បណ្ណាល័យ
មេរៀន​ទី 145 ៖ អេធើរ 3


មេរៀន​ទី 145

អេធើរ 3

សេចក្តីផ្ដើម

ដោយ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ព្រះអម្ចាស់—« តើ​អ្នក​ចង់​ឲ្យ​យើង​ធ្វើ​អ្វី​ដើម្បី​ឲ្យ​អ្នក​មាន​ពន្លឺ នៅក្នុង​ភេត្រា​ទាំងឡាយ​របស់​អ្នក ? »— បងប្រុស​របស់​យ៉ារេឌ​បាន​រៀបចំ​គ្រួស​ចំនួន​ដប់​ប្រាំមួយ​គ្រាប់ ហើយ​បាន​សុំ​ព្រះអម្ចាស់​ដោយ​បន្ទាបខ្លួន​ថា​ទ្រង់​នឹង​ពាល់​គ្រួស​ទាំងនេះ « ដើម្បី​រៀបចំ​ឲ្យ​វាអាច​បាន​ភ្លឺ​ចែងតាំង​ក្នុង​ទី​ងងឹត » ( អេធើរ 2:23; 3:4 ) ។ ដោយសារ​បងប្រុស​របស់​យ៉ារេឌ​បាន​មាន​សេចក្ដីជំនឿ​ដ៏​ខ្លាំងក្លា នោះ​លោក​បាន​ឃើញ​នូវ​ព្រះអង្គុលី​របស់​ព្រះអង្គសង្គ្រោះ​ពាល់​នូវ​គ្រួស​ទាំងនោះ ។ នោះ​ព្រះអម្ចាស់​បានបង្ហាញ​អង្គ​ទ្រង់​ដល់​បងប្រុស​របស់​យ៉ារេឌ និង​បាន​លាតត្រដាង​នូវ​រឿង​ជាច្រើន​ដល់​លោក ។ ព្រះអម្ចាស់​បាន​បញ្ជា​បងប្រុស​របស់​យ៉ារេឌ​ឲ្យ​សរសេរ​អ្វី​ដែល​លោកបាន​ឃើញ និង​បាន​ឮ និង​ត្រូវ​បិទត្រា​នូវ​ការសរសេរ​ទាំងនេះ​រហូតដល់​ព្រះអម្ចាស់​នឹង​មាន​ព្រះទ័យ​ចង់​ឲ្យ​វា​លេចចេញ​មក ។

យោបល់​សម្រាប់​ការបង្រៀន

អេធើរ 3:1–20

ព្រះ​ម្ចាស់​បាន​ពាល់​គ្រួស​ទាំងនោះ ​ដើម្បី​ប្រទាន​នូវ​ពន្លឺ​ដល់​ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ និង​បង្ហាញ​អង្គ​ទ្រង់​ដល់​បងប្រុស​របស់​យ៉ារេឌ

សូម​ឲ្យ​សិស្ស​ម្នាក់​ធ្វើ​ជា​អ្នកកត់ត្រា ។ បន្ទាប់មក សូម​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ហើយ​សូម​ឲ្យ​អ្នកកត់ត្រា​សរសេរ​នូវ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។

  • តើ​មាន​រឿង​អ្វីខ្លះ ដែល​យុវវ័យ​បាន​អធិស្ឋាន​សុំ​ដោយ​ស្មោះពី​ចិត្ត​នោះ ?

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា មិត្ត​របស់​ពួកគេ​ម្នាក់​កំពុង​អធិស្ឋាន​សុំ​រឿង​មួយ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ៖ មិត្ត​ម្នាក់​នេះ​ចង់​ដឹង​ពី​របៀប​ដើម្បី​អភិវឌ្ឍ​ការអធិស្ឋាន និង​សកម្មភាព​ទាំងឡាយ​របស់​គេ ដើម្បី​អាច​ទទួល​បាន​ជំនួយ និង​ការដឹកនាំ​ពី​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​គិត​អំពី​សំណើរ​នេះ នៅពេល​ពួកគេ​សិក្សា​ពី​គំរូ​របស់​បងប្រុស​របស់​យ៉ារេឌ​នៅក្នុង អេធើរ 3 ដោយ​រកមើល​ការយល់ដឹង​ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយនឹង​មិត្ត​របស់​គេ ។

សូម​រំឭក​សិស្ស​ថា នៅក្នុង​មេរៀន​ពី​មុន ពួកគេ​បាន​ពិភាក្សា​គ្នា​អំពី​ដំណើររឿង​របស់​បងប្រុស​របស់​យ៉ារេឌ ដែល​បាន​សួរ​ព្រះអម្ចាស់​អំពី​របៀប​ដើម្បី​ទទួល​បាន​ពន្លឺ​នៅក្នុង​ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ​ទាំងឡាយ ។

  • តើ​បងប្រុស​របស់​យ៉ារេឌ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ផ្ដល់​នូវ​ពន្លឺ​ក្នុង​ភេត្រា​ទាំងឡាយ​នោះ ? ( សូមមើល អេធើរ 3:1 ) ។

  • តើ​បងប្រុស​របស់​យ៉ារេឌ​បាន​សុំ​អ្វីខ្លះ​ដើម្បី​ឲ្យ​ព្រះអម្ចាស់​ជួយ​ផ្ដល់​នូវ​ពន្លឺ​ក្នុង​ភេត្រា​ទាំងឡាយ​នោះ ? ( សូមមើល អេធើរ 3:1, 4 ) ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រំភើបចិត្ត​អំពី​ការខិតខំ​ប្រឹង​របស់​បងប្រុស​យ៉ារេឌ ?

