បណ្ណាល័យ
មេរៀនទី 59 ៖ ម៉ូសាយ 12:18–14:12


មេរៀនទី 59

ម៉ូសាយ 12:18–14:12

សេចក្តី​ផ្ដើម

នៅពេល​ស្ដេច​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់​បាន​សួរ​អ័ប៊ីណាដៃ ព្យាការី​បាន​ស្ដី​បន្ទោស​ដល់​ពួកគេ​ថា​មិន​បាន​បង្រៀន ឬ កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ស្ដេច​ណូអេ​បាន​បញ្ជា​ឲ្យ​ពួកសង្ឃ​របស់​ទ្រង់​សម្លាប់​អ័ប៊ីណាដៃ ប៉ុន្ដែ​ព្រះ​បាន​ការពារ​អ័ប៊ីណាដៃ ហើយ​បាន​ផ្ដល់​អំណាច​ដល់​គាត់​ឲ្យ​បន្ដ​សារលិខិត​របស់​គាត់ ។ ដោយ​ដកស្រង់​ពី​អេសាយ អ័ប៊ីណាដៃ​បាន​ថ្លែងទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 12:18–13:26

អ័ប៊ីណាដៃ​ស្ដីបន្ទោស​ដល់​ស្ដេច​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់​ថា​មិន​បាន​សង្កេត និង បង្រៀន​ព្រះបញ្ញត្តិ​ទាំងឡាយ

ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ខ្ញុំ​ដឹង​ថា​វា​មានន័យ​យ៉ាង​ណា​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ឲ្យ​សិស្ស​គិត​ដោយ​ស្ងៀមស្ងាត់​ថា​ប្រយោគ​ទាំងនេះ​ពិពណ៌នា​ដល់​ពួកគេ​បាន​ល្អ​ប៉ុណ្ណា​ដោយ​ប្រើ​រង្វាស់​ពី 1 ដល់ 10 ( ដោយ 10 តំណាង​ឲ្យ​ថា​ប្រយោគ​នេះ​ពិណណ៌នា​ដល់​ពួកគេ​បាន​ល្អ​បំផុត ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​អាច​ធ្វើ​តាម​ប្រយោគ​ទាំងពីរ​នេះ ?

សូម​ពន្យល់​ថា នៅពេល​សិស្ស​ពិភាក្សា​ពី​សម្ដី​របស់​អ័ប៊ីណាដៃ ពួកគេ​នឹង​រៀន​បន្ថែម​ពី​សារសំខាន់​នៃ​ការដឹង និង ការរស់នៅ​តាម​ដំណឹងល្អ ។ សូម​រំឭក​ពួកគេ​ថា នៅក្នុង​មេរៀន​មុន ពួកគេ​បាន​ពិភាក្សា​ពី​ដំណើរ​រឿង​នៃ​ស្ដេច​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់​ដែល​បាន​ដាក់​អ័ប៊ីណាដៃ​ក្នុង​គុក​ដោយសារ​តែ​ការព្យាករណ៍​របស់​គាត់​ប្រឆាំង​នឹង​ពួកគេ ( សូមមើល ម៉ូសាយ 12:1–17 ) ។ សូម​សង្ខេប ម៉ូសាយ 12:18–24 ដោយ​ការពន្យល់​ថា​អ័ប៊ីណាដៃ​ក្រោយមក​ត្រូវ​បាន​នាំ​ទៅ​ចំពោះ​ព្រះភ័ក្រ្ដ​ស្ដេច​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់ ។ ពួកសង្ឃ​បាន​សួរ​គាត់ ដោយ​ព្យាយាម​បំភាន់​គាត់​ឲ្យ​និយាយ​អ្វី​ដែល​ពួកគេ​អាច​ចាប់​កំហុស​ប្រឆាំង​នឹង​គាត់​វិញ ។ បន្ទាប់មក​សង្ឃ​ម្នាក់​បាន​សុំ​គាត់​ឲ្យ​ពន្យល់​ពី​វគ្គ​ព្រះគម្ពីរ​មួយ ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 12:25–30 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​មូលហេតុ​របស់​អ័ប៊ីណាដៃ​ក្នុងការស្ដីបន្ទោស​ដល់​ស្ដេច​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់ ។ ក្រោយពី​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ៖

