បណ្ណាល័យ
មេរៀនទី 114 ៖ ហេលេមិន 14


មេរៀនទី 114

ហេលេមិន 14

សេចក្តី​ផ្ដើម

ដោយ​ការបន្ដ​បង្រៀន​ដល់​សាសន៍​នីហ្វៃ​នៅក្នុង​ដែនដី​សារ៉ាហិមឡា សាំយូអែល​ជា​សាសន៍​លេមិន​បាន​ប្រកាស​ពី​ទីសម្គាល់​ដែល​នឹង​បង្ហាញ​ពី​ការប្រសូត្រ និង​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​ពន្យល់​ថា លោក​បាន​ព្យាករពី​ទីសម្គាល់​ទាំងនេះ​ដើម្បី​ជួយ​ប្រជាជន​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ។ លោក​បាន​បង្រៀន​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្សលោក​ទាំងអស់​នឹង​ត្រូវ​បាន​នាំទៅកាន់​វត្តមាន​របស់​ព្រះ​វិញ ។ ដោយ​ហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត នោះ​លោក​បាន​សន្យា​ថា អ្នកប្រែចិត្ត​នឹង​ត្រូវ​បាន​អភ័យទោស​ពី​អំពើបាប​របស់​ពួកគេ ប៉ុន្ដែ​ថា​អ្នកដែល​​មិន​ព្រម​ប្រែចិត្ត​នឹង​ត្រូវ​កាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ​ម្ដងទៀត ។

យោបល់​សម្រាប់​ការបង្រៀន

ហេលេមិន 14:1–13

សាំយូអែល​ព្យាករ​ពី​ទីសម្គាល់​ទាំងឡាយ​ទាក់ទង​នឹង​ការប្រសូត្រ​របស់​ព្រះអង្គសង្គ្រោះ

ពីមុន​​ចាប់ផ្ដើម​បង្រៀន សូម​គូស​រូបព្រួញ​បី​ដូចខាងក្រោម​នៅលើ​ក្ដារខៀន ។ អ្នក​នឹង​បញ្ចូល​ពាក្យ និង​ឃ្លា​នៅជុំវិញ​រូបព្រួញ​នៅពេល​មេរៀន​បន្ដ​ទៅមុខ ។

រូបភាព
រូប​ព្រួញ

សូម​ឲ្យ​សិស្ស​រំឭក​ពី​អ្វីដែល​ពួកគេ​បាន​ពិភាក្សា​នៅក្នុង​មេរៀន​មុន ដែល​និយាយ​អំពី ហេលេមិន 13 ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​ដើម្បី​ចងចាំ​វា សូម​រំឭក​ពួកគេ​ថា ពួកគេ​បាន​រៀន​អំពី​ព្យាការី​ម្នាក់​ឈ្មោះ សាំយូអែល ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​សេចក្ដីលម្អិត​ដែល​ពួកគេ​ចាំ​អំពី​លោក ដូចជា​ថាតើ​លោក​ជា​នរណា តើ​លោក​បាន​ទៅណា តើ​លោក​បាន​បង្រៀន​អ្វីខ្លះ ហើយ​ស្ថានភាព​ខាងវិញ្ញាណ​នៃ​អ្នក​ដែល​លោក​បាន​បង្រៀន ។ សូម​ឲ្យ​សិស្ស​រំឭក​ពីរបៀប​ដែល​ប្រជាជន​ឆ្លើយតបន​នឹង​សារលិខិត​របស់​សាំយូអែល ។ សូម​ពន្យល់​ថា ហេលេមិន 14 រួមមាន​ការបង្រៀនបន្ត​​របស់​សាំយូអែល ។

សូម​ពន្យល់​ថា សាំយូអែល​បាន​ព្យាករ​ពី​ហេតុការណ៍​នានា​ដែល​នឹងកើតឡើង​នា​ពេលអនាគត ព្រឹត្តិការណ៍​ខ្លះ​មាន​ចម្ងាយ​រាប់ពាន់​ម៉ាយល៍​ពី​ដែនដី​សារ៉ាហិមឡា ។ សូម​ឲ្យ​សិស្ស​មើល​ត្រួសៗ​លើ ហេលេមិន 14:1–2 ហើយ​រកមើល​ហេតុការណ៍​មួយ​ដែល​សាំយូអែល​បាន​ព្យាករ ( ការប្រសូត្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ) ។

