បណ្ណាល័យ
មេរៀនទី 109 ៖ ហេលេមិន 6–7


មេរៀនទី 109

ហេលេមិន 6–7

សេចក្តី​ផ្ដើម

បន្ទាប់ពី​ការខិតខំ​ផ្សព្វផ្សាយ​របស់​នីហ្វៃ និង​លីហៃ សាសន៍​លេមិន​បាន​កើនឡើង​នៅក្នុង​សេចក្ដីសុចរិត ។ ទោះជាយ៉ាងណាក្ដី សាសន៍​នីហ្វៃ​បាន​ក្លាយជា​ទុច្ចរិត ហើយ​បាន​ចាប់ផ្ដើម​គាំទ្រ​ពួកចោរ​កាឌីអានតុន ហើយ​ព្រះវិញ្ញាណនៃព្រះអម្ចាស់​បាន​ដកថយ​ចេញពី​ពួកគេ ។ នីហ្វៃ​បាន​ព្យាករ​ថា ប្រសិនបើ​សាសន៍​នីហ្វៃ​បន្ដ​រស់នៅ​ក្នុង​សេចក្ដីទុច្ចរិត ពួកគេ​នឹង​ត្រូវ​បំផ្លាញ​ចោល ។ គាត់​ក៏​បាន​ព្យាករ​ថា ដោយសារតែ​សេចក្តីសុចរិត​របស់​សាសន៍​លេមិន ព្រះអម្ចាស់​នឹង​មាន​សេចក្ដីមេត្តាករុណា​ដល់​ពួកគេ ហើយ​រក្សា​ពួកគេ​វិញ ។

យោបល់​សម្រាប់​ការបង្រៀន

ហេលេមិន 6

សាសន៍​លេមិន​បាន​ក្លាយជា​សុចរិត និង​ប្រយុទ្ធ​នឹង​ពួកចោរ​កាឌីអានតុន ខណៈដែល​សាសន៍​នីហ្វៃ​កើនឡើង​នៅក្នុង​ភាពទុច្ចរិត ហើយ​គាំទ្រ​ដល់​ពួកចោរ​កាឌីអានតុន

សូម​គូស​តារាង​ខាងក្រោម​នៅ​កណ្ដាល​ក្ដារខៀន ៖

រូបភាព
ព្រួញ​ឡើង​លើ

សូម​ឲ្យ​សិស្ស​រកមើល ហើយ​គិត​អំពី​ឥរិយាបថ និង​សកម្មភាព​ដែល​ធ្វើ​ឲ្យ​មាន​​ការកើនឡើងនូវ​ព្រះចេស្ដា​​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​ជីវិត​របស់ពួកគេ និង​​ការថយ​ចុះ​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

សូម​ពន្យល់​ថា មរមន​បានកត់ត្រា​ថា ព្រះអម្ចាស់​បាន​ដក​ព្រះវិញ្ញាណ​របស់​ទ្រង់​ចេញពី​សាសន៍​នីហ្វៃ ហើយ​ចាប់ផ្ដើម​ស្រោចព្រះវិញ្ញាណ​របស់​ទ្រង់​មក​លើ​សាសន៍​លេមិន ( សូមមើល ហេលេមិន 6:35–36 ) ។ សូម​រំឭក​សិស្ស​ថា សាសន៍​នីហ្វៃ « បាន​ក្លាយទៅ​ជាមនុស្ស​ទន់ខ្សោយ ដោយសារតែ​អំពើរំលង​របស់​គេ » ( ហេលេមិន 4:26 ) ។ « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ឈប់​រក្សា​គេ​ទៀតហើយ » ( ហេលេមិន 4:24 ) ហើយ​ពួកគេ « បាន​ទុំ​ល្មម​សម្រាប់​ការបំផ្លិចបំផ្លាញ​ហើយ » ( ហេលេមិន 5:2 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 6:2 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើលតាម ដោយ​រកមើល​សកម្មភាព និង​ឥរិយាបថ​ដែល​នឹងនាំ​សាសន៍​នីហ្វៃ​បន្ដ « [ ទុំ ] ល្មម​សម្រាប់​ការបំផ្លិចបំផ្លាញ​ដ៏​អស់កល្ប​ជានិច្ច » ( ហេលេមិន 6:40 ) ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ចម្លើយ​របស់​គេ​នៅខាង​ក្រោម​ក្ដារខៀន នៅក្រោម ឬ​នៅក្បែរ​សញ្ញា​ព្រួញ​ចុះក្រោម ។ ( អ្នក​អាច​ពន្យល់​ថា​ពាក្យ លែងខ្លាច​បាប មានន័យ​ថា​មិន​ប្រែចិត្ត ហើយ​គ្មាន​ការសោកស្ដាយ ។

