បណ្ណាល័យ
មេរៀន​ទី 154 ៖ មរ៉ូណៃ 6


មេរៀន​ទី 154

មរ៉ូណៃ 6

សេចក្តីផ្ដើម

នៅពេល​លោក​មរ៉ូណៃ​បាន​រៀបចំ​បញ្ចប់​ការសរសេរ​របស់​លោក​នៅលើ​ផ្ទាំងចំណារ​ហើយ លោក​បាន​ពន្យល់​ពី​ការតម្រូវ​ខ្លះៗ​ចំពោះ​បុគ្គល​នានា​ដើម្បី​ត្រូវបាន​ជ្រមុជទឹក​នៅក្នុង​សាសនាចក្រ ។ បន្ទាប់មក លោក​បាន​សង្ខេប​អំពី​ការទទួលខុសត្រូវ​ទាំងឡាយ​នៃ​សមាជិក​សាសនាចក្រ​ក្នុងការ​យកចិត្តទុកដាក់​ដល់​គ្នា​ទៅវិញទៅមក ។ លោក​ក៏​បាន​ពន្យល់​ពី​គោលបំណង​នៃ​ការប្រជុំ​របស់​សាសនាចក្រ និង​បាន​បញ្ជាក់​ពី​តម្រូវការឲ្យ​មាន​ការប្រជុំ​សាសនាចក្រ​ដែល​ត្រូវបាន​ដឹកនាំដោយ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

យោបល់​សម្រាប់​ការបង្រៀន

មរ៉ូណៃ 6:1–3

លោក​មរ៉ូណៃ​ដាក់​ចេញ​នូវ​តម្រូវការ​មុនពេល​ជ្រមុជទឹក

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​មាន​បងប្អូន​អាយុ​ប្រាំពីរ​ឆ្នាំ ដែល​នឹង​ឈានចូល​ដល់​អាយុ​ប្រាំបី​ឆ្នាំ​ក្នុងពេល​ពីរ​បី​ខែ​ទៀត ។ សូម​ឲ្យ​ពួកគេ​ស្រមៃ​ផងដែរ​ថា ឪពុកម្ដាយ​របស់​គេ​បាន​សុំ​ឲ្យ​ពួកគេ​បង្រៀន​ពី​មេរៀន​រាត្រីជួបជុំក្រុមគ្រួសារ​មួយ​អំពី​របៀប​ដើម្បី​រៀបចំ​សម្រាប់​ពីធីបុណ្យ​ជ្រមុជទឹក ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​នឹង​បង្រៀន ដើម្បី​ជួយ​ដល់​ប្អូន​របស់​គេ​រៀបចំ​ដើម្បី​ជ្រមុជទឹក ។

សូម​ពន្យល់​ថា មរ៉ូណៃ 6 រួមមាន​ការរៀបរាប់​អំពី​តម្រូវការ​សម្រាប់​ពិធីបុណជ្រមុជទឹក ។ សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 6:1–3 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​តម្រូវការ​សម្រាប់​ពិធីបុណជ្រមុជទឹក ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ពិចារណា​ពី​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា វា​មាន​ន័យយ៉ាងណា​ដែល​ថា អ្នកដែល​ចង់​ជ្រមុជទឹក​ត្រូវ​នាំ « មក​នូវ​លទ្ធផល​ដែល​​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​សម​នឹង​ទទួល » ? ( ពួកគេ​ត្រូវ​រស់នៅ​ដោយ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ដោយ​បង្ហាញ​ថា ពួកគេ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ និង​រក្សា​សេចក្តីសញ្ញានៃ​ពិធីបុណ្យជ្រមុជទឹក )។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វាសំខាន់​សម្រាប់​បុគ្គល​ម្នាក់​ដើម្បី​មាន « ចិត្តសង្រេង និង វិញ្ញាណទន់ទាប» មុនពេល​ជ្រមុជទឹក ? ( អ្នក​អាច​ពន្យល់​ថា​ឃ្លា « ចិត្តសង្រេង និង វិញ្ញាណទន់ទាប » សំដៅ​លើ​ការបន្ទាបខ្លួន និង​ឆន្ទៈ​របស់​បុគ្គល​ម្នាក់ក្នុងការ​ប្រែចិត្ត និង​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ )។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 6:3 ឮៗ​ហើយ​សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើលអ្វី​ដែល​យើង​ធ្វើសេចក្តីសញ្ញា​ថា​នឹង​ធ្វើ​នៅពេល​បុណ្យជ្រមុជទឹក ។ សិស្ស​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ តាមរយៈ​ពិធីបុណជ្រមុជទឹក យើង​ធ្វើសេចក្តីសញ្ញា​ថា​នឹង​លើកដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​បម្រើ​ទ្រង់​ដល់​ចុង​បំផុត ។ ( អ្នក​អាច​សុំ​ឲ្យ​សិស្ស​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​មុន អំពី​អត្ថន័យនៃ​ការលើកដាក់​មក​លើ​ខ្លួនយើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ )។

  • ចេញពី​បទពិសោធន៍​របស់​អ្នក ហេតុអ្វី​បានជា​បុគ្គល​ម្នាក់​ដែលចង់​ជ្រមុជទឹក ត្រូវ​ប្ដេជ្ញាចិត្ត​ថា​នឹង​បម្រើ​ព្រះយេស៊ូវគ្រីស្ទ​ដល់​ចុងបំផុត ?

