បណ្ណាល័យ
មេរៀន​ទី 157 ៖ មរ៉ូណៃ 8


មេរៀន​ទី 157

មរ៉ូណៃ 8

សេចក្តីផ្ដើម

ដោយ​បន្ដ​បន្ថែម​ក្នុង​បញ្ជី​ពិសិដ្ឋ លោក​មរ៉ូណៃ​បាន​បញ្ចូល​នូវ​សារ ឬ​សំបុត្រ ដែល​លោក​បាន​ទទួល​ពី​ឪពុក​របស់​លោក គឺ​លោក​មរមន ។ នៅក្នុង​សារ​នោះ លោក​មរមន​បាន​កត់ត្រា​នូវ​វិវរណៈ​មួយ​ដែល​លោក​បាន​ទទួល​អំពី​មូលហេតុ​ដែល​ក្មេងតូចៗ​មិន​ត្រូវ​ជ្រមុជទឹក ។ លោក​មរមន​ក៏​បាន​បង្រៀន​អំពី​របៀប​ដែល​យើងអាច​រៀបចំ​ដើម្បី​រស់នៅ​ជាមួយ​នឹង​ព្រះ ។ លោក​បាន​បញ្ចប់​សារ​របស់​លោក​ដោយ​ការបង្ហាញ​ការបារម្ភ​អំពី​អំពើទុច្ចរិត​របស់​ពួកគេ​សាសន៍​នីហ្វៃ និង​សេចក្តីបំផ្លិចបំផ្លាញ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​នេះ​របស់​គេ ។

យោបល់​សម្រាប់​ការបង្រៀន

មរ៉ូណៃ 8:1–24

លោក​មរមន​បង្រៀន​ថា កូនក្មេង​តូចៗ​រស់នៅក្នុង​ព្រះគ្រីស្ទ

រូបភាព
កុមារីកំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក

មុនពេល​បង្រៀន សូម​បង្ហាញ​រូបភាព​កុមារីកំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ( សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 104 ) ឬ រូបភាព​ផ្សេងទៀត​នៃ​កុមារ​អាយុ​ប្រាំបី​ឆ្នាំ​នៅក្នុង​ការបម្រើ​នៃ​បុណ្យជ្រមុជទឹក​របស់​គេ ។ សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តាខៀន ៖

ហេតុអ្វី​បានជា​កូនក្មេង​តូចៗ​មិន​ត្រូវ​ជ្រមុជទឹក រហូត​ដល់​ពួកគេ​អាយុ​ប្រាំបី​ឆ្នាំ ?

នៅពេល​សិស្ស​មកដល់ សូម​ឲ្យ​ពួកគេ​មើល​រូបភាព ហើយ​សញ្ជឹងគិត​ពី​សំណួរ​នៅលើ​ក្ដារខៀន​នេះ ។

នៅពេល​អ្នក​ចាប់ផ្ដើម​បង្រៀន សូម​ប្រាប់​សិស្ស​ថា នៅក្នុង​សំបុត្រ​មួយ​ដល់​កូនប្រុស​របស់​លោក គឺ​មរ៉ូណៃ លោក​មរមន​បាន​បង្រៀន​អំពី​សេចក្តីសង្គ្រោះ​ដល់​កូនក្មេង​តូចៗ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 8:4–6 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​លោក​មរមន​បាន​បារម្ភ​ដល់ ។ ( អ្នក​អាច​ពន្យល់​ថា​នៅក្នុង ខគម្ពីរ​ទី 6 ពាក្យ ដ៏ធំ មានន័យ​ថា​ធ្ងន់ធ្ងរ ខ្មាស់អៀន ឬ​កាច​សាហាវ ) ។

ក្រោយពី​សិស្ស​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​ឲ្យ​ពួកគេ​អាន មរ៉ូណៃ 8:7 ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​អ្វីដែល​លោកមរមន​បាន​ធ្វើ នៅពេល​លោក​បានដឹង​អំពី​បញ្ហា​នេះ ។

  • តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​លោក​មរមន ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 8:8–9 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​លោក​មរមន ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ អ្នក​អាច​ពន្យល់​ថា​ឃ្លា « ពាក្យបណ្ដាសា​ដល់​លោក​អ័ដាម » សំដៅលើ​ការបែងចែក​ពី​វត្តមាន​នៃ​ព្រះ​របស់​លោក​អ័ដាម ជាលទ្ធផល​នៃ​ការធ្លាក់ ។ មនុស្ស​ខ្លះ​ជឿ​ខុស​ថា កូនក្មេង​ទាំងអស់​បានកើតមក​ដោយ​មាន​អំពើបាប ដោយសារ​តែ​ការធ្លាក់ ។ ដោយ​មាន​គំនិត​មិនត្រឹមត្រូវ​នេះ​ហើយ ពួកគេ​គិត​ថា កូនក្មេង​តូច​មិន​សក្តិសម​នៅក្នុង​វត្តមាន​របស់​ព្រះ​ទេ ប្រសិនបើ​ពួកគេ​ស្លាប់​ដោយមិនបាន​ជ្រមុជទឹក​នោះ ។ នៅពេល​អ្នក​ពន្យល់​ការណ៍​នេះ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ទន្ទេញ​មាត្រាទី​ពីរ​នៃ​សេចក្តីជំនឿ ។ អ្នក​អាច​ផ្ដល់យោបល់​ថា ពួកគេ​គួរ​ធ្វើ​សេចក្ដី​យោង​ឆ្លង មរ៉ូណៃ 8:8–9 ជាមួយ​នឹង មាត្រា​នៃ​សេចក្ដីជំនឿ 1:2 ។

សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ការប្រែចិត្ត និង​បុណ្យជ្រមុជទឹក​គឺ​ចាំបាច់​សម្រាប់​អ្នកទាំងឡាយ​ណា​ដែល …

សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 8:10 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ ក្រោយពី​សិស្ស​រៀបរាប់​ចម្លើយ​របស់​គេ​ហើយ សូម​បំពេញ​ប្រយោគ​ដូចខាងក្រោម ៖ ការប្រែចិត្ត និង​បុណ្យជ្រមុជទឹក​គឺ​ចាំបាច់​សម្រាប់​អ្នកទាំងឡាយ​ណា​ដែល​អាច​ទទួលខុសត្រូវ និង​មាន​សមត្ថភាព​នឹង​ប្រព្រឹត្ត​អំពើបាប ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​នៅក្នុង មរ៉ូណៃ 8:10 ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ ។

វា​អាច​ជួយ​បញ្ជាក់​ថា អំពើបាប​គឺជា « ការមិនគោរព​តាម​ច្បាប់​របស់​ព្រះ​ដោយ​ចេតនា » ( Guide to the Scriptures, “Sin,” scriptures.lds.org ) ។ សូម​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« យើង​យល់​ពី​គោលលទ្ធិ​របស់​យើង​ថា មុនវ័យ​នការចេះ​ទទួល​ខុសត្រូវ នោះ​កុមារ ‹ មិន​មាន​សមត្ថភាព​ប្រព្រឹត្ត​អំពើបាប​នោះទេ › ( មរ៉ូណៃ 8:8 ) ។ អំឡុងពេល​នោះ កូនក្មេង​អាច​ប្រព្រឹត្ត​កំហុស ទោះ​ជា​​កំហុសដ៏​​ធ្ងន់ធ្ងរក្តី​ ហើយ​មាន​ការ​ខូច​ខាត​ ​ដែល​ត្រូវតែ​កែតម្រូវក៏​ដោយ​ ក៏​ទង្វើ​របស់​គេ​មិនត្រូវ​ទទួលខុសត្រូវ​ថា​ជា​អំពើបាប​នោះទេ » ( « Sins and Mistakes » Ensign, ខែ តុលា ឆ្នាំ 1996, ទំព័រ 65 ) ។

សូម​បែងចែក​សិស្ស​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​អាន មរ៉ូណៃ 8:11–18 ដោយ​ស្ងាត់ស្ងៀម ហើយ​សិស្ស​ផ្សេង​ទៀត​អាន មរ៉ូណៃ 8:11, 19–24 ដោយ​ស្ងាត់ស្ងៀម ។ ( អ្នក​អាច​សរសេរ​សេចក្ដីយោង​ទាំងនេះ​នៅលើ​ក្ដារខៀន ) ។ មុនពេល​ពួកគេ​អាន សូម​ឲ្យ​សិស្ស​ទាំងពីរ​ក្រុម​រកមើល​អ្វី​ដែល​លោក​មរមន​បាន​បង្រៀន​អំពី​ពិធីបុណជ្រមុជទឹក​ដល់​កូនក្មេង​តូចៗ ។ នៅពេល​សិស្ស​​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្សពីរ​បី​នាក់​ចេញពី​ក្រុម​នីមួយៗ​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​អាច​ប្រើ​សំណួរ​ខាងក្រោម​នេះ​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​បន្ថែម​ទៀត​អំពី​ការបង្រៀន​របស់​លោក​មរមន ៖

