បណ្ណាល័យ
មេរៀនទី 71 ៖ អាលម៉ា 5:1–36


មេរៀនទី 71

អាលម៉ា 5:1–36

សេចក្តី​ផ្ដើម

នៅពេល​សាសនាចក្រ​ត្រូវបាន​គម្រាម​ដោយ​ការទាស់ទែង​ផ្ទៃក្នុង និង អំពើទុច្ចរិត ( សូមមើល អាលម៉ា 4:9–11 ) អាលម៉ា​បាន​លះបង់​តំណែង​ចៅក្រម​ដើម្បី​គាត់​អាច​ផ្ដោតលើ​ការខិតខំ​របស់​គាត់​លើ​ការពង្រឹង​សាសនាចក្រ ។ គាត់​បាន​ចេញ​ដំណើរ​ទៅ​បេសកកម្ម​មួយ​ដើម្បី​ប្រាប់​ដល់​ប្រជាជន​នីហ្វៃ​ដោយ “ ការថ្លែង​ទីបន្ទាល់​ដ៏​បរិសុទ្ធ​ទាស់​នឹង​ពួកគេ ” ( អាលម៉ា 4:19 ) ។ អាលម៉ា​បាន​ចាប់ផ្ដើម​បេសកកម្ម​របស់​គាត់​ដោយ​ការំឭក​ដល់​ប្រជាជន​សារ៉ាហិមឡា​ដែល​ព្រះអម្ចាស់​បាន​ដោះលែង​អយ្យកោ​របស់​ពួកគេ​ពី​សេវកភាព​ខាងរាងកាយ និង​ខាង​វិញ្ញាណ ។ គាត់​បាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រៀបចំ​សម្រាប់​ថ្ងៃ​ចុងក្រោយ​នៃ​ការជំនុំជម្រះ​ដោយ​ការជឿ​លើ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​វាយតម្លៃ​លើ​ស្ថានភាពខាងវិញ្ញាណ​នៃ​ដួងចិត្ត​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 5:1–14

អាលម៉ា​ប្រាប់​ពី​ការប្រែចិត្ត​ជឿ​នៃ​ឪពុក​របស់​គេ និង អ្នកដទៃ​ដែល​ធ្វើ​តាម​គាត់

សូម​សរសេរ​ពាក្យ ផ្លាស់ប្ដូរ នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​គំរូ​នៃ​របៀប​ដែល​ប្រជាជន​អាច​ផ្លាស់ប្ដូរ​រូបរាង​របស់​ពួកគេ ឬ អាកប្បកិរិយា​របស់​ពួកគេ ។ សូមអញ្ជើញឲ្យ​ពួកគេ​ពន្យល់​ពី​អ្វី​ដែល​អាច​ដឹកនាំ​ទៅរក ឬ នាំ​មក​នូវ​ការផ្លាស់ប្ដូរ​ទាំងនេះ​ខ្លះ​ដល់​មនុស្ស ។

សូម​រំឭក​សិស្ស​ថា អាលម៉ា​បារម្ភ​ពី​សេចក្ដី​ទុច្ចរិត​ដែល​បាន​ចាប់ផ្ដើម​រីកធំ​ឡើង​នៅក្នុង​ចំណោម​សាសន៍​នីហ្វៃ ។ គាត់​អាច​ឃើញ​ថា ប្រសិនបើ​ពួកគេ​មិន​ផ្លាស់ប្ដូរ​ទេ​នោះ ពួកគេ​នឹង​លះបង់​នូវ​ពរជ័យ​ដែល​បាន​សន្យា​នៃ​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​ពួកគេ​បាន​ធ្វើ ។ គាត់​លះបង់​តំណែង​ចៅក្រម ហើយ​ពលី​ខ្លួនគាត់​ដើម្បី​បម្រើ​ដល់​ប្រជាជន និង ហៅ​ពួកគេ​ឲ្យ​ប្រែចិត្ត ។ គាត់​បានចាប់ផ្ដើម​ដោយ​ការបង្រៀន​ដល់​ប្រជាជន​សារ៉ាហិមឡា ។

សូមអញ្ជើញឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 5:3–6 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ហេតុការណ៍​ដែល​អាលម៉ា​បាន​បញ្ជាក់ នៅពេល​គាត់​បាន​ចាប់ផ្ដើម​បង្រៀន​ដល់​ប្រជាជន ។

  • តើ​វា​អាច​ជួយ​ដល់​ប្រជាជន​របស់​អាលម៉ា ឲ្យ​ស្ដាប់​តាម​ដំណើររឿង​នៃ​សេវកភាព ការដោះលែង និង ការប្រែចិត្ត​ជឿ​នៃ​ឪពុក​របស់​អាលម៉ា និង អ្នកដែល​បាន​ធ្វើ​តាម​គាត់​ដោយ​របៀបណា ?

