បណ្ណាល័យ
មេរៀនទី 122៖ នីហ្វៃទី 3 12


មេរៀនទី 122

នីហ្វៃទី 3 12

សេចក្តីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ​អំពី​របៀប​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ទ្រង់ និង​បាន​ណែនាំ​ពួកគេ​ឲ្យ​មាន​ឥទ្ធិពល​ដល់​អ្នកដទៃ​ចំពោះ​ការណ៍​ល្អ ។ ទ្រង់​ប្រកាស​ថា ទ្រង់​បាន​បំពេញ​ច្បាប់​របស់​ម៉ូសេ ហើយ​ទ្រង់​បាន​ប្រទាន​ដល់​ប្រជាជន​នូវ​ច្បាប់​ដ៏​ខ្ពស់​ជាង​ដើម្បី​រៀបចំ​ពួកគេ​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ និង​ព្រះវរបិតា​ដែល​គង់នៅស្ថានសួគ៌​របស់​យើង ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី 3 12:1–12

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ដល់​ហ្វូងមនុស្ស​អំពី​ពរជ័យ​ដែល​យើង​ទទួល​បាន នៅពេល​យើង​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​បង្រៀន ៖

តើ​ព្រះវរបិតាសួគ៌​សង្ឃឹម​ថា​យើង​នឹងល្អ​ឥតខ្ចោះ​ទេ ?

តើ​យើង​ត្រូវ​ក្លាយជា​ល្អឥតខ្ចោះ​នៅក្នុង​ជីវិត​នេះ​ដើម្បី​ចូលទៅក្នុង​នគរសេឡេស្ទាល​ទេ ?

តើ​យើង​អាចល្អ​ឥតខ្ចោះ​ទេ ?

នៅពេល​ចាប់ផ្ដើម​មេរៀន​នេះ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​សំណួរ​ទាំងនេះ ។ សូម​ឲ្យ​ពួកគេ​គិត​ពី​សំណួរ​នេះ​ពេញ​មួយ​មេរៀន​នេះ ។

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 12:483 ឮៗ ។ សូម​បង្ហាញ​ថា នេះ​គឺជា​វគ្គ​ចំណេះ​ចំណានខព្រះគម្ពីរ ។ អ្នក​អាចណែនាំ​ថា សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​នឹង​រកឃើញ​វា ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​អំពី​ព្រះបញ្ញត្តិ​ដើម្បី​បាន​ល្អ​ឥតខ្ចោះ ៖

« យើង​មិន​ត្រូវអាក់អន់ចិត្ត ប្រសិនបើ​ការព្យាយាម​ទៅកាន់​ភាពល្អ​ឥតខ្ចោះ​ ហាក់ដូច​ជា​យ៉ាប់យ៉ឺន [ ពិបាក ] និង​មិន​ចេះចប់​មិន​ចេះហើយនោះ ។ ភាពល្អ​ឥតខ្ចោះ​គឺជាការ​រង់​ចាំ ។ យើង​អាច​ទទួល​បាន​ពេញលេញ​តែ​ក្រោយពី​​ការរស់ឡើងវិញ និង​តែ​តាមរយៈ​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ ការ​ល្អឥត​ខ្ចោះ​រង់ចាំ​ដល់​អ្នកទាំងឡាយ​ណា​ដែល​ស្រឡាញ់​ទ្រង់ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់» ( « Perfection Pending » Ensign, ខែ វិច្ឆិកា ឆ្នាំ 1995, ទំព័រ 88 ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ការឥតខ្ចោះ​អាច​មក « តែ​តាមរយៈ​ព្រះអម្ចាស់ » ?

