បណ្ណាល័យ
មេរៀនទី 5 ៖ សេចក្ដី​សង្ខេប​នៃ​ព្រះគម្ពីរ​មរមន


មេរៀនទី 5

សេចក្ដី​សង្ខេប​នៃ​ព្រះគម្ពីរ​មរមន

សេចក្តីផ្ដើម

មេរៀន​នេះ ផ្ដល់​នូវ​សេចក្ដី​សង្ខេប​ពី​ព្រះគម្ពីរ​មរមន ។ សិស្ស​នឹង​សិក្សា​ពី​ទីបន្ទាល់​របស់ យ៉ូសែប ស្ម៊ីធ ទាក់ទង​នឹង​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។ ពួកគេ​នឹង​រៀន​ផងដែរ ពី​របៀប​ដែល​ព្រះគម្ពីរ​ត្រូវ​បាន​ចងក្រង និង សង្ខេប​ក្រោម​ការណែនាំ​ពី​ស្ថានសួគ៌ ។ អ្នក​សរសេរ​ព្រះគម្ពីរ​មរមន បាន​ឃើញ​ជំនាន់​ចុងក្រោយ ហើយ​ពួកគេ​បាន​បញ្ចូល​ដំណើររឿង និង ការបង្រៀន​ដែល​ពួកគេ​ដឹង​ថា គឺជា​ប្រយោជន៍​ដ៏ធំបំផុត​ចំពោះ​យើង ។

យោបល់​សម្រាប់​ការបង្រៀន

ទីបន្ទាល់​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​ដាក់​ព្រះគម្ពីរ​មរមន​នៅក្នុង​ប្រអប់​មួយ ហើយ​ខ្ចប់​វា​ដូចជា​អំណោយ​មួយ ។ សូម​ដាក់តាំង​អំណោយ​នោះ លើ​តុ​មួយ នៅខាង​មុខ​ថ្នាក់ ហើយ​ប្រាប់​សិស្ស​ថា វា​ជា​អំណោយ​ដ៏​មាន​តម្លៃ​មួយ ។

  • តើ​អ្វី​ខ្លះ​ជា​អំណោយ​ដ៏​មាន​តម្លៃ​បំផុត ដែល​អ្នក​បាន​ទទួល ?

  • តើ​អ្វី​ធ្វើ​ឲ្យ​អំណោយ​មួយ​មាន​តម្លៃ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​អ្នក​ឲ្យ​អំណោយ​មួយ​ដែល​អ្នកចាត់ទុក​ថា មាន​តម្លៃ ហើយ​អ្នក​ទទួល​ទទួល​វា​ដោយ​មាន​សេចក្ដីអំណរ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​បើក​អំណោយ​នោះ ហើយ​បង្ហាញ​សិស្ស​ផ្សេង​ទៀត ឲ្យ​ឃើញ​អ្វី​ដែល​មាន​នៅខាងក្នុង ។

  • តើ​នរណា​បានឲ្យ​អំណោយ​នេះដល់​យើង ?

  • ហេតុអ្វី​បានជា​អ្នក​មាន​អារម្មណ៍​ថា អំណោយ​នេះមាន​តម្លៃ ?

សូម​ដាក់តាំង​រូបភាព មរ៉ូណៃ លេច​មក​ឯ យ៉ូសែប ស្ម៊ីធ នៅក្នុង​បន្ទប់​របស់​គាត់ (62492; សៀវភៅ​រូបភាព​ដំណឹងល្អ [ឆ្នាំ 2009] ទំព័រ 91 ) ។

រូបភាព
The Angel Moroni Appears to Joseph Smith
  • តើ​ព្រឹត្តិការណ៍​អ្វី ដែល​ត្រូវបាន​បង្ហាញ​នៅក្នុង​រូបភាព​នេះ ?

  • តើ​ព្រឹត្តិការណ៍​នេះ ជួយ​យ៉ាង​ដូចម្ដេច​ចំពោះ​ការស្ដារឡើង​វិញ​នៃ​ដំណឹងល្អ ?