  • តើ​អ្នកបាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រក្សា និង​ពង្រឹង​ការប្ដេជ្ញាចិត្ត​របស់​អ្នក​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់ ?

មរ៉ូណៃ 6:4

លោក​មរ៉ូណៃ​ពន្យល់​ពី​របៀប​ដើម្បី​យកចិត្ត​ទុកដាក់ និង​ជួយ​ដល់​សមាជិក​​សាសនាចក្រ​ខាង​វិញ្ញាណ

សូម​ប្រាប់​សិស្ស​ថា ក្រោយពី​ការរៀបរាប់​ពី​តម្រូវការ​មុនពេល​ជ្រមុជទឹក​ហើយ លោក​មរ៉ូណៃ​បាន​ពន្យល់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ជំនាន់​របស់​លោក​ដើម្បី​ជួយ​ដល់​បុគ្គល​ដែល​ទើប​បាន​ជ្រមុជទឹក​ថ្មីៗ​ឲ្យ​នៅ​បន្ដ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 6:4 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​អ្វី​ដែល​សមាជិក​សាសនាចក្រ​បាន​ធ្វើ​ដើម្បី​ជួយ​ដល់​អ្នកប្រែចិត្ត​ថ្មី ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្តារខៀន ។

សូម​ឲ្យ​សិស្ស​សង្ខេប​អ្វី​ដែល មរ៉ូណៃ 6:4 បង្រៀន​អំពី​ការទទួលខុសត្រូវ​របស់​យើង​ចំពោះ​សមាជិក​ផ្សេងទៀត​នៃ​សាសនាចក្រ ជាពិសេស​ចំពោះ​សមាជិក​ថ្មី ។ ( ឧទាហរណ៍ សិស្ស​អាច​ឆ្លើយ​ដូចខាងក្រោម ៖ យើង​មាន​ទំនួលខុសត្រូវ​មួយ​ក្នុងការចងចាំ​ដល់​សមាជិក​​សាសនាចក្រ​ផ្សេងទៀត និង​ជួយ​ពួកគេ​ខាងវិញ្ញាណ​ដោយ​ព្រះបន្ទូលព្រះ ។ ពួកគេ​ក៏​អាច​និយាយ​ថា យើង​គួរ​ជួយ​គ្នា​ទៅវិញទៅមក​ឲ្យ​ប្រយ័ត្ន និង​អធិស្ឋាន​ជានិច្ច ហើយថា យើង​គួរ​ជួយ​គ្នា​ទៅវិញទៅមក​ឲ្យ​ពឹងពាក់​ទៅលើ​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ )។

  • តើ​យើង​អាច​បំពេញ​ការទទួលខុសត្រូវ​ក្នុង​ការចងចាំ​ដល់​គ្នា​ដោយរបៀបណា ?

  • តើ​យើង​ជួយ​គ្នា​ដោយ « ព្រះបន្ទូល​ល្អ​របស់​ព្រះ » ដោយ​របៀបណា ?

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​កើត​ចេញ​​ពី​ការទទួល​បាន​ជំនួយ​ដោយ​ព្រះបន្ទូលព្រះ ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« មនុស្ស​ភាគច្រើន​មិន​មក​ព្រះវិហារ​ដោយ​គ្រាន់តែ​រកមើល​ការពិត​នៃ​ដំណឹងល្អ​ពីបី ឬ​រកមើល​មិត្តភក្ដិ​ចាស់ៗ​ប៉ុណ្ណោះទេ ទោះបីជា​ទាំងអស់​នេះ​សំខាន់​ក្ដី ។ ពួកគេ​មក​រក​បទពិសោធន៍​ខាង​វិញ្ញាណ ។ ពួកគេ​ចង់​បាន​សេចក្ដីសុខសាន្ដ ។ ពួកគេ​ចង់​ឲ្យ​សេចក្ដីជំនឿ​របស់​គេ​រឹងមាំ និង​សេចក្ដីសង្ឃឹម​ជាថ្មី ។ និយាយ​រួម​ទៅ ពួកគេ​ចង់​បាន​ជំនួយ​ដោយ​ព្រះបន្ទូល​ល្អ​នៃ​ព្រះ ដើម្បី​បាន​រឹងមាំ​ដោយ​ព្រះចេស្ដា​នៃ​សា្ថនសួគ៌ ។ ពួកយើង​ទាំងអស់​គ្នា​ដែល​ត្រូវបាន​ហៅ​ឲ្យ​និយាយ ឬ​បង្រៀន ឬ​ដឹកនាំ មាន​កាតព្វកិច្ច​មួយ​ដើម្បី​ជួយ​ផ្គត់ផ្គង់​បាន​ល្អ​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​ទៅបាន » ( « A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ 1998 ទំព័រ 26 ) ។

