បណ្ណាល័យ
មេរៀន​ទី 30 ៖ នីហ្វៃទី 2 9:27–54 និង នីហ្វៃទី 2 10


មេរៀន​ទី 30

នីហ្វៃទី 2 9:27–54និង នីហ្វៃទី 2 10

សេចក្តី​ផ្ដើម

ក្រោយពី​ការថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​រំដោះ​មនុស្សជាតិ​ទាំងអស់​ចេញពី​ឥទ្ធិពល​នៃ​ការធ្លាក់ ហើយ​ថា​ទ្រង់​នឹង​ប្រទាន​ការអភ័យទោស​ដល់​យើង​ចេញពី​អំពើបាប​របស់​យើង នោះ​យ៉ាកុប​បាន​បញ្ចប់​ទេសនកថា​របស់​គាត់ ។ គាត់​បាន​ព្រមាន​ទាស់នឹង​ឥរិយាបថ និង សកម្មភាព​ដែល​នាំ​ទៅរក​ការបែក​ពី​ព្រះអម្ចាស់ ហើយ​គាត់​បាន​ថ្លែង​ទីបន្ទាល់​អំពី​ឥរិយាបថ និង សកម្មភាព​ដែល​នាំ​ឲ្យ​មនុស្ស​មក​រក​ព្រះគ្រីស្ទ ហើយ​បាន​សង្គ្រោះ ។ នៅ​ថ្ងៃ​បន្ទាប់ យ៉ាកុប​បាន​ធ្វើ​ម្ដង​ទៀត​ថា ទោះបីជា​វង្ស​នៃ​អ៊ីស្រាអែល​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ដោយសារ​តែ​អំពើ​បាប​ក្ដី ព្រះអម្ចាស់​ក៏​នឹង​ចងចាំ​ដល់​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​ពួកគេ ហើយ​ប្រមូល​ផ្ដុំ​ពួកគេ នៅពេល​ពួកគេ​ប្រែចិត្ត ហើយ​ត្រឡប់​មក​កាន់​ទ្រង់​វិញ ។ យ៉ាកុប​បាន​ព្យាករណ៍​អំពី​ការឆ្កាង​ព្រះយេស៊ូវគ្រីស្ទ ។ គាត់​ក៏​បាន​ព្យាករណ៍​ដែរ​ថា ដែនដី​សន្យា​របស់​ប្រជាជាន​របស់​គាត់​នឹង​ជា​កន្លែង​នៃ​សេរីភាព​មួយ ការពារ​ប្រឆាំង​នឹង​ជាតិ​ទាំងអស់ ហើយ​មាន​សេរីភាព​ពី​ការគ្រង​រាជ្យ​នៃ​ស្ដេច​នានា ។ យ៉ាកុប​បាន​ដាស់តឿន​ប្រជាជន​របស់​គាត់​ឲ្យ​សម្រុះសម្រួល​ខ្លួន​ពួកគេ​ទៅតាម​បំណង​នៃ​ព្រះ ហើយ​ចាំ​ថា​ពួកគេ​អាច​បាន​សង្គ្រោះ​តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះ​តែ​ប៉ុណ្ណោះ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 9:27–54

យ៉ាកុប​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​ព្រមាន​អំពី​ឥរិយាបថ និង សកម្មភាព​ដែល​បំបែក​យើង​ពី​ព្រះអម្ចាស់

សូម​សរសេរ​ឃ្លា​ទាំងនេះ​នៅ​លើ​ក្ដារខៀន ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវការ​ជំនួយ និង តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ។សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្រមៃ​ពី​មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​យ៉ាង​ធ្ងន់ធ្ងរ​មួយ ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដល់​មនុស្ស​នេះ ដើម្បី​យល់​ពី​ជំនួយ​ដែល​គេ​ត្រូវ​រក ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ដល់​មនុស្ស​នេះ​ដែរ ដើម្បី​យល់​ពី​អ្វី​ដែល​គេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ជំនួយ ?

  • តើ​អ្វី​នឹង​ជា​លទ្ធផល បើសិនជា​មនុស្ស​នេះ​យល់​ពី​តម្រូវការ​ដើម្បី​រក​ជំនួយ ប៉ុន្ដែ​មិន​យល់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ជំនួយ​នោះ ?

