បណ្ណាល័យ
មេរៀន​ទី 50 ៖ យ៉ារ៉ុម និង អោមណៃ


មេរៀន​ទី 50

យ៉ារ៉ុម និង អោមណៃ

សេចក្តីផ្ដើម

គម្ពីរ​យ៉ារ៉ុម និង អោមណៃ មាន​នូវ​ការសរសេរ​ចុងក្រោយ​នៅក្នុង​ផ្ទាំង​តូច​របស់នីហ្វៃ ។ យ៉ារ៉ុម​បាន​ទទួល​ផ្ទាំង​នោះ​ពី​ឪពុក​របស់​គាត់ អេណុស ហើយ​បាន​កត់ត្រា​នូវ​ការលំបាក និង ពរជ័យ​របស់​សាសន៍​នីហ្វៃ និង ពរជ័យ​នៅក្នុង​រយៈពេល​ប្រហែល​ជា 60 ឆ្នាំ ។ បន្ទាប់​មក គាត់​បាន​ប្រគល់បន្ដ​ផ្ទាំង​នេះ​ឲ្យទៅ​កូនប្រុស​របស់​គាត់​ឈ្មោះ អោមណៃ ។ គម្ពីរ​អោមណៃ​រួមមាន​ការសរសេរ​របស់​អ្នករក្សា​បញ្ជី​សាសន៍​នីហ្វៃ​ប្រាំ​នាក់​ខុសៗគ្នា ហើយ​មាន​រយៈពេល​ប្រហែលជា 230 ឆ្នាំ ។ អាម៉ាលេកៃ ជា​អ្នកសរសេរ​ចុងក្រោយ​គេ​នៅក្នុង​គម្ពីរ​អោមណៃ បាន​បញ្ចប់​ការកត់ត្រា​របស់​គាត់​ដោយ​ការអញ្ជើញ​មួយ​ឲ្យ « មក​រក​ព្រះគ្រីស្ទ … ហើយ​ថ្វាយ​ព្រលឹង​អ្នក​ទាំងមូល ជា​ដង្វាយ​ថ្វាយ​ដល់​ទ្រង់ » ( អោមណៃ 1:26 ) ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ារ៉ុម 1:1–15

យ៉ារ៉ុម​ពិពណ៌នា​ពី​របៀប​ដែល​សាសន៍​នីហ្វៃ​បាន​ចម្រើន​ឡើង នៅពេល​ពួកគេ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ​របស់​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈ​ប្រធាន​ទីមួយ ។ ប្រសិន​បើ​អាច​ធ្វើ​បាន សូម​បង្ហាញ​រូបភាព​របស់​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅពេល​អ្នក​អាន ៖

« ខ្ញុំ​នៅ​ចាំ​ពេល​ដែល​ខ្ញុំ​បាន​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ការហ្វឹកហ្វឺន​ជា​អ្នកបើកបរ​យន្ដហោះ​ចម្បាំង ។ យើង​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​សម្រាប់​ការហ្វឹកហ្វឺន​ដំបូង​របស់​យើង​ខាង​យោធា​នៅក្នុង​ការហាត់​ប្រាណ ។ ខ្ញុំ​នៅតែ​មិន​ច្បាស់​ថា ហេតុអ្វី​បានជា​ការរត់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ត្រូវ​បាន​ចាត់ទុកថា ជា​ផ្នែក​រៀបចំ​ខ្លួន​មួយ​ដ៏​សំខាន់​ក្នុង​ការក្លាយជា​អ្នកបើកបរ​យន្ដហោះ​ឡើយ ។ ទោះយ៉ាងណា​ក្ដី យើង​នៅតែ​រត់ ហើយ​រត់​ទៀត ។

« នៅពេល​ខ្ញុំ​កំពុង​រត់ ខ្ញុំ​ចាប់ផ្ដើម​សម្គាល់​ឃើញ​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សុខ​ក្នុង​ចិត្ត ។ ម្ដង​ហើយ​ម្ដង​ទៀត ខ្ញុំ​ត្រូវ​បាន​រត់​វ៉ា​ដោយ​មនុស្ស​ដែល​ជក់​បារី ផឹកស្រា និង បាន​ធ្វើ​រឿង​គ្រប់​យ៉ាង​ដែល​ផ្ទុយ​ពី​ដំណឹងល្អ ហើយ​ជាពិសេស​ចំពោះ​ពាក្យ​គតិបណ្ឌិត ។