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​មនុស្ស​ដែល​ខិតខំ ឬ​ដែល​បាន​ខិតខំ​ចងចាំ និង​ជួយ​ដល់​ពួកគេ​ខាងវិញ្ញាណ ។ សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​ធ្លាប់​គិត ពីឧទាហរណ៍ណាមួយ​អំពីនរណា​ម្នាក់​ដែល ​បាន​អធិស្ឋាន​សម្រាប់​ពួកគេ បាន​រៀបចំ​មេរៀន​សម្រាប់​ពួកគេ បាន​លើកទឹកចិត្ត​ដល់​ពួកគេ​នៅក្នុង​សកម្មភាព​របស់​ពួកគេ​នៅក្នុង​សាសនាចក្រ និង​បាន​ជួយ​ពួកគេ​ឲ្យ​ឆ្លងកាត់​ឧបសគ្គ​ដែល​ពួកគេ​បាន​ជួប​ទេ ។ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយ​ពី​ពរជ័យ​ដែល​ពួកគេ​មាន ដោយសារ​នរណាម្នាក់​បាន​ចងចាំ​ដល់​ពួកគេ និង​ជួយ​ពួកគេ​ដោយ​ព្រះបន្ទូលព្រះ ។ អ្នក​អាច​ពិចារណា​ក្នុងការ​ឲ្យ​សិស្ស​មាន​ពេល​សរសេរ​សំបុត្រ​ដើម្បី​ថ្លែងអំណរគុណ​ដល់​មនុស្ស​ដែល​ខិតខំ​ជួយ​ដល់​ពួកគេ ។

សូម​ឲ្យ​សិស្ស​គិត​ពី​បុគ្គល​ជាក់លាក់​ដែល​ព្រះអម្ចាស់​អាច​ចង់​ឲ្យ​ពួកគេ​ចងចាំ ឬ​ជួយ ។ សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​បំពេញ​ទំនួលខុសត្រូវ​ដែល​ពួកគេ​មាន​ចំពោះ​សមាជិក​ផ្សេងទៀត​នៃ​សាសនាចក្រ​បាន​កាន់តែ​ប្រសើរ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​យកចិត្ត​ទុកដាក់​ជាពិសេស​ដល់​តម្រូវការ​របស់​សមាជិក​ថ្មី ។

មរ៉ូណៃ 6:5–9

លោក​មរ៉ូណៃ​រៀបរាប់​ពី​គោលបំណង​នៃ​ការប្រជុំ​ក្នុង​សាសនាចក្រ និង​របៀប​ដែល​ការប្រជុំ​នោះ​ត្រូវ​ធ្វើ

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ម្នាក់ៗ​គឺជា​ឪពុក​របស់​យុវជន ឬ​យុវនារី​ម្នាក់ ដែល​បាន​និយាយ​កាលពី​ពីរ​បី​សប្ដាហ៍​មុន​ថា គេ​មិន​ចង់​ទៅ​ព្រះវិហារ ដោយសារ​វា​គ្មានន័យ និង​គួរ​ឲ្យ​ធុញទ្រាន់ ។ សូម​ឲ្យ​សិស្ស​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​នឹង​និយាយ​ដើម្បី​លើកទឹកចិត្ត​ដល់​យុវវ័យ​រូបនេះ​ឲ្យ​ទៅ​ព្រះវិហារ និង​របៀប​ដែល​ពួកគេ​អាច​ជួយ​គេ​ឲ្យ​យល់​ពី​មូលហេតុ​ត្រឹមត្រូវ​ក្នុងការ​ចូលរូម​ក្នុង​ព្រះវិហារ​ឲ្យ​បាន​ទៀងទាត់ ។

សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោមនេះ​នៅ​លើ​ក្តារខៀន ៖

ក្នុង​នាមជា​សមាជិក​សាសនាចក្រ យើង​ត្រូវ​ជួបប្រជុំ​គ្នា​ឲ្យ​បាន​ញឹកញាប់ …

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 6:5–6 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​របៀប​ដើម្បី​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ សូម​សរសេរ​ចម្លើយ​របស់​គេ​នៅលើ​ក្ដារខៀន ។ ចម្លើយ​របស់​ពួកគេ​អាច​រួមមាន​សេចក្ដីពិត​ដូចខាងក្រោម ៖

ក្នុង​នាមជា​សមាជិក​សាសនាចក្រ យើង​ត្រូវ​ជួបប្រជុំ​គ្នា​ឲ្យ​បាន​ញឹកញាប់​ដើម្បី​តមអាហារ និង​អធិស្ឋាន ។

ក្នុង​នាមជា​សមាជិក​សាសនាចក្រ យើង​ត្រូវ​ជួបប្រជុំ​គ្នា​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ពង្រឹង​ដល់​គ្នាទៅវិញទៅមក​ខាង​វិញ្ញាណ ។

ក្នុង​នាមជា​សមាជិក​សាសនាចក្រ យើង​ត្រូវ​ជួបប្រជុំ​គ្នា​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ទទួល​យក​សាក្រាម៉ង់​ដើម្បី​ចងចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ ។