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ដែល​កូនក្មេង​តូចៗ « រស់នៅ​ក្នុង​ព្រះគ្រីស្ទ » ? ( មរ៉ូណៃ 8:12, 22 ) ។ ( ពួកគេ​ត្រូវបាន​ប្រោសលោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​មិន​អាច​ធ្វើបាប​បាន​ទេ ដោយសារ​អំណាច​នេះ​មិនត្រូវបាន​ផ្ដល់​ទៅដល់​សាតាំង​ដើម្បី​ល្បួង​កូនក្មេងឡើយ ។ សូម​មើល​ផងដែរ មរ៉ូណៃ 8:10; គ. និង ស. 29:46–47 ) ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រស់នៅ​ក្នុង​ព្រះគ្រីស្ទ ? ( សូមមើល នីហ្វៃទី 2 25:23–26; មរ៉ូណៃ 8:10 ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​អំពីរបៀប​ដែល​កូនក្មេង​តូច​ត្រូវបាន​សង្គ្រោះ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ កូនក្មេង​តូចៗ​ត្រូវបាន​សង្គ្រោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សិស្ស​ក៏​អាច​បង្ហាញ​ដែរ​ថា កូនក្មេង​តូច​រស់នៅក្នុង​ព្រះគ្រីស្ទ ថា ព្រះ​មិនមែន​ជា​ព្រះ​នៃ​ចំណែក​នោះទេ ហើយ​ថា ព្រះ​គឺ​មិន​ផ្លាស់ប្ដូរ ។)

សូម​សរសេរ​នូវ​គំរូ​ដូចខាងក្រោម​នៅលើ​ក្ដារខៀន ឬ​រៀបចំ​វា​ជា​ក្រដាស​ចែក​ដល់​សិស្ស ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ជ្រើសរើស​គំរូ​មួយ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ជ្រើសរើស​ខគម្ពីរ​មួយ ឬ​ពីរ​ពី មរ៉ូណៃ 8:8–23 ហើយ​ពន្យល់​ពី​របៀប​ដែល​សេចក្ដីពិត​នៅក្នុង​ខគម្ពីរ​ទាំងនោះ​និយាយ​ពី​ការបារម្ភ​ដែល​បាន​បង្ហាញ​នៅក្នុង​គំរូ​ដែល​ពួកគេ​បាន​ជ្រើសរើស ។

គំរូ​ទី 1 ៖ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយសាសនា​ម្នាក់ អ្នក​ជួប​នឹង​គូស្វាមី​ភរិយា​មួយ​គូ​ដែល​ក្រៀមក្រំ​ជាខ្លាំង ដោយសារ​កូនស្រី​អាយុ​ពីរ​ខែ​របស់​គេ​បាន​ស្លាប់ ។ អ្នកដឹកនាំ​សាសនាចក្រ​របស់​គេ​បាន​ប្រាប់​ពួកគេ​ថា កូនក្មេង​តូច​បាន​កើតមក​ដោយ​មាន​បាប ដោយសារតែ​ការរំលង​របស់​លោក​អ័ដាម ។ លោក​និយាយ​ថា ដោយសារ​កូនស្រី​របស់​ពួកគេ​មិន​បាន​ជ្រមុជទឹក មុនពេល​នាង​ស្លាប់ ដូច្នេះ​នាង​មិន​អាច​ត្រូវបាន​សង្គ្រោះ​ឡើយ ។

គំរូ​ទី 2 ៖ អ្នក​មាន​មិត្ត​ម្នាក់​ដែល​បាន​ជួប​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយសាសនា និង​ចូលរួម​ក្នុង​ព្រះវិហារ​ជាមួយ​នឹង​អ្នក ។ នាង​សម្រេចចិត្ត​ថា នាង​ចង់​ចូលរួម​ក្នុង​សាសនាចក្រ ប៉ុន្ដែ​នាង​ស្ទាក់ស្ទើរ​នឹង​ការជ្រមុជទឹក ។ នាង​ពន្យល់ « ខ្ញុំ​ត្រូវបាន​ជ្រមុជទឹក នៅពេល​ខ្ញុំ​នៅ​ជា​ទារក » ។ « តើ​វា​មិន​ល្អ​គ្រប់គ្រាន់​ទេ​ឬ » ?