« ខ្ញុំ​នៅ​ចងចាំ​បាន​ពីគំនិត​ថា ‹ ចាំ​បន្ដិច ! តើ​ខ្ញុំ​គួរតែ​អាច​រត់ និង មិន​បារម្ភ​មែនទេ​ឬ ? ប៉ុន្ដែ​ខ្ញុំ​បាន​បារម្ភ ហើយ​ខ្ញុំ​ត្រូវ​បាន​រត់​វ៉ា ដោយ​មនុស្ស​ដែល​មិន​គោរព​តាម​ពាក្យ​គតិបណ្ឌិត​យ៉ាង​ពិត​ប្រាកដ ។ ខ្ញុំ​សារភាពថា វា​ពិត​ជា​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​នៅ​មិន​ស្ងប់សុខឡើយ​នៅពេល​នោះ ។ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា តើ​ការសន្យា​នោះ​ពិត​ដែរឬ​អត់ ? » ( « បន្ដ​ដោយ​ភាពអត់ធន់ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2010 ទំព័រ 58 ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ថា​តើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ស្មុគស្មាញ​ស្រដៀង​គ្នា​នេះ ដោយ​ឆ្ងល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ដើម្បី​ប្រទានពរ​ដល់​ពួកគេ ពេល​ពួកគេ​បាន​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ដែរ​ទេ ។

សូម​សរសេរ​ពាក្យ បញ្ជាក់ នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ពន្យល់​ពី​ន័យ​របស់​ពាក្យ​នេះ ( ដើម្បី​បញ្ជាក់ ឬ បង្ហាញ​ភស្ដុតាង​ថា​អ្វី​មួយ​គឺ​ពិត ) ។ សូម​ពន្យល់​ថា យ៉ារ៉ុម ដែល​ជា​កូនប្រុស​របស់​អេណុស បាន​ប្រើ​ពាក្យ បញ្ជាក់ នៅពេល​គាត់​បាន​សរសេរ​អំពី​សេចក្ដី​សន្យា​មួយ​ដែល​បាន​ផ្ដល់​ទៅ​បុព្វជន​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​អាន យ៉ារ៉ុម 1:9 ដោយ​ស្ងាត់ៗ ដោយ​រកមើល​សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​ដែល​ត្រូវ​បាន​បញ្ជាក់ ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​សេចក្ដី​សន្យា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ សូម​បញ្ជាក់​ថា សិស្ស​បាន​ស្គាល់​ប្រយោគ « ដរាប​ណា​អ្នករាល់​គ្នា​កាន់​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​ឡើង​នៅលើ​ដែនដី » ។

សូម​សរសេរ​សេចក្ដី​យោង​ព្រះគម្ពីរ និង សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ។ ( ដើម្បី​សន្សំ​ពេលវេលា អ្នក​អាច​សរសេរ​វា​នៅលើ​ក្ដារខៀន​មុនពេល​ចាប់ផ្ដើម​បង្រៀន 

យ៉ារ៉ុម 1:4–5, 8

តើ​មាន​គំរូ​ណា​ខ្លះ បញ្ជាក់​ពី​របៀប​ដែល​សាសន៍​នីហ្វៃ​បាន​គោរព​តាម និង របៀប​ដែល​ពួកគេ​ត្រូវ​បាន​ប្រទានពរ​នោះ ?

យ៉ារ៉ុម 1:7, 10–12

តើ​អ្នកដឹកនាំ និង ព្យាការី​ទាំងឡាយ​បាន​ជួយ​ដល់​សាសន៍​នីហ្វៃ​ឲ្យ​គោរព និង រីកចម្រើន​ឡើង​ដោយ​របៀប​ណា ?

អោមណៃ 1:5–7

តើ​សេចក្ដី​សន្យា​របស់​ព្រះ ក្រោយមក​បញ្ជាក់​តាម​របៀប​ខុសគ្នា​យ៉ាង​ដូចម្ដេច ?

