បណ្ណាល័យ
មេរៀនទី 142 ៖ មរមន 9


មេរៀនទី 142

មរមន 9

សេចក្តីផ្ដើម

មរ៉ូណៃ​បាន​បញ្ចប់​បញ្ជី​របស់​ឪពុក​លោក ដោយ​ការ​ដង្ហោយហៅ​អ្នក​ដែល​មិន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ត្រឡប់​មក​រក​ព្រះអម្ចាស់​តាមរយៈ​ការប្រែចិត្ត ។​ លោក​បាន​បង្រៀន​ថា ព្រះ​គឺជា​ព្រះ​នៃ​អព្ភូតហេតុ ដែល​មិន​បាន​ផ្លាស់​ប្ដូរ ហើយ​ថា​អព្ភូតហេតុ​នឹង​ឈប់​មាន​ដោយសារ​តែ​ការឥត​ជំនឿ​ប៉ុណ្ណោះ ។ លោក​បាន​លើកទឹកចិត្ត​ប្រជាជន​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​ចិត្ត​របស់​គេ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ទទួល​បាន​អ្វី​ដែល​ពួកគេ​ត្រូវការ ។

យោបល់​សម្រាប់​ការបង្រៀន

មរមន 9:1–6

លោក​មរ៉ូណៃ​ហៅ​អស់អ្នក​ទាំងឡាយ​ណា​ដែល​មិន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ប្រែចិត្ត

សូម​ឲ្យ​សិស្ស​គិត​អំពី​ស្ថានភាព​មួយ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មិន​ស្រណុក​ចិត្ត ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់​អំពី​បទពិសោធន៍​របស់​ពួកគេ និង​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មិន​ស្រណុកចិត្ត ។ អ្នក​ក៏​អាច​សួរ​ពួកគេ​ពី​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្រណុកចិត្ត​ជាងនេះ​នៅក្នុង​ស្ថានភាព​ទាំងនេះ ។​

សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 9:1–5 ​ស្ងាត់ៗ​ដោយ​រក​មើល​ស្ថានភាព​មិន​ស្រណុក​ចិត្ត​ដែល​លោក​មរ៉ូណៃ​បាន​រៀបរាប់ ។ ( អ្នក​ក៏​អាច​សុំ​ឲ្យ​សិស្ស​អាន អាលម៉ា 12:12–15 ហើយ​សរសេរ​សេចក្ដីយោង​នេះ​នៅក្បែរ មរមន 9:1–5 ) ។

  • នៅពេល​ថ្ងៃ​នៃ​សេចក្តីជំនុំជំរះ​ចុងក្រោយ តើ​ពួកទុច្ចរិត​នឹង​មាន​អារម្មណ៍​ដូចម្ដេច​នៅក្នុង​វត្តមាន​នៃ​ព្រះ ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី​បានជា​ពួកគេ​មាន​អារម្មណ៍​បែប​នេះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« មិន​អាច​មាន​សេចក្ដីសង្គ្រោះ​នោះទេ បើ​គ្មាន​ការប្រែចិត្ត​នោះ ។ មនុស្ស​ម្នាក់​មិន​អាច​ចូល​ទៅ​ក្នុង​នគរព្រះ​នៅ​ក្នុង​អំពើបាប​របស់​គេ​បាន​ឡើយ ។ វា​នឹង​ជា​រឿង​មិន​អាច​ទៅ​រួច​ដែល​មនុស្ស​ម្នាក់​អាច​ចូល​មក​ក្នុង​វត្តមាន​នៃ​ព្រះវរបិតា ហើយ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​នៅ​ក្នុង​អំពើបាប​របស់​គេ​នោះ ។ …

« ខ្ញុំ​គិត​ថា មាន​មនុស្ស​ដ៏​អស្ចារ្យ​ជាច្រើន​នៅលើ​ផែនដី ដែល​ពួកគេ​ភាគច្រើន​ប្រហែល​ជា​នៅក្នុង​សាសនាចក្រ —យ៉ាងហោចណាស់​ពួកគេ​ខ្លះ​នៅក្នុង​សាសនាចក្រ— ដែល​មាន​គំនិត​មួយថា ពួកគេ​អាច​ឆ្លង​កាត់​ជីវិត​នេះ​ដោយ​ការធ្វើ​អ្វី​ដែល​ពួកគេ​រីករាយ រំលងក្រឹត្យ​វិន័យ​របស់​ព្រះអម្ចាស់ ហើយ​នៅទីបញ្ចប់​ពួកគេ​នឹង​មក​ក្នុង​វត្តមាន​របស់​ទ្រង់ ។ ពួកគេ​គិត​ថា ពួកគេ​នឹង​ប្រែចិត្ត ប្រហែលជា​នៅ​ក្នុង​ពិភពវិញ្ញាណ ។