  • សូម​មើល អាលម៉ា 5:7 ។ យោងតាម​ខគម្ពីរ​នេះ តើ​ការផ្លាស់ប្ដូរ​ចិត្ត​ប្រភេទ​ណា​ដែល​បាន​កើតឡើង​នៅក្នុង​ជីវិត​របស់​ឪពុក​អាលម៉ា និង ប្រជាជន​របស់​គាត់ ?

នៅលើ​ក្ដារខៀន សូម​បន្ថែម​ពាក្យ នៃ​ដួងចិត្ត ក្រោយពាក្យ ផ្លាស់ប្ដូរ ដូច្នេះ​វា​អាន​ថា ផ្លាស់ប្ដូរ​ដួងចិត្ត ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា​ដើម្បី​ទទួល​បាន “ ការផ្លាស់ប្ដូរ​នៃ​ដួងចិត្ត” ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយនឹង​សំណួរ​នេះ អ្នក​អាច​ប្រាប់​ពួកគេ​ថា អែលឌើរ ជើរ៉ល អិន ឡាន នៃ​ក្រុម​ចិតសិបនាក់​បាន​បង្រៀន​ថា នៅក្នុង​ព្រះគម្ពីរ​ពាក្យ ដួងចិត្ត ជាញឹកញាប់​សំដៅ​លើ “ ភាពពិត នៅក្នុង​បុគ្គល ” [“Understanding Scriptural Symbols,” Ensign,ខែ តុលា ឆ្នាំ 1986, ទំព័រ 25 ] 

  • តើ​ភាពខុសគ្នា​អ្វី​រវាង​ការផ្លាស់ប្ដូរ​នៃ​ដួងចិត្ត និង ប្រភេទ​នៃ​ការផ្លាស់ប្ដូរ​ដែល​យើង​ពិភាក្សា​នៅពេល​ដំបូង​នៃ​មេរៀន​នេះ ?

សូម​ពន្យល់​ថា នៅក្នុង អាលម៉ា 5:7–9, 14 អាលម៉ា​បាន​ប្រើ​ឃ្លា​ខុសគ្នា​ដែល​ពិពណ៌នា​អ្វី​ដែល​ជា​ការផ្លាស់ប្ដូរ​នៃ​ដួងចិត្ត ។ សូម​បន្ថែម​ឃ្លា​នៅលើ​ក្ដារខៀន ដូច្នេះ​វា​អាន​ថា ការផ្លាស់ប្ដូរ​នៃ​ដួងចិត្ត​គឺ​ដូចជា …

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 5:7–9, 14 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ការពិពណ៌នា​របស់​អាលម៉ា​ពី​អ្វី​ដែល​ការផ្លាស់ប្ដូរ​នៃ​ដួងចិត្ត​ដូច ។ សូមអញ្ជើញឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ នៅពេល​សិស្ស​រាយការណ៍ សូម​បន្ថែម​ឃ្លា​នេះ​ទៅលើ​ក្ដារខៀន ។ ( បញ្ជី​របស់​អ្នក​អាច​មើល​ទៅ​ដូច​ខាងក្រោម​នេះ ៖ ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត​គឺដូចជា … ការភ្ញាក់​ពី​ការលង់លក់​ដ៏​ខ្លាំង​មួយ ការពោរពេញ​ដោយ​ពន្លឺ ការមាន​សេរីភាព​ពី​ចំណងទាំងឡាយ ការពង្រីក​ព្រលឹង​របស់​អ្នក ការច្រៀង​អំពី​ការប្រោសលោះ​នៃ​សេចក្ដីស្រឡាញ់ ការកើត​ពី​ព្រះ ការទទួល​ព្រះភ័ក្ដ្រ​របស់​ព្រះអម្ចាស់​នៅក្នុង​ទឹកមុខ​របស់​អ្នក ។

  • តើ​ការផ្លាស់ប្ដូរ​នៅក្នុង​ដូងចិត្ត​អាច​ដូចជា​ការពិពណ៌នា​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន​យ៉ាងដូចជា ?