អែលឌើរ ដាល្លិន អេច អូក នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ បានចែកចាយ​ផ្នែក​មួយ​នៃ​សំបុត្រ​មួយ​ច្បាប់​ពី​មិត្តម្នាក់ ដែល​បាន​រៀន​ពី​របៀប​ដើម្បី​រកបាន​សេចក្ដីអំណរ​ក្នុង​ការចូលរួម​ក្នុង​ព្រះវិហារ ៖

រូបភាព
អែលឌើរ​ ដាល្លិន អេក អូក

« ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្ញុំ​អំពី​ការទៅ​ព្រះវិហារ ។ ខ្ញុំ​លែង​ទៅ​ព្រះវិហារ​ដើម្បី​ខ្លួន​ខ្ញុំ​ទៀត​ហើយ ប៉ុន្ដែ​ដើម្បី​គិត​ដល់​អ្នកដទៃ ។ ខ្ញុំ​បាន​និយាយ​សួស្ដី​ដល់​មនុស្ស​ដែល​អង្គុយ​ម្នាក់ឯង ស្វាគមន៍​អ្នកមក​ចូលរួម … ស្មគ្រ័ចិត្ត​ចំពោះ​ការហៅ​បម្រើ ។ …

« សរុបទៅ ខ្ញុំ​ទៅ​ព្រះវិហារ​រាល់សប្ដាហ៍​ដោយ​មាន​បំណង​ចង់​សកម្ម ឬ​មិន​មែន​អសកម្ម ហើយ​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ជាវិជ្ជមាន​ដល់​ជីវិត​របស់​មនុស្ស​ផ្សេងទៀត ។ ជាលទ្ធផល ការចូលរួម​ក្នុង​ការប្រជុំ​នៃ​ព្រះវិហារ​របស់​ខ្ញុំ វា​រីករាយ និង​ពេញលេញ​យ៉ាងខ្លាំង​ជាងមុន » ( បាន​ដកស្រង់​នៅក្នុង « Unselfish Service » EnsignLiahona ខែ ឧសភា ឆ្នាំ 2009 ទំព័រ 96 ) ។

នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​អ្នក​នៅក្នុង​ថ្នាក់​របស់​អ្នក សូម​គិត​ពី​សួរ​សំណួរ​នេះ​ខ្លះ ឬ​ទាំងអស់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​វិភាគ និង​អនុវត្ត​នូវ​គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ​ពី មរ៉ូណៃ 6:5–6 ៖

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​បង្រៀន​ដល់​អ្នក​ពី​សារៈសំខាន់​នៃ​ការអធិស្ឋាន និង​ការតមអាហារ​ជាមួយ​នឹង​សមាជិក​ក្នុង​វួដ ឬ​សាខា​របស់​អ្នក ?

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាងណា​ដែល​ថា យើង​ត្រូវ « ពិគ្រោះ​គ្នា​ទៅវិញទៅមក​អំពី​សុខុមាលភាព​ដល់​ព្រលឹង [ របស់​យើង ] » ? ( មរ៉ូណៃ 6:5 ) ។តើ​យើង​ធ្វើ​ការណ៍​នៅក្នុង​ព្រះវិហារ​ដោយ​របៀបណា ?

  • តើ​បទពិសោធន៍​របស់​យើង​នៅ​ឯ​សាសនាចក្រ​អាច​មាន​ឥទ្ធិពល​បែបណា ប្រសិនបើ​យើង​ចូលរួម​ដោយ​មាន​បំណង​ចង់​ពង្រឹង​ដល់​អ្នកដទៃ​ខាងវិញ្ញាណ​នោះ ?

  • តើ​មាន​រឿងអ្វីខ្លះ​ដែល​យើង​អាចចងចាំ​អំពី​ព្រះអង្គសង្គ្រោះ នៅពេល​យើង​ទទួល​យក​សាក្រាម៉ង់ ? តើ​ការទទួលយក​ពិធីសាក្រាម៉ង់​អាច​ជួយ​យើង​ឲ្យ​ចងចាំ​ដល់​ទ្រង់​ពេញមួយ​សបា្ដហ៍​ដោយ​របៀបណា ?

  • តើ​ការទៅ​ព្រះវិហារ​ដោយ​មាន​គោលបំណង ដូចដែល​យើង​បាន​ពិភាក្សា​នេះ អាច​ជួយ « រក្សា [ យើង ] ឲ្យ​នៅក្នុង​ផ្លូវ​ត្រូវ » ដោយរបៀបណា ? ( មរ៉ូណៃ 6:4 ) ។តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​ដទៃ​ទៀត​ឲ្យ​ចូលរូម​ក្នុង​ការប្រជុំ​សាសនាចក្រ ?