« ពួកគេ​គួរ​តែ​អាន​ពាក្យ​ទាំងនេះ​របស់​លោក​មរ៉ូណៃ [ ការដកស្រង់ មរមន 9:3–5] ។

« តើ​អ្នក​គិត​ថា មនុស្ស​ម្នាក់​ដែល​មាន​ជីវិត​ពោរពេញ​ទៅ​ដោយ​ការពុករលួយ ដែល​បាន​ប្រឆាំង​នឹង​ព្រះ ដែល​មិន​បាន​មាន​វិញ្ញាណ​នៃ​ការប្រែចិត្ត នឹង​រីករាយ ឬ​សុខស្រួល នឹង​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលមក​ក្នុង​វត្តមាន​នៃ​ព្រះ​ឬ ? » ( Doctrines of Salvation, ed. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី, វ៉ុល​ទី 3 [ ឆ្នាំ 1954–56 ], 2:195–96; អក្សរ​ផ្ដេក​នៅក្នុង​ច្បាប់​ដើម​ត្រូវបាន​លុបចេញ ) ។

  • ហេតុអ្វី​បានជា​យើង​ត្រូវ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង​ថ្ងៃនេះ ហើយ​មិន​ចាំ​ដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​អាន អាលម៉ា 34:33–38 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 9:6 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយរកមើល​អ្វី​ដែល​អ្នក​ដែល​មិន​ជឿ ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​អារម្មណ៍​សុខ​ស្រួល​នៅក្នុង​វត្តមាន​នៃ​ព្រះ ។ ក្រោយពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ និង​ឃ្លា​នៅក្នុង មរមន 9:6 ដែល​រៀបរាប់​ពី​អ្នកដែល​បាន​ត្រឡប់​ទៅរក​ព្រះអម្ចាស់ និង​បាន​អធិស្ឋាន​សុំ​ការអភ័យទោស ។ អ្នក​អាច​ណែនាំ​ថា សិស្ស​គួរ​គូសចំណាំ​ពាក្យ និង​ឃ្លា​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​សរសេរ ឬ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​នូវ​គោលការណ៍​មួយ​ដែល​សង្ខេប មរមន 9:6 ។ អំពាវនាវឲ្យ សិស្ស​ពីរ ឬ​បី​នាក់ អាន​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរ​បង្ហាញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ប្រែចិត្ត យើង​នឹង​មិន​មាន​កំហុស នៅពេល​យើង​មក​កាន់​វត្តមាន​នៃ​ព្រះ​ឡើយ ។

សូម​ធ្វើ​ទីបន្ទាល់​ថា តាមរយៈ​ការប្រែចិត្ត និង​ការរស់នៅ​ដោយ​សុចរិត នោះ​យើង​អាច​រៀបចំ​ខ្លួន​ដើម្បី​រស់នៅ​ដោយ​ស្រណុក​ចិត្ត​នៅក្នុង​វត្តមាន​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ​នាពេល​នេះ ដើម្បី​រៀបចំ​ខ្លួន​ទៅ​ជួប​នឹង​ព្រះអម្ចាស់ ។

មរមន 9:7–20

លោក​មរ៉ូណៃ​ប្រកាសថា ព្រះ​សម្ដែង​នូវ​អព្ភូតហេតុ ហើយ​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​នៃ​ពួកអ្នក​ស្មោះត្រង់

សូម​សរសេរពាក្យ អព្ភូតហេតុ នៅលើ​កា្ដរខៀន ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​ឲ្យ​និយមន័យ​ពាក្យ​នេះ​ដូចម្ដេច ។ ក្រោយពី​សិស្ស​ពីរ​បី​នាក់​បាន​ឆ្លើយ​ហើយ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​បើក​មើល អព្ភូតហេតុ នៅក្នុង​វចនានុក្រម​នៃ​ព្រះគម្ពីរ​បរិសុទ្ធ ។ សូម​ឲ្យ​ពួកគេ​អាន​ការផ្ដើម ដោយ​រកមើល​ព័ត៌មាន​ដែល​អាច​បញ្ជាក់ ឬ​បន្ថែម​លើ​និយមន័យ​ដែល​ពួកគេ​បាន​ស្នើ​នោះ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​មិន​ជឿ​លើ​អព្ភូតហេតុ ?

