បណ្ណាល័យ
មេរៀន​ទី 151 ៖ អេធើរ 13–15


មេរៀន​ទី 151

អេធើរ 13–15

សេចក្តីផ្ដើម

កំណត់ត្រា​របស់​ព្យាការី​អេធើរ​អំពី​អរិយធម៌​របស់​ពួកសាសន៍​យ៉ារេឌ​ធ្វើ​ជា​សាក្សី​មួយ​ថា អស់អ្នកទាំងឡាយ​ណា​ដែល​បដិសេធ​ព្រះអម្ចាស់ និង​ច្រាន​ចោល​ព្យាការី​របស់​ទ្រង់​នឹង​មិន​រីកចម្រើន​នោះ​ទេ ។ អេធើរ​បាន​ព្រមាន​ដល់​កូរីអានទុម ជា​ស្ដេច​នៃ​សាសន៍​យ៉ារេឌ​មួយ​អង្គ ថា​ប្រជាជន​របស់​ទ្រង់​នឹង​ត្រូវ​បាន​បំផ្លាញ​បង់ ប្រសិនបើ​ទ្រង់ និង​រាស្ដ្រ​ទាំងឡាយ​មិន​ប្រែចិត្ត​នោះ​ទេ ។ នៅពេល​កូរីអានទុម និង​ប្រជាជន​របស់​ទ្រង់​បាន​បដិសេធ​មិនព្រម​ប្រែចិត្ត នោះ​មាន​សង្គ្រាម និង​អំពើទុច្ចរិត​បាន​កើតឡើង​ជាច្រើន​ឆ្នាំ រហូតដល់​ជាតិសាសន៍​យ៉ារេឌ​មួយ​ទាំងមូល​ត្រូវបាន​បំផ្លាញ ។ មានតែ​អេធើរ និង​កូរីអានទុម​ប៉ុណ្ណោះ ដែល​បាន​នៅរស់​ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​ការបំពេញ​នៃ​ការព្យាករណ៍​របស់​ព្យាការី​អេធើរ ។ ជំពូក​ទាំងនេះ​ក៏​ជា​ការបំពេញ​តាម​ក្រិត្យវិន័យ​របស់​ព្រះ​មួយ​ថា « ជាតិសាសន៍​ណាក៏ដោយ​ដែល​យក​បាន [ ដែនដី​សន្យា ] ត្រូវបម្រើ​ដល់​ព្រះ ឬ​ពួកគេ​នឹង​ត្រូវ​កម្ចាត់ចេញ » ( អេធើរ 2:9 ) ។

យោបល់​សម្រាប់​ការបង្រៀន

អេធើរ 13:1–12

លោក​មរ៉ូណៃ​កត់ត្រា​ពី​ការព្យាករណ៍​របស់​អេធើរ​អំពី​ទីក្រុង​យេរូសាឡិម​ថ្មី និង​ទីក្រុង​យេរូសាឡិម​ចាស់

សូម​ពន្យល់​ថា ទីក្រុង​ខ្លះ​ត្រូវបាន​គេ​ស្គាល់​ដោយ​ឈ្មោះ​ដែល​រៀបរាប់​ពី​លក្ខណៈ​សំខាន់​របស់​វា ។ សូម​អាន​ឈ្មោះ​ដែល​រៀបរាប់​ពី​ទីក្រុង​ដូចខាងក្រោម ហើយ​សូម​ឲ្យ​សិស្ស​ទស្សន៍ទាយ​ថា​ទីក្រុង​ណាមួយ​ត្រូវ​នឹង​ឈ្មោះ​របស់​វា ៖ ទីក្រុង​នៃ​ភ្លើង ( ទីក្រុង​ប៉ារីស ប្រទេស​បារាំង ) ទីក្រុង​អមតៈ ( ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ) ទីក្រុង​ខ្យល់ ( ទីក្រុង​ឈីកាហ្គោ រដ្ឋអិលលីណោយ សហរដ្ឋអាមេរិច ) គុជ​នៃ​ទិសបូព៌ា ( ទីក្រុង​ម៉ានីល ប្រទេស​ភីលីពីន ) និង​ទីក្រុង​នៃ​ព្រះរាជវាំង ( ទីក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ីកូ ) ។ សូម​ឲ្យ​សិស្ស​ផ្ដល់យោបល់​ថា​តើ​ឈ្មោះ​ដែល​បាន​រៀបរាប់​ទាំងនេះ​អាច​ប្រាប់​អ្វីខ្លះ​អំពី​ទីក្រុង​ទាំងនោះ ។

សូម​បង្ហាញ​ថា លោក​មរ៉ូណៃ​បាន​កត់ត្រា​ការព្យាករណ៍​របស់​អេធើរ​អំពី​ទីក្រុង​បី ៖ ទីក្រុង​យេរូសាឡិម​ថ្មី ( សូមមើល អេធើរ 13:6–8, 10 ) ; ទីក្រុង​របស់​អេណុក ដែល​បាន « ចុះ​មកពី​ស្ថានសួគ៌ » ( អេធើរ 13:3; សូមមើល​ផងដែរ ម៉ូសេ 7:62–64 ) ; និង​ទីក្រុង​យេរូសាឡិម​នៅក្នុង​ដែនដី​ដ៏​បរិសុទ្ធ ( សូមមើល អេធើរ 13:11 ) ។ សូម​ប្រាប់​សិស្ស​ថា អេធើរ​បង្រៀន​ដល់​ពួកសាសន៍​យ៉ារេឌ​ថា ដែនដី​ដែល​ពួកគេ​បាន​រស់នៅ​គឺជា​កន្លែង​មួយ​នៃ​ទីក្រុង​អនាគត​ដ៏​មាន​សាៈសំខាន់​ខ្លាំង​បំផុត ( សូមមើល អេធើរ 13:2–3 ) ។ សូម​ឲ្យ​សិស្ស​អាន អេធើរ 13:4–8 ដោយ​ស្ងាត់ស្ងៀម ដោយរកមើល​ឈ្មោះ​របស់​ទីក្រុង​ដែល​បាន​លើកឡើង​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​ទីក្រុង​ទាំងនេះ​មាន​ឈ្មោះ​អ្វីខ្លះ ? ( ទីក្រុង​យេរូសាឡិម និង​ទីក្រុង​យេរូសាឡិម​ថ្មី ) ។ តើ​ឈ្មោះ​ដែល​រៀបរាប់​មួយ​ណា​ដែល​អេធើរ​បាន​ប្រើ​សម្រាប់​ទីក្រុង​យេរូសាឡិម នៅក្នុង​ដែនដី​ដ៏​បរិសុទ្ធ និង​ជា​ទីក្រុង​យេរូសាឡិម​ថ្មី ដែល​នឹង​ត្រូវកសាង​នៅលើ​ទ្វីប​អាមេរិក​នៅថ្ងៃ​ណាមួយ ? ( « ទីក្រុង​ដ៏​បរិសុទ្ធ » ) ។

