មេរៀនទី 159
មរ៉ូណៃ 10:1–7, 27–29
សេចក្តីផ្ដើម
លោកមរ៉ូណៃបានដាស់តឿនដល់ពួកសាសន៍លេមិន និងអ្នកផ្សេងទៀតដែលនឹងអានទីបន្ទាល់របស់លោក ឲ្យសុំដល់ព្រះដើម្បីបញ្ជាក់ពីសេចក្ដីពិតនៃពាក្យសម្ដីរបស់លោក ។ លោកបានបង្រៀនថា ព្រះនឹងបញ្ជាក់ពីសេចក្ដីពិតនៃព្រះគម្ពីរមរមន និងពីការមានពិតនៃព្រះយេស៊ូវគ្រីស្ទដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។ មរ៉ូណៃក៏បានប្រកាសថា លោកនឹងជួបយើងមុនពេលជំនុំជម្រះរបស់ព្រះ ដែលព្រះអម្ចាស់ទ្រង់ផ្ទាល់នឹងបញ្ជាក់ពីសេចក្ដីពិតនៃពាក្យសម្ដីរបស់លោកមរ៉ូណៃនេះ ។ ( កំណត់ចំណាំ ៖ អ្នកអាចទុកពេលនៅចុងបញ្ចប់នៃមេរៀនេះសម្រាប់សិស្សឲ្យចែកចាយពីទីបន្ទាល់របស់គេអំពីព្រះគម្ពីរមរមន ។ ដើម្បីធានាថា មានពេលគ្រប់គ្រាន់ សូមជ្រើសរើសប្រកបដោយការអធិស្ឋាន រើសយកចំណែកនៃមេរៀននេះដែលនឹងមានប្រយោជន៍ដល់សិស្សរបស់អ្នក ) ។
យោបល់សម្រាប់ការបង្រៀន
មរ៉ូណៃ 10:1–7
លោកមរ៉ូណៃដាស់តឿនយើងឲ្យទទួលបាននូវទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន និងអំពីព្រះយេស៊ូវគ្រីស្ទ
មុនពេលចាប់ផ្ដើមបង្រៀន សូមគូសរូបក្លោងទ្វារមួយដោយមានថ្មគោលនៅលើក្ដារខៀន ( អ្នកអាចបើកទៅរូបភាពដែលប្រើនៅក្នុងមេរៀនទី 4 បាន ) ។ សូមចាប់ផ្ដើមមេរៀនដោយបើកទៅរូបភាពនេះ ។
-
តើអ្វីជាគោលបំណងនៃថ្មគោលនៃក្លោងទ្វារនេះ ?
-
តើថ្មគោលនេះទាក់ទងទៅនឹងព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ? ( ប្រសិនបើសិស្សត្រូវការជំនួយ ក្នុងការឆ្លើយនឹងសំណួរនេះ អ្នកអាចណែនាំថា ពួកគេគួរអានប្រយោគរបស់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងកថាខណ្ឌទីប្រាំមួយនៃបុព្វកថានៃព្រះគម្ពីរមរមន ) ។
សូមឲ្យសិស្សអានកថាខណ្ឌចុងក្រោយដោយស្ងាត់ស្ងៀមក្នុងបុព្វកថានៃព្រះគម្ពីរមរមន ។ មុនពេលពួកគេអាន សូមឲ្យពួកគេរកមើលសេចក្ដីពិតបីយ៉ាងដែលបុគ្គលម្នាក់អាចដឹង ដោយការទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមន ។
-
គឺដូចជាក្លោងទ្វារដែលត្រូវបានដាក់រួមគ្នាពីថ្មគោល តើផ្នែកផ្សេងទៀតណាខ្លះនៃទីបន្ទាល់របស់យើងត្រូវបានពង្រឹងដោយការទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមន ?
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់បុគ្គលម្នាក់ៗដើម្បីទទួលបាននូវទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្រះគម្ពីរមរមន ?
