បណ្ណាល័យ
មេរៀន​ទី 14 ៖ នីហ្វៃទី​1 12 –13


មេរៀនទី 14

នីហ្វៃទី​ 1 12 –13

សេចក្តី​ផ្ដើម

ក្រោយពី​នីហ្វៃ បាន​ឃើញ​ការបម្រើ​ខាង​សាច់ឈាម និង ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការ​និមិត្ត​របស់​គាត់ គាត់​បាន​ឃើញ​ថា ក្រោយពី​សេចក្ដី​សុចរិត​ដែល​មាន​បួន​ជំនាន់មក​ កូនចៅ​របស់​គាត់ នឹង​ក្លាយជា​មាន​អំនួត ហើយ​ថា​ពួកគេ​នឹង​បង្អោន​តាម​ការល្បួង​របស់​អារក្ស និង ត្រូវ​បាន​បំផ្លាញ​ចោលឡើយ ។ គាត់​ក៏​បាន​ឃើញ​សេចក្ដី​ទុច្ចរិត​នៃ​អស់អ្នក​ដែល​ដើរ​តាម​សាតាំង នៅក្នុង​ព្រះវិហារ​ដ៏​ធំ និង គួរ​ខ្ពើមឆ្អើម ។ គាត់​បាន​ឃើញ​ថា ពួកគេ​នឹង​ដក​ចេញ​នូវ​សេចក្ដីពិត​ដែល​ងាយយល់ និង មាន​តម្លៃ​ពី​ព្រះគម្ពីរ​បរិសុទ្ធ បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើនជំពប់​ដួល​ខាង​វិញ្ញាណ ។ ថ្វី​បើ​ទិដ្ឋភាព​ដ៏​មាន​ទុក្ខព្រួយ​ទាំងនេះកើត​មាន​ក្ដី ការនិមិត្ត​របស់​នីហ្វៃ​ក៏​បាន​ផ្ដល់​ដល់​គាត់​នូវ​ហេតុផល​ចំពោះ​ក្ដី​សង្ឃឹម​ដ៏​ធំ​ផង​ដែរ ។ គាត់​បាន​ឃើញ​ថា ព្រះ​នឹង​រៀបចំ​ផ្លូវ​សម្រាប់​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៅក្នុង​ជំនាន់​ចុងក្រោយ ។ គាត់​ក៏​បាន​ធ្វើ​ជា​សាក្សី​ថា កំណត់ត្រា​នៃ​ប្រជាជន​របស់​គាត់ ( ព្រះគម្ពីរ​មរមន ) នឹង​ចេញ​មក នៅក្នុង​ជំនាន់​ចុងក្រោយ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ដែល​បាន​បាត់បង់​ពី​ពិភពលោក​នេះ ។

កំណត់​ចំណាំ ៖ អ្នក​ប្រហែល​ជា មិន​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ធ្វើ​តាម​ចំណុច​ទាំងអស់​នៅក្នុង​មេរៀន​នេះ​បាន​ទេ ។ នៅពេល​អ្នក​រៀបចំ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ថា​តើ​ផ្នែក​ណា​នៃ​មេរៀននេះ ដែល​សំខាន់​បំផុត ហើយ​អាច​អនុវត្ត​បានច្រើន​បំផុត​ចំពោះ​សិស្ស​របស់​អ្នក ។ អ្នក​អាច​ត្រូវ​ធ្វើការ​សង្ខេប​ផ្នែក​ខ្លះ​នៃ​មេរៀន​នេះ ដើម្បី​ឲ្យ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការបង្រៀន​គោលលទ្ធិ និង គោលការណ៍​ដែល​សំខាន់បំផុត​ពោរពេញ​ដោយ​ប្រសិទ្ធភាព ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី1 12

នីហ្វៃ​មើលឃើញ​ពី​អនាគត​របស់​សាសន៍​នីហ្វៃ និង សាសន៍​លេមិន

សូ​ម​សង្ខេប នីហ្វៃទី1 12 ដោយ​ពន្យល់​ថា ជំពូក​នេះគឺជា​ការ​បន្ដ​មួយ​ពី​ការនិមិត្ត​របស់​នីហ្វៃ ។ នៅក្នុង​នោះ ទេវតា​បាន​បង្ហាញ​ដល់​នីហ្វៃ​នូវ​របៀប​ដែល​និមិត្ត​សញ្ញា​នៅក្នុង​ការ​និមិត្ត​នៃ​ដើមជីវិត នឹង​អនុវត្ត​ចំពោះ​កូនចៅ​របស់​គាត់ ។ គាត់​បាន​ឃើញ​ថា កូនចៅ​ខ្លះ​របស់​គាត់ នឹង​ទទួល​បាន​ពរជ័យ​ទាំងអស់​ពី​ដង្វាយ​ធួន ។ ទោះយ៉ាង​ណាក្ដី នីហ្វៃ​ក៏​បាន​ឃើញ​ដែរ​ថា កូនចៅ​របស់​គាត់ នឹង​ត្រូវ​បាន​បំផ្លាញ​នៅទីបញ្ចប់​ដោយ​កូនចៅ​របស់​បងប្រុស​​គាត់ ( សាសន៍​លេមិន ) ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 12:16–19 ។ សូម​ឲ្យ​គេ​រក​មើល​ហេតុផល​ដែល​នីហ្វៃ​ត្រូវ​បាន​បំផ្លាញ​ចោល ( សូម​មើល នីហ្វៃ​ទី​1 12:29​ ) ។ សូម​រំឭក​សិស្ស​ថា នៅពេល​ពួកគេ​អនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​អាច​យក​ឈ្នះ​លើ​អំនួត និង ការល្បួង​បាន ។