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 14:3–6 ដោយ​ស្ងៀមស្ងាត់ ​ដោយ​រកមើល​ទីសម្គាល់​ដែល​សាសន៍​នីហ្វៃ​នឹង​ឃើញ​ក្នុង​ពេល​នៃ​ការប្រសូត្រ​របស់​ព្រះអង្គសង្គ្រោះ ។ដ អ្នក​អាចណែនាំ​​ថា សិស្ស​គួរ​គូស​ចំណាំ​ទីសម្គាល់​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ។ អ្នក​ក៏អាច​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅលើ​លេខយោង​នៃ​ខគម្ពីរ​ទាំងនេះ ដែល​បង្ហាញ​ពី​ការបំពេញ​នៃ​ការព្យាកររបស់​សាំយូអែលបានផងដែរ ។

  • តើ​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ចំពោះអ្នក​យ៉ាងដូចម្ដេច​ដែរ ?

សូមអាន ហេលេមិន 14:8–9 ឮៗ ។ សូម​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការជឿ​លើ​ព្រះអង្គសង្គ្រោះ​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ សូម​សរសេរ ជីវិត​ដ៏​អស់កល្ប​ជានិច្ច បន្ទាប់ពី​ព្រួញ​ចុងក្រោយគេ​នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា « ជីវិត​ដ៏​អស់កល្ប​ជានិច្ច » មានន័យ​ដូចគ្នា​នឹង «​ជីវិត​ដ៏​អស់កល្ប » ។ វា​មាន​ន័យ​ថា ការរស់នៅ​ដូច​ជាព្រះ ហើយ​រស់នៅ​ជារៀងរហូត​ក្នុង​វត្តមាន​របស់​ទ្រង់​ជាមួយ​នឹង​គ្រួសារ​របស់​យើង ។ សាំយូអែល​បាន​បង្រៀន​សាសន៍​នីហ្វៃ​នៅក្នុង​ដែនដិ​សារ៉ាហិមឡា​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 14:11–13 ដោយស្ងៀម​ស្ងាត់ ដោយ​រកមើល អ្វី​ដែល​សាំយូអែល​ចង់​ឲ្យ​ប្រជាជន​ដឹង ហើយ​ធ្វើ​តាម ។ អ្នក​អាច​ណែនាំ​ថា សិស្ស​គួរ​គូស​ចំណាំ​អ្វីដែល​សាំយូអែល​ចង់​ឲ្យ​ប្រជាជន​ដឹង ហើយ​ធ្វើតាម ។

ទៅ​ខាង​ឆ្វេង​នៃ​ព្រួញ​ទីមួយ​នៅលើ​ក្ដារខៀន សូម​សរសេរ ចំណេះដឹង ។ បន្ទាប់​មក សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​បាន​រកឃើញ​អ្វីខ្លះដែល​សាំយូអែល​ចង់​ឲ្យ​ប្រជាជន​ដឹង ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​សរសេរ​នូវរឿង​ទាំងនេះ​នៅលើ​ក្ដារខៀន​ក្រោម​ពាក្យ ចំណេះដឹង ។ ( ចម្លើយ​អាច​រួមមាន សាំយូអែល​ចង់​ឲ្យ​ប្រជាជន​ដឹង​អំពី​ការជំនុំជម្រះ​របស់​ព្រះ​សម្រាប់​អ្នកទាំងឡាយ​ណា​ដែល​ធ្វើ​បាប លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ទីសម្គាល់​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការយាង​មក​របស់​ទ្រង់ ) ។

  • តើ​សាំយូអែល​បាន​សង្ឃឹម​ថា​ចំណេះដឹង​នេះ​នឹង​ដឹកនាំ​ប្រជាជន​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ពីអំពើបាប​របស់​គេ ) ។