  • តើ​អ្នក​គិត​ថា វា​នឹង​ដូចជា​អ្វី​ទៅ​ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​មួយ​ដែល​ហៅថា « ទីក្រុង​ដ៏​បរិសុទ្ធ » ?

សូម​ឲ្យសិស្ស​អាន អេធើរ 13:10–11 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​របៀប​ដែល​ប្រជាជន​នឹងសក្តិសម​ក្នុងការរស់នៅ​ក្នុង​ទីក្រុង​ដ៏​បរិសុទ្ធ​ទាំងនេះ ។

  • តើ​ប្រជាជន​នឹង​សក្តិសម​ដើម្បី​រស់នៅ​ក្នុង​ទីក្រុង​ទាំងនេះ​ដោយរបៀបណា ? ( ដោយ​មាន​សំលៀកបំពាក់​របស់​ពួកគេ​ធ្វើឲ្យ « ស​តាមរយៈ​ឈាម​នៃ​កូនចៀម » ) ។

  • តើ​វា​មាន​ន័យ​យ៉ាងណា សម្រាប់​មនុស្ស​ដែល​មាន​សំលៀកបំពាក់​របស់​គេ​ធ្វើឲ្យ « ស​តាមរយៈ​ឈាម​នៃ​កូនចៀម » ? ( វា​មាន​ន័យ​ថា មនុស្ស​ដែល​ក្លាយជា​ស្អាតស្អំ និង​ធ្វើឲ្យ​បរិសុទ្ធ​ចេញពី​អំពើបាប​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​កូនចៀមរបស់ព្រះ សូមមើល នីហ្វៃទី 1 12:11; អាលម៉ា 5:21 ) ។

សូម​ពន្យល់​ថា ឈ្មោះ​មួយ​ទៀត​សម្រាប់​ទីក្រុង​យេរូសាឡិម​ថ្មី​នោះ​គឺ ស៊ីយ៉ូន ( សូមមើល ម៉ូសេ 7:62; មាត្រា​នៃ​សេចក្ដីជំនឿ 1:10 ) ។ ខណៈពេល​ដែល​ទីក្រុង​យេរូសាឡិម​ថ្មី និង​ទីក្រុង​នៃ​យេរូសាឡិម​នឹង​ត្រូវបាន​ស្ថាបនា​ឡើង​នៅពេល​អនាគត​ក្ដី សមាជិក​ទាំងអស់​នៃ​សាសនាចក្រ​អាច​ស្វែងរក​ឃើញ​នាពេល​នេះ​ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន នៅ​កន្លែង​ដែល​ពួកគេ​រស់នៅ ( សូមមើល គ. និង ស. 6:6; 14:6 ) ។ នៅក្នុង​អត្ថន័យ​ដ៏​សាមញ្ញ​ចាំបាច់​បំផុត​មួយ ទីក្រុង​ស៊ីយ៉ូន​គឺជា « ទីក្រុង​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » ( គ. និង ស. 97:21 ) ។ សូម​ចែករំលែក​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ទីក្រុង​ស៊ីយ៉ូន គឺជា​ស៊ីយ៉ូន​ដោយសារតែ​អាកប្បកិរិយា ឥរិយាបថ និង​ភាពស្មោះត្រង់​នៃ​ពលរដ្ឋ​របស់​ខ្លួន [ សូមមើល ម៉ូសេ 7:18] ។ សូមចាំ​ថា ‹ ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្ដ្រ​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួកគេ​មាន​ចិត្ត​តែមួយ និ​ងគំនិត​តែមួយ ហើយ​បាន​រស់នៅ​ក្នុង​សេចក្ដីសុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅក្នុង​ចំណោម​ពួកគេ​ឡើយ › ( ម៉ូសេ 7:18 ) ។ ប្រសិនបើ​យើង​បាន​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅក្នុង​ផ្ទះ វួដ សាខា និង​ស្ដេក​របស់​យើង​ហើយ យើង​ត្រូវតែ​ក្រោកឡើង​ធ្វើតាម​បទដ្ឋាន​នេះ ។ វា​ជា​ការចាំបាច់ (1) ដើម្បីមាន​សាមគ្គីភាព​​នៅក្នុង​ចិត្តតែមួយ និង​គំនិត​តែមួយ (2) ដើម្បី​ក្លាយជា​ខ្លួន​ទីពឹងខ្លួន និង​ជា​សមូហភាព ជា​ប្រជាជន​ដ៏​បរិសុទ្ធ និង (3) ដើម្បី​យកចិត្តទុកដាក់​ដល់​អ្នកក្រីក្រ និង​អ្នកដែល​ត្រូវការ » ( « Come to Zion » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008, ទំព័រ 38 ) ។

សូម​ឲ្យ​សិស្ស​មាន​ពេល​មួយសន្ទុះ​ដើម្បី​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ជួយ​ស្ថាបនា​បទដ្ឋាន​ដ៏​ខ្ពស់ជាង​មួយ​នៅក្នុង​ផ្ទះ​របស់​គេ និង​នៅក្នុង​សាខា ឬ​វួដ​របស់​ពួកគេ ។ អ្នក​អាច​ឲ្យ​ពួកគេ​មាន​ពេល​ដើម្បី​សរសេរ​អំពី​គំនិត​របស់​គេ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ។