នីហ្វៃ​ទី​1 13:1– 9

នីហ្វៃ មើល​ឃើញ​នូវ​ព្រះវិហារ​ដ៏​ធំ និង គួរខ្ពើម​ឆ្អើម

សុំ​ឲ្យ​សិស្ស​លើកដៃ​ឡើង ប្រសិន​បើ​ពួកគេ​ចេះ​លេង​កីឡា ។ សុំ​ឲ្យពួកគេ​ពីរបី​នាក់ ​ចែក​ចាយ​ពី​កីឡា​ដែល​ពួកគេ​លេង ។ សូម​ពន្យល់​ថា នៅក្នុង​កីឡា ក្រុម​ទាំងឡាយ​ ជារឿយៗ​រៀបចំ​សម្រាប់​ការប្រកួត​ ដោយ​ការសិក្សា​ពី​ការលេង​ និង យុទ្ធសាស្ដ្រ​ពី​អតីតកាល​របស់​ក្រុម​ប្រជែង ។

  • ហេតុអ្វី​បាន​ជា​មាន​ប្រយោជន៍​ចំពោះ​ក្រុមមួយ ដើម្បី​សិក្សា​ពី​យុទ្ធសាស្ដ្រ​របស់ក្រុមប្រជែង​ មុនពេល​ពួកគេ​ប្រកួត ?

សូមពន្យល់ថា នីហ្វៃ​បាន​ឃើញ​នៅក្នុង​ការ​និមិត្ត​នូវ​បំណងប្រាថ្នា និង យុទ្ធសាស្ដ្រ​របស់​អ្នក​ដែល​ប្រឆាំង​នឹង​សាសចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​យុទ្ធសាស្ដ្រ​ទាំងនោះ នៅពេល​ពួកគេ​សិក្សា​នៅក្នុង​ជំពូក​នេះ ដូច្នេះ​ពួកគេ​អាច​រៀបចំ​ខ្លួន ​ដើម្បី​ស្គាល់​នូវ​យុទ្ធសាស្ដ្រ​ ហើយ​មិន​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​យុទ្ធសាស្ដ្រ​ទាំងនោះឡើយ ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន នីហ្វៃ​ទី1 ​13:1–4, 6 ឮៗ ។ សុំ​ឲ្យ​សិស្ស​ម្នាក់​រក​នូវ​ក្រុម​ដែល នីហ្វៃ​បាន​ឃើញ​ថា​បាន​បង្កើត​ឡើង​ក្នុង​ចំណោម​សាសន៍​ដទៃ​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អត្ថន័យ​នៃ​ខគម្ពីរ​ទាំងនេះ សូម​ចែកចាយ​នូវ​វិចារណកថា​ខាងក្រោម​ដោយ ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ សុំ​ឲ្យ​សិស្ស​ស្ដាប់​ដោយ​ប្រុងប្រយ័ត្ន និង​ រក​នូវ​និយមន័យ​មួយ​នៃ​ព្រះវិហារ​ដ៏​ធំ និង គួរខ្ពើម​ឆ្អើម ។

« ចំណង​ជើង​ សាសនាចក្រ​នៃ​អារក្ស និង ព្រះវិហារ​ដ៏​ធំ និង គួរខ្ពើម​ឆ្អើម ត្រូវ​បាន​ប្រើ​ដើម្បី​សម្គាល់អស់ទាំង… អង្គការ​ដែល​មាន​ឈ្មោះ ឬ ទ្រង់​ទ្រាយ​អ្វី​ក៏ដោយ — មិន​ថា​ខាង​នយោបាយ ទស្សនវិជ្ជា វិស័យ​អប់រំ សេដ្ឋកិច្ច សង្គម ភាតរភាព ពលរដ្ឋ ឬ សាសនា— ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​នាំ​មនុស្ស​នៅក្នុង​ផ្នែក​មួយ ដែល​នាំ​ចេញ​ពី​ព្រះ និង ក្រឹត្យវិន័យ​របស់​ទ្រង់​ក្តី ហើយ​ហេតុដូច្នេះ ចេញ​ពី​សេចក្ដីសង្គ្រោះ​នៅក្នុង​នគរ​នៃ​ព្រះ » ( គោលលទ្ធិ​មរមន កំណែទី 2. [1966], 137–38) ។

សូម​បញ្ជាក់​ថា ឃ្លា « ព្រះវិហារ​ដ៏​ធំ និង គួរខ្ពើម​ឆ្អើម » មិន​សំដៅ​លើ​និកាយ ឬ ព្រះវិហារ​ជាក់លាក់ណាមួយ​ នោះ​ទេ ។ វា​សំដៅ​លើគ្រប់​អង្គការ​ណាទាំង​អស់​ដែល​ធ្វើ​ឡើង​ ដើម្បី​ដឹកនាំ​មនុស្សឲ្យ​​ឃ្លាត​ចេញ​ពី​ព្រះ និង ក្រឹត្យ​វិន័យ​របស់​ទ្រង់ ។

អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​ឃ្លា អង្គការ​ទាំងអស់ ​ដែល​ធ្វើ​ឡើង​ដើម្បី​ដឹកនាំ​មនុស្ស​ឃ្លាតចេញ​ពី​ព្រះ និង ក្រឹត្យវិន័យ​របស់​ទ្រង់ នៅ​រឹម​ទំព័រ​ក្បែរ នីហ្វៃទី​1 13:6 

  • ហេតុអ្វីអ្នកជឿ​ថា វា​សំខាន់​ដើម្បី​ដឹង​ថា សាតាំង​រៀបចំ​កម្លាំង​របស់​វា ដើម្បី​ដឹកនាំ​យើង​ឃ្លាត​ចេញ​ពី​ព្រះ និង ក្រឹត្យវិន័យ​របស់ទ្រង់ ?