សូម​ពន្យល់​ដល់សិស្ស​ថា ពួកគេ​នឹង​អាននូវ​ពាក្យសម្ដី​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ផ្ទាល់ ឥឡូវ​នេះ អំពី​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។ សូម​ប្រាប់​ពួកគេ​ថា ទីបន្ទាល់​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ដែល​សម្ដែងឡើង​នៅ​ដើម​ដំបូង​នៃ​ព្រះគម្ពីរ​មរមន ត្រូវ​បាន​ដកស្រង់​ពី​ប្រវត្តិ —យ៉ូសែប ស្ម៊ីធ នៅក្នុង​មុក្តាដ៏​មាន​តម្លៃ​មហិមា ។ នៅពេល​សិស្ស​បំពេញ​សកម្មភាព​ខាងក្រោម សូម​ឲ្យ​ពួកគេ​អាន​ពី​មុក្តាដ៏​មាន​តម្លៃ​មហិមា ។

សូម​ចាត់​សិស្ស​ឲ្យ​ធ្វើការ​ជា​ដៃគូ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ក្នុង​ដៃគូ​នីមួយៗ អាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ 1:30, 32–35, 42ដោយ​ស្ងាត់ស្ងៀម ។ សុំ​ឲ្យ​សិស្ស​ម្នាក់​ទៀត​នៅក្នុង​ដៃគូ​នីមួយៗ​អាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ1:51–54, 59–60ដោយ​ស្ងាត់ស្ងៀម ។ សូម​ពន្យល់​ថា នៅពេល​ពួកគេ​អាន​ចប់ ដៃគូ​នីមួយៗ គួរតែ​បង្រៀនដៃគូមួយ​ទៀត ពី​អ្វី​ដែល​ពួកគេ​បាន​អាន ។

ក្រោយ​ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​អាន និង ពិភាក្សា​រួច សូម​សួរ ៖

  • តើ​អ្នក​គិតថា វា​អាច​ជួយ យ៉ូសែប ស្ម៊ីធ បាន​យ៉ាង​ដូចម្ដេច ក្នុង​ការរង់ចាំ​រយៈពេល​បួនឆ្នាំ មុន​ពេល​គាត់​អាច​យក​ផ្ទាំងមាស​នោះ​មក​ផ្ទះ​ជាមួយ​នឹង​គាត់ ? ( អំឡុង​ពេល​នោះ យ៉ូសែប​ ត្រូវ​បាន​បង្រៀន​ដោយ មរ៉ូណៃ ហើយ​គាត់​បាន​ធំលូតលាស់​ឡើង ក្នុង​របៀប​ច្រើន​យ៉ាង ។ ( សូម​មើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ 1:54 ) ។

  • នៅក្នុង​ដំណើរ​រឿង​របស់ យ៉ូសែប ស្ម៊ីធ តើ​មាន​ភស្ដុតាង​អ្វី ដែល​អ្នកមើល​ឃើញ​ថា ព្រះអម្ចាស់​បាន​រក្សា​ព្រះគម្ពីរ​មរមន ឲ្យ​ចេញ​មក​នៅក្នុង​ថ្ងៃ​ចុងក្រោយ ?

  • នៅក្នុង​ដំណើរ​រឿង​របស់ យ៉ូសែប ស្ម៊ីធ តើ​មាន​ភស្ដុតាង​អ្វី ដែល​អ្នកមើល​ឃើញ​ថា ព្រះគម្ពីរ​មរមនបាន​ចេញ​មក​ដោយ​ព្រះចេសា្ដ​នៃព្រះ ?