សូម​បង្ហាញ​ថា បងប្រុស​របស់​យ៉ារេឌ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​រៀបចំ​នូវ​គ្រួស​ទាំងនោះ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​គិតពិចារណា​ថា​តើ​​គ្រួស​ទាំង​នោះ​នឹង​មាអាច​ផ្តល់​ពន្លឺ​បាន​បុណ្ណា ប្រសិនបើ​ព្រះអម្ចាស់​មិន​បាន​ពាល់​វា​ទេ​នោះ ។ សូម​ឲ្យ​សិស្ស​អាន អេធើរ 3:2–5 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​ឃ្លា​ដែល​បង្ហាញ​ថា បងប្រុស​របស់​យ៉ារេឌ​បាន​យល់ដឹងនូវ​ការពឹងពាក់​របស់​លោក​ទៅលើ​ព្រះអម្ចាស់​ទាំងស្រុង ។

ក្រោយពី​សិស្ស​បាន​មាន​ពេល​អាន​ហើយ សូម​ឲ្យ​ពួកគេ​ធ្វើការ​ជា​គូៗ ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​ចម្លើយ​របស់​ពួកគេ​ដល់​គ្នា​ទៅវិញទៅមក ។ សូម​ប្រាប់​ពួកគេ​ផងដែរ​ថា ពួកគេ​គួរ​ចែកចាយ​នូវ​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​រំភើប​អំពី​ការអធិស្ឋាន​របស់​បងប្រុស​យ៉ារេឌ ។

នៅពេល​សិស្ស​អាន អេធើរ 3:2 នោះ​ពួកគេ​អាច​មាន​សំណួរ​ខ្លះ​អំពី​ឃ្លា « យើងខ្ញុំ​នេះ​មិន​សក្ដិសម​នៅ​ចំពោះ​ព្រះអង្គ​ទេ » និង « ធម្មជាតិ​នៃយើង​ខ្ញុំ​បានក្លាយ​ទៅជា​អាក្រក់​ជានិច្ច » ។ សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា នៅពេល​បងប្រុស​របស់​យ៉ារេឌ​បាន​ប្រើ​ពាក្យ​ទាំងនេះ នោះ​លោក​បាន​សំដៅ​ទៅលើ​ស្ថានភាព​ដែល​យើង​បាន​ទទួល « ដោយសារតែ​ការធ្លាក់ » ។ យើង​ត្រូវបាន​បែងចែក​ចេញពី​ព្រះ​ទាំង​ខាង​រាងកាយ និង​ខាង​វិញ្ញាណ ហើយ​យើង​នឹង​បំបែក​ខ្លួនយើង​ពី​ទ្រង់​កាន់តែ​ខ្លាំងទៀត នៅពេល​យើង​មាន​អំពើបាប ។ បើ​ប្រៀបធៀប​ទៅនឹង​ទ្រង់ យើង​គឺ​ទន់ខ្សោយ និង​មិន​សកិ្ដសម ។ ដោយ​គ្មាន​ជំនួយ​ពី​ទ្រង់​ទេ​នោះ យើង​មិន​អាច​ត្រឡប់ទៅរ​ស់នៅ​នៅក្នុង​វត្តមាន​របស់​ទ្រង់​វិញ​បាន​ឡើយ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ខគម្ពីរ​ដែល​ពួកគេ​បាន​អាន​នេះ​កាន់តែ​ជ្រៅជ្រះ សូម​សួរ​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​សំខាន់​សម្រាប់​យើង​ដើម្បី​ទទួល​ស្គាល់​ពី​ការពឹងពាក់​របស់​យើង​ទាំងស្រុង​ទៅលើ​ព្រះអម្ចាស់ នៅពេល​យើង​សុំ​ជំនួយ​ពី​ទ្រង់ ?

