បណ្ណាល័យ
មេរៀនទី 121៖ នីហ្វៃទី 3 11:18–41


មេរៀនទី 121

នីហ្វៃទី 3 11:18–41

សេចក្តីផ្ដើម

ក្រោយពី​ពួកសាសន៍​នីហ្វៃ​បាន​ចេញ​មក ហើយ​បាន​ទៅ​ស្ទាប​ស្នាមរបួស​នៅលើ​ព្រះហស្ដ ព្រះបាត និង​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ​ហើយ ព្រះអម្ចាស់​បាន​ឲ្យ​នីហ្វៃ និង​អ្នកផ្សេងទៀត​នូវ​អំណាច​ដើម្បី​ជ្រមុជទឹក និង​សម្ដែង​តួនាទី​បព្វជិតភាព​ផ្សេងទៀត ។ ព្រះអង្គសង្គ្រោះ​ក៏​បាន​ព្រមាន​ដល់​ប្រជាជន​ឲ្យ​ចៀសវាង​ការទាស់ទែងគ្នា ហើយ​បាន​សន្យា​ថា អស់​អ្នកទាំងឡាយ​ណា​ដែល​រស់នៅ​តាម​គោលលទ្ធិ​របស់​ទ្រង់ នឹង​ទទួល​គ្រងមរតក​នគរ​នៃ​ព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 11:18–27

ព្រះយេស៊ូវគ្រីស្ទ​ប្រគល់​ដល់​នីហ្វៃ និង​អ្នកដទៃ​នូវ​អំណាច​ដើម្បី​ជ្រមុជទឹក

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​បង្រៀន ៖ តើ​នរណា​អាច​ជ្រមុជទឹក​ឲ្យ​ខ្ញុំ ? តើ​ពិធីបុណជ្រមុជទឹក​ត្រូវបាន​ធ្វើឡើង​ដោយ​របៀបណា ?

ប្រសិនបើ​អ្នក​បង្រៀន​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​ដែល​ទើបតែ​ចូលមក​ក្នុង​សាសនាចក្រ​នាពេល​ថ្មីៗ​នេះ អ្នក​អាច​ចាប់ផ្ដើម​មេរៀន​ដោយ​ការសុំ​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​ខ្លះ​ដែល​ពួកគេ​បាន​មាន ខណៈពេល​កំពុង​រៀន​អំពី​សាសនាចក្រ ។ សូម​សួរ​ពួកគេ​ថា​តើ​ពួកគេ​បាន​ឆ្ងល់​អំពី​ចម្លើយនៃ​សំណួរ​ទាំងពីរ​នៅលើ​ក្ដារខៀន​នេះ នៅពេល​ពួកគេ​បាន​សម្រេច​ចិត្ត​ជ្រមុជទឹក​ទេ ។

អ្នក​ក៏​អាច​ចាប់ផ្ដើម​មេរៀន​នេះ ដោយ​ការសុំ​ឲ្យ​សិស្ស​ស្រមៃ​ថា មិត្តភក្ដិ​របស់​ពួកគេ​ម្នាក់​បាន​សម្រេចចិត្ត​នាពេលថ្មីៗ​នេះ​ដើម្បី​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​បាន​សួរ​គេ​សំណួរ​ទាំងពីរ​នៅលើ​ក្ដារខៀន​នេះ ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយ​​សំណួរ​ទាំងនេះ ។ ឬ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពីរ​នាក់​សម្ដែង​ក្នុង​ការពិភាក្សា​មួយ​រវាង​សមាជិក​សាសនាចក្រ និង​មិត្តភក្ដិ​របស់​គេ​ដោយ​ប្រើ​សំណួរ​ទាំងនេះ ។

