បណ្ណាល័យ
មេរៀនទី 108 ៖ ហេលេមិន 5


មេរៀនទី 108

ហេលេមិន 5

សេចក្តី​ផ្ដើម

សាសន៍​នីហ្វៃ​បាន​បន្ដ​នៅក្នុង​អំពើទុច្ចរិត រហូត​ដល់​ពួកគេ​ភាគច្រើន​បាន​ជ្រើសយក​សេចក្ដីទុច្ចរិត​ជាជាង​សេចក្តីសុចរិត ។ នីហ្វៃ និង​លីហៃ​បាន​លះបង់​ខ្លួនដើម្បី​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ ឪពុក​របស់ពួក​គេ ហេលេមិន បាន​បង្រៀន​ពួកគេ​ឲ្យ​ចងចាំ​ដល់​ព្រះដ៏ប្រោសលោះ​របស់ពួក​គេ ហើយ​ធ្វើ​ឲ្យ​ទ្រង់​ជា​គ្រឹះ​នៃ​ជីវិត​របស់​គេ ។ ក្រោយពី​បាន​បង្រៀន​សាសន៍​នីហ្វៃ​ហើយ នីហ្វៃ និង​លីហៃ​បាន​បង្រៀន​សាសន៍​លេមិន ជាប្រជាជន​ដែល​បាន​ចាប់​ពួកគេ​ដាក់​​គុក ។ ព្រះអម្ចាស់​បាន​ដោះលែង​ពួកគេ​ដោយ​អព្ភូតហេតុ ហើយ​សាសន៍​លេមិន​ភាគច្រើន​បាន​ប្រែចិត្ត ហើយ​បាន​ផ្លាស់ចិត្ត​ជឿ​លើ​ដំណឹងល្អ ។

យោបល់​សម្រាប់​ការបង្រៀន

ហេលេមិន 5:1–13

ហេលេមិន​ណែនាំ​កូនប្រុស​របស់​គាត់​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ បង្រៀន​ដំណឹងល្អ និង​ចងចាំ​ដល់​ព្រះចេស្ដាដ៏​ប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​រៀបចំ​ក្រដាស​ឆ្នូត​ប្រាំមួយ​ដើម្បី​បង្ហាញ ។ ក្រដាស​ទីមួយ​សូម​សរសេរ​ឈ្មោះ​របស់​អ្នក​នៅ​លើ​វា ។ ក្រដាស​ប្រាំ​ផ្សេង​ទៀត​គួរ​មាន​ពាក្យ និង​ឃ្លាដូច​ខាងក្រោម ៖ ឪពុកម្ដាយ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ព្យាការី ការប្រែចិត្ត​នាំ​ទៅរក​សេចក្តីសង្គ្រោះ និង​គោរព​ព្រះបញ្ញត្តិ ។

សូមឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ក្រដាស​តូច​មួយ ។ សូម​ពន្យល់​ថា​អ្នក​នឹង​បង្ហាញ​គេ​ដោយ​ខ្លីៗ​ពី​ក្រដាស​ឆ្នូត​ប្រាំមួយ​ដោយ​មាន​ពាក្យ​សរសេរលើ​នោះ ។ បន្ទាប់មក ពួកគេ​នឹង​សរសេរ​ពាក្យ​ទាំងនោះ​តាម​ការចងចាំ ។ សូម​បង្ហាញ​សិស្ស​ក្រដាស​ឆ្នូត​ម្ដង​មួយ ។

សូម​ឲ្យ​សិស្ស​សរសេរ​ពាក្យ​ដែល​ពួកគេ​ចាំ ។ បន្ទាប់មក សូម​បង្ហាញ​ក្រដាស​ឆ្នូត​ទាំង​ប្រាំមួយ​ម្ដងទៀត ។ សូម​សួរ ៖

  • តើ​វា​ងាយ ឬ​ក៏​ពិបាក​ដើម្បីចាំ​ពាក្យ និង​ឃ្លា​ទាំងនេះ​ទេ ?

