខុស​ដោយ​ប្រជាជន​សូរាំ​ខ្លះ » ហើយ​ពួកគេ​បាន​ចូលរួម​នឹង​ពួកចោរ​កាឌីអានតុន ) ។

  • យោងតាម3 នីហ្វៃទី 1:29 តើ​ហេតុអ្វី​បានជា​យុវជន​សាសន៍​លេមិន​ខ្លះ​បាន​ជឿ​លើ « ការភូតកុហក » និង « ពាក្យ​បញ្ជោរ » របស់​សាសន៍​សូរាំ ? ( ប្រសិនបើ​សិស្ស​មិន​លើកឡើង​អំពី​ប្រសាសន៍​របស់​មរមន​ថា យុវជន « ក្លាយទៅជា​មាន​គំនិត​ផ្ទាល់ខ្លួន » ទេ សូម​បង្ហាញ​វា​ដល់​សិស្ស ) ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​ឃ្លា « ក្លាយជាទៅ​មាន​គំនិត​ផ្ទាល់ខ្លួន » ?

នៅពេល​សិស្ស​ពិភាក្សា​ពី​សំណួរ​នេះ សូម​អាន​អ្វី​ដែល​ស៊ិស្ទើរ ខាតលីន អេច. ហ៊ូហ្គ ជា​សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​មាន​ប្រសាសន៍​អំពី​ឃ្លា​នេះ ៖

« វា​បញ្ជាក់​​អត្ថន័យ​ចំពោះ​ខ្ញុំ​ថា ពួកគេ​មើល​ឃើញ​ខ្លួនឯង​មុនគេ ហើយ​មិន​ធ្វើ​តាម​បំណង​ដែល​ព្យាការី​បាន​ព្រមាន​ពួកគេ​ឲ្យ​ចៀសវាង ។ ពួកគេ​ចុះចាញ់​តាម​ការល្បួង ការទាក់ទាញ​ដ៏​ខ្លាំង​របស់​សាតាំង » ( « Grow Up unto the Lord » Ensign, ខែ កុម្ភៈ ឆ្នាំ 2010, ទំព័រ 18 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 1:30 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ឥទ្ធិពល​នៃ « ជំនាន់​ដែល​កំពុងពេញ​វ័យ » ( យុវជន ) ទៅលើ​អ្នកដទៃ ។

  • តើ​ឥទ្ធិពល​អ្វីខ្លះ​ដែល​ជំនាន់​ដែល​កំពុងពេញ​វ័យ​បាន​មាន​ចំពោះសេចក្ដីជំនឿ​នៃ​អ្នកនៅជុំវិញ​ខ្លួន​គេ ?

ដើម្បី​ជួយ​សិស្ស​ឲ្យភ្ជាប់​​ដំណើររឿង​នេះ​ទៅនឹង​ស្ថានភាព​នា​សម័យ​ទំនើប​នេះ សូម​សួរ​សំណួរ​ខាង​ក្រោម ៖

  • តើ​« ការភូតកុហក » និង « ពាក្យ​បញ្ជោរ » ណាខ្លះ​ដែល​អាច​ទាក់ទាញ​យុវវ័យ​សព្វថ្ងៃ​នេះ​ឲ្យ​មាន​ទំនាក់ទំនងនឹង​ក្រុមដែល​ទុច្ចរិត ?

  • តើ​នៅពេល​ណា​ដែល​អ្នក​ឃើញ​យុវវ័យ​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សេចក្ដីជំនឿ​របស់​អ្នកដទៃ ?

សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​គោលការណ៍​មួយ​ដោយ​​សង្ខេប​ពីអ្វី​ដែល​យើង​​អាច​រៀន​ពី នីហ្វៃទី 3 1:29–30 ។ ពួកគេ​អាច​ប្រើ​ពាក្យ​ខុសគ្នា​ដើម្បី​ប្រាប់​ពី​ចម្លើយ​របស់​គេ ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម ៖ ប្រសិនបើ​យើង​ធ្លាក់​ទៅក្នុង​ការល្បួង គំរូ​របស់​យើង​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សេចក្ដីជំនឿ និង​ភាពសុចរិត​របស់​អ្នកដទៃ​បាន ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​បង្ហាញថា ទោះបីជា​យុវជន​ដែល​បាន​លើកឡើង​នៅក្នុង នីហ្វៃទី 3 1:30 បាន​មាន​ឥទ្ធិពល​អវិជ្ជមានចំពោះ​សេចក្ដីជំនឿ​របស់​អ្នកដទៃ​ក្ដី ក៏​យុវជន​ទាំងនោះ​អាច​មាន​ឥទ្ធិពល​សុចរិត​ទៅដល់​អ្នកនៅ​ជុំវិញ​គេ​ដែរ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ឡើង​មក​កាន់​ក្ដារខៀន ហើយ​ធ្វើ​ជា​អ្នកកត់ត្រា​សម្រាប់​ថ្នាក់រៀន ។ សូម​ឲ្យ​អ្នកកត់ត្រា​សរសេរ​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​របៀប​ណា​ខ្លះ​ដែល​អ្នក​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​សេចក្ដីជំនឿ​នៃ​គ្រួសារ​របស់​អ្នក វួដ​ឬ​សាខា និង​សហគមន៍​របស់​អ្នក ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ជ្រើសរើស​គំនិត​មួយ ឬ​ពីរ​នៅលើ​ក្ដារខៀន​ដែល​ពួកគេ​នឹង​ធ្វើតាម​ភ្លាមៗ ។ សូម​ប្រាកដ​ថា ពួកគេ​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នកដទៃ​តាមរយៈ​អំណាច​នៃ​គំរូ​ដ៏​សុចរិត ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 1:2 ។ ពួកអ្នករក្សា​ទុក​កំណត់ត្រា​នីហ្វៃ

កូនប្រុស​របស់​ហេលេមិន នីហ្វៃ បាន​ប្រគល់ឲ្យ​កូន​ប្រុស​គាត់​នីហ្វៃ​នូវ « បញ្ជី​ទាំងអស់​ដែល​បាន​កត់ទុក និង​អស់​ទាំង​វត្ថុ​ឯទៀត ដែល​ត្រូវ​បាន​រក្សាទុក​ជា​ពិសិដ្ឋ​ចាប់តាំង​ពី​ដំណើររបស់​លីហៃ​ចេញពី​ក្រុង​យេរូសាឡិម​មក » (នីហ្វៃទី 3 1:2) ។ នៅពេល​នេះ ការប្រមូល​បញ្ជី​ដ៏​ពិសិដ្ឋ​ទាំងឡាយ រួមមាន​ផ្ទាំងចំណារ​នីហ្វៃ​ធំ ផ្ទាំងចំណារ​នីហ្វៃ​តូច ផ្ទាំង​ចំណារ​លង្ហិន និង​ផ្ទាំង​មាស​ទាំង 24 ដែល​ត្រូវ​កត់ត្រា​ដោយ​អេធើរ ។

តារាង​ខាងក្រោម​បង្ហាញ​ពី​របៀប​ដែល​បញ្ជី​ដ៏​ពិសិដ្ឋ​ត្រូវបាន​ប្រគល់​ពី​ព្យាការី​មួយ​ទៅ​ព្យាការី​មួយ​ទៀត​នៅ​ប្រហែល​ឆ្នាំ 124 ម.គ.ស. ។ ( ការចាប់ផ្តើម គម្ពីរ ម៉ូសាយ ) ទៅដល់​ប្រហែល​ជា​ឆ្នាំទី 1 គ.ស. (ការចាប់ផ្ដើម​នៃ​គម្ពីរ​នីហ្វៃទី 3 ) ។

ស្ដេច​បេនយ៉ាមីន

រូបភាព
ព្រួញ​ទៅក្រោម

ស្ដេចម៉ូសាយ ( បាន ទទួល ផ្ទាំង ទាំងឡាយ នៅប្រហែលឆ្នាំ 124 ម.គ.ស.សូមមើល ម៉ូសាយ 1:15–16

រូបភាព
ព្រួញ​ទៅក្រោម

អាលម៉ា ជាកូន ( បាន ទទួល ផ្ទាំង ទាំងឡាយ នៅ ប្រហែល ឆ្នាំ 92 ម.គ.ស.សូមមើល ម៉ូសាយ 28:20

រូបភាព
ព្រួញ​ទៅក្រោម

ហេលេមិន ទី I កូនប្រុស របស់ អាលម៉ា អាលម៉ា ជា កូន ( បាន ទទួល ផ្ទាំងឡាយ នៅ ប្រហែល ឆ្នាំ 73 ម.គ.ស.សូមមើល អាលម៉ា 37:2