សូមសង្ខេប មរ៉ូណៃ 10:1–2 ដោយការពន្យល់ថាប្រហែលជា 1,400 ឆ្នាំ មុនពេលព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងមាស លោកមរ៉ូណៃបានបញ្ចប់កំណត់ត្រាពីឪពុករបស់លោកដោយការសរសេរនូវការដាស់តឿនលើកចុងក្រោយរបស់លោកដល់អ្នកដែលនឹងទទួលបានព្រះគម្ពីរមរមននៅក្នុងថ្ងៃចុងក្រោយនេះ ។ ( វាប្រហែលជានឹងជួយបានច្រើនក្នុងការពន្យល់ពាក្យ ដាស់តឿន មានន័យថា លើកទឹកចិត្ត ឬជម្រុញដល់នរណាម្នាក់យ៉ាងមុតមាំ ។ ពាក្យនេះលេចឡើងប្រាំបីដងនៅក្នុង មរ៉ូណៃ 10 ) ។
សូមពន្យល់ថា លោកមរ៉ូណៃបានដាស់តឿនដល់អ្នកទាំងឡាយណាដែលទទួលបានព្រះគម្ពីរមរមន ឲ្យស្វែងរកនូវទីបន្ទាល់មួយអំពីសេចក្ដីពិត និងទេវភាពនៃគម្ពីរនេះ ។ សូមឲ្យសិស្សអាន មរ៉ូណៃ 10:3–4 ដោយស្ងាត់ស្ងៀមដោយរកមើលឃ្លាដែលរៀបរាប់ពីតម្រូវការដើម្បីទទួលបានទីបន្ទាល់មួយអំពីព្រះគម្ពីរមរមនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចប្រាប់ថា ពួកគេគួរគូសចំណាំឃ្លាទាំងនេះ នៅពេលពួកគេរកឃើញវា ។ នៅពេលសិស្សរៀបរាប់ពីឃ្លាដែលពួកគេបានរកឃើញ សូមសរសេរវានៅលើក្ដារខៀន ។ ចម្លើយរបស់ពួកគេអាចរួមមានដូចខាងក្រោម ៖
« អានការណ៍ទាំងនេះ »
« នឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណា »
« រំពឹងគិតនៅក្នុងចិត្តអ្នកចុះ »
« សូមសួរដោយចិត្តស្មោះស គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ »
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីអ្វីដែលនរណាម្នាក់ត្រូវតែធ្វើដើម្បីទទួលបានសាក្សីមួយពីព្រះវិញ្ញាណបរិសុទ្ធថា ព្រះគម្ពីរមរមនគឺពិត សូមប្រើគំនិតក្នុងការបង្រៀនខាងក្រោមដើម្បីពិភាក្សាពីតម្រូវការនីមួយៗដែលលោកមរ៉ូណៃបានបង្រៀន ។
1.« អានការណ៍ទាំងនេះ »
លោកមរ៉ូណៃបានអញ្ជើញឲ្យយើង « អានការណ៍ទាំងនេះ » ឬអានព្រះគម្ពីរមរមន ។ សូមឲ្យសិស្សម្នាក់អានឮៗនូវរឿងខាងក្រោមដែលបានតំណាលដោយអែលឌើរ ថាត អរ ខាលីស្ទើរ នៃកូរ៉ុមនៃពួកចិតសិបនាក់អំពីរបៀបដែលយុវនារីម្នាក់បានទទួលប្រយោជន៍ពីការបានអានព្រះគម្ពីរមរមន ៖
« យុវនារីអាយុ 14 ឆ្នាំម្នាក់ … មាននិយាយថា នាងបានពិភាក្សាអំពីសាសនាជាមួយនឹងមិត្តភក្ដិរបស់នាងម្នាក់នៅសាលារៀន ។ មិត្តរបស់នាងបាននិយាយទៅកាន់នាងថា ‹ តើឯងកាន់សាសនាមួយណា › ?