ការពន្យល់​សង្ខេប​មួយអំពី​ព្រះគម្ពីរ​មរមន 

ដើម្បី​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន ត្រូវ​បាន​ចងក្រងឡើង សូម​ឲ្យ​ពួកគេ​បើ​ក​ទៅ « ការពន្យល់​សង្ខេប​មួយ អំពី​ព្រះគម្ពីរ​មរមន » នៅក្នុង​ទំព័រ​បុព្វកថានៃ​ព្រះគម្ពីរ​មរមន ។ សូម​អញ្ជើញ​សិស្ស​បួន​នាក់ ប្ដូរ​វេន​គ្នា​អាន​ចំណុចនានា 1–4 ឮៗ ។ នៅពេល​ពួកគេ​អាន សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្សេង​ទៀត ស្ដាប់នូវ​របៀប​ដែល​ផ្ទាំងមាស​ទាំងនោះ​មួយៗ សំខាន់​ចំពោះ​ព្រះគម្ពីរ​មរមន ។ ឧបសម្ព័ន្ធ​លើ​សៀវភៅសិក្សា​នេះ រួម​មាន​គំនូរ​ដែល​មាន​ចំណងជើង​ថា « ផ្ទាំងមាស និង ទំនាក់ទំនង​របស់​ពួកគេ​ទៅនឹង​ព្រះគម្ពីរ​មរមន​ដែល​បាន​បោះពុម្ព​រួច » ។ គំនូរ​នេះ អាច​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​ផ្ទាំងមាស ដែល​បាន​ពិភាក្សា​នៅក្នុង « ការពន្យល់​សង្ខេប​មួយ អំពី​ព្រះគម្ពីរ​មរមន » ។ ( ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា វា​នឹង​ជួយ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​បង្ហាញ​កថាខណ្ឌ​ចុងក្រោយ​នៃ​ការពន្យល់​សង្ខេប​នេះ ដោយ​ចាប់ផ្ដើម​ដោយ​ឃ្លា « អំពី​ការបោះពុម្ព​ផ្សាយ​នេះ » ។ សូម​ពន្យល់​ថា ការបោះពុម្ព​នីមួយៗ​នៃ​ព្រះគម្ពីរមរមន បាន​រួម​បញ្ចូល​ការកែប្រែ​បន្ដិចបន្ដួច​នៃ​ការប្រកប និង កំហុស​ការវាយ​អក្សរ ។ )

រូបភាព
Mormon Abridging the Plates

សូម​បង្ហាញ​រូបភាព មរមន​សង្ខេប​ផ្ទាំង​មាស (62520; សៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ 73 ) ។ សូម​ពន្យល់​ថា មនុស្ស​ជាច្រើន​ បាន​រក្សា​កំណត់ត្រា​នេះ ដែល​នៅទីបញ្ចប់ ​ក្លាយ​ទៅជា​ព្រះគម្ពីរមរមន ។ សូម​សរសេរ​សេចក្តីយោង​បទគម្ពីរ​ខាងក្រោម​លើ​ក្ដារខៀន ។ សុំ​ឲ្យ​សិស្ស​សិក្សា​វា​ដោយ​ស្ងាត់ៗ ដោយ​រកមើល​គោលការណ៍​ខ្លះ ដែល​ជួយ​អ្នក​សរសេរ​ព្រះគម្ពីរមរមន សម្រេច​នូវ​អ្វី​ដែល​ត្រូវ​បញ្ចូល​ក្នុង​កំណត់ត្រារបស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( អ្នក​គប្បី​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ) ។

  • តើ​ការយល់​ពី​គោលការណ៍​ណែនាំ​ទាំងនេះ គប្បី​ជួយ​អ្នក នៅពេល​អ្នក​សិក្សា​ពី​ព្រះគម្ពីរ​មរមន​យ៉ាង​ដូចម្ដេច ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នកថា អ្នក​សរសេរ​ព្រះគម្ពីរ​មរមន បាន​ឃើញ​ជំនាន់​របស់​យើង ហើយ​បាន​សរសេរ​អ្វី​ដែល​នឹង​ជួយ​ដល់​យើង​ខ្លាំង​បំផុត ។សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន មរមន 8:35–38 ឮៗ ។