សូម​រំឭក​សិស្ស​ថា ដោយសារតែ​ការខិតខំ​ផ្សព្វផ្សាយ​សាសនា​របស់​នីហ្វៃ និង​លីហៃ​កាល​ពី​ឆ្នាំ​មុន សាសន៍​លេមិន​រាប់​ពាន់​នាក់​នៅក្នុង​ដែនដី​សារ៉ាហិមឡា​បាន​ជ្រមុជទឹក ហើយ​សាសន៍​លេមិន​ភាគច្រើន​នៅក្នុង​ដែនដី​នីហ្វៃ​បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ ( សូមមើល ហេលេមិន 5:19–20, 50–51 ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 6:1, 3–5 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​សកម្មភាព និង​ឥរិយាបថ​ដែល​នាំ​សាសន៍​លេមិន​ឲ្យ​រីករាយ​នឹងការ​កើនឡើង​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ​ហើយ សូម​ឲ្យ​សិស្ស​មា្នក់​សរសេរ​ចម្លើយ​របស់​គេ​នៅ​ពាក់កណ្ដាល​នៃ​ក្ដារខៀន នៅលើ ឬ​នៅក្បែរ​សញ្ញា​ព្រួញ​​ឡើងលើ ។

  • តើ​ការ​រឹងប៉ឹង និង​ការ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដីជំនឿ​មាន​ន័យ​យ៉ាង​ណាចំពោះ​អ្នក ? ( សូមមើល ហេលេមិន 6:1 ។ )

  • តើ​សមាជិក​​សាសនាចក្រ​បាន​ឆ្លើយតប​យ៉ាងណា​ទៅនឹង​ការប្រែចិត្ត​ជឿ​របស់​សាសន៍​លេមិន ? ( អ្នក​អាច​បង្ហាញ​ថា ការចែកចាយ​ដំណឹងល្អ និង​មាន​មិត្តភាព​ល្អ​នឹង​ពួកបរិសុទ្ធ​អាច​នាំ​មក​នូវ​សេចក្ដីអំណរ​ដ៏​ខ្លាំង ទោះបីជា​នៅពេល​យើង​ហ៊ុំព័ទ្ធ​ដោយ​អំពើទុច្ចរិត​ក្ដី ។ )

សូម​សង្ខេប ហេលេមិន 6:7–14 ដោយ​ការពន្យល់​ថា ប្រហែល​រយៈពេល​បី​ឆ្នាំ សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​បាន​រីករាយ​នឹង​សន្ដិភាព ។ នៅពេល​ឧស្សាហកម្ម និង​ជំនួញ​បាន​កើនឡើង​រវាង​ពួកគេ ប្រជាជន​ទាំងពីរ​បាន​រីកចម្រើន ។ បន្ទាប់មក នៅក្នុង​ឆ្នាំ​ទី 66 នៃ​រជ្ជកាល​នៃ​ចៅក្រម នោះ​មាន​មេចៅក្រម​ពីរ​រូប​ត្រូវ​បានគេ​​ធ្វើ​ឃាត ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 6:16–17 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ឥរិយាបថ និង​សកម្មភាព​បន្ថែម​ទៀត​ដែល​បណ្ដាល​មក​ឲ្យ​ព្រះវិញ្ញាណ​ចាកចេញ​ពី​សាសន៍​នីហ្វៃ ។ នៅពេល​សិស្ស​រៀបរាប់ពី​​អ្វី​ដែល​ពួកគេ​រកឃើញ សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ចម្លើយ​របស់​គេ​នៅ​ពាក់កណ្ដាល​ខាងក្រោម​នៃ​ក្ដារខៀន នៅក្រោម ឬ​នៅក្បែរសញ្ញា​​ព្រួញ​ចុះក្រោម ។