សូម​ពន្យល់​ថា នីហ្វៃ​បានរៀបរាប់ពី​ព្រះវិហារ​ដ៏​ធំ និង គួរខ្ពើម​ឆ្អើម ។ សូម​អញ្ជើញ​សិស្ស​ម្នាក​អាន នីហ្វៃ​ទី​1 13:5– 9 ឮៗ ។

  • តើ​អ្វី​ដែល អស់​អ្នក​នៅក្នុង​ព្រះវិហារ​ដ៏​ធំ និង គួរខ្ពើម​ឆ្អើម​ចង់​បាន ? ( សូមមើល នីហ្វៃទី1 13: 7–8 ) ។

  • ដោយ​យោង​តាម នីហ្វៃ​ទី​1 13:5, 9 តើ​អ្នក​ដែល​នៅក្នុង​ព្រះវិហារ​ដ៏​ធំ និង គួរខ្ពើម​ឆ្អើម​​ចង់​សម្រេច​បាន​អ្វីខ្លះ ? ហេតុអ្វី ? ( អ្នក​អាច​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ សាតាំង និង អ្នក​ដើរតាម​វា ចង់​បំផ្លាញ​ពួកបរិសុទ្ធ​នៃ​ព្រះ និង នាំ​ពួកគេ​ទៅកាន់​ការជាប់​ឃុំឃាំង ។ )

  • តើ​ការដឹង​ពី​បំណងប្រាថ្នា និង គោលបំណង​របស់​សាតាំង និង អ្នក​ដើរ​តាម​វា ជួយ​យើង​ឲ្យ​ប្រយុទ្ធ​នឹង​ពួកវា​យ៉ាង​ដូចម្ដេច ?

សូម​ប្រាប់​សិស្ស​ថា បន្ដិច​ទៀត​នៅក្នុ​ង​ជំពូក​នេះ ពួកគេ​នឹង​រៀន​អំពី​របៀប​មួយ​ដែល​ព្រះវិហារ​ដ៏​ធំ និង គួរខ្ពើម​ឆ្អើម​ បានព្យាយាម​បំផ្លាញ​អ្នកដែល​ស្វែង​រក​ព្រះ ។

នីហ្វៃ​ទី​1 13:10–19

នីហ្វៃ​មើលឃើញ​ព្រះហស្ដ​របស់​ព្រះ​ នៅក្នុង​ការបង្កើត​ដែនដី​សេរីភាព​មួយ ដែល​ដំណឹងល្អ​នឹង​ត្រូវ​បាន​ស្ដារឡើង​វិញ

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បានបញ្ជាក់​ថា កិច្ចការ​របស់​ទ្រង់​នឹង​ទៅ​មុខ ទោះបីជា​ព្រះវិហារ​ដ៏​ធំ និង គួរខ្ពើម​ឆ្អើម​ខិតខំ​ធ្វើ​ឲ្យ​ប្រជាជន​ជំពប់​ដួល​ខាង​វិញ្ញាណ​ក៏​ដោយ ។ ទ្រង់​ធ្វើ​ដូច្នេះ ដោយ​ការ​រៀបចំ​ផ្លូវ​សម្រាប់​ការស្ដារឡើង​វិញ​នៃ​ដំណឹងល្អ​របស់ទ្រង់ ។

សេចក្ដីថ្លែងការណ៍​ក្នុង​បញ្ជី​ខាងក្រោម សង្ខេប​ពី​ព្រឹត្តិការណ៍​សំខាន់​ដែល នីហ្វៃ​បាន​ឃើញ​នៅក្នុង​ការ​និមិត្ត​របស់គាត់ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃ​ទី​1 13:10–19 និង ផ្គូផ្គងព្រះគម្ពីរ​យោង​នីមួយៗ​ក្នុង​បញ្ជី​ខាងក្រោម ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​វា​ពណ៌នា ។ ( អ្នក​អាចបង្ហាញ​ព្រះគម្ពីរ​យោង​ទាំងនេះ និង សេចក្ដី​ថ្លែងការណ៍​នៅលើក្ដារខៀន មុន​ចាប់​ផ្ដើម​បង្រៀន ។ ឬ អ្នក​អាច​ធ្វើ​ក្រដាស​ចែក ដែល​មាន​ព្រះគម្ពីរ​យោង​ទាំងនេះ និង សេចក្ដី​ថ្លែងការណ៍ ។ ខាងក្រោម គឺជា​ព្រះគម្ពីរ​យោង​ ដែល​បាន​ផ្គូផ្គង​ទៅនឹង​សេចក្ដីថ្លែងការណ៍​ដែល​ត្រឹមត្រូវ ។ ដើម្បី​ឲ្យ​​សកម្មភាព​នេះ បាន​ជោគជ័យ អ្នក​នឹង​ត្រូវផ្លាស់ប្ដូរ​លំដាប់​នៃ​សេចក្ដីថ្លែងការណ៍ នៅពេល​អ្នក​បង្ហាញ​វា​នៅលើក្ដារខៀន ឬ ដាក់​វា​លើក្រដាស​ចែក ) ។