សូម​រំឭក​សំណួរ​បី​នៅពេល​ចាប់ផ្ដើម​មេរៀន​នេះ ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​អាច​នឹង​ផ្លាស់ប្ដូរ​ចម្លើយ​របស់​គេ​ចំពោះ​សំណួរ​ទាំងនោះទេ ក្រោយពី​ការអាន នីហ្វៃទី 3 12:48 និង​ការ​ស្ដាប់​ការពន្យល់​របស់​អែលឌើរ ណិលសុន ហើយ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះវរបិតាសួគ៌​មិន​រំពឹង​ឲ្យ​យើង​​ឥតខ្ចោះ កាល​មាន​ជីវិតលើ​ផែនដី​នោះទេ ប៉ុន្ដេ​នៅពេល​យើង​ខិតខំ​យ៉ាងឧស្សាហ៍​ព្យាយាម​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ និង​នៅពេល​យើង​ទុកចិត្ត​ទៅលើ​ដង្វាយធួន នោះ​យើង​អាច​នឹង​ល្អ​ឥតខ្ចោះ​នៅទីបញ្ចប់ ។

សូម​សរសេរ​ពាក្យ​ថា ត្រូវបាន​ប្រទានពរ នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 12:1–12 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើលឥរិយា​បទ​ដែល​ព្រះអង្គ​សង្គ្រោះ​សុំ​ឲ្យ​យើង​កែ​ប្រែ ព្រម​ទាំង​ពរជ័យ​ទាំងឡាយ​ដែល​ទ្រង់​សន្យា​នឹង​ប្រទាន​ជា​លទ្ធផល ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​បាន​មក​ក្នុង​ជីវិត​របស់​អ្នក ជា​លទ្ធផល​នៃ​ការរស់នៅ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង នីហ្វៃទី 3 12:1–12 ?

សូម​បង្ហាញ​ពី​ភាពញឹកញាប់​នៃ​ពាក្យ​ថា ត្រូវបាន​ប្រទានពរ មាននៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​ចែកចាយ​ទីបន្ទាល់​​អ្នក​អំពី​របៀប​ដែល​អ្នក​ត្រូវបាន​ប្រទានពរ នៅពេល​អ្នក​បាន​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​ពរជ័យ​មួយ​ដែល​ពួកគេ​ចង់បា​នដូចដែល​បាន​រៀបរាប់​នៅក្នុង នីហ្វៃទី 3 12:1–12 ។ សូម​ពួកគេ​សរសេរ​នូវ​ឥរិយាបទ​ដែល​ពួក​គេ​ត្រូវ​កែ​ប្រែ​ដើម្បី​ទទួល​បាន​នូវ​ពរជ័យ​នោះ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​សរសេរ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​កែ​ប្រែ​ឥរិយា​បទនោះ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ និង​ពី​មូលហេតុ ។

នីហ្វៃទី3 12:13–16

ព្រះអង្គសង្គ្រោះ​ដាស់តឿន​ដល់​ហ្វូងមនុស្ស​ឲ្យ​ធ្វើជា​គំរូដ៏​សុចរិត​ដល់​ពិភពលោក

សូម​បង្ហាញ​ក្រឡ​អំបិល ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ផលប្រយោជន៍​នៃ​អំបិល ។ នៅពេល​សិស្ស​ឆ្លើយ សូម​ប្រាកដ​ថា បាន​ពន្យល់​ថា អំបិល​បន្ថែម​រស​ដល់​អាហារ ហើយ​ថា​វា​ជាគ្រឿង​ប្រឡាក់​មិន​ឲ្យសាច់​ស្អុយ ។ អ្នក​ក៏​អាច​នឹង​​ពន្យល់​ថា នៅក្រោម​ច្បាប់​ម៉ូសេ ពួកសង្ឃ​ត្រូវ​បាន​បញ្ជា​ឲ្យ​ផ្ដល់​អំបិល​ជាមួយ​នឹង​ការថ្វាយ​យញ្ញបូជា​របស់​ពួកគេ ( សូម​មើល លេវីវិន័យ 2:13 ) ។ ហេតុដូច្នេះហើយ អំបិល​គឺជា​សញ្ញា​មួយ​នៃ​សេចក្ដីសញ្ញា​រវាង​ព្រះអម្ចាស់ និង​ប្រជាជន​របស់​ទ្រង់ ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 12:13 ដោយ​ស្ងាត់ស្ងៀម និង​រកមើល​អ្នកដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រៀបធៀប​ទៅនឹង​អំបិល ។ នៅពេល​សិស្ស​ឆ្លើយ សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​សំដៅ​មិនត្រឹម​តែ​សំដៅ​លើ​ហ្វូងមនុស្ស​នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅថ្ងៃនោះ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ទៅដល់​អស់​អ្នកទាំងឡាយណា​ដែល​ត្រូវបាន​ជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ​របស់​ទ្រង់ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ទៀត​ផង ។