សូម​ឲ្យ​សិស្ស​សរសេរ​គោលការណ៍​មួយ​ដោយ​ផ្អែកលើ ហេលេមិន 14:13 ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​អាន​ឮៗ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ( ចម្លើយ​មួយ​អាច​ថា ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​ទៅរក​ការប្រែចិត្ត និង​ការផ្តាច់បាប ) ។

ដើម្បីជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា « តាមរយៈ​ព្រះគុណ​ទ្រង់ » សូម​ពន្យល់​ថា ព្រះគុណ​គឺជា​លក្ខណៈ​សម្បត្តិ ឬ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​សក្ដិសមនឹង​ទទួល​រង្វាន់ ។ ដើម្បី​សក្ដិសម​នឹង​ទទួល​បាន​ការផ្ដាច់​បាប​របស់​យើង យើង​ត្រូវ​ធ្វើ​រឿង​ជាក់លាក់​ខ្លះ​ដូចជា​ត្រូវ​ប្រែចិត្ត​ដោយ​ស្មោះសរ ជ្រមុជទឹក ហើយ​ទទួល​ការបញ្ជាក់ និង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ យើង​ទទួល​បាន​អំណោយ​ទាន​នៃ​ការអភ័យទោស​ដោយសារតែ​ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះប៉ុណ្ណោះ មិន​មែន​ដោយ​គុណសម្បត្តិ​របស់​យើងនោះទេ ។ អ្នក​អាច​រំឭក​សិស្សអំពី នីហ្វៃទី 2 25:23 ជា​វគ្គ​មួយ​នៃ​ចំណេះចំណាន​ខគម្ពីរ ។ « វា​តាម​រយៈ​ព្រះគុណ​ដែល​យើង​ត្រូវ​បាន​សង្គ្រោះ ក្រោយពី​យើង​អាច​ធ្វើ​អ្វីៗ​ទាំងអស់ » ។ អ្នក​ក៏​អាចណែនាំ​ថា សិស្ស​គួរ​អាន អាលម៉ា 22:14 និង អាលម៉ា 24:10–11 ។

សូម​បញ្ចប់​តារាង​នៅលើ​ក្ដារខៀន​ដូច​ខាងក្រោម ៖

រូបភាព
Knowledge
  • តើ​ការទទួល​បាន​ចំណេះដឹង​ពី​ព្រះអង្គសង្គ្រោះ បាន​បង្កើន​ជំនឿ​របស់​អ្នក​លើ​ទ្រង់​ដោយ​របៀបណា ?

  • តើ​ជំនឿ​របស់​អ្នកលើ​ព្រះអង្គសង្គ្រោះ​បាន​ដឹកនាំ​អ្នក​ឲ្យ​ប្រែចិត្ត ហើយ​ខិតខំ​ដើម្បី​ក្លាយដូចជា​ទ្រង់​ដោយ​របៀបណា ?

សូម​ធ្វើទីបន្ទាល់ មាន​តែ​តាមរយៈ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដែល​យើង​អាច​យើង​ទទួល​បាន​ការផ្ដាច់បាប ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅអស់​កល្ប​ជានិច្ច ។

ហេលេមិន 14:14–31

សាំយូអែល​ព្យាករ​អំពី​ទីសម្គាល់​ទាក់ទង​ទៅនឹង​ការសុគត​របស់​ព្រះអង្គសង្គ្រោះ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 14:14 ឮៗ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន ហេលេមិន 14:20–27 ដោយស្ងៀម​ស្ងាត់ ​ដោយ​រកមើល​ទីសម្គាល់​ដែល​សាសន៍​នីហ្វៃ​នឹង​ឃើញ​នៅពេល​ព្រះយេស៊ូវគ្រីស្ទ​សុគត ។ អ្នក​អាច​ណែនាំ​ថា ពួកគេ​គួរ​គូស​ចំណាំ​ទីសម្គាល់​ទាំងនេះ ។ នៅពេល​ពួកគេ​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ប្រាប់​ពួកគេ​ថា ការបំពេញ​តាម​ទីសម្គាល់​ទាំងនេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី 3 ( សូមមើល ហេលេមិន 14:20, លេខយោង  ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 14:28–29 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​ផ្ដល់​ទីសម្គាល់ និង​ការអស្ចារ្យ​ទាំងឡាយ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​បង្ហាញ​មូលហេតុ​ទាំងនេះ​ជា​ពាក្យសម្ដី​របស់​គេ​ផ្ទាល់ ។ ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​សេចក្ដីពិត​ខាងក្រោម ៖ ព្រះអម្ចាស់ប្រទាន​ទីសម្គាល់ និង​ការអស្ចារ្យ​ទាំងឡាយ​ដើម្បី​ជួយ​ប្រជាជន​ឲ្យ​ជឿ​លើ​ទ្រង់ ) ។

