បណ្ណាល័យ
មេរៀនទី 117 ៖ នីហ្វៃទី 3 2–5


មេរៀនទី 117

នីហ្វៃទី 3 2–5

សេចក្តីផ្ដើម

ក្រោយពី​ប្រជាជន​បាន​ឃើញ​ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទហើយ ពួកគេ​បាន​ចាប់ផ្ដើមលែង​មាន​ការ​ភ្ញាក់​ផ្អើល​អំពី​​ទីសម្គាល់ទាំងឡាយ​ ហើយ​ពួកគេ​បានមាន​ ចិត្តរឹង​រូស ។ ប្រជាជន​ជាច្រើន​បាន​បដិសេធ​ទីសម្គាល់ និង​ការដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត ហើយ​កាន់​តែ​បន្ត​​សេចក្ដីទុច្ចរិត ។ ជា​លទ្ធផល ក្រុម​ពួកចោរ​កាឌីអានតុន​បាន​រីកចម្រើន​យ៉ាង​រឹងមាំ រហូត​ដល់​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​ត្រូវ​បង្ខំ​ឲ្យ​លើកអាវុធ​ឡើង​ប្រយុទ្ធ​នឹង​ពួកគេ ។ ពួកសាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត​បាន​ចូលរួម​នឹង​សាសន៍​នីហ្វៃ ហើយ​ត្រូវ​បាន​ហៅ​ថា សាសន៍​នីហ្វៃ ។ ឡាកូនីអូស ជា​មេចៅក្រម​នៃ​ពួកសាសន៍​នីហ្វៃ បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ប្រែចិត្ត ហើយ​រៀបចំ​ខ្លួន​គេ​ដើម្បី​ទៅ​ច្បាំង ។ ដោយសារតែ​ការប្រែចិត្ត​របស់​ពួកគេ សេចក្ដីជំនឿ​គេ​ទៅលើ​ព្រះអម្ចាស់ និង​ការរៀបចំ​ដ៏​ឧស្សាហ៍ព្យាយាម​របស់​គេ សាសន៍​នីហ្វៃ​បាន​យក​ឈ្នះ​លើ​ពួកចោរ​កាឌីអានតុន ។ បន្ទាប់ពី​ការរំដោះ​របស់​ពួកគេ ប្រជាជន​បាន​ទទួល​ស្គាល់​ព្រះចេស្ដា​របស់​ព្រះ​ក្នុង​ការថែរក្សា​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ ទី3 ជំពូក 2

ពួកសាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត​រួបរួម​ជាមួយ​នឹង​ពួកសាសន៍​នីហ្វៃ ដើម្បី​ការពារ​ខ្លួនគេ​ពី​ពួកចោរ​កាឌីអានតុន

សូម​ឲ្យ​សិស្ស​ចំណាយ​ពេល​ពីរបី​នាទី ដើម្បីសរសេរ​ពី​បទពិសោធន៍​​ខ្លះខាង​វិញ្ញាណ​ដែល​ពួកគេ​បាន​មាន​ទៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​របស់​ពួកគេ ។ សូម​រំឭក​ពួកគេ​ថា បទពិសោធន៍ខាងវិញ្ញាណ​មិន​ចាំបាច់​តែ​ជារឿង​ដែល​គួរ​ឲ្យ​រំភើប ឬ​អស្ចារ្យ​ដើម្បី​ឲ្យ​មាន​ន័យ​នោះ​ឡើយ ។ សូម​ណែនាំ​ថា ពួកគេ​គួរ​សញ្ជឹងគិត​ពី​ពេល​​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​នៃ​ព្រះ​វរបិតាសួគ៌ ឬ​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ឧទាហរណ៍ ពួកគេ​អាច​សរសេរ​អំពី​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន នៅពេល​ពួកគេ​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន នៅពេល​ពួកគេ​បាន​ទទួល​ពរជ័យនៃបព្វជិតភាព ឬ​នៅពេល​ពួកគេ​បាន​បម្រើ​ដល់​អ្នកដទៃ ។ នៅពេល​ពួកគេ​សរសេរ​ចប់​ហើយ​ សូម​សួរ​ពួកគេ​ថា ហេតុអ្វី​បានជា​ពួកគេ​គិត​ថា ​វា​អាច​មានសារៈសំខាន់​ដើម្បី​ចងចាំ​ពី​បទពិសោធន៍ខាងវិញ្ញាណ​ទាំងនេះ​នៅ​ថ្ងៃនេះ និង​នៅក្នុង​រយៈពេល 10 ឬ 20 ឆ្នាំ​នា​ពេល​អនាគត​នោះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 2:1–3 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​នៅពេល​ប្រជាជន​បាន​ចាប់ផ្ដើម​ភ្លេច​ពី​ទីសម្គាល់ដែល​ទាក់ទង​ទៅនឹង​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​ដំណើររឿង​នេះ​បាន​បង្រៀន​យើង​អំពី​គ្រោះថ្នាក់​នៃ​ការបំភ្លេច​បទពិសោធន៍​ខាងវិញ្ញាណ ?