  • តើ​អ្នក​គិត​ថា មាន​ភាពខុសគ្នា​យ៉ាងណា​បើ​អ្នក​ត្រូវបាន​ប្រាប់​ថា អ្នក​ត្រូវ​ចាំ​អ្វី​ដែល​មាន​នៅលើ​ក្រដាស​ឆ្នូត​ទាំងនេះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​អ្វី​ដែល​គាត់​បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ការចងចាំ​ការបង្រៀន​ដំណឹងល្អ​ដែល​យើង​បាន​ទទួល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« នៅពេល​អ្នក​មើល​ក្នុង​វចនានុក្រម​រក​ពាក្យ​សំខាន់​បំផុតនោះ​ តើ​អ្នក​ដឹង​ថា​វា​ជា​ពាក្យ​អ្វី​ទេ ? វា​អាច​ជា​ពាក្យ ចងចាំ ។ ដោយសារ​អ្នករាល់គ្នា​ធ្វើ​​សេចក្ដីសញ្ញា​ —អ្នក​នឹង​ដឹងអ្វី​ដែល​ត្រូវ​ធ្វើ ហើយ​អ្នក​ដឹងពី​​របៀប​ដើម្បី​ធ្វើ​វា— តម្រូវ​ការ​ដ៏​ធំ​បំផុត​របស់​យើង​នោះ​គឺ​ត្រូវ​ចងចាំ » ( « Circles of Exaltation » [ address to CES religious educators នៅថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 1968 ] ទំព័រ 5 si.lds.org ) ។

សូម​ពន្យល់​ដល់​សិស្ស​ថា ថ្ងៃនេះ​ពួកគេ​នឹង​រៀន​អំពី​មនុស្ស​ពីរ​នាក់​ដែលបាន​ផ្លាស់ប្ដូរ​ជីវិតមនុស្ស​​រាប់ពាន់​នាក់ ដោយសារ​ពួកគេ​បាន​ចងចាំ ហើយ​ធ្វើ​តាម​សេចក្ដីពិត​ជាក់លាក់ ។ សូមលើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​អំឡុងពេល​មេរៀន​ថ្ងៃនេះពី​អ្វីដែល​​ពួកគេ​គិត​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកគេ​ចងចាំ ។

សូម​សង្ខេប ហេលេមិន 5:1–4 ។ សូម​ពន្យល់​ថា ដោយសារតែ​អំពើទុច្ចរិត​របស់​ប្រជាជន នីហ្វៃ​បាន​លាលែង​ពី​តំណែង​ជា​មេចៅក្រម ដើម្បី​គាត់​និង​បងប្រុស​របស់​គាត់​លីហៃ​អាច​លះបង់​ខ្លួន​ក្នុង​ការបង្រៀន​ព្រះបន្ទូល​នៃ​ព្រះ ។

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ( សូម​កុំ​បញ្ចូល​ពាក្យ​នៅក្នុង​វង់ក្រចក ។

ហេលេមិន 5:5–7 ( កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ចងចាំ​ពី​គំរូ​ដ៏​សុចរិត​នៃ​បុព្វបុរស​ទាំងឡាយ ) ។

ហេលេមិន 5:9–11 ( ចងចាំ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ចងចាំ​ថា​យើង​មិន​អាចត្រូវបាន​​សង្គ្រោះ​នៅ​ក្នុង​អំពើបាប​របស់​យើង​ទេ ប៉ុន្ដែ​ថា​យើង​អាចត្រូវបាន​​សង្គ្រោះ​ចេញពី​អំពើបាប​របស់​យើង តាមរយៈ​ការប្រែចិត្ត និង​ព្រះចេស្ដា​នៃ​ដង្វាយធួន ) ។

ហេលេមិន 5:12 ( ចងចាំ​ថា ព្រះយេស៊ូវគ្រីស្ទ​ត្រូវតែ​ជា​គ្រឹះ​​របស់​យើង ) ។

សូម​ឲ្យ​សិស្ស​មើល​ខគម្ពីរ​ទាំងអស់​ដែល​មាន​នៅលើ​ក្ដារខៀនត្រួសៗ ដោយ​រកមើល​ពាក្យ ចងចាំ ។ អ្នក​អាចណែនាំ​ឲ្យ​ពួកគេ​គូស​ចំណាំ​គំរូ​នៃ​ពាក្យ​នេះ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​មាន​ពេល​ពីរ​បី​នាទី​អាន​វគ្គ​ទាំងនេះ​ដោយ​ស្ងៀមស្ងាត់ ដោយរកមើល​អ្វី​ដែល​ហេលេមិន​ចង់​ឲ្យ​កូនប្រុស​របស់គាត់​ចាំ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​អាច​សរសេរ​ចម្លើយ​របស់​គេ​នៅលើ​ក្ដារខៀន ក្បែរ​សេចក្ដីយោង​ព្រះគម្ពីរ​ដែល​ត្រូវ​គ្នា ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​វិភាគ ហើយ​​យល់​ពី​ខគម្ពីរ​ទាំងនេះ សូម​សួរ​សំណួរ​ដូចតទៅនេះ ៖