  • ក្នុង​នាម​ជាអ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ តើ​យើង​អាច​ក្លាយ​ដូចជា​អំបិល​តាម​វិធីណា ? ( យើង​ត្រូវ​ជួយ​រក្សា ឬ​សង្គ្រោះ​ប្រជាជន និង​ត្រូវ​ពង្រឹង​ពិភពលោក​ដោយ​ការមាន​ឥទ្ធិពល​លើ​អ្នកដទៃ​ដោយ​អំពើល្អ ) ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា​ដែល​អំបិល​នឹង​ត្រូវបាត់​បង់​រសជាតិ​របស់​វា​នោះ ?

នៅពេល​សិស្ស​ពិភាក្សា​ពី​សំណួរ​នេះ អ្នក​អាច​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ខាឡូស អ៊ី. អាសាយ នៃ​ក្រុម​ចិតសិបនាក់ ៖

« អំបិល​នឹង​មិន​បាត់បង់​រស​របស់​វា​តាមពេលវេលា​នោះទេ ។ រសជាតិ​ត្រូវបាត់បង់​តាមរយៈ​ការលាយ និង​ការបំពុល ។ … រសជាតិ និង​គុណភាព​ចាកចេញ​ពី​មនុស្ស នៅពេល​គេ​បំពុល​គំនិត​របស់​គេ​ដោយ​គំនិត​មិន​ស្អាតស្អំ ពោល​ពាក្យ​ប្រមាថ​ដោយ​ការនិយាយ​កុហក់ និង​អនុវត្ត​កម្លាំង​របស់​គេ​ខុស​ទៅលើ​ការធ្វើ​អំពើ​អាក្រក់ » ( « Salt of the Earth: Savor of Men and Saviors of Men » Ensign, ខែ ឧសភា ឆ្នាំ 1980, ទំព័រ 42 ) ។

  • ហេតុអ្វី​បានជា​យើង​ត្រូវតែ​បរិសុទ្ធ​ដើម្បី​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​ចំពោះ​ការណ៍​ល្អ ?

សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​ប្រើ​និមិត្តសញ្ញា​ផ្សេង​ទៀត​ដើម្បី​បង្រៀន​ពី​របៀប​ដែលសមាជិកក្នុងសេចក្តីសញ្ញា​នៃ​សាសនាចក្រ​របស់​ទ្រង់​គួរ​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​ចំពោះ​ការណ៍ល្អ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 12:14–16 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រើ​ពន្លឺ​ដើម្បី​បង្រៀន​ពី​តួនាទី​របស់​រាស្ត្រនៃសេចក្តីសញ្ញា​របស់​ទ្រង់​នៅក្នុង​ពិភពលោក​នេះ ។ មុនពេល​សិស្ស​អាន អ្នក​អាច​ពន្យល់​ថា កញ្ជើ​គឺជា​កន្ដ្រក​មួយ ។

  • តើ​សមាជិក​នៃ​សាសនាចក្រ​អាច​ក្លាយជា​ពន្លឺ​ដល់​អ្នកដទៃ​ដោយ​របៀបណា ? តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា​ដើម្បី​ឲ្យ​ពន្លឺ​របស់​យើង​ចែងចាំង​ឡើង ? ( នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​របៀប​ដែល​គំរូ​របស់​ពួកគេ​ចំពោះ​​ការរស់នៅ​ដ៏​សុចរិត​អាច​ជួយ​ដល់​មនុស្ស​ផ្សេង​ទៀត ) ។

  • តើ​សមាជិក​សាសនាចក្រ​ខ្លះ​អាច​គ្រប​ពន្លឺ​របស់​គេ​យ៉ាង​ដូចម្ដេច ?