អេធើរ 13:13–15:34

ពួកសាសន៍​យ៉ារេឌ​បដិសេធ​ការ​ព្យាករណ៍ព្រមាន​របស់​អេធើរ ហើយ​រឹងរូស​នៅក្នុង​អំពើទុច្ចរិត និង​សង្គ្រាម​រហូតដល់​ពួកគេ​ត្រូវបាន​បំផ្លាញ​បង់

សូម​សង្ខេប អេធើរ 13:13–14 ដោយ​ការពន្យល់​ថា ពួកសាសន៍​យ៉ារេឌ​បាន​បដិសេធ​អេធើរ ហើយ​បាន​បណ្ដេញ​លោក​ចេញ​ពី​ក្នុង​ចំណោម​ពួកគេ ។ អំឡុងពេល​ថ្ងៃ លោក​អេធើរ​បាន​លាក់ខ្លួន​លោក​នៅក្នុង « ក្រហែងថ្ម » ជាកន្លែង​ដែល​លោក​បាន​បញ្ចប់​កំណត់ត្រា​របស់​លោក​អំពី​ពួកសាសន៍​យ៉ារេឌ ។ នៅពេល​យប់ លោក​បាន​ចេញមក​មើល​ការណ៍​ទាំងឡាយ ដែល​នឹង​កើតឡើង​ដល់​ប្រជាជន ជា​ពួកសាសន៍​យ៉ារេឌ ។ លោក​បាន​សរសេរ​អំពី​រឿងជាច្រើន​ដែល​លោក​បាន​ឃើញ ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 13:15–19 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​ការពិពណ៌នា​អំពី​សង្គម​នៃ​ពួកសាសន៍​យ៉ារេឌ ។ ក្រោយពី​ពួកគេ​មាន​អាន​ហើយ សូម​ឲ្យពួកគេ​រៀបរាប់​ពី​សង្គម​របស់​ពួកសាសន៍​យ៉ារេឌ​ជាសម្ដី​ខ្លួនឯង ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 13:20–22 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​សារលិខិត​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់លោក​អេធើរ​ឲ្យ​ប្រគល់​ដល់​កូរីអានទុមើរ ។

  • តើ​​សារលិខិត​របស់​អេធើរ​ទៅដល់​កូរីអានទុមើរមាន​អ្វី​ខ្លះ ? ( ប្រសិនបើ​កូរីអានទុមើរ និង​ពួកបរិវារ​របស់​ទ្រង់​បាន​ប្រែចិត្ត​នោះ ព្រះអម្ចាស់​នឹង​ទុកជីវិត​ឲ្យ​ដល់​ប្រជាជន​ទាំងឡាយ និង​អនុញ្ញាត​ដល់​ស្ដេច​កូរីអានទុម​ឲ្យ​សោយរាជ្យ​លើ​នគរ​របស់​ទ្រង់ ។ ប្រសិនបើ​ពួកគេ​មិនប្រែចិត្ត​នោះ​ទេ នោះ​គ្រប់គ្នា​នៅក្នុង​នគរ លើកលែង​តែ​កូរីអានទុមើរ​នឹង​ត្រូវ​បំផ្លាញ ) ។

  • តើ​កូរីអានទុម និង​រាស្ដ្រ​របស់​ទ្រង់​បាន​ឆ្លើយតប​យ៉ាងណា​ដែរ ?

សូម​សង្ខេប អេធើរ 13:23–14:20 ដោយ​ការពន្យល់​ថា សង្គ្រាម​បាន​បន្ដ​នៅ​ពេញ​ដែនដី ។ បុរស​បី​រូប​ត្រូវ​បន្ដ​រាជ្យ —សារេឌ កាឡាត និង​លិប— បាន​ព្យាយាម​ដណ្ដើម​នគរ​ពី​កូរីអានទុមើរ ។ នៅទីបញ្ចប់ បក្សព័ន្ធ​សម្ងាត់​បាន​ទទួល​អំណាច​ដ៏​ខ្លាំង ហើយ​ជាតិសាសន៍​ទាំងមូល​ត្រូវបាន​ហ៊ុំព័ទ្ធ​ទៅដោយ​សង្គ្រាម ។ « ប្រជាជន​ទាំងអស់​នៅលើ​ផ្ទៃ​ដែនដី កំពុង​តែ​កម្ចាយ​ឈាម​គ្នា ហើយ​គ្មាន​អ្នកណា​ម្នាក់​ឃាត់​ពួកគេ​បាន​ឡើយ » ( អេធើរ 13:31 ) ។ សត្រូវ​ចុងក្រោយ​របស់​ស្ដេច​កូរីអានទុមើរ​គឺជា​បុរស​ម្នាក់​ឈ្មោះ ស៊ិស ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 14:21–25, 30–31 និង 15:1–2 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​កម្រិត​នៃ​សេចក្តីបំផ្លិចបំផ្លាញ​ដែល​បាន​បណ្ដាល​មក​ពី​សង្គ្រាម​ទាំងនេះ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 15:3–5 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើលអ្វី​ដែល​កូរីអានទុមើរ​ចង់​ធ្វើ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​នៅសល់​ពី​សេចក្តីបំផ្លិចបំផ្លាញ ។

  • តើ​កូរីអានទុមើរ​បាន​ធ្វើ​អ្វីខ្លះ ? ( ទ្រង់​បាន​ចុះ​ចាញ់​លះបង់​នគរ​របស់​ទ្រង់​ទៅឲ្យ​ស៊ិស ) ។

  • តើ​ស៊ិស បាន​ឆ្លើយតប​យ៉ាងណា​ទៅនឹង​សំណើរ​របស់​កូរីអានទុមើរ ? ( គាត់​បាន​និយាយថា គាត់​នឹង​ទុកជីវិត​ឲ្យ​ប្រជាជន​នេះ ប្រសិនបើ​គាត់​ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្លាប់​កូរីអានទុមើរ ។ សូមមើល​ផងដែរ អេធើរ 14:24 ) ។

