បណ្ណាល័យ
មេរៀនទី 63 ៖ ម៉ូសាយ 21–22


មេរៀនទី 63

ម៉ូសាយ 21–22

សេចក្តី​ផ្ដើម

ក្រោយពី​បរាជ័យ​បី​ដង​ក្នុង​ការរំដោះ​ខ្លួន​គេ​ពី​សេវកភាព​នៃ​សាសន៍​លេមិន នៅទីបញ្ចប់​ប្រជាជន​របស់​លិមហៃ​បាន​បែរទៅរក​ព្រះអម្ចាស់​ឲ្យ​ដោះលែង​ពួកគេ ។ ក្រោយមក អាំម៉ូន​ និង បងប្អូនប្រុស​របស់​គាត់​បាន​មក​ដល់​ក្នុង​ដែនដី​លីហៃ-នីហ្វៃ ។ ក្រោយពី​ការធ្វើសេចក្ដីសញ្ញា​ថា​នឹង​បម្រើ​ដល់​ព្រះអម្ចាស់ ប្រជាជន​របស់​លិមហៃ​បាន​រត់ចេញ​ពី​សេវកភាព​របស់​សាសន៍លេមិន ហើយ​អាំម៉ូន​បានដឹកនាំ​ពួកគេ​ទៅ​សារ៉ាហិមឡា ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 21:1–22

ក្រោយពី​ប្រជាជន​របស់​លិមហៃ​បះបោរ​ប្រឆាំង​នឹង​សាសន៍លេមិន ហើយ​ត្រូវ​បាន​បង្ក្រាប​បី​ដង​មក ពួកគេ​បាន​បន្ទាបខ្លួន​ចំពោះ​មុខ​ព្រះអម្ចាស់ ហើយ​ចាប់ផ្ដើម​រីកចម្រើន

សូម​សរសេរ​ពាក្យ ការជាប់ឃុំឃាំង និង ការដោះលែង នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​ស្រមៃ​ពី​អ្វី​នៅពេល​អ្នក​គិត​ពី​ពាក្យ​ទាំងនេះ ?

  • តើ​អារម្មណ៍​អ្វី​ដែល​អ្នក​គិត​ដល់ ដែល​ទាក់ទង​នឹង​ពាក្យ​ទាំងនេះ ?

  • តើ​ពាក្យ​ទាំងនេះ​អាច​មាន​អ្វីខ្លះ ដែល​ទាក់ទង​នឹង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ?

សូម​ពន្យល់​ថា ម៉ូសាយ 21–24 រួមមាន​ដំណើររឿង​នៃ​ក្រុម​មនុស្ស​ពីរ​ក្រុម​ដែល​ស្ថិតក្នុង​ការជាប់ឃុំឃាំង​ដល់​កម្លាំង​នៃ​សាសន៍​លេមិន ហើយ​ទីបំផុត​ត្រូវ​បាន​ដោះលែង​ដោយ​ព្រះអម្ចាស់ ។ នៅក្នុង ម៉ូសាយ 21–22 យើង​អាន​អំពី​លិមហៃ និង ប្រជាជន​របស់​គាត់ ដែល​ធ្លាក់ក្នុង​សេវកភាព ដែល​ជា​លទ្ធផល​នៃ​អំពើទុច្ចរិត​របស់​ពួកគេ ។ ការជាប់​ឃុំឃាំង​ខាង​សាច់ឈាម​របស់​ពួកគេ​ឆ្លុះបញ្ចាំង​ពី​ការជាប់​ឃុំឃាំង​ខាង​វិញ្ញាណ​ដែល​ពួកគេ​ទទួល​ដោយសារ​តែ​អំពើបាប​របស់​ពួកគេ ។ ដំណើររឿង​នៃ​ក្រុមទីពីរ​នេះ នៅក្នុង ម៉ូសាយ 23–24 នឹង​មាន​នៅ​មេរៀន​បន្ទាប់​ទៀត ។ វា​ប្រាប់​ពី​ប្រជាជន​របស់​អាលម៉ា ដែល​ទទួល​បទពិសោធន៍​នៃ​ការជាប់​ឃុំឃាំង និង សេចក្ដីទុក្ខវេទនា​ក្រោយពី​ពួកគេ​ទទួល​បុណ្យជ្រមុជទឹក ។ រឿង​ទាំងពីរ​បង្រៀន​ពី​សេចក្ដីពិត​ដ៏​សំខាន់​អំពី​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ក្នុង​ការដោះលែង​យើង​ពី​អំពើបាប និង សេចក្ដី​ទុក្ខវេទនា ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ក្នុង​ការដោះលែង​យើង​ចេញពី​អំពើបាប នៅពេល​ពួកគេសិក្សា​ពី​ការជាប់ឃុំឃាំង និង ការដោះលែង​របស់​ប្រជាជន​នៅក្នុង ម៉ូសាយ 21–22 ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 21:2–6 ស្ងាត់ៗ ។ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ និង ឃ្លា​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​លិមហៃ​និង​ប្រជាជន​របស់​គាត់​ជួប និង​ពី​អារម្មណ៍​ដែល​ពួកគេ​មាន​អំពី​វា ។ សូម​បញ្ជាក់​ពី​ការលំបាក​ដែល​ប្រជាជន​របស់​លិមហៃ​បាន​ជួប អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា « ហើយ​គ្មាន​ផ្លូវណា​ដែល​គេ​អាច​ដោះខ្លួន » នៅក្នុង ម៉ូសាយ 21:5 ។