សូម​សង្ខេប មរមន 9:7–8 ដោយ​ការពន្យល់​ថា លោក​មរ៉ូណៃ​បាន​មាន​ប្រសាសន៍​ដល់​ប្រជាជន​នៅក្នុង​ថ្ងៃចុងក្រោយ ដែល​នឹង​ថ្លែង​ថា វិវរណៈ ការព្យាករណ៍ អំណោយទាន​ខាង​វិញ្ញាណ និង​អព្ភូតហេតុ​លែង​កើតមាន​ទៀត​ហើយ ។

សូម​បំបែក​សិស្ស​ធ្វើ​ជាគូ ។ សូម​ឲ្យ​ដៃគូ​មួយ​អាន មរមន 9:9–11 ដោយ​ស្ងាត់ៗ ខណៈពេល​ដែល​ដៃគូ​ដទៃ​ទៀត​អាន មរមន 9:15–19 ដោយស្ងាត់ៗ ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​សរសេរ​ចំណុច​សំខាន់​ៗ ដែល​លោក​មរ៉ូណៃ​បាន​សរសេរ​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ជឿ​លើ​អព្ភូតហេតុ ។ នៅពេល​សិស្ស​បាន​មាន​ពេល​សរសេរ​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​រៀបរាប់​ដល់​ដៃគូ​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

នៅ​ខាង​ឆ្វេង​នៃ​ក្ដារខៀន សូម​សរសេរ អព្ភូតហេតុ​នឹង​ឈប់ នៅពេល​យើង …

នៅ​ខាង​ស្ដាំ​នៃ​ក្ដារខៀន សូម​សរសេរ អព្ភូតហេតុ​អាច​កើតឡើង នៅពេល​យើង …

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 9:20 ឮៗ​ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​ចំនួន​បី ដែល​ព្រះ​អាច​នឹង​ឈប់​សម្ដែង​នូវ​អព្ភូតហេតុ​ដល់​កូនចៅ​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​មូលហេតុ​ទាំងនេះ​នៅលើ​ក្ដារខៀន​ដើម្បី​បំពេញ​ប្រយោគ​នៅលើ​ខាង​ឆ្វេង​នៃ​ក្ដារខៀន ដូចដែល​បាន​បង្ហាញ​នៅក្នុង​តារាង​ខាងក្រោម​នេះ ។

សូម​ឲ្យ​សិស្ស​រៀប​ប្រយោគ​នីមួយៗ​ឡើងវិញ ដែល​ទាក់ទង​ទៅ​នឹង​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​អព្ភូតហេតុ​ឈប់​កើតមាន​តាម​របៀប​មួយ ដែល​បង្ហាញ​លក្ខខណ្ឌ​មួយ​ដែល​ធ្វើ​ឲ្យ​អព្ភូតហេតុ​កើតមាន​បាន ។ ចម្លើយ​របស់​ពួកគេ​គួរ​ស្រដៀង​ទៅ​នឹង​ឧទាហរណ៍​ដែល​មាន​នៅខាង​ស្ដាំ​នៃ​តារាង​នេះ ។

អព្ភូតហេតុ​នឹង​ឈប់ នៅពេល​យើង … 

អព្ភូតហេតុ​អាច​កើតមាន នៅពេល​យើង …

ការធ្លាក់ចុះ​នៅ​ក្នុង​ការឥតជំនឿ

ការកើនឡើង​សេចក្ដី​ជំនឿ​របស់​យើង

ការចាកចេញ​ពី​ផ្លូវត្រូវ

ការរស់នៅ​តាម​ផ្លូវ​ត្រូវ ឬ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ

ការមិន​ស្គាល់​ព្រះ​ដែល​យើង​គួរ​ទុកចិត្ត

មក​ស្គាល់ ហើយ​ទុកចិត្ត​លើ​ព្រះ

សូម​ឲ្យ​សិស្ស​រំឭក​មួយ​ភ្លែត​នូវ មរមន 9:9, 19 ដោយ​រកមើល​ការបង្រៀន​របស់​មរ៉ូណៃ​អំពី​លក្ខណៈ​របស់​ព្រះ ។ ក្រោយ​ពី​ពួកគេ​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​សួរ​ថា ៖

  • ដោយសារ​យើង​ដឹង​ថា ព្រះ​មិន​ផ្លាស់ប្ដូរ ហើយ​ថា​ទ្រង់​បាន​សម្ដែង​នូវ​អព្ភូតហេតុ​នៅក្នុង​ចំណោម​កូនចៅ​របស់​ទ្រង់​ពី​ពេល​មុនៗ​មក តើ​យើង​អាច​ដឹង​អ្វីខ្លះ​អំពី​ព្រះឆន្ទៈ​របស់​ទ្រង់​ដើម្បី​សម្ដែង​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​យើង​សព្វថ្ងៃនេះ ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​បង្ហាញ​នូវ​គោលការណ៍​ខាងក្រោម​នេះ ៖ ព្រះ​តែងតែ​បាន​សម្ដែង​នូវ​អព្ភូតហេតុ ហើយ​ដោយសារ​ទ្រង់​មិន​ផ្លាស់ប្ដូរ នោះ​ទ្រង់​នៅតែ​ធ្វើ​នូវ​អព្ភូតហេតុ​ស្របតាម​សេចក្ដីជំនឿ​របស់​យើង ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ហើយ​អ្នក​អាចណែនាំ​ថា សិស្ស​គួរ​សរសេរ​វា​នៅក្បែរ មរមន 9:19–20 នៅក្នុង​ព្រះគម្ពីរ​របស់​គេ ) ។

