បណ្ណាល័យ
មេរៀន​ទី 111 ៖ ហេលេមិន 10


មេរៀនទី 111

ហេលេមិន 10

សេចក្តី​ផ្ដើម

ការសាកល្បង​ដើម្បីសម្រេច​ថា​តើ​នរណា​បាន​ធ្វើ​ឃាត​មេចៅក្រម​បាន​បញ្ចប់ នៅពេល​វិវរណៈរបស់​នីហ្វៃ​អំពី​ឃាតករ​ត្រូវ​បាន​បញ្ជាក់ ។ ដោយ​បាន​រួច​ពី​ការដាក់ទោស​នៃ​ការចោទប្រកាន់​ខុស​ដែល​បាន​សំដៅ​ចំ​ទៅលើ​លោក នីហ្វៃ​បាន​ចាប់ផ្ដើម​ដើរ​ទៅ​ផ្ទះ ។ លោក​បាន​សញ្ជឹងគិត​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​លោក ដោយ​មាន​អារម្មណ៍​ទន់ខ្សោយ​ជាខ្លាំង​ដោយសារតែ​ភាពទុច្ចរិត​របស់​ប្រជាជន ។ នៅក្នុង​ពេល​នៃ​ការគិត និង​ភាពក្រៀមក្រំ​នេះ លោក​បាន​ឮ​សំឡេង​របស់​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​លោក​ដោយ​ផ្ដល់​នូវ​អំណាច​ផ្សារភ្ជាប់ ហើយ​​បញ្ជា​ឲ្យ​លោក​បន្ដ​បង្រៀន​អំពី​ការប្រែចិត្ត​ដល់​ប្រជាជន ។ នីហ្វៃ​បាន​គោរព​តាម​បញ្ជា​របស់​ព្រះអម្ចាស់​ភ្លាម ។

យោបល់​សម្រាប់​ការបង្រៀន

ហេលេមិន 10:1–11

នីហ្វៃ​ទទួល​បាន​អំណាច​នៃ​ការផ្សារភ្ជាប់

សូម​រំឭក​សិស្ស​ពី​វិវរណៈ​របស់​នីហ្វៃ​អំពី​ឃាតកម្ម​នៃ​មេចៅក្រម ដែល​បាន​កត់ត្រា​នៅក្នុង ហេលេមិន 8–9 ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា​ខ្លួនគេ​នៅក្នុង​តំណែង​របស់​នីហ្វៃ គឺ​បន្ទាប់ពី​លោក​បាន​លាតត្រដាង​ពី​អ្នក​ដែល​បាន​សម្លាប់​មេចៅក្រម 

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ ? តើ​អ្នក​រំពឹង​ថា​អ្នកផ្សេង​នឹង​មាន​ប្រតិកម្ម​យ៉ាងណាដែរ ?

  • តើ​អ្នក​ចង់​និយាយ​អ្វី​ខ្លះដល់​ប្រជាជន ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​ប្រជាជន​មិន​ស្ដាប់​តាម​អ្នក ហើយ​ទុក​អ្នក​ឲ្យ​នៅ​ម្នាក់​ឯង​នោះ ?

សូម​ពន្យល់​ថា ក្រោយពី​បាន​បញ្ជាក់យ៉ាង​​ច្បាស់​ពី​ឃាតករ​សម្លាប់​មេចៅក្រមនោះ​​ហើយ នីហ្វៃ​បាន​ចាប់ផ្ដើម​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 10:1–3 ឮៗ​ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​ធ្វើ នៅពេល​គាត់​បាន​ដើរ​ម្នាក់​ឯង ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​ពាក្យ សញ្ជឹងគិត ពេល​វា​លេចឡើង​នៅក្នុង​ខគម្ពីរ​នេះ ។

  • ហេតុអ្វីបានជា​នីហ្វៃ « ទន់ខ្សោយ​ជាខ្លាំង » ?

  • តើ​មាន​អ្វី​បាន​កើតឡើង​នៅពេល​នីហ្វៃ​កំពុង​តែ​សញ្ជឹងគិត​នោះ ? ( សឡេង​​នៃ​ព្រះអម្ចាស់​បាន​បន្លឺ​មក​កាន់​លោក ។ ) តើ​អ្វី​ជា​ទំនាក់ទំនង​រវាង​ការសញ្ជឹងគិត និង​ការទទួល​បាន​វិវរណៈ ?