  • តើ​សេចក្ដីលម្អិត​អ្វីខ្លះ​នៅក្នុង ម៉ូសាយ 21:6 ស្នើ​ថា ប្រជាជន​មិន​ទាន់​បាន​បន្ទាបខ្លួន​គេ ហើយ​បែរទៅ​រក​ព្រះអម្ចាស់​នោះ ?

  • តើ​ដំណោះស្រាយ​អ្វី​ដែល​ប្រជាជន​របស់​លិមហៃ​ស្នើ​ដើម្បី​ស្វែងរក​ការធូរស្បើយ​ពី​សេចក្ដីទុក្ខវេទនា​របស់​ពួកគេ ?

សូម​សង្ខេប ម៉ូសាយ 21:7–12 ដោយ​ការប្រាប់​សិស្ស​ថា ប្រជាជន​របស់​លិមហៃ​បាន​ទៅច្បាំង​បី​ដង​ដើម្បី​ដោះលែង​ខ្លួនគេ​ពី​សាសន៍លេមិន ប៉ុន្ដែ​ពួកគេ​បាន​ចាញ់ ហើយ​រងទុក្ខ​នឹង​ការបាត់បង់​ដ៏​ច្រើន​រាល់ដង ។

  • តើ​មាន​ផ្លូវ​ណា​ខ្លះ ដែល​ប្រជាជន​អាច​ធ្វើ​ក្រោយពី​បំណង​មិន​បាន​ជោគជ័យ​លើកទីបី​របស់​ពួកគេ​ក្នុង​ការដោះលែង​ខ្លួន​គេ​នោះ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី ម៉ូសាយ 21:13–16 ដើម្បី​រៀន​ពី​របៀប​ដែល​ប្រជាជន​បាន​ឆ្លើយតប ។ សូម​ពិចារណា​​ពី​ការសួរ​សំណួរ​ខាងក្រោម​នេះ​មួយ​ចំនួន​ ឬ ទាំងអស់ ៖

  • តើ​ប្រជាជន​បាន​ផ្លាស់ប្ដូរ​ដោយ​របៀបណា ក្រោយពី​ការបរាជ័យ​លើក​ទីបី​របស់​ពួកគេ ?

  • យោងតាម ម៉ូសាយ 21:15 ហេតុអ្វី​បានជា​ព្រះអម្ចាស់​ក្រ​នឹង​ឮ​ការអធិស្ឋាន​របស់​ពួកគេ ?

  • នៅក្នុង ម៉ូសាយ 11:23–25 តើ​អ័ប៊ីណាដៃ​បាន​ប្រាប់​អ្វី​ដល់​ប្រជាជន ថា​ពួកគេ​នឹង​ត្រូវ​ធ្វើ​មុនពេល​ព្រះអម្ចាស់​នឹង​ឮ​ដល់​ការអធិស្ឋាន​របស់​ពួកគេ​ឲ្យ​ដោះលែង​នោះ ?