« នាងបានឆ្លើយថា ‹ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬ ពួកមរមន › ។
« មិត្តរបស់នាងបានឆ្លើយថា ‹ ខ្ញុំស្គាល់ព្រះវិហារនោះ ហើយខ្ញុំដឹងថា វាមិនពិតនោះទេ › ។
« ‹ តើឯងដឹងដោយរបៀបណា ›? នាងបានឆ្លើយ ។
« មិត្តនាងបាននិយាយថា ‹ ដោយសារ ខ្ញុំបានស្រាវជ្រាវអំពីព្រះវិហារនោះ › ។
« ‹ តើឯងធ្លាប់អានព្រះគម្ពីរមរមនទេ › ?
« នាងឆ្លើយថា ‹ ទេ ខ្ញុំមិនដែលទេ › ។
« បន្ទាប់មក យុវនារីដ៏ល្អនេះបានឆ្លើយថា ‹ ដូច្នេះឯងមិនបានស្រាវជ្រាវពីសាសនាចក្ររបស់ខ្ញុំទេ ដោយសារខ្ញុំបានអានព្រះគម្ពីរមរមនគ្រប់ទំព័រ ហើយខ្ញុំដឹងថា វាពិត › » ( « The Book of Mormon—a Book from God » Ensign ឬ លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 76 ) ។
-
តើហេតុអ្វីបានជាការអានព្រះគម្ពីរមរមនជាគន្លឹះក្នុងការទទួលបានទីបន្ទាល់អំពីសេចក្ដីពិតពេញលេញរបស់វា ?
-
តើការអានព្រះគម្ពីរមរមនឆ្នាំនេះបានពង្រឹងដល់ទីបន្ទាល់របស់អ្នកអំពីវា និងសេចក្ដីពិតដែលវាបង្រៀនដោយរបៀបណា ?
2.« នឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណា »
លោកមរ៉ូណៃបានបង្រៀនថា អ្នកដែលអានព្រះគម្ពីរមរមន ហើយមានបំណងចង់ដឹងពីសេចក្តីពិតពេញលេញរបស់វាត្រូវ « នឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណា » ( មរ៉ូណៃ 10:3 ) ។ សូមពន្យល់ថា ការទទួលស្គាល់ និងការចងចាំដល់គំរូនៃសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ អាចបន្ទន់ដួងចិត្តរបស់យើង ហើយរៀបចំយើងឲ្យមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ អត្ថន័យមួយនៃពាក្យ ដែលមានមេត្តា គឺប្រកបដោយករុណា ។ សូមឲ្យសិស្សសញ្ជឹងគិតមួយសន្ទុះអំពី ពេលដែលពួកគេបានទទួលនូវសេចក្តីមេត្តាករុណា ឬការអាណិតអាសូររបស់ព្រះអម្ចាស់ចំពោះពួកគេ ឬទទួលស្គាលវានៅក្នុងជីវិតរបស់នរណាម្នាក់ដែលពួកគេស្គាល់ ។
សូមឲ្យសិស្សចែកចាយគំរូនៃសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងព្រះគម្ពីរមរមន ដែលមានន័យដល់ពួកគេ ។
-
តើអ្នកគិតថា ការចងចាំដល់សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់អាចជួយដល់នរណាម្នាក់ឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងទទួលបានទីបន្ទាល់មួយអំពីព្រះគម្ពីរមរមនដោយរបៀបណា ?
-
តើមានភស្ដុតាងអ្វីខ្លះអំពីសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ដែលអ្នកបានធ្វើជាសាក្សីនៅក្នុងជីវិតរបស់អ្នក ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកចងចាំដល់សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ?