  • តើ​សេចក្ដីពិត​នេះ​អាច​បង្រៀន​យើង​អ្វីខ្លះអំពី​ទីសម្គាល់​ដែល​នឹង​នាំទៅរក​​ការយាងមក​របស់​ព្រះអង្គសង្គ្រោះ ?

សូម​ឲ្យ​សិស្ស​គិត​អំពី​ទីសម្គាល់ ឬ​ភស្ដុតាង​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទានដល់​ពួកគេ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ជឿលើ​ទ្រង់ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ( ប៉ុន្ដែ​សូម​រំឭក​ពួកគេ​ថា ពួកគេ​មិន​គួរ​មាន​អារម្មណ៍​ថា​ត្រូវ​ចែកចាយ​អ្វីៗ​ដែល​ផ្ទាល់ខ្លួន ឬ​ឯកជន​ពេក​នោះ​ទេ ) ។ សូម​ថ្លែងទីបន្ទាល់​ថា ព្រះអម្ចាស់​ផ្ដល់​នូវ​ទីសម្គាល់ និង​បញ្ជូន​ព្យាការី​ដូចជា​សាំយូអែល នៅក្នុង​ជំនាន់​របស់​យើង​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ជឿ​លើ​ទ្រង់ ។

កំណត់ចំណាំ ៖ ដោយសារ​វគ្គ​ព្រះគម្ពីរ​ជាច្រើន​ព្រមាន​យើង​កុំ​ឲ្យ​ស្វែងរក​ទីសម្គាល់​នានា នោះ​សិស្ស​អាច​យល់​ច្រឡំ​អំពី​ការពិភាក្សា​ពី​ទីសម្គាល់​នេះ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា មាន​ភាពខុសគ្នា​មួយ​រវាង​ការទទួល​ស្គាល់​ទីសម្គាល់​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ និង​ការស្វែងរក​ទីសម្គាល់​សម្រាប់​មូលហេតុ​អត្តទត្ថភាព​និយម ( សូមមើល យ៉ាកុប 7:9–14, អាលម៉ា 30:43–50, គ . និង ស . 46:9, 63:7–11 ) ។ នៅពេល​ព្យាការី​ព្រមាន​អំពី​ការស្វែងរក​ទីសម្គាល់ ពួកលោក​សំដៅលើ​មនុស្ស​ដែល​មិន​ព្រម​ជឿ​រហូតដល់​ពួកគេ​ឃើញ​ថា​មាន​ទីសម្គាល់ មិន​មែន​មនុស្ស​ដែលអនុវត្ត​សេចក្ដីជំនឿ​ក្នុង​ការស្វែងរក​អព្ភូតហេតុ​ស្របតាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​នោះទេ ។

សូម​ពន្យល់​ថា ខណៈពេល​ដែល​វា​ល្អ​ដើម្បី​ដឹង​អំពី​ទីសម្គាល់​ដែលសាសន៍​នីហ្វៃ​នឹង​ឃើញ​ដែល​ទាក់ទង​ទៅនឹង​ការសុគត​របស់​ព្រះអង្គសង្គ្រោះ វា​សំខាន់ជាង​ដើម្បី​យល់​ពី​ការបង្រៀន​របស់​សាំយូអែល​អំពី​ផ្នែក​សំខាន់​នៃ​ការសុគត និង​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គូស​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ដោយ​ទុក​ចន្លោះ​ចំពោះ​ការពន្យល់ ។ សូម​បន្ថែម​ការពន្យល់​ទាំងនេះ​នៅពេល​សមរម្យ​អំឡុងពេល​ការពិភាក្សា​នៃ ហេលេមិន 14:15–19 ។ ( អ្នក​អាច​គិត​ពី​ការសុំ​ឲ្យ​សិស្ស​ចម្លង​តារាង​នេះ​ទៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ) ។