  • អ័ប៊ីណាដៃ​បាន​និយាយ​ថា ស្ដេច​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់​បាន​បង្ខូច​ផ្លូវ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ ( សូមមើល ម៉ូសាយ 12:26 ) ។ និយាយ​ម្យ៉ាង​ទៀត​ថា ពួកគេ​បាន​ធ្វើ​ឲ្យ​រឿង​ដ៏​ពិសិដ្ឋ​ពុករលួយ ហើយ​ចាកចេញ​ពី​ផ្លូវ​ដែល​រស់នៅ​ដ៏​ត្រឹមត្រូវ ។ តើ​ស្ដេច​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់​មាន​ទោស​ពី​ការបង្ខូច​ផ្លូវ​ទាំងឡាយ​នៃ​ព្រះអម្ចាស់​ដោយរបៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​អាច​បង្ហាញ​ថា ពួកសង្ឃ​បាន​និយាយ​ថា សេចក្ដីសង្គ្រោះ​បាន​មក​ដោយ​ច្បាប់​របស់​ម៉ូសេ ( សូមមើល ម៉ូសេ 12:32 ) ។ ទោះជាយ៉ាងណាក្ដី ពួកគេ​មិន​បាន​កាន់តាម​ព្រះបញ្ញត្តិ​ទាំង​ដប់ ដែល​ជា​ផ្នែក​នៃ​ច្បាប់​នោះ​ទេ ហើយ​ពួកគេ​មិន​បាន​បង្រៀន​ប្រជាជន​ឲ្យ​កាន់តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​ទេ ( សូមមើល ម៉ូសាយ 11:1–15; 12:27–29, 37; 13:25–26 ) ។

សូម​ចង្អុល​ទៅ​ប្រយោគ​នៅលើ​ក្ដារខៀន ។

  • ពី​រង្វាស់ 1 ដល់ 10 តើ​អ្នក​គិត​ថា​ប្រយោគ​នីមួយៗ​ពិពណ៌នា​ពី​ស្ដេចណូអេ និង ពួកសង្ឃ​របស់​ទ្រង់​បាន​ល្អ​ប៉ុណ្ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 12:31–33 ឮៗ ។ សូម​សិស្ស​ឲ្យ​កំណត់​រកមើល​គោលការណ៍​ដែល​អ័ប៊ីណាដៃ​បាន​បង្រៀន​ដល់​ស្ដេចណូអេ និង ពួកសង្ឃ​របស់​ទ្រង់ ។ ( គាត់​បាន​បង្រៀន​ថា ប្រសិនបើ​យើង​កាន់តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​នៃ​ព្រះ យើង​នឹង​ត្រូវ​បាន​សង្គ្រោះ ។ )

សូម​ចែកចាយ​ឧទាហរណ៍​ខាងក្រោម​ផ្ដល់​ដោយ​អែលឌើរ អេហ្វ មែលវិន ហាមម៉ុន នៃ​ក្រុមចិតសិប​នាក់ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ផ្ទៀង​ស្ដាប់នូវ​សារៈសំខាន់​នៃ​ការដឹង និង ការកាន់តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ ។

« ជាច្រើន​ឆ្នាំ​កន្លង​ទៅ មាន​អ្នកត្រឡប់​ពី​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​ឈរ​យ៉ាង​ក្លាហាន​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ហើយ​បាន​ថ្លែង​ឮៗ​ថា គាត់​ដឹង​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​របស់គាត់​ថា ដំណឹងល្អ​គឺ​ការ​ពិត ហើយ​ថា​គាត់​នឹង​លះបង់​ជីវិត​របស់​គាត់​សម្រាប់​ព្រះអម្ចាស់ និង សាសនាចក្រ​របស់​ទ្រង់ ។ ពីរ​សប្ដាហ៍​ក្រោយមក គាត់​បាន​ឈរ​នៅចំពោះ​មុខ​ប៊ីស្សព​នៃ​វួដ​សិស្ស​របស់​គាត់ ដោយ​ខ្មាស់អៀន និង ភ័យខ្លាច ដោយសារ​គាត់​បាន​សារភាព​ថា នៅពេល​ទន់ខ្សោយ​គាត់​បាន​បាត់បង់​គុណធម៌​របស់​គាត់ ។ យ៉ាងណា​ក្ដី ការលះបង់របស់​គាត់​ចំពោះ​ព្រះ​អម្ចាស់​ដែល​បាន​ថ្លែងនោះ បែរ​ទៅ​ជា​ភ្លេចដោយ​សារ​ភាព​ភ្លើតភ្លើន​ដ៏​ត្រេកត្រអាល​របស់​គាត់ ។ ទោះបីជា​សិស្ស​ម្នាក់​នៃ​ព្រះបន្ទូល​នៃ​ព្រះ គាត់​ក៏​មិន​បាន​ភ្ជាប់​ការសិក្សា​របស់​គាត់​ទៅនឹង​ការអនុវត្ត​ជាក់ស្ដែង​រាល់ថ្ងៃ បន្ទាបខ្លួន រស់នៅ​ដូចជា​ព្រះគ្រីស្ទ​នោះ​ទេ ។