3.« រំពឹងគិត [ អំពីសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ ] នៅក្នុងចិត្តអ្នកចុះ »
លោកមរ៉ូណៃបានបង្រៀនថា យើងត្រូវតែសញ្ជឹងគិតអំពីសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងចិត្តយើង ។ សូមពន្យល់ថា ការសញ្ជឹងគិតពីរបៀបដែលព្រះអម្ចាស់មានមេត្តាករុណាដល់អ្នកដទៃ និងដល់ខ្លួនយើង រៀបចំយើងឲ្យទទួលបានឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលវាទៅដូច្នោះ សូមឲ្យសិស្សម្នាក់អានការពន្យល់ខាងក្រោមដោយអែលឌើរ ម៉ាវីន ជេ អាស្តុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« វចនានុក្រមចែងថា រំពឹងគិត មានន័យថា ថ្លឹងថ្លែងខាងអារម្មណ៍ គិតយ៉ាងជ្រៅជ្រះ ផ្ចង់សតិសម្បជញ្ញៈ ការស្មឹងស្មាត ។ …
« ដោយការសញ្ជឹងគិត យើងបានផ្ដល់ឱកាសដល់ព្រះវិញ្ញាណឲ្យបំផុស និងដឹកនាំយើង ។ ការសញ្ចឹងគិត គឺជាតំណដ៏មានអំណាចរវាងដួងចិត្ត និងគំនិត ។ នៅពេលយើងអានព្រះគម្ពីរ ដួងចិត្ត និងគំនិតរបស់យើងទទួលបានឥទ្ធិពល ។ ប្រសិនបើយើងប្រើអំណោយទាននេះដើម្បីសញ្ជឹងគិត នោះយើងអាចយកសេចក្ដីពិតអស់កល្បទាំងនេះ និងយល់ពីរបៀបដែលយើងអាចអនុវត្តវានៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើងបាន ។ …
« ការសញ្ជឹងគិត គឺជាការតស៊ូខាងសតិអារម្មណ៍ដ៏រីកចម្រើនមួយ ។ វាគឺជាអំណោយទានដ៏អស្ចារ្យមួយ ដល់អស់អ្នកណាដែលបានរៀនប្រើវា ។ យើងរកឃើញនូវការយល់ដឹង ទស្សនវិស័យ និងការអនុវត្តក្នុងការប្រើប្រាស់ ប្រសិនបើយើងនឹងប្រើអំណោយទាននៃការរំពឹងគិតនេះ » ( « There Are Many Gifts » Ensign, ខែ វិច្ឆិកា ឆ្នាំ 1987, ទំព័រ 20 ) ។
-
នៅពេលអ្នកបានសិក្សាព្រះគម្ពីរមរមន តើនៅពេលណាដែលការសញ្ជឹងគិតបានជួយដល់អ្នកឲ្យមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីសញ្ជឹងគិតយ៉ាងផ្ចិតផ្ចង់កាន់តែខ្លាំង នៅពេលយើងសិក្សាព្រះគម្ពីរ ?
4.« សូមសួរដោយចិត្តស្មោះស គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ [ ព្រះយេស៊ូវ ] គ្រីស្ទ »