រូបភាព
តារាង​នៃ​វដ្ដ

សូម​ពន្យល់​ថា​ឃ្លា « ការស្លាប់​ខាង​វិញ្ញាណ » សំដៅលើ​ការបែងចេញ​ពី​វត្តមាន​របស់​ព្រះ ។ សូម​ឲ្យ​សិស្ស​ម្នាក់អាន ហេលេមិន 14:15–16 ឮៗ ។

  • តើ​អ្វី​ជា​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទីមួយ ដែល​បាន​និយាយ​នៅក្នុង ហេលមិន 14:16 ? ( អ្នក​អាច​ពន្យល់​ថា ដោយសារតែ​ការធ្លាក់នៃលោកអ័ដាម និង​អេវ៉ា យើង​ត្រូវ​បែក​ចេញពី​វត្តមាន​របស់​ព្រះ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 14:17 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយសញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​យកឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទីមួយ ។ សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ​ប្រោសលោះ​មនុស្សលោក​ទាំងអស់​ពី​ការធ្លាក់ ដើម្បី​ឲ្យ​យើង​អាច​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វិញ​បាន ។ សូម​ពន្យល់​ថា មនុស្ស​លោក​ទាំងអស់​នឹង​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​ដើម្បី​ទទួល​ការជំនុំជម្រះ ( សូមមើល នីហ្វៃទី 2 2:10 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 14:18–19 ឮៗ ។

  • តើ​អ្វីទៅ​គឺ​​ជា​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទីមួយ ដែល​បាន​និយាយ​នៅក្នុង ហេលេមិន 14:18–19 ? ( អ្នក​អាច​ពន្យល់​ថា អ្នក​ដែល​មិន​ប្រែចិត្ត​នឹង​ត្រូវ​កាត់ចេញ​ពី​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​ម្ដងទៀត ) ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចៀសវាង​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទីមួយ ដែល​បាន​និយាយ​ដោយ​សាំយូអែល ? ( សូម​គិត​ពី​ការឲ្យ​សិស្ស​អាន ហេលេមិន 14:13 និង មរមន 7:7–8 ។ សូម​បង្ហាញ​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ អ្នក​ដែល​ប្រែចិត្ត​នឹង​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​ជារៀងរហូត ) ។

ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សិទ្ធិ​ជ្រើសរើស​នៅពេល​យើង​ស្វែងរក​ពរ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ សូម​ឲ្យ​សិស្ស​អាន ហេលេមិន 14:30–31 ដោយ​ស្ងៀមស្ងាត់ ។ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ និង​ឃ្លា​អំពី​សិទ្ធិជ្រើសរើស​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពាក្យ និង​ឃ្លា​ដែល​ពួកគេ​រកឃើញ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពីរបៀប​ដែល​ពាក្យ និង​ឃ្លា​ទាំងនេះ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ជម្រើស​ដែល​ពួកគេ​ធ្វើ​រាល់ថ្ងៃ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ហេលេមិន 14:14–29 ។ ការព្យាករណ៍​របស់​ព្យាការី​សាំយូអែល​អំពី​ការសុគត​របស់​ព្រះអង្គសង្គ្រោះ

ការព្យាករណ៍​របស់​សាំយូអែល​អំពី​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ គឺជា​ការព្យាករណ៍​ដ៏​ជាក់លាក់​បំផុត​មួយ​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ។ តារាង​ខាងក្រោម​បញ្ជាក់​ពី​ចំណែក​នៃ​ការព្យាករណ៍​នេះ រួមមាន​ការបំពេញ​តាម​ការព្យាករណ៍​ទាំងឡាយ ។ ( អ្នក​អាច​បង្ហាញ​ថា​លេខយោង​សម្រាប់ ហេលេមិន 14:20–27 សំដៅ​លើ​វគ្គ​ខ្លះ​ដែល​រៀបរាប់​ពី​ការបំពេញ​នៃ​ការព្យាករណ៍​របស់​សាំយូអែល ) ។