« យុវនារី​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​ដើរ​តាម​ផ្លូវ​នៃ​តម្រូវការ​ទាំងអស់​ដើម្បី​ទទួល​បាន​មេដាយ​យុវនារី ។ គោលដៅ​ផ្ទាល់ខ្លួន​របស់​នាង​ត្រូវ​បាន​សរសេរ​ដោយ​ហ្មត់ចត់ និង ដាក់​ប្រុងប្រយ័ត្ន​នៅក្នុង​កំណត់ត្រា​ចងចាំ​របស់​នាង ។ ដោយភាព​មុតមាំ នាង​បាន​សរសេរ​ថា នឹង​ដើរ​លេង​ជា​គូរ​តែ​ជាមួយ​នឹង​យុវជន​ណា​ដែលសក្តិសមម ហើយស្វែង​រកមនុស្ស​ពិសេសម្នាក់​នោះ ដើម្បី​អាច​នាំ​នាង​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន ។ នៅពេល​នាង​អាយុ​ដប់ប្រាំបី​ឆ្នាំ នាង​បាន​ភ្លេច​គោលដៅ​របស់​នាង នាង​បាន​រត់តាម​យុវជន​ម្នាក់​ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ ។ មាន​មនុស្ស​ជាច្រើន​ដែល​ស្រឡាញ់​នាង​បាន​យំ—ឪពុកម្ដាយ គ្រូបង្រៀន និង មិត្តភក្ដិ​របស់​នាង ។ នាង​បាន​ធ្លាក់​ទៅក្នុង​ទី​ដ៏​អាក្រក់​រវាង​តម្រូវការ​នៃ​ច្បាប់ និង តថភាព​នៃ​ភាពជា​សិស្ស​ដ៏​ពិត » (“Eliminating the Void between Information and Application,” ការចាក់ផ្សាយ​ការហ្វឹកហ្វឺន​តាម​ផ្កាយរណប CES ខែ សីហា ឆ្នាំ 2003 ទំព័រ 17, si.lds.org ) ។

  • ហេតុអ្វី​បានជា​ការដឹង​ពី​ព្រះបញ្ញតិ្ត​ទាំងឡាយ​មិន​គ្រប់គ្រាន់​ដើម្បី​ធ្វើឲ្យ​យើង​សាកសម​នឹង​សេចក្ដីសង្គ្រោះ ?

រូបភាព
Abinadi before King Noah

សូម​បង្ហាញ​រូបភាព​អ័ប៊ីណាដៃ​ឈរនៅចំពោះ​ព្រះភ័ក្ត្រ​ស្ដេច​ណូអេ ( 62042; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 75 ។ សូម​ឲ្យ​សិស្ស​ពិពណ៌នា​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​រូបភាព​នោះ ។ ( ស្ដេច​បាន​បញ្ជា​ឲ្យ​សម្លាប់​អ័ប៊ីណាដៃ ។ ព្រះអម្ចាស់​បាន​ការពារ​អ័ប៊ីណាដៃ ។ ) ដើម្បី​ជួយ​សិស្ស​ឲ្យយល់​ពី​ដំណើររឿង​នេះ សូម​គិត​ឲ្យ​សិស្ស​បី​នាក់​ឈរ ហើយ​សម្ដែង​តាម​ការអាន ។ សិស្ស​ម្នាក់​នឹង​ធ្វើ​ជា​អ្នកនិទាន ។ សិស្ស​ទីពីរ​នឹង​អាន​ពាក្យ​របស់​ស្ដេច​ណូអេ ។ សិស្ស​ទីបី​នឹង​អាន​ពាក្យ​របស់​អ័ប៊ីណាដៃ ។ ដំបូង សូម​ឲ្យ​អ្នកនិទាន និង សិស្ស​ដែល​សម្ដែង​ជា​ស្ដេចណូអេ​អាន​ផ្នែក​របស់​ពួកគេ​នៅក្នុង ម៉ូសាយ 13:1–2 ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​សម្ដែង​ជា​អ័ប៊ីណាដៃ​ឆ្លើយតប​ដោយ ម៉ូសាយ 13:3–4 ។ បន្ទាប់​មក អ្នកនិទាន​នឹង​អាន ម៉ូសាយ 13:5–6 ។ បន្ទាប់មក​សិស្ស​ដែល​សម្ដែង​ជា​អ័ប៊ីណាដៃ​នឹង​បញ្ចប់​ដោយ ម៉ូសាយ 13:7–11 ។