សូម​ពន្យល់​ថា យើង​អាច​ទទួល​បាន​នូវ​អំណាច​ដ៏​ប្រកប​ដោយ​អព្ភូតហេតុ​នៃ​ព្រះ​នៅក្នុង​ជីវិត​របស់​យើង​តាម​របៀប​ជាច្រើន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ព្រះ​នៅតែ​ជា​ព្រះនៃអព្ភូហេតុ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ស៊ិស្ទើរ ស៊ីឌនី រិកដុន នៃ​គណៈប្រធាន​ថ្នាក់​បឋមសិក្សា​ទូទៅ ៖

« ខ្ញុំ​បាន​រៀន … ថា​ព្រះអម្ចាស់​នឹង​ជួយ​យើង​នៅ​គ្រប់ផ្នែក​នៃ​ជីវិត​របស់​យើង នៅពេល​យើង​ព្យាយាម​បម្រើ​ដល់​ទ្រង់ ហើយ​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។

« ខ្ញុំ​ជឿ​ថា យើង​ទាំងអស់​គ្នា​អាច​ថ្លែងជា​សាក្សី​ដល់​អព្ភូតហេតុ​ដ៏​តូចៗ​ទាំងនេះ ។ យើង​ដឹង​ថា កូនក្មេង​តូចៗដែល​អធិស្ឋាន​សុំ​ជំនួយ​ដើម្បី​ស្វែងរក​របស់​ដែល​បាត់ ហើយ​ក៏​រក​ឃើញ​របស់​នោះ ។ យើង​ដឹង​ថា​យុវវ័យ​ដែល​បង្កើន​សេចក្ដី​ក្លាហាន​ដើម្បី​ឈរ​ជា​សាក្សី​ម្នាក់​ចំពោះ​ព្រះ និង​ទទួល​បាន​ព្រះ​ហស្តស​ជា​ជំនួយ​របស់​ទ្រង់ ។ យើង​ស្គាល់​មិត្តភក្តិ​ដែល​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគេ នូវ​ប្រាក់​ដែល​នៅ​សេស​សល់ ហើយ​បន្ទាប់មក តាមរយៈ​អព្ភូតហេតុ ពួកគេ​ឃើញ​ថា​ខ្លួនគេ​អាច​បង់​ថ្លៃ​សាលា​របស់​គេ ឬ​ថ្ងៃ​ជួល​របស់​គេ ឬ​អាច​មាន​អាហារ​សម្រាប់​គ្រួសារ​របស់​គេ ។ យើង​អាច​ចែកចាយ​បទពិសោធន៍​នៃ​ការអធិស្ឋាន​ដែល​បាន​ឆ្លើយតប និង​ពរជ័យ​នៃ​បព្វជិតភាព​ដែល​បាន​ផ្ដល់​នូវ​ការជម្រុញ​ទឹកចិត្ត នាំ​មក​នូវ​ការលួងលោម ឬ​ស្ថាបនា​សុខភាព​ឡើងវិញ ។ អព្ភូតហេតុ​ប្រចាំ​ថ្ងៃ​ទាំងនេះ​មក​ជាមួយ​យើង​ដោយ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង » ( « A God of Miracles » Ensign, ខែ ឧសភា ឆ្នាំ 2001, ទំព័រ 12 ) ។

  • តើ​បទពិសោធន៍​អ្វី​ដែល​អ្នក​បាន​មាន​ដែល​បញ្ជាក់​ថា ព្រះ​នៅតែ​ជា​ព្រះ​នៃ​អព្ភូហេតុ​ដដែល ?

មរមន 9:21–37

លោក​មរ៉ូណៃ​ទូន្មាន​ដល់​អ្នក​មិន​ជឿ​ទាំងឡាយ​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​អធិស្ឋាន​នៅក្នុង​ព្រះនាម​របស់​ទ្រង់

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 9:21 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់មើល​តាម ដោយ​រកមើល​អ្វី​ដែល​លោក​មរ៉ូណៃ​បាន​បង្រៀន​អំពី​ការអធិស្ឋាន​ទៅរក​ព្រះវរបិតាសួគ៌ ។

  • តើ​សេចក្ដីសន្យា​អ្វី​ដែល​លោក​មរ៉ូណៃ​បាន​ផ្ដល់ ? ( ចម្លើយ​របស់​សិស្ស​គួរ​ឆ្លុះបញ្ចាំង​អំពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​អធិស្ឋាន​ដោយ​សេចក្តីជំនឿ និង​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ នោះ​ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ដល់​យើង​នូវ​អ្វី​ដែល​យើង​សុំ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការអធិស្ឋាន « នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ » សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ៖