សូម​សង្ខេប អេធើរ 15:6–11 ដោយ​ការពន្យល់​ថា ប្រជាជន​របស់​កូរីអានទុមើរ និង​ប្រជាជន​របស់​ស៊ិស​បាន​បន្ដ​ច្បាំង​នឹង​គ្នា​ទៀត ។ អ្នក​ក៏​អាច​ពន្យល់​ថា ចម្បាំង​នេះ ដែល​ជា​ចម្បាំង​មួយ​ដែល​ជាតិ​សាសន៍​យ៉ារេឌ​ត្រូវបាន​បំផ្លាញ បាន​កើតឡើង​នៅជិត​កូនភ្នំ​មួយ​ឈ្មោះ​ថា រ៉ាម៉ា ។​ រាប់រយឆ្នាំ​ក្រោយមក អរិយធម៌​សាសន៍​នីហ្វៃ​ត្រូវបាន​បំផ្លាញ​នៅក្នុង​សង្គ្រាម​មួយ​នៅក្បែរ​កូនភ្នំ​ដូចគ្នា ដែល​ពេល​នោះ​គេ​ហៅ​ថា កូនភ្នំ​គូម៉ូរ៉ា ។ ( សូមមើល អេធើរ 15:11 ; មរមន 6:6 ) ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 15:12–17 ដោយ​ស្ងាត់ស្ងៀម ។ មុនពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​រកមើល​សេចក្ដីលម្អិត​អំពី​ស្ថានភាព​របស់​ពួកសាសន៍​យ៉ារេឌ និង​រកមើល​រឿងមួយ​នៅក្នុង​ដំណើររឿង​នេះ​ដែល​វា​គួរឲ្យ​សោកសៅ​ជាពិសេស ។ ​នៅពេល​ពួកគេ​បាន​មានពេល​អាន​ហើយ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​រំឭក​សិស្ស​ថា អេធើរ​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ព្រមាន​ដល់​ប្រជាជន​ឲ្យ​ប្រែចិត្ត ( សូមមើល អេធើរ 12:2–3; 13:20 ) ។ សូម​សរសេរ​ប្រយោគ​មិនពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​បដិសេធ​​ការព្រមាន​របស់​ព្រះអម្ចាស់​ក្នុងការ​ឲ្យ​ប្រែចិត្ត​នោះ …

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 15:18–19 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​របៀប​ដើម្បី​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ ក្រោយពី​សិស្ស​ចែកចាយ​គំនិត​របស់​គេ​ហើយ សូម​បំពេញ​ប្រយោគ​នេះ​ដោយ​ការសរសេរ​នូវ​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​បដិសេធ​នូវ​ការព្រមាន​របស់​ព្រះអម្ចាស់​ក្នុងការ​ឲ្យ​ប្រែចិត្ត​នោះ ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​ដកថយ ហើយ​សាតាំង​នឹងមាន​អំណាច​គ្រប់​គ្រង​លើ​​ដួងចិត្ត​របស់​យើង ។

  • តើ​ការបដិសេធ​របស់​ពួកសាសន៍​យ៉ារេឌ​ក្នុង​ការ​ប្រែចិត្ត​ពី​ដំបូង បាន​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​ផ្លាស់ប្ដូរ​នាពេល​ក្រោយ​ដោយ​របៀបណា ?

សូមសង្ខេប អេធើរ 15:20–32 ដោយ​ការពន្យល់​ថា កងទ័ព​របស់​កូរីអានទុមើរ និង​របស់​ស៊ិស​បាន​ច្បាំង​រហូតដល់​សល់​តែ​កូរីអានទុមើរ និង​ស៊ិស​តែ​ប៉ុណ្ណោះ ។ បន្ទាប់មក កូរីអានទុមើរ​បាន​សម្លាប់​ស៊ិស ។ នៅពេល​អេធើរ​បាន​ព្យាករណ៍ ថា​ប្រជាជន​ទាំងអស់​នៅក្នុង​នគរ​ត្រូវ​បាន​សម្លាប់​លើកលែង​តែ​កូរីអានទុមើរម្នាក់ ដែល​ពេល​នោះ​នៅរស់​ដើម្បី​មើលឃើញ​ប្រជាជន​ផ្សេង​ទៀត —ប្រជាជន​សារ៉ាហិមឡា— មក​គ្រង​ដែនដី​នេះ ( សូមមើល អេធើរ 13:21; អោមណៃ 1:20–22 ) ។ សូម​ឲ្យ​សិស្ស​អាន អេធើរ 15:33 ដើម្បី​បង្ហាញ​ថា ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​បាន​ថ្លែង​ដោយ​លោក​អេធើរ​នោះ ត្រូវបាន​បំពេញ ។

សូម​បង្ហាញ​ថា ប្រវត្តិសាស្ដ្រ​របស់​ពួកសាសន៍​យ៉ារេឌ​គឺជា​គំរូ​ដ៏​ខ្លាំងពិសេស​មួយ​នៃ​អ្វី​ដែល​កើតឡើង​ដល់​ប្រជាជន នៅពេល​ពួកគេ​បដិសេធ​ការអញ្ជើញ​ដដែលៗ​មក​ពី​ព្រះ​ឲ្យ​ប្រែចិត្ត ។ ទោះបី​វា​គឺជា​គំរូ​ដ៏​ខ្លាំងពិសេស​មួយ​ក្ដី ក៏​យើង​អាច​រកឃើញ​គោលការណ៍​នានា​នៅក្នុង​ដំណើររឿង​នេះ​ដែល​អាច​ជួយ​ដល់​យើង​បាន​ដែរ ។ សូម​ពន្យល់​ថា ដូចជា​សាសន៍​យ៉ារេឌ​ដែរ មនុស្ស​ជាច្រើន​នៅសព្វ​ថ្ងៃនេះ​បដិសេធ​ដល់​ការអញ្ជើញ​របស់​ព្រះ​ឲ្យ​ប្រែចិត្ត រហូតដល់​ពួកគេ​បាត់បង់​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ ជាញឹកញាប់ ប្រជាជន​ទាំងនេះបដិសេធមិន​ប្រែ​ចិត្ត​តាម​វិចារណញ្ញាណ​​របស់​គេ ។ សូម​អាន​សនិទានកម្ម​ខាងក្រោម ហើយ​សូម​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​នឹង​និយាយ​ឆ្លើយតប​ទៅនឹង​នរណាម្នាក់​ដែល​បាន​និយាយ​នូវ​រឿង​ទាំងនេះ ។ នៅពេល​សិស្ស​ឆ្លើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​យោងទៅ​គោលការណ៍​ដែល​ពួកគេ​បាន​រៀន​នៅក្នុង អេធើរ 13–15 ។