  • តើ​បញ្ហា​អ្វី ដែល​មរ៉ូណៃ​បាន​ឃើញ ក្នុង​ចំណោម​ប្រជាជន​ក្នុង​ជំនាន់​យើង ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដឹង​ថា មរ៉ូណៃ និង អ្នកសរសេរផ្សេងទៀតនៃ​ព្រះគម្ពីរ​មរមន​ បាន​ដឹង​ពី​បញ្ហា​ដែល​យើង​នឹង​ជួប​ប្រទះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែលទាក់ទង​នឹង​របៀប​ដើម្បី​សិក្សា​ព្រះគម្ពីរ​មរមន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« បើសិន​ជា​ពួកលោក​បាន​ឃើញ​សម័យ​របស់​យើង និង បាន​ជ្រើសរើស​ការណ៍​ទាំងនោះ​ដែល​អាច​មាន​តម្លៃ​អស្ចារ្យ​បំផុត​ដល់​យើង តើ​នោះ​មិនមែន​ជា​របៀប​ដែល​យើង​គួរតែ​សិក្សា​ព្រះគម្ពីរ​មរមន​ដែរ​ឬទេ​អី ? យើង​គួរតែ​សួរ​ខ្លួន​ឯង​ជាញឹកញាប់​ថា ‹ ហេតុអ្វី​បានជា​ព្រះអម្ចាស់​បំផុស​គំនិត​មរមន ( ឬ មរ៉ូណៃ ឬ អាលម៉ា ) ឲ្យ​បញ្ចូល​ការណ៍​នោះ នៅក្នុង​បញ្ជី​របស់​លោក ? តើ​មេរៀន​អ្វី​ដែល​ខ្ញុំ​អាច​រៀន​ពី​រឿង​នោះ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​រស់នៅ​ក្នុង​ជំនាន់ និង សម័យកាល​នេះ ? » ( « ព្រះគម្ពីរ​មរមន— សិលា​គន្លឹះ​នៃ​សាសនា​របស់​យើង »Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 6) ។

សូម​ប្រាប់​ដល់សិស្ស​ថា ប្រជាជន​ដែល​ត្រូវ​បាន​កត់ត្រា​ដាក់​ក្នុង​ព្រះគម្ពីរ​មរមន បាន​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន​ដូចជា​ជំនាន់​របស់​យើង​ដែរ ។ ទោះបីជា​ព្រះគម្ពីរ​មរមន គឺជា​ឯកសារ​ពី​បុរាណ​មួយ​ក៏​ដោយ ក៏​គោលលទ្ធិ ប្រវត្តិសាស្ដ្រ និង ដំណើររឿង​របស់​គម្ពីរ​មាន​តម្លៃ​ដ៏​មហិមា​នាពេល​បច្ចុប្បន្ន ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។ ( អ្នក​គប្បី​ឲ្យ​សិស្សម្នាក់ៗ នូវ​សេចក្ដីថ្លែងការណ៍​នេះ​មួយ​ច្បាប់ ) ។ សុំ​ឲ្យ​ថ្នាក់​ស្ដាប់​នូវ​ពរជ័យ​ទាំងឡាយ​ដែល​ប្រធាន ប៊ែនសឹន បាន​សន្យា​ដល់​អស់​អ្នក​ដែល​ចាប់ផ្ដើម​សិក្សា ​ព្រះគម្ពីរ​មរមន​ខ្លាំង ។