សូម​រំឭក​សិស្ស​ថា នៅក្នុង​មេរៀន​មុនៗ ពួកគេ​បាន​សិក្សា​ពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង លទ្ធផល​នៃ​អំពើបាប​របស់​យើង ដោយ​ការរៀន​ពី​មូលហេតុ​ដែល​យើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ចង់​ជួយ​យើង ហើយ​រំដោះ​យើង​ចេញពី​អំពើ​បាប​របស់​យើង ។ សូម​ឲ្យ​សិស្ស​គិត​ថា​តើ ពួកគេ​ដឹង​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​នូវ​ពរជ័យ​ទាំងអស់​នៃ​ដង្វាយធួន​ដែរ​ទេ ។

សូម​ពន្យល់​ថា យ៉ាកុប​ចង់​ជួយ​ប្រជាជន​របស់​គាត់​ឲ្យ​ជ្រើសរើស « ផ្លូវ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( នីហ្វៃទី 2 10:23 ) ។ គាត់​បាន​ជួយ​ពួកគេ​ឲ្យ​យល់​ថា ពួកគេ​នឹង​ទទួល​បាន​នូវ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច បើសិនជា​ពួកគេ​នឹង « មក​រក​ព្រះអម្ចាស់ » ( នីហ្វៃទី 2 9:41 ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី 2 9:41ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ការពិពណ៌នា​របស់​យ៉ាកុប​អំពី « ផ្លូវ » ដែល​យើង​គួរ​ដើរតាម ។

  • តើ​វា​មាន​ន័យ​យ៉ាងណា​ដើម្បី​មក​រក​ព្រះអម្ចាស់ ? ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្រមៃ​ពី​ជីវិត​របស់​ពួកគេ​ជា​ផ្លូវ​មួយ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹង​គិត​ដោយ​ស្ងាត់ស្ងៀម​ពី​កន្លែង​ដែល​ផ្លូវ​របស់​ពួកគេ​កំពុង​ទៅ ។ តើ​ជម្រើស​របស់​ពួកគេ​កំពុង​នាំ​ពួកគេ​ឲ្យ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬ​ទេ ?

  • តើ​ពាក្យ​អ្វី ដែល​យ៉ាកុប​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី « ផ្លូវ » នោះ ? តើ​ពាក្យ ចង្អៀត និង សន្ធឹង​ត្រង់ បង្រៀន​អ្វី​អំពី​របៀប​ដែល​យើង​គួរតែ​រស់នៅ ?

សូម​បង្ហាញ​ថា ទាក់ទង​នឹង​ផ្លូវ​ចង្អៀត និង សន្ធឹង​ត្រង់​នេះ យ៉ាកុប​បាន​ប្រើ​រូបភាព​នៃ​ទ្វារ​មួយ ។ គាត់​សំដៅ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ជា​អ្នកឆ្មាំ​ទ្វារ​នោះ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា យើង​អាច​បាន​អភ័យទោស​ពី​អំពើ​បាប​របស់​យើង ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​តែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់​ប៉ុណ្ណោះ ។ អ្វីៗ​យើង​ធ្វើ​ដែល​នាំ​ទៅរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច —រូម​មាន​ពិធីបរិសុទ្ធ​ដែល​យើង​ទទួល ការអធិស្ឋាន​ដែល​យើង​ធ្វើ ទីបន្ទាល់​ដែល​យើង​ចែកចាយ និង របៀប​ដែល​យើង​រស់នៅ— ត្រូវ​តែ​ធ្វើ​ឡើង​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដល់​អ្នក​ថា ព្រះអង្គ​សង្គ្រោះ « មិន​ជួល​បាវ​បម្រើ​នៅ​ទីនោះ​ឡើយ » ? ( អ្នក​អាច​បង្ហាញ​ថា ព្រះអម្ចាស់​ហៅ​អ្នកបម្រើ ដូចជា​ប៊ីស្សព និង ប្រធាន​ស្ដេក​នានា ធ្វើ​ជា​ចៅក្រម​នៃ​ប្រជាជន​ដើម្បី​ឲ្យ​ធ្វើ​សកម្មភាព​ជំនួស​ទ្រង់ ។ ទោះយ៉ាង​ណា​ក្ដី ទ្រង់​នឹង​ជា​ចៅក្រម​ចុងក្រោយ​របស់​យើង ហើយ​នឹង​ផ្ដល់​ការអនុម័ត​ចុងក្រោយ​ស្របតាម​របៀប​ដែល​យើង​រស់នៅ ។ 

  • តើ​ការដឹង​ថា ព្រះអម្ចាស់ « មិន​អាច​បន្លំ​បាន​ឡើយ » អាច​មាន​ឥទ្ធិពល​យ៉ាងណា​ដល់​ការខិតខំ​របស់​យើង​ដើម្បី​មក​រក​ទ្រង់ ?