សូម​ឲ្យ​សិស្ស​យកចិត្ត​ទុកដាក់​លើ ម៉ូសាយ 13:11 ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការមាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ឆ្លាក់​ក្នុង​ដួងចិត្ត​របស់​យើង​នោះ ? ( សូម​ជួយ​សិស្ស​ឲ្យយល់​ថា ការមាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ឆ្លាក់​ក្នុង​ដួងចិត្ត​របស់​យើង យើង​ត្រូវ​ដឹង និង រស់នៅ​តាម​ដំណឹងល្អ ។ )

សូម​បង្ហាញ​ថា មុនពេល​ស្ដេច​ណូអេ​ចង់​សម្លាប់​អ័ប៊ីណាដៃ អ័ប៊ីណាដៃ​បាន​ចាប់ផ្ដើម​សូត្រ​វគ្គ​ព្រះគម្ពីរ​មួយ​ដែល​ប្រហែល​ជា​ស្ដេច និង ពួកសង្ឃ​នោះ​ស្គាល់ ហើយ​នោះ​គឺជា​ភស្ដុតាង​នៃ​អំពើទុច្ចរិត​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 12:34–36 ដោយ​ស្ងាត់ស្ងៀម​ដើម្បី​ឃើញ​ថា ព្រះគម្ពីរ​ដែល​អ័ប៊ីណាដៃ​បាន​អាន​ដល់​ស្ដេច​ណូអេ និង ពួកសង្ឃ​នោះ​មើលទៅ​ពួកគេ​ស្គាល់ ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា អ័ប៊ីណាដៃ​បាន​ចាប់ផ្ដើម​សូត្រ​ព្រះបញ្ញត្តិ​ទាំង​ដប់​ប្រការ ។

សូម​គូរ​ផ្ទាំង​ថ្មី​ធំ​ទទេ​ពីរ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ព្រះបញ្ញត្តិ​មួយ​នៃ​ព្រះបញ្ញត្តិ​ទាំង​ដប់​ប្រការ​នៅលើ​ផ្ទាំង​មួយក្នុង​ចំណោម​ផ្ទាំង​ទាំង​នេះ ។ សូម​ឲ្យ​សិស្ស​ហុច​ដីស​ដល់​សិស្ស​ផ្សេង​ទៀត​ឲ្យ​សរសេរ​ព្រះបញ្ញត្តិ​ទាំង​ដប់​ប្រការ​ផ្សេង​ទៀត ។ សូម​ធ្វើ​ដូច្នេះ​រហូតដល់​សិស្ស​បាន​សរសេរ​អ្វី​ដែល​ពួកគេ​អាច​ចាំ​ទាំងអស់ ។ សូម​ឲ្យ​ពួកគេ​ត្រួតពិនិត្យមើល​ចម្លើយ​របស់​ពួកគេ​ក្នុង ម៉ូសាយ 12:34–36 និង 13:12–24 ។ អ្នក​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គូសចំណាំ​ព្រះបញ្ញត្តិ​ទាំង​ដប់​ប្រការ​នៅក្នុង​ខគម្ពីរ​ទាំងនេះ និង នៅក្នុង និក្ខមនំ 20:3–17 ( វគ្គ​ចំណេះចំណាន​ខគម្ពីរ ) ។

រូបភាព
ផ្ទាំង​ថ្ម​ទទេ

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ៖

« ព្រះបញ្ញត្តិ​ទាំង​ដប់​ប្រការ​ត្រូវ​បាន​សរសេរ​ដោយ​ព្រះហស្ដ​នៃ​ព្រះយេហូវ៉ា​នៅលើ​ផ្ទាំងថ្ម​ដើម្បី​សេចក្ដីសង្គ្រោះ និង​សុវត្ថិភាព ដើម្បី​មាន​សុខសន្ដិភាព និង​សុភមង្គល​ដល់​កូនចៅ​អ៊ីស្រាអែល និង សម្រាប់​ជំនាន់​ទាំងឡាយ​ដែល​នឹង​មក​ក្រោយ​ពួកគេ » ( “ Our Solemn Responsibilities,” Ensign ខែ វិច្ឆិកា ឆ្នាំ 1991 ទំព័រ 51 ) ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រំឭក​ព្រះបញ្ញត្តិ​ទាំង​ដប់​ប្រការ ហើយ​គិត​ដោយ​ស្ងាត់ស្ងៀម​ពី​ការខិតខំ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​ការកាន់តាម​ព្រះបញ្ញត្តិ​នេះ ។

ម៉ូសាយ 13:27–14:12

អ័ប៊ីណាដៃ​បង្រៀន​អំពី​សេចក្ដីសង្គ្រោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​សរសេរ​ដូចខាងក្រោម​នៅលើ​ក្ដារខៀន ( អ្នក​អាច​សរសេរ​មុនពេល​ចាប់ផ្ដើម​ថ្នាក់ ) ។ សូម​ឲ្យ​សិស្ស​គិត​អំពី​អ្វី​ដែល​អាច​សរសេរ​ក្នុង​ចន្លោះ​នោះ ។