  1. « ខ្ញុំ​ដឹង​ថា រឿង​ដែល​ខ្ញុំ​មើល​នោះ មិនមែន​ជា​បទដ្ឋាន​របស់​សាសនាចក្រ​នោះ​ទេ ប៉ុន្ដែ​វា​មើល​ទៅ​មិន​មាន​ឥទ្ធិពល​អាក្រក់​ណាមួយ​មកលើ​ខ្ញុំ​នោះទេ » ។

  2. « ការទទួល​ទាន​សុរា​ជាមួយ​នឹង​មិត្តភក្ដិ​មិន​មែន​អាក្រក់​ណាស់ណា​នោះទេ —យើង​គ្រាន់តែ​មាន​ការរីករាយ​ប៉ុណ្ណោះ » ។

  3. « ខ្ញុំ​គ្រាន់តែ​លួច​មើល​ ដោយសារ​គ្រប់គ្នា​នៅក្នុង​ថ្នាក់​របស់​ខ្ញុំ​ធ្វើ​ដែរ ។ វា​មិន​អាច​ទទួល​បាន​ពិន្ទុល្អ​នោះទេ ប្រសិនបើ​ខ្ញុំ​មិន​លួច​ដែរ​ទេ​នោះ » ។

  4. « វា​គ្រាន់តែ​ជា​រឿង​អាសអាភាស​បន្ដិចបន្ដួច​ប៉ុណ្ណោះ ។ វា​មិន​មែន​ថា ខ្ញុំ​នឹង​ចេញទៅ​ក្រៅ ហើយ​ប្រព្រឹត្ត​អសីលធម៌​នោះទេ ។ ក្រៅពី​នេះ ខ្ញុំ​អាច​ឈប់​ពេលណា​ដែល​ខ្ញុំ​ចង់ឈប់ » ។

  5. « ខ្ញុំ​មិន​ចាំបាច់​ប្រែចិត្ត​នាពេល​នេះ​នោះទេ ។ ខ្ញុំ​អាច​រង់ចាំ រហូតដល់​ខ្ញុំ​រៀប​នឹង​ទៅ​បេសកកម្ម​មួយ ឬ​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សិន » ។

សូម​ប្រាកដ​ថា សិស្ស​យល់​ថា នៅពេល​មនុស្ស​ធ្វើអំពើបាប ហើយ​មិន​ប្រែចិត្ត នោះពួកគេ​នឹង​តែងតែ​ជួប​នូវ​លទ្ធផល​នៃ​អំពើបាប​ទាំងនោះ ។ សូម​ធានា​ជាថ្មី​ដល់​សិស្ស​ថា ប្រសិនបើ​ពួកគេ​បាន​ធ្វើ​អំពើបាប នោះ​ពួកគេ​អាច​ប្រែចិត្ត​ចេញពី​អំពើបាប​របស់​គេ​បាន ហើយ​ទទួល​បាន​ព្រះវិញ្ញាណនៃ​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​គេ​សារជាថ្មី​បាន ។ សូម​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« ខ្ញុំ​ថ្លែងទីបន្ទាល់​ថា ព្រះអង្គសង្គ្រោះ​អាច និង​ចង់​អភ័យទោស​ចំពោះ​អំពើបាប​របស់​យើង​ណាស់ ។ លើកលែង​តែ​អំពើបាប​នៃ​អស់អ្នក​ដែល​ជ្រើសរើស​យក​អំពើបាប​ធ្ងន់ធ្ងរ ក្រោយពី​បាន​ដឹង​ភាពពេញលេញ​ហើយ វា​គ្មាន​អំពើបាប​ណា​ដែល​មិន​អាច​លើកលែង​ទោស​ឲ្យ​បាន​នោះទេ ។ ឱ! តើ​វា​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​ត្រឡប់ចេញពី​អំពើបាប​របស់​យើង ហើយ​មករកព្រះគ្រីស្ទ​យ៉ាងណា​ទៅ ! ការអភ័យទោស​ពី​ស្ថានសួគ៌​គឺជា​ផ្លែ​ដ៏​ផ្អែមបំផុត​មួយ​នៃ​ដំណឹងល្អ ដោយ​ដកចេញ​នូវ​អំពើបាប និង​ការឈឺចាប់​ចេញពី​ដួងចិត្ត​របស់​យើង ហើយ​ជំនួស​មក​វិញ​ដោយ​សេចក្ដីអំណរ និង​សេចក្ដីសុខសាន្ដ​នៃ​អារម្មណ៍​នោះ » ( « Repent … That I May Heal You » Ensignលីអាហូណា ខែ​វិច្ឆិកា ឆ្នាំ 2009, ទំព័រ 40–41 ) ។