  • យោងតាម នីហ្វៃទី 3 12:16 តើ​ហេតុអ្វី​បានជា​ព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​យើង​បំភ្លឺ​ពន្លឺ​របស់​យើង ? ( នៅពេល​យើង​ធ្វើ​ជា​គំរូ​ដ៏​សុចរិត នោះ​យើង​អាច​ជួយ​ដល់​អ្នកដទៃ​ឲ្យ​តម្កើង​ដល់​ព្រះវរបិតាសួគ៌ ។ អ្នក​អាច​ណែនាំថា សិស្ស​គួរ​សរសេរ​គោលការណ៍​នេះ​ជាសម្ដី​របស់​គេ​ផ្ទាល់​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ) ។

  • តើ​គំរូ​ដ៏​សុចរិត​របស់​នរណា​ដែល​បាន​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែជិត​ទៅរក​ព្រះវរបិតាសួគ៌ និង​ពង្រឹង​បំណង​របស់​អ្នក​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ?

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​គំរូ​ដែល​ពួកគេ​បាន​ធ្វើ​ដល់​អ្នកដែល​នៅជុំវិញ​ខ្លួនគេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ជួយ​អ្នកដទៃ​ឲ្យ​បង្កើន​សេចក្ដីស្រឡាញ់​របស់​គេ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ជម្រុញ​បំណង​របស់​គេ​ដើម្បី​ធ្វើ​តាម​ទ្រង់​កាន់តែ​ខ្លាំង ។

នីហ្វៃទី3 12:17–48

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ដល់​ហ្វូងមនុស្ស​អំពីក្រិត្យវិន័យ​ដ៏​ខ្ពស់ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ និង​ព្រះវរបិតាសួគ៌

សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​បន្ដ​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ​ពី​របៀប​ដើម្បី​មកកាន់​ទ្រង់ និង​ចូលទៅក្នុង​នគរស្ថានសួគ៌ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 12:19–20 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ពាក្យមួយ​ដែលសរសេរ​ច្រើនដង​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​ពាក្យ​​សំខាន់​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​ទ្រង់បានប្រើ​បី​ដង សម្រាប់​ជា​ផ្នែក​នៃ​ការអញ្ជើញ​ឲ្យ​មក​រក​ទ្រង់​នេះ ? ( ព្រះបញ្ញត្តិ ) ។

សូម​ពន្យល់​ថា នីហ្វៃទី 3 12:21–47 រួមមាន​ព្រះបញ្ញត្តិ​ជាក់លាក់​ខ្លះ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ដែល​នឹង​ជួយ​យើង​ឲ្យ​មក​រក​ទ្រង់ ហើយកាន់​តែ​​ក្លាយ​ដូចជា​ទ្រង់ ។ នៅពេល​ទ្រង់​បាន​បង្រៀន​ពី​ព្រះបញ្ញត្តិ​ទាំងនេះ​ដល់​ពួកសាសន៍​នីហ្វៃ ទ្រង់​បាន​សំដៅ​ទៅលើ​បញ្ញត្តិ​ដែល​ជា​ផ្នែក​នៃ​ក្រិត្យវិន័យ​របស់​ម៉ូសេ ហើយ​បន្ទាប់មក​បាន​បង្រៀន​អំពី​ច្បាប់​ដ៏​ខ្ពស់​ជាង ។ ទ្រង់​បាន​សំដៅលើ​ការយល់ដឹង​តាម​​បែប​ប្រពៃណី ​អំពី​ក្រិត្យវិន័យ​របស់​ម៉ូសេ នៅពេល​ទ្រង់​បាន​ប្រើ​ឃ្លា​ដូចជា « សេចក្ដី​ដែល​មនុស្ស​ពី​បុរាណ​បាន​ថ្លែង » និង « បាន​ចែង​ទុក​មក​ថា » ។ នៅពេល​ទ្រង់​បាន​មាន​បន្ទូល​ថា « ប៉ុន្ដែ​យើង​ប្រាប់​អ្នករាល់​គ្នា​ថា » នោះ​ទ្រង់​បាន​បង្ហាញ​ពី​របៀប​ដែល​ទ្រង់​ចង់​ឲ្យ​យើង​កាន់តាម​ព្រះបញ្ញត្តិ​នោះ​នាសព្វថ្ងៃនេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​សិក្សា​ពី​ខគម្ពីរ​ទាំងនេះ សូម​គូស​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ។ សូម​បំបែក​សិស្ស​ទៅជាបួនក្រុម ។សូម​ដាក់​កិច្ចការ​មួយជួរដល់​ក្រុម​នីមួយៗ​ ក្នុង​តារាង ហើយ​សូម​ឲ្យ​ពួកគេ​អាន​ខគម្ពីរ​ដែល​អម​មក​ជាមួយ ហើយ​ឆ្លើយ​នឹង​សំណួរ ។