សូម​ចែកចាយ​ការពិត​ខាងក្រោម​ដល់​សិស្ស​របស់​អ្នក ៖

បេះដូង​មាន​សារសំខាន់​ដល់​ការរស់នៅ​ខាង​រាងកាយ​របស់​យើង ។ វា​បូម​ឈាម​តាមរយៈ​រាងកាយ​យើង ដើម្បី​អុកស៊ីសែន និង​ជីវជាតិ​ផ្សេង​ទៀត​អាច​ទៅកាន់​កោសិកា​របស់​យើង​ទាំងអស់ ។ ដោយ​មាន​ទំហំ​ប្រហែល​ប៉ុន​កណ្ដាប់ដៃ បេះដូង​របស់​មជ្ឈិមវ័យ​បូម​ឈាម​ជា​មធ្យម 7,570 លីត្រ​ប្រចាំ​ថ្ងៃ ។ បេះដូង​លោត​ប្រហែល 70 ដង​ក្នុង​មួយ​នាទី ឬ​ប្រហែល 100,000 ដងក្នុង​មួយ​ថ្ងៃ ។

  • ដោយ​ដឹង​ពី​លក្ខណៈ​ដ៏​សំខាន់​នៃ​បេះដូង​ក្នុង​រាងកាយ​របស់​អ្នក តើ​អ្នក​នឹង​សុខចិត្ត​ធ្វើ​អ្វីខ្លះ​​ដើម្បី​រក្សា​បេះដូង​ឲ្យ​មាន​សុខភាពល្អ ?

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ហេលេមិន 6:17, 21, 26, 28–31 ។ សូម​បង្ហាញ​ថា ខគម្ពីរ​នីមួយៗ​នៅក្នុង​សេចក្ដីយោង​នេះ​ប្រើ​ពាក្យ ចិត្ត ឬ​ដួងចិត្ត, សំដៅ​លើ​បេះដូង​ខាង​វិញ្ញាណ​របស់​យើង ។ សូម​ឲ្យ​សិស្ស​មាន​ពេល​សិក្សា​ខគម្ពីរ​ទាំងនេះ និង​សញ្ជឹងគិត​ដល់​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម ។ ( ដើម្បី​ចំណេញ​ពេល សូម​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន មុន​ចាប់ផ្ដើម​ថ្នាក់ ឬ​រៀបចំ​វា​ជា​ក្រដាស​ចែក​ដល់​សិស្ស ខណៈសិស្ស​សិក្សា​ខគម្ពីរ​ទាំងនេះ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ) ។

តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​សាតាំង​ចាប់អារម្មណ៍​នឹង​ចិត្ត​របស់​កូនចៅ​ព្រះ ?

តើ​សាសន៍​នីហ្វៃ​បាន​ធ្វើ​អ្វីខ្លះ​​ដែលអាច​ឲ្យ​សាតាំង​ក្ដាប់ចិត្ត​របស់​ពួកគេ​បាន ? ( សូម​មើល ហេលេមិន 6:17 ) ។

តើ​មាន​អ្វីខ្លះ​​បាន​កើតឡើង​ដល់​បុគ្គល​ម្នាក់​ដែល​ចិត្ត​របស់​គាត់​​ត្រូវបាន​រងឥទ្ធិពល ឬ​គ្រប់គ្រង​ដោយ​សាតាំង ? ( សូមមើល ហេលេមិន 6:21, 28, 30–31 ) ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លើយ​នឹង​សំណួរ ។ បន្ទាប់មក​​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុមនៃ​ពួក​ដប់​សាវក​ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រកមើល​ដោយ​ប្រុងប្រយ័ត្ន​នូវ​របៀប​ដែល​សាតាំង​ព្យាយាម​ល្បួង​ចិត្ត​យើង ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« វា​អាច​មាន​វិវរណៈ​ក្លែង​បន្លំ ការបំផុស​គំនិត​មក​ពី​អារក្ស ការល្បួង ! ដរាបណា​អ្នក​នៅរស់ ទោះតាម​របៀប​មួយ​ណា​ក្ដី មារសត្រូវ​នឹង​ព្យាយាម​ដឹកនាំ​អ្នក​ឲ្យ​វង្វេង ។ …