  • ទោះបីជា​ប្រជាជន​មិន​ត្រូវបាន​ដោះលែង​ដោយភ្លាមៗ​ពី​ការជាប់ឃុំឃាំង​ក្ដី តើ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគេ នៅពេល​ពួកគេ​ចាប់ផ្ដើម​ប្រែចិត្ត​ដោយ​របៀបណា ? ( នៅពេល​សិស្ស​ឆ្លើយ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គូស​ចំណាំ​ឃ្លា « ចាប់ផ្ដើម​ចម្រើនឡើង​បន្ដិចម្ដងៗ » នៅក្នុង ម៉ូសាយ 21:16 ។ )

  • តើ​ការណ៍​នេះ​បង្រៀន​អ្វីខ្លះ អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​នៅពេល​ប្រជាជន​បន្ទាបខ្លួន​គេ ចាប់ផ្ដើម​ប្រែចិត្ត និង សុំ​ជំនួយ​ពី​ទ្រង់ ?

សូម​សង្ខេប ម៉ូសាយ 21:16–22 ដោយ​ការពន្យល់​ថា អំឡុងពេល​ដែល​ប្រជាជន​របស់​លិមហៃ​ស្ថិតក្នុង​សេវកភាព ព្រះអម្ចាស់​បាន​ចម្រើនពួកគេ​ដើម្បី​ឲ្យ​ពួកគេ​មិន​សេ្រកឃ្លាន ។ ព្រម​ទាំង​គ្មាន « ការរំខាន​ឆាឆៅ​គ្នា​រវាង​ពួកលេមិន នឹង​ប្រជាជន​របស់​លិមហៃ​ទៀតឡើយ » ( ម៉ូសាយ 21:22 ) ។

សូម​ឲ្យ​សិស្ស​និយាយ​ពី​គោលការណ៍​ដែល​ពួកគេ​បាន​រៀន​ពី​ដំណើររឿង​នៃ​ប្រជាជន​របស់​លិមហៃ ។ ទោះបីជា​សិស្ស​អាច​ចែកចាយ​គោលការណ៍​ខុសគ្នា​ក្ដី សូម​ប្រាកដ​ថា ពួកគេ​យល់​ថា នៅពេល​យើង​បន្ទាបខ្លួន​យើង អំពាវនាវ​ដល់​ព្រះអម្ចាស់ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ទ្រង់​នឹង​ឮ​ការអធិស្ឋាន​របស់​យើង ហើយ​បញ្ឈប់​បន្ទុក​នៃ​អំពើបាប​របស់​យើង​តាមពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។( អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើក្ដារខៀន ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសាយ 21:15–16 ឬ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ 

  • តើ​អ្នក​គិត​ថា យើង​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការរង់ចាំ​ឲ្យ​ព្រះអម្ចាស់​ដោះលែង​យើង​ពី​បន្ទុក​នៃ​អំពើបាប​របស់​យើង​យ៉ាងដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​ឲ្យ​ពួកគេ​គិត​ពី​សំណួរ​ខាងក្រោម​នេះ​មួយ​សន្ទុះ ហើយ​សរសេរ​ចម្លើយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ ( អ្នក​អាច​សរសេរ​សំណួរ​នៅលើ​ក្ដារខៀន 

  • តើ​អ្នក​ធ្វើ​អ្វី ដើម្បី​ស្វែងរក​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ដើម្បី​ដោះលែង​ពី​អំពើបាប​របស់​អ្នក ?

  • តើ​អ្នក​ត្រូវបាន « ចម្រើន​ឡើង​បន្ដិចម្ដងៗ » តាមរបៀប​ណា​ខ្លះ នៅពេល​អ្នក​បាន​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ ?

ម៉ូសាយ 21:23–22:16

លិមហៃ អាំម៉ូន និង គេឌាន​បាន​សាមគ្គី​គ្នា​ដើម្បី​ជួយ​ប្រជាជន​ឲ្យ​រួច​ផុត​ពី​សេវកភាព និង ត្រឡប់​ទៅ​ដែនដី​សារ៉ាហិមឡា​វិញ