សូម​រំឭក​សិស្ស​ថា នៅក្នុង​មេរៀន​ពី​មុន​ដែល​ពួកគេ​បាន​រៀន​អំពី​ការលេចចេញ​មក​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅដល់​ក្រុម​សាសន៍​នីហ្វៃ​មួយ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ជា​សាក្សី​ដល់​ខ្លួនគេ​អំពី​ការរស់ឡើងវិញ​របស់​ទ្រង់ និង​ទេវភាព​ដោយ​ការស្ទាប​ស្នាម​របួស​នៅលើ​ព្រះហស្ដ ព្រះបាត និង​ព្រះកាយ​របស់​ទ្រង់ ។ សូម​ពន្យល់​ថា ភ្លាមៗ​បន្ទាប់ពី​បទពិសោធន៍​នេះ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ប្រជាជន​អំពី​គោលលទ្ធិ​របស់​ទ្រង់ ដែល​ត្រូវ​ជឿ​លើ​ទ្រង់ ត្រូវ​ជ្រមុជទឹក ហើយ​ទទួល​បាន​ព្រះវិញ្ញាណបរិសុទ្ធ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 11:18–22 ឮ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ តើ​នរណា​អាច​ជ្រមុជទឹក​ឲ្យ​ខ្ញុំ ? សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ចម្លើយ​នៅលើ​ក្ដារខៀន​នៅក្រោម​សំណួរ​នេះ ។ ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះដែរ ៖ ពិធីបុណជ្រមុជទឹក​ត្រូវតែ​ធ្វើ​ដោយ​បុគ្គល​ម្នាក់​ដែល​កាន់សិទ្ធិ​អំណាច​ត្រឹមត្រូវ ។ ( ប្រសិនបើ​គំនិត​នេះ​មិនទាន់​បាន​សរសេរ​នៅលើ​ក្ដារខៀន​ទេ អ្នក​អាច​បន្ថែម​វា​ទៅលើ​បញ្ជី​នៃ​ចម្លើយ​បាន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ី​ជម្រៅ​ពី​សេចក្ដីពិត​នេះ អ្នក​អាច​សង្ខេប​ដោយ​ខ្លីៗ​ថា ពិធីបុណជ្រមុជទឹក​អាច​ត្រូវ​បាន​ធ្វើ​ឡើង​តែតាមរយៈ​បុគ្គល​ដែល​កាន់​ ​តំណែង​សង្ឃ​នៅក្នុង​បព្វជិតភាព​អើរ៉ុន ( សូមមើល គ. និង ស. 20:46 ) ឬ​ដោយ​នរណាម្នាក់​ដែល​ ទទួល​បាន​​បព្វជិតភាព​មីលគីស្សាដែក ( សូមមើល គ. និង ស. 20:38–39; 107:10–11 ) ។ បន្ថែម​លើ​នេះ បុគ្គល​នេះ​ត្រូវតែ​ធ្វើការ​នៅក្រោម​ការដឹកនាំ​របស់​​អ្នកដឹកនាំ​បព្វជិតភាព​ដែល​​កាន់​កូនសោបព្វជិតភាព​ ដែល​ចាំបាច់​ដើម្បីផ្តល់​ការ​អនុញ្ញាត​ឲ្យ​ ​ពិធីបរិសុទ្ធអាច​ធ្វើ​ទៅ​បាន​ ( អ្នក​ទាំង​នោះ​មាន​ដូចជា ប៊ីស្សព ប្រធានសាខា ឬ​ប្រធានបេសកកម្ម ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ព្រះអម្ចាស់​តម្រូវឲ្យ​ពិធីការបរិសុទ្ធ​នៃ​ពិធីបុណជ្រមុជទឹក​ត្រូវបាន​ធ្វើ​ដោយ​អ្នកកាន់បព្វជិតភាព​ដែល​មាន​អំណាច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 11:23–27 ឮ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ តើ​ពិធីបុណ្យ​ជ្រមុជទឹក​ធ្វើឡើង​ដោយ​របៀបណា ? សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ចម្លើយ​នៅលើ​ក្ដារខៀន​នៅក្រោម​សំណួរ​នេះ ។