សូម​អាន​ឮៗ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« គ្មាន​កន្លែងណា​នៅក្នុង​ស៊ីយ៉ូន​សម្រាប់​អ្នកមាន​អំពើបាប​ដោយ​ចេតនា​នោះទេ ។ មាន​តែ​កន្លែង​សម្រាប់​អ្នកមាន​អំពើបាប​ដែល​បានប្រែចិត្ត សម្រាប់​អ្នកដែល​បែរចេញ​ពី​អំពើទុច្ចរិត ហើយ​ស្វែងរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច និង​ពន្លឺ​នៃ​ដំណឹងល្អ » ( Conference Report ខែ មេសា ឆ្នាំ 1915 ទំព័រ 120 ) ។

បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 6:7–8 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​អ្វី​ដែល​អ្នកដឹកនាំ​សាសនាចក្រ​នៅក្នុង​ជំនាន់​របស់​មរ៉ូណៃ​ត្រូវ « គោរព​យ៉ាង​តឹងរ៉ឹង » ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រៀន ។ អ្នក​អាច​ពន្យល់​ថា នៅក្នុង​ខគម្ពីរ​នេះ​ឃ្លា « លុបចេញ » មានន័យ​ថា ការផ្ដាច់​ទំនាក់ទំនង ។ ប្រសិន​បើ​សមាជិក​នៃ​សាសនាចក្រ​ប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ហើយ​មិន​ប្រែចិត្ត​ទេ ពួកគេ​អាច​ត្រូវ​លុបចេញ ឬ​បាត់បង់​សមាជិកភាព​របស់​គេ​នៅក្នុង​សាសនាចក្រ និង​ពរជ័យ​ទាំងឡាយ​នៃ​សេចក្តីសញ្ញា​របស់​ពួកគេ ។

  • តើ​មាន​រឿង​អ្វីខ្លះ​ដែល​អ្នកដឹកនាំ​សាសនាចក្រ​នាពេល​សព្វថ្ងៃនេះ​ធ្វើ​ដើម្បី​ជួយ​ដល់​យើង​ចៀសផុតពី​អំពើទុច្ចរិត ?

  • យោងតាម មរ៉ូណៃ 6:8 តើ​សេចក្ដីសន្យា​អ្វី​ដែល​ត្រូវបាន​ប្រទានដល់​យើង ប្រសិនបើ​យើង​ប្រែចិត្ត​ពីអំពើបាប​របស់​យើង​ដោយ​ស្មោះស​នោះ ? ( យើង​ប្រែចិត្ត និង​ស្វែងរក​ការអភ័យទោស​ឲ្យ​បាន​ញឹកញាប់​ដោយមាន​បំណង​ពិតប្រាកដ នោះ​យើង​នឹង​ត្រូវបាន​អភ័យទោស​ឲ្យ )។

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​ឱកាស​ដែល​ពួកគេ​មាន​ដើម្បី​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណបរិសុទ្ធ អំឡុងពេល​ការប្រជុំ​ជាប្រចាំ​ក្នុង​សាសនាចក្រ​នៅ​ថ្ងៃអាទិត្យ ( ឧទាហរណ៍ អំឡុងពេល​ការអធិស្ឋាន អំឡុងពេល​សាក្រាម៉ង់ ពេល​សមាជិក​និយាយ ឬ​បង្រៀន ពេល​ច្រៀង​ទំនុកតម្កើង ឬ​ពេល​សញ្ជឹងគិត​ពី​ព្រះគម្ពីរ អំឡុងពេល​បង្រៀន ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 6:9 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​តួនាទី​អ្វី​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​គួរ​មាន​នៅក្នុង​ការប្រជុំ​ទាំងឡាយ ។

  • តើ​សេចក្ដីពិត​អ្វី​ដែល​យើង​រៀនពី មរ៉ូណៃ 6:9 អំពី​របៀប​ដែល​ការប្រជុំ​សាសនាចក្រ​គួរ​ប្រព្រឹត្ត ? ( ការប្រជុំ​សាសនាចក្រ​ត្រូវធ្វើ​ឡើង​ដោយ​ព្រះចេស្តានៃ​ព្រះវិញ្ញាណបរិសុទ្ធ )។

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ការប្រជុំ​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ការពិត​នេះ​អនុវត្ត​ដល់​គ្រប់ផ្នែក​ទាំងឡាយ​នៃ​ការប្រជុំ​ក្នុង​សាសនាចក្រ សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា​ខ្លួនគេ​នៅក្នុង​តំណែង​របស់​បុគ្គល​នៅក្នុង​ស្ថានភាព​ដូច​ខាងក្រោម​នេះ ។ ( អ្នក​អាច​ចង់​សរសេរ​ស្ថានភាព​ទាំងនេះ​នៅលើ​ក្ដារខៀន​មុនពេល​បង្រៀន ឬ​រៀបចំ​វា​ជា​ក្រដាស​ចែក )។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែល​គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង មរ៉ូណៃ 6:9 នេះ​អាច​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ស្ថានភាព​នីមួយៗ ។

  1. អ្នកធ្លាប់បាន​សុំ​ឲ្យ​និយាយ​នៅក្នុង​ការប្រជុំសាក្រាម៉ង់​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  2. អ្នកធ្លាប់បាន​សុំ​ឲ្យ​ធ្វើ​ការសម្ដែង​តន្ដ្រី​សម្រាប់​ការប្រជុំសាក្រាម៉ង់​នាពេល​ខាងមុខ​នេះ ។