« ក្រោយពី​ការគោរព និង កិច្ចការ​ល្អ​របស់​យើង​ទាំងអស់ យើង​មិន​អាច​ត្រូវ​បាន​សង្គ្រោះ​ពី​សេចក្ដី​ស្លាប់ ឬ ពី​ឥទ្ធិពល​នៃ​អំពើបាប​រៀងខ្លួន​បាន​ទេ បើ​គ្មាន … »

សូម​អាន​សេចក្ដីថ្លែងការណ៍​ដោយ​អែលឌើរ ដាល្លិន អេក អូក ខាងក្រោម​ឮៗ ៖

« ក្រោយពី​ការគោរព និង កិច្ចការ​ល្អ​របស់​យើង​ទាំងអស់ យើង​មិន​អាច​ត្រូវ​បាន​សង្គ្រោះ​ពី​សេចក្ដី​ស្លាប់ ឬ ពី​ឥទ្ធិពល​នៃ​អំពើបាប​រៀងខ្លួន​បាន​ទេ បើ​គ្មាន​ព្រះគុណ​ដែល​ពង្រីក​ដោយ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរ​មរមន​បញ្ជាក់​វា​យ៉ាង​ច្បាស់ ។ ព្រះគម្ពីរ​បាន​បង្រៀន​ថា ‹ សេចក្ដីសង្គ្រោះ​ពុំ​មែន​បាន​មក​ដោយសារ​ក្រិត្យវិន័យ​តែ​ប៉ុណ្ណោះទេ › ( ម៉ូសាយ 13:28 ) ។ និយាយ​ម្យ៉ាង​ទៀត​ថា សេចក្ដីសង្គ្រោះ​មិនមែន​មក​ដោយ​គ្រាន់តែ​ការកាន់តាម​ព្រះបញ្ញត្តិ​ប៉ុណ្ណោះ​ទេ ។ … ទោះបីជា​អ្នកដែល​ខិតខំ​គោរព និង​បម្រើ​ដល់​ព្រះ​ដោយ​អស់​ពី​ចិត្ត កម្លាំង គំនិត និង ពលំ​ក៏​នៅតែ​ជា ‹ អ្នកបម្រើ​ដ៏​ឥតប្រយោជន៍​ដែរ › ( ម៉ូសាយ 2:21 ) ។ មនុស្ស​មិនអាច​រកបាន​សេចក្ដីសង្គ្រោះ​ដោយ​ខ្លួនឯង​បាន​ទេ » ( « សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ » Ensign ខែ មិនា ឆ្នាំ 1994 ទំព័រ 67 ) ។

សូម​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន​ដោយ​ការសរសេរ ព្រះគុណ​ដែល​ពង្រីក​ដោយ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។បន្ទាប់មក សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លាស់វេន​គ្នា​អាន​ឮៗ​ពី ម៉ូសាយ 13:28, 32–35 ។ សូម​ឲ្យ​សិស្ស​រកមើល​ពាក្យ និង ឃ្លា​ដែល​ទាក់ទង​នឹង​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ អូក ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​នូវ​អ្វីដែល​ពួកគេ​បាន​រកឃើញ ។ ( ចម្លើយ​អាច​រួមមាន « ដង្វាយធួន» « ការប្រោសលោះ​នៃ​ព្រះ» « ការយាងមក​នៃ​ព្រះម៊ែស៊ី» និង ការសន្យា​ដែល « ព្រះ​អង្គ​ទ្រង់​[ នឹង ]​យាង​មក​ក្នុង​ចំណោម​កូនចៅ​មនុស្ស» ។ )

សូម​ពន្យល់​ថា សម្ដី​របស់​អ័ប៊ីណាដៃ​អំពី « ក្រិត្យវិន័យ» នៅក្នុង ម៉ូសាយ 13:28 និង 32 គឺជា​សេចក្ដីយោង​ដល់​ក្រឹត្យវិន័យ​នៃ​ម៉ូសេ ដែល​រួមមាន​ច្បាប់​តឹងរឹង​ទាក់ទង​នឹង​ការបូជា បុណ្យ និង ការធ្វើ​ផ្សេង​ទៀត ។ ក្រិត្យវិន័យ​ត្រូវ​បាន​ផ្ដល់​ដើម្បី​ជួយ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចងចាំ​ដល់​ព្រះ ហើយ​សម្លឹង​មើល​ទៅ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ពេល​កន្លង​មក សាសន៍​អ៊ីស្រាអែល​ជាច្រើន​មិន​បាន​យល់​ពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ​ទេ ដោយ​គិត​ថា​ពួកគេ​អាច​បានសង្គ្រោះ​ដោយ​គ្រាន់តែ​តាមរយៈ​ការគោរព​តាម​ក្រិត្យវិន័យ​ម៉ូសេ ។

  • អ័ប៊ីណាដៃ​បាន​ថ្លែងទីបន្ទាល់​ថា គ្មាន​នរណាម្នាក់​អាច​ត្រូវ​បាន​សង្គ្រោះ លើកលែងតែ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ 13:28, 32 ) ។ ហេតុអ្វីបានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​យល់​ពី​សេចក្ដីពិត​នេះ ?