នៅពេល​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​គំរូ​ទីពីរ អ្នក​អាច​រំឭក​ពួកគេ​ថា ការប្រែចិត្ត និង​ពិធីបុណជ្រមុជទឹក​ដល់ « អស់​អ្នកណា​ដែល​ដឹងខុស និង​ត្រូវ ហើយ​មាន​សមត្ថភាព​នឹង​ប្រព្រឹត្ត​អំពើបាប » ( មរ៉ូណៃ 8:10 ) ។ ព្រះអម្ចាស់​បាន​មានបន្ទូល​ថា កូនចៅ​ទាំងឡាយ​ចាប់ផ្ដើម​ដឹងខុស និង​ត្រូវ នៅចំពោះ​មុខ​ទ្រង់​នៅ​អាយុ​ប្រាំបី​ឆ្នាំ ។ វិវរណៈ​អំពី​សេចក្ដីពិត​នេះ​មាននៅក្នុង​ការបកប្រែ​របស់ យ៉ូសែប ស៊្មីធ លោកុប្បត្តិ 17:11 ( នៅក្នុង​ឧបសម្ព័ន្ធ​នៃ​ការបោះពុម្ព​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៃ​កំណែថ្មីនៃព្រះគម្ពីរប៊ីប​របស់ស្តេចជេមស៍ ) និង គោលលទ្ធិ និង សេចក្តីសញ្ញា 68:25–27 ។

មរ៉ូណៃ 8:25–30

លោកមរមន​បង្រៀន​ពី​អ្វី​ដែល​អស់អ្នកណា​ដែល​ដឹងខុស និង​ត្រូវ ​ត្រូវតែ​ធ្វើ​ដើម្បី​រស់នៅ​ជាមួយ​នឹង​ព្រះ

សូម​ពន្យល់​ថា ក្រោយពី​មរមន​បាន​បង្រៀន​មរ៉ូណៃ​អំពី​មូលហេតុ​ដែល​កូនក្មេង​តូច​មិន​ចាំបាច់​ត្រូវ​ជ្រមុជទឹក លោក​បាន​បង្រៀន​ពី​មូលហេតុ​ដែល​បុណ្យជ្រមុជទឹក​ចាំបាច់​សម្រាប់​អស់អ្នកណា​ដែល​ដឹងខុស និង​ត្រូវ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 8:25–26 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ពរជ័យ​ដែល​មក​កាន់​មនុស្ស​ដែល​អនុវត្ត​សេចក្ដីជំនឿ ប្រែចិត្ត និង​បាន​ជ្រមុជទឹក ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ( នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ អ្នក​អាច​សរសេរ​ចម្លើយ​របស់​គេ​នៅលើ​ក្ដារខៀន ។ ចម្លើយ​អាច​រួមមាន សេចក្តីជំនឿ ការប្រែចិត្ត និង​ពិធីបុណជ្រមុជទឹក នាំ​ទៅរក​ការផ្តាច់បាប ការរាបសា និង​ភាពទន់ទាប​ក្នុង​ចិត្ត ការមាន​ព្រះវិញ្ញាណបរិសុទ្ធ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ និង​ចុងបញ្ចប់ ពរជ័យ​នៃ​ការរស់នៅ​ជាមួយ​នឹង​ព្រះ ) ។

នៅពេល​សិស្ស​សរសេរ​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​ឃើញ​នៅក្នុង មរ៉ូណៃ 8:25–26 អ្នក​អាច​សួរ​សំណួរ​តាមដាន​ទាំងនេះ ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ការទទួល​បាន​ការផ្ដាច់បាប​របស់​យើង នាំទៅរក​ការទន់ទាប និង​ការរាបសា​នៃ​ដួងចិត្ត ?