« វា​មិនត្រឹម​តែ​ថា ព្រះគម្ពីរ​មរមន បង្រៀន​យើង​នូវ​ការ​ពិត​ប៉ុណ្ណោះទេ តែ​វា​ពិត​បង្រៀន​ច្បាស់​លាស់មែន ។ ព្រះគម្ពីរ​មរមន​ពុំមែន​គ្រាន់​តែ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្ដែ​វា​ពិត​ជា​បាន​ថ្លែង​ទីបន្ទាល់​ពិត​មែន​ផងដែរ ។ ប៉ុន្តែ​មាន​អ្វីៗ​ច្រើន​ជាងនេះ​ទៅ​ទៀត ។ នៅក្នុង​ព្រះគម្ពីរមរមន មាន​នូវ​ព្រះចេស្ដា​មួយ​ដែល​នឹង​ចូល​ទៅក្នុង​ជីវិត​របស់​អ្នក នៅ​ខណៈពេល​ដែល​អ្នក​ចាប់ផ្តើម​សិក្សា​ព្រះគម្ពីរ​នេះ​ឲ្យ​បានហ្មត់ចត់ ។ អ្នក​នឹង​រកឃើញ​នូវ​ព្រះចេស្ដា​ដ៏​កាន់តែធំមហិមា​ ដើម្បី​ទប់ទល់​នឹង​សេចក្តី​ល្បួង ។ អ្នក​នឹង​រកឃើញ​ព្រះចេស្ដា​ដើម្បី​ជៀសវាង​ពី​ការបោក​បញ្ឆោត ។ អ្នក​នឹង​រកឃើញ​ព្រះចេស្ដា​ដើម្បី​ឈរ​នៅលើ​ផ្លូវ​ត្រង់ និង ចង្អៀត ។ ព្រះ​គម្ពីរ​ទាំងអស់​ត្រូវបាន​ហៅ​ថាជា « ព្រះបន្ទូល​ទាំងឡាយ​នៃ​ជីវិត » (សូម​មើល គ. និង ស. 84:85) ហើយ​គ្មាន​ព្រះគម្ពីរ​ណា​ដែល​ពិត​ជាង​នេះ ជាង​ព្រះគម្ពីរ​មរមន​ឡើយ ។ នៅពេល​អ្នក​ចាប់ផ្ដើម​ស្រេកឃ្លាន និង ស្រេក​តាម​ព្រះបន្ទូល​ទាំងនោះ អ្នក​នឹង​ឃើញ​ថា ជីវិត​អ្នក​នឹង​បរិបូរណ៍​ដ៏​អស្ចារ្យ​ជាង​មុន​ឆ្ងាយ​ណាស់ » ( « ព្រះគម្ពីរ​មរមន— សិលា​គន្លឹះ​នៃ​សាសនា​របស់​យើង » ទំព័រ 7 ) ។

  • តើ​អ្នក​មាន​បទពិសោធន៍​ទទួល​បាន​ពរជ័យ​ពី​ការសិក្សា​ព្រះគម្ពីរ​មរមន ពេលណា​ដែរ​ទេ ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះគម្ពីរ​មរមន បាន​ផ្ដល់​ដល់​យើង​នូវ​ព្រះចេស្ដា​ដ៏​កាន់តែធំមហិមា​ ដើម្បី​ទប់ទល់​នឹង​សេចក្ដីល្បួង ដើម្បី​ជៀសវាង​ពី​ការបោកបញ្ឆោត ហើយនឹង​ដើម្បី​ឈរ​នៅលើ​ផ្លូវ​ត្រង់ និង ចង្អៀត ។សូម​ប្រាប់​សិស្ស អំពី​ពេល​មួយ​ដែល​អ្នក​បាន​ទទួល​នូវ​ពរជ័យ​ទាំងនេះ ដែល​ជា​លទ្ធផល​នៃ​ការសិក្សា​ព្រះគម្ពីរ​មរមន ។

មុននឹងថ្នាក់ចាប់ផ្តើម សូម​សរសេរ​នូវ​បញ្ជី​សំណួរ និង ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

  • តើ​មាន​ព្រះ​ទេ ? ( សូមមើល អាលម៉ា 30:37–44 ) ។ តើ​ខ្ញុំ​អាច​ស្គាល់​ព្រះ​ទេ ? ( សូម​មើល អាលម៉ា 22:18 ) ។ តើ​ព្រះ​ខ្វល់ខ្វាយ​ពី​ខ្ញុំឬ​ទេ ? ( សូមអាន នីហ្វៃទី3 13:26–32 ) ។