« យើង​អធិស្ឋាន​នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ នៅពេល​គំនិត​របស់​យើង​គឺជា​គំនិត​របស់​ព្រះគ្រីស្ទ ហើយ​បំណង​របស់​យើង​គឺជា​បំណង​របស់​ព្រះគ្រីស្ទ —នៅពេល​ព្រះបន្ទូល​របស់​ទ្រង់​ស្ថិត​នៅ​ជាមួយ​យើង ( យ៉ូហាន 15:7 ) ។ នោះ​យើង​នឹង​សុំ​អ្វី​ដែល​សមរម្យ​សម្រាប់​ព្រះ​ប្រទាន​ឲ្យ​យើង ។ ការអធិស្ឋាន​ជាច្រើន​បន្ដ​មិន​ទាន់​បាន​ឆ្លើយ ដោយសារ​ពួកវា​មិន​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ​សោះឡើយ ពួកវា​មិន​បាន​តំណាង​ឲ្យ​គំនិត​របស់​ទ្រង់​ទោះតាម​របៀបណាក្ដី ផ្ទុយ​ទៅ​វិញ​ចេញពី​បំណង​ផ្ទាល់ខ្លួន​នៃ​ដួងចិត្ត​របស់​មនុស្ស » ( Bible Dictionary, “Prayer” ) ។

អ្នក​អាច​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យើង​អាច​ធានា​ថា អ្វីៗ​ដែល​យើង​អធិស្ឋាន​សុំ ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​បាន​ពី​​យើង​ដែរ​ឬ​ទេ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បានឃើញ​សេចក្ដីសន្យា​ដែល​មាន​នៅក្នុង មរមន 9:21 ត្រូវបាន​បំពេញ ? ( អ្នក​អាច​ឲ្យ​ពេល​ដល់​សិស្ស​គិត​អំពី​សំណួរ​នេះ មុនពេល​ពួកគេ​ឆ្លើយ ) ។

សូម​សង្ខេប មរមន 9:22–25 ដោយ​ការពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​សន្យា​ដល់​ពួកសិស្ស​របស់​ទ្រង់​នូវ​ពរជ័យ​ជាច្រើន នៅពេល​ទ្រង់​បាន​បញ្ជូន​ពួកគេ​ចេញ​ទៅ​បង្រៀន​ដំណឹងល្អ ។ សូម​ឲ្យ​សិស្ស​មើល​ត្រួសៗ​ក្នុង មរមន 9:22–25 ហើយ​រកមើល​ពរជ័យ​ទាំងនោះ​មួយ​ចំនួន ។

  • តើ​វា​មាន​ន័យ​ចំពោះ​អ្នក​ថា ព្រះអង្គសង្គ្រោះ​នឹង « បញ្ជាក់​ពាក្យ [ របស់​ទ្រង់ ] ទាំងអស់ » ? ( មរមន 9:25 ) ។

សូម​ឲ្យ​សិស្ស​អាន មរមន 9:27–29 ​ស្ងាត់ៗ ​ដោយរកមើល​លក្ខណៈ និង​សកម្មភាព​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​សក្តិសម​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​សរសេរ​សេចក្ដីសង្ខេប​នៃ​ខគម្ពីរ​ទាំងនេះ​នៅក្នុង​សៀវភៅ​សរសេរ ឬ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ។

ដើម្បី​បញ្ចប់​មេរៀននេះ សូម​សង្ខេប មរមន 9:30–34 ដោយ​ការប្រាប់​សិស្ស​ថា លោក​មរ៉ូណៃ​បាន​បារម្ភ​ថា មនុស្ស​ខ្លះ​នៅ​ក្នុង​ថ្ងៃចុងក្រោយ​នឹង​បដិសេធ​សារលិខិត​នៃ​ព្រះគម្ពីរ​មរមន ដោយសារតែ​ភាពមិន​ឥតខ្ចោះ​នៃ​អ្នកទាំងឡាយ​ដែល​សរសេរ​វា និង​ដោយសារ​ភាសា​ដែល​វា​បាន​សរសេរ​នោះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 9:35–37 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​មើល​តាម ដោយ​រកមើល​មូលហេតុ​ដែល​លោក​មរ៉ូណៃ និង​អ្នក​ផ្សេងទៀត​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះគម្ពីរ​មរមន​នឹង​ចេញមក​នៅក្នុង​ជំនាន់​ចុងក្រោយ ។ ( ដូច្នេះ​កូនចៅ​នៃ​បងប្អូន​របស់​ពួកគេ សាសន៍​លេមិន អាច​ត្រូវបាន​ស្ដារឡើងវិញ​ទៅដល់ « ចំណេះដឹង​នៃ​ព្រះគ្រីស្ទ » ហើយ​ដល់​សេចក្ដីសញ្ញា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​នឹង​វង្សអ៊ីស្រាអែល ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន​ថ្ងៃនេះ សូម​សួរ​សំណួរ​ដូច​ខាងក្រោមនេះ ៖

  • តើ​ព្រះគម្ពីរ​មរមន​គឺជា​ភស្ដុតាង​ថា ព្រះ​គឺជា​ព្រះ​នៃ​អព្ភូហេតុ ហើយ​ថា​ទ្រង់​ឆ្លើយតប​ការអធិស្ឋាន​ដោយ​របៀបណា ?