  3. អ្នក​កំពុង​អង្គុយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ហើយ​មាន​ការ​បំផុស​គំនិត​​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ប៉ុន្ដែ​អ្នក​មិន​ដឹង​ប្រាកដ​ថា​ត្រូវ​និយាយ​អ្វី ។

សូម​រំឭក​សិស្ស​ថា នៅក្នុង​មេរៀន​នេះ​ពី​ដំបូង អ្នក​បាន​សុំ​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ឪពុកម្ដាយ​អាច​និយាយ​ដើម្បី​លើកទឹកចិត្ត​យុវជន ឬ​យុវនារី​ឲ្យ​ចូលរួម​ក្នុង​សាសនាចក្រ ។ ដើម្បី​បញ្ចប់​មេរៀននេះ សូមសួរ​សិស្ស​ថា តើ​ពួកគេ​បាន​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​ចែកចាយ​ទេ ។ បន្ទាប់មក សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​នៃ​ការចូលរួម​ក្នុង​សាសនាចក្រ និង​គោលការណ៍​ផ្សេងទៀត​ដែល​អ្នក​បាន​ពិភាក្សា​នៅថ្ងៃនេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរ៉ូណៃ 6:2 ។ « ចិត្តសង្រេង និង វិញ្ញាណទន់ទាប »

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ពន្យល់​ពី​អត្ថន័យ​ដើម្បី​ថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​ចិត្តសង្រេង និង វិញ្ញាណទន់ទាប ៖

« នៅពេល​អ្នក​ស្វែងរក​ពរជ័យ​នៃ​ការប្រែចិត្ត​ជឿ អ្នក​អាច​ថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​អំណោយ​នៃ​ចិត្ត​សង្រេង ឬ​ការ​ប្រែចិត្ត និង​វិញ្ញាណ​ទន់ទាប ឬ​ការគោរព​តាម ។ ជាក់ស្ដែង វា​គឺ​ជា​អំណោយ​នៃ​ខ្លួន​អ្នក​ផ្ទាល់​តែ​ម្ដង —គឺ​ថា​អ្នក​ជា​នរណា ហើយ​អ្នក​នឹង​ក្លាយ​ជា​នរណា » ( « When Thou Art Converted » EnsignLiahona ខែ ឧសភា ឆ្នាំ 2004 ទំព័រ 12 ) ។

មរ៉ូណៃ 6:4 ។ « លាងជម្រះ​ដោយ​ព្រះចេស្តានៃ​ព្រះវិញ្ញាណបរិសុទ្ធ »

យើង​ទទួល​បាន​អំណាច​បន្សុទ្ធ​ពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​តាមរយៈ​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល នីហ្វៃទី 3 27:19–20; មរ៉ូណៃ 6:4) ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ដូច​នេះ ៖

« អំពើ​បាប​មិនមែន​ត្រូវបាន​អតឱន​នៅក្នុង​ទឹក​នៃ​បុណ្យជ្រមុជទឹក ដូចដែល​ពេល​យើង​និយាយ​ដោយ​ន័យ​បង្កប់ តែ​តាម​ពិត​​នៅពេល​យើង​ទទួល​បាន​ព្រះវិញ្ញាណបរិសុទ្ធ ។ វា​គឺជា​ព្រះវិញ្ញាណបរិសុទ្ធ​នៃ​ព្រះ​ដែល​លុប​ចេញ​នូវ​ការខុសឆ្គង និង​នាំ​មក​ឲ្យយើង​នូវ​សភាព​នៃ​សេចក្តីសុចរិត ។ យើង​បាន​លាងជម្រះ នៅពេល​យើង​ពិតជា​ទទួល​បាន​ភាពជា​មិត្ត និង​ភាពជាដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក វា​គឺជា​អំពើបាប និង​ស្នឹម និង​អំពើ​អាក្រក់​នោះ ដែល​ត្រូវបាន​ដុតចេញពី​ព្រលឹង​របស់​យើង ដូចជា​ភ្លើង ។ បុណ្យជ្រមុជទឹក​ជា​ព្រះវិញ្ញាណបរិសុទ្ធ គឺជា​បុណ្យជ្រមុជទឹក​ដោយ​ភ្លើង » (A New Witness for the Articles of Faith [ ឆ្នាំ 1985 ] ទំព័រ 290 សូម​មើល​ទំព័រ 239 ផងដែរ ) ។

មរ៉ូណៃ 6:4 ។ កាតព្វកិច្ច​របស់​យើង​ដើម្បី​ជួយ​ដល់​គ្នា​ទៅវិញទៅមក

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធានទីមួយ​បាន​ចែកចាយ​បទពិសោធន៍​ដូច​ខាង​ក្រោម ៖