  • នៅក្នុង អេធើរ 3:1–5 តើ​មាន​ភស្ដុងតាង​អ្វីខ្លះ​ដែល​អ្នក​ឃើញ​ថា បងប្រុស​របស់​យ៉ារេឌ​បាន​មាន​សេចក្ដីជំនឿ​ថា ព្រះអម្ចាស់​អាច​ជួយ​លោក​ដោះស្រាយ​បញ្ហា​របស់​លោក​បាន ? ( ប្រសិនបើ​ចាំបាច់ សូម​បំផុស​សិស្ស​ឲ្យ​រកមើល​ឃ្លា​ដែល​រៀបរាប់​ពី​ការខិតខំ​របស់​បងប្រុស​យ៉ារេឌ និង​ឃ្លា​ដែល​បង្ហាញ​ពី​ទំនុកចិត្ត​របស់​លោក​ទៅលើ​ព្រះអម្ចាស់ ) ។

ដើម្បី​សង្កត់​អត្ថន័យ​អំពី​អំណាច​នៃ​សេចក្ដីជំនឿ​របស់​បងប្រុស​យ៉ារេឌ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

« ពិត​ណាស់​ថា ព្រះអង្គ​ក៏​ដូចជា​អ្នកអាន មាន​អារម្មណ៍​ពី​អ្វីមួយ​ដែល​ហាក់ដូចជា​ការ​ប៉ះទង្គិច​ដ៏​ខ្លាំង​មួយ​លើ​ភាពស្មោះត្រង់​កាល​ពី​វ័យ​កុមារ និង​មាន​អារម្មណ៍​ពី​ការប្ដេជ្ញា​ទៅលើ​សេចក្ដីជំនឿ​របស់​មនុស្ស ។ ‹ ហេតុដូច្នេះហើយ ឱ ព្រះអម្ចាស់ ទ្រង់​អាច​ធ្វើ​ការណ៍​នេះ​បាន › ។ ប្រហែល​ជា​គ្មាន​អំណាច​ណា​ដ៏​មាន​អានុភាព​ជាង​​អក្សរមួយ​បន្ទាត់​នៃ​សេចក្ដីជំនឿ​ដែល​បាន​និយាយ​ដោយ​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​នោះ​ទេ ។ … ថ្វីបើព្យាការី​ស្ទាក់ស្ទើរ​អំពី​សមត្ថភាព​របស់​លោក​ផ្ទាល់ លោក គ្មាន ការមិនជឿជាក់​អំពី​ព្រះចេស្ដា​របស់​ព្រះ​នោះ​ឡើយ » ( « Rending the Veil of Unbelief » in Nurturing Faith through the Book of Mormon  The 24th Annual Sidney B. Sperry Symposium [ ឆ្នាំ 1995 ] ទំព័រ 12 ) ។

សូម​បង្ហាញ​រូបភាព បងប្រុស​យ៉ារេឌ​មើល​ឃើញ​នូវ​ព្រះអង្គុលី​របស់​ព្រះអម្ចាស់ ( លេខកូដ 62478; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] ទំព័រ 85 ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 3:6 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​ស្រមៃ​ថា​នឹង​មាន​អ្វី​កើតឡើង​ពី​បទពិសោធន៍​ដែល​បាន​កត់ត្រា​នៅក្នុង​ខគម្ពីរ​នេះរបស់​បងប្រុស​យ៉ារេឌ ។

រូបភាព
បងប្រុស​យ៉ារេឌ​មើល​ឃើញ​នូវ​ព្រះអង្គុលី​របស់​ព្រះអម្ចាស់
  • តើ​អ្នក​គិត ឬ​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​អ្នក​បាន​មាន​បទពិសោធន៍​មួយ​ដែល​ស្រដៀង​ទៅនឹង​បទពិសោធន៍​របស់​បងប្រុស​របស់​យ៉ារេឌ​ដូច្នេះ ?

សូម​សង្ខេប អេធើរ 3:6–8 ដោយ​ការពន្យល់​ថា នៅពេល​បង​ប្រុស​របស់​យ៉ារេឌ​បាន​ឃើញ​នូវ​ព្រះអង្គុលី​របស់​ព្រះអម្ចាស់ នោះ​លោក​បាន « ដួល​ចុះ​នៅ​ចំពោះ​ព្រះអម្ចាស់ » (អេធើរ 3:6 ) ។ លោក​ត្រូវ​ស្រឡាំងកាំង​ដែល​បាន​ឃើញ​ព្រះអង្គុលី​របស់​ព្រះអម្ចាស់ « គឺ​ដូចជា​ម្រាមដៃ​របស់​មនុស្ស ដូច​សាច់ និង​ឈាម » ( អេធើរ 3:6 ) ។ ( ក្រោយមក បងប្រុស​របស់​យ៉ារេឌ​បាន​ដឹង​ថា លោក​បាន​ឃើញ​នូវ​ចំណែកមួយ​នៃ​ព្រះកាយ​ខាង​វិញ្ញាណ​របស់​ព្រះអម្ចាស់ [ សូមមើល អេធើរ 3:16] ) ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 3:9 ដោយ​ស្ងាត់ស្ងៀម ដោយរកមើល​មូលហេតុ​ដែល​បងប្រុស​របស់​យ៉ារេឌ​អាច​មើល​ឃើញ​នូវ​ព្រះអង្គុលី​របស់​ព្រះអម្ចាស់ ។

ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​ឃ្លា​ដែល​មិន​ពេញលេញ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖

នៅពេល​យើង​បន្ទាបខ្លួន​យើង​ដង្ហោយ​ហៅ​រក​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ស្របតាម … របស់​យើង និង​ព្រះឆន្ទៈ​របស់​ទ្រង់ ។

សូម​ឲ្យ​សិស្ស​ផ្ដល់​យោបល់​នូវ​ពាក្យ​ដែល​អាច​ត្រូវ​បំពេញ​នៅក្នុង​ប្រយោគ​នេះ ។ សិស្ស​អាច​និយាយ​នូវ​ពាក្យ សេចក្តីជំនឿ ដើម្បី​បំពេញ​ក្នុង​ប្រយោគ​នេះ ។ ពួកគេ​ក៏​អាច​លើកឡើង​នូវ​ពាក្យ​ដូចជា ការខិតខំ​ប្រឹងប្រែង ការបន្ទាបខ្លួន តម្រូវការ និង ភាព​ស្មោះត្រង់ ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ពាក្យ​ទាំងនេះ​តំណាង​ឲ្យ​ការបង្ហាញ​នូវ​សេចក្ដីជំនឿ​របស់​យើង ។ បន្ទាប់មក សូម​បំពេញ​ប្រយោគ​នេះ​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​បន្ទាបខ្លួន​យើង​ដង្ហោយ​ហៅ​រក​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ស្របតាម​សេចក្ដីជំនឿ​របស់​យើង និង​ព្រះឆន្ទៈ​របស់​ទ្រង់ ។

សូម​សំដៅ​ទៅលើ​ការសរសេរ​នៅលើ​ក្ដារខៀន​តាំងពី​ការចាប់ផ្ដើម​នៃ​មេរៀន​នេះ ។ សូម​ជ្រើសរើស​ពាក្យ​មួយ ឬ​ពីរ​ពី​លើ​កា្ដរខៀន ។ សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​គំនិត​របស់​ពួកគេ​អំពី​របៀប​ដែល​នរណាម្នាក់​អាច​បង្ហាញ​សេចក្ដីជំនឿ​របស់​គេ​ទៅលើ​ព្រះអម្ចាស់​នៅក្នុង​ស្ថានភាព​ជាក់លាក់​មួយ​ចំនួន​ទាំងនោះ ។ ក្រោយពី​សិស្ស​បាន​ចែក​ចាយ​​ហើយ សូម​សំដៅ​ទៅ​គោលការណ៍​ដែល​អ្នក​ទើប​តែ​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • តើ​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក​បាន​មាន ដែល​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា គោលការណ៍​នេះ​គឺ​ពិត ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​ឲ្យ​ពួកគេ​គិត​អំពី​ស្ថានភាព​មួយ​ដែល​ពួកគេ​ត្រូវការ​ជំនួយ​ពី​ព្រះអម្ចាស់ ។ សូម​ឲ្យ​ពួកគេ​មាន​ពេល​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ត្រា ឬ​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដីជំនឿ​ឲ្យ​បាន​កាន់តែ​ខ្លាំង​ជាងនេះ នៅពេល​ពួកគេ​បន្ទាបខ្លួន​ដើម្បី​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​អ្វី​ដែល​ពួកគេ​បាន​កត់ត្រា ។ អ្នក​អាច​ចែករំលែក​នូវ បទពិសោធន៍ មួយ​ដែល​អ្នក​បាន​ទទួល​បាន នៅពេល​អ្នក​បាន​ទទួល​នូវ​ពរជ័យ ដោយសារ​អ្នក​បាន​អនុវត្ត​សេចក្ដីជំនឿ​ក្នុង​ព្រះអម្ចាស់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ពន្យល់​ថា​បទពិសោធន៍​ពី​អតីតកាល​របស់​យើង​អាច​ពង្រឹង​ដល់​នូវ​សេចក្តីជំនឿ​របស់​យើង ។

« សេចក្តីជំនឿ​ដែល​បាន​រៀបចំ​ទុក​ត្រូវ​កើតជា​រូបរាង​ដោយសារ​បទពិសោធន៍​កាលពី​អតីតកាល —ដោយ​ការទទួល​ស្គាល់ ដែល​ផ្ដល់​នូវ​មូលដ្ឋាន​មួយ​ដល់​ជំនឿ » ( Christ and the New Covenant ៖ The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ], ទំព័រ 18) ។

  • ការចាប់ផ្ដើម​នូវ​ឯ​ប៉ម​បាបិល តើ​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​បងប្រុស​របស់​យ៉ារេឌ​បាន​ទទួល​បាន ដែល​ហាក់ដូចជា​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​លោក​ទៅលើ​ព្រះអម្ចាស់ ? តើ​អ្នក​គិត​ថា បទពិសោធន៍​ទាំងនេះ​បាន​រៀបចំ​លោក​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​បែបនោះ​យ៉ាងណា​ដែរ នៅពេល​លោក​បាន​យក​គ្រួស​ទាំងឡាយ​ទៅដល់​ព្រះអម្ចាស់​នោះ ?

សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​គូៗ និង​ពិភាក្សា​ពី​សំណួរ​ដូចខាងក្រោម ៖

  • តើ​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ពង្រឹង​ដល់​សេចក្តីជំនឿ​របស់​អ្នក​ទៅលើ​ព្រះអម្ចាស់ ? តើ​បទពិសោធន៍​ទាំងនោះ​អាច​រៀបចំ​អ្នក​ឲ្យ​អនុវត្ត​នូវ​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​ជាងនេះ​នៅពេល​ក្រោយ​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី អេធើរ 3:9–12 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ។ បន្ទាប់មក សួរ​សំណួរដូចខាងក្រោម​នេះ ៖

  • តើ​នៅពេលណា​ដែល​ព្រះអម្ចាស់បាន​សួរ​ថា « តើ​អ្នក​ជឿ​ពាក្យ​ដែល​យើង​នឹង​ប្រាប់​ឬ​ទេ » ? បងប្រុស​របស់​យ៉ារេឌ​បាន​មាន​ប្រសាសន៍​ថា « ព្រះពរ ព្រះអម្ចាស់ » ( អេធើរ 3:11–12 ) ។ ហេតុអ្វី​បានជា​អ្នក​គិត​ថា វា​សំខាន់​ដែល​បងប្រុស​របស់​យ៉ារេឌ​ត្រូវ​ជឿ​លើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ មុនពេល​លោក​នឹង​ស្ដាប់​ឮ​នូវ​ព្រះបន្ទូល​ទាំងនោះ ?

សូម​ពន្យល់​ថា ក្រោយពី​អែលឌើរ ហូឡិន បាន​បង្រៀន​អំពី​សេចក្តីជំនឿ​ដោយ​ផ្អែក​លើ​បទពិសោធន៍​កាលពី​អតីតកាល លោក​បាន​បង្រៀនអំពី​សេចក្តី​ជំនឿ​ដ៏ពេញ​លេញ​ដែល​យើង​ត្រូវ​អភិវឌ្ឍន៍ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ហូឡិន ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

« សេចក្ដីជំនឿ​ដ៏​ប្រោសលោះ​ជាញឹកញាប់​ត្រូវតែ​ត្រូវបាន​អនុវត្ត​ដើម្បី​នាំ​យក​នូវ​បទពិសោធន៍​ទាំងឡាយ​ទៅរក​ពេល​អនាគត — ការដែល​មិន​ដឹងច្បាស់ ដែល​ផ្ដល់​នូវ​ឱកាស​មួយ​សម្រាប់​បង្កើត​នូវ​អព្ភូតហេតុ ។ សេចក្តីជំនឿ​ដ៏​ជាក់លាក់ សេចក្តីជំនឿ​ដែល​អាច​រំកិល​ភ្នំ​បាន សេចក្តីជំនឿ​ដែល​ដូចជា​សេចក្តីជំនឿ​របស់​បងប្រុស​របស់​យ៉ារេឌ នាំ​មុខ​នូវ​ ការណ៍​អព្ភូតហេតុ និង​ចំណេះដឹង​នានា ។ … សេចក្តីជំនឿ​គឺជា​ការយល់ព្រម​ដោយ​ឥត​លក្ខខណ្ឌ —ហើយ​ឈានមុខ​ចំពោះ— លក្ខខណ្ឌ​អ្វីៗ​ទាំងអស់​ដែល​ព្រះ​អាច​តម្រូវឲ្យ​មាន​ទាំង​នៅក្នុង​អនាគតកាលខាង​មុខ និង​ឯ​នាយ ។

« សេចក្ដីជំនឿ​របស់​បងប្រុស​របស់​យ៉ារេឌ​គឺ​ពេញលេញ » ( Christ and the New Covenant, 18–19 ) ។

សូម​​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​ថា​តើ ពួកគេ​មាន​សេចក្ដីជំនឿ​គ្រប់គ្រាន់ទៅ​លើ​ព្រះអម្ចាស់​ហើយ​ឬ​នៅ ដើម្បី​ជឿ​លើ និង​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​នឹង​បង្ហាញ​ដល់​ពួកគេ ឬ​ក៏​មុនពេល​ទ្រង់​បង្ហាញ​វា​ដល់​ពួកគេ​ផង ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 3:13–20 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​ពរជ័យ​ដែល​បងប្រុស​របស់​យ៉ារេឌ​បាន​ទទួល ដោយសារ​តែ​សេចក្ដជំនឿ​របស់​លោក ។ អ្នក​អាច​ផ្ដល់​ពេលវេលា​ដល់​ពួកគេ​ឲ្យ​សរសេរ​អំពី​សេចក្ដីពិត​ដែល​គេ​បាន​រៀន និង​បទពិសោធន៍​ដែល​គេ​បានទទួល ។ នៅពេល​សិស្ស​បាន​មាន​ពេល​សរសេរ​គ្រប់គ្រាន​ហើយ សូម​គិត​ពី​ការ​ឲ្យ​ពួកគេ​ពីរបី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