កំណត់ចំណាំ ៖ អ្នក​អាច​រំឭក​សិស្ស​ថា ម៉ូសាយ 7 និង 8 រួមមាន​នូវ​ដំណើររឿង​អំពី​អាំម៉ូន និង​បងប្អូនប្រុស​របស់​គាត់​ក្នុង​ការស្វែងរក​ស្ដេច​លិមហៃ និង​ប្រជាជន​របស់​គាត់ ។ ជំពូក 14 បន្ទាប់ទៀត ម៉ូសាយ 9–22 ប្រាប់​ពី​ប្រវត្តិសាស្ដ្រ​នៃ​ប្រជាជន​របស់​លិមហៃ ដោយ​ចាប់ផ្តើម​ប្រមាណ​ជា​ 80 ឆ្នាំ​មុនពេល​អាំម៉ូន​បាន​រកឃើញ​ពួកគេ ។ ប្រវត្តិសាស្ដ្រ​នេះ​បញ្ចប់​ដោយ​ការប្រាប់​ជា​ថ្មី​ពី​ហេតុការណ៍​ខ្លះ​ដែល​មាន​នៅក្នុង​ជំពូក​មុនៗ ។ ដោយសារ​មូលហេតុ​នេះ​ហើយ បរិបទ​ភាគច្រើន​នៃ ម៉ូសាយ 21:23–30 មាន​នៅក្នុង​មេរៀន​អំពី ម៉ូសាយ 7–8 និង ម៉ូសាយ 18 ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​ពី​ហេតុការណ៍​ដែល​បាន​កត់ត្រា​នៅក្នុង ម៉ូសាយ 21:23–30 វា​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ដល់​អ្នក​ក្នុង​ការរំឭក​ដោយ​ខ្លីៗ​នៃ​ការធ្វើ​ដំណើរ​ទាំងមូល​ក្នុង ម៉ូសាយ 7–24 នៅក្នុង​សេចក្ដីបន្ថែម​នៅចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។

សូម​រំឭក​សិស្ស​ថា ប្រជាជន​របស់​លិមហៃ​ទទួលស្គាល់​ថា សេចក្ដីទុក្ខវេទនា​របស់​ពួកគេ​មក​ពី​ពួកគេ​បាន​បដិសេធ​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​ប្រែចិត្ត ( សូមមើល ម៉ូសាយ 12:1–2; 20:21 ) ។ ដោយ​ចំណេះដឹង​អំពី​អំពើបាប​របស់​ពួកគេ​នេះ ប្រជាជន​របស់​លិមហៃ​បាន​ចាប់ផ្ដើម​ដំណើរការ​នៃ​ការប្រែចិត្ត និង ការប្រែចិត្តជឿ ។ សូម​ចែកចាយ​និយមន័យ​ខាងក្រោម​នៃ​ការប្រែចិត្ត ៖

« [ ការប្រែចិត្ត ] គឺ​សំខាន់​ចំពោះ​សុភមង្គល​របស់​អ្នក​នៅក្នុង​ជីវិត​នេះ និង ពេញ​ទាំង​ភាពអស់កល្ប ។ ការប្រែចិត្ត​គឺជា​សំខាន់​ជាង​ការគ្រាន់តែ​ដឹង​ពី​ការធ្វើខុស ។ វា​ជា​ការផ្លាស់ប្តូរ​នៃ​ចិត្ត និង​គំនិត ។ … វា​រួម​មាន​ការបែរចេញ​ពី​អំពើ​បាប ហើយ​ទៅ​រក​ព្រះ​សុំ​ការអភ័យទោស ។ វា​ត្រូវបាន​ជម្រុញ​ដោយ​សេចក្ដីស្រឡាញ់​ដល់​ព្រះ និង បំណង​ដ៏​ស្មោះត្រង់​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ សេចក្ដីយោង​នៃ​ដំណឹងល្អ [ ឆ្នាំ 2004 ] ទំព័រ 132 ) ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 21:32–35 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រក​ពាក្យ និង ឃ្លា​ដែល​បង្ហាញ​ថា លិមហៃ និង ប្រជាជន​របស់​គាត់​បាន​ប្រែចិត្ត ហើយ​បែរដួងចិត្ត​របស់​ពួកគេ​ទៅរក​ព្រះអម្ចាស់ ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូសចំណាំ​ពាក្យ និង ​ឃ្លា​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( ចម្លើយ​របស់​ពួកគេ​អាច​រួមមាន លិមហៃ និង ប្រជាជន​របស់​គាត់​ជាច្រើន​បាន​ចូល​ទៅក្នុង​សេចក្ដីសញ្ញា​ដើម្បី​បម្រើ​ព្រះ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ថា​ពួកគេ​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ថា​ពួកគេ​នឹង​បម្រើ​ព្រះ​ដោយ​អស់​ពី​ចិត្ត​របស់​ពួកគេ ) ។