  • តើ​ការចងចាំ​ពី​គំរូ​ដ៏​សុចរិត​របស់​អ្នកដទៃ​អាច​ជួយ​អ្នក​ឲ្យ​ជ្រើសរើស « ធ្វើ​ការណ៍​ល្អ» ដោយ​របៀបណា ?

  • តើ​អ្នក​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចងចាំ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង … សាតាំង​នឹង​គ្មាន​អំណាច​លើ​យើង​ឡើយ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 5:12 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​របៀប​មួយ​ដែល​ពួកគេ​អាច​បំបេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី សូម​ប្រាកដ​ថា ពួកគេ​បង្ហាញ​ថា ប្រសិនបើ​យើង​កសាង​គ្រឹះ​របស់​យើង​នៅលើ​ព្រះយេស៊ូវគ្រីស្ទ សាតាំង​នឹង​គ្មាន​អំណាច​លើ​យើង​ឡើយ ។ អ្នក​អាច​​ឲ្យ​សិស្ស​គូស​ចំណាំ​ឃ្លា​នៅក្នុង ហេលេមិន 5:12 ដែល​បង្ហាញ​ពី​គោលការណ៍​នេះ ។ សូម​បង្ហាញ​ថា ហេលេមិន 5:12 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាចណែនាំ​ឲ្យ​សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​ដើម្បី​ឲ្យ​ពួកគេ​អាច​រកវា​ឃើញ​ដោយ​ងាយ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​ខ​នេះ សូម​ធ្វើ​ប៉ម​តូច​មួយ ឬ​ផ្ទះ​មួយ​ពី​របស់​អ្វីមួយ ( ដូចជា​ប្រអប់ ឬ​សៀវភៅ ) ហើយ​សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • ហេតុអ្វី​បានជា​អគារ​មួយចាំបាច់​​ត្រូវ​មាន​គ្រឹះ​ដ៏​រឹងមាំ ?

  • តើ​អ្នក​គិត​ថា ការ​​សង់​គ្រឹះ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​បែបណា?

  • តើ​ការ​សន្យា​អ្វីខ្លះ​ដែល​ត្រូវ​បាន​ធ្វើឡើង​​ដល់​អ្នកដែល​សង់​គ្រឹះ​របស់ខ្លួន​​នៅលើ « សិលា​នៃ​ព្រះដ៏ប្រោសលោះរបស់​យើង » ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​សង់​គ្រឹះ​របស់​យើង​នៅលើ​សិលា​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ( អ្នក​អាច​សួរ​សិស្ស​ពី​របៀប​ដែល​សេចក្ដីពិត​បាន​បង្រៀន​នៅក្នុង ហេលេមិន 5:6–11 ជា​គំរូ​នៃ​របៀប​ដែល​យើង​អាច​សង់​គ្រឹះ​របស់​យើង​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ) ។

អ្នក​អាច​បង្ហាញ​ថា ការសង់​នៅលើ​គ្រឹះ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​មិន​ការពារ​ការវាយលុក​របស់​សាតាំង​នោះទេ ប៉ុន្ដែ​វា​នឹង​ឲ្យ​យើង​មាន​កម្លាំង​យកឈ្នះ​លើ​វា ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​តស៊ូ​នឹង​ការល្បួង ឬ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង ដោយសារ​គ្រឹះ​របស់​អ្នក​ត្រូវបាន​សង់​លើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ថ្លែងទីបន្ទាល់​អំពី​កម្លាំង​ដែល​អ្នក​បាន​ទទួល ដោយសារ​អ្នក​បាន​សង់​គ្រឹះ​របស់​អ្នក​នៅលើ​សិលា​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​មាន​ពេល​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​​របស់​ពួកគេ​អំពី​របៀប​មួយ​ដែល​ពួកគេ​នឹង​ខិតខំ​ធ្វើ​តាម​ដោយ​ឧស្សាហ៍​ដើម្បី​សង់​គ្រឹះ​របស់​គេ​នៅលើ​សិលា​នៃ​ព្រះដ៍ប្រោសលោះ​របស់​គេ ។