  • តើ​ការទន់ភ្លន់ និង​ការរាបសា​ក្នុង​ចិត្ត​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​មកកាន់​ជីវិត​របស់​យើង​ដោយរបៀប​ណា ?

  • ហេតុអ្វីបានជា​ព្រះវិញ្ញាណបរិសុទ្ធ​ជួយ​យើង​ឲ្យ​រៀបចំ​ដើម្បី​រស់នៅ​ជាមួយ​នឹង​ព្រះ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​យើង​ត្រូវ​អត់ធ្មត់ និង​ប្រកបដោយ​ការអធិស្ឋាន​ដើម្បី​មាន​សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ​ដើម្បី​តស៊ូ​នៅក្នុង​ជីវិត​របស់​យើង ?

សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ តាមរយៈ​ការគោរព​ដ៏​ស្មោះត្រង់​តាម​ព្រះបញ្ញត្តិ យើង​អាច​ទទួល​បាន​ព្រះវិញ្ញាណបរិសុទ្ធ ដែល​រៀបចំ​យើង  …

សូមឲ្យ​សិស្ស​រកមើល​ឃ្លា​មួយ​ពី មរ៉ូណៃ 8:25–26 ដែល​បំពេញ​គោលការណ៍​នេះ ៖ តាមរយៈ​ការគោរព​ដ៏​ស្មោះត្រង់​តាម​ព្រះបញ្ញត្តិ យើង​អាច​ទទួល​បាន​ព្រះវិញ្ញាណបរិសុទ្ធ ដែល​រៀបចំ​យើង​ឲ្យ​រស់នៅ​ជាមួយ​នឹង​ព្រះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 8:27 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​រកមើល​លទ្ធផល​នៃ​ភាពឆ្មើងឆ្មៃ​របស់​ពួកសាសន៍​នីហ្វៃ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​រំឭក មរ៉ូណៃ 8:26 និង មរ៉ូណៃ 8:27 ដោយ​ស្ងាត់ស្ងៀម​ដែល​ផ្ទុយទៅនឹង​លទ្ធផល​នៃ​ការរាបសា និង​ភាពទន់ភ្លន់​ក្នុង​ដួងចិត្ត​ជាមួយ​នឹង​លទ្ធផល​នៃ​ភាពឆ្មើងឆ្មៃ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 8:28 ឮៗ ។ សូម​បង្ហាញ​ថា ក្រោយពី​លោក​មរមន​បាន​បង្ហាញ​ពី​ការបារម្ភ​អំពី​ពួកសាសន៍​នីហ្វៃ លោក​បាន​មាន​ប្រសាសន៍​ថា « ចូរ​កូន​អធិស្ឋាន​ឲ្យ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​ប្រែចិត្ត » ។ សូម​រំឭក​សិស្ស​ពី​អំណាច​ដែល​អាច​មក​ដល់​ក្នុង​ជីវិត​របស់​មនុស្ស នៅពេល​អ្នកដទៃ​អធិស្ឋាន​សម្រាប់​ពួកគេ ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អារម្មណ៍​របស់​គេ​អំពី​អំណាច​នៃ​ដង្វាយធួន​ដើម្បី​សង្គ្រោះ​ដល់​កូនក្មេង​តូច និង​សង្គ្រោះ​ដល់​យើង​ទាំងអស់​គ្នា នៅពេល​យើង​ខិតខំ​ដើម្បី​មានការស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​យើង ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរ៉ូណៃ 8:8 ។ « ពាក្យបណ្ដាសា​ដល់​លោក​អ័ដាម ត្រូវបាន​យកចេញ​ពី​ពួកកូនក្មេង​ទាំងនេះ​ដោយសារ​យើង »

មនុស្ស​ខ្លះ​ជឿ​ថា ដោយសារតែ​ការធ្លាក់នៃលោកអ័ដាម និង​អេវ៉ា នោះ​កូនក្មេង​ដែល​កើតមក​ក្នុង​ពិភពលោក​ដោយ​មាន​អំពើបាប ។ ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បានពន្យល់​ថា ការបង្រៀន​នេះ​គឺ​ខុសឆ្គង ៖