នៅពេល​សិស្ស​ចែកចាយ​ពី​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ សូម​បញ្ជាក់​ពី​គោលការណ៍​ខាង​ក្រោម ៖​ ប្រសិនបើ​យើង​ភ្លេច​ពី​បទពិសោធន៍​ខាង​វិញ្ញាណ​ពីមុនៗ នោះ​យើង​នឹងកាន់​តែ​ងាយ​រង​ការល្បួង និង​ការបោក​បញ្ឆោត​របស់​សាតាំង ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ។ អ្នក​ក៏អាច​ជម្រុញ​ឲ្យ​សិស្ស​សរសេរ​វា​នៅក្នុង​បញ្ជី​នៃ​បទពិសោធន៍ខាង​វិញ្ញាណ​របស់​ពួកគេ​ដែរ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការបំភ្លេច​នូវ​បទពិសោធន៍ខាងវិញ្ញាណ​អាច​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​រងគ្រោះ​ពី​សាតាំង ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធានា​ថា ​យើង​មិន​ភ្លេច​បទពិសោធន៍ខាងវិញ្ញាណ​ដែល​យើង​បាន​មាន​នោះ ?​ ( ចម្លើយ​អាច​រួមមាន ការចែកចាយ​បទពិសោធន៍​ជាមួយ​នឹង​អ្នកដទៃ​តាម​ដែលសមរម្យ ការសរសេរ​វា​ក្នុង​កំណត់ហេតុ​ផ្ទាល់ខ្លួន ឬ​ការកត់ត្រា​បទពិសោធន៍​ពី​សកម្មភាព​ក្នុង​សៀវភៅ កាតព្វកិច្ច​ចំពោះ​ព្រះ ឬ​ការអភិវឌ្ឍន៍​ខ្លួន ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដែល​ប្រធាន​ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​ពន្យល់​ពី​របៀប​ដែល​ការកត់ត្រា​បទពិសោធន៍ខាងវិញ្ញាណ​នៅក្នុង​កំណត់ហេតុ ​បាន​ជួយ​ដល់​លោក ។​ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​នូវ​ពរជ័យ​នានា ​ដែល​អាច​មក​ពី​ការរក្សា​កំណត់ហេតុ​បែបនោះ ។​

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ខ្ញុំ​បាន​សរសេរ​រឿង​ពីរ​បី​បន្ទាត់​ជារៀងរាល់​ថ្ងៃ​អស់ជា​ច្រើនឆ្នាំ ។ ខ្ញុំ​មិន​ដែល​ខកខាន​មួយ​ថ្ងៃ​ណា​ឡើយ មិន​ថា​ខ្ញុំ​នឿយហត់​ប៉ុណ្ណា ឬ មិន​ថា​ព្រលឹម​យ៉ាងណា​ដែល​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​នោះទេ ។ មុនពេល​ខ្ញុំ​ចាប់​សរសេរ ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​សំណួរ​នេះ ៖ ‹ តើ​ខ្ញុំ​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះ​ឈោង​មកពាល់​យើង ឬ​កូនចៅ​យើង ឬ​គ្រួសារ​យើង​នា​ថ្ងៃ​នេះ​ទេ ? › នៅពេល​ខ្ញុំ​រក្សា​ទម្លាប់​នេះ​បាន អ្វីមួយ​បាន​ចាប់ផ្ដើម​កើតឡើង ។ នៅពេល​ខ្ញុំ​នឹង​គិតទៅ​ដល់​ ​ថ្ងៃ​មួយ​នោះ ខ្ញុំ​បាន​ឃើញ​ភស្ដុតាង​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​សមាជិក​ម្នាក់ [ ក្នុង​គ្រួសារ​របស់យើង ] ដែល​ខ្ញុំ​មិន​បាន​ចាប់អារម្មណ៍​ក្នុង​ពេល​ដ៏​រវល់​នា​ថ្ងៃ​នេះ ។​ នៅពេល​ដែល​ការណ៍​នោះ​កើតឡើង ហើយ​វា​បាន​កើតឡើង​ជាញឹកញាប់ នោះ​ខ្ញុំ​បាន​យល់​ថា ការព្យាយាម​ចងចាំ​នេះ​បាន​អនុញ្ញាត​ឲ្យ​ព្រះ​បង្ហាញ​ដល់​រូប​ខ្ញុំ​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។