សកម្មភាព​ខាងក្រោម​នឹង​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ព្រះអម្ចាស់​បាន​ជួយ​ប្រជាជន​របស់​លិមហៃ​ឲ្យ​រួច​ពី​សេវកភាព នៅពេល​ពួកគេ​គោរព​ដល់​សេចក្ដីសញ្ញា​ក្នុង​ការបម្រើ​ដល់​ទ្រង់ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ សូមសរសេរ​សំណួរ​ខាងក្រោម និង សេចក្ដីយោង​ព្រះគម្ពីរ​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​ថ្នាក់ ។

តើ​ការមកដល់​របស់​អាំម៉ូន និង បងប្អូនប្រុស​របស់​គាត់​ជា​ចម្លើយ​មួយ​ដល់​ការអធិស្ឋាន​របស់​ប្រជាជន​លិមហៃ​ដោយ​របៀបណា ? ( សូមមើល ម៉ូសាយ 7:14–15, 18–20; 21:14–15, 22–24 

បន្ថែម​លើ​ការស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​តាមរយៈ​ការអធិស្ឋាន តើ​ប្រជាជន​របស់​លិមហៃ​បាន​ធ្វើ​អ្វី​ខ្លះ ដោយ​ការដឹកនាំ​ពី​គេឌាន ដើម្បី​បាន​ដោះលែង ? ( សូមមើល ម៉ូសាយ 21:36; 22:1–10 

តើ​សេចក្ដីលម្អិត​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បង្ហាញ​ថា​ព្រះអម្ចាស់​បាន​ជួយ​ដល់​ប្រជាជន​របស់​លិមហៃ​ឲ្យ​រួចខ្លួន​ដោយសុវត្ថិភាព ? ( សូមមើល ម៉ូសាយ 22:11–16; 25:15–16 

សូម​បែងចែក​សិស្ស​ជាបី​ក្រុម ។ សូម​ឲ្យ​ក្រុម​នីមួយៗ​រៀបចំ​ឆ្លើយ​នឹង​សំណួរ​មួយ​នៅលើ​ក្ដារខៀន​ដោយ​ការសិក្សា​វគ្គ​ព្រះគម្ពីរ​ដែល​មាន​នោះ ។ ពីរ​បី​នាទី​ក្រោយមក សូម​ឲ្យ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​រាយការណ៍​ពី​ចម្លើយ​ដែល​ពួកគេ​បាន​រៀបចំ ។ ការណ៍​នេះ​ក៏​នឹង​ជា​ពេល​ល្អ​មួយ​ដើម្បី​ឲ្យ​សិស្ស​បន្ថែម « ប្រជាជន​របស់​លិមហៃ​រត់ចេញ » ទៅលើ​ឌីយ៉ាក្រាម​របស់​ពួកគេ​អំពី​សេចក្ដីសង្ខេប​នៃ​ការធ្វើ​ដំណើរ​នៅក្នុង ម៉ូសាយ 7–24 ។ ( សម្រាប់​ឌីយ៉ាក្រាម​ពេញលេញ សូម​មើល​សេចក្ដីបន្ថែម​នៅ​ចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។ ) អ្នក​ក៏​អាច​ឲ្យ​សិស្ស​បើកទៅ​ប្រដាប់​ដាក់​ក្នុង​ព្រះគម្ពីរ​មរមន​ដើម្បី​រក​អ្វី​ដែល​នឹង​កើតឡើង​នៅទីបញ្ចប់​ដល់​ប្រជាជន​របស់​លិមហៃ ( សូមមើល ម៉ូសាយ 22:13–14 ) ។

រូបភាព
ការធ្វើ​ដំណើរ​នៅក្នុង ម៉ូសាយ 7–24

សូម​បង្ហាញ​ថា ខណៈពេល​យើង​មិន​ត្រូវ​ការស្វែងរក​ការដោះលែង​ពី​សេវកភាព​ខាងសាច់ឈាម ដូចជា​ប្រជាជន​របស់​លិមហៃ យើងទាំងអស់​គ្នា​ត្រូវការ​ការដោះលែង​ពី​អំពើបាប ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី ម៉ូសាយ 21–22 ដែល​នឹង​ផ្ដល់​ការលើកទឹកចិត្ត​ដល់​នរណាម្នាក់​ដែល​ត្រូវ​ទទួល​បទពិសោធន៍​ពី​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់​ដើម្បី​ដោះលែង​យើង​ពី​អំពើបាប ?