លោកមរ៉ូណៃបានបង្រៀនថា ប្រសិនបើយើងចង់ទទួលបានសាក្សីនៃសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមន យើងត្រូវតែសុំដល់ព្រះ « ដោយចិត្តស្មោះស គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ [ ព្រះយេស៊ូវ ] គ្រីស្ទ » ។ សូមពន្យល់ថា ការអធិស្ឋានដោយស្មោះ និងដោយអស់ពីចិត្តមានន័យថា « មានបំណងចង់ធ្វើសកម្មភាពចំពោះចម្លើយដែល [ យើង ] នឹងទទួលបានពីព្រះ » ( Preach My Gospel: A Guide to Missionary Service [ ឆ្នាំ 2004 ] ទំព័រ 111 ) ។ សូមគិតពីការចែកចាយរឿងខាងក្រោម ដែលបុរសម្នាក់បានអធិស្ឋានដោយមានចិត្តស្មោះដើម្បីទទួលបានទីបន្ទាល់នៃសេចក្ដីពិតពីព្រះគម្ពីរមរមន ៖
« យូរៗម្តង ខ្ញុំបានអធិស្ឋានដើម្បីដឹងពីអ្វីដែលត្រូវ ប៉ុន្តែភាគច្រើន វាជាគំនិតដែលចេះតែមាន ជាជាងសំនួរដ៏ស្មោះស ។ក្រោយមក មានយប់មួយខ្ញុំបានសម្រេចចិត្តអធិស្ឋានដោយ ‹ ចិត្តស្មោះស › ។
« ខ្ញុំបានទូលទៅកាន់ព្រះវរបិតាថា ទូលបង្គំចង់ស្គាល់ទ្រង់ និងធ្វើជាផ្នែកមួយនៃសាសនាចក្រដ៏ពិតរបស់ទ្រង់ ។ខ្ញុំបានសន្យាថា ៖ ‹ ប្រសិនបើទ្រង់នឹងឲ្យទូលបង្គំដឹងបើយ៉ូសែប ស្ម៊ីធ ជាព្យាការីពិត និងព្រះគម្ពីរមរមនពិត នោះទូលបង្គំនឹងធ្វើអ្វីៗទាំងអស់ដែលព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំធ្វើ ។ប្រសិនបើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាសាសនាចក្រពិត នោះទូលបង្គំនឹងធ្វើតាមសាសនាចក្រ ហើយនិងពុំដែលបោះបង់ចោលឡើយ › ។
« ខ្ញុំពុំមានការបើកសម្តែងដ៏អស្ចារ្យណាមួយនោះទេ ប៉ុន្តែខ្ញុំបានទទួលអារម្មណ៍សន្តិភាព រួចបានចូលដេក ។ជាច្រើនម៉ោងក្រោយមកខ្ញុំបានក្រោកពីដេកដោយមានគំនិតមួយផ្សេងទៀតថា ៖ ‹ យ៉ូសែប ស្ម៊ីធ ជាព្យាការីពិត និងព្រះគម្ពីរមរមនពិត › ។គំនិតនោះបានមានឡើងជាមួយនឹងសន្តិភាពដែលពុំអាចពិពណ៌នាបាន ។ខ្ញុំបានដេកលក់ម្តងទៀត ហើយក្រោកឡើងនៅពេលក្រោយ ដោយមានគំនិត និងអារម្មណ៍ដដែលដូចមុន ។
« ចាប់តាំងពីពេលនោះមក ខ្ញុំពុំដែលមានអារម្មណ៍សង្ស័យថា យ៉ូសែប ស្ម៊ីធ ជាព្យាការីពិត ឬមិនពិតទៀតឡើយ ។ខ្ញុំដឹងថា នេះគឺជាកិច្ចការរបស់ព្រះអង្គសង្គ្រោះ ហើយថាព្រះវរបិតាសួគ៌នឹងឆ្លើយតបនូវការអង្វរដ៏ស្មោះសរបស់យើង » ( Rodolfo Armando Pérez Bonilla, “How I Know,” Ensign, ខែ តុលា ឆ្នាំ 2011, ទំព័រ 64 ) ។
សូមឲ្យសិស្សស្រាវជ្រាវ មរ៉ូណៃ 10:4 ហើយរកមើលអ្វីដែលព្រះនឹងធ្វើសម្រាប់អស់អ្នកណាដែលធ្វើតាមដំណើរការដែលលោកមរ៉ូណៃបានបង្ហាញ ។
-
តើសេចក្ដីសន្យាដែលលោកមរ៉ូណៃបានធ្វើដល់អស់អ្នកដែលស្វែងរកទីបន្ទាល់ពីព្រះគម្ពីរមរមនតាមរបៀបដែលលោកបានរៀបរាប់អ្វីខ្លះ ?