  • តើ​ការផ្លាស់ប្ដូរ​នៅក្នុង​ដូងចិត្ត​អាច​ត្រូវបាន​ឃើញ​ក្នុង​សកម្មភាព​របស់​មនុស្ស​ដោយ​របៀបណា ? តើ​ការផ្លាស់ប្ដូរ​នៅក្នុង​ដូងចិត្ត​ពេល​ខ្លះ​អាច​កត់សម្គាល់​បាន​នៅក្នុង​ទឹកមុខ​របស់​នរណាម្នាក់​ដោយ​របៀបណា ? ( អ្នក​អាច​សុំ​សិស្ស​ឲ្យ​ពិពណ៌នា​ពី​រូបរាង ឬ អាការៈ​របស់​នរណាម្នាក់​ដែល​ពួកគេ​ដឹង​ថា ពួកគេ​មាន​អារម្មណ៍​ថា​បាន “ ទទួល​ព្រះភ័ក្ត្រ [ របស់​ព្រះអម្ចាស់ ] នៅក្នុង​ទឹកមុខ [ របស់​គេ ] ” 

សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 5:10 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​សំណួរ​បី​ដែល​អាលម៉ា​បាន​សួរ​ដល់​ប្រជាជន ។ ( អ្នក​អាច​ចង់​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​នូវ​សំណួរ​ទាំងនេះ ការអាន​សំណួរ​ទាំងនេះ​នឹង​ជួយ​ដល់​សិស្ស​ឲ្យ​ស្វែងរក​នៅក្នុង​ខគម្ពីរ​បន្ដបន្ទាប់​នូវ​កត្តា​ដែល​ដឹកនាំ​អាលម៉ា និង​ប្រជាជន​របស់​គាត់​ឲ្យ​ទទួល​បាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​ដ៏​ធំ ។

សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 5:11–13 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​បាន​នាំ​មក​នូវ​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​ដ៏​ធំ​របស់​ឪពុក​អាលម៉ា និង​អ្នកដើរតាម​គាត់ ។ ( ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះបន្ទូល​នៃ​ព្រះ និង ដោយ​ការពង្រីក សេចក្ដីជំនឿ​និង​ការទុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះ ។ អ្នក​ក៏​អាច​បង្ហាញ​ពី​ឥទ្ធិបឡ​នៃ​ព្រះបន្ទូល​នៃ​ព្រះ​ដែល​បាន​លើកឡើង​នៅក្នុង អាលម៉ា 5:5, 7 

  • តើ​ទំនាក់ទំនង​អ្វី​ដែល​អ្នក​ឃើញ​រវាង​ការជឿ​ទៅលើ​ព្រះបន្ទូល​នៃ​ព្រះ និង ការទទួល​បាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​នោះ ? ( សូម​ជួយ​ឲ្យ​សិស្ស​រកមើល​គោលការណ៍​ខាងក្រោម ៖ នៅពេល​យើង​ជឿ​លើ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​ដ៏​ធំ​មួយ ។សូម​បញ្ជាក់​ថា ព្រះបន្ទូល​នៃ​ព្រះ​ដែល​បាន​បង្រៀន​ដោយ​អ័ប៊ីណាដៃ និង អាលម៉ា​បាន​ផ្ដោតលើ​សេចក្ដីសង្គ្រោះ​ដែល​មក​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ [ សូមមើលម៉ូសាយ 16:4–9; 18:1–2

សូម​ពន្យល់​ថា របៀប​ផ្សេង​ទៀត​ដើម្បី​បង្ហាញ​ថា នរណាម្នាក់​បាន​ទទួល​ការផ្លាស់ប្ដូរ​នៅក្នុង​ចិត្ត​ដ៏​ធំ គឺ​និយាយ​ថា ពួកគេ​បាន​កើត​ជា​ថ្មី​ម្ដងទៀត ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា “ ការកើត​ពី​ព្រះ ” ឬ “ កើត​ជាថ្មី​ម្ដងទៀត ” សំដៅ​លើ​ការផ្លាស់ប្ដូរ​ដែល​បុគ្គល​ម្នាក់​បាន​ទទួល​នៅពេល​ពួកគេ​ទទួល​យក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចាប់ផ្ដើម​ជីវិត​ថ្មី​មួយ​ជា​សិស្ស​របស់​ទ្រង់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យយល់​ថា ការទទួល​ការផ្លាស់ប្ដូរ​នៅក្នុង​ចិត្ត​ដ៏​ធំ​មួយ ឬ ការកើតជា​ថ្មី​ម្ដងទៀត គឺ​ភាគច្រើន​ជា​ដំណើរការ​បន្ដ​ឥតដាច់​មួយ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