សូម​ពន្យល់​ថា នៅពេល​អ័ប៊ីណាដៃ​បាន​និយាយ​ទៅកាន់​ស្ដេច​ណូអេ និង ពួកសង្ឃ គាត់​បាន​ដកស្រង់​សការព្យាករណ៍​ខ្លះ​របស់អេសាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 14:3–12 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ ឬ ឃ្លា​ដែល​ពិពណ៌នា​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដើម្បី​នាំមកនូវ​សេចក្ដីសង្គ្រោះ ។

ក្រោយពី​សិស្ស​បាន​សិក្សា​ខគម្ពីរ​ទាំងនេះ​ពីរ​បី​នាទី​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើក្ដារខៀន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​សេចក្ដីទុក្ខព្រួយ និង ការសោកស្ដាយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ចំពោះ​ពួកគេ ហើយ​ដើម្បី​ជួយ​គេ​ឲ្យ​គិត​​អំពី​ការរងទុក្ខ​របស់​ទ្រង់​សម្រាប់​អំពើបាប​របស់​ពួកគេ សូម​អាន​នូវ​ប្រយោគ​ខាងក្រោម​នេះ​ដល់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​បំពេញ​ប្រយោគ​ទាងនេះ​ក្នុង​គំនិត​របស់​គេ ៖

ព្រះយេស៊ូវគ្រីស្ទ​បាន​យក​ការសោកស្ដាយ​របស់​ខ្ញុំ​ដូចជា …

ព្រះយេស៊ូវគ្រីស្ទ​បាន​ឈឺចាប់ និង រងរបួស​ជំនួស​ឲ្យ​ការរំលង​របស់​ខ្ញុំ​ដូចជា …

សូម​សួរ​សិស្ស​ថាតើ​ប្រយោគ​ខាងក្រោម​មាន​ន័យ​យ៉ាង​ណា​ដល់​ពួកគេ ៖ « ហើយ​យើង​រាល់គ្នា​បាន​ប្រោស​ឲ្យ​ជា​ដោយសារ​ស្នាមរំពាត់​នៅ​អង្គ​ទ្រង់» ( ម៉ូសាយ 14:5 ) ។ អ្នក​អាច​ពន្យល់​ថា​ពាក្យ ស្នាម​រំពាត់ សំដៅ​ជាពិសេស​ទៅលើ​ស្នាមរបួស​ដែល​នៅលើ​ព្រះកាយ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ទ្រង់​ត្រូវ​បាន​គេ​ធ្វើបាប ឬ វាយ​នឹង​រំពាត់ ( សូមមើល យ៉ូហាន 19:1 ) ។ ជាទូទៅ ពាក្យ​នេះ​សំដៅ​ទៅលើ​ការរងទុក្ខ​ទាំងឡាយ​របស់​ទ្រង់ ។

ក្រោយពី​សិស្ស​បាន​ចែកចាយ​ពី​អារម្មណ៍​របស់ពួកគេ​អំពី​ប្រយោគ​នេះ​ហើយ សូម​ថ្លែងទីបន្ទាល់​ថា​តាមរយៈ​ការរងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ និង ការខិតខំ​ផ្ទាល់​របស់​យើង​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ យើង​អាច​ទទួល​បាន​សេចក្ដីសុខសាន្ដ និង ការអភ័យទោស​នៅក្នុង​ជីវិត​នេះ និង សេចក្ដីសង្គ្រោះ​នៅក្នុង​ជីវិត​ខាងមុខ ( សូម​មើល គ.&ស. 59:23; មាត្រា​នៃ​សេចក្ដីជំនឿ 1:3 ) ។ សូម​ឲ្យ​សិស្ស​បង្ហាញ​សេចក្ដីស្រឡាញ់ និង ការកោតសរសើរ​របស់​គេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដោយ​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 13:34 ។ « ព្រះអង្គ​ទ្រង់​ផ្ទាល់​នឹង​យាង​ចុះមក »