សូម​បែងចែក​សិស្ស​ទៅ​ក្រុម ដែល​មួយ​ក្រុម​មាន​សមាជិក​បី​នាក់ ។ សូម​ចាត់តាំង​សេចក្ដីយោង​ព្រះគម្ពីរ​មួយ​នៅលើ​ក្ដារខៀន​ដល់​សមាជិក​ម្នាក់ៗ​នៅក្នុង​ក្រុម​នីមួយៗ ។ សូម​ឲ្យ​សិស្ស​អាន​វគ្គ​ព្រះគម្ពីរ​របស់​ពួកគេ​ដែល​បាន​ចាត់ឲ្យ​ ​ដោយ​ស្ងាត់ៗ ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ត្រូវ​គ្នា​នោះ ។ បន្ទាប់មក សូម​ផ្ដល់​ពេល​មួយ ឬ ពីរ​នាទី​ដល់​បុគ្គល​ម្នាក់ៗ​នៅក្នុង​ក្រុម ដើម្បី​សង្ខេប​នូវ​អ្វី​ដែល​គេ​បាន​អាន ហើយ​ឆ្លើយ​នឹង​សំណួរ​ដែល​បាន​ដាក់​នោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ឲ្យ​សង្ខេប​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​អំពី​សេចក្ដីពិត​មួយ ដែល​ពួកគេ​បាន​រៀន​ពី​ការសិក្សា និង ការពិភាក្សា​ព្រះគម្ពីរ​ទាំងនេះ ។ នៅពេល​សិស្ស​ផ្ដល់​ចម្លើយ​របស់​ពួកគេ សូម​ធានា​ថា ពួកគេ​យល់​ថា នៅពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ នោះ​យើង​នឹង​រីកចម្រើន​ឡើង ។

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​របស់​សាសន៍​នីហ្វៃ តើ​មាន​របៀប​ណា​ខ្លះ​ដែល​ព្រះ​នឹង​ប្រទានពរ​ដល់​អ្នកទាំងឡាយ​ណា​ដែល​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ?

ដើម្បី​ពង្រឹង​គោលការណ៍​នេះ សូម​រំឭក​សិស្ស​ក្នុង​ថ្នាក់​អំពី​បទពិសោធន៍​របស់​ប្រធាន អុជដូហ្វ នៅពេល​គាត់​ឆ្ងល់​ថា​តើ​ការសន្យា​របស់​ព្រះអម្ចាស់​ដែល​បាន​ប្រទាន​នៅក្នុង​ពាក្យ​គតិបណ្ឌិត​នោះ​ត្រូវ​បាន​បញ្ជាក់​ទេ ។ បន្ទាប់​មក សូម​អាន​សេចក្ដី​ថ្លែងការណ៍​ទាំងអស់​របស់​គាត់ ៖

« ចម្លើយ​មិន​បាន​មក​ភ្លាម​នោះ​ទេ ។ ប៉ុន្ដែ​ទីបំផុត ខ្ញុំ​បាន​រៀន​ថា ការសន្យា​របស់​ព្រះ​មិន​មែន​សុទ្ធតែ​ត្រូវ​បាន​បំពេញ​ភ្លាមៗ ឬ នៅក្នុង​របៀប​ដែល​យើង​រំពឹង​ទុក​នោះ​ទេ វា​មក​ដល់តាម​ពេលវេលា​របស់​ទ្រង់ និង របៀប​របស់​ទ្រង់ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​អាច​ឃើញ​ភស្ដុតាង​នៃ​ពរជ័យ​ខាង​រូបកាយ ដែល​បាន​កើតឡើង​ចំពោះ​អ្នក​ដែល​បាន​គោរព​ច្បាប់​គតិបណ្ឌិត—ជាង​នេះ​ទៅ​ទៀត ពរជ័យ​ខាង​វិញ្ញាណ​ដែល​បាន​មក​ភា្លម​តាម​ការស្ដាប់​បង្គាប់​ព្រះបញ្ញត្តិ​ព្រះ ។ មើល​ត្រឡប់​ទៅក្រោយ​វិញ ខ្ញុំ​ដឹង​ច្បាស់​ថា ការសន្យា​របស់​ព្រះអម្ចាស់​តែងតែ​ប្រាកដ​ច្បាស់​ជានិច្ច បើ​ទោះ​មិន​តែងតែ​កើត​ឡើង​ភ្លាមៗ​ក៏​ដោយ » ( « បន្ដ​ដោយ​ភាពអត់ធន់ » ទំព័រ 108 ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​នៅពេល​ណា​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ ឬ បាន​ធ្វើ​ឲ្យ​អ្នក​រីកចម្រើន ដោយសារ​ការកាន់តាម​ព្រះបញ្ញតិ្ត​របស់​ទ្រង់​នោះ ? ចេញ​ពី​បទពិសោធន៍​របស់​អ្នក តើ​អ្នក​មាន​ទីបន្ទាល់​អ្វី​ដែល​អាច​ចែកចាយ​អំពី​ព្រះអម្ចាស់ និង ការសន្យា​របស់​ទ្រង់ ?