សូម​ពន្យល់​ថា តាមរយៈ​សំណល់​នៃ នីហ្វៃទី 2 9 ការបង្រៀន​របស់​យ៉ាកុប​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​ឥរិយាបថ និង សកម្មភាព​របស់​យើង​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​យើង​ដើម្បី​មក​រក​ព្រះអង្គ​សង្គ្រោះ ។ ឥរិយាបថ និង សកម្មភាព​ខ្លះ ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ តែ​ខ្លះ​ទៀត​រារាំង​យើង​មិន​ឲ្យ​មក​រក​ទ្រង់​ឡើយ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក​ឥរិយាបថ និង សកម្មភាព​ទាំងនេះ​ខ្លះ សូម​គូរ​បន្ទាត់​ឈរ​មួយ​ពុះ​ក្ដារខៀន​ជា​ពីរ ។ នៅ​ផ្នែក​ម្ខាង​នៃ​បន្ទាត់​នោះ សូម​សរសេរ ការឃ្លាត​ឆ្ងាយ​ខ្លួន​យើង​ពី​ព្រះគ្រីស្ទ ។ខាង​ក្រោម​នោះ សូម​សរសេរ ៖

1 . នីហ្វៃទី 2 9:27–33

2 .នីហ្វៃទី 2 9:34–39

នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​បន្ទាត់​នោះ សូម​សរសេរ ការមក​រក​ព្រះគ្រីស្ទ ។ខាង​ក្រោម​នោះ សូម​សរសេរ ៖

3 .នីហ្វៃទី 2 9:23, 39, 42, 45–46

4 .នីហ្វៃទី 2 9:49–52

សូម​ឲ្យ​លេខ​មួយ​ដល់​សិស្ស​ម្នាក់ៗ ចន្លោះ​លេខ​ពី 1 ដល់ 4 ។ សូម​អញ្ជើញ​សិស្ស​អាន​ខគម្ពីរ​ទាំងនោះ​ដោយ​ស្ងាត់ៗ ដែល​ទាក់ទង​នឹង​លេខ​ការងារ​ចាត់តាំង​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ដែល​បាន​ចាត់តាំង​ពី​ក្រុម 1 ដល់ 2ស្វែងរក​ឥរិយាបថ និង សកម្មភាព​ដែល​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញពី​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​ដែល​បាន​ចាត់តាំង​ពី​ក្រុម 3 ដល់ 4ស្វែងរក​ឥរិយាបថ និង សកម្មភាព​ដែល​ជួយ​យើង​ឲ្យ​មក​រក​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​បាន​នូវ​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​ការរកឃើញ​របស់​ពួកគេ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ។

បន្ទាប់​ពី​បី​បួន​នាទី​ក្រោយមក សូម​អញ្ជើញ​អ្នកស្ម័គ្រចិត្ត​ពី​ក្រុម​ទី 1 និង ក្រុម​ទី 2 ឲ្យ​មក​កាន់​ក្ដារខៀន ហើយ​សរសេរ​ពី​ឥរិយាបថ និង សកម្មភាព​ដែល​ពួកគេ​បាន​រក​ឃើញ​ថា​បាន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ពី​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិភាក្សា​ពី​ការព្រមាន​ខ្លះ​របស់​យ៉ាកុប ដោយ​សួរ​សំណួរ​ខាងក្រោម​ខ្លះៗ ឬ សួរ​ទាំងអស់ ៖

  • យ៉ាកុប​បាន​និយាយ​ពី​ការសិក្សា និង ប្រាក់ ដែល​ទាំងពីរ​អាច​ជា​ការណ៍​ល្អ ។ តើ​ជម្រើស​របស់​យើង​អំពី​ការសិក្សា និង ប្រាក់​អាច​រារាំង​យើង​ពី​ការមក​រក​ព្រះអម្ចាស់​ដោយ​របៀប​ណា ? ( សូម​បង្ហាញ​ថា នីហ្វៃទី 2 9:28–29គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​វគ្គ​នេះ) ។ 