« ប្រសិនបើ​អ្នក​ធ្លាប់​ទទួល​បាន​ការបំផុស​គំនិត​មួយ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក មាន​អារម្មណ៍ ថា​មិនស្រណុក​ក្នុង​ចិត្ត​ អ្វី​មួយ​ដែល​អ្នក​ដឹង​នៅក្នុង គំនិត​របស់​អ្នក​ថា​ខុស ហើយ​ផ្ទុយ​ទៅនឹង​គោលការណ៍​នៃ​សេចក្ដីសុចរិត សូម​កុំ​ឆ្លើយតប​នឹង​វា ! » ( « Personal Revelation: The Gift, the Test, and the Promise » Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 61 ) ។

សូម​បន្ថែម ការស្ដាប់តាម និង​ការចុះចាញ់​ការល្បួង ទៅលើ​បញ្ជី​នៅ​ពាក់កណ្ដាល​ក្ដារខៀន​ខាង​ក្រោម ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ក្នុង​ ហេលេមិន 6:20–21, 37–38 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ប្រតិកម្ម​ខុសគ្នា​រវាង​សាសន៍​លេមិន និង​សាសន៍​នីហ្វៃ​ចំពោះ​ឥទ្ធិពល​នៃ​ពួកចោរ​កាឌីអានតុន ។

សូម​ប្រាប់​សិស្ស​ថា ក្រោយពី​មរមន​បាន​កត់ត្រា​អ្វី​ដែល​បាន​កើតឡើង​ដល់​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ហើយ គាត់​បាន​បង្ហាញ​ពី​មេរៀន​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​ពួកគេ ។ សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

សាសន៍​នីហ្វៃ​បាន​បាត់បង់​ព្រះវិញ្ញាណ​ដោយសារ …

ព្រះអម្ចាស់​បាន​ស្រោច​ព្រះវិញ្ញាណ​របស់​ទ្រង់​ទៅលើ​សាសន៍​លេមិន​ដោយសារ …

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 6:34–36 ដោយ​រកមើល​ព័ត៌មាន​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។

  • ដោយផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​អាន​នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​អ្នក​នឹង​បំពេញ​ប្រយោគទាំងឡាយ​នៅលើ​ក្ដារខៀន​ដោយ​របៀបណា ? ( អ្នក​អាច​បំពេញ​ប្រយោគទាំងឡាយ​​នៅលើ​ក្ដារខៀន​ដោយ​ប្រើ​ចម្លើយ​របស់​សិស្ស ) ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​នឹង​យើង​? ( ទោះបីជា​សិស្ស​អាច​មាន​ចម្លើយ​ខុសគ្នាច្រើន​ក្ដី សូម​ប្រាកដ​ថា​ពួកគេ​បង្ហាញ​ថា នៅពេល​យើង​ជឿ ហើយ​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ទ្រង់​នឹង​ស្រោច​ព្រះវិញ្ញាណ​របស់​ទ្រង់​មក​លើ​យើង ។ សិស្ស​ក៏​គួរ​បង្ហាញ​ថា នៅពេល​យើង​អនុញ្ញាត​ឲ្យ​សាតាំង​ក្ដាប់​ដួងចិត្ត​របស់​យើង​បាន នោះព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​ដកថយ​ចេញពី​យើង ) ។

សូម​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅលើ​បញ្ជី​ដែល​ពួកគេ​បាន​សរសេរ​នៅ​ខាងលើ និង​នៅ​ខាងក្រោមសញ្ញា​​ព្រួញ​នៅលើ​ក្ដារខៀន ។ សូម​បង្ហាញ​ថា សកម្មភាព និង​ឥរិយាបថ​នៅ​ពាក់កណ្ដាល​ខាងលើ​នៃ​ក្ដារខៀន​តំណាង​ឲ្យ​ឆន្ទៈ​ជឿ​លើ ហើយគោរព​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ខណៈដែល​សកម្មភាព និង​ឥរិយាបថ​នៅ​ពាក់កណ្ដាល​ខាងក្រោម​នៃ​ក្ដារខៀន​តំណាង​ឲ្យ​អំពើ​ទុច្ចរិត និង​ដួងចិត្ត​រឹងរូស ។

  • តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ ដើម្បី​អញ្ជើញ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​សាតាំង​នៅក្រៅ​ដួងចិត្ត​របស់​អ្នក ?

