បណ្ណាល័យ
មេរៀន​ទី 53 ៖ ម៉ូសាយ 3


មេរៀនទី 53

ម៉ូសាយ 3

សេចក្តី​ផ្ដើម

ដោយ​បន្ដ​ថ្លែង​ព្រះបន្ទូល​ទ្រង់​ទៅកាន់​ប្រជាជន ស្ដេច​បេនយ៉ាមីន​បាន​ដកស្រង់​ព្រះបន្ទូល​របស់​ទេវតា​ដែល​បាន​មាន​បន្ទូល​មកកាន់​ទ្រង់ ទាក់ទង​នឹង​ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សេ្ដច​បេនយ៉ាមីន​បាន​ថ្លែងទីបន្ទាល់​ថា តាមរយៈ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង ការប្រែចិត្ត នោះ​អស់​អ្នកដែល​មាន​បាប​អាច​ទទួល​បាន​សេចក្ដីសង្រ្គោះ ។ ទ្រង់​ក៏​បាន​បង្រៀន​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​បុគ្គល​ម្នាក់ៗ​ដែល​មាន​បំណង​ទៅតាម​ការលួងលោម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ “ ឲ្យ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយទៅជា​អ្នកបរិសុទ្ធ​វិញ ” ( ម៉ូសាយ 3:19 ) ។

យោបល់​សម្រាប់​ការបង្រៀន

កំណត់​ចំណាំ ៖ ប្រសិនបើ​ក្នុង​មេរៀន​មុន អ្នក​បាន​លើកទឹកចិត្ត​ឲ្យ​សិស្ស​ទន្ទេញ និង អនុវត្ត ម៉ូសាយ 2:17 ហើយ សូម​ផ្ដល់​ឱកាស​ដល់​ពួកគេ​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ថ្នាក់ ។ សូម​ប្រយ័ត្ន​កុំ​យក​ពេល​ច្រើន​ពេក​ក្នុង​ការរំឭក​នេះ ។ សូម​ទុក​ពេល​សម​ល្មម​ដើម្បី​ពិភាក្សា​ពី​គោលលទ្ធិ និង គោលការណ៍​នានា​នៅក្នុង ម៉ូសាយ 3

ម៉ូសាយ 3:1–10

ស្ដេច​បេនយ៉ាមីន​បាន​មាន​បន្ទូលពី​ព្រះបន្ទូល​របស់​ទេវតា​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​បង្ហាញ​កែវ​ទទេ​មួយ និង ប្រដាប់​ដាក់​ទឹក​មួយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​បង្ហាញ​ថា តើ​គេ​នឹង​ចាក់​ទឹក​ច្រើន​ប៉ុណ្ណា​ទៅក្នុង​កែវ​ឲ្យ​នរណា​ម្នាក់​ដែល​គ្រាន់តែ​ចង់​ភ្លក់​ទឹក​នោះ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​នោះ​បង្ហាញ​ថា តើ​គេ​នឹង​ចាក់​ទឹក​ច្រើន​ប៉ុណ្ណា​សម្រាប់​អ្នកដែល​ចង់​ញ៉ាំ​ទឹក​ឲ្យ​ឆ្អែត ។ សូម​ឲ្យ​សិស្ស​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • ប្រសិនបើ​ទឹក​តំណាង​ឲ្យ​សេចក្ដី​អំណរ តើ​អ្នក​នឹង​ចង់​ចាក់​ប៉ុណ្ណា​ទៅក្នុង​កែវ​របស់​អ្នក ?

សូម​ពន្យល់​ដល់​សិស្ស​ថា ការបង្រៀន​នៅក្នុង ម៉ូសាយ 3 នឹង​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា​ពួកគេ​អាច​ពោរពេញ​ដោយ​សេចក្ដី​អំណរ​ច្រើន​ប៉ុណ្ណា ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 3:2–5 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ប្រភព​នៃ​សារលិខិត​របស់​ស្ដេច​បេនយ៉ាមីន​នៅក្នុង ម៉ូសាយ 3 