  • តើ​អ្វី​ត្រូវបាន​ធ្វើ​ឡើង អំឡុងពេល​ពិធីបុណជ្រមុជទឹក ប្រសិនបើ​ឃ្លាឃ្លោង​នៃ​ពិធីបរិសុទ្ធនិយាយ​មិន​ត្រូវ ឬ​ប្រសិន​បើ​បុគ្គល​ដែល​ទទួល​ពិធីជ្រមុជទឹក មិន​បាន ​ត្រូវ​ពន្លិចទាំង​ស្រុង​​ទៅក្នុង​ទឹក នោះទេ ? ( ពិធីបរិសុទ្ធ​នោះ​ត្រូវ​ធ្វើ​ម្ដងទៀត ) ។ តើ​សេចក្ដីពិត​អ្វី​ដែល​យើង​អាច​រៀន​ពីរឿង​នេះ ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះដែរ ៖ ពិធីបុណជ្រមុជទឹក​ត្រូវតែ​បាន​ធ្វើ​ឡើង​តាម​របៀប​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ព្រះអម្ចាស់ ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​មាន​សារៈសំខាន់​ដែល​ពិធីបុណជ្រមុជទឹក​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ពិសិដ្ឋ​តាម​របៀប​មួយ​ដែល​ត្រូវបាន​ដាក់​ដោយ​ព្រះអម្ចាស់ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​​អារម្មណ៍​ពីសារៈសំខាន់​នៃ​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅក្នុង នីហ្វៃទី 3 11:18–27 អ្នក​អាច​សួរ​សំណួរ​ខាងក្រោម​ខ្លះៗ ៖

  • តើអ្នក​មាន​​អារម្មណ៍យ៉ាង​ណា​ នៅពេល​អ្នក​​ជ្រមុជទឹក ? តើ​វា​មាន​ន័យ​យ៉ាងណា​ដល់​អ្នក​ដើម្បី​ដឹងថា អ្នក​ត្រូវបាន​ជ្រមុជទឹក​ដោយ​បុគ្គល​ម្នាក់​ដែល​កាន់​សិទ្ធិអំណាច​ដ៏​ត្រឹមត្រូវ និង​តាមរបៀប​មួយ​ដែល​បាន​រៀប​ចំ​​ឡើង​ដោយ​ព្រះអម្ចាស់ ?

  • តើ​អ្នក​បាន​ធ្វើ​ជាសាក្សី​ក្នុង​ពិធីបុណជ្រមុជទឹក​នាពេល​ថ្មីៗ​នេះ​ទេ ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ?

ប្រសិនបើ​សិស្ស​របស់​អ្នក​កាន់​ដំណែង​ជា​​សង្ឃ​នៅក្នុង​បព្វជិតភាពអើរ៉ុន សូម​សួរ ៖

  • តើ​ការដឹងថា អ្នក​មាន​សិទ្ធិអំណាច​ដើម្បី​ជ្រមុជទឹក ជះឥទ្ធិពល​ដល់​អ្នក​យ៉ាងដូចម្ដេច ? ( អ្នក​សួរ​ដើម្បី​ដឹង​ថា​តើ​សិស្សណា​ខ្លះ នៅក្នុង​ថ្នាក់​អ្នក​បាន​មាន​ឱកាស​ជ្រមុជទឹក​ឲ្យ​នរណាម្នាក់​ឬទេ ។ ប្រសិនបើ​មាន សូម​ឲ្យ​ពួកគេ​ចែកចាយ​អារម្មណ៍​ដែល​ពួកគេ​បាន​មាន និង​បាន​រៀន​អំឡុងពេល​បទពិសោធន៍​នេះ ) ។

អ្ន​កអាច​ចែកចាយ​បទពិសោធន៍​របស់​អ្នក និង​អារម្មណ៍​ផ្ទាល់​អំពី​ពិធីការ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​ពិធីបុណជ្រមុជទឹក​នេះ ។

នីហ្វៃទី 3 11:28–30

ព្រះយេស៊ូវគ្រីស្ទ​ព្រមាន​ថា ការទាស់ទែងគ្នា​គឺ​ជា​របស់​ផង​អារក្ស

សូម​សរសេរ​ពាក្យ ការទាស់ទែងគ្នា នៅលើ​ក្ដារខៀន ។

  • តើ​អ្វី​ជា​ការទាស់ទែងគ្នា ? ( ជម្លោះ វិវាទ ឬ​ការប្រកែកគ្នា ) ។

សូម​ឲ្យ​សិស្ស​សរសេរ​ខ្លីៗ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​​អំពី​ស្ថានភាព ឬ​សកម្មភាព​ខ្លះ​ដែល​អាចនាំ​ឲ្យកើតមាន​ការទាស់ទែងគ្នា ។ ក្រោយពី​សិស្ស​បាន​មានពេល​គ្រប់គ្រាន់ដើម្បី​សរសេរ​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 11:28–30 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម និង​រកអ្វី​ដែល​ពួកសាសន៍​នីហ្វៃ​ខ្លះ​បាន​ទាស់គ្នា​អំពីវា ។