នីហ្វៃ​ទី​1 13:12កូឡុំប៊ឺសបាន​ធ្វើ​ដំណើរ​ទៅ​​អាមេរិក​

នីហ្វៃទី​1 13:13ពួកអ្នកធម្មយាត្រា​ ចេញ​ទូក​ទៅ​​អាមេរិក​ ដើម្បីស្វែងរក​សេរីភាព​ខាង​សាសនា

នីហ្វៃទី1 13:14ជនជាតិ​អាមេរិក​ដើម ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ដែនដី​របស់​ពួកគេ​

នីហ្វៃ​ទី​1 13:15សាសន៍​ដទៃរីកចម្រើន​ឡើង​នៅក្នុង​អាមេរិក​

នីហ្វៃ​ទី​1 13:16 –19ទោះបី​ជាកងទ័ពខ្មាំងសត្រូវមាន​ចំនួន​ច្រើន​ក៏​ដោយ កងទ័ព​បដិវត្ត​ន៍​អាមេរិក​បាន​ជ័យ​ជំនះ

នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់ពួកគេ អ្នកអាច​លើកទឹក​ចិត្ត​ពួកគេ​ឲ្យ​សរសេរ​ពាក្យ ឬ ឃ្លា​​គន្លឹះ​​មួយ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ក្បែរ​វគ្គ​នីមួយៗ ។ ជា​ឧទាហរណ៍ ពួកគេ​អាច​សរសេរ​ កូឡុំប៊ឺស ក្បែរ នីហ្វៃ​ទី​1 13:12 

  • ដោយ​យោង​តាម នីហ្វៃទី​1 13:12 ហេតុអ្វី​បាន​ជា​កូឡុំប៊ឺស​ ធ្វើដំណើរ​ទៅ​អាមេរិក ?

  • យោង​តាម​នីហ្វៃ​ទី​1 13:13 ហេតុអ្វី​បាន​ជា​ពួកអ្នកធម្មយាត្រា​​ផ្លាស់ប្ដូរ​លំនៅទៅ​អាមេរិក ?

  • ដោយ​យោង​តាម នីហ្វៃ​ទី​1 13:15– 19 ហេតុអ្វី​បាន​ជា​សាសន៍​ដទៃ​រីកចម្រើន និង មានឯករាជ្យ​ភាព​ពី « សាសន៍​ផ្សេង​ទៀត​ទាំងអស់ » ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ឮៗ ដោយ​ប្រធាន​ យ៉ូសែប អេហ្វ ស៊្មីធ ៖

« ជាតិ​អាមេរិក​ដ៏​អស្ចារ្យ​នេះ ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បាន​លើកឡើង​ដោយ​អំណាច​នៃ​ព្រះហស្ដដ៏មានគ្រប់ព្រះចេស្តា ​ដ៏​ខ្ពស់​បំផុត​​របស់​ទ្រង់ ដើម្បី​វា​អាច​កើត​មាននគរ​នៃ​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ​នៅ​លើ​ផែនដី ។ ប្រសិនបើ​ព្រះអម្ចាស់​មិន​បាន​រៀបចំ​ផ្លូវ​ដោយ​ការដាក់​គ្រឹះ​នៃ​ជាតិ​ដ៏​រុងរឿង​នេះ​ទេ វា​នឹង​មិន​អាច​កើត​មាន​នោះ​ទេ ( នៅក្រោម​ច្បាប់​ដ៏​តឹងរ៉ឹង និង ការប្រកាន់​សាសនា​នៃ​រដ្ឋាភិបាល​នៃ​រាជានិយម​របស់​ពិភពលោក ) ក្នុង​ការ​ដាក់​គ្រឹះ​សម្រាប់​ការមក​ដល់​នៃ​នគរ​ដ៏​មហិមា​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​ធ្វើ​ការណ៍​នេះ » ( គោលលទ្ធិ​នៃ​ដំណឹងល្អ 5th ed. [1939], ទំព័រ 409 ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​មួយ​សម្រាប់​ការស្ដារ​ឡើងវិញ ដោយ​ការ​ស្ថាបនា​ប្រទេស​មួយ ឲ្យ​មាន​សេរីភាព​ខាង​សាសនា ដែលទ្រង់​អាច​ស្ដារឡើង​វិញ​នូវ​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​រៀបចំ ហើយ​នឹង​បន្ដ​រៀបចំ ផ្លូវ​មួយ​សម្រាប់​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ បាន​ចូល​ទៅ​ដល់​គ្រប់​ជាតិសាសន៍​ទាំងអស់ ។

ប្រសិនបើ​អ្នក​កំពុង​បង្រៀន​មេរៀន​នេះ​នៅក្នុង​ប្រទេស​មួយ ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ សូម​សួរ ៖

  • តើ​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​មួយ​សម្រាប់​ការបង្រៀន​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ នៅក្នុង​ប្រទេស​យើង​ដោយ​របៀបណា ?