-
តើព្រះវិញ្ញាណបរិសុទ្ធអាចធ្វើទីបន្ទាល់ដល់យើងអំពីសេចក្តីពិតនៃព្រះគម្ពីរមរមនតាមរបៀបណា ? ( សូមប្រាកដថា សិស្សយល់ថា វិវរណៈភាគច្រើនមិនបានមកតាមរបៀបដ៏អស្ចារ្យនោះ ។ ខណៈពេលដែលបុគ្គលខ្លះអាចមានបទពិសោធន៍ខាងវិញ្ញាណលើសលុប មនុស្សភាគច្រើននឹងទទួលបានអ្វីមួយដែលស្ងៀមស្ងាត់ និងរហៀង ដូចជាអារម្មណ៍ដ៏កក់ក្ដៅ សុខសាន្ដ ឬមានការធានា ។ អ្នកក៏អាចពន្យល់ថា នៅពេលយើងសិក្សាព្រះគម្ពីរ នោះព្រះវិញ្ញាណអាចថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃអ្វីដែលយើងកំពុងអាន ។ បន្ទាប់មក នៅពេលយើងសុំចង់ដឹងពីសេចក្ដីពិតនៃព្រះគម្ពីរមរមនជាពិសេស នោះព្រះគម្ពីរមរមននឹងបញ្ជាក់ជាសាក្សីចំពោះអ្វីដែលយើងបានទទួល ) ។
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 10:5–7 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយរកមើលអ្វីដែលលោកមរ៉ូណៃបានសន្យាថា យើងអាចដឹងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមបង្ហាញថា មរ៉ូណៃ 10:4–5 នេះគឺជាវគ្គព្រះគម្ពីរចំណេះចំណាន ។ អ្នកអាចណែនាំថា សិស្សគួរគូសចំណាំវគ្គនេះដើម្បីឲ្យងាយស្រួលនឹងរកឃើញវា ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពី មរ៉ូណៃ 10:3–7 ? ( ចម្លើយរបស់សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែពួកគេគួររកឃើញនូវគោលការណ៍ដូចខាងក្រោមនេះ ៖ ប្រសិនបើយើងសុំព្រះដោយនូវសេចក្តីជំនឿ និងដោយមានចិត្តស្មោះស នោះយើងអាចទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមន និងអំពីព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ) ។
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់អំពីគោលដៅមួយទាក់ទងទៅនឹងអ្វីដែលពួកគេនឹងធ្វើដើម្បីទទួលបាន ឬពង្រឹងដល់ទីបន្ទាល់របស់គេអំពីព្រះគម្ពីរមរមន ។ សូមលើកទឹកចិត្តពួកគេឲ្យអនុវត្តគោលការណ៍ដែលបានបង្រៀនដោយ មរ៉ូណៃ 10:4 ។
មរ៉ូណៃ 10:27–29
លោកមរ៉ូណៃថ្លែងទីបន្ទាល់ថា លោកនឹងជួបយើងនៅពេលជំនុំជម្រះរបស់ព្រះ
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 10:27–29 ឮៗ ។ សូមឲ្យសិស្សគិតអំពីរបៀបដែលពួកគេអាចឆ្លើយនឹងសំណួរនេះដែលមាននៅក្នុង មរ៉ូណៃ 10:27 ។ សូមថ្លែងទីបន្ទាល់ថា អស់អ្នកណាដែលបានទទួលព្រះគម្ពីរមរមន នឹងទទួលខុសត្រូវចំពោះព្រះអំពីរបៀបដែលពួកគេឆ្លើយតបនឹងវា ។
