បណ្ណាល័យ
មេរៀន​ទី 158 ៖ មរ៉ូណៃ 9


មេរៀន​ទី 158

មរ៉ូណៃ 9

សេចក្តីផ្ដើម

នៅក្នុង​សំបុត្រ​ដែល​ត្រូវបាន​កត់ត្រា​ចុងក្រោយគេ​ដល់​កូនប្រុស​របស់​លោក គឺ​មរ៉ូណៃ លោក​មរមន​បាន​កើតទុក​ដោយសារ​សភាព​ដ៏​ទុច្ចរិត​របស់​ពួកសាសន៍​នីហ្វៃ ។ លោក​បាន​សុំ​ឲ្យ​មរ៉ូណៃ​ធ្វើការ​យ៉ាង​ឧស្សាហ៍​ដើម្បី​ជួយ​ឲ្យ​ពួកសាសន៍​នីហ្វៃ​ប្រែចិត្ត ។ លោក​មរមន​ក៏​បាន​រៀបរាប់​ពី​ការរងទុក្ខ​របស់​ប្រជាជន ដែល​បណ្ដាល​មកពី​អំពើទុច្ចរិត​របស់​ពួកគេ ។ ថ្វីបើ​មាន​ស្ថានភាព​ពុករលួយ​ក្នុង​ចំណោម​ប្រជាជន​ក្ដី លោក​បាន​លើកទឹកចិត្ត​ដល់​មរ៉ូណៃ​ឲ្យ​ស្មោះត្រង់​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​សេចក្ដីសង្ឃឹម​នៅក្នុង​សេចក្ដីសន្យា​នៃ​ជីវិតដ៏នៅអស់កល្បជានិច្ច ។

យោបល់​សម្រាប់​ការបង្រៀន

មរ៉ូណៃ 9:1–20

លោក​មរមន​ត្អូញ​ត្អែរ​ដោយសារ​អំពើទុច្ចរិត​របស់​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ថា​តើ​ពួកគេ​ធ្លាប់​បាន​ព្យាយាម​ជួយ​ដល់​នរណាម្នាក់ តែ​ទង្វើរ​របស់​ពួក​គេ​ត្រូវ​បាន​បដិសេធ ។

  • តើ​មនុស្ស​ខ្លះ​អាច​ប្រតិកម្ម​​យ៉ាងណា នៅពេល​បំណង​ល្អ​របស់​ពួកគេ​ត្រូវបាន​បដិសេធម្តង​ហើយ​ម្តង​ទៀត ដោយសារ​អ្នកដែល​ពួកគេ​ព្យាយាម​ជួយ​នោះ ?

សូម​ពន្យល់​ដល់​សិស្ស​ថា មរ៉ូណៃ 9 គឺជា​សំបុត្រ​មួយ​ដែល​បាន​សរសេរ​ដោយ​ព្យាការី មរមន ដល់​កូនបុ្រស​របស់​លោក គឺ​មរ៉ូណៃ ។ សូម​ឲ្យ​ពួកគេ​រកមើល​របៀប​ដែលលោក​មរមន​បាន​លើកទឹកចិត្ត​ដល់​កូនប្រុស​របស់​លោក ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 9:1 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ពាក្យ​ដែល​លោក​មរមន​បាន​ប្រើ​ដើម្បី​រៀបរាប់​ពី​ស្ថានភាព​របស់​ពួកសាសន៍​នីហ្វៃ ។ ក្រោយពី​សិស្ស​ឆ្លើយហើយ អ្នក​អាច​ពន្យល់​ថា​ពាក្យ ក្ដីទុក្ខព្រួយ សំដៅលើ​អ្វីមួយ​ដែល​ឈឺចាប់​ខ្លាំង តានតឹង ឬ ដែល​សោកស្ដាយ​ខ្លាំង ។

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ មរ៉ូណៃ 9:2–5; មរ៉ូណៃ 9:7–10; មរ៉ូណៃ 9:16–19 ។ សូម​បែងចែក​សិស្ស​ជា​បី​ក្រុម ។ សូម​ឲ្យ​ក្រុម​នីមួយៗ​អាន​វគ្គ​ព្រះគម្ពីរ​មួយ​ដែល​សរសេរ​នៅលើ​ក្ដារខៀន ដោយរកមើល​ការណ៍​ដែល​ប្រកប​ទៅដោយ​ក្ដី​ទុក្ខព្រួយ ដែលលោក​មរមន​បាន​រៀបរាប់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( ប្រសិនបើ​សិស្ស​ត្រូវបាន​ចាត់​ឲ្យ​អាន មរ៉ូណៃ 9:2–5 មិន​បាន​លើក​ឡើង​ពី​​កំហឹង នោះអ្នក​អាច​លើកឡើង​ពី​តួនាទី​ដែល​កំហឹង​មាន​នៅក្នុង​ហេតុការណ៍​ដ៏​អាក្រក់​ដែល​លោក​មរមន​បាន​រៀបរាប់​នោះ ) ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី មរ៉ូណៃ 9:11–15, 20 ។ សូម​ឲ្យ​សិស្ស​រកមើល​មូលហេតុ​ដែល​លោក​មរមន​មាន​ទុក្ខព្រួយ​ដោយសារ​ស្ថានភាព​នៃ​ប្រជាជន​របស់​លោក ។ សូម​សួរ​សំណួរ​ខាងក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​វិភាគ​ខគម្ពីរ​ទាំងនេះ ។