នីហ្វៃ​ទី​1 13:20–42

នីហ្វៃ​មើលឃើញ​ពី​សាសន៍​ដទៃ​នៅ​ថ្ងៃ​អនាគត ជាមួយ​នឹង​ព្រះគម្ពីរ​បរិសុទ្ធ ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​នៅ​ថ្ងៃ​ចុងក្រោយ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន នីហ្វៃ​ទី​1 13:20–24 ។ សុំ​ឲ្យ​គាត់រក​មើល​វត្ថុ​ដែល​នីហ្វៃ បាន​ឃើញ​ពួកអាណានិគម​អាមេរិក​ដើម « បាន​នាំ​ចេញ​ទៅ​ក្នុង​ចំណោម​ពួកគេ » ។ សូម​លើក​ព្រះគម្ពីរ​បរិសុទ្ធ​មួយ​ក្បាលឡើង ហើយ​ពន្យល់​ថា វា​គឺ​ព្រះគម្ពីរ​នៅក្នុង​ការនិមិត្ត​របស់​នីហ្វៃ ។ អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ ព្រះគម្ពីរ​បរិសុទ្ធ នៅគែម​ទំព័រ​ក្បែរ​នីហ្វៃ​ទី​1 13:20 ។

សូម​ពន្យល់ថា ទេវតា​បាន​បង្រៀន​នីហ្វៃ​ថា ព្រះគម្ពីរ​បរិសុទ្ធ គឺជា​កំណត់ត្រា​ « ដ៏​មាន​តម្លៃ » ( នីហ្វៃទី​1 13:23 ) ។ នៅពេល​វិវរណៈ​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ត្រូវ​បាន​កត់ត្រា​ពី​ដើម​ដំបូង វា « មាន​នូវ​ភាព​ពោរពេញ​នៃ​ដំណឹងល្អ​របស់​ព្រះអម្ចាស់ » ( នីហ្វៃ​ទី​1 13:24 ) ។ សុំ​ឲ្យ​សិស្ស​ម្នាក់ឲ្យ​អាន នីហ្វៃទី​1 13:26–27 ឮៗ ។

  • តើ​ព្រះវិហារ​ដ៏ធំ ហើយ​គួរខ្ពើមឆ្អើម​នោះ​បានដក​អ្វី​ខ្លះ​ចេញ​ពី​​ព្រះគម្ពីរបរិសុទ្ធ ? ហេតុអ្វី​បាន​ជា​រឿង​ទាំងនេះ ត្រូវ​បាន​ដកចេញ ?

សុំ​ឲ្យ​សិស្ស​ម្នាក់ឲ្យ​ទៀត​អាន នីហ្វៃ​ទី​1 13:29 ឮៗ ។

  • តើ​មាន​អ្វី​កើតឡើង ដែល​ជា​លទ្ធផល​នៃ​ការដកចេញ​នូវ​រឿង​ដ៏​ច្បាស់ និង​ពិសេសៗ និង សេចក្ដី​សញ្ញា​ជាច្រើន​នៃ​ព្រះអម្ចាស់ ពី​ព្រះគម្ពីរ​បរិសុទ្ធ ?

សូម​ឲ្យ​សិស្ស​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ នៅក្នុង នីហ្វៃ​ទី​1 13:34–36, 39 ។ សុំ​ឲ្យ​សិស្សក្នុងថ្នាក់​រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ ដើម្បី​ជួយ​មនុស្ស​ឲ្យ​យក​ឈ្នះ​លើ​ការខិត​ខំ​នៃ​ព្រះវិហារ​ដ៏​ធំ និង គួរ​ខ្ពើម​ឆ្អើម ។

  • ដោយ​យោង​តាម នីហ្វៃ​ទី​1 13:34 តើ​ព្រះអម្ចាស់​នឹង​នាំអ្វី​ចេញ​មក ដោយ​សារ​តែ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ?

  • យោង​តាម​នីហ្វៃ​ទី​1 13:35–36 តើ​អ្វី​នឹង​ « ត្រូវ​បាន​លាក់​ទុក » ដើម្បី​ឲ្យ​បាន​ចេញ​មក​ដល់​ពួក​សាសន៍​ដទៃ ? ( អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរតែ​សរសេរ​ក្បែរ នីហ្វៃ​ទី​1 13:35 ថា « សេចក្ដី​​ទាំងនេះ » សំដៅ​លើ​​ព្រះគម្ពីរ​មរមន ) ។

  • យោង​តាម​ នីហ្វៃទី​1 13:39 តើ​មាន​អ្វី​ផ្សេង​ទៀត ដែល​ព្រះអម្ចាស់​នឹង​នាំ​ចេញ​មក​នៅក្នុង​ជំនាន់​ចុងក្រោយ​ បន្ថែម​លើ​ព្រះគម្ពីរ​មរមន ? តើ « ព្រះគម្ពីរ​ផ្សេង​ទៀត » ដែល​ព្រះអម្ចាស់​បាន​នាំ​ចេញ​មក ជា​ផ្នែ​ក​នៃ​ការស្ដារឡើង​វិញ​​មាន​អ្វី​ខ្លះ ? ( ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ព្រះគម្ពីរ​មុក្ដា​ដ៏​មាន​តម្លៃមហិមា និង ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ពី​ព្រះគម្ពីរ​បរិសុទ្ធ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យអាន នីហ្វៃ​ទី​1 13:40–41 ។ សូម​ឲ្យ​ពួកគេ​រក​មើល​ការពិពណ៌នា​មួយ​អំពី​អ្វី​ដែល​ព្រះគម្ពីរ​នៃ​ការស្ដារឡើង​វិញ នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​ស្គាល់ ។ ក្រោយ​ពី​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​លើក​ព្រះគម្ពីរ​បរិសុទ្ធ​ឡើង ហើយ​សូម​ចែកចាយ​នូវ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ពេញលេញ​របស់​វា ។ សូម​លើក​ព្រះគម្ពីរ​មរមន​ឡើង ហើយ​ដាក់​វា​ជាមួយ​នឹង​ព្រះគម្ពីរ​បរិសុទ្ធ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​នៅ​ថ្ងៃ​ចុងក្រោយ បាន​ស្ដារឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏ច្បាស់ និង​ពិសេសៗដែល​ជួយ​យើង​ឲ្យ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​វា​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​ចូល​មក​រក​ទ្រង់ ។