សូមទុកពេលវេលាគ្រប់គ្រាន់នៅចុងបញ្ចប់នៃមេរៀននេះ ដើម្បីសុំឲ្យសិស្សចែកចាយទីបន្ទាល់របស់គេអំពីព្រះគម្ពីរមរមន ។ សូមគិតពីការថ្លែងទីបន្ទាល់របស់អ្នកផ្ទាល់អំពីព្រះគម្ពីរមរមន ។ សូមធានាដល់សិស្សថា នៅពេលពួកគេបន្ដសិក្សាក្នុងព្រះគម្ពីរមរមនពេញមួយជីវិតរបស់គេ នោះសេចក្តីជំនឿរបស់គេទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់នឹងកើនឡើង ។
ចំណេះចំណានខគម្ពីរ—មរ៉ូណៃ 10:4–5
សិស្សដែលទន្ទេញ មរ៉ូណៃ 10:4–5 នឹងរៀបចំខ្លួនបានប្រសើរដើម្បីចែកចាយសារលិខិតនៃព្រះគម្ពីរមរមនជាមួយនឹងអ្នកដទៃ ។ សូមសរសេរវគ្គនេះនៅលើក្ដារខៀន ហើយសូមឲ្យសិស្សទាំងអស់អានវឮៗ ។ សូមលុបប្រាំមួយពាក្យ ហើយបន្ទាប់មក សូមឲ្យសិស្សអានវាម្ដងទៀត ដោយបំពេញនូវពាក្យដែលលុបចេញនៅពេលពួកគេអាន ។ សូមបន្ដធ្វើដូច្នេះ រហូតដល់វគ្គភាគច្រើន ឬទាំងអស់ត្រូវបានលុបអស់ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
មរ៉ូណៃ 10:3 ។ « រំពឹងគិតនៅក្នុងចិត្តអ្នកចុះ »
ដោយយោងទៅ មរ៉ូណៃ 10:3 អែលឌើរ ជិនិ អ. ឃុក បានពន្យល់ ៖
« ពាក្យប្រាំចុងក្រោយនៃខគម្ពីរនេះ ផ្ដល់នូវការព្រមានដ៏សំខាន់— ‹ រំពឹងគិតនៅក្នុងចិត្តអ្នកចុះ › ។ តើអ្វីជាពាក្យឬសនៃកិរិយាសព័្ទរំពឹងគិត —រឿងអ្វីដែលយើងត្រូវរំពឹងគិត ? វាគឺជា ‹ តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណាដល់កូនចៅមនុស្ស ចាប់តាំងពីកំណើតលោកអ័ដាមមករហូតមកដល់ពេលដែលអ្នករាល់គ្នាបានទទួលការណ៍ទាំងនេះ › ។ យើងត្រូវចងចាំថា តើព្រះវរបិតាសួគ៌របស់យើងស្រឡាញ់យើងយ៉ាងណា មើលថែយ៉ាងណា ល្អយ៉ាងណា អភ័យទោសដល់យើងខ្លាំងប៉ុណ្ណា » ( « Moroni’s Promise » Ensign ខែ មេសា ឆ្នាំ 1994 ទំព័រ 12 ) ។
ការព្រមាននេះដែលជិតចុងបញ្ចប់នៃព្រះគម្ពីរមរមនដើម្បីឲ្យចងចាំ និងរំពឹងគិតដល់សេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ គឺសមនឹងសេចក្ដីប្រកាសរបស់នីហ្វៃថា « ខ្ញុំនីហ្វៃ នឹងបង្ហាញដល់អ្នករាល់គ្នាថា សេចក្ដីមេត្តាករុណដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ មានមកលើជនទាំងអស់ណាដែលទ្រង់បានរើស » ( នីហ្វៃទី 1 1:20 ) ។
បន្ថែមលើការរំពឹងគិតអំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ អ្នកដែលអានព្រះគម្ពីរមរមនគួរសញ្ជឹងគិតអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ដែលពួកគេរកឃើញនៅក្នុងទំព័រទាំងឡាយ ( សូមមើល បុព្វកថានៃព្រះគម្ពីរមរមន ) ។
មរ៉ូណៃ 10:4 ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបើកសម្តែងសេចក្តីពិតនៃព្រះគម្ពីរមរមន ដល់អស់អ្នកណាដែលទូលសួរដល់ព្រះក្នុងសេចក្តីជំនឿដោយ « មានចិត្តស្មោះស »