  • តើ​ការធ្វើ​សកម្មភាព​មួយ​នៅលើ​ពាក់កណ្ដាល​ខាងលើ​នៃ​ក្ដារខៀន​បាន​ជួយ​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ? ( អ្នក​ក៏អាច​សុំ​ឲ្យ​សិស្ស​សញ្ជឹងគិត​ថា​តើ​ពួកគេ​បាន​ធ្វើ​សកម្មភាព​ណាខ្លះ ឬ​បាន​ប្រកាន់​យក​ឥរិយាបថ​ណាខ្លះ​ដែល​បាន​សរសេរ​នៅលើ​ពាក់កណ្ដាល​ខាងក្រោម​នៃ​ក្ដារខៀន ហើយ​គិត​ពី​របៀប​ដែល​វា​នឹង​មាន​លទ្ធផល​ធ្វើ​ឲ្យ​ចុះខ្សោយ​នូវ​ព្រះចេស្ដា​​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​របស់​ពួកគេ ) ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​អ្វីមួយ​ដែល​​ពួកគេ​នឹង​ធ្វើ​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណនៃព្រះអម្ចាស់​មក​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេឲ្យ​​ធ្វើតាម​គោលដៅ​របស់​ពួកគេ ។

ហេលេមិន 7

នីហ្វៃ​បង្រៀន​ដល់​សាសន៍​នីហ្វៃ​ទុច្ចរិត​ទាំងឡាយ ហើយ​បញ្ជា​ពួកគេ​ឲ្យ​ប្រែចិត្ត

សម្រាប់​សំណួរ​នីមួយៗ​ដូចមាន​​ខាងក្រោម​នេះ សូម​ឲ្យ​សិស្ស​ប្រើ​ព្រះគម្ពីរ​របស់​ពួកគេ​ដើម្បី​ស្វែងរក​ចម្លើយ​ឲ្យ​បាន​លឿន​តាម​ដែល​ពួកគេ​អាច​ធ្វើ​ទៅ​បាន ។ សូម​ណែនាំពួកគេ​ឲ្យ​ឈរ នៅពេល​ពួកគេ​បាន​រកឃើញ​ចម្លើយ ។ សូម​ហៅ​​សិស្សដែល​​ក្រោកឈរមុន​គេ​​​ឆ្លើយ​នឹង​សំណួរ​នីមួយៗ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អង្គុយចុះ​មុនពេល​អ្នក​អាន​សំណួរ​បន្ទាប់ទៀត ។

  • យោងតាម ហេលេមិន 7:1 តើ​​ព្យាការីឈ្មោះ​អ្វី​ដែល​បាន​ត្រឡប់​មកពី​ដែនដី​ភាគខាង​ជើង​វិញ ?

  • តើ​ឃ្លា​មួយ​ណា​នៅក្នុង ហេលេមិន 7:2 ពិពណ៌នា​ពី​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​ប្រជាជន​នៅក្នុង​ដែនដី​ភាគខាងជើង ?

  • យោងតាម ហេលេមិន 7:3 ហេតុអ្វី​បានជា​នីហ្វៃ​បាន​ចាកចេញ​ពី​ដែនដី​ទៅ​ភូមិភាគ​ខាង​ជើង ?