  • តើ​ពួក សាសន៍​នីហ្វៃ​មួយ​ចំនួន​ កំពុងទាស់គ្នា​អំពី​អ្វីឲ្យ​ពិត​ប្រាកដ​ទៅ ? ( ពិធីបរិសុទ្ធ​នៃ​ពិធីបុណជ្រមុជទឹក [ សូមមើល​ផងដែរ នីហ្វៃទី 3 11:22] និង​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ) ។

  • យោងតាម នីហ្វៃទី 3 11:29 តើ​វិញ្ញាណ​នៃ​ការទាស់ទែងគ្នា​នេះ​ចេញ​មក​ពី​ណា ? ( សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ ព្រះវិញ្ញាណ​នៃ​ការទាស់ទែងគ្នា​គឺ​ពុំ​មែន​ជា​របស់​ផង​ព្រះ​ទេ ប៉ុន្ដែ​ជា​របស់​ផង​អារក្ស​វិញ ។ អ្នក​អាចណែនាំ​ថា សិស្ស​គួរ​គូស​ចំណាំ​សេចក្ដីពិត​នេះ​នៅក្នុង នីហ្វៃទី 3 11:29 ) ។ 

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​ចៀសវាង​ការទាស់ទែងគ្នា នៅពេល​ពិភាក្សា​គ្នា​អំពី​ដំណឹងល្អ​ជាមួយ​នឹង​អ្នកដទៃ ? ហេតុអ្វី​បានជា​ការឈ្លោះគ្នា​ជា​ផ្លូវមួយ​​ខុសឆ្គង​ក្នុង​ការបង្រៀន​ដំណឹងល្អ ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ខុសគ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​យល់​ថា នៅពេល​យើង​ទាស់គ្នា ឬ​ឈ្លោះគ្នា​ជាមួយ​នឹង​អ្នកដទៃ​អំពី​ដំណឹងល្អ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​មិន​គង់​នៅ​ដើម្បី​ជួយ​យើង​ឲ្យ​បង្រៀន ឬ​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​នៅក្នុង​ដួងចិត្ត​នៃ​អស់អ្នក​ទាំងឡាយ​ណា​ដែល​យើង​កំពុង​បង្រៀន​នោះទេ ) ។

ដើម្បី​បញ្ជាក់​ពី​លទ្ធផល​​នៃ​ការទាស់ទែងគ្នា សូម​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធានទីមួយ ។ អ្នក​អាចជម្រុញ​ឲ្យ​សិស្ស​សរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ នីហ្វៃទី 3 11:29 ។ ( សេចក្ដីថ្លែង​ការណ៍​មាន​នៅក្នុង « What I Want My Son to Know before He Leaves on His Mission » Ensign, ខែ ឧសភា ឆ្នាំ 1996, ទំព័រ 41 ) ។

« នៅពេល​មាន​ការទាស់ទែងគ្នា នោះ​ព្រះវិញ្ញាណនៃព្រះអម្ចាស់​នឹង​ចាកចេញ ដោយ​មិន​គិត​ថា​នរណា​ជា​អ្នកខុសនោះ​ទេ » ( ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ) ។

  • តើអ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណនៃព្រះអម្ចាស់​ចាកចេញ​ដោយ​សារតែ​ការទាស់ទែងគ្នាដែរ​ឬ​ទេ ? តើ​អ្នក​បាន​ដឹងថា ព្រះវិញ្ញាណ​បាន​ចាកចេញ​ដោយ​របៀបណា ?