  • តើ​ខ្ញុំ​អាច​ទប់ទល់​នឹង​សេចក្ដីល្បួង និង អំពើ​បាប​បាន​ដោយ​របៀបណា ? ( សូម​មើលហេលេមិន 5:12 ) ។

  • តើ​អ្វី​គឺជា​គោលបំណង​នៃ​ជីវិត ? ( សូម​មើល អាលម៉ា 34:32–34 ) ។

  • តើ​មាន​ជីវិត​ក្រោយ​ពី​សេចក្ដីស្លាប់​ដែរ​ឬទេ ? ( សូម​មើល អាលម៉ា 40:11–12, 21–23 ) ។

  • តើ​ខ្ញុំ​អាច​រកឃើញ​សេចក្ដីសុខសាន្ដ និង សេចក្ដីអំណរ ហើយ​រីករាយ​បាន​ដោយ​របៀប​ណា ? ( សូម​មើល ម៉ូសាយ 2:41; 4:2–3; អាលម៉ា 41:10 ) ។

  • តើ​គ្រួសារ​របស់ខ្ញុំ​អាច​បាន​រីករាយ និង កាន់តែសាមគ្គី​គ្នា​ ​ដោយ​របៀបណា ? ( សូមមើល ម៉ូសាយ 4:14–15 ) ។

  • តើ​ខ្ញុំ​អាច​អារកាត់វាង​ត្រូវ និង ខុស​បាន​ដោយ​របៀប​ណា ? ( សូមមើល មរ៉ូណៃ 7:16–17 ) ។

  • ហេតុអ្វី​បានជា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​សេចក្ដីអាក្រក់ និង ការរងទុក្ខ​កើតឡើង ? ( សូមមើល នីហ្វៃទី2 2:1–2, 11–16, 22–27; អាលម៉ា 14:9–11; 60:13 ) ។

សូម​ពន្យល់​ថា បន្ថែម​ពី​លើ​ពរជ័យ​ទាំងឡាយ​ ដែល​បាន​និយាយ​រួច​មក​ហើយ ព្រះគម្ពីរ​មរមន​រួមមាន​ចម្លើយ​ចំពោះ​សំណួរ​ដ៏​មាន​ន័យ​បំផុត​នៅក្នុង​ជីវិត​របស់​យើង ។សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​សំណួរ​ផ្ទាល់ខ្លួន​មួយ ឬ ពីរ ហើយ​ស្វែងរក​វគ្គ​គម្ពីរ​អម​មក​ជាមួយ ចំពោះ​ចម្លើយ​ទាំងនោះ ។ សូម​ឲ្យ​ពេល​ពួកគេ​ពីរ​បីនាទី ដើម្បី​ស្វែងរក​ចម្លើយ ។ អ្នក​គប្បី​ដើរ​ជុំវិញ​ថ្នាក់រៀន ដោយ​ជួយ​សិស្ស​តាម​ដែល​គេ​ត្រូវការ ។

  • តើ​ព្រះគម្ពីរ​មរមន ឆ្លើយតប​ចំពោះ​សំណួរ​ទាំងអស់​ដែល​អ្នកបាន​ជ្រើសរើសដោយ​របៀប​ណា ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ។ នៅពេល​គាត់​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​នេះ គាត់​កំពុង​និយាយ​ទៅរក​គ្រូបង្រៀន​ទាំងឡាយ​នៅ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន អំពី​ព្រះចេសា្ដ​នៃ​ព្រះគម្ពីរ ក្នុង​ការឆ្លើយតប​នូវ​រាល់​សំណួរ​ដ៏​មានន័យ​បំផុត​នៅក្នុង​ជីវិត​របស់​យើង ។