ការព្យាករ​អំពី​ការសុគត​របស់​ព្រះអង្គសង្គ្រោះ

ការបំពេញ

ហេលេមិន 14:20, 27

ព្រះអាទិត្យ​បាន​ងងឹត​រយៈពេល​បី​ថ្ងៃ

នីហ្វៃទី 3 8:19–23

ហេលេមិន 14:21

រន្ទះ ផ្លេកបន្ទោរ ការ​រញ្ជួយ​ផែនដី

នីហ្វៃទី 3 8:6–7, 12

ហេលេមិន 14:22

ដី​បែក​ប្រេះ

នីហ្វៃទី 3 8:17–18

ហេលេមិន 14:23

ព្យុះ​សង្ឃរា​ដ៏​ធំ ភ្នំ​ជាច្រើន​នឹង​រាប​ចុះ ហើយ​ច្រកភ្នំ​ក្លាយទៅ​ជា​ភ្នំ

នីហ្វៃទី 3 8:5–6, 12, 17–18

ហេលេមិន 14:24

ផ្លូវធំៗ និង​ទីក្រុង​ជាច្រើន​បាន​បំផ្លាញ

នីហ្វៃទី 3 8:8–11, 13–14

ហេលេមិន 14:25

ផ្នូរខ្មោច​របើកឡើង ហើយ​ពួកបរិសុទ្ធ​ដែល​បាន​រស់ឡើង​វិញ​ជាច្រើន​បម្រើ​ដល់​មនុស្ស

នីហ្វៃទី 3 23:9–13

ហេលេមិន 14:15–19 ។ ដង្វាយធួន​យកឈ្នះលើ​សេចក្ដីស្លាប់

សាំយូអែល​ជា​សាសន៍​លេមិន​បាន​រៀបរាប់​ពី​ភាពខុសគ្នា​រវាង​សេចក្ដីស្លាប់​ខាង​រាងកាយ ដែល​ជា​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទីមួយ និង​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទីពីរ រួម​ទាំង​របៀប​ដែល​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​នឹង​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​សេចក្ដីស្លាប់​ទាំងនេះផងដែរ ។ ព្យាការី និង​អ្នកដឹកនាំ​នៃសាសនាចក្រ​ទាំងឡាយ​ក៏​បាន​បង្រៀន​អំពី​សេចក្ដីពិត​ទាំងនេះ​ដែរ ។

សេចក្ដីស្លាប់​ខាង​រាងកាយ ។ អែលឌើរ អើល ស៊ី ធីងង៉ី នៃ​ក្រុម​ចិតសិបនាក់​បាន​បង្រៀន​ថា ៖

« សេចក្តីស្លាប់ខាងសាច់ឈាម​គឺជា​ការបែកចេញ​ពី​គ្នា​រវាង​វិញ្ញាណ និង​រូបកាយ ។ « ដោយសារតែ​ការធ្លាក់នៃលោកអ័ដាម នោះ​មនុស្សលោក​ទាំងអស់​នឹង​រងទុក្ខ​នូវ​សេចក្តីស្លាប់​ខាងសាច់ឈាម » ( « The Great Plan of Happiness » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 73 ) ។

សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ទីមួយ​។ ការស្លាប់​ខាង​វិញ្ញាណ​គឺជា​ការ « ត្រូវ​កាត់​ចេញពី​វត្តមាន​នៃ​ព្រះអម្ចាស់ » (អាលម៉ា42:9) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ពន្យល់​ថា សេចក្តីស្លាប់ខាងសាច់ឈាម និង​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទីមួយ​គឺជា​លទ្ធផល​នៃ​ការធ្លាក់នៃលោកអ័ដាម និង​អេវ៉ា ៖