តើ​ការយល់ដឹង​បែប​ប្រពៃណី​ពី​ក្រិត្យវិន័យរបស់​ម៉ូសេ​ជា​អ្វី ?

តើ​ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​យើង​ឲ្យ​រស់នៅ​ដោយ​របៀបណា ?

តើ​យុវជន ឬ​យុវនារី​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​អនុវត្ត​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ?

នីហ្វៃទី 3 12:21

នីហ្វៃទី 3 12:22–26

នីហ្វៃទី 3 12:27

នីហ្វៃទី 3 12:28–30

នីហ្វៃទី 3 12:38

នីហ្វៃទី 3 12:39–42

នីហ្វៃទី 3 12:43

នីហ្វៃទី 3 12:44–46

ចំពោះ​អត្ថ​ប្រយោជន៍​ដែលសិស្សអាន នីហ្វៃទី 3 12:22 អ្នក​អាច​ពន្យល់​ថា អាចោរម្សៀត គឺជា​ពាក្យ​ប្រមាថ ឬ​ចំអក​ ដែល​បង្ហាញ​ពី​ការស្អប់ខ្ពើម ឬ​ការមើលងាយ ( សូមមើល ម៉ាថាយ 5:22 ) ។ អ្នក​ក៏​អាច​ពន្យល់​ថា អែលឌើរ ដេវីឌ អ៊ី. សូរិនសុន នៃ​ក្រុមចិតសិបនាក់​បាន​បង្រៀន​ថា​ឃ្លា « ព្រមព្រៀងជាមួយ​នឹង​អ្នកដើមចោទ​អ្នក​ជា​ប្រញាប់ » ( នីហ្វៃទី 3 12:25 ) មាន​ន័យ​ថា « ដោះស្រាយ​ភាពខុសគ្នា​របស់​យើង​ភ្លាមៗ ក្រែង​ចំណង់​នៃ​ពេលនោះ​ទាក់ទាញ​ទៅក្នុង​ភាពសាហាវ​ខាង​សាច់ឈាម ឬ​ស្មារតី ហើយ​យើង​ធ្លាក់​ជា​ចំណាប់​ខ្មាំង​នៃ​កំហឹង​របស់​យើង » ( « Forgiveness Will Change Bitterness to Love » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2003 ទំព័រ 11 ) ។

នៅពេល​សិស្ស​បានសិក្សា​ខគម្ពីរ​ដែល​ដាក់​ឲ្យ​គេ​ហើយ សូម​ឲ្យ​ក្រុម​នីមួយៗ​រៀបរាប់​ពី​ចម្លើយ​របស់​គេ ។ អ្នក​អាច​ឲ្យ​ពួកគេសរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​តារាង​នៅលើ​ក្ដារខៀន ។

  • តើ​អ្វី​ដែល​ហាក់ដូចជា​បាន​ផ្លាស់ប្ដូរ​រវាងក្រិត្យវិន័យ​របស់​ម៉ូសេ និងក្រិត្យវិន័យ​ដ៏​ខ្ពស់​ដែល​បាន​បង្រៀន​ដោយ​ព្រះយេស៊ូវគ្រីស្ទ ?