រូបភាព
ព្រួញ​ទៅក្រោម

ស៊ិបឡុន ជា កូនប្រុស របស់ អាលម៉ា កូន ( បាន ទទួល ផ្ទាំង ឡាំងឡាយ នៅ ប្រហែល ឆ្នាំ 56 ម.គ.ស.សូមមើល អាលម៉ា 63:1

រូបភាព
ព្រួញ​ទៅក្រោម

ហេលេមិន ទី II ជាកូន ប្រុស របស់ ហេលេមិន ទី I ( បាន ទទួល ផ្ទាំង ទាំងឡាយ នៅ ប្រហែល ឆ្នាំ 53 ម.គ.ស.សូមមើល អាលម៉ា 63:11

រូបភាព
ព្រួញ​ទៅក្រោម

នីហ្វៃទី I ជាកូនប្រុស របស់ ហេលេមិន ទី II ( បាន ទទួល ផ្ទាំង ទាំងឡាយ នៅ ប្រហែល ឆ្នាំ 39 ម.គ.ស.សូមមើល ហេលេមិន 3:37; នីហ្វៃទី 3 1:2

រូបភាព
ព្រួញ​ទៅក្រោម

នីហ្វៃទី II កូនប្រុស របស់ នីហ្វៃទី I ( បាន ទទួល ផ្ទាំងទាំងឡាយ នៅ ប្រហែល ឆ្នាំ ទី 1 គ.ស.សូម មើល នីហ្វៃទី 3 1:3

សូម​កត់ចំណាំ​ថា​នាម​កត្តា « ហេលេមិន​ទី Ⅰ » និង « នីហ្វៃទី Ⅰ » មិន​មែន​​កំណត់​សេចក្តី​ថា ទាំងនេះ​គឺជា​គំរូ​ដំបូង​នៃ​ឈ្មោះ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​មរមន​នោះទេ ។ លេខ​រ៉ូម៉ាំង​នៅពី​ក្រោយឈ្មោះ​ត្រូវបាន​ប្រើ​សម្រាប់​តែ​បញ្ជាក់​ឲ្យ​ច្បាស់​នៅក្នុង​តារាង​នេះ​ប៉ុណ្ណោះ ។ កូនប្រុស​របស់​លីហៃ ឈ្មោះ​នីហ្វៃ ដែល​បាន​និពន្ធ​គម្ពីរ​នីហ្វៃទី 1 និង​នីហ្វៃ​ទី 2 មិន​ត្រូវបាន​បញ្ចូល​នៅក្នុង​តារាង​នេះ​ទេ ។

នីហ្វៃទី៣ 1:29–30 ។ « អំពើ​ទុច្ចរិត​នៃ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ »

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ​បាន​ពន្យល់​ពី​ឥទ្ធិពល​របស់​បុគ្គល​ម្នាក់​ដែល​បាន​ដើរ​វង្វេង​អាច​មាន​មក​លើ​គ្រួសារ​មួយ ៖

« យុវវ័យ​នៃ​សាសនា​ចក្រ … ក្ដោប​អនាគត​ពួកគេ​នៅក្នុង​កណ្ដាប់​ដៃ​ខ្លួន ។ សាសនាចក្រ​តែងតែ​ស្ថិតនៅក្នុង​មួយជំនាន់​ផុត​ពី​ភាពវិនាស​បាត់បង់ ដោយ​សំអាង​ទាំងស្រុង​ទៅលើ​ជម្រើស​របស់ពួកគេ ។ ប្រសិនបើ​តំណ​យុវវ័យ​ទាំងមូលនេះ​វង្វេង​បាត់បង់ យើងនឹង​បាត់បង់​សាសនាចក្រ​នេះ​ផងដែរ ។ប៉ុន្តែ​យើង​ដឹងថា​រឿងហេតុ​នេះ​នឹង​មិន​អាច​កើតឡើង​បាន​ឡើយ ។ ប៉ុន្ដែ​សូម្បីតែ​បុគ្គល​តែម្នាក់​បាន​វង្វេង​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ វា​នឹង​បិទទា្វរ​ដល់​​កូនចៅនៃ​ជំនាន់​ក្រោយ លើក​លែង​តែ​ព្រះអម្ចាស់លូក​ព្រះ​សហ្ត​ទៅ​យក​ពួកគេ​ខ្លះ​មក​វិញ » ( « We Must Raise Our Sights » [ address to CES religious educators Aug. 14, 2001] 1 si.lds.org) ។