ពាក្យ ព្រះ ជាទូទៅ​សំដៅ​លើ​ព្រះវរបិតាសួគ៌​របស់​យើង ប៉ុន្ដែ​នៅក្នុង ម៉ូសាយ 13:34 វា​សំដៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ពួកបរិសុទ្ធ​នៃ​ជំនាន់​សញ្ញាចាស់​បាន​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​ថា​ជា​ព្រះយេហូវ៉ា ហើយ​ថា​ជា​ព្រះ​នៃ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ អែលឌើរ ជេម អ៊ិ ថាល់មេហ្គ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​បង្រៀន​ថា ព្រះគម្ពីរ​ជួយ​យើង​ឲ្យ​យល់​ពី​ទេវភាព​នៃ​ព្រះយេស៊ូវគ្រីស្ទ និង តួនាទី​របស់​ទ្រង់​ជា​ព្រះ ៖

« យើង​អះអាង​សិទ្ធិ​អំណាច​ខាង​វិញ្ញាណ​ដើម្បី​ប្រកាស​ថា ព្រះយេស៊ូវគ្រីស្ទ​ធ្លាប់ជា និង គឺជា​ព្រះ​បង្កបង្កើត ព្រះ​ដែល​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​អ័ដាម អេណុស និង អយ្យកោ​ពី​បុរាណ​ទាំងអស់ និង ព្យាការី​រហូត​ដល់​ណូអេ ព្រះ​នៃ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ; ព្រះ​នៃ​អ៊ីស្រាអែល​ដែល​ជា​ប្រជាជន​រួបរួម​គ្នា និង ព្រះ​នៃ​អេប្រាអិម និង យូដា ក្រោយពី​ការបែកបាក់​នៃ​សាសន៍​ហេព្រើរ ; ព្រះ​ដែល​ធ្វើ​​ឲ្យ​ស្គាល់​ដល់​ព្យាការី​ទាំងឡាយ​ពី​ម៉ូសេ ដល់​ម៉ាឡាគី ; ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ និង ព្រះ​នៃ​សាសន៍​នីហ្វៃ ។ យើង​បញ្ជាក់​ថា ព្រះយេស៊ូវគ្រីស្ទ​ធ្លាប់ និង គឺជា​ព្រះយេហូវ៉ា ព្រះ​ដ៏​អស់កល្ប​ជានិច្ច” ( (Jesus the Christ, កែសម្រួល​លើក​ទី 3 [ ឆ្នាំ 1916 ], 32 ) ។

ម៉ូសាយ 13:27–35 ។ ក្រឹត្យវិន័យ​ម៉ូសេ និង ព្រះយេស៊ូវគ្រីស្ទ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន​ពី​របៀប​ដែល​ក្រឹត្យវិន័យ​ម៉ូសេ​ទាក់ទង​នឹង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖

« អ្នកអាន​សម័យ​ថ្មី​មិនគួរ​មើល​ច្បាប់​នៃ​ម៉ូសេ​ឡើយ— តាំង​ពី​បុរាណ ឬ ក្នុង​សម័យ​ទំនើប— ដោយសារ​វា​ជា​ច្បាប់​ស្លាប់​នៃ​ពិធីបុណ្យ​ខាងសាសនា​បែប​ទាសភាព ( ហើយ​ពេលខ្លះ​បែប​កងទ័ព ) ដែល​ធ្វើតាម​ដោយ​ប្រជាជន​ដ៏​រឹងទទឹង​ដែល​មិន​ទទួល​យក​ព្រះគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់ ។ សេចក្ដីសញ្ញា​ជាប្រវត្តិសាស្ដ្រ​នេះ ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះហស្ដ​របស់​ព្រះ​អង្គ​ទ្រង់ និង ជា​ផ្លូវ​ទៅកាន់​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដែល​ជា​ផ្លូវ​មួយ​ទៅកាន់​សេចក្ដីសុចរិត គួរ​ត្រូវ​មើលថា​ជា​ការប្រមូល​នៃ​ប្រភេទ ស្រមោល និមិត្តសញ្ញា និង ការឲ្យ​ដំណឹងមុន​ពី​ព្រះគ្រីស្ទ​ដែល​មិនស្របគ្នា ថា​វា​ជា​ការបែបនោះ ។ ដោយសារ​មូលហេតុ​នោះ​ហើយ វា​ធ្លាប់​ជា ( ហើយ​នៅតែបន្ត​មាន​ក្នុង​ភាពសំខាន់ និង ភាពបរិសុទ្ធ​របស់​វា ) ការណែនាំ​មួយ​ដល់​ខាងវិញ្ញាណ ទ្វារ​មួយ​ទៅរក​ព្រះគ្រីស្ទ ផ្លូវ​មួយ​នៃ​ព្រះបញ្ញត្តិ​ដ៏​តឹងរឹង - ការកាន់តាម​ដែល​នឹង​ដឹកនាំ​ទៅកាន់ក្រឹត្យវិន័យ​នៃ​ភាពបរិសុទ្ធ​ដ៏​ខ្ពស់​ជាង​ដែល​នៅ​លើ​ផ្លូវ​ទៅរក​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺតាមរយៈ​ច្បាប់​នៃ​កាតព្វកិច្ច និង​សុភាវធម៌ ។…