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែលជា​មនុស្ស​ថ្លង់ ឬ ខ្វាក់​ខាង​វិញ្ញាណ​នោះ ? ( សូមមើល នីហ្វៃទី 2 9:31–32 ) ។

  • ឃ្លា​ថា « ចិត្ត​មិន​កាត់​ស្បែក » ( នីហ្វៃទី 2 9:33 )សំដៅ​ទៅលើ​អ្នកដែល​មិន​បាន​បើក​ចិត្ត​ចំពោះ​ព្រះ និង ជា​អ្នក​ដែល​មិន​មាន​ឆន្ទៈ​ធ្វើ​តាម​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ តើ​លក្ខខណ្ឌ​នេះ​រារាំង​យើង​មិន​ឲ្យ​ទទួល​បាន​ពរជ័យ​ពេញលេញ​នៃ​ដង្វាយធួន​ដោយ​របៀប​ណា ?

  • តើ​​ទម្រង់​នៃ​ការថ្វាយ​បង្គំ​រូប​សំណាកអ្វី​ខ្លះ​ នៅ​សព្វថ្ងៃ​នេះ ? ( សូមមើល នីហ្វៃទី 2 9:37 ) ។

សូម​អញ្ជើញ​សិស្ស​ពី​ក្រុម​ទី 3 និង ក្រុម​ទី 4 ឡើង​មក​កាន់​ក្ដារខៀន ហើយ​សរសេរ​ឥរិយាបថ និង សកម្មភាព​ដែល​ពួកគេ​រកឃើញ​ដែល​នឹង​នាំ​យើង​មក​កាន់​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​យើង​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​វិភាគ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​សួរ​សំណួរ​ខាងក្រោម​ខ្លះៗ ឬ សំណួរ​ទាំងអស់ ៖

  • នៅក្នុង នីហ្វៃទី 2 9:23 យ៉ាកុប​បាន​រំឭក​យើង​អំពី​ការបញ្ជា​របស់​ព្រះអម្ចាស់​ឲ្យ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ តើ​ការរំឭក​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​តាមរយៈ​ពិធី​សាក្រាម៉ង់ ជួយ​យើង​ឲ្យ​មក​រក​ព្រះអម្ចាស់ និង ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​ចំពោះ « គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ » ? ( នីហ្វៃទី 2 9:39 ) ។ តើ​សកម្មភាព​អ្វី​ខ្លះ ដែល​អាច​ជួយ​យើង​ឲ្យ​មាន​គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ ?

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា « បែរ​ចេញ​ពី​អំពើ​បាប​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ចុះ » ? ( នីហ្វៃទី 2 9:45 ) ។

  • តើ​អ្នក​គិត​ថា យ៉ាកុប​មាន​ន័យ​យ៉ាង​ណា នៅពេល​គាត់​និយាយ​ថា រកទឹក បរិភោគ និង « បាន​ត្រេកអរ​នៅក្នុង​ការធាត់​ចុះ » ? ( សូមមើល នីហ្វៃទី 2 9:50–51 ) ។ អ្នក​អាច​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ​យោង​ទៅ​លើ​ការចិញ្ចឹម​ថែទាំ​ខាង​វិញ្ញាណ) ។ 

សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល ​យើង​មក​រក​ព្រះអម្ចាស់ ហើយ​រស់នៅ​តាម​ព្រះ​រាជបំណង​របស់​ទ្រង់ យើង​នឹង​ទទួល​បាន​នូវ​ពរជ័យ​ដ៏​ពេញលេញ​នៃ​ដង្វាយធួន ។សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ពី​ខាងលើ​បញ្ជី​ដែល​សិស្ស​បាន​ធ្វើ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ភស្ដុតាង ដែល​ពួកគេ​បាន​ឃើញ​ពី​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​របៀប​ដែល​ពួកគេ​បាន​មក​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ឥរិយាបថ និង សកម្មភាព​មួយ ឬ ច្រើន​ជាង​នេះ​នៅក្នុង​បញ្ជី​ទីពីរ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ( ប៉ុន្ដែ​សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ពួកគេ​មិន​គួរ​មាន​អារម្មណ៍​ថា​ត្រូវ​ចែកចាយ​បទពិសោធន៍​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ) ។

នីហ្វៃទី 2 10

យ៉ាកុប​បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​របស់​គាត់​ឲ្យ​អររីករាយ ហើយ​មក​រក​ព្រះអម្ចាស់ ។