អោមណៃ 1:1–30

អ្នករក្សា​បញ្ជី​រ៉ាយរ៉ាប់​ពី​ប្រវត្តិ​សាសន៍​នីហ្វៃ

សូម​បង្ហាញ​ដោយ​សង្ខេប​នូវ​គម្ពីរ​អោមណៃ​ដោយ​ពន្យល់​ថា វា​ត្រូវ​បាន​សរសេរ​ដោយ​កូនចៅ​របស់​យ៉ារ៉ុម ហើយ​វា​មាន​រយៈពេល​ប្រហែល​ជា 230 ឆ្នាំ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​គម្ពីរ​អោមណៃ​ត្រួសៗ ដើម្បី​រកមើល​ឈ្មោះ​មនុស្ស​ដែល​បាន​រក្សា​ផ្ទាំងតូច​បន្ទាប់​ពី​យ៉ារ៉ុម​ទៅ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​ឈ្មោះ​បាន​លឿន សូម​គិត​ពី​ការផ្ដល់​សេចក្ដី​យោង​ព្រះគម្ពីរ​ដូច​ខាងក្រោម​នេះ ៖ អោមណៃ 1:1, 4, 8, 10, 12, 25 ។

សូម​ពន្យល់​ថា គម្ពីរ​អោមណៃ​រៀបរាប់​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​នៅក្នុង​ប្រវត្តិសាស្ដ្រ​របស់​ប្រជាជន​នៅក្នុង​ព្រះគម្ពីរ​មរមន ។ វា​លើកឡើង​អំពី​ប្រជាជន​សារ៉ាហិមឡា ( ក៏​ស្គាល់​ថា​ជា ប្រជាជន ម៉ូលេក ) និង កូរីអានទុមើរ ( សាសន៍​យ៉ារ៉េឌ​ចុងក្រោយ​គេ ) ហើយ​វា​ក៏​បាន​រៀបរាប់​ដោយ​សង្ខេប​ពី​របៀប​ដែល​សាសន៍​នីហ្វៃ​បាន​តាំង​លំនៅ​ជាថ្មី​នៅ​ដែនដី​សារ៉ាហិមឡា ហើយ​បាន​រួមគ្នា​ជាមួយ​នឹង​សាសន៍​ម៉ូលេក ។ អ្នក​អាច​ឲ្យ​សិស្ស​មើល​កាលប្រវត្តិនៅ​លើ​វត្ថុ​សៀត​នៃ​ព្រះគម្ពីរ​មរមន ( លេខកូដសម្ភារ 32336 ) ហើយ​ជួយ​ពួកគេ​ឲ្យ​រកមើល​ការលេច​ឡើង​រួមគ្នា​របស់​សាសន៍​នីហ្វៃ និង សាសន៍​ម៉ូលេក ។ សូម​ឲ្យ​សិស្ស​ដាក់​វត្ថុ​សៀត​សៀវភៅ​នេះ​លើ​ឈ្មោះ កូរីអានទុមើរ នៅក្រោម​ចំណងជើង « សាសន៍​យ៉ារ៉េឌ » ផងដែរ ។

នៅលើ​ក្ដារខៀន សូម​គូស​ផែនទី​ដែល​បង្ហាញ​នៅលើ​ទំព័រ​នេះ ប៉ុន្ដែ​សូម​កុំ​បញ្ចូល​ព្រួញ​ទៅក្នុង​នោះ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចម្លង​ផែនទី​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។