សូម​បញ្ចប់​ដោយ​ការថ្លែងទីបន្ទាល់​អំពី​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់​ដើម្បី​ដោះលែង​យើង​ពី​អំពើបាប ។ សូម​បញ្ជាក់​ថា នៅពេល​យើង​បន្ទាបខ្លួន ស្រែកហៅ​រក​ព្រះអម្ចាស់ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ទ្រង់​នឹង​ឮ​ការអធិស្ឋាន​របស់​យើង ហើយ​បញ្ឈប់​បន្ទុក​នៃ​អំពើបាប​របស់​យើង​តាមពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 21:15, 29–30 ។ ការរងទុក្ខ​ដែល​មក​ពី​អំពើបាប អាច​បម្រើ​ដល់​គោលបំណង

នៅពេល​យើង​បដិសេធអំពើបាប ហើយ​បដិសេធ​មិន​ព្រម​ប្រែចិត្ត ដូចជា​ប្រជាជន​របស់​ស្ដេច​លិមហៃ យើង​នាំ​មក​នូវ​ការឈឺចាប់​បន្ថែម​ដល់​ខ្លួន​យើង —ពេលខ្លះ​ខាង​រាងកាយ ហើយ​ជានិច្ចកាល​ខាង​វិញ្ញាណ​ផងដែរ ។ អែលឌើរ ខេន អេហ្វ រីឆាត នៃ​ក្រុមចិតសិបនាក់​បាន​ពន្យល់​ពី​របៀប​ដែល​ការឈឺចាប់​អាច​ជា​ផ្នែក​ចាំបាច់​មួយ​នៃ​ការព្យាបាល និង ការធំធាត់​ខាងវិញ្ញាណ​របស់យើង ។

« ការឈឺចាប់​គឺជា​ខ្នាត​នៃ​ដំណើរការ​ព្យាបាល ។ ជាញឹកញាប់ វា​បង្រៀន​យើង​ពី​ការអត់ធ្មត់ ។

« អែលឌើរ អួសុន អែហ្វ វិតនី បាន​សរសេរ​ថា ៖ ‹ គ្មាន​ការឈឺចាប់​ដែល​យើង​រងទុក្ខ គ្មាន​ការសាកល្បង​ដែល​យើង​ទទួល​បទពិសោធន៍​ក្លាយជា​ឥតប្រយោជន៍​នោះ​ទេ ។ វា​ជួយ​ផ្គត់ផ្គង់​ដល់​ការអប់រំ​របស់​យើង ដល់​ការអភិវឌ្ឍ​នៃ​គុណសម្បត្តិ​ដូចជា ការអត់ធ្មត់ សេចក្ដីជំនឿ ការរឹងប៉ឹង និង ការបន្ទាបខ្លួន ។… វា​តាមរយៈ​សេចក្ដីសោកសៅ និង​ការរងទុក្ខ ការលំបាក និង ទុក្ខព្រួយ ដែល​យើង​ទទួល​បាន​ការអប់រំ​ដែល​យើង​មក​ទីនេះ​ដើម្បី​ទទួល › ។

« ដូចគ្នាដែរ អែលឌើរ រ៉ូបឺត ឌី ហែល បាន​មាន​ប្រសាសន៍​ថា ៖

« ការឈឺចាប់​ធើ្វ​ឲ្យយើង​មាន​ការបន្ទាបខ្លួន ដែល​ធ្វើ​ឲ្យ​យើង​សញ្ជឹង​គិត ។ វា​ជា​បទពិសោធន៍​មួយ​ដែល​ខ្ញុំមាន​សេចក្ដីអំណរ​ដែល​បាន​ស៊ូទ្រាំ ។…

« ‹ ខ្ញុំ​បាន​ដឹង​ថា ការឈឺចាប់​ខាងសាច់ឈាម និង ការព្យាបាល​ខាង​រាងកាយ … គឺ​មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង​នឹង​ការឈឺចាប់​ខាង​វិញ្ញាណ និង ការព្យាបាល​ដល់​ព្រលឹង​តាម​ដំណើរការ​នៃ​ការប្រែចិត្ត › » ( « ដង្វាយធួន​ព្យាបាល​​រាល់​​ការឈឺចាប់​ទាំងអស់ » EnsignLiahona, ខែ ឧសភា ឆ្នាំ 2011, ទំព័រ 15 ) ។

ម៉ូសាយ 21:15–16 ។ តើ​អាកប្បកិរិយា​របស់​អ្នក​មាន​អ្វីខ្លះ អំឡុងពេល​ទុក្ខវេទនា ?

អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀន​អំពី​អាកប្បកិរិយា​ដែល​យើង​គួរ​ខិតខំ​ចៀសវាង និង អាកប្បកិរិយា​ដែល​យើង​គួរ​ខិតខំ​អភិវឌ្ឍ​អំឡុងពេល​ទុក្ខវេទនា​របស់​យើង ៖

« ព្រះអម្ចាស់​នឹង​ផ្ដល់​ការធូរស្បើយ​ដោយព្រះចេស្ដា​ដ៏​ទេវភាព នៅពេល​អ្នក​ស្វែងរក​ការដោះលែង​ដោយ​ការបន្ទាបខ្លួ និង សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

« សូម​កុំ​និយាយថា ‹ គ្មាន​នរណាម្នាក់​យល់​ពីចិត្ត​ខ្ញុំ​ទេ ; ខ្ញុំ​មិន​អាច​ដោះស្រាយ​បាន​ទេ ឬ ខ្ញុំ​មិន​អាច​ទទួល​បាន​ជំនួយ​ដែល​ខ្ញុំ​ត្រូវការ​ទេ › ។ សម្ដី​ទាំងនេះ​គឺ​ជា​ការបរាជ័យ​ផ្ទាល់ខ្លួន ។ គ្មាននរណាម្នាក់​អាច​ជួយ​អ្នក ដោយ​គ្មាន​សេចក្ដីជំនឿ និង​ការខិតខំ​ប្រឹង​ពី​ខាង​ផ្នែក​អ្នក​នោះ​ទេ ។ ការធំធាត់​ផ្ទាល់ខ្លួន​របស់​អ្នក​ត្រូវការ​វា ។ សូម​កុំ​ស្វែងរក​ជីវិត​ដ៏​មាន​សេរីភាព​មួយ​ចេញពី​ការមិន​ស្រណុកស្រួល ការឈឺចាប់ មាន​សម្ពាធ ឧបសគ្គ ឬ ទុក្ខសោក​សម្រាប់​អ្នកដែល​ជា​ឧបករណ៍​ដែល​ព្រះវរបិតា​ដ៏​ជាទីស្រឡាញ់​ប្រើ​ដើម្បី​បណ្ដុះ​ការធំធាត់ និង ការយល់ដឹង​ផ្ទាល់ខ្លួន​របស់​យើង​ឡើយ ។ ដូច​ដែល​ព្រះគម្ពីរ​បញ្ជាក់ម្តង​ហើយ​ម្តង​ទៀត​យ៉ាងជាក់​ច្បាស់ថា អ្នក​នឹងទទួល​បានជំនួយ​ នៅពេល​អ្នក​អនុវត្ត​ សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ … សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ​មានន័យ​ថា យើង​ទុកចិត្ត​ទ្រង់ យើង​ទុកចិត្ត​លើ​ការបង្រៀន​របស់​ទ្រង់ ។ ការណ៍​នោះ​នាំ​ទៅរក​ក្ដីសង្ឃឹម ហើយ​ក្ដី​សង្ឃឹម​នាំ​មក​នូវ​សប្បុរសធម៌ សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ —អារម្មណ៍​ដ៏​សន្ដិភាព​នោះ ដែល​មក​នៅពេល​យើង​មានអារម្មណ៍​ពី​ការបារម្ភ​របស់​ទ្រង់ ក្ដីស្រឡាញ់​របស់​ទ្រង់ និង សមត្ថភាព​របស់​ទ្រង់​ក្នុង​ការព្យបាល​យើង ឬ បញ្ឈប់​បន្ទុក​របស់យើង​ដោយ​ព្រះចេស្ដា​ព្យាបាល​របស់​ទ្រង់ » ( « To Be Healed » Ensign, ខែ ឧសភា ឆ្នាំ 1994, ទំព័រ 8 ) ។