សូម​សួរ​សិស្ស បើសិនជា​ពួកគេ​ធ្លាប់​បាន​ទទួល​អំណោយ​មួយ​ដែល​មាន​អត្ថន័យ​ជាពិសេស ដោយសារ​នរណាម្នាក់​បាន​ឆ្លងកាត់​ការខិតខំ​យ៉ាង​ខ្លាំង ឬ បាន​លះបង់​អ្វី​មួយ​ដើម្បី​ផ្ដល់​អំណោយ​នោះ ។ សូម​គិត​ពី​ការអញ្ជើញ​សិស្ស​ម្នាក់ ឬ ពីរនាក់​ឲ្យ​ភ្ជាប់​នឹង​បទពិសោធន៍​របស់​ពួកគេ ។

  • តើ​យើង​អាច​បង្ហាញ​ពី​ការដឹងគុណ​សម្រាប់​អំណោយ​បែប​នោះ​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​អំណោយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា បន្ទាប់ពី​ថ្ងៃ​ដែល​យ៉ាកុប​បាន​ធ្វើ​ទេសនកថា​របស់​គាត់​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ហើយ គាត់​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការរំដោះ​ពី​លទ្ធផល​នៃ​អំពើបាប​របស់​ព្រះអម្ចាស់​ម្ដងទៀត ។ គាត់​បាន​បង្រៀន​ប្រជាជន​របស់​គាត់​អំពី​របៀប​ដែល​ពួកគេ​គួរ​ឆ្លើយតប​នឹង​អំណោយ​នៃ​ដង្វាយធួន​នេះ ។

សូម​សង្ខេប នីហ្វៃទី 2 10:1–19ដោយ​ពន្យល់​ថា យ៉ាកុប​បាន​និយាយ​ម្ដងទៀត​ថា ទោះបីជា​វង្ស​នៃ​អ៊ីស្រាអែល​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ដោយសារ​តែ​អំពើ​បាប​ក្ដី ក៏​ព្រះអម្ចាស់​នឹង​ចងចាំ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ ជាមួយ​នឹង​ពួកគេ ហើយ​ប្រមូល​ផ្ដុំ​ពួកគេ នៅពេល​ពួកគេ​ប្រែចិត្ត ហើយ​ត្រឡប់​មក​កាន់​ទ្រង់​វិញ ។ អ្នក​អាច​បង្ហាញ​ថា នីហ្វៃទី 2 10:3គឺជា​ខគម្ពីរ​ដំបូង​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​ប្រើ​ចំណង​ជើង ព្រះគ្រីស្ទ នៅក្នុង​ការសំដៅ​ទៅ​ព្រះអង្គ​សង្គ្រោះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 10:20, 23–25 ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្វែងរក​អ្វី​ដែល​យ៉ាកុប​បាន​ដាស់តឿន​យើង​ឲ្យ​ធ្វើ ដើម្បី​ឆ្លើយតប​នឹង​អំណោយ​នៃ​ដង្វាយធួន ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

សូម​រៀបចំ​ក្រដាស​ដែល​មាន​សំណួរ​ខាងក្រោម​សម្រាប់​ចែក ( ឬ សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន មុនពេល​ចាប់ផ្ដើម​ថ្នាក់ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​យក​សំណួរ​មួយ ហើយ​ចែកចាយ​ពី​គំនិត និង អារម្មណ៍​របស់​ពួកគេ​អំពី​សំណួរ​នោះ​ជាមួយ​នឹង​ដៃគូ​របស់​គេ ។

  • ក្រោយពី​បាន​គិត​អំពី​អ្វី​ដែល​យើង​បាន​សិក្សា​អំពី​ព្រះអង្គ​សង្គ្រោះ តើ​អ្នក​ចង់​ចងចាំ​អ្វី​អំពី​ទ្រង់​ជារៀង​រហូត ?

  • ហេតុអ្វី​បានជា​ការប្រែចិត្ត​ជា​របៀប​មួយ​ដ៏​សំខាន់​ដើម្បី​បង្ហាញ​ការដឹងគុណ​របស់​យើង​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​យើង ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ?