  • តើ​អ្នកគិត​ថា វា​មានន័យ​យ៉ាងណា​បើ « គ្មាន​អារ្យធម៌​ » ? ( មរ៉ូណៃ 9:11 ) ។ ទង្វើរ​ដែល​គ្មាន​អារ្យធម៌—​ដោយគ្មាន​ការបន្ដឹង ឬ​ការរឹតត្បិត ការគ្មាន​ការគោរព​ដល់​បុគ្គល​ផ្សេងទៀត ការមិន​គោរព​ច្បាប់​ដែល​គ្រងគ្រង​សង្គម​មួយ​ទាំងមូល ) ។

  • តើ​អ្នកគិត​ថា វា​មានន័យ​យ៉ាងណា​បើ « គ្មាន​ក្រិត្យវិន័យ » ? ( មរ៉ូណៃ 9:20 ) ។ ( ការរស់នៅ​ដោយ​គ្មាន​បទដ្ឋាន និង​គ្មាន​ការផ្ដល់​កិត្តិយស និង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ) ។

  • តើ​អ្នក​គិត​ថា « ចិត្ត​វក់ » មានន័យ​យ៉ាងណា ? ( មរ៉ូណៃ 9:20 ) ។ ( ការមាន​ចិត្ត​រឹង​ទទឹង​នឹង​ព្រះវិញ្ញាណនៃព្រះអម្ចាស់ និង​ពន្លឺ​នៃ​ព្រះគ្រីស្ទ ព្រមទាំង​មិន​បែងចែក​រវាង​ការល្អ និង​ការខុសឆ្គង ) ។

  • តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​ឃើញ​នៅក្នុង​ពិភពលោក​នាពេល​សព្វថ្ងៃនេះ ដែល​មនុស្ស​ខ្លះ​គ្មាន​អារ្យធម៌ គ្មាន​ក្រឹត្យ​វិន័យ និង​មាន​ចិត្តវក់ ?

អ្នក​អាច​បង្ហាញ​ថា លោក​មរមន​បាន​មាន​ប្រសាសន៍​ថា ប្រជាជន​របស់​លោក​ទើបតែ​បាន​ធ្លាក់​ទៅក្នុង​សភាព​នៃ​អំពើទុច្ចរិត​នេះ​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ ( សូមមើល មរ៉ូណៃ 9:12 ) ។

សូម​ពន្យល់​ថា ស្ទើរតែ​ដូចជា​ព្យាការី អេធើរ នៃ​ជាតិសាសន៍​យ៉ារេឌ លោក​មរមន​បាន​ធ្វើ​ជា​សាក្សី​នៃ​កំហឹង និង​អំពើទុច្ចរិត​ដែល​បាន​យកឈ្នះ​លើ​ប្រជាជន​របស់​លោក ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 9:4 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ហើយ​រកមើលអ្វី​ដែល​លោក​មរមន​បាន​ភ័យខ្លាច​អំពី​ពួកសាសន៍​នីហ្វៃ ។ ( លោក​បាន​ខ្លាច​ថា « ព្រះវិញ្ញាណនៃព្រះអម្ចាស់ [ បាន ] ​ឈប់​តស៊ូ​គង់​នៅ​ជាមួយ​នឹង​ពួកគេ » ) ។

  • លោក​មរមន​បាន​លើកឡើង​ថា លោក​បាន « ព្យាយាម​ធ្វើការ​ជាមួយ [ ប្រជាជន​របស់​លោក ] » ។ ហេតុអ្វី​បានជា​លោក​មរមន ឬ​អ្នកដឹកនាំ​សាសនាចក្រ​សព្វថ្ងៃនេះ​អាច​បន្ដ​ធ្វើការ​នៅក្នុង​ចំណោម​មនុស្ស​ដែល​ខឹង ឬ​មានចិត្ត​រឹងរូស​ទាស់នឹង​ព្រះបន្ទូលព្រះ ?

សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ យើង​ត្រូវ​ធ្វើការ​ដោយ​ព្យាយាម​នៅក្នុង​ការបម្រើ​ដល់​ព្រះ ទោះបីជា​អ្នកដែល​យើង​បម្រើ​មិន​ឆ្លើយតប​ជា​វិជ្ជមាន​ក្ដី ។ សូម​ពន្យល់​ថា នេះ​គឺជា​ការពិត ទោះបីជា​នៅពេល​មនុស្ស​ដែល​យើង​បម្រើ​មាន​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​ក្ដី ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 9:6 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​មូលហេតុ​ដែល​យើង​ត្រូវ​ធ្វើការ​ដោយ​ព្យាយាម​នៅក្នុង​ការបម្រើ​ដល់​ព្រះ ទោះបីជា​អ្នកដែល​យើង​បម្រើ​មិន​ឆ្លើយតប​ជា​វិជ្ជមាន​ក្ដី ។ ក្រោយពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បានរកឃើញ​ហើយ សូម​បង្ហាញ​ស្ថានភាព​ខាងក្រោម​ដល់​ពួកគេ ( ឬ​បង្កើត​ថ្មី​ពីរ​បី ) ដើម្បី​ជួយ​ដល់ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ការពិត​នេះ​អាច​អនុវត្ត​បាននៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​ពន្យល់​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដីពិត​នៅលើ​ក្ដារខៀន​នៅក្នុង​ស្ថានភាព​នីមួយៗ​ដែល​អ្នក​បង្ហាញ​នេះ ។

  1. ក្នុងនាម​ជា​ប្រធាន​ថ្នាក់​យុវនារី​របស់​អ្នក អ្នក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​យុវនារី​ប្រាំ​នាក់​នៅក្នុង​វួដ​របស់​អ្នក ។ យុវនារី​ម្នាក់​មិន​បាន​មក​ចូលរួម​ការប្រជុំ​ក្នុង​ព្រះវិហារ ឬ​សកម្មភាព​នានា​អស់រយៈពេល​មួយ​ឆ្នាំ​ហើយ ។ ក្រោយពី​អ្នក​បាន​អញ្ជើញ​នាង​ឲ្យ​មក​វិញ​កាលពី​បី​ខែ​មុន នាង​នៅតែ​មិន​បាន​មក​ចូលរួម​ការប្រជុំ ឬ​សកម្មភាព​នានា​ដដែល ។

  2. ក្នុងនាម​ជា​គ្រូបង្រៀន​តាមផ្ទះ អ្នក​ធ្វើការ​បម្រើ​ដោយ​ឧស្សាហ៍​ដើម្បី​បង្រៀន​ដល់​គ្រួសារ​ដែល​អ្នក​ត្រូវ​បាន​ចាត់តាំងឲ្យ​ទៅ​បង្រៀន ។ ទោះជាយ៉ាងណាក្ដី រយៈពេល​ពីរ​បី​ខែ​កន្លង​ទៅ គ្រួសារ​មួយដែល​អ្នក​ទៅ​បង្រៀន​មិន​បាន​ទទួល​ទូរសព័្ទ ឬ​បើក​ទ្វារ​នៅពេល​អ្នក​បាន​ទៅលេង​នោះទេ ។

  3. អ្នក​មាន​អារម្មណ៍បំផុស​ឲ្យ​​អញ្ជើញ​មិត្តល្អ​របស់​អ្នក​មា្នក់​ឲ្យ​ជួប​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា ។ គេ​បដិសេធ​ការអញ្ជើញ​របស់​អ្នក ហើយ​អ្នក​នៅតែ​បន្ដ​មាន​អារម្មណ៍​បំផុស​ដើម្បី​សុំ​ដល់​គាត់​ម្ដងទៀត ។

សូម​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធានទីមួយ ដែល​បាន​លើកទឹកចិត្ត​យើង​ឲ្យ​បន្ដ​ការខិតខំ​បម្រើ​នៅក្នុង​ចំណោម​កូនចៅ​របស់​ព្រះ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រកអ្វី​ដែល​ជម្រុញ​ឲ្យ​ពួកគេ​បម្រើ​ដោយ​ឧស្សាហ៍​ដើម្បី​ជួយ​ដល់​អ្នកដទៃ ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« វា​គឺជា​សេចក្តីសញ្ញាមួយ​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ និង​ធ្វើការ​បម្រើ​ដូចដែល​ទ្រង់​នឹង​ធ្វើ ប្រសិនបើ​ទ្រង់​មាន​វត្តមាន​នៅទីនោះ ។ ការរស់នៅ​តាម​បទដ្ឋាន​នោះ​ឲ្យ​អស់ពី​លទ្ធភាព​ដែល​យើង​អាច បង្កើន​កម្លាំង​ដែល​យើង​នឹង​ត្រូវការ​ដើម្បី​កាន់ខ្ជាប់​ដរាបដល់​ចុងបំផុត ។