« ឪពុកម្ដាយ​ទីមួយ​របស់​យើង​ដែល​ជា​អ័ដាម និង​អេវ៉ា មិន​បាន​គោរព​តាម​ព្រះ​នោះទេ ។ ដោយ​ការបរិភោគ​ផ្លែឈើ​ហាមឃាត់ ពួកគាត់​បាន​ក្លាយ​ទៅជា​មាន​ជីវិត​រមែងស្លាប់ ។ ជាលទ្ធផល ពួកគាត់​និង​កូនចៅ​របស់​គាត់​ទាំងអស់​បាន​រងនឹង​សេចក្ដីស្លាប់​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ( សេចក្ដីស្លាប់​ខាង​សាច់ឈាម ការបែរ​ចេញពី​គ្នា​រវាង​​រាងកាយ និង​វិញ្ញាណ ហើយ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ការបែកចេញ​នៃ​វិញ្ញាណ​ពី​វត្តមាន​នៃ​ព្រះ ហើយ​ការស្លាប់​ដែល​ជាប់ទាក់ទង​នឹង​អ្វីៗ​នៃ​វិញ្ញាណ » ( « The True Way of Life and Salvation » Ensign ខែ ឧសភា ឆ្នាំ 1978 ទំព័រ 6 ) ។

សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ត្រូវ​បាន​នាំ​មក​កាន់​ពិភពលោក​ដោយ​ការធ្លាក់នៃ​លោកអ័ដាម និង​អេវ៉ា ។ នៅពេល​យើង​កើតទៅក្នុង​ពិភពលោក​ដែល​ធ្លាក់ចុះ យើង​ទទួល​បាន​ស្ថានភាព​នេះ —យើង​ត្រូវ​បែកចេញ​ពី​វត្តមាន​នៃ​ព្រះ ។ សាំយូអែល​ជា​សាសន៍​លេមិន​បាន​សំដៅ​លើ​ស្ថានភាព​នេះ​ថា​ជា « សេចក្ដីស្លាប់​ទីមួយ » (ហេលេមិន 14:16) ។

សាំយូអែល​ជា​សាសន៍​លេមិន​បាន​បង្រៀន​ថា កូនចៅ​របស់​ព្រះវរបិតាសួគ៌​ទាំងអស់​ដែល​បាន​រស់នៅ​នៅក្នុង​ជីវិត​រមែងស្លាប់​នឹង​យកឈ្នះ​លើ​សេចក្ដីស្លាប់​ខាងរូបកាយ និង​ខាង​វិញ្ញាណ​តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន 14:17) ។ ព្រះគម្ពីរ​ផ្សេង​ទៀត​ជាច្រើន​ក៏​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​នេះ​ដែរ ( សូមមើល នីហ្វៃទី 2 2:9–10; 9:15, 22, 38; អាលម៉ា 11:43–44; 12:12–15, 24; 42:23; នីហ្វៃទី 3 26:4–5) ។

សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទីពីរ ។ សេចក្ដីស្លាប់​ទីពីរ​គឺជា​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទីបញ្ចប់ ឬ​ចុងក្រោយ— ការកាត់ចេញ​ពី​វត្តមាន​របស់​ព្រះ​ជារៀងរហូត​ដោយសារតែ​អំពើបាប​ផ្ទាល់ខ្លួន​ដែលមិន​បាន​ប្រែចិត្ត ។

ព្រះអង្គសង្គ្រោះ​ក៏​បាន​ផ្ដល់​ជំនួយ​ដើម្បី​យកឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទីពីរ​នេះ​ដែរ ។ ទ្រង់​បានរងទុក្ខ​សម្រាប់​អំពើបាប​របស់​យើង ដូច្នេះ​ទ្រង់​អាច​ផ្ដល់​ឱកាស​ឲ្យ​យើង​ប្រែចិត្ត ។ ប៉ុន្ដែ​ចំពោះ​អ្នកទាំងឡាយ​ណា​ដែល​មិន​ប្រែចិត្ត​ទេ​នឹង « មាន​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ក៏​កើត​មាន​ដល់​គេ​ជា​ថ្មី មែន​ហើយ​គឺជា​សេចក្ដីស្លាប់​ទីពីរ​ព្រោះពួកគេ​ត្រូវ​បាន​កាត់ជា​ថ្មី​ចេញពីអ្វីៗ​ដែល​ទាក់ទង​ទៅនឹង​សេចក្ដីសុចរិត » (ហេលេមិន 14:18) ។ នេះ​មាន​ន័យ​ថា មនុស្ស​ម្នាក់​ដែល​មាន​អំពើបាប​ដែល​មិន​ទាន់​បានដោះស្រាយ មិន​អាច​នៅក្នុង​វត្តមាន​របស់​ព្រះ ក្រោយពី​គេ​ត្រូវ​បាន​នាំ​មក​កាន់​ទ្រង់​សម្រាប់​ការជំនុំជម្រះ​បានឡើយ ។