ហេលេមិន 5:14–52

ព្រះអម្ចាស់​ការពារ​នីហ្វៃ និង​លីហៃ​នៅក្នុង​គុក ហើយ​សាសន៍​លេមិន​ជាច្រើន​បាន​ប្រែចិត្ត​ជឿ

សូម​សង្ខេប ហេលេមិន 5:14–19 ដោយ​ពន្យល់​ថា នីហ្វៃ​និង​លីហៃ​បាន​បង្រៀន​ដំណឹងល្អ​ដោយ​អំណាច​ដ៏​អស្ចារ្យ​នៅក្នុង​ចំណោម​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន ។ ជា​លទ្ធផល អ្នក​ប្រឆាំង​នឹង​សាសន៍​នីហ្វៃ​ជាច្រើន​បាន​ត្រឡប់​មក​មាន​សេចក្ដីជំនឿ​វិញ ។ នៅក្នុង​ដែនដី​សារ៉ាហិមឡា និង​តំបន់​ជុំវិញ មាន​សាសន៍​លេមិន 8,000 នាក់​ត្រូវបាន​ជ្រមុជទឹក ។

សូម​ចម្លង​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូមបែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​គូ ហើយ​សុំ​ឲ្យ​ដៃគូ​នីមួយៗ​ចម្លង​តារាង​នៅលើ​ក្ដារខៀន​ដាក់​លើ​ក្រដាស​មួយ ។ សូមឲ្យ​ដៃគូ​ធ្វើការ​រួមគ្នា​ដើម្បី​អាន​វគ្គ​ដែល​មាន​នៅក្នុង​តារាង ហើយ​បន្ទាប់មក​សូម​គូស​រូប​ធម្មតា​មួយ ឬ​សរសេរ​សេចក្ដី​សង្ខេប​ខ្លី​មួយ​ពី​អ្វី​ដែល​វគ្គ​នីមួយៗ​ពិពណ៌នា ។ ( នៅពេល​សិស្ស​ចម្លង​តារាង សូម​ណែនាំ​ឲ្យ​ពួកគេ​ទុក​កន្លែង​ល្មម​នៅក្រោម​សេចក្ដីយោង​ព្រះគម្ពីរ​នីមួយៗ​សម្រាប់​រូបភាព ឬ​សេចក្ដី​សង្ខេប​របស់​គេ ) ។

ហេលេមិន 5:20–21

ហេលេមិន 5:22–25

ហេលេមិន 5:26–28

ហេលេមិន 5:29–34

ហេលេមិន 5:35–41

ហេលេមិន 5:42–44

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បង្ហាញ​ខ្លីៗ ហើយ​ពន្យល់​ពី​រូបភាព ឬ​សេចក្ដីសង្ខេប​របស់​គេ​ដល់​ដៃគូ​សិស្ស​ផ្សេង​ទៀត ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​ក្នុង​ខគម្ពីរ​នេះ សូម​សួរ​សំណួរ​ដូចខាងក្រោម ៖

  • នៅពេល​សាសន៍​លេមិន​ត្រូវបាន​គ្របដណ្ដប់​ដោយ​សេចក្ដីងងឹត តើ​សំឡេងនោះ​​បាន​ទាមទារ​ឲ្យ​ពួកគេ​ធ្វើអ្វី ? ( សូមមើល ហេលេមិន 5:29, 32 ) ។

  • តើ ហេលេមិន 5:30 ពិពណ៌នា​សំឡេង​នោះ​ដោយ​របៀបណា ?

  • តើ​​អ្នកធ្លាប់​​មាន​អារម្មណ៍ ឬ​ឮ​សំឡេងខ្សឹប​​នៃ « សំឡេង​រហៀង​នៃ​ភាព​ស្រទន់​ឥត​ខ្ចោះ » នៅពេលណា ?