សូម​បង្ហាញ​ប្រយោគ​របស់​ព្រះអង្គសង្គ្រោះ​ដែល​ទាក់ទង​ទៅនឹង​ការទាស់ទែងគ្នា​នៅក្នុង នីហ្វៃទី 3 11:30 ៖ « នេះ​ពុំមែន​ជា​គោលលទ្ធិ​របស់​យើង​ទេ គឺ​ត្រូវ​លះបង់​ការណ៍​ទាំងនោះ​ចោល​វិញ » ។

  • តើ​យើង​អាច « លះបង់​ចោល » នូវ​ការទាស់ទែងគ្នា និង​ការប្រកែកគ្នា​ដោយ​របៀបណា ? ( ចម្លើយ​អាច​រួម​មាន​ដូចខាងក្រោម ៖ យើង​អាច​ស្វែងរក​ ដើម្បី​ក្លាយជា​អ្នកដែល​ផ្សះផ្សា​គេ [ សូមមើល នីហ្វៃទី 3 12:9] ។ យើង​អាច​អធិស្ឋាន​សុំ​រក​ចំណេះដឹង និង​ការអត់ធ្មត់​ដើម្បី​យកឈ្នះ​លើ​ការទាស់ទែងគ្នា ។ យើង​អាច​ព្យាយាម​ចៀសវាង​ស្ថានភាព​ដែល​យើង​អាច​ត្រូវបាន​ល្បួង​ឲ្យ​ឈ្លោះ​នឹង​អ្នកដទៃ​បាន ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា​ អ្នកត្រូវបាន​ប្រទានពរ​ដោយសារ​ការខិតខំ ​ដើម្បី​ចៀសវាង ឬ​យកឈ្នះ​លើ​ការទាស់ទែងគ្នា ?

  • តើ​ការចងចាំ​ដល់​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 11:29–30 អាច​ជួយ​អ្នក នៅពេល​អ្នក​ឃើញ​ថា​ខ្លួនអ្នក​ស្ថិតនៅក្នុង​ស្ថានភាព​មួយ​ដែល​នឹង ឬ​អាច​នឹង​ឈ្លោះគ្នា​ដោយ​របៀបណា ?

អ្នក​អាច​ចែកចាយ​ពី​បទពិសោធន៍​មួយ​ដែល​អ្នក​ ​មាន​អារម្មណ៍​ថា​ អ្នក​ត្រូវបាន​ប្រទានពរ​ដោយសារ​ការខិតខំ​របស់​អ្នក​ដើម្បី​ចៀសវាង ឬ​យកឈ្នះ​លើ​ការទាស់ទែងគ្នា​នោះ ។ ដើម្បី​លើកទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី នីហ្វៃទី 3 11:28–30 សូម​ឲ្យ​ពួកគេ​បើកទៅ​បញ្ជី​នៃ​ស្ថានភាព ឬ​សកម្មភាព​ដែល​ពួកគេ​អាច​ឆាប់ជួប​នឹង​ការទាស់ទែងគ្នា សូម​ឲ្យ​ពួកគេ​ដាក់គោលដៅ និង​សរសេរ​គោលដៅ​មួយ​អំពី​របៀប​ដែល​ពួកគេ​នឹង​ខំ​ចៀសវាង ឬ​យកឈ្នះ​លើ​ការទាស់ទែងគ្នា​នៅក្នុង​ស្ថានភាព ឬ​សកម្មភាព​មួយ​ដែល​ពួកគេ​បាន​សរសេរ ។

នីហ្វៃទី 3 11:31–41

ព្រះយេស៊ូវគ្រីស្ទ​ប្រកាស​គោលលទ្ធិ​របស់​ទ្រង់

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា នីហ្វៃទី 3 11:31–41 សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

រូបភាព
Action

សូម​ឲ្យ​សិស្ស​និយាយ​​សង្ខេប​ៗដល់​មិត្តរួមថ្នាក់​ អំពី​អ្វីមួយ​ដែល​ពួកគេ​បាន​ធ្វើ​នាពេលថ្មីៗ​នេះ​ដែល​បាន​ផ្ដល់​លទ្ធផល​វិជ្ជមាន និង​ពន្យល់​ពី​អ្វី​ដែលជា​លទ្ធផល ។ អុ្នក​ក៏​អាច​សុំ​ឲ្យ​ពួកគេ​ប្រាប់​អំពី​អ្វីមួយ​ដែល​ពួកគេ​បាន​ធ្វើ ឬ​បាន​ឃើញ​ដែល​មាន​លទ្ធផល​អវិជ្ជមាន ។ ( សូម​ហាម​សិស្ស​កុំ​ឲ្យ​ចែកចាយ​អ្វីៗ​ដែល​អាច​មិន​សមរម្យ ឬ​ផ្ទាល់ខ្លួន​ពេក ) ។