« វា​លើស​ពី​សេចក្ដីអំណរគុណ​ដែល​បាន​ចាប់ផ្ដើម​ដុះ​ដាល​ឡើង​នៅក្នុង​ចិត្ត​របស់​ខ្ញុំ ។ ទីបន្ទាល់​បាន​រីកចម្រើន​ឡើង ។ ខ្ញុំ​​កាន់តែមាន​ភាពច្បាស់លាស់​បន្ថែម​ទៀត​​ថា ព្រះវរបិតាសួគ៌​របស់​យើង​ឮ និង​ឆ្លើយតប​នូវ​ការអធិស្ឋាន​ទាំងឡាយ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ដឹងគុណកាន់តែ​ច្រើន​ចំពោះ​ការបន្ទន់​ចិត្ត និង​ការបន្សុទ្ធ​ដែលកើត​មាន​ដោយសារ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​ជាងមុន​ថា ព្រះវិញ្ញាណបរិសុទ្ធ​អាច​ធ្វើ​ឲ្យ​យើង​ចងចាំ​អ្វីៗ​ទាំងអស់— សូម្បី​តែ​​​រឿង​ដែល​យើង​មិនបាន​កត់សម្គាល់ ឬ​ចាប់អារម្មណ៍ នៅពេល​វា​បាន​កើតឡើង​ក្ដី » ( « O Remember, Remember » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 67 ) ។

សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ការចងចាំ​ដល់​បទពិសោធន៍​ខាងវិញ្ញាណ— តាមរយៈ​ការសរសេរ​ក្នុង​កំណត់ហេតុ ឬ​របៀប​ផ្សេង​ទៀត— បាន​ជួយ​ពួកគេ​ឲ្យ​នៅបន្ដ​ស្មោះត្រង់ ទោះបីជាសាតាំង​បាន​ខិតខំ​ល្បួង ឬ​បោកបញ្ឆោត​ពួកគេ​ក្ដី ។

សូម​សង្ខេប នីហ្វៃទី 3 2:4–19 ដោយ​ពន្យល់​ថា នៅពេល​​ប្រជាជន​បាន​បន្ដ​នៅក្នុង​សេចក្ដីទុច្ចរិត នោះ​ពួកចោរ​កាឌីអានតុន​បាន​កើន​ឡើង​ទាំង​ចំនួន និង​កម្លាំង ។ ពួកចោរ​កាឌីអានតុន​បាន​ក្លាយជា​ឆេវឆាវ​ប្រើ​ហិង្សា​កាន់តែ​ខ្លាំង ហើយ​ពួកសាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត​បាន​ចូលរួម​ជាមួយ​នឹង​កម្លាំង​របស់​សាសន៍​នីហ្វៃ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកគេ ។ ទោះបីជា​ពួកគេ​​មាន​ជ័យជំនះ​ខ្លះៗ​នៅក្នុង​ការបណ្ដេញ​ពួកចោរ​កាឌីអានតុន​ចេញពី​ដែនដី​របស់​ពួកគេ​ក្ដី ក៏​ពួក​សាសន៍​នីហ្វៃ ( ជាមួយ​នឹង​ពួកសាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ហៅ​ថា​ជា សាសន៍​នីហ្វៃ ) នៅតែ​ស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​រយៈពេល 15 ឆ្នាំ​ ក្រោយពី​មាន​ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។