  • តើ​អ័មីណាដាប់​បាន​បង្រៀន​​បងប្អូនប្រុស​របស់​គាត់​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​បណ្ដេញ​ភាពងងឹត​នេះ​ចេញ ?( សូមមើល ហេលេមិន 5:41 ) ។

  • តើ​មាន​អ្វី​បាន​កើតឡើង នៅពេល​សាសន៍​លេមិន​បាន​គោរព​តាម​ការណែនាំ​របស់​អ័មីណាដាប់ និង​បាន​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទនោះ? ( សូមមើល ហេលេមិន 5:43–44 ) ។

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 5:44–47 ដោយ​ស្ងៀម​ស្ងាត់​ដោយ​រកមើល​ពាក្យ​ដែល​រៀបរាប់​ពី​លទ្ធផល​ខ្លះ​នៃ​ការប្រែចិត្ត ។

  • ចេញពី​ខគម្ពីរ​ទាំងនេះ តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ការប្រែចិត្ត ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ខាងក្រោម ៖ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​បំពេញ​ដួងចិត្ត​យើង​ដោយ​សេចក្តីសុខសាន្ត និង​សេចក្តីអំណរ ) ។

សូម​សង្ខេប ហេលេមិន 5:48–52 ដោយ​ការពន្យល់​ថា​សាសន៍​លេមិន និង​អ្នកប្រឆាំង​នឹង​សាសន៍​នីហ្វៃ​ដែល​បាន​ទទួល​នូវ​អព្ភូតហេតុ​នេះ​បាន​ចេញទៅ ហើយ​បម្រើ​ដល់​ប្រជាជន ហើយ « សាសន៍​លេមិន​ភាគច្រើន » បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យគិត​ថា តើ​ពួកគេ​ថ្មីៗ​នេះ​មាន​អារម្មណ៍​សុខសាន្ដ និង​អំណរ​នៅក្នុង​ជីវិត​របស់គេដែរ​ទេ ។ ប្រសិនបើ​ពួកគេ​មិន​មាន​ទេ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​សង់​គ្រឹះ​របស់​គេ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​​បណ្ដេញ​ពពក​នៃ​សេចក្ដីងងឹត​ពី​ជុំវិញ​ពួកគេចេញ ។

ចំណេះចំណាន​ខគម្ពីរ—ហេលេមិន 5:12

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 5:12 ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចាំ​ខគម្ពីរ​នេះ សូម​ឲ្យ​ក្រដាស​ទទេ​ដល់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​សរសេរ​ខ​នេះ​នៅលើ​ក្រដាស​ដោយ​ការប្រើ​តែ​រូបភាព និង​អក្សរ​មួយ​ប៉ុណ្ណោះ ។ សម្រាប់​ពាក្យ​ដែល​ណែនាំរូបភាព ( ដូចជា ថ្ម គ្រឹះ ខ្យល់ ព្រិល និង​ខ្យល់ព្យុះ ) សូម​ឲ្យ​ពួកគេ​គូស​រូបភាព​សាមញ្ញ ។ សម្រាប់​ពាក្យ​ដែល​មិនណែនាំ​​នូវ​រូបភាព ( ដូចជា ឥឡូវ និង​របស់​ខ្ញុំ ) សូម​ឲ្យ​ពួកគេ​សរសេរ​អក្សរ​ដំបូង​នៃ​ពាក្យ​នោះ ។ សូម​ឲ្យ​សិស្ស​អនុវត្ត​ការទន្ទេញ​ខគម្ពីរ​នេះ​ដោយ​ការប្រើ​តែ​រូបភាព និង​អក្សរ​ដែល​ពួកគេ​បាន​គូស និង​សរសេរ ។ អ្នក​ក៏​អាច​ឲ្យ​ពួកគេ​ប្ដូរ​ក្រដាស​ជាមួយ​គ្នាទៅវិញទៅមក ហើយ​ទន្ទេញ​ខ​នេះ​ដោយ​ការប្រើ​ក្រដាស​ដែល​មិត្ត​របស់​គេ​បាន​គូស និង​សរសេរ​នោះ​។ សូមណែនាំ​សិស្ស​ឲ្យ​យក​ក្រដាស​នោះ​ទៅផ្ទះ ហើយ​បិត​វា​នៅ​កន្លែង​ដែល​ពួកគេ​មើលឃើញ​ញឹកញាប់ ដើម្បី​​ពួកគេ​អាច​ទន្ទេញ​វគ្គ​នេះ​ឲ្យចាំ ។