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីការដាស់តឿនរបស់លោកមរ៉ូណៃថា យើងត្រូវសុំព្រះដោយ « មានចិត្តស្មោះស » ទាក់ទងនឹងសេចក្ដីពិតនៃព្រះគម្ពីរមរមន ៖
« លោកមរ៉ូណៃមិនបានសន្យាអំពីការបើកបង្ហាញនៃព្រះវិញ្ញាណបរិសុទ្ធដល់អស់អ្នកណាដែលស្វែងរកចង់ដឹងពីសេចក្ដីពិតនៃព្រះគម្ពីរមរមនសម្រាប់ហេតុផលខាងទ្រឹស្តី ឬការអប់រំនោះទេ ទោះបីជាពួកគេ ‹ សុំដោយមានចិត្តស្មោះសក្ដី › ។ សេចក្ដីសន្យារបស់ មរ៉ូណៃគឺសម្រាប់អស់អ្នកដែលប្ដេជ្ញាក្នុងចិត្តគេថានឹងធ្វើសកម្មភាពតាមការបង្ហាញ ប្រសិនបើគេទទួលបាន ។ ការអធិស្ឋានដោយផ្អែកលើមូលហេតុផ្សេងទៀត គ្មានសេចក្ដីសន្យានោះទេ ដោយសារវាមិនបានធ្វើឡើងដោយ ‹ មានចិត្តស្មោះស › » (Pure in Heart [ ឆ្នាំ 1988 ] ទំព័រ 19–20 ) ។
មរ៉ូណៃ 10:27–29 ។ សេចក្តីសង្គ្រោះពឹងទៅលើរបៀបដែលយើងទទួលបានព្រះគម្ពីរមរមន
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបញ្ជាក់ពីសារៈសំខាន់នៃព្រះគម្ពីរមរមន នៅពេលលោកបានពង្រីកទំហំនៃការដាស់តឿនខាងក្រោមដល់សមាជិកទាំងអស់នៃសាសនាចក្រ ៖
« បងប្អូនប្រុសស្រីទាំងឡាយ ខ្ញុំសូមអង្វរអ្នកដោយអស់ពីដួងចិត្តខ្ញុំថាអ្នកគិតពិចារណាដោយឲ្យតម្លៃយ៉ាងខ្លាំងទៅលើភាពសំខាន់របស់ព្រះគម្ពីរមរមន ដល់ខ្លួនអ្នកផ្ទាល់និងដល់សាសនាចក្រទាំងមូល ។
« ជាង10ឆ្នាំកន្លងផុតទៅហើយ ខ្ញុំបានធ្វើសេចក្តីថ្លែងការណ៍ខាងក្រោមអំពីព្រះគម្ពីរមរមន ។ …
« ‹ ពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូប គួរតែធ្វើការសិក្សាព្រះគម្ពីរមរមនក្នុងការអោបក្រសោបពេញមួយជីវិត ។ បើមិនដូច្នោះទេ លោកកំពុងតែដាក់ព្រលឹងលោកក្នុងគ្រោះថ្នាក់ និងការធ្វេសប្រហែសដែលអាចផ្តល់ខាងវិញ្ញាណនិងបញ្ញារួមគ្នាចំពោះជីវិតរបស់លោកទាំងមូល ។ មានភាពខុសគ្នាមួយរវាងអ្នកប្រែចិត្តជឿដែលសាងសង់លើថ្មនៃព្រះគ្រីស្ទតាមរយៈព្រះគម្ពីរមរមនហើយកាន់ខ្ជាប់ដំបងដែកនោះ និងអ្នកដែលមិនមែន › (Ensign ខែ ឧសភា ឆ្នាំ 1975 ទំព័រ 65 ) ។
« ខ្ញុំសូមបញ្ជាក់ពាក្យទាំងនោះដល់អ្នកនៅនាសម័យនេះបន្ថែមទៀត ។ ចូរយើងកុំនៅក្រោមសេចក្តីដាក់ទោសឡើយ ជាមួយនឹងទុក្ខទោស និងការវិនិច្ឆ័យរបស់វា ដោយការមិនយកចិត្តទុកដាក់ចំពោះអំណោយទានដ៏មហិមានិងអស្ចារ្យ ដែលព្រះអម្ចាស់បានប្រទានដល់យើងនេះឡើយ ។ [ សូមមើល គ. និង ស. 84:54–58] ។ តែចូរយើងទទួលបានជោគជ័យលើសេចក្ដីសន្យាទាំងឡាយ ដែលជាប់ទាក់ទងនឹងការរក្សាទុកវានៅក្នុងដួងចិត្តរបស់យើងវិញ » ( « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 7 ) ។