នីហ្វៃទី 3 1–10

អ្នកដឹកនាំ​ពួកចោរ​កាឌីអានតុន​ទាមទារ​ឲ្យ​ពួកសាសន៍​នីហ្វៃ​ចុះចាញ់

សូម​ពន្យល់​ថា​នៅក្នុង នីហ្វៃទី 33:1–10 ពេល​ខ្លះ យើង​ឃើញ​ពី​គំរូ​មួយ​ ​ដែល​មារសត្រូវអាចប្រើ​ប្រាស់​អ្នក​ដទៃ ក្នុង​ការ​​ព្យាយាម​ធ្វើ​ឲ្យ​សេចក្ដីជំនឿ​របស់​យើង​ចុះខ្សោយ ហើយ​ដឹកនាំ​យើង​ឲ្យ​វង្វេង ។ គីឌឌីអានហៃ ជា​អ្នកដឹកនាំ​របស់​ពួកចោរ​កាឌីអានតុន បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​ឡាកូនីអូស ដែល​ជា​មេចៅក្រម​នៃ​ពួកសាសន៍​នីហ្វៃ ដើម្បី​បញ្ចុះបញ្ចូល​លោក​ឲ្យ​ចុះចាញ់​ពួកក្រុម​ចោរ​កាឌីអានតុន ។

សូម​សរសេរ គីឌឌីអានហៃ ​ល្បួង​ឡាកូនីអូស នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​អាន នីហ្វៃទី 3 3:2–5 ដោយ​ស្ងៀម​ស្ងាត់ ហើយ​សិស្ស​ដទៃ​ទៀត​អាន នីហ្វៃទី 3 3:6–10 ដោយ​ស្ងៀមស្ងាត់ ។ នៅពេល​សិស្ស​អាន សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ ឬ​ឃ្លា​​ដែល​បង្ហាញ​ពី​វិធីសាស្ដ្រ​ដែល​ គីឌឌីអានហៃ ​បាន​ប្រើ​ដើម្បី​ព្យាយាម​ធ្វើឲ្យ​សេចក្ដីជំនឿ​របស់​ឡាកូនីអូស​ទន់ខ្សោយ ហើយ​ដឹកនាំ​លោក​ឲ្យ​វង្វេង ។ ក្រោយពី​សិស្ស​អាន​ចប់​ហើយ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ឲ្យ​សិស្ស​សរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។

ដើម្បី​សង្ខេប​ពី​វិធីសាស្ដ្រ​ដែល​សិស្ស​បាន​រកឃើញ​នៅក្នុង នីហ្វៃទី 3 3:2–10 សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន នៅក្រោម​បញ្ជី​ចម្លើយ​របស់​សិស្ស ៖ ជារឿយៗ សាតាំង និង​អ្នកដើរតាម​វា​ ​ប្រើ​នូវ​ពាក្យបញ្ជោរ ការសន្យា​ក្លែងក្លាយ និង​ការគំរាមកំហែង​ដើម្បី​នាំ​មនុស្ស​ឲ្យ​វង្វេង ។ សូម​ឲ្យ​សិស្ស​រើស​យក​វិធីសាស្ដ្រ​មួយ​ដែល​គីឌឌីអានហៃ​ប្រើ ដែ​លមាន​សរសេរស្រាប់​នៅ​លើ​​​នៅលើ​ក្ដារខៀន ហើយ​ពន្យល់​ពី​របៀប​ដែល​សាតាំង និង​ពួកអ្នកដើរតាម​វា​អាច​ប្រើ​របៀប​ស្រដៀងគ្នា​នេះ​ទៅលើ​យុវជន​នា​សព្វថ្ងៃនេះ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​ការប្រៀបធៀប​ទាំងនេះមួយ​ចំនួន​ អ្នក​អាច​សួរ​សំណួរ​ដូចខាងក្រោម ៖

  • តើ​​គំរូមួយចំនួន​នៃ​​របៀប​ដែល​សាតាំង​អាច​ប្រើ​ពាក្យបញ្ជោរ ( ការសរសើរ​​ដោយ​មិនស្មោះត្រង់ ឬ​ហួសហេតុពេក ) ទៅលើ​យុវជន​នា​សព្វថ្ងៃនេះមាន​អ្វីខ្លះ ? តើ​ការសន្យា​ក្លែងក្លាយ​ឬ​ការគំរាម​ទទេ​អ្វីខ្លះ ដែល​បច្ចាមិត្ត​អាច​ប្រើ ? តើ​អ្នក​គិត​ថា យុវជន​អាច​យកឈ្នះ​លើ​វិធីសាស្ដ្រ​ទាំងនេះ​តាម​របៀប​ណា ?