« អ្នកហ្វឹកហ្វឺន​បព្វជិតភាព​ដ៏​អស្ចារ្យ​បាន​បង្ហាញ​ដល់​ខ្ញុំ​នូវ​របៀប​ដើម្បី​កសាង​កម្លាំង​នោះ ៖ វា​ត្រូវការ​បង្កើត​ទម្លាប់​មួយ​ដើម្បី​បន្ដ​ទៅមុខ ឆ្លងកាត់​ភាពនឿយហត់ និង​ការភ័យខ្លាច​ដែល​អាច​ធ្វើឲ្យ​អ្នក​គិត​ថា​នឹង​ចង់​ឈប់ ។ អ្នកបង្រៀន​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​ខ្ញុំ​ថា អំណាច​ស្ថិតនៅ​ខាងវិញ្ញាណបាន​មកពី​ការខិត​ខំ​ធ្វើឥត​ឈប់​ឈរ កាល​ដែល​អ្នកដទៃ​ចង់​ឈប់​​សម្រាក ។ …

« … ខ្ញុំ​សន្យា​ដល់​អ្នក​ថា ប្រសិនបើ​អ្នក​ធ្វើ​នូវ​ការណ៍​ទាំងអស់​ដែល​អ្នក​អាច​ធ្វើ​បាន នោះ​ព្រះ​នឹង​ពង្រឹង​ដល់​កម្លាំង​របស់​អ្នក និង​ចំណេះដឹង​របស់​អ្នក » ( « Preparation in the Priesthood: ‹ I Need Your Help › » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 58–59 ) ។

  • តើ​ប្រធាន អាវរិង បាន​បង្រៀន​អ្វីខ្លះ ដែល​ជម្រុញ​ឲ្យ​អ្នក​ធ្វើការ​ដោយ​ឧស្សាហ៍​នៅក្នុង​ការបម្រើ​របស់​អ្នក​ដល់​ព្រះអម្ចាស់ ដោយមិន​គិត​ពី​របៀប​ដែល​ការខិតខំ​របស់​អ្នក​ត្រូវបាន​ទទួល​នោះ ?

សូម​អាន​នូវ​រឿង​ខាងក្រោម​ដោយ​អែលឌើរ មើវីន ប៊ី អាណូល នៃ​ក្រុម​ចិតសិប​នាក់​អំពី​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់​ដែល​បាន​បម្រើ​ដោយ​ឧស្សាហ៍​ដល់​យុវជន​ម្នាក់ ទោះបីជា​គាត់​បាន​បដិសេធន៍ច្រើន​ដង​​ហើយ​ក្ដី ៖ សូម​ឲ្យ​សិស្ស​ស្ដាប់រក​អ្វី​ដែល​យុវជន​នោះ​បាន​ឃើញ​នៅទីបញ្ចប់​នៅក្នុង​អ្នកដឹកនាំ​បព្វជិតភាព​របស់​គាត់ ។

« ក្នុងនាម​ជា​សមាជិក​នៃ​គណៈប្រធាន​សាខា​ ហ្វតធេលេហ្សា ប្រទេស​ប្រេស៊ីល បងប្រុស ម៉ាក ជាមួយ​នឹង​អ្នកដឹកនាំ​បព្វជិតភាព​ផ្សេងទៀត​បាន​អភិវឌ្ឍ​គម្រោង​មួយ​ដើម្បី​ធ្វើឲ្យ​អ្នកដែល​មិន​សូវ​សកម្ម​នៅក្នុង​សាខា​របស់​លោក​បែរ​ជា​សកម្ម​វិញ ។ មាន​សមាជិក​ជា​យុវជន​មា្នក់​មិន​សូវ​សកម្ម ដែល​មាន​ឈ្មោះ​ថា ហ្វែរណាដូ អារូយូ ។ ថ្មីៗ​នេះ ខ្ញុំ​បាន​និយាយជា​មួយ​ហ្វែរណាដូ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ពី​បទពិសោធន៍​របស់​គាត់ ៖