សុំ​ឲ្យ​សិស្ស​រក​ឃ្លា​មួយ​នៅ​ចុងឃ្លា​ក្នុង នីហ្វៃ​ទី1 13:41 ដែល​ពិពណ៌នា​ពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ ជាមួយ​នឹង​កំណត់ត្រា​នៃ​សាសន៍​យូដា ( ព្រះគម្ពីរ​បរិសុទ្ធ ) និង កំណត់ត្រា​នៃ​កូនចៅ​របស់​នីហ្វៃ ( ព្រះគម្ពីរ​មរមន ) ។ សូម​ថ្លែង​ទីបន្ទាល់​ថា កំណត់ត្រា​ទាំងនេះ​គឺ « ត្រូវ​បាន​តាំង​ឡើង​​ជា​របស់​តែ​មួយ » ( នីហ្វៃ​ទី​1 13:41 ) និង បាន « រួម​ទៅ​ជាមួយ​គ្នា » ( នីហ្វៃទី​2 3:12 ) ដើម្បី​ជួយ​យើង​ឲ្យ​ដឹង​ច្បាស់​ពី​របៀប​ដើម្បី​ចូល​មក​រក​ព្រះអង្គសង្គ្រោះ ។

ដើម្បី​ជួយ​សិស្ស​កោតសរសើរ​ពី​របៀបដែល​ការស្ដារឡើង​វិញ​នៃ​សេចក្ដី​ពិតដ៏​ច្បាស់ និង​ពិសេសៗ​នេះ មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹង​គិត​សំណួរ​ដូចខាងក្រោម ៖

  • តើ​ព្រះគម្ពីរមរមន​​បាន​មាន​ឥទ្ធិពល​យ៉ាងដូចម្ដេច​លើ​ទី​បន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ជួយ​អ្នក​ឲ្យ​ចូល​មក​ជិត​ទ្រង់​ដោយ​របៀប​ណា ?

ក្រោយ​ពី​​ផ្ដល់​ពេលវេលា​ឲ្យ​សិស្ស​គិត​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែក​ចាយ​ចម្លើយ​របស់ពួកគេ ។ អ្នក​ក៏អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់​អំពី​ព្រះគម្ពីរ​មរមរន និង ​ពីរបៀប​​ដែល​វា​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង បាន​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប​ដើម្បីចូល​ទៅ​រក​ទ្រង់ ។ នៅពេល​អ្នក​បញ្ចប់​មេរៀន សូម​អញ្ជើញ​ឲ្យ​សិស្ស​សិក្សា​ព្រះគម្ពី​រ​មរមនដោយយក​ចិត្ត​ទុក​ដាក់​ពេញ​មួយ​ឆ្នាំ ដោយ​រក​មើល​ការបង្រៀន និង ដំណើរ​រឿង​ដែល​ពង្រឹង​ដល់​ទីបន្ទាល់​របស់ពួកគេ ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង បង្រៀន​ពួកគេ​ពី​របៀប​ដើម្បីចូល​ទៅ​រក​ទ្រង់ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី1 12–14 ។ សេចក្តី​សង្ខេប

តារាង​ខាងក្រោម ជួយ​យើង​ឲ្យ​មើលឃើញ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​នាំ​ទៅ​រក​ការស្ថាបនា​នៃ​នគរ​របស់​ព្រះ​នៅ​លើ​ផែនដី ៖

រូបភាព
ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ

នីហ្វៃ​ទី​1 13 ។ តើ​ពាក្យថា សាសន៍​ដទៃ នៅក្នុង​ព្រះ​គម្ពីរ​មរមនន័យ​យ៉ាង​ណា ?

សាសន៍​ដទៃ មាន​ន័យ​ថា « ជាតិសាសន៍​ជាច្រើន » ។ វា​សំដៅ​លើ (1) អស់​អ្នក​ណាដែល​មិន​មែន​ជា​ពូជពង្ស​នៃ​អ៊ីស្រាអែល (2) អស់​អ្នក​ណា​ដែល​មិន​ជឿ​លើ​ព្រះ​នៃ​អ៊ីស្រាអែល ឬ ដែល​មិន​មាន​ដំណឹងល្អ ដោយ​មិន​គិត​ពី​ពូជ​អំបូរ​របស់ពួកគេ និង (3) អ្នក​ណា​ដែល​មិន​មែន​មក​ពី ឬ មិន​បាន​រស់នៅ​ក្នុង​ដែនដី​យូដា ។ ឧទាហរណ៍ដូចជា ពួកអ្នកធម្មយាត្រា​និង ពួក​អាណានិគម​នៅក្នុង​ដែនដី​អាមេរិក ត្រូវ​បាន​ហៅ​ថា​ជា សាសន៍​ដទៃ នៅក្នុង​ នីហ្វៃ​ទី​1 13:3–13 អ្នក​ដែល​បាន​នាំ​ព្រះគម្ពីរ​មរមន​ចេញ​មក ត្រូវ​បាន​ហៅ​ថា​ជា សាសន៍​ដទៃ នៅក្នុង​ នីហ្វៃទី​1 13:34 គោលលទ្ធិ និង សេចក្ដី​សញ្ញា និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ក៏​ត្រូវ​បាន​នាំ​មក​ដោយ​សាសន៍​ដទៃ​ដែរ ( សូម​មើល នីហ្វៃទី​1 13:39 ) ។ សហរដ្ឋ​អាមេរិក ត្រូវ​បាន​ហៅ​ថា​ជា ពួក​​សាសន៍​ដទៃ​មួយ នៅក្នុង នីហ្វៃ​ទី​1 13:34, 39