  • តើ​សេចក្ដីពិត​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ ដែល​នឹង​មាន​ឥទ្ធិពល​ដល់​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក ?

ការរំឭក​គម្ពីរ​មរមន

សូម​ចំណាយពេល​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រំឭក​គម្ពីរ​មរមន ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គម្ពីរ​នេះ ទាំង​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​នៅ​ក្នុង​ការសិក្សា​វគ្គគម្ពីរ​ផ្ទាល់​ខ្លួន​របស់​គេ ។ ប្រសិនបើ​ចាំបាច់ សូម​ឲ្យ​ពួកគេ​សង្ខេប​ដោយ​ខ្លីៗ​អំពី​សេចក្ដីសង្ខេប​ជំពូក​ខ្លះ​នៅ​ក្នុង​មរមន ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​មួយ​ពី​គម្ពីរ​មរមន ដែល​បំផុសគំនិត​ដល់​ពួកគេ ឬ​ដែល​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​មាន​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរមន 9:9–10 ។ « ព្រះ​នៅ​តែ​ដដែល​ទោះ​ពី​ថ្ងៃម្សិល ថ្ងៃនេះ និង​រហូត​តទៅ »

លោក​មរ៉ូណៃ​បាន​ប្រកាស​ថា ព្រះ​គឺជា​អង្គ​ដែល​មិន​ផ្លាស់ប្ដូរ​ដែល « នៅតែ​ដដែល​ទោះពី​ថ្ងៃម្សិល ថ្ងៃនេះ និង​រហូត​តទៅ » (មរមន 9:9) ។ យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា 20:11–12 ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន បង្ហាញ​ថា​ព្រះ​បន្ដ « បំភ្លឺ​គំនិត​មនុស្ស​លោក ហើយ​ហៅ​ពួកគេ​ឲ្យ​មក​រក​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » នៅក្នុង​ជំនាន់​របស់​យើង ដូចដែល​ទ្រង់​បាន​ធ្វើ​នៅក្នុង​អតីតកាល « ដោយ​បង្ហាញ​ថា ទ្រង់​ជា​ព្រះ​នៅតែ​ដដែល ទោះពី​ម្សិលមិញ ថ្ងៃនេះ និង​រហូត​តទៅ » ។

នៅ​ក្នុង​សៀវភៅ Lectures on Faith ចែង​ថា ដើម្បី​មាន​សេចក្តីជំនឿ​ដ៏​ឥតខ្ចោះ​ទៅលើ​ព្រះ មនុស្ស​ម្នាក់​ត្រូវតែ​មាន​គំនិត « ដ៏​ត្រឹមត្រូវ នៃ​អត្តចរិត ការឥតខ្ចោះ និង​លក្ខណៈ [ របស់​ព្រះ ] » (Lectures on Faith [1985] ទំព័រ 38 ) ។ ចរិតលក្ខណៈ​របស់​ព្រះ​មួយ​គឺថា ទ្រង់​នឹង​មិន​ផ្លាស់ប្ដូរ​ឡើយ ។ « [ ព្រះ ] មិន​ផ្លាស់ប្ដូរ​ឡើយ ហើយ​ក៏​គ្មាន​ការប្រែប្រួល​ដល់​ទ្រង់​ដែរ ប៉ុន្ដែ​ថា ទ្រង់​គឺ​នៅ​ដដែល​ពី​អស់កល្ប​ដល់​អស់កល្ប​ជានិច្ច ដោយ​នៅតែ​ដដែល​ទោះពី​ថ្ងៃម្សិលមិញ ថ្ងៃនេះ និង​រហូតតទៅ ហើយ​ថា​ផ្លូវ​របស់​ទ្រង់​គឺ​ជា​វដ្ដ​ដ៏​អស់កល្ប​មួយ ដោយគ្មាន​ការផ្លាស់ប្ដូរ » (Lectures on Faith, ទំព័រ 41 ) ។

សូម​គិត​ពី​ពរជ័យ​នៃ​ការដឹង​ថា ព្រះ​បន្ដ​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​នៅក្នុង​ជំនាន់​របស់​យើង ហើយ​នឹង​បន្ដ​នៅ​ដដែល​ទោះ​ពី​ម្សិលមិញ ថ្ងៃនេះ និង​រហូតតទៅ ។