“ អ្នក​អាច​សួរ​ថា ហេតុអ្វីបានជា​ការផ្លាស់ប្ដូរ​ដ៏​ធំ​នេះ​មិន​កើតឡើង​បាន​ញឹកញាប់​ជាង​នេះ​ដល់​ខ្ញុំ ? … សម្រាប់​ពួកយើង​ភាគច្រើន ការផ្លាស់ប្ដូរ​គឺជា​ការ​បន្ដ​ឥតដាច់ ហើយ​វា​កើតឡើង​ជារៀង​រហូត ។ ការកើតជា​ថ្មី​ម្ដងទៀត … គឺជា​ដំណើរការ​មួយ ជាជាង​ហេតុការណ៍​មួយ ។ ហើយ​ការភ្ជាប់​នៅក្នុង​ដំណើរការ​នោះ គឺជា​គោលបំណង​ដ៏​សំខាន់​នៃ​ជីវិត​រមែង​ស្លាប់ ” ( “ ការកើត​ជាថ្មី ,” Ensignលេអាហូណា,ខែ ឧសភា ឆ្នាំ 2008, ទំព័រ 78 ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ពី​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​របស់​អ្នក នៅពេល​អ្នកបាន​ខិតខំ​រស់នៅ​តាម​ព្រះបន្ទូល​នៃ​ព្រះ​នោះ ?

  • តើ​អ្នក​នឹង​ពិពណ៌នា​ពី​អារម្មណ៍ និង​សកម្មភាព​ដែល​អម​មក​ជាមួយ​នឹង​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​ដោយ​របៀបណា ?

  • តើ​ដួងចិត្ត​របស់​អ្នក​បាន​ផ្លាស់ប្ដូរ នៅពេល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​មរមន​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ឆ្នាំ​នេះ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​រឿង​មួយ ឬ ពីរ​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​រស់នៅ​កាន់តែ​ដូចជាង​នេះ​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ ។

អាកម៉ា 5:15–36

អាលម៉ា​បង្រៀន​ថា ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​មួយ​ដ៏​ធំ តម្រូវ​ឲ្យ​ចូល​ទៅក្នុង​នគរ​នៃស្ថានសួគ៌

សូម​ឲ្យ​សិស្ស​នីមួយៗ​មាន​ក្រដាស​ដែល​រួមមាននូវ​តារាង​ដូចខាងក្រោម ឬ សូម​បង្ហាញ​តារាង​នេះ​នៅលើ​ក្ដារខៀន​ដើម្បី​ឲ្យ​សិស្ស​ចម្លង​តាម ។

រូបភាព
Cardiogram

សូម​ពន្យល់​ថា ​ឧបករណ៍​វាស់ចង្វាក់បេះដូង​គឺជា​តារាងចង្វាក់​មួយ​ដែល​វេជ្ជបណ្ឌិត​ពេល​ខ្លះ​ប្រើ​ដើម្បី​វាយតម្លៃ ឬ គ្រប់គ្រង​ការធ្វើការ​នៃ​បេះដូង​ខាងសាច់ឈាម​របស់​យើង ។ វា​ជួយ​ពួកគេ​ឲ្យ​រកឃើញ​បញ្ហា ឬ ស្ថានភាព​ដែល​ត្រូវការ​ការព្យាបាល ។

សូម​ប្រាប់​សិស្ស​ថា ក្រោយពី​អាលម៉ា​បាន​បង្រៀន​ថា ព្រះបន្ទូល​នៃ​ព្រះ​បាន​ដឹកនាំ​ឪពុក​របស់​គាត់ និង​អ្នកដទៃ​ឲ្យ​ទទួល​បាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​ដ៏​ធំ​ហើយ គាត់​បាន​សួរ​ប្រជាជន​នូវ​សំណួរ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​វាយតម្លៃ​ពី​ស្ថានភាព​នៃ​ដួងចិត្ត​របស់​គេ​ផ្ទាល់ ។ សូមអញ្ជើញឲ្យ​សិស្ស​អាន អាលម៉ា 5:14 ដោយ​ស្ងាត់ៗ ដោយ​រកមើល​សំណួរ​បី​ដែល​អាលម៉ា​បាន​សួរ​ដល់​ប្រជាជន ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​សំណួរ​ទាំងនេះ 

សូម​ពន្យល់​ថា អាលម៉ា​បាន​សួរ​សំណួរ​បី​បួន​ទៀត​ដើម្បី​ជួយ​ដល់​ប្រជាជន​របស់​គាត់​ឲ្យ​គិត​ពី​ស្ថានភាព​នៃ​ដួងចិត្ត​របស់​ពួកគេ ។ សូមអញ្ជើញឲ្យ​សិស្ស​ចំណាយ​ពេល​ពីរ​បី​នាទី​សិក្សា និង សញ្ជឹងគិត​អំពី​វគ្គ​ព្រះគម្ពីរ​ដែល​មាន​នៅលើ​ឧបករណ៍​កំណតចង្វាក់​បេះដូង​ខាងវិញ្ញាណ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គូសចំណាំ​ប្រអប់​នៅក្នុង​តារាង​ដែល​ពិពណ៌នា​ពី​អារម្មណ៍​ដែល​ពួកគេ​មាន​ទាក់ទង​នឹង​សំណួរ​នៅក្នុង​វគ្គ​នីមួយៗ​បាន​ល្អ​បំផុត ។ ( សូម​ចំណាំ​ថា ខគម្ពីរ​ខ្លះ​មាន​សំណួរ​ច្រើន​ជាង​មួយ ដោយសារតែ​លក្ខណៈ​ផ្ទាល់ខ្លួន​នៃ​សកម្មភាព​នេះ សិស្ស​អាច​មិន​គួរ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់​នោះ​ទេ ។