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ពិពណ៌នា​ស្ថានភាព​នេះ​ថា ៖

« ប្រសិនបើ​សេចក្តីស្លាប់ខាងសាច់ឈាម​បាន​កើត​ឡើង​ពី​មុនពេល​ការធ្វើខុស​ខាង​សីលធម៌​ត្រូវ​បាន​កែ​ឲ្យ​ត្រឹមត្រូវ​ នោះឱកាស​សម្រាប់​ការប្រែចិត្ត​នឹង​ត្រូវ​បាន​ដក​យក ។ ហេតុដូច្នេះហើយ ‹ ខ្សែ​នៃ​សេចក្ដីស្លាប់ [ ដ៏​ពិត ] នោះគឺ​អំពើបាប › (កូរិនថូស​ទី 1 15:56) ។

« ទោះបីជា​ព្រះអង្គសង្គ្រោះ​ក៏​មិន​អាច​សង្គ្រោះ​យើង​ក្នុង​អំពើបាប​របស់​យើង​ដែរ ។ ទ្រង់​នឹង​ប្រោសលោះ​យើង​ពី​អំពើបាប ប៉ុន្ដែ​នៅ​​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រែចិត្តរបស់​យើង​ប៉ុណ្ណោះ ។ យើង​ទទួល​ខុសត្រូវ​លើ​ការរស់ ឬ​ការស្លាប់​ខាង​វិញ្ញាណ​របស់​យើង​ផ្ទាល់ ។ ( សូមមើល រ៉ូម 8:13–14; ហេលេមិន. 14:18; គ. និង ស. 29:41–45) ។ ( « Doors of Death » Ensign ខែ ឧសភា ឆ្នាំ 1992 ទំព័រ 73 ) ។

ហេលេមិន 14:18–19 ។ អំណោយ​ដ៏​ទេវភាពនៃ​ការប្រែចិត្ត

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីអំណរ​ដែលកើតមាន​​តាមរយៈ​ការប្រែចិត្តថា ៖

« ខ្ញុំ​ទទួលស្គាល់ ហើយ​ថ្លែងទីបន្ទាល់​ដោយ​អំណរ​ថា ការរងទុក្ខ​ដែល​មិន​អាច​យល់​បាន ការសុគត និង​ការរស់ឡើងវិញរបស់​ព្រះអម្ចាស់​របស់​យើង ‹ នាំ​មក​នូវ​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ការប្រែចិត្ត › (ហេលេមិន 14:18) ។ អំណោយ​ដ៏​ទេវភាព​នៃ​ការប្រែចិត្ត​គឺជា​កូនសោ​ទៅកាន់​សុភមង្គល​នៅទីនេះ និង​នៅ​កន្លែង​បន្ទាប់​ពី​នេះ ។ នៅក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ និង​នៅក្នុង​ជម្រៅ​នៃ​សេចក្តីបន្ទាបខ្លួន និង​សេចក្ដីស្រឡាញ់ ខ្ញុំ​សូម​អញ្ជើញ​អ្នកទាំងអស់​គ្នា​ឲ្យ ‹ ប្រែចិត្ត ៖ ដោយសារ​នគរស្ថានសួគ៌​នៅ​កៀក​បង្កើយ › (ម៉ាថាយ 4:17) ។ ខ្ញុំ​ដឹង​ថា ដោយ​ការទទួល​យក​ការអញ្ជើញ​នេះ អ្នក​នឹង​រកឃើញ​នូវ​សេចក្ដីអំណរ​ទាំង​ពេល​ឥឡូវនេះ និង​ជារៀងរហូត » ( «The Divine Gift of Repentance » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 41 ) ។