« ‹ ខ្ញុំ​បាន​ចូលរួម​នៅក្នុង​ការប្រកួត​ជិះ​ស្គី​លើ​ទឹក​នៅ​ពេល​ព្រឹក​ថ្ងៃអាទិត្យ ហើយ​បាន​ឈប់​ទៅ​ចូលរួម​ការប្រជុំ​ក្នុង​ព្រះវិហារ ។ នៅ​ព្រឹក​​ថ្ងៃអាទិត្យ​មួយ ​បងប្រុស​ម៉ាក​ បាន​គោះ​ទ្វារ​ផ្ទះ​ខ្ញុំ ហើយ​បាន​សុំ​ម្ដាយ​ដែល​មិន​មែន​ជា​សមាជិក​របស់​ខ្ញុំ​ថា តើ​គាត់​អាច​និយាយ​ជាមួយ​នឹង​ខ្ញុំ​បាន​ទេ ។ នៅពេល​ម្ដាយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​កំពុង​តែ​ដេក នោះ​គាត់​បាន​សុំ​ការអនុញ្ញាត​ដើម្បី​ដាស់​ខ្ញុំ ។ គាត់​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា « ហ្វែរណាដូ ប្អូន​យឺត​ទៅ​ព្រះវិហារ​ហើយ ! » ដោយ​មិន​បាន​ស្ដាប់​ការ​ដោះ​សារ​របស់​ខ្ញុំ គាត់​បាន​នាំខ្ញុំ​​ទៅ​ព្រះវិហារ › ។

« ‹ ថ្ងៃ​អាទិត្យ​ក្រោយ រឿង​ដដែល​បាន​កើតឡើង ដូច្នេះ​នៅ​ថ្ងៃ​អាទិត្យ​ទីបី ខ្ញុំ​បាន​សម្រេចចិត្ត​ចេញ​ពី​ផ្ទះ​ពីព្រលឹម​ដើម្បី​គេច​ពី​គាត់ ។ នៅពេល​ខ្ញុំ​បាន​បើក​ទ្វារ​របង ខ្ញុំ​បាន​ឃើញ​គាត់​អង្គុយ​នៅក្នុង​ឡាន​របស់គាត់ កំពុង​អាន​ព្រះគម្ពីរ ។ នៅពេល​គាត់​បាន​ឃើញ​ខ្ញុំ គាត់​បាន​និយាយ​ថា « ល្អ ! ប្អូន​​បាន​ក្រោក​ពី​ព្រលឹម ។ ថ្ងៃនេះ យើង​នឹង​ទៅ​រក​យុវជន​ផ្សេងទៀត ! » ខ្ញុំ​បាន​និយាយ​ដល់​សិទ្ធិជ្រើសរើស​របស់​ខ្ញុំ ប៉ុន្ដែ​គាត់​បាន​និយាយ​ថា « យើង​អាច​និយាយ​អំពីរឿង​នេះ​ពេលក្រោយ › » ។

« ‹ អស់​រយៈពេល​ប្រាំបី​អាទិត្យ​ក្រោយមក ខ្ញុំ​មិន​អាច​គេចចេញ​ពី​គាត់​បាន ដូច្នេះ​ខ្ញុំ​ក៏​សម្រេចចិត្តទៅ​ដេក​នៅឯ​ផ្ទះ​មិត្តភក្ដិ​របស់​ខ្ញុំ​ម្នាក់ ។ ខ្ញុំ​បាន​ទៅ​ឯ​សមុទ្រ​នា​ព្រឹក​បន្ទាប់ នៅពេល​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ស្លៀកពាក់​ខោអាវធំ និង​មាន​ក្រវ៉ាត់ក​ដើរ​សំដៅ​មក​ខ្ញុំ ។ នៅពេល​ខ្ញុំ​បាន​ឃើញ​គាត់ នោះ​គឺជា​បងប្រុស​ម៉ាក ខ្ញុំ​បាន​រត់​ចូល​ក្នុងសមុទ្រ ។ មួយ​រំពេច​នោះ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ដៃ​របស់​នរណាម្នាក់​បាន​ចាប់​ស្មា​របស់​ខ្ញុំ ។ គឺ​បងប្រុស​ម៉ាក នៅក្នុង​ទឹក​ត្រឹម​ទ្រូង​របស់​គាត់ ! គាត់​បាន​ចាប់ដៃ​ខ្ញុំ​ហើយ​បាន​និយាយ​ថា « ប្អូន​យឺត​ហើយ » តោះ ទៅ​ព្រះវិហារ » ។ នៅពេល​ខ្ញុំ​ដោះសារ​ថា ខ្ញុំ​មិន​មាន​សំលៀកបំពាក់​ទេ គាត់​បាន​ឆ្លើយ​ថា « សំលៀក​បំពាក់​ប្អូន​មាន​​នៅក្នុង​ឡានហើយ › » ។