សូម​អាន នីហ្វៃទី 3 11:31 ឮៗ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ពន្យល់​ថា ផ្នែក​ដែលនៅសល់​ក្នុង នីហ្វៃទី 3 11 រួមមាន​ការប្រកាស​របស់​ព្រះយេស៊ូវគ្រីស្ទ​អំពី​គោលលទ្ធិ​របស់​ទ្រង់​ដល់​ប្រជាជន​របស់​នីហ្វៃ ។ ជំពូក​នេះ​ក៏​ដាក់​ចេញនូវ​លទ្ធផល​នៃ​ការទទួលយក ឬ​ការបដិសេធ​គោលលទ្ធិ​របស់​ទ្រង់ដែរ ។

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នីហ្វៃទី 3 11:32–34; នីហ្វៃទី 3 11:35–36; នីហ្វៃទី 3 11:37–38; នីហ្វៃទី 3 11:39–40 ។ សូម​ឲ្យ​សិស្ស​ធ្វើការ​ជាដៃគូ ហើយ​សូម​ដាក់​កិច្ចការ​ដល់​ដៃគូ​នីមួយៗ​ឲ្យ​សិក្សា​វគ្គ​ព្រះគម្ពីរ​មួយ ។ សូម​ឲ្យ​ពួកគេ​រកមើល​សកម្មភាព និង​លទ្ធផល​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន ។ ( អ្នក​អាច​ណែនាំថា សិស្ស​គួរ​ប្រៀបធៀប​ការបង្រៀន​ទាំងនេះ​ទៅនឹង មាត្រា​ទីបួន​នៃ​សេចក្ដីជំនឿ  ) ។

ក្រោយពី​សិស្ស​ ​មាន​ពេល​សិក្សា​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់​រៀបរាប់​ពី​សកម្មភាព និង​លទ្ធផល​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ដែល​បាន​ដាក់​ឲ្យ​គេ ។ សូម​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​របស់​គេ​នៅលើ​ក្ដារខៀន​នៅក្រោម សកម្មភាពលទ្ធផល ។ នៅពេល​សិស្ស​រៀបរាប់​ពី​វគ្គ​នីមួយៗ សូម​សួរសំណួរ​ស្របគ្នា​ដូច​ខាងក្រោម ៖

សម្រាប់​ដៃគូ​ដែល​ដាក់កិច្ចការ នីហ្វៃទី 3 11:32–34 សូម​សួរ ៖

  • តើ​ព្រះវិញ្ញាណបរិសុទ្ធ​ជួយ​យើង​ឲ្យ​ជឿទៅលើព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌​ដោយ​របៀបណា ? ( ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែងទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ) តើ​នៅពេល​ណា​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែងទីបន្ទាល់​ដល់​អ្នក​អំពី​ភាពពិត និង​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

សម្រាប់​ដៃគូ​ដែល​ដាក់កិច្ចការ នីហ្វៃទី 3 11:35–36 សូម​សួរ ៖

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​ការជ្រើសរើស​ជឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​ជីវិត​របស់​យើង​ដោយ​របៀបណា ?

សម្រាប់​ដៃគូ​ដែល​ដាក់កិច្ចការ នីហ្វៃទី 3 11:37–38 សូម​សួរ ៖

  • តើ​អ្នក​បាន​រកឃើញ​ ​ភាព​ស្រដៀង​គ្នា​អ្វី​ខ្លះ​រវាង​ ខគម្ពីរ​ នីហ្វៃទី 3 11:37 និង នីហ្វៃទី 3 11:38 ?

  • តើ​អ្វីខ្លះ​ជា​លក្ខណៈ​ល្អ​នៃ​កូនក្មេង​តូច​ម្នាក់ ? តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី « ក្លាយជា​ដូចជា​កូនក្មេង​តូច » ?