មរមន 9:10–26 ។ អព្ភូតហេតុ

លោក​មរ៉ូណៃ​បាន​ផ្ដល់​ភស្ដុតាង​ជាច្រើន​ដែល​ថ្លែង​ជា​សាក្សី​ដល់​អព្ភូតហេតុ​នៃ​ព្រះ— ការបង្កើត​នៃ​ស្ថានសួគ៌ និង​ផែនដី ការបង្កើត​មនុស្ស​លោក និង​អព្ភូតហេតុ​ដែល​បាន​ធ្វើ​ដោយ​ព្រះយេស៊ូវ និង​ពួកសាវក​ទាំងឡាយ ( សូមមើល មរមន 9:17–18) ។ « អព្ភូតហេតុ​របស់​ព្រះ » ដែល​បាន​រៀបរាប់​ដោយ​លោក​មរ៉ូណៃ អាច​នៅតែ​មាន​នា​ពេល​សព្វថ្ងៃនេះ ។ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន​ថា អព្ភូតហេតុ​ជាច្រើន​កើតឡើង​នៅ​ក្នុង​ជំនាន់​របស់​យើង និង​មាន​នៅក្នុង​សាសនាចក្រ​ដ៏​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖

« អព្ភូតហេតុ​ជាច្រើន​កើតឡើង​រាល់ថ្ងៃ​នៅក្នុង​កិច្ចការ​នៃ​សាសនាចក្រ និង​នៅក្នុង​ជីវិត​របស់​សមាជិក​របស់​យើង ។ អ្នក​ទាំងអស់​គ្នា​ជាច្រើន​នាក់​បាន​ធ្វើ​ជា​សាក្សី​នៃ​អព្ភូតហេតុ ប្រហែល​ច្រើនជាង​អ្វី​ដែល​អ្នក​ដឹង​ទៅទៀត ។

« អព្ភូតហេតុ​ត្រូវ​បាន​ឲ្យ​និយម​ន័យ​ថា​ជា ‹ ព្រឹត្តិការណ៍​ដែល​ផ្តល់​អត្ថប្រយោជន៍ ដែល​បាន​នាំ​មក​ដោយ​អំណាច​នៃ​ព្រះ ដែល​ជីវិត​រមែងស្លាប់​មិន​អាច​យល់ ហើយ​វា​ក៏​មិន​អាច​ចម្លង​បាន​ឡើយ › [ នៅក្នុង Daniel H. Ludlow បាន​បោះពុម្ព Encyclopedia of Mormonism, 5 vols. (1992) 2:908 ] ។ គំនិត​ដែល​ហេតុការណ៍​ទាំងឡាយ​ត្រូវបាន​នាំ​មក​តាមរយៈ​ព្រះចេស្ដា​ដ៏​ទេវភាព​ត្រូវបាន​បដិសេធ​ដោយ​មនុស្ស​គ្មាន​សាសនា​ជាច្រើន ហើយ​ថែមទាំង​មនុស្ស​ខ្លះ​ដែល​មាន​សាសនា​ក្ដី ។ …

« … អព្ភូតហេតុ​បាន​ធ្វើ​ឡើង​ដោយ​អំណាច​បព្វជិតភាព តែងតែ​មាន​នៅក្នុង​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ [ សូមមើល George Q. Cannon Gospel Truth (1987) sel. Jerreld L. Newquist 151–52 ] ។ ព្រះគម្ពីរមរមន​បង្រៀន​ថា ‹ ព្រះ​បាន​ប្រទាន​នូវ​របៀប​មួយ​ដែល​មនុស្សលោក តាមរយៈ​សេចក្តីជំនឿ អាច​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ » (ម៉ូសាយ 8:18) ។ ‹ របៀប › ដែល​ត្រូវបាន​ផ្ដល់​គឺជា​អំណាច​បព្វជិតភាព ( សូមមើល យ៉ាកុប 5:14–15; គ. និង ស. 42:43–48) ហើយ​ថា​អំណាច​នោះ​សម្ដែង​នូវ​អព្ភួតហេតុ​តាមរយៈ​សេចក្តីជំនឿ ( សូមមើល អេធើរ 12:12; មរ៉ូណៃ. 7:37) » ( « Miracles » Ensign ខែ មិថុនា ឆ្នាំ 2001 ទំព័រ 6, 8 ) ។