នីហ្វៃ​ទី​1 13:20–29 ។ សេចក្ដីពិត​ដ៏ច្បាស់ និង​ពិសេសៗត្រូវ​បាន​ដក​ចេញ​ពី​ព្រះគម្ពីរ​បរិសុទ្ធ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​ថា ៖ « ធាតុ … ដែល​បាន​បាត់​ពី​ព្រះគម្ពីរ​បរិសុទ្ធ គឺ ‹ ងាយ​យល់ និង មាន​តម្លៃ › ។ ពួកគេ​ងាយ​យល់​តាម​ភាព​សាមញ្ញ និង ភាពច្បាស់លាស់​របស់​វា ផ្តល់​ភាព​ងាយស្រួល​ដល់​‹ ការយល់​ពី … មនុស្ស › ។ ពួកគេ​មាន​តម្លៃក្នុង​បរិសុទ្ធភាព និង តម្លៃ​ដ៏​មហិមា​របស់​វា សារៈសំខាន់​ក្នុង​ការសង្គ្រោះ និង សារៈសំខាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ពួកវា​ចំពោះ​កូនចៅ​របស់​ព្រះ » ( ព្រះគ្រីស្ទ និង សេចក្ដី​សញ្ញា​ថ្មី ៖ សារ​លិខិត​នៃ​ព្រះម៊ែស៊ី ពី​ព្រះគម្ពីរ​មរមន 1997] ទំព័រ 5 ) ។

យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « ចំណុច​សំខាន់​ជាច្រើន ដែល​ប៉ះពាល់ដល់​ការសង្រ្គោះ​មនុស្ស ត្រូវ​បាន​ដក​ចេញពី​ព្រះគម្ពីរ​បរិសុទ្ធ ឬ ត្រូវ​បាន​បាត់​មុន​ពេល​វា​ត្រូវ​បាន​គេ​ចងក្រង » (Teachings of Presidents of the Church: Joseph Smith [ 2007 ] ទំព័រ 217 ) ។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា គាត់​ជឿលើ​ព្រះគម្ពីរ​បរិសុទ្ធ « ដោយសារវា​អាន នៅពេល​វា​ចេញ​មក​ប៊ិច​របស់​អ្នក​សរសេរ​ដើម » ហើយ​ថា « អ្នក​បកប្រែ​ដ៏​ល្ងង់ខ្លៅ អ្នក​ប្រែ​ភាសា​ដ៏​ខ្ជីខ្ជា ឬ សង្ឃ​ដែល​ធ្វើ និង បំផ្លាញ បាន​បង្កើត​កំហុស​ជាច្រើន » (ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ ទំព័រ 207 ) ។

អ្នក​អាចបង្ហាញ​ថា សេចក្ដី​ថ្លែងការណ៍​ទាំងនេះ ថ្លែង​ដោយ​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​បញ្ចូល​នៅក្នុង Bible Dictionary ( សូម​មើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគម្ពីរ​បរិសុទ្ធ ») ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​សេចក្ដីថ្លែង​ការណ៍​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

នីហ្វៃ​ទី​1 13:32–40 ។ សេចក្ដី​ដ៏ច្បាស់ និង​ពិសេសៗទាំងឡាយ​ត្រូវ​បាន​ស្ដារឡើង​វិញ

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍​ថា កិច្ចការ​បទដ្ឋាន​នៃ​សាសនាចក្រ គឺជា​របៀប​ដ៏​សំខាន់​មួយ​នៃ​សេចក្ដីពិត​ដែល​បាន​បាត់បង់តែ​ត្រូវ​បាន​ស្ដារឡើង​វិញ ៖

« ព្រះគម្ពីរមរមនគឺជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ។ វា​បាន​ស្ដារ​ឡើងវិញ​នូវ​សេចក្ដី​ពិត​ពិសេសៗ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការធ្លាក់ ដង្វាយ​ធួន ការរស់ឡើង​វិញ និង ជីវិត​បន្ទាប់​ពី​សេចក្ដីស្លាប់​នេះ​ទៅ ។