សម្រាប់​ដៃគូ​ដែល​ដាក់កិច្ចការ នីហ្វៃទី 3 11:39–40 សូម​សួរ ៖

  • តើ​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ជម្រើស​របស់​យើង​ក្នុង​ការគោរពតាម ឬ មិន​គោរពតាម​គោលលទ្ធិ​របស់​ទ្រង់​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​សង្ខេប​សកម្មភាព​សំខាន់ៗ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ចូលទៅក្នុង​នគរស្ថានសួគ៌ ។ សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរ​បង្ហាញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ដើម្បី​ចូលទៅក្នុង​នគរស្ថានសួគ៌ យើង​ត្រូវតែ​ប្រែចិត្ត ជឿលើ​ព្រះយេស៊ូវគ្រីស្ទ ជ្រមុជទឹក និង​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​អាច​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​នេះ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រស់នៅ​តាម​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​ពួកគេ​នឹង​អាច​គ្រង​នគរព្រះ​ទុកជាមរតក ។ អ្នក​ក៏​អាច​រំឭក​ពួកគេ​ឲ្យ​ធ្វើតាម​គោលដៅ​របស់​ពួកគេ​ដើម្បី​ចៀសវាង និង​យកឈ្នះ​លើ​ការទាស់ទែងគ្នា​ផងដែរ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 11:19–22 ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​សិទ្ធិអំណាច​ដើម្បី​ជ្រមុជទឹក​ដល់​ពួកសាសន៍​នីហ្វៃ

ហេតុអ្វីបានជា​ព្យាការី​នីហ្វៃ និង​អ្នកដទៃ​ត្រូវទទួល​សិទ្ធិអំណាច​ដើម្បី​ជ្រមុជទឹក នៅ​ពេល​ពួកគេ​បាន​ធ្វើ​ពិធីការបរិសុទ្ធ​នោះ​មុនពេល​ព្រះអង្គសង្គ្រោះ​បាន​យាងមក​រួច​ទៅហើយ​នោះ ? សូម​គិត​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖

« ទោះបីជា​ពួកសាសន៍​នីហ្វៃ​ទាំងនេះ​បាន​មាន​សិទ្ធិ​អំណាច​ដើម្បី​ជ្រមុជទឹក​នៅក្នុង​ជំនាន់​នៃ​ការកាន់កាប់ត្រួតត្រា​មូសាអ៊ីក​ក្ដី ក៏​ព្រះគ្រីស្ទ​បាន​អញ្ជើញ​ឲ្យ​នីហ្វៃឡើង​មកមុខ ដើម្បី​បញ្ជាក់​ពី​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​លោក​ដើម្បី​ជ្រមុជទឹក​នៅក្នុង​គ្រាកាន់កាប់ត្រួតត្រា​ដំណឹងល្អ​ថ្មី ហើយ​ប្រហែល​ដើម្បី​តែងតាំង​លោក​ឲ្យ​ក្លាយជា​សាវក​នៅពេល​នោះ​ដែរ ។ បន្ទាប់​មក ទ្រង់​បាន​ហៅ​ក្រុម​ផ្សេង​ទៀត​ឲ្យមក​ខាង​មុខ ដោយ​ណែនាំ​ពួកគេ​ពី​របៀប​ដើម្បី​ជ្រមុជទឹក និង​កត់សម្គាល់​ថា​នឹង ‹ គ្មាន​ការប្រកែកគ្នា › នៅក្នុង​ចំណោម​ពួកគេ​អំពី​គោលលទ្ធិ​ដ៏​សំខាន់​នេះ » (Christ and the New Covenant ៖ The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ], ទំព័រ 259–60 ) ។

នីហ្វៃទី 3 11:28 ។ មិន​ត្រូវ​មាន​ការប្រកែកគ្នា​អំពី​ចំណុចទាំងឡាយ​នៃ​គោលលទ្ធិ

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​មូលហេតុ ដែល​ថា​វា​សំខាន់​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ដើម្បី​ចៀសវាង​នូវ​ការទាស់ទែង​គ្នា ៖