នៅក្នុង​មេរៀន​ដដែល​នេះ​ពីមុន នៅពេល​សិស្ស​អាន​អំពី​បងប្រុស​របស់​យ៉ារេឌ​ដែល​បាន​ឃើញ​នូវ​ព្រះអង្គុលី​របស់​ព្រះអម្ចាស់ នោះ​អ្នក​បាន​សួរ​ថា តើ​ពួកគេ​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​ពួកគេ​បាន​មាន​នូវ​បទពិសោធន៍​ស្រដៀងគ្នា​នេះ ។ ក្រោយពី​ពួកគេ​បាន​អាន​បន្ថែម​អំពី​បទពិសោធន៍​របស់​បងប្រុស​របស់​យ៉ារេឌ​ហើយ ឥឡូវនេះ អ្នក​អាច​គិត​ពី​ថា​សួរ​សំណួរ​នេះ​ម្ដងទៀត ។

សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ដូចជា​សេចក្ដីជំនឿ​របស់​បងប្រុស​របស់​យ៉ារេឌ នោះ​យើង​នឹង​ខិត​កាន់តែ​ជិត​ទៅរក​ព្រះអម្ចាស់ ។

អេធើរ 3:21–28

ព្រះអម្ចាស់​បញ្ជា​ឲ្យ​បងប្រុស​របស់​យ៉ារេឌ​កត់ត្រា​នូវ​ការណ៍​ទាំងឡាយ​ដែល​លោក​បាន​ឃើញ និង​ឲ្យ​បិទត្រា​នូវ​កំណត់ត្រា​របស់​លោក ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 3:25–26 ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​បងប្រុស​របស់​យ៉ារេឌ​នៅក្នុង​ការនិមិត្ត​នោះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រៀន ។

សូម​សង្ខេប អេធើរ 3:21–24, 27–28 ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​បងប្រុស​របស់​យ៉ារេឌ​កត់ត្រា​នូវ​អ្វីៗ​ទាំងឡាយ​ដែលបាន​លោក​បាន​ឃើញ និង​បាន​ឮ និង​បាន​បិទត្រា​នូវ​កំណត់ត្រា​របស់​លោក​ទុក ។ ព្រះអម្ចាស់​ក៏​បាន​ពន្យល់​ថា ទ្រង់​នឹង​រៀបចំ​ផ្លូវ​មួយ​សម្រាប់​កំណត់ត្រា​ទាំងឡាយ​របស់​បងប្រុស​យ៉ារេឌ ដើម្បី​ឲ្យ​ត្រូវបាន​បកប្រែ​នៅក្នុង​ពេល​អនាគត— តាមរយៈ​ត្បូង​ពីរ​ដុំ ។ ត្បូង​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ត្បូង​​ដែល​ត្រូវបាន​ហៅ​ថា យូរីម និង ធូមីម ( សូមមើល គ. និង ស. 17:1; សូមមើល​ផងដែរ Bible Dictionary, “Urim and Thummim” ) ។

សូម​បញ្ចប់​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ថ្ងៃនេះ —ដើម្បី​ស្វែងរក​របៀបនានា​ដើម្បី​បង្ហាញ​ពី​សេចក្ដីជំនឿ និង​ទំនុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់ ។ សូម​ចែកចាយ​ការធានា​របស់​អ្នក​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ព្រះ​នឹង​ប្រទានពរ​ដល់​យើង គឺ​ដូច​នៅពេល​ទ្រង់​បាន​ប្រទានពរ​ដល់​បងប្រុស​របស់​យ៉ារេឌ​ដែរ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អេធើរ 3:7, 9 ។ ព្រះអម្ចាស់​សួរ​បងប្រុស​របស់​យ៉ារេឌ​នូវ​សំណួរ​ខ្លះ

ព្រះអម្ចាស់​បាន​សួរ​សំណួរ​ខ្លះ​ដល់​បង​ប្រុស​របស់​យ៉ារេឌ ៖ « ចូរក្រោក​ឡើង ហេតុអ្វី​ក៏​អ្នក​ដួល ? » (អេធើរ 3:7) ។ « តើ​អ្នក​បាន​ឃើញ​អ្វី​ក្រៅពី​នេះ​ទេ ? » (អេធើរ 3:9) ។ ព្រះគម្ពីរ​បាន​រួមបញ្ចូល​នូវ​គំរូ​ជាច្រើន​នៃ​សំណួរ​របស់​ព្រះអម្ចាស់ ទោះបីជា​ទ្រង់​បាន​ដឹង​នូវ​ចម្លើយ​រួចទៅហើយ​ក្ដី ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់ បាន​បង្រៀន​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​សួរ​នូវ​សំណួរ​បែប​នោះ ៖