នៅពេល​សិស្ស​បាន​បំពេញឧបករណ៍​កំណត់​ចង្វាក់បេះដូង​ហើយ សូមអញ្ជើញឲ្យ​ពួកគេ​អាន អាលម៉ា 5:29–31 ដោយ​ស្ងាត់ៗ ដោយរកមើល​សំណួរ​ពីរ​បី​ទៀត​ដែល​អាលម៉ា​បាន​សួរ​ដើម្បី​ជួយ​ប្រជាជន​គាត់​ឲ្យ​វាយតម្លៃ​ដួងចិត្ត​របស់​ពួកគេ ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​អាច​សួរ​សំណួរ​ខុសគ្នា​បន្ដិច​ដើម្បី​អនុវត្ត​ចំពោះ​ខ្លួនគេ ៖ “ តើ​ខ្ញុំ​ពុំទាន់​ចោលចិត្ត​ច្រណែន​ទេ​ឬ ? ” “ តើ​ខ្ញុំ​បាន​ចំអកឡកឡឺយ​ដល់​អ្នកដទៃ​ទេ ? ” “ តើ​ខ្ញុំ​បាន​គរ​ការបៀតបៀន​ទៅលើ​អ្នកដទៃ​ទេ ? ”

សូមអញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 5:17–18, 20–25 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​ដែល​ដួងចិត្ត​របស់​យើង​ត្រូវ​តែ​បាន​ផ្លាស់ប្ដូរ​ដើម្បី​រៀបចំ​សម្រាប់​ថ្ងៃ​នៃ​ការជំនុំជម្រះ ។ សូមសួរ​សំណួរ​ខាងក្រោម​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ដោយ​ការទទួល​បាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​មួយ យើង​រៀបចំ​ខ្លួនយើង​ដើម្បី​ទទួល​កន្លែង​មួយ​នៅក្នុង​នគរ​នៃ​ស្ថានសួគ៌ ៖

  • តើ​ពាក្យ និង​ឃ្លា​អ្វី​ដែល​អាលម៉ា​បាន​ប្រើ​ដែល​ពិពណ៌នា​ពី​ស្ថានភាព​ដែល​អ្នក​នឹង​ស្ថិតនៅ នៅពេល​អ្នក​ឈរ​នៅចំពោះ​មុខ​ព្រះ​ដើម្បី​កាត់សេចក្ដី​នោះ ? ( នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​អាច​នាំ​ការយកចិត្តទុកដាក់​ទៅលើ អាលម៉ា 5:16, 19 ។ 

  • តើ​ការទទួល​បាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​មួយ​នាពេល​នេះ នឹង​ជួយ​រៀបចំ​អ្នក​ដើម្បី​ទទួល​បាន​កន្លែង​មួយ​នៅក្នុង​នគរ​ស្ថានសួគ៌​ដោយ​របៀបណា ?

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ( អ្នក​អាច​សរសេរ​វា​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​ថ្នាក់ 

តើ​ព្រះអម្ចាស់​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​អ្វី ?

តើ​អ្វី​ជា​លទ្ធផល​នៃ​ការទទួល​យក ឬ បដិសេធ​ការអញ្ជើញ​នេះ ?

តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 5:33–36ឮៗ ខណៈពេល​សិស្ស​ផ្សេងទៀត​រកមើល​ចម្លើយ​ចំពោះ​សំណួ​នៅលើ​ក្ដារខៀន ។ សូមអញ្ជើញឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​ដែល​ពួកគេ​រកឃើញ ។