« អ្នកទាំងអស់​ណា​ដែល​ជឿ​ថា មនុស្ស មែនហើយ​ទោះបីជា​កូនក្មេង​ដែល​ទើបកើត​មក​ក្ដី មាន​នូវ ‹ អំពើបាប​ដើម › ( និយាយ​ម្យ៉ាងទៀត​ថា ការរំលង​របស់​លោក​អ័ដាម ) បដិសេធ​នូវ​សេចក្ដីមេត្តា​ករុណា​នៃ​ព្រះលោហិត​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរ​បរិសុទ្ធ ( ក៏ដូចជា​ព្រះគម្ពីរ​សម័យ​ទំនើប​របស់​យើង ) បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជួយ​យើង​អស់​ពី​ព្រះទ័យ ជា​ព្រះប្រោសលោះ​នៃ​មនុស្សជាតិ​ចេញពី​ការធ្លាក់ ។ ទ្រង់​បាន​បង់​ថ្លៃ ដើម្បី​ឲ្យ​មនុស្ស​ក្លាយជា​អ្នកគ្រង​មរតក​តាមរយៈ​ការរំលង​របស់​លោក​អ័ដាម ។ បំណុល​មក​លើ​ព្រលឹង​របស់​យើង​ត្រូវបាន​បង់ថ្លៃ​ជំនួស​ពេញ​ថ្លៃ ។ វា​គ្មាន​បន្សល់​នូវ​ការពិន័យ ដែល​តម្រូវឲ្យ​មនុស្ស​ខ្លះ​ធ្វើសកម្មភាព​តាម ឬ​ជំនួស​ឲ្យ​ភាវៈ​ដែល​មាន​ជីវិត​នានា​ដើម្បី​រំដោះ​ខ្លួនគេ​ពី ‹ អំពើបាប​ដើម › ឡើយ ។ គោលលទ្ធិ​ដែល​ថា ទារក​កើតមក​ក្នុង​ពិភពលោក​នេះ​ដោយមាន​ពាក្យ​បណ្ដាសា​នៃ ‹ អំពើបាប​ដើម › គឺជា​គោលលទ្ធិ​ខុសឆ្គង​នៅក្នុង​ព្រះនេត្រ​នៃ​ព្រះ ហើយ​វា​បដិសេធ​នូវ​ភាព​ដ៏​អស្ចារ្យ និង​សេចក្ដីមេត្តា​នៃ​ដង្វាយធួន ។ ( សូមមើល មរ៉ូណៃ 8 ) » ( Church History and Modern Revelation: A Course of Study for the Melchizedek Priesthood Quorums វ៉ុលទី 4 [ ឆ្នាំ 1949 ] 4:99 ) ។

មរ៉ូណៃ 8:10 ។ វ័យដែល​មាន​ការដឹងខុសនឹងត្រូវ

ការប្រែចិត្ត​គឺ​សម្រាប់​អស់អ្នកណា​ដែល​មាន​ការទទួលខុសត្រូវ ។ « កូនក្មេង​តូច​មិន​អាច​ប្រែចិត្ត​ទេ » (មរ៉ូណៃ 8:19) ។ កូនក្មេង​អាយុ​ក្រោម​ប្រាំបី​ឆ្នាំ មិន​ទទួលខុសត្រូវ​ចំពោះ​ព្រះ​នោះទេ ( សូមមើល គ. និង ស. 68:25–27) ដូច្នេះ ពួកគេ​មិនចាំបាច់​ប្រែចិត្ត​នោះទេ ។ មនុស្ស​ដែល​មាន​បញ្ហា​សតិ​អារម្មណ៍ និង​មិន​អាច​ប្រែចិត្ត​ដោយ​ដឹងខ្លួន​បាន ក៏​អាច​ចាត់ទុក​ថា​មិន​អាច​ទទួល​ខុសត្រូវ​បាន​ដែរ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​កូនក្មេង​អាច​ទទួល​ខុសត្រូវបាន ៖