នីហ្វៃទី 3 3:11–5:7

ប្រជាជន​របស់​ឡាកូនីអូស​រៀបចំ​ការពារ​ខ្លួន ហើយ​បាន​​បង្ក្រាប​ពួកចោរ​កាឌីអានតុន

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 3:11–12 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​របៀប​ដែល​ឡាកូនីអូស​បាន​ឆ្លើយតប​ទៅនឹង​សំបុត្រ​គំរាម​របស់​គីឌឌីអានហៃ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​របៀប​ដែល​ឡាកូនីអូស​បាន​ឆ្លើយតប​នឹង​គីឌឌីអានហៃ ? ( សេចក្ដីពិត​មួយ​ដែល​សិស្ស​អាច​រកឃើញ​នោះ​គឺ បុរស និង​ស្ដ្រី​សុចរិត​មិន​ត្រូវ​ខ្លាច​ពួកទុច្ចរិត​ឡើយ ហើយ​មិន​គួរ​ចុះចាញ់​ការគំរាម​របស់​ពួកគេ​ដែរ  ) ។

សូម​បំបែក​សិស្ស​ក្នុង​ថ្នាក់​ទៅជាបួនក្រុម ។សូម​ចែក​ក្រដាស​មួយ​ផ្ទាំង​ធំ​មួយ​ឲ្យ​ក្រុម​នីមួយៗ ។ សូម​ឲ្យ​ក្រុម​ទាំងឡាយ​គូស​ចែក​ក្រដាស​របស់​គេ​ជាពីរ​ជួរឈរ ដោយ​​ជួរ​មួយ​ដាក់​ចំណងជើង​ថា ការរៀបចំ​របស់​ឡាកូនីអូស ហើយ​មួយ​ទៀត​ដាក់​ចំណងជើង​ថា រឿង​ដូចគ្នា​ក្នុង​​សម័យ​ទំនើប ។ សូម​សរសេរ​វគ្គ​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​​ឲ្យ​វគ្គគម្ពីរ​មួយ​ទៅ​​ក្រុម​នីមួយៗ ៖ នីហ្វៃទី 3 3:12–15, នីហ្វៃទី 3 3:16–21, នីហ្វៃទី 3 3:22–26, នីហ្វៃទី 3 4:1–4 ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរដែល​ពួកគេមាន​ ដោយ​រកមើល​របៀប​ដែល​ឡាកូនីអូស​បាន​រៀបចំ​ប្រជាជន​របស់​លោក​ខាងវិញ្ញាណ និង​ខាង​សាច់ឈាម​ដើម្បី​ប្រឈមនឹង​ការវាយប្រហារ​ពី​ពួកចោរ​កាឌីអានតុន ។ នៅក្រោម​ចំណងជើង ការរៀបចំ​របស់​ឡាកូនីអូស សូម​ឲ្យ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​សរសេរ​នូវ​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ​ក្នុង​ការរៀបចំខ្លួន ។ ( កំណត់ចំណាំ ៖ នៅពេល​សិស្ស​សិក្សា​ពី​ខគម្ពីរ​ទាំងនេះ សូម​ប្រាកដ​ថា ពួកគេ​បែងចែក​ភាពខុសគ្នា​រវាង​គីឌឌីអានហៃ ជា​អ្នកដឹកនាំ​របស់​ពួកចោរ​កាឌីអានតុន និង​គីឌគីឌដូណៃ ដែល​ជា​ព្យាការី​ដ៏​អស្ចារ្យ និង​ជា​មេទ័ព​ដ៏​សំខាន់​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។