« ខ្ញុំ​បាន​ឃើញ​អ្នក​គង្វាល​ជាច្រើន​ដែល​ចិញ្ចឹម​ហ្វូងចៀម​របស់​ពួកគេ ។ ម្នាក់​នោះ​គឺ​ប្រធាន​នៃ​កូរ៉ុម​ឌីកិន​ម្នាក់ ។ សមាជិក​កូរ៉ុម​របស់​គាត់​ម្នាក់​បាន​រស់នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ ។ ក្មេងប្រុស​ជិតខាង​នោះ​មិន​ដែល​បាន​ចូលរួម​ក្នុង​ការប្រជុំ​កូរ៉ុម ហើយ​ក៏​មិន​ដែល​បាន​ធ្វើ​អ្វី​ជាមួយ​នឹង​សមាជិក​នៃ​កូរ៉ុម​របស់​គាត់​ដែរ ។ ឪពុកចុង​របស់​គាត់​មិន​មែន​ជា​សមាជិក​ឡើយ ហើយ​ម្ដាយ​របស់​គាត់​មិន​បាន​ទៅ​ព្រះវិហារ​ឡើយ ។

« គណៈប្រធាន​នៃ​កូរ៉ុម​ឌីកិន​របស់​គាត់​បាន​ប្រជុំ​ប្រឹក្សា​នៅ​ថ្ងៃ​អាទិត្យ​មួយ ។… នៅក្នុង​ការប្រជុំ​គណៈប្រធាន​របស់​គេ អ្នកគង្វាល​អាយុ 13 ឆ្នាំ​ទាំងនោះ​បាន​ចងចាំ​ដល់​ក្មេងប្រុស​ដែល​មិន​ដែល​បាន​មក​នោះ ។ ពួកគេ​បាន​និយាយ​អំពី​តម្រូវការ​ដ៏​ចាំបាច់​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ទទួល ។ ប្រធាន​នោះ​បាន​ចាត់តាំង​ទីប្រឹក្សា​របស់​លោក​ឲ្យ​ទៅរក​កូនចៀម​ដែល​បាន​វង្វេង​នោះ ។

« ខ្ញុំ​បានស្គាល់​ទីប្រឹក្សា​នោះ ហើយ​ខ្ញុំ​បាន​ដឹង​ថា គាត់​ខ្មាស់អៀន​ខ្លាំងណាស់ ហើយ​ខ្ញុំ​ដឹង​ពី​ការលំបាក​នៃ​កិច្ចការ​នេះ ដូច្នេះ​ខ្ញុំ​បាន​មើល​ដោយ​ការឆ្ងល់​តាម​បង្អួច​ខាងមុខ​ផ្ទះ​របស់​ខ្ញុំ នៅពេល​ទីប្រឹក្សា​នោះ​បាន​ដើរ​កាត់​ផ្ទះ​របស់​ខ្ញុំ ឡើង​ទៅ​រក​ផ្ទះ​របស់​ក្មេង​ប្រុស​ដែល​មិន​ដែល​ទៅ​ព្រះវិហារ​នោះ ។ អ្នកគង្វាល​នោះ​បាន​ដាក់​ដៃ​របស់​គេ​ក្នុង​ហោប៉ាវ ។ ភ្នែក​របស់​គាត់​មើល​ទៅលើ​ដី ។ គាត់​បាន​ដើរ​យ៉ាងយឺត ជា​របៀប​ដែលដូច​នឹង​​អ្នកដែរ ប្រសិនបើ​អ្នកមិន​ដឹង​​ប្រាដក​ពី​ទីដៅ​ដែល​អ្នក​នឹង​ទៅ ។ ប្រហែល​ជា 20 នាទី​ក្រោយមក គាត់​បាន​ដើរ​ចុះ​មក​វិញ​ដោយ​អម​ជាមួយ​នឹង​ឌីកុន​ដែល​បាន​វង្វេង​ដើរ​ក្បែរ​គាត់ ។ ទិដ្ឋភាព​នោះ​បាន​កើតឡើង​ដដែលៗ​រយៈពេល​ពីរ​បី​សប្ដាហ៍ ។ បន្ទាប់មក ក្មេងប្រុស​ដែល​បាន​វង្វេង​នោះ ហើយ​ដែល​ត្រូវបាន​រកឃើញ​មក​វិញ​នោះ​ បាន​ប្ដូរ​ផ្ទះ ។

« … ជាច្រើន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ទៅ​ចូលរូម​សន្និសិទ​ស្ដេក​មួយ នៅ​ទ្វីប​មួយ​ដ៏​ឆ្ងាយ​ពី​បន្ទប់​ដែល​គណៈប្រធាន​នោះ​បាន​ប្រជុំ​ប្រឹក្សា​គ្នា ។ បុរស​ចំណាស់​សក់​ស្កូវ​ម្នាក់​បាន​មក​ជួប​ខ្ញុំ ហើយ​និយាយ​ខ្សឹបៗ​ថា ‹ ចៅប្រុស​របស់​ខ្ញុំ​បាន​រស់នៅ​ក្នុង​វួដ​របស់​អ្នក​ជាច្រើន​ឆ្នាំ​កន្លង​ទៅ › ។ គាត់​បាន​ប្រាប់​ខ្ញុំ​ពី​ជីវិត​របស់​ក្មេងប្រុស​នោះ ដោយ​ទន់ភ្លន់ ។ បន្ទាប់មក​គាត់​បាន​សួរ​ប្រសិនបើ ខ្ញុំ​អាច​ស្វែងរក​ឌីកុន​ម្នាក់ ដែល​បាន​ដើរ​យ៉ាង​យឺតៗ​នៅតាម​ផ្លូវ​នោះ ។ ហើយ​គាត់​បាន​សូម​ឲ្យ ខ្ញុំ​អាច​ថ្លែង​អរគុណ​ដល់​ក្មេង​នោះ ហើយ​ប្រាប់​គាត់​ថា​ចៅប្រុស​របស់​គាត់​ឥឡូវនេះ បាន​ធំ​ជា​បុរស​មួយ​រូប​ហើយ ដែល​គាត់​នៅតែ​ចងចាំ » ( « Watch with Me » Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 38–39 ) ។