សូម​បញ្ចប់​ដោយ​ការពន្យល់​ថា ពាក្យ សម្រុះសម្រួល នៅក្នុង​នីហ្វៃទី 2 10:24 មានន័យ​ថា ការនាំ​មនុស្ស ឬ អ្វីៗ​ទាំងអស់​មក​ស្រុះស្រួល ឬ ព្រមព្រៀង​ជាមួយ​នឹង​គ្នា​ទៅវិញ​ទៅមក ។ ជា​ឧទាហរណ៍ មិត្តភក្ដិ​ពីរ​នាក់​គួរតែ​សម្រុះសម្រួល​ជាមួយ​នឹង​គ្នា​ក្រោយពី​ការមិន​ព្រមព្រៀង​គ្នា​មួយ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​ដើម្បី​សម្រុះ​សម្រួល​ខ្លួន​យើង​ទៅតាម​បំណង​របស់​ព្រះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង មាន​អារម្មណ៍ នៅពេល​ពួកគេ​បាន​សិក្សា និង បាន​ពិភាក្សា​ក្នុង នីហ្វៃទី 2 9–10 ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​សម្រេច​អ្វី​មួយ​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​សម្រុះ​សម្រួល​ខ្លួន​គេ​ទៅតាម​បំណង​នៃ​ព្រះ ហើយ​ទទួល​យក​ពរជ័យ​នៃ​ដង្វាយធួន​បន្ថែម​ឲ្យ​ពេញលេញ​ជាង​នេះ ។ ជា​ឧទាហរណ៍ សិស្ស​ម្នាក់​អាច​ប្ដេជ្ញា​ស្ដាប់​តាម​ពាក្យ​ដំបូន្មាន​ជាក់លាក់​នៃ​ព្រះ ( សូម​មើល នីហ្វៃទី 2 9:29 ) បែរ​ចេញ​ពី​អំពើបាប​ជា​ពិសេស​មួយ ( សូមមើល នីហ្វៃទី 2 9:45 ) ឬ រក​ផ្លូវ​មួយ​ដើម្បី​នឹកចាំ​ដល់​ព្រះអង្គ​សង្គ្រោះ​ញឹកញាប់​ជាង​មុន​ពេញ​មួយ​ថ្ងៃ ( សូម​មើល នីហ្វៃទី 2 10:20 ) ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី « សម្រុះសម្រួល [ ខ្លួន ] គេ​ទៅតាម​បំណង​នៃ​ព្រះ » ( នីហ្វៃទី 2 10:24 ) ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​នៃ​ការធ្វើ​ដូច្នោះ ។

ចំណេះចំណាន​ខគម្ពីរ—នីហ្វៃទី 2 9:28–29

កំណត់​ចំណាំ ៖ សកម្មភាព​ខាងក្រោម​គឺ​រៀបចំ​ឡើង ដើម្បី​ជួយ​សិស្ស​ជាមួយ​នឹង​ចំណេះចំណាន​របស់​ពួកគេ​នៃ នីហ្វៃទី 2 9:28–29 ។ ដោយសារតែ​រយៈពេល​នៃ​មេរៀន​ថ្ងៃនេះ អ្នក​អាច​ប្រើ​សកម្មភាព​នេះ​នៅ​ថ្ងៃ​ផ្សេងទៀត នៅពេល​ដែល​អ្នក​មាន​ពេល​ជាង​នេះ ។

សូម​ដឹកនាំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​អាន នីហ្វៃទី 2 9:28–29 ឮៗ​ទាំងអស់​គ្នា ។

  • តើ​រណ្ដៅ​ណា​ខ្លះ​ដែល​អាច​ដាក់​អន្ទាក់​យើង នៅពេល​យើង​ស្វែងរក​ការរៀនសូត្រ ? តើ​យើង​អាច​ស្វែងរក​ការរៀនសូត្រ ប៉ុន្ដែ​ចៀសវាង​ពី​អន្ទាក់​ទាំងនេះ​ដោយ​របៀប​ណា ?

  • តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ « ស្ដាប់​តាម​ពាក្យ​ដំបូន្មាន​នៃ​ព្រះ » ខណៈពេល​ដែល​យើង​ស្វែងរក​ការរៀនសូត្រ​នោះ ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​បន្ដ​ការចូលរូម​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ឥឡូវ​នេះ ហើយ​ដើម្បី​គ្រោង​ចូលរួម​ថ្នាក់​វិទ្យាស្ថាន បន្ទាប់ពី​ពួកគេ​បញ្ចប់​ពី​ថ្នាក់​សិក្ខាសាលា ។