ក្រោយពី​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​បញ្ជី​របស់​គេ​នៅក្រោម​ចំណងជើង ការរៀបចំ​របស់​ឡាកូនីអូស ហើយ​សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្រោម រឿង​ដូចគ្នា​ក្នុង​​សម័យ​ទំនើប នូវ​ការរៀបចំ​ខាងវិញ្ញាណ និង​ខាង​សាច់ឈាម​ដែល​យើង​ត្រូវបាន​ណែនាំ​ឲ្យ​ធ្វើតាម​នៅក្នុង​ថ្ងៃចុងក្រោយ​នេះ ។ នៅពេល​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​កិច្ចការ​នេះ​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​ចែកចាយ​នូវ​អ្វី​ដែល​ក្រុម​របស់​គេ​បាន​រៀន​ដល់​សិស្សដទៃទៀត ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​កំណត់​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​សួរ​សំណួរ​ដូចខាងក្រោម​អំឡុងពេល ឬ​ក្រោយពី​ការធ្វើបទបង្ហាញ​របស់​គេ ៖

  • តើ​យើង​អាច​ការពារ​​ផ្ទះ​របស់​យើង​ប្រឆាំង​នឹង​ការវាយប្រហារ​របស់​សាតាំង​ដោយ​របៀបណា ?

  • ហេតុអ្វីបានជា​ការរៀបចំ​ខាងសាច់ឈាម —ដូចជា​ការទទួល​បាន​ការអប់រំ និង​ការស្តុកទុកក្នុងគេហដ្ឋាន— មាន​សារៈសំខាន់​នៅ​ថ្ងៃចុងក្រោយ ?

  • តើ​ការជួបជុំ​ក្នុង​ក្រុមគ្រួសារ និង​នៅក្នុង​វួដ ឬ​សាខា​ផ្ដល់​នូវ​ការការពារ​ដល់​យើង​យ៉ាងដូចម្ដេច​ខ្លះ ?

  • តើ​នៅពេល​ណា​ដែល​ការអធិស្ឋាន​បាន​ជួយ​ដល់​អ្នក​ឲ្យ​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ ?

  • តើ​ការប្រែចិត្ត​អាច​រៀបចំ​យើង​សម្រាប់​ពេល​អនាគត​ដោយ​របៀបណា ?

  • តើ​ពរជ័យ​អ្វីខ្លះ​នឹងកើត​មាន​ នៅពេល​យើង​ធ្វើ​តាម​ព្យាការី និង​សាវក​ដែល​នៅរស់​ទាំងឡាយ ?

  • តើ​យើង​អាច​អញ្ជើញ​ឲ្យ​វិញ្ញាណ​នៃ​វិវរណៈ​ចូលមក​ក្នុង​​ជីវិត​របស់​យើង​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេណ​គ្នា​អាន​ឮៗ​ក្នុង​ នីហ្វៃទី 3 4:7–12 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើ​លតាម ដោយ​រកមើល​របៀប​ដែល​ប្រជាជន​ត្រូវ​បាន​ប្រទានពរ​ដោយសារតែ​ការរៀបចំ​ខាង​វិញ្ញាណ និង​ខាងសាច់ឈាម​របស់​ពួកគេ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​ពី​ដំណើររឿង​នេះ ? ( នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​គេ សូម​សង្កត់ធ្ងន់​លើ​គោលការណ៍​ដូច​ខាងក្រោម ៖ នៅពេល​យើង​រៀបចំ​ខ្លួនយើង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម នោះ​ព្រះអម្ចាស់​នឹង​ពង្រឹងយើង​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ ) ។

សូម​សង្ខេប នីហ្វៃទី 34:13–29 ដោយពន្យល់​ថា ឡាកូនីអូស និង​ប្រជាជន​របស់​លោក​បាន​វាយបង្រ្កាប​ពួកចោរ​កាឌីអានតុន ហើយ​បាន​កាត់ទោស​អ្នកដឹកនាំ​របស់​វា ។ សូមអាន នីហ្វៃទី 3 4:30–33 ឮៗ ។សូម​ឲ្យ​សិស្ស​មើល​តាម ដោយ​រកមើល​របៀប​ដែល​ប្រជាជន​បាន​ឆ្លើយតបទៅ​នឹង​ជ័យជំនះ​នេះ ។

  • តើ​ប្រជាជន​បាន​ឆ្លើយតប​យ៉ាងណា ក្រោយពី​ព្រះអម្ចាស់​បាន​ដោះលែង​ពួកគេ​ពី​ពួកសត្រូវ​របស់​គេ ?