« … វា​សំខាន់​ដើម្បី​ដឹង​ថា ក្រឹត្យវិន័យ​ម៉ូសេមាន​ភាព​ដូចគ្នា​ជាមួយ​នឹង​ផ្នែក​មួយ​ចំនួន​ដែល​រួម​មាន​នៅ​ក្នុង​មូលដ្ឋាន​គ្រឹះនៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​មាន​តាំងពី​មុន​មក ។ វា​មិនដែល​មាន​បំណង​ដើម្បី​ក្លាយជា​អ្វី​មួយ​ញែក​ចេញ ឬ បែក​ចេញ​ពី​គ្នា ហើយ​ជា​អ្វីមួយ​ដែល​ប្រឆាំង​នឹង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទនោះ​ឡើយ ។… គោលបំណង​របស់​វា​គឺ​មិន​ដែល​ខុសពី​ច្បាប់​ខ្ពស់​ជាង​នោះ​ទេ ។ ច្បាប់​ទាំងពីរ​នេះ​គឺ​ដើម្បី​នាំ​មនុស្ស​មក​កាន់​ព្រះគ្រីស្ទ » (Christ and the New Covenant: The Messianic Message of the Book of Mormon ឆ្នាំ 1997 ], ទំព័រ 136–37, 147; សូម​មើល​ផងដែរ នីហ្វៃទី2 11:4; ម៉ូសាយ 16:14–15

ម៉ូសាយ 14:5 ។ ការព្យាបាល​តាមរយៈ​ដង្វាយធួន

អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការព្យាបាល​ដែល​យើង​អាច​ទទួល​បាន​ដោយសារតែ​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​ដង្វាយធួន​របស់​ទ្រង់ ៖

« ឱ​សេចក្ដីសុខសាន្ដ ឱ​ការលួងលោម​នៃ​អំណោយ​ដ៏​អស្ចារ្យ​នេះ ដែល​មក​តាមរយៈ​ព្រះគុណ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​នៃ​ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គ​សង្គ្រោះ និង ព្រះប្រោសលោះ​នៃ​មនុស្ស​ជាតិ​ទាំងអស់ ។…

« … ទោះបីជា​ជីវិត​របស់​ទ្រង់​បរិសុទ្ធ និង គ្មាន​អំពើបាប​ក្ដី ទ្រង់​​បាន​បង់ថ្លៃ​នៃ​អំពើបាប​ដល់​ទីបំផុត —អំពើ​បាប​របស់​អ្នក របស់​ខ្ញុំ និង គ្រប់គ្នា​ដែល​បាន​រស់នៅ ។ ការកើត​ទុក្ខ​ខាងសតិ ខាង​អារម្មណ៍ និង ខាងវិញ្ញាណ​របស់​ទ្រង់​មាន​ទំហំ​ធំ​ណាស់ ដែល​បានបណ្តាល​ឲ្យ​ទ្រង់​ហូរឈាម​តាម​គ្រប់​រន្ធ​ញើស ( សូមមើល លូកា 22:44; គ. និង ស. 19:18 មិនតែ​ប៉ុណ្ណោះ​ព្រះយេស៊ូវ​បាន​រងទុក្ខ​ដោយសុទ្ធចិត្ត​ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​មាន​ឱកាស​នឹង​ត្រូវបាន​លាងសម្អាត —តាមរយៈ​ការមាន​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង ការជ្រមុជទឹក​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ ការទទួលបាន​អំណោយទាន​ធ្វើឲ្យ​បរិសុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការបញ្ជាក់ និង ការទទួល​យក​ពិធីការ​ដ៏​សំខាន់​ផ្សេងទៀត​ទាំងឡាយ ។ បើ​គ្មាន​ដង្វាយធួន​នៃ​ព្រះអម្ចាស់​ទេ គ្មាន​ពរជ័យ​ទាំងនេះ​នឹង​មាន​ដល់​យើង​ឡើយ ហើយ​យើង​មិន​អាច​ក្លាយជា​ស្អាតស្អំ និង រៀបចំ​ត្រឡប់​ទៅរស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បាន​ដែរ » ( « ដង្វាយធួន និង តម្លៃ​នៃ​ព្រលឹងមួយ » EnsignLiahona, ខែ ឧសភា ឆ្នាំ 2004, ទំព័រ 84–85 ) ។