សូម​ឲ្យ​សិស្ស​ពិនិត្យ​មើល​ជីវិត​របស់​គេ​ចំពោះ​អំពើបាប​នានា ដែល​ជ្រៀតជ្រែក​ដល់​ការមាន​គូ​ជានិរន្ដរ៍​ជា​ព្រះវិញ្ញាណបរិសុទ្ធ​របស់​គេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យខំតោងចាប់​ព្រះចេសា្ដ​នៃ​ដង្វាយធួន​ក្នុងការផ្លាស់ប្ដូរ ដែល​នឹង​ជួយ​ដល់​ពួកគេ​ឲ្យ​រក្សា​បាន​គូ​នៃ​ព្រះវិញ្ញាណ និង​ប្រឆាំង​នឹង​អំណាច​របស់​សាតាំង​បាន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​មួយ​ទៀត​ដែល​បាន​បង្រៀន​នៅក្នុង អេធើរ 13–15 សូម​ឲ្យ​ពួកគេ​អាន​វគ្គ​ខាងក្រោម​នេះ​ដោយ​ស្ងាត់ស្ងៀម ៖ អេធើរ 13:27; 14:24; 15:6, 22, 28 ។ មុនពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​គិត​រកមើល​ពាក្យ និង​ឃ្លា​ដែល​បញ្ជាក់​ពី​អារម្មណ៍​របស់​ពួកសាសន៍​យ៉ារេឌ​ដែល​មាន​កំហឹង និង​បំណង​ចង់​សងសឹក ។ អ្នក​អាចណែនាំ​ថា សិស្ស​គួរ​គូស​ចំណាំ​ពាក្យ និង​ឃ្លា​ទាំងនេះ ។

  • ដោយផ្អែកលើ​ការសិក្សា​របស់​អ្នក​ក្នុង អេធើរ 13–15 តើ​អ្វី​ជា​លទ្ធផល​នៃ​កំហឹង និង​បំណង​ចង់​សងសឹក​របស់​ពួកសាសន៍​យ៉ារេឌ ?

  • តើ​គោលការណ៍​អ្វី​អំពី​កំហឹង និង​ការ​សងសឹក​ដែល​យើង​អាច​រៀន​ពី​វគ្គ​ចុងក្រោយ​នៃ​ប្រវត្តិសាស្ដ្រ​របស់​ពួកសាសន៍​យ៉ារេឌ​នេះ ? ( សិស្ស​អាច​ចែករំលែក​នូវ​គោលការណ៍​ពីរ​បី​ខុសគ្នា ។ សូម​ធានា​ថា ចម្លើយ​របស់​ពួកគេ​ឆ្លុះបញ្ចាំង​ថា កំហឹង និង​ការ​សងសឹក​នឹងនាំ​មនុស្ស​ទៅរក​ជម្រើស​ដែល​ធ្វើឲ្យ​ពួកគេ និង​អ្នកដទៃ​ឈឺចាប់ ) ។

  • តើ​អ្វី​ជា​លទ្ធផល​ដែល​កំហឹង​អាច​មាន​ដល់​បុគ្គល ឬ​គ្រួសារ​មួយ​នោះ ?

សូម​ថ្លែងទីបន្ទាល់​ថា យើង​អាច​យកឈ្នះ​លើ​អារម្មណ៍​ខឹង និង​បំណង​ចង់​សងសឹក​នេះ​បាន នៅពេល​យើង​បែរទៅ​ព្រះយេស៊ូវ​គ្រីស្ទ និង​ទទួលបាន​នូវ​ការអភ័យទោស និង​ការលួងលោម​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បែរទៅ​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន​សុំ​រក​ជំនួយ​ដែល​ពួកគេ​ត្រូវការ ប្រសិនបើ​ពួកគេ​ខឹង​នឹង​មនុស្ស​ផ្សេង​ទៀត ។

ការរំឭក​គម្ពីរ​អេធើរ

សូម​ចំណាយពេល​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រំឭក គម្ពីរ​អេធើរ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គម្ពីរ​នេះ ទាំង​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​នៅក្នុង​ការសិក្សា​វគ្គគម្ពីរ​ផ្ទាល់​ខ្លួន​របស់​គេ ។ ប្រសិនបើ​ចាំបាច់ សូម​ឲ្យ​ពួកគេ​សង្ខេប​ដោយ​ខ្លីៗ​អំពី​សេចក្ដីសង្ខេប​ជំពូក​ខ្លះ​នៅក្នុង​គម្ពីរ​អេធើរ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​អ្វីខ្លះ​ពី​គម្ពីរ​អេធើរ ដែល​បំផុសគំនិត​ដល់​ពួកគេ ឬ​ដែល​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​មាន​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អេធើរ 13:3–5 ។ ទីក្រុង​យេរូសាឡិម​ថ្មី និង​ទីក្រុង​យេរូសាឡិម​ចាស់

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀន​អំពី​ទីក្រុង​យេរូសាឡិម​ថ្មី និង​ទីក្រុង​នៃ​យេរូសាឡិម​ដែល​បាន​កសាង​កាលពី​បុរាណកាល​មក ៖