សូម​បញ្ចប់​ដោយ​ការឲ្យ​សិស្ស​សរសេរ​វា​ពីរ​បី​នាទី ។ សូម​ឲ្យ​ពួកគេ​ជ្រើសរើស​ខគម្ពីរ​មួយ ឬ ឃ្លា​មួយ​ពី អាលម៉ា 5:1–36 ។ សូមអញ្ជើញឲ្យ​ពួកគេ​សរសេរ​អំពី​អ្វី​ដែល​ខគម្ពីរ ឬ ឃ្លា​នេះ​មានន័យដល់​ពួកគេ និង ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​អ្វី​ដែល​វា​ស្នើសុំ នៅពេល​ពួកគេ​ស្វែងរក​ដើម្បី​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​គេ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ថ្លែងទីបន្ទាល់​ថា ប្រសិនបើ​យើង​បន្ដ​ទទួល​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត និង នាំ​មក​នូវ​កិច្ចការ​នៃ​សេចក្ដីសុចរិត យើង​នឹង​ត្រូវបាន​រៀបចំ​ដើម្បី​ចូលទៅក្នុង​នគរ​នៃ​ព្រះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 5:14, 26 ។ « តើ​អ្នករាល់គ្នា​បាន​ស្គាល់​ការផ្លាស់ប្ដូរ​ដ៏​ធំ​នេះ​នៅក្នុង​ដួងចិត្ត​អ្នក​ហើយ​ឬ​នៅ? »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ពន្យល់ថា ការទទួល​បាន « ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៅក្នុង​ដួងចិត្ត » ភាគច្រើន​ជា​ដំណើរការ​បន្ថែម​មួយ ៖

« ការប្រែ​ក្លាយ​ដូច​ជា​ព្រះគ្រីស្ទ​គឺជា​ការស្វែងរក​ពេញ​មួយ​ជីវិត ហើយ​ជាញឹកញាប់​វា​ជាប់​ទាក់ទង​ទៅនឹង​ការរីកចម្រើន និង​ការផ្លាស់ប្តូរ​ដែល​មាន​សភាព​យឺត ស្ទើរតែ​ពុំ​អាច​ដឹង​បាន ។ ព្រះគម្ពីរ​កត់ត្រា​ពី​ដំណើររឿង​មនុស្ស​ដែល​គួរ​ចងចាំ​ដែល​មាន​ជីវិត​ផ្លាស់ប្ដូរ​ជាខ្លាំង ឧទាហរណ៍​ដូចជា ៖ អាលម៉ា​ជា​កូន ប៉ុល​នៅតាម​ផ្លូវ​ទៅកាន់​ដាម៉ាស អេណុស​ដែល​បាន​អធិស្ឋាន​កាត់​យប់ ស្ដេច​ឡាម៉ូណៃ ។ គំរូ​ដ៏​អស្ចារ្យ​បែបនេះ​នៃ​អំណាច​ដើម្បី​ផ្លាស់ប្ដូរ ទោះបីជា​អ្នកដែល​បាន​ធ្លាក់ជ្រៅ​ក្នុង​អំពើបាប ផ្ដល់​ទំនុកចិត្ត​ថា ដង្វាយធួន​អាច​ទៅដល់​អ្នក​ដែល​បាន​ធ្លាក់ជ្រៅ​ទៅក្នុង​ការវេទនា​ក្ដី ។

« ប៉ុន្ដែ​យើង​ត្រូវតែ​ប្រយ័ត្ន នៅពេល​យើង​ពិភាក្សា​ពី​គំរូ​ដ៏​អស្ចារ្យ​ទាំងនេះ ។ ទោះបីជា​វា​ពិត និង​មាន​អំណាច​ក្ដី ក៏​ពួកគេ​ជា​ករណី​លើកលែង​ជាជាង​ច្បាប់​ដែរ ។ សម្រាប់​ប៉ុល​គ្រប់រូប សម្រាប់​អេណុស​គ្រប់គ្នា និង សម្រាប់​ស្ដេច​ឡាម៉ូណៃ​ទាំងឡាយ មាន​មនុស្ស​រាប់រយ​ពាន់​នាក់​ដែល​ស្វែងរក​ដំណើរការ​នៃ​ការប្រែចិត្ត​ដែល​មើល​មិនឃើញ និង ស្ទើរ​មិន​អាច​ដឹង​ជាងនេះ​ផង ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួកគេ​ខិតទៅជិត​ព្រះអម្ចាស់​កាន់តែខ្លាំង ដោយ​ដឹង​តិចតួច​ថា ពួកគេ​កំពុង​មាន​ជីវិត​ដូចជា​ព្រះ​ហើយ ។ ពួកគេ​រស់នៅ​ក្នុង​សេចក្ដីសុចរិត​ដោយ​ស្ងៀមស្ងាត់ ធ្វើការ​បម្រើ និង ប្ដេជ្ញា​ចិត្ត ។ ពួកគេ​គឺជា​ពួកសាសន៍​លេមិន ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ‹ ត្រូវ​បាន​ទួលល​បុណ្យជ្រមុជ​ដោយ​ភ្លើង និង ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ពួកគេ​ពុំ​បាន​ដឹង​ទេ› (នីហ្វៃទី 3 9:20 អក្សរផ្ដេក​ជា​សេចក្ដីបន្ថែម ) » (“A Mighty Change of Heart,Ensign ខែ តុលា ឆ្នាំ 1989 ទំព័រ 5 ) ។