អ្នក​អាច​បង្ហាញ​ថា ក្រិត្យវិន័យ​ដ៏​ខ្ពស់​ផ្ដោត​ខ្លាំង​ទៅលើ​បំណង គំនិត និង​ការលើក​ទឹក​ចិត្ត​របស់​យើង ​ជាជាង​សំបកក្រៅ​របស់​យើង ។

  • នៅពេល​យើង​ខិតខំ​ក្លាយទៅជា​ឥតខ្ចោះ ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​ផ្ដោតទៅលើ​បំណង គំនិត និង​ការលើក​ទឹក​ចិត្តយើង ?

សូម​ឲ្យ​សិស្ស​ជ្រើសរើស​ការបង្រៀន​មួយ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃទី 3 12 និង​សរសេរ​ឲ្យ​បាន​មួយកថាខ័ណ្ឌ​អំពី​របៀប​ដែល​ពួកគេ​នឹង​ពង្រឹង​លើ​ផ្នែក​នោះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 12:19–20 ឮៗ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា តាម​រយៈការប្រែចិត្ត និង​ការខិតខំ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន នោះ​យើង​អាច​ក្លាយជា​ឥតខ្ចោះ​តាមរយៈ​ដង្វាយធួន ហើយ « ចូលទៅក្នុង​នគរស្ថានសួគ៌ » ( នីហ្វៃទី 3 12:20 ) ។

ក្រោយពី​សិស្ស​បាន​បញ្ចប់​សកម្មភាព​ទាំងនេះ​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​ពួកគេ ។ សូម​សង្ខេប​ជំពូក​នេះ ដោយសរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​មកកាន់​ព្រះគ្រីស្ទ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ យើង​អាច​ក្លាយ​ដូចជា​ទ្រង់ និង​ព្រះវរបិតា​ដែល​គង់​នៅឯ​ស្ថានសួគ៌របស់​យើង ដែលទ្រង់​បាន​​ឥតខ្ចោះ ។ សូម​រំឭក​សិស្ស​ថា ដើម្បី​ទទួល​បាន​កម្រិត​ណា​មួយ នៃ​ភាពឥតខ្ចោះ យើង​ត្រូវតែ​ពឹងផ្អែក​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​សរសេរ​អំពី​របៀប​មួយ ឬ​ពីរ​ដែល​ពួកគេ​នឹង​អនុវត្ត​តាមការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ដែល​ពួកគេ​បាន​រៀន​នា​ថ្ងៃនេះ ។ សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​ដែល​អ្នក​បានសរសេរ​នៅលើ​ក្ដារខៀន ។

ចំណេះចំណាន​ខគម្ពីរ—នីហ្វៃទី 3 12:48

សូម​ឲ្យ​សិស្ស​បើក​ព្រះគម្ពីរ​ទៅ នីហ្វៃទី 3 12:48 ។ សូម​ឲ្យ​ពួកគេ​អាន​វគ្គ​នេះ​រៀងៗ​ខ្លួន ។ សូម​ឲ្យ​សិស្ស​មាន​ពេល​ដើម្បី​សិក្សា​ខគម្ពីរ​នេះ ហើយ​បន្ទាប់មក​សុំ​ឲ្យ​ពួកគេ​បិទ​ព្រះគម្ពីរ ហើយ​ទន្ទេញ​ខគម្ពីរ​នេះ​ម្ដងទៀត​ឲ្យ​ល្អឥត​ខ្ចោះ ​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ។ សូម​ឲ្យ​ពួកគេ​អាន​ខគម្ពីរ​នេះ​ម្ដងទៀត ដោយបិទព្រះគម្ពីរ​ ហើយ​បន្ទាប់មក​ទន្ទេញ​ខគម្ពីរ​នេះ ។

  • តើ​អ្នក​បាន​រីកចម្រើន​ដោយ​ការខិតខំ​ដោយ​របៀបណា ?