  • តើ​ប្រជាជន​បាន​ទទួលស្គាល់​អ្វីខ្លះ ដែល​ជា​បុព្វហេតុ​នៃ​សេរីភាព​របស់ពួកគេរួចផុត​​ពី​ពួកចោរ​កាឌីអានតុន ? ( ការ​ប្រែចិត្ត និង​ការបន្ទាបខ្លួន​របស់​ពួកគេ និង​សេចក្ដីល្អ​របស់​ព្រះ ។ អ្នក​អាច​បង្ហាញ​ថា នៅពេល​យើង​ប្រែចិត្ត ហើយ​បន្ទាបខ្លួន​យើង នោះ​ព្រះ​នឹង​ទ្រទ្រង់​យើង​ឲ្យ​ឆ្លងផុត​ពី​ឧបសគ្គ ហើយ​ធ្វើឲ្យ​យើង​រួច​ផុត​ពី​​ការសាកល្បង​របស់​យើង ) ។

អ្នក​អាច​ចែកចាយ​បទពិសោធន៍​មួយ​ដែល​អ្នក​បាន​ទុកចិត្ត​លើ​ព្រះ ហើយ​ទ្រង់​បាន​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ ឬ​យកឈ្នះ​នឹង​ឧបសគ្គ​នោះ ។ អ្នក​ក៏​អាច​សុំ​ឲ្យ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ចែកចាយ​បទពិសោធន៍​បែបនោះផងដែរ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 5:1–4 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ធ្វើ ដែល​ជា​លទ្ធផល​នៃជំនួយ និង​ពរជ័យ​ដែល​ពួកគេ​បាន​ទទួលនៅ​ក្នុង​ចម្បាំង​​របស់​គេជាមួយ​​នឹង​ពួកចោរ​កាឌីអានតុន ។ នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ សូម​បញ្ជាក់​ថា របៀប​មួយដែល​ប្រជាជននោះ​​បាន​ឆ្លើយតប​គឺ ការ​ប្រកាស​​ដំណឹងល្អ​ដល់​អ្នកដទៃ ។

នីហ្វៃទី 3 5:8–26

សេចក្ដីសុខសាន្ដ​ត្រូវបានកើត​មាន​ឡើង​វិញ​​នៅក្នុង​ចំណោម​ពួកប្រជាជន មរមន​ពន្យល់​នូវ​សេចក្ដីសង្ខេប​របស់​លោកស្ដីពី​​កំណត់ត្រា​ទាំងឡាយ

សូម​ប្រាប់​សិស្ស​ថា ផ្នែក​ផ្សេងទៀត​នៃ​ នីហ្វៃទី 3 5 មាន​នូវ​ការពន្យល់​របស់​មរមនស្ដី​​ពី​មូលហេតុ​ដែល​លោក​សង្ខេប​កំណត់ត្រា​នេះ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 5:12–15 ដោយ​ស្ងៀម​ស្ងាត់ ​ដោយ​រកមើល​អ្វី​ដែល​មរមន​បាន​ថ្លែង​​អំពី​ទំនួលខុសត្រូវ​របស់​លោក ក្នុង​ការសរសេរ​សេចក្ដីសង្ខេប​នៃ​កំណត់ត្រារបស់​​ពួកសាសន៍​នីហ្វៃ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ ដែល​ពិពណ៌នា​ពី​ទំនួលខុសត្រូវ​របស់​យើង​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ដូចខាងក្រោម​នេះ ៖ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​មាន​ការទទួលខុសត្រូវ​ដើម្បី​បង្រៀន​ដល់​អ្នកដទៃ​ពី​របៀប​ទៅរក​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​បង្ហាញ​ថា របៀប​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​ដែល​យើង​អាច​បង្ហាញ​អំណរគុណ​របស់​យើង​ចំពោះ​ព្រះអម្ចាស់​សម្រាប់​ពរជ័យ​ដែល​ទ្រង់​ប្រទានដល់​យើង​គឺ ដោយ​ការជួយ​អ្នកដទៃ​ឲ្យ​ចូលមករក​ទ្រង់ ហើយ​ទទួល​បាន​ពរជ័យទាំងនោះ​​ដូចគ្នា ។ សូម​ឲ្យ​សិស្ស​លើកឡើង​នូវ​របៀប​មួយចំនួន​​ដែល​ពួកគេ​អាច​បង្រៀន​ដល់​អ្នកដទៃ​ពី​ផ្លូវទៅរក​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច ក្នុង​នាម​គេ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​សិស្ស​​ឲ្យ​ជ្រើសរើសការណែនាំ​ទាំងនេះ​​មួយ ឬ​ពីរដើម្បី​ចែកចាយ​ដំណឹងល្អ និង​ដើម្បី​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ប្រកប​ដោយ​ការអធិស្ឋាន​នៅ​ក្នុង​ការអនុវត្ត​អ្វី​ដែល​ពួកគេ​ជ្រើសរើស​ធ្វើ​នោះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 2:15 ។ « បណ្ដាសា​របស់​ពួកគេ​ត្រូវបាន​ដកចេញ​ពី​ពួកគេ »