រូបភាព
Map Nephite Migration

សូម​រំឭក​សិស្ស​ថា នៅក្នុង​ជំនាន់​របស់​នីហ្វៃ សាសន៍​នីហ្វៃ​បាន​ចែកដាច់​ពី​សាសន៍​លេមិន ហើយ​បាន​អាស្រ័យ​នៅក្នុង​ទីតាំង​ដែល​ពួកគេ​ហៅថា ដែនដី​នីហ្វៃ ។ នៅលើ​ផែនទី សូម​គូស​សញ្ញា​ព្រួញ​មួយ​ពី​ដែនដី​នៃ​កេរ្ដិ៍​អាករ​ដំបូង​ទៅ​កាន់​ដែនដី​នីហ្វៃ ។ សូម​ឲ្យ​សិស្ស​អាន អោមណៃ 1:12–13 ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ពី​របៀប​ដែល​សាសន៍​នីហ្វៃ​បាន​មក​រស់នៅ​ក្នុង​ដែនដី​សារ៉ាហិមឡា ។ នៅពេល​សិស្ស​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​គូស​សញ្ញា​ព្រួញ​មួយ​ចេញ​​ពី​ដែនដី​នីហ្វៃ ទៅកាន់​ដែនដី​សារ៉ាហិមឡា ។ សូម​បង្ហាញ​ថា អោមណៃ 1:12–13 បង្រៀន​ថា ព្រះអម្ចាស់​ផ្ដល់​ការណែនាំ​ដល់​ពួកសុចរិត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អោមណៃ 1:14–19 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ភាពស្រដៀង​គ្នា និង ភាពខុសគ្នា​រវាង​សាសន៍​នីហ្វៃ និង ប្រជាជន​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ដែនដី​សារ៉ាហិមឡា ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ ឲ្យ​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សូម​សង្ខេប អោមណៃ 1:20–22 ដោយ​ពន្យល់​ថា ប្រជាជន​សារ៉ាហិមឡា​បាន​ជួប​នឹង​កូរីអានទុមើរ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់​ដែល​នៅ​រស់​ចុងក្រោយ​គេ​ក្នុង​ជាតិ​សាសន៍​យ៉ារ៉េឌ ( ម្នាក់​ទៀត គឺជា​ព្យាការី​អេធើរ ) ។ នៅលើ​ផែនទី សូម​បង្ហាញ​ពី​ដែនដី​នៃ​វិនាសកម្ម ហើយ​ពន្យល់​ថា​នេះ​គឺជា​កន្លែង​មួយ​នៅក្នុង​ដែនដី​ភាគ​ខាងជើង ដែល​មាន « ឆ្អឹង​របស់​ប្រជាជន​យ៉ារ៉េឌ​នៅ​រាយប៉ាយ » ក្រោយពី​ពួកគេ​ត្រូវ​បាន​បំផ្លាញ ( អោមណៃ 1:22 ) ។ សូម​ប្រាប់​សិស្ស​ថា ពួកគេ​នឹង​រៀន​អំពី​សាសន៍​យ៉ារ៉េឌ នៅពេល​ពួកគេ​សិក្សា​គម្ពីរ​អេធើរ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ សាសន៍​យ៉ារ៉េឌ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នៅក្បែរ អោមណៃ 1:20–22 ។