« ប្រសិនបើ​សិស្ស​របស់​អ្នក​យល់ស្គាល់​នឹង​វិវរណៈ​នានា នោះ​គ្មាន​សំណួរ —ផ្ទាល់ខ្លួន ឬ សង្គម ឬ នយោបាយ ឬ ការងារ​ណា—ដែល​ត្រូវ​ទៅ​ដោយ​គ្មាន​ចម្លើយ​នោះ​ទេ ។ ត្រង់​នេះ រួម​មាន​ភាពពេញលេញ​នៃ​ដំណឹងល្អ​ជារៀងរហូត​តទៅ ។ ត្រង់​នេះ យើង​រកឃើញ​នូវ​គោលការណ៍​នៃ​សេចក្ដីពិត ដែល​នឹង​ដោះស្រាយ​នូវរាល់​ការភាន់ច្រឡំ និង រាល់​ការខ្វល់ខ្វាយ​ក្នុង​ចិត្ត ដែល​នឹង​ជួប​ប្រទះក្នុង​គ្រួសារ​របស់​មនុស្ស​ជាតិ ឬ បុគ្គល​ណា​ក៏ដោយ » ( « បង្រៀន​ព្រះគម្ពីរ » [ សុន្ទរកថា​ថ្លែង​ទៅ​កាន់​អ្នកអប់រំ​សាសនា CES នៅថ្ងៃទី 14 ខែ តុលា ឆ្នាំ 1977], 3–4, si.lds.org) ។

សូម​ចែកចាយ​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។ សូម​រំឭក​ដល់​សិស្ស​ពី​គោលដៅ​របស់​ពួកគេ ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ប្រចាំ​ថ្ងៃ និង អាន​ព្រះគម្ពីរ​មរមន​ទាំងមូល​យ៉ាង​ហោចណាស់​មួយ​ឆ្នាំ​ម្ដង ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ការពន្យល់​សង្ខេប​មួយ​អំពី​ព្រះគម្ពីរ​មរមន ។ « អំពី​ការបោះពុម្ព​នេះ »

មាន​ការសរសេរ​ដោយ​ដៃ​ពីរ​នៃ​ព្រះគម្ពីរ​មរមន ៖ ការសរសេរ​ដោយដៃ​សំណៅដើម និង ការសរសេរដោយដៃ​របស់​អ្នកបោះពុម្ព ។ ចំណែក​ដ៏​តូច​មួយ​នៃ​ការបោះពុម្ព​សម្រាប់​ការបោះពុម្ព​ឆ្នាំ 1830 នៃ​ព្រះគម្ពីរ​មរមន ត្រូវ​ផ្អែកលើ​ការសរសេរ​ដោយ​ដៃ​សំណៅ​ដើម ហើយ​អ្វី​ផ្សេង​ទាំងអស់ ត្រូវ​ផ្អែកលើ​ការសរសេរ​ដោយដៃ​របស់​អ្នកបោះពុម្ព ដែល​ជា​ច្បាប់​ចម្លង​មួយ​នៃ​ការសរសេរ​ដោយ​ដៃ​សំណៅ​ដើម ។ នៅពេល យ៉ូសែប ស្ម៊ីធ បាន​រៀបចំ​ការបោះពុម្ព​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ 1840 គាត់​បាន​ប្រើ​ការសរសេរច្បាប់​ដើម​ដោយ​ដៃ ដើម្បី​កែ​កំហុស​អចេតនានានា និង ការលុប​ដែល​បាន​កើតឡើង​ដោយ​អចេតនា នៅក្នុង​ការបោះពុម្ព​ឆ្នាំ 1830 ។ សម្រាប់​ការបោះពុម្ព​ឆ្នាំ 1981 ដែល​ជា​ឯកសារ​សរសេរ​ដោយ​ដៃ​ច្បាប់ដើម ត្រូវបាន​ពិភាក្សា​ជាថ្មី​ម្ដង​ទៀត​ដើម្បី​រើ​ឡើងវិញ​នូវ​ពាក្យដើម​ប្រហែល 20 កន្លែង ។ រាល់​កំហុស​នានា​នៅក្នុង​ព្រះគម្ពីរ​មរមន គឺជា​កំហុស​របស់​មនុស្ស ហើយ​ការផ្លាស់ប្ដូរ​នានា ដែល​ធ្វើ​ឡើង គឺ​ធ្វើ​ឡើង​ដើម្បី​ស្ដារឡើងវិញ​នូវ​ព្រះគម្ពីរ​មរមន ឲ្យ​ទៅ​ន័យ និង គោលបំណង​ដើម​របស់វា​វិញ​ប៉ុណ្ណោះ ។ ( សូមមើល Book of Mormon Reference Companion, ed. Dennis Largey [2003], 124–25 ) ។