« ពី​មុន​ការស្ដារ​ឡើងវិញ ស្ថានសួគ៌​ធ្លាប់​បាន​បិទ​ជាច្រើន​សតវត្សន៍ ។ ប៉ុន្ដែ​ដោយ​មាន​ព្យាការី និង សាវក​នៅ​លើ​ផែនដី​ម្ដង​ទៀត ស្ថានសួគ៌​បាន​បើក​ជាថ្មី​ម្ដង​ទៀត ដោយ​មាន​ទស្សន​និ​មិត្ត និង វិវរណៈ ។ វិវរណៈ​ជាច្រើន ដែល​បាន​មក​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​កត់ត្រា​ទុក​នៅក្នុង​សៀវភៅ​មួយ ដែល​ក្លាយ​ជា គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ វា​រួម​មាន​ទស្សនៈ​វិស័យជ្រៅជ្រះ​ច្បាស់​បន្ថែម​ទៀត អំពី​គោលការណ៍ និង ពិធីបរិសុទ្ធ ហើយ​វា​ជា​ប្រភព​ដែល​មាន​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បព្វជិតភាព ។ លើសពី​នេះ​ទៀត យើង​មាន​គម្ពីរ​គំរូ​មួយ​ទៀត ដែល​ហៅ​ថា មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ។ វា​រួម​មាន​ព្រះគម្ពីរ​ម៉ូសេ ដែល​បាន​មក​ដោយ​វិវរណៈ​ទៅ​ដល់ព្យាការី​យ៉ូសែប ស្ម៊ីធ និង ព្រះគម្ពីរ​អ័ប្រាហាំ ដែល​គាត់​​បាន​បកប្រែ​ពី​ការក្រដាស​រមូរទិញ​ពី​សាសន៍​អេស៊ីព្ទ ។ ចេញ​ពី​ការណ៍​នេះ យើង​មិន​ត្រឹម​តែ​បាន​រៀន​ជាច្រើន​បន្ថែម​ទៀត​អំពី ម៉ូសេ អ័ប្រាហាំ អេណុស និង ព្យាការី​ផ្សេង​ទៀត​នោះទេ ប៉ុន្ដែ​ថែម​ទាំង​សេចក្ដី​លម្អិត​ជាច្រើន​ទៀត​អំពី​ការបង្ក​បង្កើត ។ យើង​ដឹង​ថា ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​បង្រៀន​​ទៅ​ដល់​ព្យាការី​ទាំងអស់ តាំង​ពី​ដើម​ដំបូង —តាំង​ពី​ជំនាន់​អ័ដាម​មក​ម៉្លេះ » ( « The Restoration of All Things » EnsignLiahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 67–68 ) ។

ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​ លើ​ព្រះគម្ពីរ​បរិសុទ្ធ ក៏​ជួយ​ស្ដារ​ឡើងវិញ​នូវ​សេចក្ដីពិត​ដែល​ងាយយល់ និង ដ៏​មាន​តម្លៃ​ជាច្រើន​ទៀត ។ ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​ គឺជា « ការ​ពិនិត្យ​ឡើង​វិញ ឬ កំណែ​បកប្រែ​របស់​សេ្ដច​ជែមស៍ នៃ​ព្រះគម្ពីរ​បរិសុទ្ធ​ជាភាសា​អង់គ្លេស ដែល​ព្យាការី​ យ៉ូសែប ស្ម៊ីធ បាន​ចាប់ផ្ដើម​នៅខែ មិថុនា ឆ្នាំ 1830 ។ គាត់​ត្រូវ​បានដាក់​បញ្ញត្តិ​ដោយ​ព្រះ ឲ្យ​ធ្វើការ​បកប្រែ និង ចាត់​ទុក​វា​ជា​ផ្នែក​មួយ​នៃ​ការហៅ​បម្រើ​របស់​គាត់ ជា​ព្យាការីម្នាក់ ។…

« ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ បាន​ស្ដារឡើង​វិញ​នូវ​សេចក្ដី​ដ៏​ច្បាស់ និង ពិសេសៗដែល​បាន​បាត់បង់​ពី​ព្រះគម្ពីរ​បរិសុទ្ធ (នីហ្វៃ​ទី​1 13) ។ ទោះបីជា វា​មិន​មែន​ជា​ព្រះគម្ពីរ​បរិសុទ្ធ​នៃ​សាសនាចក្រ​ជា​ផ្លូវការ​ក្ដី ក៏​ការបកប្រែ​នេះបាន​ផ្ដល់​នូវ​ទស្សនៈវិស័យជ្រៅជ្រះ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ ហើយ​វា​មាន​តម្លៃ​ជាខ្លាំង​​ដើម្បី​យល់ពី​ព្រះគម្ពីរ​បរិសុទ្ធ​ដែរ ។ វា​ក៏​ជា​សាក្សី​មួយ ចំពោះ​ការហៅ​ឲ្យ​បម្រើ និង ការបម្រើ​ដ៏​ទេវភាព​នៃ​ព្យាការី​យ៉ូសែប ស្ម៊ីធ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ » scriptures.lds.org សូម​មើល​ផងដែរ​ នីហ្វៃ​ទី​23:11; History of the Church 1:238) ។

ដោយ​ការ​បន្ដ​មាន​វិវរណៈ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ នោះ​ដំណើរការ​នៃ​ការនាំ​មក​នូវ​គោលលទ្ធិ និង គោលការណ៍​ដ៏​ច្បាស់ និង ពិសេសៗ​នៃ​ដំណឹងល្អ ទៅ​ដល់​មនុស្ស​តាមរយៈ​ពិភពលោក​ នឹង​បន្ដ ។ ការបង្រៀន​ដែល​បំផុស​គំនិត​របស់​ព្យាការី​ និង សាវក​របស់​ព្រះ គឺ​សំខាន់​ដើម្បី​យល់​ពី​សេចក្ដីពិត​ដ៏ច្បាស់ និង ពិសេសៗនៃ​ដំណឹងល្អ ។

នីហ្វៃទី1 10–14 ។ សេចក្ដី​សង្ខេប​នៃ​ទស្ស​ន​និមិត្ត​របស់​នីហ្វៃ

រូបភាព
ការ និមិត្ត របស់ នីហ្វៃ