  • តើ​សកម្មភាព​នេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​ដំណើរការណ៍ឆ្ពោះ​ទៅរក​ភាពឥតខ្ចោះ​ដោយ​របៀប​ណា ?

សូម​បង្ហាញ​ថា ការខិតខំ​របស់​យើង​នៅក្នុង​ជីវិត​នេះ​គឺ​សំខាន់​ណាស់ ។ ទោះជាយ៉ាងណាក្ដី សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​មិន​រំពឹង​យើង​ឲ្យ ​ឥតខ្ចោះ​ក្នុង​គ្រប់ការណ៍​ទាំងអស់​អំឡុងពេល​ជីវិតរស់នៅ​លើ​ផែនដី​​នោះទេ ។ តាមរយៈ​ដង្វាយធួន និង​ការខិតខំ​ដ៏​ឧស្សាហ៍​ព្យាយាម​របស់​យើង ​ដើម្បីធ្វើតាម​ព្រះអង្គសង្គ្រោះ នោះ​នៅទីបញ្ចប់ យើង​អាច​ក្លាយជា​ឥតខ្ចោះបាន ។ សូម​ឲ្យ​សិស្ស​គិត​អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​ខិតខំ​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ។

កំណត់ចំណាំ ៖ ដោយសារតែ​មេរៀន​នេះ​វែង អ្នក​អាច​ប្រើ​សកម្មភាព​នេះ​នៅថ្ងៃក្រោយ នៅពេល​អ្នក​មាន​ពេលច្រើន ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 12:28–30 ។ អំពើបាប​នៃ​តណ្ហា

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ ៖

« ហេតុអ្វីបាន​ជា​តណ្ហា​គឺជា​អំពើបាប​ដ៏​ធ្ងន់ ? មែនហើយ បន្ថែម​ទៅលើ​ឥទ្ធិពល​ដែល​បំផ្លាញ​វិញ្ញាណ​ទាំងស្រុង​ដែល​មាន​មក​លើ​ព្រលឹង​របស់​យើង ខ្ញុំ​គិត​ថា វា​គឺជា​អំពើបាប​ ដោយសារ​វា​ធ្វើ​ឲ្យ​ខូច​ដល់​ទំនាក់ទំនង​ដ៏​ខ្ពស់​បំផុត និង​បរិសុទ្ធ​បំផុត​ ដែល​ព្រះ​ប្រទាន​ដល់​យើង​នៅក្នុង​ជីវិតខាង​សាច់ឈាម —សេចក្ដីស្រឡាញ់​ដែល​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​មាន​ចំពោះ​គ្នា​ទៅវិញទៅមក និង​បំណង​ដែល​គូស្វាមី​មាន​ដើម្បី​នាំ​កូនចៅ​ចូលទៅក្នុង​គ្រួសារ​​ដែល​ត្រូវ​រស់នៅ​ជុំគ្នា​ជា​រៀងរហូត ។… សេចក្ដីស្រឡាញ់​ធ្វើ​ឲ្យយើង​ឈានទៅរក​ព្រះ និង​មនុស្ស​ផ្សេងទៀត​ដោយ​ស្វ័យប្រវិត្ត ។ ផ្ទុយទៅវិញ តណ្ហា​គឺជាអ្វីៗទាំងអស់ក្រៅពី​សេចក្ដី​ស្រឡាញ់ ហើយ​វា​ធ្វើ​ឲ្យ​យើង​បំផ្លាញ​ខ្លួន​ឯង​កាន់​តែ​ឆាប់បំផុត ។ សេចក្ដីស្រឡាញ់​កើត​ឡើង​ដោយ​ការ​មាន​​សណ្ដានចិត្ត​ល្អ តណ្ហាកើត​មាន​ឡើង​តែ​ដោយ​សារ​ចំណង់​ប៉ុណ្ណោះ » ( « “Place No More for the Enemy of My Soul” » EnsignLiahona ខែ ឧសភា ឆ្នាំ 2010 ទំព័រ 44–45 ) ។