អាលម៉ា 5:21–24, 27 ។ « ដ្បិត​គ្មាន​អ្នកណា​អាច​បាន​សង្គ្រោះ​ឡើយ លើកលែង​តែ​សំលៀកបំពាក់​របស់​គេ​នោះ​ត្រូវ​បាន​ជម្រះ​ឲ្យ​ស »

ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រាប់​ពី​របៀប​ដែល​គាត់​បាន​យល់​ពី​សារសំខាន់​នៃ​ការស្អាត​ខាងវិញ្ញាណ ៖

« ជាង 50 ឆ្នាំ​កន្លង​ទៅ អំឡុងពេល​សង្គ្រាម​លោក​លើក​ទី​ពីរ ខ្ញុំ​បាន​ទទួល​បទពិសោធន៍​មួយ ។ សមាជិក​គ្រាប់បែក​របស់​យើង​បាន​ទទួល​ការហ្វឹកហ្វឺន​នៅ​ឯ​ទីវាល ឡាងលេ រដ្ឋវើរជិនញ៉ា ដើម្បី​ប្រើប្រាស់​ការបង្កើត​ថ្មី​ចុងក្រោយ​បង្អស់ — រ៉ាដា ។ យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ទៅ​ឆ្នេរសមុទ្រ​ខាង​លិច ហើយ​បន្ទាប់មក​ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិច ។

« យើង​ត្រូវ​បាន​នាំ​ទៅ​កន្លែង​ហ្វឹកហ្វឺន​ជាមួយ​នឹង​ឥវ៉ាន់ ដោយ​មាន​ឡាន​ប្រអប់​អម​ដោយ​រ៉ឺស័រ​គ្រែ​ដ៏​ចង្អៀត​ដែល​អាច​ទាញ​ចុះ​ពី​ជញ្ជាំង​នៅពេល​យប់ ។ គ្មាន​ឡាន​ណា​សម្រាប់​ញ៉ាំ​អី​នោះ​ទេ ។ ផ្ទុយទៅវិញ កន្លែង​ញ៉ាំ​ត្រូវបាន​ដាក់​នៅក្នុង​ឡាន​ប្រអប់​នៅនឹង​ដី ។

« យើង​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ស្រាល​នា​រដូវក្ដៅ ។ ឡាន​ដាក់​វ៉ាលី​ត្រូវ​ជាប់​រវល់ ដូច្នេះ​យើង​មិន​មាន​ខោអាវ​ប្ដូរ​ក្នុងអំឡុងពេល​ប្រាំមួយ​ថ្ងៃ ។ វា​ក្ដៅ​ខ្លាំង​ណាស់​នៅ​រដ្ឋតិចសាស និង អារីសូណា ។ ផ្សែង និង​ផេះ​ពី​ម៉ាស៊ីន​ធ្វើ​ឲ្យ​យើង​មិន​មាន​អារម្មណ៍​ស្រួល​ឡើយ ។ គ្មាន​វិធីណា​ដើម្បី​ងូតទឹក ឬ បោក​ឯកសណ្ឋាន​របស់​យើង​ទេ ។ យើង​បាន​ទៅ​រដ្ឋ​ឡូស អាន់ជើឡែស នា​ព្រឹក​មួយ— ដោយ​មាន​រូបរាង​មើលទៅ​ដ៏​កខ្វក់— ហើយ​ត្រូវបាន​ប្រាប់​ឲ្យ​ត្រឡប់​ទៅ​ហ្វឹកហ្វឺន​វិញ​នា​ល្ងាច​នោះ ។

« យើង​បាន​គិត​ដំបូង​គេ​បង្អស់​គឺ​ពី​អាហារ ។ ពួកយើង​ដប់​នាក់​ក្នុង​ក្រុម​យើង​បាន​ដក​លុយ​ចេញ ហើយ​ឆ្ពោះ​ទៅ​ភោជនីយដ្ឋាន​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​រក​បាន ។

« វា​ចង្អៀត​ណាស់ ហើយ​ដូច្នេះ​យើង​បាន​ចូល​ទៅក្នុង​ជួរ​រង់ចាំ​ដ៏​វែង ដើម្បី​រក​កន្លែង​អង្គុយ ។ ខ្ញុំ​គឺ​ទីមួយ គឺ​បន្ទាប់ពី​នារី​ដែល​មាន​សំលៀកបំពាក់​ល្អៗ​ខ្លះ ។ ទោះបីជា​មិន​បាច់​មើល​មក​ក្រោយ ស្ដ្រី​ដែល​នៅ​ខាងមុខ​ខ្ញុំ​នោះ​បាន​ដឹង​ថា យើង​នៅ​ទីនោះ ។