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​សរសេរ​ថា ៖

« វា​ចង​ភ្ជាប់​ទៅ​ជា​ការរៀប​អក្សរ​បោះពុម្ព​ខុស​ខ្លះ នៅក្នុង​ការបោះពុម្ព​លើក​ទីមួយ [ នៃ​ព្រះគម្ពីរ​មរមន ] ហើយ​ប្រហែល​ជា​ការលុបខ្លះ​នៃ​ពាក្យ​មួយ ឬ ពីរ ។ អ្នកដែល​បាន​បោះពុម្ព​ព្រះគម្ពីរ ក្រោម​កាលៈទេសៈ​ដ៏​ប្រុងប្រយ័ត្ន និង ដែល​អនុគ្រោះ​បំផុត បែរ​ជា​ស្រងាក​ចិត្ត ដោយ​បាន​រកឃើញ​កំហុស​នានា ខាង​ការរៀប​អក្សរ​បោះពុម្ព និង បច្ចេកទេស ដែល​ខ្លះ​កើតឡើង​ក្រោយ​ពេល​មាន​ភស្ដុតាង​នៃ​ការពិនិត្យ​លើក​ចុងក្រោយ ។

« … ការត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​នៃ​បញ្ជី​នៃ​ការផ្លាស់ប្ដូរ … បង្ហាញ​ថា គ្មាន​ការផ្លាស់ប្ដូរ​មួយ ឬ ការបន្ថែម​មួយ​ដែល​មិន​ស្ថិត​នៅក្នុង​ភាពស្របគ្នា​នឹង​អត្ថបទ​ដើម​នោះ​ទេ ។ ការផ្លាស់ប្ដូរ​នានា ត្រូវ​បាន​ធ្វើ​ឡើង​លើ​វណ្ណយុត្តិ និង កំហុស​តិចតួច​ពីរ​បី​ផ្សេង​ទៀត ដែល​ត្រូវ​ការ​ការកែតម្រូវ ប៉ុន្ដែ​មិន​ដែល​មាន​ការផ្លាស់ប្ដូរ ឬ ការបន្ថែម​ដែល​ផ្លាស់ប្ដូរ​គំនិត​ដើម​សូម្បី​តែ​មួយ ។ នៅពេល​វា​លេចឡើង​ចំពោះ​យើង ការផ្លាស់ប្ដូរ … គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​អត្ថបទ​ច្បាស់​ជាង​មុន ហើយ​បង្ហាញ​ថា វា​ត្រូវបាន​លុប​ចេញ ។ ខ្ញុំ​ប្រាកដ​ថា កំហុស ឬ ការលុបចេញ​នានា​នៅក្នុង​ការបោះពុម្ព​លើក​ទីមួយ​នេះ គឺជា​កំហុស​ដ៏​ធំ​របស់​អ្នក​រៀប​ពុម្ព ឬ អ្នកបោះពុម្ព ។ កំហុស​ទាំងនេះ​ភាគច្រើន ដែល​ស្ថិត​នៅក្នុង​សំណៅ​លើក​ទីមួយ ត្រូវ​បាន​ចាប់​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ខ្លួន​គាត់​ផ្ទាល់ ហើយ​គាត់​បាន​កែតម្រូវ » (Answers to Gospel Questions, comp ។ Joseph Fielding Smith Jr វ៉ុល 5 [1957–66] 2:199–200 អក្សរ​ទ្រេត​ក្នុង​ច្បាប់​ដើម ) ។