នៅពេល​សិស្ស​ឆ្លើយ សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​គោលការណ៍​ខាងក្រោម ៖ ការសញ្ជឹងគិត​នូវ​អ្វី​ដែល​ព្រះអម្ចាស់​រៀបចំ​ឲ្យ​យើង​ដើម្បី​ទទួល​បាន​នូវ​វិវរណៈ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​អាច​គិត​ឃើញ​ពី​ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ ឬ​ប្រវត្តិសាសនាចក្រ​ នៅពេល​ប្រជាជន​បាន​ទទួល​វិរវណៈ​ដែល​ជា​លទ្ធផល​នៃ​កាសញ្ជឹងគិត​នូវរឿង​​របស់​ព្រះអម្ចាស់ដែរឬទេ ។ ( ឧទាហរណ៍​រួមមាន​កូនប្រុស​របស់​លីហៃ នីហ្វៃ ដែល​បាន​ទទួល​ការនិមិត្ត​មួយ​ក្រោយពី​ចង់​ទទួល​បាន​នូវ​អ្វីៗ​ដែល​ឪពុក​របស់​គាត់បាន​ឃើញ ហើយ « បាន​អង្គុយ​រំពឹង​គិត​នៅក្នុង​ចិត្ត [ លោក ] » [ សូមមើល នីហ្វៃទី 1 10:17, 11:1] យ៉ូសែប ស្ម៊ីធ ដែល​ការនិមិត្ត​ដំបូងរបស់​លោក​​បានកើត​មាន​​ក្រោយពី​លោក « បាន​គិត … ម្ដង​ហើយ​ម្ដង​ទៀត » អំពី យ៉ាកុប 1:5 [ សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:11–17] និង យ៉ូសែប អេហ្វ ស៊្មីធ ដែល​បាន​ទទួល​ការនិមិត្ត​អំពី​ការប្រោសលោះ​នៃ​អ្នកស្លាប់ ក្រោយពី​បាន​សញ្ជឹងគិត ហើយ​គិត​អំពី​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ [ សូមមើល គ . និង ស . 138:1–6, 11] ) ។

  • តើ​​ការសញ្ជឹងគិត​បាន​ជួយ​អ្នក​ឲ្យ​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួននៅ​ពេលណាដែរ ? ( អ្នក​អាច​លើកឡើង​ថា ការទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​ជាធម្មតា​គឺ​មិនមែន​ជាក់ច្បាស់​ដូចជា​ឧទាហរណ៍​ខ្លះ​នៅក្នុង​ព្រះគម្ពីរ​ឡើយ ។ បទពិសោធន៍​ទទួលវិវរណៈ​ជាធម្មតា​គឺជា​ពេល​នៃ​ការបំភ្លឺ​ភ្លាម​មួយ ដូចជា​នៅពេល​យើង​យល់​អ្វីមួយ​ភ្លាម​នៅពេល​យើង​បាន​ព្យាយាម​រក​ពីពេល​មុន ) ។

  • តើ​មានគ្រា ឬ​ស្ថានភាព​ណាខ្លះ​ដែល​ការសញ្ជឹងគិតរឿង​របស់​ព្រះអម្ចាស់​នឹង​មាន​ភាព​សមរម្យ​ជាពិសេស​នោះ ? ( ឧទាហរណ៍​នៃ​ពេល​បែបនោះ​រួមមាន អំឡុងពេល​ និង ​ក្រោយពី​ការប្រជុំ​សាក្រាម៉ង់ មុនពេល ​និង ​ក្រោយពេល​អធិស្ឋាន​ ហើយនិង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ក្រោយពេល​មើល​ ឬ​ស្ដាប់​សន្និសីទទូទៅ ខណៈ​តមអាហារ ខណៈ​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ខណៈ​ដែល​ថ្វាយបង្គំ​ដល់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ឈប់​សម្រាក ។ )

សូមលើក​ទឹកចិត្ត​សិស្ស​ឲ្យ​ទុកពេល​​សញ្ជឹងគិត​ជា​ទៀងទាត់ ។ សូមណែនាំ​ឲ្យ​ពួកគេ​​សរសេរ​នូវ​ការបំផុស​ដែល​ពួកគេ​បាន​ទទួល​នៅពេល​ពួកគេ​សញ្ជឹងគិត ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​បន្ដ​សិក្សា​បទពិសោធន៍​របស់​នីហ្វៃ សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា អ្នកជិតខាង​របស់​ពួកគេ​នឹង​ទៅ​ឆ្ងាយ​មួយ​រយៈពេល ហើយ​ត្រូវការ​នរណាម្នាក់​ជួយ​មើល​ផ្ទះ និង​កម្មសិទ្ធិ​របស់​គេ ។

  • តើ​អ្នក​គិត​ថា មនុស្ស​បែបណា​ដែល​អ្នកជិតខាង​របស់​អ្នក​នឹង​ចង់​ឲ្យ​ជួយ​មើល​ផ្ទះ​គេ​នោះ ?