សម្រាប់​ជំនួយ​ដើម្បី​យល់​ពី​បណ្ដាសារ​ដែល​បាន​ដាក់​លើ​ពួកសាសន៍​លេមិន សូម​មើល​សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ នៅក្នុង​មេរៀន​ទី 27 នៅក្រោម​គំនិត​ក្នុង​ការបង្រៀន​សម្រាប់ នីហ្វៃទី 2 5:19–25 ។ សូម​មើល​ផងដែរ​វិចារណកថា និង ព័ត៌មាន​សាច់រឿង​សម្រាប់ អាលម៉ា 3:6–17 នៅចុងបញ្ចប់​នៃ​មេរៀន​ទី 70 ។

នីហ្វៃទី 3 2:5–8 ។ ប្រតិទិន​នៃ​ពួកសាសន៍​នីហ្វៃ

ក្នុង​ប្រវត្តិសាស្ដ្រ​ទាំងមូលរបស់​ពួកគេ ពួកសាសន៍​នីហ្វៃបាន​ប្រើ​ចំណុច​ខុសគ្នា​បី​នៃ​សេចក្ដី​យោង​ក្នុង​ការវាស់​ពេលវេលា​ជាមួយ​នឹង​ប្រតិទិន​របស់​ពួកគេ ៖ (1) សម័យ​ដែល​លីហៃ​បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម ; (2) សម័យ​ដែល​រដ្ឋាភិបាល​បាន​ផ្លាស់ប្ដូរ​ពី​រាជ្យស្ដេច ទៅ​ជា​រជ្ជកាល​ចៅក្រម ; និង (3) សម័យ​ដែល​ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ប្រទាន ។ យើង​មិន​ដឹង​ច្បាស់​ថា​នៅពេល​ណា​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ចាប់ផ្ដើម​សម្គាល់​ពី​ប្រតិទិន​របស់​ពួកគេ​អំពី​ពេលនៃ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះទេ ប៉ុន្ដែ​មរមន​ទទួលស្គាល់​ពី​ការផ្លាស់ប្ដូរ​នេះ​នៅក្នុង នីហ្វៃទី 3 2:7–8 ។

ចំណុច​យោង

ប្រហែល​ជាពេល នៅពេល​ប្រើ

បណ្តុំ​បទគម្ពីរ

ពី​ពេល​ដែល​លីហៃ​បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម

ឆ្នាំ 600–92 ម.គ.ស.

នីហ្វៃទី 1 1ម៉ូសាយ 29

ពី​ពេល​ដែល​រដ្ឋាភិបាល​បាន​ផ្លាស់ប្ដូរ​ពី​រាជ្យស្ដេច​ទៅជា​រជ្ជកាល​ចៅក្រម

ឆ្នាំ 92 ម.គ.ស.គ.ស. 1

ម៉ូសាយ 29នីហ្វៃទី 3 1

ពេល​ដែល​ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ប្រទាន

ឆ្នាំ 1–421គ.ស.

នីហ្វៃទី 3 1មរ៉ូណៃ 10