កំណត់ចំណាំ ៖ ដោយសារតែ​មេរៀន​ថ្ងៃនេះ​វែង អ្នក​អាច​ប្រើ​សកម្មភាព​នេះ​នៅថ្ងៃក្រោយ នៅពេល​អ្នក​មាន​ពេល​បន្ថែម ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ហេលេមិន 5:12 តើ​យើង​អាច​ទប់ទល់​នឹង « ខ្យល់​ដ៏​ខ្លាំងក្លា » នៃ​មារសត្រូវ​បាន​ដោយ​របៀបណា ?

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា យើង​ត្រូវតែ​តោងឲ្យ​ជាប់​ទៅនឹង​ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ​នៅពេលមារសត្រូវ​បញ្ចេញ​កម្លាំង​របស់​វាប្រឆាំង​នឹង​យើង ៖

« យើងក៏​ត្រូវ​ជួប​នឹង​កម្លាំង​​ដែល​បំផ្លាញដ៏ខ្លាំងក្លា​ដែល​បញ្ចេញ​ដោយ​មារសត្រូវ​ដែរ ។ រលក​នៃ​អំពើបាប អំពើទុច្ចរិត ភាពអសីលធម៌ ការបន្ថោក ការរំលង ការបោក​បញ្ជោត គម្រោង​ទុច្ចរិត និង​ភាពមិនស្មោះត្រង់​គំរាមកំហែង​យើង​គ្រប់គ្នា ។ វា​មក​ដោយ​មាន​អំណាច និង​ល្បឿន​ដ៏​ខ្លាំង ហើយ​នឹង​បំផ្លាញ​យើង ប្រសិនបើ​យើង​មិន​បាន​ប្រុងប្រយ័ត្ន​ទេ​នោះ ។

« ប៉ុន្ដែ​ការព្រមាន​នឹង​បន្លឺ​ដល់​យើង ។ វា​ធ្វើ​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន ហើយ​ស្ដាប់តាម ព្រមទាំង​រត់ចេញពី​អំពើអាក្រក់​សម្រាប់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ បើ​យើង​គ្មាន​ជំនួយ​ទេ យើង​មិន​អាច​ទ្រាំទ្រ​នឹង​វា​បាន​ទេ ។ យើង​ត្រូវតែ​រត់ចេញ​ទៅរក​ទីទួល​ខ្ពស់ ឬ​តោង​ឲ្យ​ជាប់​ទៅនឹង​អ្វី​ដែល​អាច​រក្សា​យើង​កុំ​ឲ្យ​បក់បោក​ទៅតាម​កម្លាំង​នោះ ។ អ្វី​ដែល​យើង​ត្រូវ​តោង​ដើម្បី​មាន​សុវត្ថិភាព​នោះ​គឺ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ វា​គឺជា​ការការពារ​របស់​យើង​ពី​កម្លាំង​ណា​ដែល​អំពើអាក្រក់​អាច​បោកបក់​មក ។ ព្យាការី​ដ៏បំផុស​គំនិត​ម្នាក់​នៅ​ក្នុង​​ព្រះគម្ពីរ​មរមន​បាន​ទូន្មាន​ដល់​​ប្រជាជន​របស់​គាត់ថា ៖ ‹ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅលើ​សិលា​នៃ​ព្រះដ៍ប្រោសលោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​ក្លា​របស់​វា​មក មែនហើយ​ព្រួញ​របស់​វា​នៅក្នុង​ខ្យល់​គួច មែនហើយ កាលណាព្រិល និង​ខ្យល់ព្យុះ​កំណាច​ទាំងអស់​របស់​វា​បោកបក់​មក​លើ នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូនចុះ​ទៅក្នុង​ជង្ហុក​នៃ​សេចក្ដីវេទនា និង​ទុក្ខលំបាក​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ › (ហេលេមិន 5:12) » ( « Hold Fast to the Iron Rod » Ensign ខែ វិច្ឆិកា ឆ្នាំ 1978 ទំព័រ 6 ) ។