មរមន 9:32–34 ។ មរ៉ូណៃ​បាន​សរសេរ​ជា​អក្សរ​អេស៊ីព្ទ​កែទម្រង់

មរ៉ូណៃ​បាន​មាន​ប្រសាសន៍​ថា លោក​មាន​សមត្ថភាព អាច​សរសេរ​យ៉ាង​តិច​ណាស់​បាន​ពីរ​ភាសា ៖ភាសា​ហេព្រើរ និង​ភាសា​អេស៊ីព្ទ​កែទម្រង់ ។ លោក​បានសម្គាល់​ថា​ប្រសិនបើ « ផ្ទាំង​ធំ​ល្មម » លោក​នឹង​សរសេរ​ជា​ភាសា​ហេព្រើរ ទោះជាយ៉ាងណា​ក្ដី អស់អ្នកដែល​បាន​រក្សា​បញ្ជី​បាន​ប្រើ « ភាសា​អេស៊ីព្ទ​កែទម្រង់ » ដោយសារ​ខ្វះ​កន្លែង​សរសេរ ( សូមមើល មរមន 9:32–33) ។ ពីមុន​នៅក្នុង​ព្រះគម្ពីរ​មរមន ទាំង​នីហ្វៃ និង​សេ្ដច​បេនយ៉ាមីន​បាន​ទទួលស្គាល់​ការប្រើ​ភាសា​អេស៊ីព្ទ​របស់​គេ ។ នីហ្វៃ​បាន​ពោល​ថា​លោក​បាន​សរសេរ​ជា « ភាសា​អេស៊ីព្ទ » នៅពេល​លោក​បាន​ឆ្លាក់​នៅលើ​ផ្ទាំង​ចំណារ​តូច (នីហ្វៃទី 1 1:2) ។ នៅពេល​និយាយ​ជាមួយ​នឹង​កូនប្រុស​របស់​លោក​អំពី​សារៈសំខាន់​នៃ​ផ្ទាំងលង្ហិន សេ្ដច​បេនយ៉ាមីន​បាន​បញ្ជាក់​ថា លីហៃ​អាច​អាន​បញ្ជី ដោយសារ​លោក​ត្រូវបាន « បង្រៀន​ជា​ភាសា​អេស៊ីព្ទ » (ម៉ូសាយ 1:4) ។ ហេតុដូច្នេះហើយ យើង​យល់​ថា លីហៃ​បាន​បង្រៀន​ទាំង​ដំណឹងល្អ និង​ភាសា​អេស៊ីព្ទ « ដល់​កូនចៅ​របស់​លោក ដើម្បី​ឲ្យ​ពួកគេ​អាច​បង្រៀន​ពី​ការណ៍​នេះ​ដល់​កូនចៅ​របស់​ពួកគេ » (ម៉ូសាយ 1:4) ។ ជាភស្ដុតាង គំរូ​នេះ​បាន​បន្ដ​ទៅ​ជំនាន់​នៃ​អ្នករក្សា​កំណត់ត្រា​ទាំងឡាយ​ដែល​បាន​បន្ដ​រហូត​ដល់ មរ៉ូណៃ​បាន​រៀន​ភាសា​នេះ​ពី​ឪពុក​របស់​លោក ។ ទោះជាយ៉ាងណាក្ដី លោក​មរ៉ូណៃ​បាន​ដឹង​ថា លោក​បាន​សរសេរ​វា​ជា « អក្សរ​អេស៊ីព្ទ​កែទម្រង់ » ដែល​ត្រូវបាន « ត​តំណ​មក ហើយ​ត្រូវបាន​កែប្រែ … ស្របតាម​របៀប​និយាយ [ របស់​ពួកគេ ] » (មរមន 9:32) ដោយ​បង្ហាញ​ថា ការសម្រប​ខ្លះ​នៅ​ក្នុង​ការប្រើ​ភាសា​បាន​កើត​ឡើង​ជាង​រាប់ពាន់​ឆ្នាំ តាំងពី​ជំនាន់​របស់​លីហៃ​មក​ម៉្លេះ ។ ការណ៍​នេះ​អាច​ពន្យល់​ពី​មូលហេតុ​ដែល​លោក​មរ៉ូណៃ​បាន​បញ្ចប់​ដោយ​យោបល់​ថា « គ្មាន​ប្រជាជន​ឯណា​ទៀត​ចេះ​ភាសា​របស់​យើង​ទេ » ប៉ុន្ដែ​ថា​ព្រះ « បាន​រៀបចំ​មធ្យោបាយ​ទាំងឡាយ​សម្រាប់ » ការបកប្រែ​កំណត់ត្រា​នេះ​នៅ​ទីបញ្ចប់ (មរមន 9:34) ។ ភាសា​អេស៊ីព្ទ​ត្រូបាន​ប្រើ​ជាទូទៅ​នៅក្នុង​ជំនាន់​របស់​លីហៃ ជាពិសេស​ដោយ​ឈ្មួញ និង​អ្នក​ជំនួញ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ទូទាំង​តំបន់​ជុំវិញ​ទីក្រុង​យេរូសាឡិម ។ ប្រសិនបើ​អាជីព​របស់​លីហៃ​តម្រូវ​ឲ្យ​លោក​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នោះ ដូច​ដែល​អ្នកខ្លះ​បាន​ស្នើ​ឡើង នោះ​លោក​នឹង​ធ្វើឲ្យ​ប្រាកដ​ថា កូនប្រុស​របស់​លោក​ទាំងឡាយ​បាន​រៀន​ភាសា​អេស៊ីព្ទ​ដើម្បី​ជួយ​ដល់​មុខរបរ​គ្រួសារ ។