« ‹ នៅ​ថ្ងៃនោះ នៅពេល​យើង​ដើរ​ចេញពី​សមុទ្រ ខ្ញុំ​បាន​ចាប់ជ្រោត​ជ្រាប​ពី​សេចក្ដីស្រឡាញ់​ដ៏​ស្មោះពី​បងប្រុស​ម៉ាក និង​ការបារម្ភ​របស់​គាត់​ចំពោះ​ខ្ញុំ ។ … បងប្រុស​ម៉ាក​មិនត្រឹម​តែ​បានផ្តល់ឲ្យ​​ខ្ញុំ​នូវ​ឡាន​ជិះ​ទៅ​ព្រះវិហារ​ប៉ុណ្ណោះទេ —កូរ៉ុម​នោះ​បាន​ធានា​ថា ខ្ញុំ​នឹង​នៅ​បន្ដ​សកម្ម ។ ពួកគាត់​បាន​គ្រោង​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​សំខាន់​ ហើយ​គេ​ត្រូវ​ការ​ខ្ញុំខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ ហើយ​សមាជិក​កូរ៉ុម​ក្លាយជា​មិត្តភក្ដិ​របស់​ខ្ញុំ › » ( « Strengthen Thy Brethren » Ensignលីអាហូណា, ខែ ឧសភា ឆ្នាំ 2004, ទំព័រ 46–47 ) ។

សូម​ពន្យល់​ថា ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ទាំងអស់គ្នា​មាន​ការងារ​ដ៏​សំខាន់​ដើម្បី​ធ្វើ​នៅក្នុង​ជីវិត​នេះ ។ គំរូ​របស់​លោក​មរមន មរ៉ូណៃ និង​បងប្រុស​ម៉ាក​អាច​លើកទឹកចិត្ត​យើង​ឲ្យ​ធ្វើការ​ទាំងនោះ នៅពេល​យើង​បាក់ទឹកចិត្ត ឬ​ឃើញ​ថា​ខ្លួនឯង​ត្រូវ​បាន​បដិសេធ​ដោយ​អ្នកដែល​យើង​ចង់​បម្រើ ។

មរ៉ូណៃ 9:21–26

លោក​មរមន​លើកទឹកចិត្ត​មរ៉ូណៃ​ឲ្យ​នៅ​ស្មោះត្រង់

សូម​ឲ្យ​សិស្ស​ដាក់ឈ្មោះ​ហេតុការណ៍​ថ្មីៗ​នេះ​នៅក្នុង​សហគមន៍ ឬ​ប្រទេស​របស់​គេ ឬ​នៅក្នុង​ពិភពលោក​ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​បាក់ទឹកចិត្ត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 9:21–22, 25–26 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​ការប្រឹក្សា​ដែល​លោក​មរមន​បាន​ផ្ដល់​ដល់​មរ៉ូណៃ​អំពី​អ្វី​ដែល​លោក​គួរ​ធ្វើ ពេលស្ថិតក្នុង​ស្ថានភាព​បាក់ទឹកចិត្ត ។ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​វិភាគ​ខគម្ពីរ​ទាំងនេះ ។

  • នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​ពាក្យ និង​ឃ្លា​មួយណា​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​លោក​មរមន​ចំពោះ​កូនប្រុស​របស់​លោក មរ៉ូណៃ ?

  • តើ​លោក​មរមន​បាន​​ផ្ដល់​យោបល់​អ្វីខ្លះ​ដើម្បី « ស្ថិតនៅក្នុង​គំនិត ​[ របស់​មរ៉ូណៃ ] រៀង​រហូត​តទៅ » ? ( មរ៉ូណៃ 9:25 ) ។ តើ​ការចងចាំ​ដល់​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​អាច​ជួយ​យើង នៅពេល​បាក់ទឹកចិត្ត ឬ​នៅពេល​យើង​ហ៊ុំព័ទ្ធ​ដោយ​អំពើទុច្ចរិត​ដោយ​របៀបណា ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​អំពី​របៀប​ឆ្លើយតបទៅនឹង​ភាពលំបាក និង​អំពើទុច្ចរិត​ដែល​អាច​ហ៊ុំព័ទ្ធ​យើង ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ពួកគេ​គួរ​បង្ហាញ​ថា ប្រសិនបើ​យើង​នៅ​ស្មោះត្រង់​ក្នុង​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​តម្កើង​យើង​ឡើង ទោះបីជា​នៅពេល​មាន​ភាពលំបាក និង​អំពើទុច្ចរិត​ជុំវិញ​យើង​ក្ដី ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ហើយ​អ្នក​អាចណែនាំ​ថា សិស្ស​គួរ​សរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ) ។