សូម​គូស​សញ្ញា​ព្រួញ​មួយ​ដែល​ចេញ​ពី​ដែនដី​សារ៉ាហិមឡា ទៅកាន់​ដែនដី​នីហ្វៃ ហើយ​បន្ទាប់មក ត្រឡប់​មក​កាន់​ដែនដី​សារ៉ាហិមឡា​វិញ ។ សូម​គូស​សញ្ញា​ព្រួញ​មួយ​ទៀត​ពី​ដែនដី​សារ៉ាហិមឡា ដែល​ចេញ​ពី​ទិសដៅ​មួយ​ទៅកាន់​ដែនដី​នីហ្វៃ ។ សូម​សួរ​សិស្ស​បើ​សិនជា​ពួកគេ​អាច​ពន្យល់​ថាតើ​ព្រួញ​ទាំងពីរ​នេះ​តំណាង​ឲ្យ​អ្វី ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ សូម​សង្ខេប អោមណៃ 1:27–30 ដោយ​ពន្យល់​ថា​ក្រុម​ពីរ​ដែល​មក​ពី​ដែនដី​សារ៉ាហិមឡា​មាន​បំណង​ចង់​ត្រឡប់​ទៅកាន់​ដែនដី​នីហ្វៃ​វិញ ។ ក្រុម​ទីមួយ​ខកខាន​មិន​បាន​ទៅ ហើយ​បាន​ត្រឡប់​ទៅកាន់​ដែនដី​សារ៉ាហិមឡា​វិញ ។ នៅពេល​អាម៉ាលេកៃ​បាន​បិទ​កំណត់ត្រា​របស់​គាត់ គាត់​បាន​លើកឡើង​ថា គាត់​មិន​បាន​ដឹង​ពី​ជោគវាសនា​នៃ​ក្រុម​ទីពីរ​នោះ​ទេ ។ សូម​ប្រាប់​សិស្ស​ថា ពួកគេ​នឹង​រៀន​អំពី​ក្រុម​នេះ គឺ​ប្រជាជន​ស៊ីនិព្វ នៅពេល​ពួកគេ​សិក្សា​គម្ពីរ​ម៉ូសាយ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ ប្រជាជន​ស៊ីនិព្វ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អោមណៃ 1:29–30 ។

សូម​ពន្យល់​ថា ព្រះគម្ពីរ​មរមន​មិន​បាន​អះអាង​ថា​ជា​កំណត់ត្រា​នៃ​ប្រជាជន​ទាំងអស់ ដែល​បាន​រស់នៅ​ដែនដី​អាមេរិក​ពី​បុរាណ​នោះ​ទេ ។ ក្រៅពី​សាសន៍​យ៉ារ៉េឌ ម៉ូលេក និង ក្រុម​របស់​លីហៃ វា​អាច​មាន​ក្រុម​ប្រជាជន​ផ្សេងៗ​ដែល​បាន​មក​ដល់​ទ្វីប​អាមេរិក ។

សូម​ពន្យល់​ថា នៅពេល​សាសន៍​អាម៉ាលេកៃ​បាន​បញ្ចប់​កំណត់ត្រា​របស់​គាត់ គាត់​បាន​សរសេរ​ការអញ្ជើញ​ដ៏​មាន​សារៈសំខាន់​ទៅដល់​អស់អ្នកណា​ដែល​នឹង​អាន​ពាក្យ​ពេចន៍​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​អាន​ការអញ្ជើញ​របស់​អាម៉ាលេកៃ​នៅក្នុង អោមណៃ 1:25–26 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​គំនិត​មួយ​ដែល​គាត់​បាន​និយាយ​ដដែលៗ​បី​ដង ។ ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​អ្វី ដែល​ពួកគេ​បាន​រកឃើញ 

  • តើ​ការមក​រក​ព្រះគ្រីស្ទ មាន​ន័យ​យ៉ាង​ដែរ​ចំពោះ​អ្នក ?

សូម​បង្ហាញ​ថា នៅផ្នែក​នៃ​ការអញ្ជើញ​របស់​អាម៉ាលេកៃ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ គាត់​បាន​ទូន្មាន​យើង​ឲ្យ​ធ្វើ​នូវ​រឿង​ជាក់លាក់​មួយ​ចំនួន ។ សូម​សរសេរ​អ្វីដូច​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

មក​រក​ព្រះគ្រីស្ទ ហើយ …

សូម​ឲ្យ​សិស្ស​បើក​ទៅ អោមណៃ 1:25–26 ម្ដងទៀត ។ សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ដោយ​ប្រើ​ឃ្លា​ដែល​ដកស្រង់​ពី​ខគម្ពីរ​ទាំងនេះ ។