មរ៉ូណៃ 6:4 ។ ការពង្រឹង​ដល់​អ្នកប្រែចិត្ត​ថ្មី

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​លើកទឹកចិត្ត​សមាជិក​សាសនាចក្រ​ទាំងអស់ រួមទាំង​យុវជន​ផង ឲ្យ​ជួយ និង​ពង្រឹង​ដល់​អ្នកដែល​ចូលរួម​ក្នុង​ព្រះវិហារ ៖

« វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ ក្នុង​ការក្លាយជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​នេះ​នោះ ។ នៅក្នុង​ករណី​ជាច្រើន វា​ទាក់ទង​នឹង​ការលះបង់​ចោល​នូវ​ទម្លាប់​ចាស់ ការចាកចេញ​មិត្តភក្ដិ និង​សមាគម​ចាស់ៗ ហើយ​ការដើរ​ចូលទៅក្នុង​សង្គម​ថ្មី​មួយ​ដែល​ខុសពី​មុន ហើយ​វា​ទាមទារ​ច្រើន ។

« ជាមួយនឹង​អ្នក​ប្រែចិត្ត​ជឿ​ដែល​មាន​ចំនួន​កើនឡើង យើង​ត្រូវតែ​ធ្វើកិច្ច​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា ដើម្បី​ជួយ​ដល់​ពួកគេ ពេលដែល​ពួកគេ​ស្វែងរក​ផ្លូវ​របស់​ពួកគេ ។ ពួកគេ​គ្រប់គ្នា​ត្រូវការ​រឿង​បី ៖ មិត្ត ការទទួលខុសត្រូវ និង​ការជួយ​គ្នា​ដោយ ‹ ព្រះបន្ទូល​ល្អ​នៃ​ព្រះ › (មរ៉ូណៃ 6:4) ។ វា​គឺជា​កាតព្វកិច្ច និង​ឱកាស​របស់​យើង​ក្នុង​ការផ្ដល់​រឿង​ទាំង​បី​នេះ ។…

« នេះ​គឺជា​កិច្ចការ​សម្រាប់មនុស្ស​គ្រប់គ្នា ។ វា​គឺជា​កិច្ចការ​មួយ​សម្រាប់​គ្រូបង្រៀន​តាម​ផ្ទះ និង​គ្រូបង្រៀន​សួរ​សុខទុក្ខ ។ វា​គឺជា​កិច្ចការ​មួយ​សម្រាប់​គណៈប្រធាន​ប៊ីស្សព សម្រាប់​កូរ៉ុមបព្វជិតភាព សម្រាប់​សមាគមសង្គ្រោះ យុវជន និង​យុវនារី ឬ​ក៏​ថ្នាក់​អង្គការបឋមសិក្សា ។

« ខ្ញុំ​បាន​នៅក្នុង​ការប្រជុំតមអាហារ និង ថ្លែងទីបន្ទាល់​នៅ​ថ្ងៃអាទិត្យ​មុន​នេះ ។ ក្មេងប្រុស​អាយុ 15 ឬ 16 ឆ្នាំ​បាន​ឈរ​នៅ​ខាងមុខ​ការប្រជុំ ហើយ​និយាយ​ថា គាត់​បាន​សម្រេចចិត្ត​ថា​នឹង​ជ្រមុជទឹក ។

« បន្ទាប់មក ក្មេងប្រុស​ម្នាក់​ពី​កូរ៉ូម​គ្រូបង្រៀន​បាន​ដើរ​ទៅកាន់​មីក្រូ​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​របស់ពួកគេ​ចំពោះ​គាត់ ដើម្បី​ប្រាប់​គាត់​ថា គាត់​កំពុង​ធ្វើ​អ្វី​ដែល​ត្រូវ ហើយ​ដើម្បី​ធានា​គាត់​ថា ពួកគេ​នឹង​ឈរ​ជាមួយ​នឹង​គាត់ និង​ជួយ​ដល់​គាត់ ។ វា​គឺជា​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ​ដើម្បី​ស្ដាប់​យុវជន​ទាំងនោះ​និយាយ​នូវ​ពាក្យ​នៃ​ការកោតសរសើរ និង​ការលើកទឹកចិត្ត​ដល់​មិត្ត​របស់​គេ » (« Converts and Young Men » Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 47–48 ) ។