  • យោងតាម ហេលេមិន 7:4 តើ​នរណា​ដែល​បាន​ទទួល​​តំណែង​ជា​ចៅក្រម​នៅពេល​នីហ្វៃ​បាន​ត្រឡប់​ទៅ​កាន់​ដែនដី​សារ៉ាហិមឡា​វិញ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 7:5 ឮៗ​ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ពួកចោរ​កាឌីអានតុន​បាន​គ្រប់គ្រង​ប្រជាជន ។

សូម​សង្ខេប ហេលេមិន 7:6–12 ដោយ​ការពន្យល់​ថា នៅពេល​នីហ្វៃ​បាន​ឃើញ​ស្ថានភាព​​ប្រជាជន​របស់​លោក « នោះ​ចិត្ត​លោក​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដីព្រួយ​នៅក្នុង​ទ្រូង​លោក » ( ហេលេមិន 7:6 ) ។ លោក​បាន​ទៅលើ​ប៉ម​ក្នុង​សួនច្បារ​របស់​លោក​ដើម្បី​អធិស្ឋាន ហើយ​បាន​ទួញយំ​ដោយសារ​អំពើទុច្ចរិត​របស់​ប្រជាជន ។ នៅពេល​ប្រជាជន​បាន​ឮលោក​អធិស្ឋាន ហើយ​ទួញយំ នោះ​មាន​មនុស្ស​ជាច្រើន​បាន​ប្រមូលគ្នា​ចង់​ដឹង​ពី​មូលហេតុ​ដែល​លោក​បាន​ក្រៀមក្រំ​យ៉ាងនេះ ។ លោក​បាន​ប្រើ​ឱកាស​នេះ​ដើម្បី​បង្រៀន​ដល់​ពួកគេ ។

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 7:15–16 ដោយ​ស្ងៀមស្ងាត់ ។

  • ហេតុអ្វី​បានជា​នីហ្វៃ​​និយាយ​ថា​ប្រជាជន « ត្រូវតែ​មាន​ចិត្ត​អស្ចារ្យ » ?

  • តើ​សាតាំង​ចង់​បាន​អ្វី ?

សូមឲ្យ​សិស្ស​ឈប់​បន្ដិច ហើយ​គិត​អំពី​រូបភាព​ដែល​នីហ្វៃ​បាន​ប្រើ ។ ក្រោយពី​សាតាំង​បាន​ក្ដាប់​ដួងចិត្ត​របស់​ប្រជាជន​ហើយ នោះ​វា​ចង់​ទាញ​ទម្លាក់​ព្រលឹង​របស់​ពួកគេ​ចុះ​ទៅក្នុង​ភាព​វេទនា​ដ៏​អស់កល្ប ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​នីហ្វៃ​បាន​ព្រមាន​ប្រជាជន​អំពី​បំណង​របស់​សាតាំង ? តើ​នីហ្វៃ​ចង់​ឲ្យ​ពួកគេ​ចៀសចេញ​ពី​អ្វី ?

សូមឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី ហេលេមិន 7:17–22, 26–28 ។ សូមឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​រកមើល​អំពើ​បាប​របស់​សាសន៍​នីហ្វៃ ហើយ​សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​រកមើល​ផលវិបាក​ដែល​នីហ្វៃ​បាន​ព្រមាន​ថា​នឹង​កើតឡើង ប្រសិនបើ​ប្រជាជន​មិន​ព្រម​ប្រែចិត្ត​ទេ​នោះ ។

នៅពេល​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ដំបូង​​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញហើយ​ សូម​បង្ហាញ​ពី​ភាពស្រដៀងគ្នា​ទៅនឹង​អ្វី​ដែល​បាន​សរសេរ​នៅ​ពាក់កណ្ដាល​ខាង​ក្រោម​នៃ​ក្ដារខៀន ។ នៅពេល​សិស្ស​ពាក់កណ្ដាល​ទៀត​រៀបរាប់ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ឃ្លា​អ្វីខ្លះ​នៅក្នុង ហេលេមិន 7:22 ដែល​បង្ហាញពី​អ្វីមួយ​ដែល​​ព្រះអម្ចាស់​ដក​យក​ពី​​អ្នកទាំងឡាយ​ណា​ដែល​មិន​ព្រម​ប្រែចិត្ត​នោះ ? ( អ្នក​អាច​ស្នើ​សុំ​ឲ្យ​សិស្ស​​គូស​ចំណាំ​ឃ្លា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ) ។