« ដោយសារ … អំណាច​ដែល​នៅក្នុង​ព្រះវិញ្ញាណនៃព្រះអម្ចាស់ យើង​មិន​ត្រូវ​ទាស់គ្នា នៅពេល​យើង​ពិភាក្សា​អំពី​សេចក្ដីជំនឿ​របស់​យើង​ឡើយ ។ ដូចដែល​អ្នកផ្សព្វផ្សាយសាសនា​ស្ទើរ​គ្រប់រូប​រៀន ការជជែក​ខ្វែងគំនិតគ្នា​អំពីព្រះគម្ពីរ​បរិសុទ្ធ តែងតែ​បណ្តេញ​ព្រះ​វិញ្ញាណ​ចេញ​ជានិច្ច ។ ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា ‹ អស់​អ្នកណា​ដែល​មាន​វិញ្ញាណ​នៃ​ការទាស់ទែងគ្នា​គឺ​ពុំមែន​ជា​របស់​ផង​យើង​ទេ › (នីហ្វៃទី 3 11:29) ។ អ្វី​ដែល​គួរ​ឲ្យសោកស្ដាយ​នោះ គឺ​ការដែល​សាសនាចក្រ​ត្រូវបាន​ចោទប្រកាន់​ថា​មិនមែន​ជា​គ្រីស្ទាន​ហើយនៅពេល​ដែល​សមាជិក​នៃ​សាសនាចក្រ​តប​ត​នឹង​ការចោទប្រកាន់​បែបនោះ​តាម​របៀប​មួយ​ដែល​មិន​ដូចជា​ព្រះគ្រីស្ទ ! សូម​ឲ្យ​ការសន្ទនា​របស់​យើង​ជាមួយ​នឹង​អ្នកដទៃ​តែងតែ​ត្រូវបាន​កត់សម្គាល់​ដោយ​ផលផ្លែ​នៃ​ព្រះវិញ្ញាណ— ‹ សេចក្ដីស្រឡាញ់ សេចក្ដីអំណរ សេចក្ដីសុខសាន្ដ ការអត់ធន់ ភាពសុភាពរាបសា សេចក្ដីជំនឿ ការបន្ទាបខ្លួន [ និង ] ការអត់ធ្មត់ › (កាឡាទី 5:22–23) » ( « Christian Courage: The Price of Discipleship » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 73 ) ។

នីហ្វៃទី 3 11:33–34 ។ ពិធីការបរិសុទ្ធ​នៃ​ពិធីបុណជ្រមុជទឹក​គឺ​ជា​ពិធីសំខាន់

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ពិធីបរិសុទ្ធ​នៃ​ពិធីបុណជ្រមុជទឹក​សំខាន់​ដើម្បី​ចូលទៅក្នុង​នគរ​ព្រះ ៖

« ពិធីបុណជ្រមុជទឹក​គឺជា​ទីសម្គាល់​មួយ​ដល់​ព្រះ ដល់​ទេវតា និង​ដល់​ស្ថានសួគ៌​ថា យើង​ធ្វើ​តាម​ព្រះឆន្ទៈ​នៃ​ព្រះ ហើយ​គ្មាន​របៀប​ណា​ផ្សេង​ទៀត​នៅក្រោម​ស្ថានសួគ៌​ដែល​ព្រះ​បាន​តែងតាំង​ដល់​មនុស្ស​លោក​ ឲ្យ​មក​រក​ទ្រង់ ដើម្បី​បាន​សង្គ្រោះ ហើយ​ចូល​ទៅក្នុង​នគរ​ព្រះ​បាន​ទេ លើកលែង​តែ​សេចក្ដីជំនឿ​ទៅលើ់​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និង​ពិធីបុណជ្រមុជទឹក​សម្រាប់​ការផ្ដាច់បាប ហើយ​ផ្លូវ​នានា​ផ្សេង​ទៀត​គឺ​ជា​ការអសារ​ឥត​ការ បន្ទាប់មក​ អ្នក​ទទួល​បាន​សេចក្ដីសន្យា​នៃ​អំណោយទានព្រះវិញ្ញាណបរិសុទ្ធ » (ការបង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ 2007 ] ទំព័រ 91 ) ។