  • តើ​អ្នក​អាច​បង្ហាញ​ដល់​អ្នកជិតខាង​របស់​អ្នក​ថា អ្នក​បាន​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​ការទទួលខុសត្រូវ​បែបនោះ​បាន​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 10:4–5 ដោយស្ងៀម​​ស្ងាត់ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​ទុកព្រះទ័យលើ​​នីហ្វៃ​ជាមួយ​នឹង​ពរជ័យ និង​មាន​ទំនួលខុសត្រូវ​ដ៏មហិមា ។ ( អ្នក​អាច​ពន្យល់​ថា ដោយ​គ្មាន​នឿយហត់ មានន័យ​ថា​ដោយ​ឥត​នឿយណាយ ឬ​ដោយ​ឧស្សាហ៍ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វីដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​ការបម្រើ​ដ៏​គ្មាន​នឿយហត់​បង្ហាញ​ថា ព្រះអម្ចាស់​​អាច​ទុកចិត្ត​យើង​ឲ្យ​ទទួល​ពរជ័យ និង​ការទទួលខុសត្រូវ​ដោយ​របៀបណា ?

  • តើ​ការធ្វើ​តាម​គំរូ​របស់​នីហ្វៃ​នៃការមិន​ភ័យខ្លាច​មនុស្ស​អាច​ជួយ​យើង​ឲ្យ​រៀបចំ​សម្រាប់​ការទទួលខុសត្រូវ​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់បាន​​ដោយ​របៀបណា ?

  • តើ​ឃ្លាថា « អ្នក … ពុំ​បាន​រកជីវិត​របស់​អ្នក​ផ្ទាល់ » មាន​ន័យ​យ៉ាងណា​ដល់​អ្នក ?

សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​នូវ​ពរជ័យ និង​ការទទួល​ខុសត្រូវ​នៅពេល​យើង ។ … សូម​ឲ្យ​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​បំពេញ​ប្រយោគ​នេះ​ដោយ​របៀបណា ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​នីហ្វៃ​នៅក្នុង ហេលេមិន 10:4–5 ។ របៀប​មួយ​ដែល​សិស្ស​អាច​បំពេញ​ប្រយោគ​នេះ​គឺ​មាន​ដូច​ខាងក្រោម ៖ ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​នូវ​ពរជ័យ និង​ការទទួល​ខុសត្រូវ នៅពេល​យើង​ដាក់​ព្រះបំណង​របស់​ទ្រង់​មុន​បំណង​របស់​យើង​ផ្ទាល់ ។ អ្នក​អាច​ណែនាំ​ថា សិស្ស​គួរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម ហើយ​សរសេរ​ចម្លើយ​របស់​គេសម្រាប់​សំណួរ​មួយ ។

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក​ថ្មីៗ​នេះ ដើម្បី​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា ព្រះរាជបំណង​របស់​ទ្រង់​មាន​សារៈសំខាន់​ជាង​បំណង​របស់​អ្នក​ផ្ទាល់ ?

  • តើ​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក​ដែល​អ្នក​អាច​នឹង​ធ្វើ​តាម​ព្រះរាជបំណង​របស់​ព្រះអម្ចាស់​គឺជា​អ្វី ?

សូម​ថ្លែងទីបន្ទាល់​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ក្នុង​ការប្រទាន​ដល់​យើង​នូវ​ពរជ័យ​ដ៏​មហិមា និង​អស្ចារ្យ​ជាង​នេះ នៅពេល​យើង​ស្វែងរក​ធ្វើ​តាម​ព្រះរាជបំណង​របស់​ទ្រង់ ហើយ​កាន់តាម​បទបញ្ញត្តិទាំងឡាយ​របស់​ទ្រង់ ។

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 10:5–7 ដោយស្ងៀម​​ស្ងាត់ ​ដោយ​រកមើល​ពរជ័យ ​និង​ការទទួលខុសត្រូវ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​នីហ្វៃ ។ ខណៈដែល​សិស្ស​កំពុង​អាន សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ខ​ទី 5

ខ​ទី 6

ខ​ទី 7

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​សរសេរ​នៅលើ​ក្ដារខៀន ក្បែរ​លេខ​ខគម្ពីរ​ដែល​ត្រូវគ្នា នូវ​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​នីហ្វៃ ។