« វា​គឺជា​ការសន្មត់​បឋម​មួយ​នៃ​ការសិក្សា​ទៅលើ​ទេវាវិទ្យា​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ថា​ព្រះ ‹ ទ្រង់​ជ្រាប​គ្រប់​អស់​ទាំងការណ៍ ហើយ​គ្មាន​ការណ៍​អ្វី​ដែល​ទ្រង់​មិន​ជ្រាប​នោះ​ឡើយ › [នីហ្វៃទី 2 9:20] ។ ទាំង​ព្រះគម្ពីរ​ពី​បុរាណ និង​នា​សម័យ​ទំនើប គឺ​ពោរ​ពេញ​ទៅ​ដោយ​ការប្រកាស​នៃ​ចំណេះដឹង​នេះ ។ ទោះបីជាយ៉ាងណាក៏​ដោយ ជា​ញឹក​ញាប់​​ព្រះ​បាន​សួរ​​សំណួរ​នៃ​ជីវិត​រមែង​ស្លាប់ ជា​ធម្មតា​វា​ជា​របៀបមួយ​ដើម្បី​សាកល្បង​នូវ​សេចក្ដីជំនឿ​របស់​ពួកគេ ដើម្បី​វាស់វែងភាពស្មោះត្រង់​របស់ពួក​គេ ឬ​ដើម្បី​ជួយ​ពង្រីក​​ចំណេះដឹង​របស់​ពួកគេ » (Christ and the New Covenant ៖ ( Christ and the New Covenant ៖The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 19–20 ) ។

អេធើរ 3:15 ។ « ហើយ​យើង​មិន​ដែល​បង្ហាញ​រូបយើង​ដល់​មនុស្ស »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្ហាញ​ពី​ការពន្យល់​ដ៏​សមរម្យ​មួយ អំពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ថា ទ្រង់​មិន​ដែល​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​មនុស្ស​មុន​ពេល​បង្ហាញ​អង្គទ្រង់​ដល់​បងប្រុស យ៉ារេឌ ឡើយ ៖

« ព្រះគ្រីស្ទ​បាន​មាន​បន្ទូល​ដល់​បងប្រុស​របស់​យ៉ារេឌ​ថា ‹ ហើយ​យើង​មិន​ដែល​បង្ហាញ​រូបយើង​ដល់​មនុស្ស ដែល​យើង​បាន​បង្កើត​ឡើង​ទេ ដ្បិត​មិន​ដែល​មាន​មនុស្ស​ណា​ជឿ​ដល់​យើង​ដូចជា​អ្នក​ជឿ​ឡើយ › ។ តាមច្បាប់​ ព្យាការី​គឺ​ត្រូវបាន អញ្ជើញ ចូល​ទៅក្នុង​វត្តមាន​របស់​ព្រះអម្ចាស់ ហើយ​ទ្រង់​បាន​រង់ចាំ​ឲ្យ​ចូលទៅក្នុង​វត្តមាន​របស់​ទ្រង់ និង​ដោយ​មាន​តែ​តាមរយៈ​ការអនុញ្ញាត​របស់​ទ្រង់​ប៉ុណ្ណោះ ។ ផ្ទុយ​ទៅវិញ បងប្រុស​របស់​យ៉ារេឌ​ហាក់​ដូចជា​ត្រូវបាន​ជម្រុញ​ខ្លួន​លោក​ឲ្យ​ឆ្លងកាត់​វាំងនន មិន​មែន​ដូចជា​ភ្ញៀវ​ដែល​មិន​ត្រូវបាន​ស្វាគមន៍​នោះទេ ប៉ុន្ដែ​ប្រហែល​ជា​ភ្ញៀវ​ម្នាក់​ដែល​​មិន​បាន​អញ្ជើញ​មក ។… ច្បាស់​ណាស់​ថា ព្រះអម្ចាស់​ផ្ទាល់​បាន​ភ្ជាប់​នូវ​សេចក្ដីជំនឿ​ដ៏​ពិសេស ជាមួយ​នឹង​ការនិមិត្ត​ដ៏​ពិសេស​នេះ ។ ប្រសិនបើ​ការនិមិត្ត​នេះ​មិនមែន​ជា​រឿង​ពិសេស​នោះ​ទេ វា​ប្រាកដ​ជា​សេចក្ដីជំនឿ ហើយ​របៀប​​ដែល​ការនិមិត្ត​នោះ​ត្រូវបាន​ទទួល​គឺជារឿង​ដែល​គ្មាន​អ្វី​មក​ប្រៀប​ផ្ទឹម​បាន​ឡើយ ។ របៀប​តែមួយ​គត់​ដែល​​សេចក្ដីជំនឿ​អស្ចារ្យហួសប្រមាណ ដែល​សមត្ថភាព​របស់​វា ដើម្បីនាំ​ព្យាការី ដែល​មិន​បាន​អញ្ជើញ​រូបនេះទៅ​កាន់​ទីកន្លែង​ដែល​​អ្នក​ដទៃមិន​អាច​ទៅ​បាន លើកលែង​តែ​មាន​បង្គាប់​ពី​ព្រះ​ប៉ុណ្ណោះ » (Christ and the New Covenant ៖ The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 23) ។