  • តើ​មាន​បទពិសោធន៍​អ្វីខ្លះ នៅក្នុង​ជីវិត​របស់​អ្នក ឬ​នៅក្នុង​ជីវិត​របស់​អ្នកដែល​ជិតស្និទ្ធ​នឹង​អ្នក​ដែល​បង្ហាញ​ថា គោលការណ៍​នេះ​គឺពិត ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​របៀបដែល​ពួកគេ​អាច​កាន់​តែ​ស្មោះត្រង់ និងកាន់​តែគិត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ ទោះបីជា​នៅពេល​ពួកគេ​បាក់ទឹកចិត្ត ឬ​ហ៊ុំពទ័្ធ​ដោយ​អំពើទុច្ចរិត​ក្ដី ។ សូម​ធ្វើទីបន្ទាល់​អំពី​កម្លាំង​ដែល​អ្នក​បាន​ទទួល​ពី​ការនៅ​ស្មោះត្រង់​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរ៉ូណៃ 9:18–20 ។ « ចិត្តវក់ »

លោក​មរមន​បាន​ពន្យល់​ដល់​កូនប្រុស​របស់​លោក គឺ​មរ៉ូណៃ​ថា ប្រជាជន​របស់​លោក « គ្មាន​ក្រឹត្យវិន័យ និង​មាន​ចិត្តវក់ » (មរ៉ូណៃ 9:20) ។ អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ពន្យល់​ថា បរាជ័យ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការបំផុស​ពី​ព្រះវិញ្ញាណបរិសុទ្ធ និង​បរាជ័យ​ក្នុង​ការ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ អាច​នាំ​យើង​ទៅរក​លក្ខខណ្ឌ​នេះ ៖

« សមត្ថភាព​របស់​យើង​ក្នុង​ការគ្រប់គ្រង​អាកប្បកិរិយា​របស់​យើង​តាម​របៀប​ជាច្រើន និង​ដោយ​អសកម្មភាព​នៅពេល​អារម្មណ៍​របស់​យើង​បំផុស​ដល់​យើង​ឲ្យ​ធ្វើ​ល្អ យើង​បាន​សម្លាប់​សមត្ថភាព​ក្នុង​ការមាន​អារម្មណ៍​នោះ ។ វា​គឺជា​សេចក្ដីមេតា្ត​ដ៏​ខ្លាំង​របស់​ព្រះយេស៊ូវ​ចំពោះ​តម្រូវការ​របស់​អ្នកដែល​គិត​ដល់​ទ្រង់ ដែល​ធ្វើ​ឲ្យ​វា​អាច​កើតមាន​សម្រាប់​ទ្រង់​ក្នុង​ការឆ្លើយតប​ជាសកម្មភាព ។

« នៅ​ចុងបញ្ចប់​នៃ​ផ្នែក​ខាងវិញ្ញាណ​ផ្សេង​ទៀត​គឺជា​បុគ្គល​ដូចជា​បងប្រុស​បង្ករឿង​របស់​នីហ្វៃ នោះ​នីហ្វៃ​បាន​សម្គាល់​ពី​សេចក្ដីមេត្តា​របស់​គេ​ចំពោះ​រឿង​ខាងវិញ្ញាណ ៖ ‹ [ ព្រះ ] បាន​មាន​បន្ទូល​ដល់​អ្នក​ជា​សំឡេង​ដ៏​តូច​រហៀងៗ ប៉ុន្ដែ​បង​រាល់គ្នា​មាន​ចិត្ត​វក់​វិញ ទើប​មិន​អាច​ចាប់​អារម្មណ៍​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​ឡើយ › ( នីហ្វៃទី 1 17:45) ។