  • ដោយ​យោង​តាម អោមណៃ 1:26 តើ​យើង​នឹង​ត្រូវ​បាន​ប្រទានពរ​ចំពោះ​ការធ្វើ​តាម​រឿង​ទាំងនេះ​ដោយ​របៀប​ណា ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ប្រសិនបើ​យើង​មក​រក​ព្រះគ្រីស្ទ ហើយ​តស៊ូ​ដល់​ទីបញ្ចប់ យើង​នឹង​ត្រូវ​បាន​សង្គ្រោះ ។ អ្នក​អាចនឹង​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន 

សូម​ឲ្យ​សិស្ស​ជ្រើសរើស​ឃ្លា​មួយ​នៃ​ឃ្លា​ទាំងឡាយ​ដែល​មាន​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ ឬ គ្រោង​ការនិយាយ​ខ្លី​មួយ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ដែល​ពួកគេ​អាច​ផ្ដល់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ អំពី​របៀប​ដែល​ពួកគេ​អាច​មក​រក​ព្រះគ្រីស្ទ​តាម​របៀប​នោះ ។ សូម​ផ្ដល់​យោបល់​ថា ការនិយាយ​របស់​ពួកគេ​អាច​រួម​មាន ៖ (1) ការអាន អោមណៃ 1:25–26 និង ការពន្យល់​ជា​សម្ដី​ខ្លួន​ឯង​នូវ​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើសរើស (2) ការអាន​ព្រះគម្ពីរ​បន្ថែម​ដែល​បញ្ជាក់ ឬ បន្ថែម​អត្ថន័យ​ទៅដល់​ឃ្លា (3) ការចែកចាយ​បទពិសោធន៍​ដែល​ទាក់ទង​គ្នា​មួយ​មក​ពី​ជីវិត​របស់​ពួកគេ ឬ មក​ពី​ជីវិត​របស់​មនុស្ស​ដែល​ពួកគេ​ស្គាល់ ឬ (3) ការចែកចាយ​នូវ​គំនិត អារម្មណ៍ និង ទីបន្ទាល់​របស់​ពួកគេ ។ ( អ្នក​អាច​សរសេរ​នូវ​យោបល់​ទាំងនេះ​នៅលើ​ក្ដារខៀន ចែក​ក្រដាស​មួយ​សន្លឹក​ឲ្យ​ពួកគេ ឬ អាន​ឮៗ​ដល់​ពួកគេ ដើម្បី​ពួកគេ​អាច​សរសេរ​វា​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ 

សូម​ផ្ដល់​ពេល​ដល់​សិស្ស​ពី​ប្រាំមួយ​ទៅ​ប្រាំពីរ​នាទី ដើម្បី​រៀបចំ​ការនិយាយ​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់ ឲ្យ​ចែកចាយ​នូវ​ការនិយាយ​របស់​ពួកគេ​នៅ​ចំពោះ​មុខ​សិស្ស​ទាំងឡាយ ។ ( ប្រសិនបើ​គ្មាន​ពេល​សម្រាប់​ធ្វើ​វា​ទេ សូម​គិត​ពី​ការសុំ​ឲ្យ​សិស្ស​ខ្លះ​ចែកចាយ​ការនិយាយ​របស់​ពួកគេ​នៅ​ពេល​ចាប់ផ្ដើម​មេរៀន​ក្រោយ ឬ នៅ​ផ្នែក​នៃ​ការប្រជុំ​ក្នុង​ថ្នាក់​នៅពេល​ក្រោយ​ទៀត ។ អ្នក​ក៏​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​នូវ​ការនិយាយ​របស់​ពួកគេ ក្នុង​ពេល​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ នៅក្នុង​ការសន្ទនា​ជាមួយ​នឹង​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ ដើម្បី​បញ្ចប់ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ប្រសិនបើ​យើង​មក​រក​ព្រះគ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត នោះ​យើង​នឹង​ត្រូវ​បាន​សង្គ្រោះ ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