នីហ្វៃទី 3 12:43–44 ។ « ស្រឡាញ់​អ្នកជិតខាង​របស់​អ្នក » និង « ស្រឡាញ់​សត្រូវ​របស់​អ្នក »

ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ដល់​ពួកសាសន៍​នីហ្វៃ​ដែលថា ពួកគេ​ត្រូវតែ​ស្រឡាញ់​គ្នា​ទៅវិញទៅមក ហើយ​ស្រឡាញ់​សត្រូវ​របស់​ពួកគេ​គឺ​សមរម្យ និង​សំខាន់ ។ ក្រោយពី​រាប់សតវត្សរ៍​នៃ​សង្គ្រាម​រវាង​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន វិបត្តិ​ផ្ទៃក្នុងក៏​មាន​ជា​ច្រើន​ឆ្នាំ នោះ​មាន​ប្រពៃណី​មួយ​នៃ​ការស្អប់​រវាង​ក្រុម​ដែល​ជា​ដៃគូប្រជែង ។ ឧទាហរណ៍ ម៉ូសាយ 10:17 បាន​ចែងថា​ពួកសាសន៍​លេមិន « បាន​បង្រៀន​កូនចៅ​គេ​ថា ពួកគេ​ត្រូវ​ស្អប់​ពួកនោះ [ ប្រជាជន​នីហ្វៃ ] ហើយ​ថា​ពួកគេ​ត្រូវ​ធ្វើឃាត​ ហើយ​ថា​ពួកគេ​ត្រូវ​លួច ហើយ​ប្លន់ ហើយ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​គេ​អាច​ធ្វើ​បាន​ដើម្បី​បំផ្លាញ​ពួកនោះ​ចោល » ។ ប្រសិនបើ​ប្រជាជន​បាន​បន្ដ​រស់នៅតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃទី 3 12:43–44 នោះ​ពួកគេ​អាច​រក្សា​សន្ដិភាព និង​បញ្ចប់​ប្រពៃណី​ដ៏​ខុសឆ្គង​នៃ​ការបង្រៀន​កូនចៅ​ឲ្យ​ស្អប់​សត្រូវ​របស់​ពួកគេ​ជា​រៀងរហូត ។ ទោះជាយ៉ាងណាក្ដី អស់​រយៈជាច្រើន​ឆ្នាំ​ដែលពោរ​ពេញ​ដោយ​សេចក្ដីសុខសាន្ដ​ក្រោយពី​ការយាងមក​របស់​ព្រះអង្គសង្គ្រោះ​ ត្រូវបាន​បំផ្លាញ ដោយសារ​ប្រជាជន​ខ្លះ​បាន​ជ្រើសរើស​ដើម្បី « ប្រឆាំង​នឹង​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​ដោយ​មាន​ចេតនា ហើយ​ពួកគេ​បាន​បង្រៀន​កូនចៅ​របស់​ពួកគេ​ថា ពួកគេ​មិន​គួរ​ជឿ​តាម​នោះទេ ។ ពួកគេ​បាន​ជ្រើសរើស​ដើម្បី​ទទួលយក « អំពើទុច្ចរិត និង​អំពើគួរ​ខ្ពើមឆ្អើម​នៃពួកអយ្យកោ​របស់​គេ ដូចកាលពីដើម​ដំបូង​មក ។ ហើយ​ពួកគេ​ត្រូវបាន​បង្រៀន​ឲ្យ​ស្អប់​កូនចៅ​របស់​ព្រះ ក៏ដូចជា​ពួកសាសន៍​លេមិន​ដែល​ត្រូវបាន​បង្រៀន​ឲ្យ​ស្អប់​កូនចៅ​របស់​នីហ្វៃ​តាំងពី​ដំបូង​មកដែរ » (នីហ្វៃទី 4 1:38–39) ។