« ការទទួលខុសត្រូវ​មិន​មែន​ផ្ទុះឡើង​មក​លើ​កូនក្មេង​ម្នាក់​នៅគ្រប់​ដំណាក់កាល​នៅក្នុង​ជីវិត​របស់​គេ​នោះទេ ។ កូនក្មេង​នឹង​ទទួលខុសត្រូវ​ម្ដង​បន្ដិចៗ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ។ ការទទួលខុសត្រូវ​គឺជា​ដំណើរការ​មួយ មិន​មែនជា​គោលដៅ​ដើម្បី​ទទួល​បាន នៅពេល​ឆ្នាំ ថ្ងៃ និង​ម៉ោង​ជាក់លាក់​ណា​មួយ​បាន​កន្លង​ទៅ​នោះ​ទេ ។ នៅក្នុង​វិវរណៈ​របស់​យើង ព្រះអម្ចាស់​មាន​បន្ទូល​ថា ‹ ពួកគេ​មិន​អាច​ប្រព្រឹត្ត​អំពើបាប​បាន​ទេ ដោយសារ​អំណាច​នេះ​មិនត្រូវ​បាន​ផ្ដល់​ដល់​សាតាំង​ដើម្បី​ល្បួង​កូនក្មេង រហូតដល់​ពួកគេ​អាច​ទទួលខុសត្រូវ​ចំពោះ​យើង › (គ. និង ស. 29:47) ។ ទោះជាយ៉ាងណាក្ដី មាន​ពេល​មួយ ដែល​ការទទួលខុសត្រូវ​មានពិត និង​ជាក់ស្ដែង ហើយ​អំពើបាប​ត្រូវ​រួមចំណែក​នៅក្នុង​ជីវិត​របស់​អ្នកដែល​អភិវឌ្ឍ​ជា​ធម្មតា ។ វា​គឺ​នៅ​អាយុ​ប្រាំបី​ឆ្នាំ ជា​អាយុ​ទទួល​ពិធីបុណជ្រមុជទឹក (គ. និង ស. 68:27) ។ ( « The Salvation of Little Children » Ensign ខែ មេសា ឆ្នាំ 1977 ទំព័រ 6 ) ។

មរ៉ូណៃ 8:8–24 ។ បុណ្យជ្រមុជទឹក​ដល់​ទារក

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា កូនក្មេង​តូច​មិន​ត្រូវ​ទទួល​ពិធីបុណជ្រមុជទឹក ៖

« ‹ តើ​[ យើង ] ជឿ​ដល់​បុណ្យជ្រមុជទឹក​សម្រាប់​ទារក​ទេ ? ›… អត់ទេ ។… ដោយសារ​វា​មិន​បាន​សរសេរ​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​ឡើយ ។ បុណ្យជ្រមុជទឹក​គឺ​សម្រាប់​ការផ្តាច់បាប ។ កូនក្មេង​គ្មាន​បាប​នោះ​ទេ ។ … កូនក្មេង​ត្រូវ​រស់នៅក្នុង​ព្រះគ្រីស្ទ​ទាំងអស់​គ្នា និង​អ្នកដែល​ទុំ​ច្រើន​ឆ្នាំ​តាមរយៈ​សេចក្តីជំនឿ និង​ការប្រែចិត្ត » (History of the Church 5:499) ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់​បាន​ប្រាប់​ពី​ពួកអ្នកផ្សាយ​សាសនា​ពេញម៉ោង​ដែល​អាច​លួងលោក​ដល់​អ្នកម្ដាយ​ម្នាក់ ដែល​មាន​ទុក្ខ​ក្រៀមក្រំ​ដោយសារ​កូនប្រុស​របស់​គាត់​បាន​ស្លាប់ ៖

« អ្នកផ្សព្វផ្សាយ​សាសនា​ពីរ​រូប​បាន​បម្រើ​នៅ​តំបន់​ភ្នំ​ភាគខាងត្បូង​នៃ​សហរដ្ឋអាមេរិក ។ ថ្ងៃមួយ ដោយមើល​ពី​កំពូល​ភ្នំ ពួកគេ​បាន​ឃើញ​មនុស្ស​ប្រជុំគ្នា​នៅតំបន់​ដ៏​ឆ្ងាយ​មួយ​នៅផ្នែក​ខាងក្រោម ។ ជាញឹកញាប់ អ្នកផ្សព្វផ្សាយ​សាសនា​នោះ មិន​សូវមាន​មនុស្ស​ច្រើន​ដើម្បី​បង្រៀន​នោះទេ ដូច្នេះ​ពួកគេ​បាន​ធ្វើដំណើរ​ចុះ​ទៅ​កន្លែង​ដែល​មើល​ឃើញ​ច្បាស់​នោះ ។