សូម​ណែនាំ​ដល់​សិស្ស​នូវវគ្គ​ចំណេះចំណាន​ខគម្ពីរ​ថ្មីៗ​ពីរ​បី ។ ដើម្បី​ធ្វើ​ដូច្នោះ​បាន សូម​សរសេរ​សេចក្ដី​យោង​បី​បួន​នៅលើ​ក្ដារខៀន ហើយ​សុំ​ឲ្យ​សិស្ស​ចំណាំ​កន្លែង ហើយ​អាន​វគ្គ​នោះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ អ្នក​ក៏​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​វា​តាម​របៀប​ប្លែក​ពី​គេ ដើម្បី​ឲ្យ​ពួកគេ​ងាយ​នឹង​រកមើល ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​នូវ​សេចក្ដី​យោង និង ពាក្យ​គន្លឹះ​នៅក្នុង​វគ្គ​នេះ សូម​គិត​ពី​ការប្រើ​សកម្មភាព « អនុវត្ត​គោលដៅ » នៅក្នុង​ឧបសម័្ពន្ធ​ចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។

កំណត់​ចំណាំ ៖ អ្នក​អាច​ប្រើ​សកម្មភាព​នេះ​នៅ​ថ្ងៃ​ក្រោយ​ទៀត នៅពេល​អ្នក​មាន​ពេល​ច្រើន​ជាង​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អោមណៃ 1:14–15 ។ ប្រជាជន​នៅក្នុង​ដែនដី​អាមេរិក

ក្រោយពី​ស្ដេច​ម៉ូសាយ និង អ្នកដើរតាម​របស់​គាត់​បាន​គេច​ចេញ​ដែនដី​នីហ្វៃ ពួកគេ​បាន​ជួប​នឹង​ក្រុម​មនុស្ស​មួយ​ក្រុម ដែល​បាន​ហៅ​ថា​ជា​ប្រជាជន​ស៊ីនិព្វ ( ក៏​ស្គាល់​ថា​ជា សាសន៍​មូលេក ) ដែរ ។ ក្រៅពី​សាសន៍​ម៉ូលេក ក្រុម​របស់​លីហៃ និង សាសន៍​យ៉ារ៉េឌ ក៏​ទំនង​ជាមាន​ក្រុម​ផ្សេង​ទៀត​ដែល​បាន​មក​ដល់​ទ្វីប​អាមេរិក ។ ព្រះគម្ពីរ​មរមន​មិន​បាន​បញ្ជាក់​ថា ព្រះគម្ពីរមរមន​នេះ​ជា​បញ្ជី​នៃ​ប្រជាជន​ទាំងឡាយ​ ដែល​បាន​រស់នៅ​កាលពី​អាមេរិក​ជំនាន់​ដើម​នោះ​ទេ ។ ប្រធាន អានថូនី ដបុលយូ អាយវិនស៍ នៃ​គណៈប្រធាន​ទី​មួយ​បាន​មាន​ប្រសាសន៍​ថា ៖

« យើង​ត្រូវ​តែ​ប្រយ័ត្ន ពេល​យើង​ឈានទៅ​ដល់​សេចក្ដី​សន្និដ្ឋាន ។ ព្រះគម្ពីរ​មរមន​បាន​បង្រៀន​អំពី​ប្រវត្តិសាស្ដ្រ​នៃ​ប្រជាជន​បី​ក្រុម​ផ្សេង​គ្នា … ដែល​បាន​ចេញ​ពី​កន្លែង​ចាស់​មក​កាន់​ទ្វីប​នេះ ។ ប៉ុន្ដែ​ព្រះគម្ពីរ​មរមន​មិន​បាន​ប្រាប់យើង​ថា គ្មាន​នរណា​ម្នាក់​នៅ​ទីនោះ​ពីមុន​ពួកគេ​នោះ​ទេ ។ ព្រះគម្ពីរ​មរមន​ក៏​មិន​បាន​ប្រាប់យើង​​ថា គ្មាន​ប្រជាជន​មក​តាម​ក្រោយ​នោះ​ដែរ ។ ដូចនេះ​ហើយ ប្រសិនបើ​មាន​របកគំហើញ​ដែល​លើក​ឡើង​ពី​ភាពខុសគ្នា​អំពី​ភាពដើម​នៃជាតិសាសន៍ វា​អាច​នឹង​ងាយ​បកស្រាយ ដោយ​មាន​ហេតុផល ដោយសារ​យើង​ពិត​ជា​ជឿ​ថា ប្រជាជន​ផ្សេង​ទៀត​បាន​មក​ដល់​ទ្វីប​នេះ​មែន » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩២៩ ទំព័រ ១៥ ) ។