« នាង​បាន​បែរក្រោយ ហើយ​មើល​មក​យើង ។ បន្ទាប់មក នាង​បាន​បែរ​ហើយ​មើល​មក​ខ្ញុំ​ពី​ក្បាល​ដល់​ចុងជើង ។ ពេលនោះ​ខ្ញុំ​ឈរ​នៅក្នុង​ឯកសណ្ឋាន​ដែល​បែកញើស កខ្វក់ គគ្រេច និង​ជ្រីវជ្រួញ​នោះ ។ នាង​បាន​និយាយ​ដោយ​សំឡេង​ខ្ពើម​រអើម​ថា ‹ ឱ ! បុរស​អី​ដ៏​ឥតសណ្ដាប់​ធ្នាប់​ម្ល៉េះ ! › ភ្នែក​ទាំងឡាយ​បាន​ក្រឡេកមក​កាន់​យើង ។

« ដោយ​គ្មាន​សង្ស័យ នាង​បន់​ឲ្យ​នាង​កុំ​ឈរ​នៅ​ទីនោះ ហើយ​ខ្ញុំ​បាន​បន់​ដូច្នោះ​ដែរ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កខ្វក់​ខ្លាំងណាស់ មិន​ស្រណុក​ឡើយ ហើយ​ខ្មាស់គេ​ថែមទៀត ។

« ក្រោយមក នៅពេល​ខ្ញុំ​បាន​ចាប់ផ្ដើម​ការសិក្សា​ដ៏​ម៉ត់ចត់​មួយ​អំពី​ព្រះគម្ពីរ ខ្ញុំ​បាន​កត់សម្គាល់​ពី​សេចក្ដីយោង​ទៅ​ភាពស្អាត​ខាង​វិញ្ញាណ ។ ខគម្ពីរ​មួយ​បាន​អាន​ថា ‹ បើ​អ្នករាល់​គ្នា​រស់នៅ​ជាមួយ​នឹង​ព្រះ​ដ៏​បរិសុទ្ធ​ហើយ​យុត្តិធម៌​ដោយ​មាន​ការដឹងនូវ​អំពើ​ស្មោកគ្រោក​របស់​ខ្លួន​នៅ​ចំពោះ​ទ្រង់ នោះ​អ្នករាល់គ្នា​វេទនា​ច្រើន​ជាង​រស់នៅ​ជាមួយ​នឹង​ពួកជាប់ទោស​នៅក្កនុង​ស្ថាននរក​ទៅទៀត › ។ [មរមន 9:4] ។

ខ្ញុំ​អាច​យល់​ពី​រឿង​នោះ ។ ខ្ញុំ​បាន​ចាំ​ពី​អារម្មណ៍​ដែល​ខ្ញុំ​បាន​មាន​នា​ថ្ងៃ​នោះ​នៅក្នុង​រដ្ឋ​ឡូស អាន់ជើឡែស ។ ខ្ញុំ​យល់​ថា ភាពមិនស្អាត​ខាង​វិញ្ញាណ​នឹង​នាំ​មក​នូវ​ការខ្មាស់អៀន និង ការអាម៉ាស​យ៉ាង​ខ្លាំង​ក្លា​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​កាលពី​នោះ​ទៅ​ទៀត ។ ខ្ញុំ​បាន​រកឃើញ​សេចក្ដីយោង—វា​មាន​យ៉ាង​តិច​ប្រាំបី—ដែល​និយាយ​ថា គ្មាន​អ្វី​មួយ​មិន​ស្អាត​អាច​ចូលទៅក្នុង​វត្តមាន​នៃ​ព្រះ​បាន​ឡើយ [ សូមមើល នីហ្វៃទី 1 10:21; 15:34; អាលម៉ា 7:21; 11:37; 40:26; នីហ្វៃទី 3 27:19; គ. និង ស. 94:9; ម៉ូសេ 6:57] ។ ខណៈពេល​ខ្ញុំ​បាន​យល់​ពី​សេចក្ដីយោង​ទាំងនោះ​ដែល​មាន​ការតិចតួច​ចំពោះ​សំលៀកបំពាក់​ដ៏​កខ្វក់ ឬ ដៃ​ដែល​មិន​ស្អាត ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ចង់​រស់នៅ​ដោយ​ភាពស្អាត​ខាង​វិញ្ញាណ » ( « Washed Clean » Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 9 ) ។