« ក្មេងប្រុស​ម្នាក់​បាន​លង់ទឹក ហើយ​គេ​កំពុង​ធ្វើ​បុណ្យសព ។ ឪពុកម្ដាយ​របស់​គេ បាន​សុំ​គ្រូគង្វាល​ដើម្បី ‹ និយាយ​ពាក្យខ្លះ › អំពី​កូនប្រុស​របស់​គេ ។ អ្នកផ្សព្វផ្សាយ​សាសនា​នោះ​បាន​ឈរ​នៅ​ខាងក្រោយ នៅពេល​គ្រូគង្វាល​បាន​មើលទៅ​ឪពុក និង​ម្ដាយ​ដ៏​ក្រៀមក្រំ ហើយ​បាន​ចាប់ផ្ដើម​ទេសនកថា​របស់​លោក ។ ប្រសិនបើ​ឪពុកម្ដាយ​នោះ​បាន​រំពឹង​ថា​នឹង​ទទួលបាន​ការលួងលោម​ពី​បុរស​នេះ នោះ​ពួកគេ​នឹង​បាក់ទឹកចិត្ត ។

« លោក​បាន​បន្ទោស​ដល់​ពួកគេ​យ៉ាងធ្ងន់​ថា​មិន​បាន​ឲ្យ​ក្មេងប្រុស​នេះ​ទទួល​បុណ្យជ្រមុជទឹក ។ ពូកគេ​បាន​រង់ចាំ ដោយសារ​រឿងនេះ​រឿងនោះ ហើយ​ឥឡូវនេះ វា​យឺតពេល​ហើយ ។ លោក​បាន​ប្រាប់​ពួកគេ​ត្រង់ៗ​ច្បាស់​ថា កូនប្រុស​របស់​គេ​បាន​ធ្លាក់​ទៅក្នុង​នរក​ហើយ ។ វា​គឺជា​កំហុស​របស់​គេ ។ ពួកគេ​ត្រូវតែ​ទទួលការបន្ទោស​ចំពោះ​ការដាក់ទោស​ដ៏​ឥតមាន​ទីបញ្ចប់​នេះ ។

« ក្រោយពី​ទេសនកថា​បាន​បញ្ចប់​ទៅ ហើយ​ផ្នូរ​ត្រូវបាន​កប់​ត្រឹមត្រូវហើយ ពួកអែលឌើរ​បាន​ទៅរក​ឪពុកម្ដាយ​ដែល​កើតទុក្ខ​នោះ ។ ‹ យើង​គឺជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ › ពួកគេ​បាន​ប្រាប់​អ្នកម្ដាយ​នោះ​ទៀត​ថា ‹ ហើយ​យើង​មក​ដោយ​មាន​សារលិខិត​មួយ​ដល់​អ្នក › ។ នៅពេល​ឪពុកម្ដាយ​ដ៏​កំសត់​នោះ​បាន​ស្ដាប់ ពួកអែលឌើរ​ទាំងពីរ​បាន​អាន​ពី​វិវរណៈ និង​បាន​ថ្លែងទីបន្ទាល់​អំពី​ការស្តារឡើងវិញ​នៃ​កូនសោរ​សម្រាប់​សេចក្តីប្រោសលោះ​ដល់​ទាំង​អ្នក​នៅរស់ និង​អ្នកស្លាប់ ។

« ខ្ញុំ​មាន​ការអាណិត​ដល់​អ្នកបង្រៀន​នោះ ។ គាត់​បាន​ធ្វើ​អស់​ពី​សមត្ថភាព​ដោយមាន​ពន្លឺ និង​ចំណេះដឹង​ដែល​គាត់​បាន​មាន​នោះ ។ ប៉ុន្ដែ​វា​មាន​បន្ថែម​ទៀត​ដែល​គាត់​គួរតែ​អាច​ផ្ដល់ ។ វា​មាន​ភាពពោរពេញ​នៃដំណឹងល្អ ។

« ពួកអែលឌើរ​បាន​មក​ក្នុងនាម​ជា​អ្នកលួងលោម ជា​គ្រូបង្រៀន ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ជា​អ្នកបម្រើ​ដែល​មានការអនុញ្ញាត​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( « And a Little Child Shall Lead Them » EnsignLiahona ខែ ឧសភា ឆ្នាំ 2012 ទំព័រ 7 ) ។