« ដើម្បី​ស្រមៃ​ថា​វា​ន័យ​យ៉ាងណា​ដោយ [ ទីក្រុង​យេរូសាឡិម​ថ្មី ] នោះ​យើង​ត្រូវតែ​ដឹង​ពី​ការពិត​ទាំងប្រាំ​យ៉ាង​នេះ​សិន ៖ 1 ទីក្រុង​យេរូសាឡិម​កាលពី​បុរាណ ជា​ទីក្រុង​​មាន​ការបម្រើ​ដ៏​ច្រើន​ពី​ព្រះអម្ចាស់​របស់​យើង​ផ្ទាល់​នៅក្នុង​ចំណោម​ប្រជាជន ត្រូវបាន​កសាង​ឡើង​នៅក្នុង​ថ្ងៃចុងក្រោយ ហើយ​នឹង​ក្លាយជា​រដ្ឋធានី​មួយ​នៃ​រដ្ឋធានី​ដ៏​ធំ​ពីរ​អស្ចារ្យ​នៅក្នុង​ពិភពលោក​នេះ ជា​ទីក្រុង​រាប់ពាន់​ឆ្នាំ​ដែល​ព្រះបន្ទូល​របស់​ព្រះ​នឹង​ថ្លែង​ចេញទៅ ។ 2 ទីក្រុង​យេរូសាឡិម​ថ្មី ទីក្រុង​ស៊ីយ៉ូន​ថ្មី ទីក្រុង​នៃ​ព្រះ​ថ្មី នឹង​ត្រូវ​សាងស់​នៅលើ​ទ្វីប​អាមេរិក ។ 3 ទីក្រុង​របស់​អេណុក ស៊ីយ៉ូន​ដើម ‹ ទីក្រុង​នៃ​ភាពបរិសុទ្ធ … ត្រូវបាន​យក​ទៅ​ស្ថានសួគ៌ › (ម៉ូសេ 7:13–21) ។ 4 ទីក្រុង​របស់​អេណុក ដែល​មាន​ន័យ​តាម​ប្រជាជន​នាពេល​ឥឡូវនេះ​នៅក្នុង​សភាព​រស់ឡើងវិញ​របស់​ពួកគេ នឹង​ត្រូវ​ត្រឡប់​ទៅវិញ ជា​ទីក្រុង​យេរូសាឡិម​ថ្មី​មួយ ដើម្បី​ចូលរួម​ជាមួយ​នឹង​ទីក្រុង​ដែល​មាន​ឈ្មោះ​ដូចគ្នា ដែល​ត្រូវបាន​សាងឡើង​នៅលើ​ទ្វីប​អាមេរិក ។ 5 នៅពេល​ផែនដី​នេះ​ក្លាយជា​ពិភព​សេឡេស្ទាល​មួយ ‹ ទីក្រុង​បរិសុទ្ធ គឺជា​ក្រុង​យេរូសាឡិម › នឹង​ត្រូវ​បាន ‹ ចុះ​ពី​ស្ថានសួគ៌​មក​អំពី​ព្រះ › ម្ដងទៀត នៅពេល​ផែនដី​នេះ​ក្លាយជា​ដំណាក់​នៃ​ពួកបរិសុទ្ធ​សេឡេស្ទាល​ជារៀង​រហូត​តទៅ (វិវរណៈ 21:10–27) » (Doctrinal New Testament Commentary, vol. 3 [1973] 580–81 ) ។

អេធើរ 13:2–4, 6 ។ តើ​ទីក្រុង​យេរូសាឡិម​ថ្មី​នឹង​ត្រូវកសាង​នៅកន្លែង​ណា ?

ព្រះអម្ចាស់​បាន​បើកសម្ដែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ថា​នៅក្នុង​ថ្ងៃចុងក្រោយ ទីក្រុង​យេរូសាឡិម​ថ្មី​នឹង​ត្រូវកសាង​នៅ​សហរដ្ឋអាមេរិក នៅក្នុង​ឃុំចាកសុន មិសសួរី ( សូមមើល គ. និង ស. 57:1–4; 84:1–4) ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ពន្យល់​ពី​ទំនាក់ទំនង​រវាង​ការប្រជុំ​គ្នា​របស់​សមាជិក​សាសនាចក្រ​នាពេល​នេះ និង​ការស្ថាបនា​លើកចុងក្រោយ​នៃ​ទីក្រុង​យេរូសាឡិម​ថ្មី ៖

« ចូរ​ឲ្យ​អ៊ីស្រាអែល​ប្រជុំគ្នា​នៅ​ស្ដេក​នៃ​ស៊ីយ៉ូន​នៅក្នុង​គ្រប់​ជាតិសាសន៍ ។ សូម​ឲ្យ​ដែនដី​ទាំងឡាយ​ក្លាយជា​ស៊ីយ៉ូន​ដល់​អស់អ្នកដែល​បាន​តែងតាំង​ឲ្យ​រស់នៅ​ទីនោះ ។ សូម​ឲ្យ​ភាពពោរពេញនៃដំណឹងល្អ​មាន​សម្រាប់​ពួកបរិសុទ្ធ​ទាំងអស់​នៅ​គ្រប់​ជាតិសាសន៍ ។ សូម​កុំ​ឲ្យ​មាន​ពរជ័យ​ណា​បដិសេធ​ដល់​ពួកគេ​ឡើយ ។ សូម​ឲ្យ​ព្រះវិហារបរិសុទ្ធ​បាន​កើតឡើង នៅកន្លែង​នៃ​ភាពពេញលេញ​នៃ​ពិធីបរិសុទ្ធ​របស់​ដំណាក់​ព្រះអម្ចាស់​អាច​ត្រូវបាន​បម្រើ ។ ប៉ុន្ដែ​វា​នៅតែ​មាន​កន្លែង​ទីស្នាក់ការ​កណ្ដាល​មួយ ជា​កន្លែងមួយ​ដែល​ព្រះវិហារបរិសុទ្ធ​ចម្បង​គេ​ត្រូវ​ឈរ ជា​កន្លែងមួយ​ដែល​ព្រះអម្ចាស់​នឹងយាង​មក ។… ហើយ​កន្លែង​កណ្ដាល​នោះ​គឺជា​អ្វី​ដែល​មនុស្ស​នាពេល​ឥឡូវនេះ​ហៅ​ថា ឯករាជ្យភាព​នៅក្នុង​ឃុំចាកសុន មិសសួរី ប៉ុន្ដែ​ដែល​នៅ​ថ្ងៃមួយ​មក​ដល់ វា​នឹង​មាន​ស៊ីយ៉ូន​របស់​ព្រះ​យើង និង​ជា​ទីក្រុង​ដ៏​បរិសុទ្ធ​សម្រាប់​រាស្ដ្រ​របស់​ទ្រង់ » (A New Witness for the Articles of Faith [ ឆ្នាំ 1985 ], ទំព័រ 595 ) ។

អេធើរ 15:19 ។ តើ​សាតាំង​ទទួល​បាន​អំណាច​មក​លើ​ដួងចិត្ត​របស់​យើង​ដោយ​របៀបណា ?