អេធើរ 3:16 ។ « រូបរាង​នេះ … គឺជា​រូបរាង​របស់​វិញ្ញាណ​របស់​យើង »

អែលឌើរ សែសីល អូ សាម៉ូលសុន ជុញ្ញ័រ នៃ​ពួកចិតសិប​បាន​សង្កត់​ធ្ងន់​ថា តាមរយៈ​ដំណើររឿង​របស់​បងប្រុស​របស់ យ៉ារេឌ យើង​បាន​រៀន​អំពី​រូបរាង​មុន​ជីវិត​ខាង​សាច់​ឈាម​របស់​ព្រះអង្គ​សង្គ្រោះ និង ភាព​ជា​ព្រះ​របស់​ទ្រង់ ៖

« គ្មាន​កន្លែង​មួយ​ណា​នៅក្នុង​ព្រះគម្ពីរ បានបញ្ជាក់​យ៉ាង​ច្បាស់​ពី​​ដំណើររឿង​​មួយ​អំពី​លក្ខណៈ​នៃ​រូបកាយ​​ខាងវិញ្ញាណ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ពិត​ណាស់​ពី​​លក្ខណៈ​ទាំងឡាយ​នៃ​វិញ្ញាណ​របស់​យើង​ផ្ទាល់​ជាង​នេះ​ឡើយ ។ បងប្រុស​របស់​យ៉ារេឌ​មិន​ត្រឹមតែ​បាន​ឃើញ​ព្រះអង្គុលី​របស់​ព្រះយេស៊ូវគ្រីស្ទ​មុន​សេចក្ដីស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​​បាន​ឃើញ​រូបកាយ​ខាងវិញ្ញាណ​ទាំងមូល​របស់​ទ្រង់​ទៀត​ផង ( សូមមើល អេធើរ 3:6, 13) ។ ដោយ​ការយល់​អំពី​ភាពជាព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ​មុន​ជីវិត​ខាង​សាច់ឈាម​រួមគ្នា​ជាមួយ​នឹង​អត្តសញ្ញាណ​ខាង​វិញ្ញាណ​ផ្ទាល់​របស់​យើង​មុនពេល​យើង​កើតមក​លើ​ផែនដី​ក្នុង​លក្ខណៈ​ជា​សាច់ និង​ឈាម វាគឺជា​ពរជ័យ ក៏​ដូចជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយ ។ ការយល់ដឹង​ទាំងនេះ​ដែល​បំបែក​ព្រំដែន​ប្រពៃណី​ទាំងឡាយ គឺជា​លទ្ធផល​ផ្ទាល់នៃ​សេចក្ដីជំនឿ​ដ៏​ឥតមាន​ព្រំដែន​របស់​បងប្រុស​របស់​យ៉ារេឌ » ( « The Brother of Jared » នៅក្នុង Heroes from the Book of Mormon [ ឆ្នាំ 1995 ], ទំព័រ 185 ) ។

អេធើរ 3:23–24 ។ « ត្បូង​ពីរដុំ​នេះ »

ត្បូង​ពីរ​ដុំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បងប្រុស​របស់​យ៉ារេឌ គឺជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ត្រូវបាន​ហៅ​ថា យូរីម និង ធូមីម ។ ព្រះគម្ពីរ​សំដៅ​លើ​យូរីម និង ធូមីម​លើស​ពី​មួយ​នេះ ប៉ុន្ដែ​យើង​ត្រូវបាន​ប្រាប់​ថា យ៉ូសែប ស៊្មីធ បាន​ប្រើ​ត្បូង​មួយ​ដែល​បងប្រុស​របស់​យ៉ារេឌ​បាន​ប្រើ ( សូមមើល អេធើរ 3:22–28; គ. និង ស. 10:1; 17:1) ។ នៅក្នុង យ៉ូសែប ស្ម៊ីធ--ប្រវត្តិ 1:35 នោះ​ព្យាការី យ៉ូសែប បាន​ផ្ដល់​នូវ​ការពិពណ៌នា​មួយ​ចំណែក​អំពី​ត្បូង​យូរីម និង ធូមីម​នេះ ។ លោក​បាន​ប្រើ​វា​ដើម្បី​បកប្រែ​ព្រះគម្ពីរមរមន និង​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្សេង​ទៀត ។