  • យោងតាម ហេលេមិន 7:28 តើមាន​​អ្វី​ខ្លះកើត​ឡើង​​នៅពេល​ប្រជាជន​បដិសេធ​មិន​ព្រម​ប្រែចិត្ត​នោះ ? ( ពួកគេ​នឹងត្រូវ​វិនាស​បង់ ។ អ្នក​អាច​ពន្យល់​ថា នៅក្នុង​ករណី​របស់​សាសន៍​នីហ្វៃ ការ​​មិន​ព្រម​ប្រែចិត្ត​របស់ពួកគេ​មាន​ន័យ​ថា ពួកគេ​នឹង​ត្រូវ​វិនាសបង់​ទាំង​ខាង​រាងកាយ និង​ខាង​វិញ្ញាណ ) ។

សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​មិន​ព្រម​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង​ទេ នោះ​យើង​នឹង​បាត់បង់​ការការពារ​ពីព្រះអម្ចាស់ និង​ពរជ័យ​ទាំងឡាយ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ដើម្បី​ជួយ​សិស្ស​ឲ្យយល់​ពី​គោលការណ៍​នេះ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​ផលវិបាក​ដែល​អាច​កើតដល់​ប្រជាជន​នៅក្នុង​ស្ថានភាព​ខាងក្រោម៖ (1) យុវជន​ម្នាក់​មិន​ព្រម​សារភាពពី​​ការញៀន​នឹង​រឿង​អាសអាភាស​របស់​គាត់​ឡើយ (2) អាទិភាព​ដ៏​សំខាន់​របស់​យុវនារី​ម្នាក់​គឺ​ត្រូវ​ក្លាយ​ជា​អ្នក​ល្បីល្បាញ ហើយ​មាន​ប្រជាប្រិយភាព​ម្នាក់ ទោះបីជាឪពុកម្ដាយ​នាង​បាន​បង្រៀន​នាង​រឿង​ផ្សេង​ពី​នេះ​ក្ដី (3) ទោះបីជា​គាត់​បាន​ស្ដាប់​តាម​ការបង្រៀន​របស់​ព្យាការី​ឲ្យ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ព្រះគម្ពីរ ហើយ​អធិស្ឋាន​ក្ដី ក៏​យុវជន​ម្នាក់​បដិសេធ​មិន​ព្រម​ធ្វើ​ដូច្នោះដែរ ។

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​របៀប​ដែល​ពួកគេ​អាច​ត្រូវ​ប្រែចិត្ត ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ប្រែចិត្ត ដើម្បី​ឲ្យ​ពួកគេ​អាច​​មាន​កម្លាំង និង​ការការពារ​ពី​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​គេជានិច្ច ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ហេលេមិន 6:35–36 ។ « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​ដកថយ »

អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់​បាន​បង្រៀន​ថា ជម្រើស និង​សកម្មភាព​របស់​យើង​អាច​បណ្ដាល​ឲ្យ​យើង​ដកថយ​ចេញពី​ព្រះវិញ្ញាណបរិសុទ្ធ ។

« យើង​ក៏​គួរ​ព្យាយាម​ផ្ដាច់ខ្លួន នៅពេល​យើង ‹ ដក [ ខ្លួនយើង ] ចេញពី​ព្រះវិញ្ញាណនៃព្រះអម្ចាស់ ថា​នឹង​គ្មាន​កន្លែងណា​នៅក្នុង [ ខ្លួនយើង ] ដឹកនាំ [ យើង ] ទៅក្នុង​ផ្លូវ​នៃ​គតិបណ្ឌិត​ដែល [ យើង ] អាច​ត្រូវបាន​ប្រទានពរ រីកចម្រើន និង​រក្សា​ទុក › (ម៉ូសាយ 2:36) ។ ដោយសារ​ពរជ័យ​ដែល​បាន​សន្យា​ដ៏​មាន​តម្លៃ​លើសលុប​នោះ​គឺ​ថា យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើងជានិច្ច នោះ​យើង​គួរ​ចូលរួម និង​រៀន​ពី​ជម្រើស និង​ឥទ្ធិពល​ដែល​បំបែក​យើង​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។