ខណៈពេល​ដែល​សាតាំង​មាន​អំណាច​ដ៏​អស្ចារ្យ​ក្នុង​ការល្បួង និង​បោកបញ្ឆោត​យើង វា​មិន​អាច​មាន​អំណាចគ្រប់គ្រង​លើ​សិទ្ធិសេរីភាព​ជ្រើសរើស​របស់​យើង​បានទេ លុះត្រាតែ​យើង​ចុះចាញ់​នឹង​ឥទ្ធិពល​របស់​វា ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ​បាន​ពន្យល់ ៖

« យើង​មិន​ត្រូវ​ភ័យស្លន់​នឹង​អំណាច​របស់​សាតាំង​នោះទេ ។ វា​មិន​អាច​មាន​អំណាច​មកលើយើង​បាន​ឡើយ លុះត្រាតែ​យើង​អនុញ្ញាត​ឲ្យវា ។ វា​ពិតជា​តួអង្គ​ដ៏​កំសាក​ណាស់ ហើយ​ប្រសិនបើ​យើង​ឈរ​ដោយ​រឹងមាំ នោះ​វា​នឹង​ដកថយ ។…

« យើង​បាន​ស្ដាប់​អ្នកកំប្លែង និង​អ្នកដទៃ​បកស្រាយ ឬ​ពន្យល់​ពី​ការធ្វើខុស​របស់​គេ​ដោយ​និយាយ​ថា ‹ សាតាំង​ឲ្យ​ខ្ញុំ​ធ្វើ​វា › ។ ខ្ញុំ​គិត​ថា សាតាំង​មិន​អាច​ធ្វើឲ្យ​យើង​ធ្វើ​អ្វី​បាន​នោះទេ ។ ប្រាកដ​ណាស់ វា​អាច​ល្បួង​យើង ហើយ​វា​អាច​បោកបញ្ឆោត​យើង ប៉ុន្ដែ​វា​មិន​មាន​អំណាច​លើ​យើង ដែល​យើង​មិន​បាន​ឲ្យ​ទៅវា​នោះទេ ។

« អំណាច​ក្នុង​ការប្រឆាំង​នឹង​សាតាំង អាច​ខ្លាំងជាង​អ្វី​ដែល​យើង​យល់ដឹង​ទៅទៀត ។ ព្យាការី​យ៉ូសែប ស្ម៊ីធ បានបង្រៀន​ថា ៖ « គ្រប់​មនុស្ស និង សត្វលោក​ទាំងអស់ ដែល​មាន​រូបកាយ មាន​អំណាច​លើ​អ្វីៗ ដែល​គ្មាន​រូបកាយ » ។ សាតាំង​គ្មាន​អំណាច​មក​លើ​យើង​នោះទេ លើកលែង​តែ​យើង​ឲ្យ​វា​មាន​ឡើង ។ ពេល​ណា​ដែល​យើង​បះបោរ​នឹង​អ្វីៗ​ដែល​មក​ពី​ព្រះ នោះ​សាតាំង​នឹង​មាន​អំណាច › (Teachings of the Prophet Joseph Smith sel. Joseph Fielding Smith Salt Lake City: Deseret Book Co 1938 ទំព័រ. 181) » ( « The Great Imitator » Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 35 ) ។

អេធើរ 15:19–30 ។ លទ្ធផល​នៃ​ការសងសឹក និង​កំហឹង

សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អ៊ី. សូរិនសិន នៃ​ក្រុម​ចិតសិន​នាក់​អញ្ជើញ​យើង​ឲ្យ​អភ័យទោស ជា​ជាង​ចុះចាញ់​ទៅក្នុង​កំហឹង ឬ​បំណង​ចង់​សងសឹក ៖

« នៅពេល​នរណា​ម្នាក់​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ ឬធ្វើ​ឲ្យ​​អ្នកទាំងឡាយ​ដែល​យើងស្រឡាញ់ឈឺចាប់ នោះ​ការ​ឈឺចាប់​នោះ​អាច​នឹង​គ្រប​ដណ្ដប់​លើ​យើងយ៉ាងធ្ងន់ធ្ងរ ។ វា​អាច​មានអារម្មណ៍​ដូចជា ការ​ឈឺចាប់ ឬ​សេចក្តី​អយុត្តិធម៌​នោះ វា​សំខាន់​បំផុត​នៅក្នុងពិភពលោកនេះ ហើយ​ថា​យើង​គ្មាន​ជម្រើស​ ក្រៅពីការ​សង​សឹក ។ ប៉ុន្ដែ​ព្រះគ្រីស្ទ ដែលជា​ស្ដេច​នៃ​មេត្រីភាព បង្រៀន​យើង​នូវ​របៀប​មួយ​ដែល​ល្អ​ប្រសើរ​ជាង ។ វា​អាច​ជារឿងដ៏លំបាក​មួយ​ដើម្បី​អភ័យទោស​ដល់នរណា​ម្នាក់​ ចំពោះ​ការ​បំផ្លាញ​ដែល​ពួកគេ​បានធ្វើ​មកលើ​យើង ប៉ុន្តែ​នៅពេល​យើងអភ័យ​ទោស នោះយើង​ផ្តល់ឱកាស​ឲ្យខ្លួនយើង​ឈានទៅរក​អនាគតកាល​កាន់តែ​ល្អប្រសើរ​មួយ ។ ទង្វើ​នៃ​ការ​ធ្វើ​ខុសឆ្គង​របស់​អ្នកដទៃនោះ នឹង​ឈប់​មកគ្រប់គ្រង​លើ​ផ្លូវ​ជីវិត​យើងទៀតឡើយ ។ នៅពេល​យើង​អភ័យទោស​ដល់​អ្នកដទៃ វា​រំដោះ​យើង​ឲ្យ​មាន​សេរីភាព​ ដើម្បី​ជ្រើសរើស​ថា​តើ​យើង​នឹង​រស់នៅ​ក្នុងជីវិត​របស់​យើង​តាម​របៀប​ណា ។ ការអត់ទោស​មាន​ន័យ​ថា បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​អតីតកាល ពុំ​កំណត់​ពី​ជោគវាសនា​របស់​យើង​ទៀត​នោះ​ទេ ហើយ​យើង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​អនាគត ដោយ​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត » ( « Forgiveness Will Change Bitterness to Love » EnsignLiahona ខែ ឧសភា ឆ្នាំ 2003 ទំព័រ 12 ) ។