សូម​បញ្ជាក់​ថា ពរជ័យ​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​នីហ្វៃ​គឺ អំណាច​ផ្សារភ្ជាប់ ។ បន្ទាប់មក សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ អំណាច​ផ្សារភ្ជាប់​ចង និង​ស្រាយ​ចំណង​នៅលើ​ផែនដី និង​នៅលើ​ស្ថានសួគ៌ ។ អ្នក​អាច​ណែនាំថា​សិស្ស​គួរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ​នៅក្បែរ ហេលេមិន 10:7 ។

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ស្គាល់​អ្នកដទៃ​ក្រៅពី​ហេលេមិន​ដែល​ត្រូវបាន​ប្រទាន​នូវ​អំណាច​ផ្សារភ្ជាប់​ទេ ។ ក្រោយពី​សិស្ស​ឆ្លើយតប​ហើយ អ្នក​អាច​ឲ្យ​ពួកគេ​អាន​ឆ្លង​សេចក្ដីយោង ហេលេមិន 10:7 ជាមួយ​នឹង​ព្រះគម្ពីរ​ខាងក្រោម ៖ របាក្សត្រទី 1 17:1 ( អេលីយ៉ា ) ម៉ាថាយ 16:15–19 ( ពេត្រុស ) គោលលទ្ធិ និង សេចក្តីសញ្ញា132:46 ( យ៉ូសែប ស្ម៊ីធ ) ។

សូម​ពន្យល់​ថា កូនសោ​នៃ​អំណាច​ដូចគ្នា​នេះ​មាន​ដល់​សព្វថ្ងៃនេះ​នៅក្នុង​ដៃ​ប្រធានសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ដូចជា​នីហ្វៃ​ដែរ ប្រធាន​​សាសនាចក្រ​បាន​បម្រើ​ដោយ​គ្មាន​នឿយហត់ ហើយ​​បាន​បង្ហាញ​ថា ព្រះអម្ចាស់​អាច​ប្រទាន​ដល់​ពួកគាត់​នូវ​ពរជ័យ និង​ការទទួល​ខុសត្រូវ​ដ៏​មហិមា​បាន ។ ជាញឹកញាប់ យើង​សំដៅ​ភាគច្រើន​លើ​អំណាច​ផ្សារភ្ជាប់​ទាក់ទង​នឹង​ការផ្សារភ្ជាប់​គ្រួសារ​តាមរយៈ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អំណាច​ផ្សារភ្ជាប់ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« ព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធ សេចក្តីសញ្ញា អំណោយទានពិសិដ្ឋ និងពិធីផ្សារភ្ជាប់​ត្រូវបាន​ស្តារឡើងវិញ​យ៉ាងត្រឹមត្រូវ​ដូចដែល​បានព្យាករ ។ ពិធីបរិសុទ្ធ​ទាំងឡាយ​នៃព្រះវិហារបរិសុទ្ធ​ផ្តល់​ឲ្យ​សម្រាប់​ការផ្សះផ្សារ​ជាមួយ​ព្រះអម្ចាស់ ហើយ​ផ្សារភ្ជាប់​ក្រុមគ្រួសារ​ឲ្យរស់នៅ​ជាមួយគ្នា​ជារៀងរហូត ។ ការគោរព​តាម​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ធ្វើ​ឲ្យ​យើង​សក្ដិសម​នឹង​ទទួល​បាន​ជីវិតដ៏នៅអស់កល្បជានិច្ច—អំណោយទាន​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​ដល់​មនុស្សលោក » ( « Prepare for the Blessings of the Temple » Ensign ខែ តុលា ឆ្នាំ 2010 ទំព័រ 42 ) ។

  • តើ​អ្នក​ត្រូវ​បាន​ប្រទានពរ​ដោយ​ចំណេះដឹង​ថា គ្រួសារ​អាច​រួបរួម​គ្នា​អស់កល្បជានិច្ច​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​ស្វែងរក​ពរជ័យ​នៃ​អំណាច​ផ្សារភ្ជាប់​នាពេល​អនាគត​ដោយ​របៀបណា ? ( ចម្លើយ​អាច​រួមមានថា សិស្ស​អាច​រៀបចំ​សម្រាប់​អាពាហ៌ពិពាហ៌ក្នុងព្រះវិហារបរិសុទ្ធ ហើយ​ថា​ពួកគេ​អាច​ធ្វើ​កិច្ចការ​ព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិ​នាពេល​ឥឡូវនេះ ដែល​នឹង​ជួយ​ឲ្យ​គេ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជីដូនជីតា​របស់​គេ​ដែល​បាន​ស្លាប់​ទៅហើយ​នោះ ។

សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​ពរជ័យ​នៃ​អំណាច​ផ្សារភ្ជាប់ និង​សារៈសំខាន់​នៃ​ការទទួល​បាន​ពិធីបរិសុទ្ធផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។

ហេលេមិន 10:12–19

នីហ្វៃគោរព​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់​ដើម្បី​បង្រៀន​អំពី​ការប្រែចិត្ត​ដល់​ប្រជាជន

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​ពន្យារពេល​ធ្វើ​អ្វីមួយ​ដែល​ពួកគេ​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​ទេ ។ ( ឧទាហរណ៍​អាច​មាន​ដូចជា​ការពន្យារពេល​ធ្វើ​កិច្ចការ​ក្នុង​ផ្ទះ ឬ​កិច្ចការ​សាលា ឬ​ពី​កន្លែង​ធ្វើការ ។ )

  • តើ​សារលិខិត​អ្វី​ដែល​យើង​អាច​បង្ហាញ​ទៅ​អ្នកដទៃ នៅពេល​យើង​ពន្យារពេល​ធ្វើ​អ្វី​ដែល​ពួកគេ​សុំ​ឲ្យយើង​ធ្វើ​នោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 10:11–12 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​របៀប​ដែល​នីហ្វៃ​បាន​ឆ្លើយតប​នៅពេល​ព្រះអម្ចាស់​បាន​បញ្ជា​លោក​ឲ្យ​ទៅបង្រៀន​ពី​ការប្រែចិត្ត​ដល់​ប្រជាជន ។

  • តើ​យើង​បង្ហាញ​អ្វីខ្លះ​ដល់​ព្រះអម្ចាស់ នៅពេល​យើង​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​ការណែនាំ​របស់​ទ្រង់ និង​ព្រះបញ្ញត្តិ​ទាំងឡាយ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 10:13–14 ឮៗ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​អាន ហេលេមិន 10:15–17 ឮៗ ។

  • តើ​គំរូ​របស់​នីហ្វៃ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​បង្រៀន​ដល់​យើង​អ្វីខ្លះ ?

  • តើ​ព្រះអម្ចាស់​បាន​ជួយ​នីហ្វៃ​ដោយ​របៀបណា ?

សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ដោយសារតែ​ភាពស្មោះត្រង់​របស់​នីហ្វៃ ព្រះអម្ចាស់​បាន​ការពារ​លោក និង​បាន​ប្រទានដល់​លោក​ឲ្យ​មាន​អំណាច​ដ៏​អស្ចារ្យ ។ នីហ្វៃ​បាន​តាំងចិត្ត​ដើម្បី​​បំពេញ​បេសកកម្ម​ដែល​ព្រះអម្ចាស់​បាន​ដាក់​ឲ្យ​លោក​ធ្វើ ។

  • តើ​អ្នក​អាច​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់​អ្នក​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់​ដោយ​របៀបណា ?

សូម​ណែនាំ​សិស្ស​ឲ្យ​ស្វែងរក​របៀប​ដើម្បី​ដាក់​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ពី​មុន​បំណង​របស់​យើង​ផ្ទាល់ ហើយ​គោរព​តាម​ភា្លមៗ ។ សូម​ធ្វើ​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​កើត​មាន​ នៅពេល​យើង​គោរព​តាម​ព្រះអម្ចាស់ ។

ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

ប្រវែង​នៃ​មេរៀន​នេះ​អាច​អនុញ្ញាត​ឲ្យ​មាន​ពេល​សម្រាប់​ការធ្វើ​តាម​សកម្មភាព​រំឭក​ចំណេះចំណាន​ខគម្ពីរ ។

សូម​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ខគម្ពីរ​ចំណេះចំណាន​ខាងក្រោម​មួយ​ហើយ​អាន​ដោយ​ស្ងៀមស្ងាត់ ៖ នីហ្វៃទី 1 3:7, នីហ្វៃទី 2 2:27, នីហ្វៃទី 2 31:19–20, ម៉ូសាយ 2:17 ។ សុំ​​ឲ្យ​សិស្ស​អាន​វគ្គ​ដែល​ពួកគេ​ទទួល​បាន ហើយ​គិត​ពី​របៀប​ដែល​វា​អនុវត្ត​ដល់​នីហ្វៃ និង​ការបម្រើ​របស់​លោក​ដូចដែល​បាន​កត់ត្រា​នៅក្នុង ហេលេមិន 10 ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សុំ​​ឲ្យសិស្ស​ពីរ​បី​នាក់​ឆ្លើយ ។