« នៅពេល​យើង​ពោរពេញ​ទៅដោយ​កំហុស​ច្រើនពេក នោះ​អង់តែន​ខាងវិញ្ញាណ​របស់​យើង​នឹង​បាត់​បង់​ទៅ ហើយ​យើង​នឹង​ធ្លាក់​ហួស​ពីជីវិត​រមែង​ស្លាប់​អាចឈោង​ដល់ ។ ការណ៍​នេះ​អាច​កើតឡើង​ដល់​អារ្យធម៌​ទាំងមូល​បាន ។ នៅក្នុង​ការទួញ​សោក​រ​របស់​លោកចំពោះមរ៉ូណៃជា​កូន​ប្រុស​លោក លោក​មរមន​កត់ចំណាំ​ពី​ការធ្លាក់​ចុះ​នៃ​សង្គម​សាសន៍​នីហ្វៃ ។ សញ្ញា​សម្គាល់​រួមមាន អំពើទុច្ចរិត​ដែល​មាន​ពេញ​រហូតដល់​ប្រជាជន​របស់​លោក​មរមន​ត្រូវបាន​លោក​មរមន​ពិពណ៌នា​ថា​មាន ‹ ចិត្តវក់ › (មរ៉ូណៃ 9:20) ។ សាវក​ប៉ុល​បាន​ថ្អូញ​ពី​ការធ្លាក់​ចុះ​ទៅតាម​កាម​ដែល​បាន​បំផ្លាញ​ដល់​សមាជិក​សាសនាចក្រ​នៅក្នុង​អេភេសូ ដោយសារ​ពួកគេ​បាន​រីកចម្រើន​នៅក្នុង​ភាពអាត្មានិយម​នៅក្នុង​ការជោគជាំ​ថា ពួកគេ​មាន ‹ ចិត្តវក់ › (អេភេសូ 4:19) ។ នៅក្នុង​សង្គម​ដែល​ជ្រួតជ្រាប​នៅក្នុង​កាម វា​ពិតជា​មិន​អាច​មាន​អារម្មណ៍​ពី​តម្រូវការ​របស់​សមាជិក​ដ៏​វេទនា​របស់​វា​ឡើយ ដោយសារ​វា​បំបែរ​មនុស្ស​ទៅរក​ភាពអាត្មានិយម ជាជាង​ការអភិវឌ្ឍ​សេចក្ដីស្រឡាញ់​ដែល​មើល​ឃើញ​ពី​ខាងក្រៅ ។ ការមិន​អាច​ជ្រាបចូល​បាន​នៃ​ការបំផុសគំនិត​ពី​សំឡេង​ដ៏​តូចរហៀង​នៃ​ព្រះ ក៏​មាន​ន័យ​ថា យើង​មាន​ត្រចៀក តែ​មិន​អាច​ស្ដាប់ឮ មិន​ត្រឹម​តែ​មិន​ស្ដាប់​ឮ​ដល់​ការបំផុសគំនិត​របស់​ព្រះ​ប៉ុណ្ណោះ​ទេ គឺ​​ថែមទាំង​មិន​ឮ​ដល់​ការអង្វរ​របស់​មនុស្ស​ទៀតផង » (A Time to Choose [ ឆ្នាំ 1972 ] ទំព័រ 59–60 ) ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ព្រមាន​ដល់​យើង​អំពី​ទំនោរ​មួយ​ទៀត​ដែល​នាំ​ទៅរក​ការបាត់បង់​ព្រះវិញ្ញាណ ៖

« ការ​រំខាន​ក្នុង​ពិភព​លោក​បាន​រីកលូត​លាស់​ជា​ខ្លាំង ។ ស្លៀកពាក់ និង​ការសំអិត​សំអាង ហើយនិង​ការប្រព្រឹត្ត​គឺមិន​សមរម្យ ហើយ​គ្មាន​សណ្តាប់​ធ្នាប់​កាន់តែ​ខ្លាំង ។ តន្ដ្រី​គ្រោតគ្រាត ដោយ​មាន​ទំនុកច្រៀង​អាសគ្រាម​យ៉ាងខ្លាំង​តាម​ម៉ាស៊ីន​បន្លឺ​សំឡេង ដោយ​មាន​ភ្លើង​បាញ់​រវើរវាយ​ដូចជា​វប្បធម៌​គ្រឿងញៀន​ដូច្នោះដែរ ។ ការបំរែ​បំរួល​នៃ​រឿង​ទាំងនេះ​កំពុង​ទទួល​បាន​ការទទួលយក​ពេញទំហឹង និង​ជះឥទ្ធិពល​ជាខ្លាំង​ដល់​យុវវ័យ​របស់​យើង ។…

« ទំនោរ​ក្នុងការមាន​សំឡេង​ខ្លាំងឡើង រំភើប​ខ្លាំង​ឡើង ឈ្លោះគ្នា​ខ្លាំងឡើង មិន​សូវ​មានការ​អត់​ធ្មត់ លែង​មាន​ការគោរព​ខ្លួនឯង លែង​មានរបៀប​របប មិនមែន​ជា​ការចៃដន្យ ហើយ​ក៏​មិន​មែន​មិនដឹង​អី ឬ​មិនមាន​គ្រោះថ្នាក់​នោះទេ ។

« ការបញ្ជា​ទីមួយ​ដែល​បាន​ចេញ​ដោយ​មេបញ្ជាការ​ឲ្យ​ពង្រីក​ការវាយលុក​ទ័ព​នេះ គឺ​កំពុង​ជ្រួល​នៅតាម​បណ្តាញទំនាក់​ទំនង​ទាំងឡាយ​របស់​អ្នកដែល​គាត់​ចង់​ដណ្ដើម​យក ។

« ការមិន​គោរព​នេះ​ត្រូវគ្នា​នឹង​គោលបំណង​របស់​មាសត្រូវ ដោយ​បង្អាក់​ដល់​បណ្តាញ​ដ៏​ពិសេស​នៃ​វិវរណៈ​ទាំងខាង​អារម្មណ៍ និង​ខាង​វិញ្ញាណ » ( « Reverence Invites Revelation » Ensign ខែ វិច្ឆិកា ឆ្នាំ 1991 ទំព័រ 22 ) ។