« បទដ្ឋាននេះ​គឺ​ច្បាស់ ។ ប្រសិនបើ​យើង​គិត មើល ស្ដាប់ ឬ​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​គម្លាត​ពី​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​គួរ​បញ្ឈប់​ការគិត ការមើល ការស្ដាប់ ឬ​ការធ្វើ​រឿង​នោះ​ទៅ ។ ឧទាហរណ៍ ប្រសិន​បើអ្វីដែល​មាន​បំណងសម្រាប់​ការ​កម្សាន្ត​ ធ្វើ​ឲ្យយើង​លែង​ជិតសិ្នទ្ធ​នឹង​ព្រះវិញ្ញាណបរិសុទ្ធ នោះ​វា​ប្រាកដ​ណាស់​ថា ការកម្សាន្ត​​បែប​នោះ​គឺ​មិនមែន​សម្រាប់​យើង​នោះ​ទេ ។ ដោយសារ​ព្រះវិញ្ញាណ​មិន​អាច​គង់នៅ​ជាមួយ​នឹង​អ្វី​ដែល​គ្រោតគ្រាត អាសអាភាស ឬ​មិន​សមរម្យ នោះ​វា​ច្បាស់​ណាស់​ថា​រឿង​បែបនោះ​គឺ​មិន​មែន​សម្រាប់​យើង​នោះទេ ។ ដោយសារ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ នៅពេល​យើង​ធ្វើ​សកម្មភាព​នានា​ដែល​យើង​ដឹង​ថា​យើង​គួរ​គេច​ចេញ នោះ​រឿង​បែប​នោះ​គឺ​ពិត​ជា​មិនមែន​សម្រាប់​យើង​នោះ​ទេ » ( « ដើម្បី​ឲ្យ​យើង​តែងតែ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2006, ទំព័រ 30 ) ។

ហេលេមិន 6:35–36 ។ « ព្រះអម្ចាស់​ទ្រង់​បាន​ចាប់ផ្ដើមស្រោច​ព្រះវិញ្ញាណទ្រង់ »

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធានទីមួយ​បាន​មាន​ប្រសាសន៍​ដល់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​អំពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការរៀន​ដំណឹងល្អថា ៖

« សិស្ស​ទាំងឡាយ​របស់​យើង​មិន​អាច​ស្គាល់​ព្រះ​ហើយ​មិន​អាច​ដឹង​ពី​របៀប​ស្រឡាញ់​ខ្លាំង​ដូច​ដែល​គេ​ត្រូវ​តែ​ស្រឡាញ់​នោះ​ទេ លុះត្រា​តែ​ពួកគេ​ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។… ដោយសារ​តែ​ព្រះវិញ្ញាណ​តែ​មួយ​គត់​ទើប​ពួកគេ​អាច​ដឹង​ថា ព្រះវរិតាសួគ៌ និង ព្រះរាជបុត្រា​ដែល​មាន​ព្រះជន្ម​រស់ឡើង​វិញ និង មាន​សិរីល្អ​របស់​ទ្រង់​បាន​បង្ហាញ​ខ្លួន​ដល់ យ៉ូសែប ស្ម៊ីធ ។ ដោយ​សារតែ​ព្រះវិញ្ញាណ​តែ​មួយ​គត់​ទើប​ពួកគេ​អាច​ដឹង​ថា ព្រះគម្ពីរ​មរមន​ពិត​ជា​ព្រះបន្ទូល​របស់​ព្រះ ។… ដោយ​សារតែ​ការមាន​សាក្សី​ទាំងនោះ​ទើប​បាន​មុជ​ជ្រៅ​ចូល​ទៅ​ក្នុង​ដួងចិត្ត​របស់​គេ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ពួកគេ​នឹង​ចាក់​ឫស​នៅ​លើ​គ្រឹះ​ដ៏​ពិតប្រាកដ​មួយ ដើម្បី​ឈរ​យ៉ាង​រឹងមាំ​ឆ្លងកាត់​ការល្បួង និង ការសាកល្បង​ទាំងឡាយ​នៃ​ជីវិត​របស់​ពួកគេ » ( « To Know and to Love God » [ address to CES religious educators Feb. 26, 2010] 2 si.lds.org) ។