សូម​បញ្ជាក់​ថា ម៉ូសាយ 3 រួមមាន​នូវ​ការប្រកាស​របស់​ទេវតា​អំពី “ ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ” ( ម៉ូសាយ 3:3 ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លាស់​វេន​គ្នា​អាន​ឮៗ​នៅក្នុង ម៉ូសាយ 3:5–10 ។ សូម​ឲ្យ​សិស្ស​រកមើល​ពាក្យ ឬ ឃ្លា​ដែល​ជួយ​ពួកគេ​ឲ្យ​កោតសរសើរ​ដល់​ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់​តែ​ខ្លាំង ។ អ្នក​អាច​ផ្ដល់​យោបល់​ថា ពួកគេ​គួរតែ​គូស​ចំណាំ​ពាក្យ និង ឃ្លា​ទាំងនេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​ពួកគេ​រកឃើញ ។

  • តើ​ម៉ូសាយ 3:7 ជួយ​អ្នក​ឲ្យ​យល់​អំពី​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​ដូចម្ដេច​ខ្លះ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ទេវតា​បាន​និយាយ​ថា សារលិខិត​នេះ​នឹង​នាំមក​នូវ​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ?

សូម​ឲ្យ​សិស្ស​សរសេរ​ការសង្ខេប​​មួយ​បន្ទាត់​ពី ម៉ូសាយ 3:5–10 នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ក្រោយពី​ពួកគេ​មាន​ពេល​សរសេរ​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សេចក្ដី​សង្ខេប​របស់​សិស្ស​អាច​បង្ហាញ​ពី​ការយល់​អំពី​ការបង្រៀន​របស់​ទេវតា​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ ដើម្បី​ឲ្យ​យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ចេញពី​អំពើ​បាប​របស់​យើង ។

អ្នក​អាច​តាមដាន​ចម្លើយ​របស់​សិស្ស​ជាមួយ​នឹង​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​គិត​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​អ្នក ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ការរងទុក្ខ​របស់​ព្រះអង្គ​សង្រ្គោះ សូម​ចែកចាយ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ ជេម អ៊ិ ថាល់មេហ្គ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

“ ការឈឺចាប់​របស់​ព្រះគ្រីស្ទ​នៅក្នុង​សួនច្បារ គឺ​មិន​មាន​គំនិតណា​មួយ​អាច​យល់​បាន​ ទាំង​ខាង​កម្លាំង និង មូលហេតុ​ទេ ។ … ទ្រង់​បាន​ស៊ូទ្រាំ និង ថ្ងូរ​ក្នុង​ការរែកទុក្ខ​ដែល​មិន​ដូច​ជា​អ្នកផ្សេង​ទៀត ដែល​បាន​រស់នៅ​លើ​ផែនដី​អាច​យល់​បាន ។ វា​មិន​មែន​ជា​ការឈឺចាប់​ខាង​សាច់ឈាម ហើយ​ក៏​មិន​មែន​ការតានតឹង​ខាងអារម្មណ៍​តែ​មួយ​មុខ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ទ្រង់​រងទុក្ខ​បែបនោះ រហូត​ដល់​ចេញ​ឈាម​តាម​រន្ធ​ញើស​ទាំងអស់ ប៉ុន្ដែ​វា​ជា​ការថ្ងូរ​ខាង​ដួង​ព្រលឹង​វិញ្ញាណ​ក្នុង​នាម​ជា​ព្រះ ដែល​អាច​យល់​ពី​ការ​នេះ ។ … នៅក្នុង​ពេល​ថ្ងូរ​នោះ ព្រះគ្រីស្ទ​បាន​ជួប និង យកឈ្នះ​លើ​ការភ័យខ្លាច​ទាំងអស់​ដែល​សាតាំង ‹ ជា​ចៅហ្វាយ​របស់​លោក​កិយ​នេះ › អាច​ដាក់ទោស ។ … តាម​របៀប​ខ្លះ ការពិត​ជាក់ស្ដែង និង គួរឲ្យខ្លាច​ដែល​មនុស្ស​មិន​អាច​យល់​បាន ព្រះអង្គ​សង្គ្រោះ​បាន​យក​មក​ដាក់​លើ​អង្គ​ទ្រង់​នូវ​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្សជាតិ ​តាំង​ពី​អ័ដាម​ទៅដល់​ទីបញ្ចប់​នៃ​ពិភពលោក ” ( Jesus the Christ ការបោះពុម្ព​លើក​ទី 3 [ ឆ្នាំ 1916 ], ទំព័រ 613 ) ។

ម៉ូសាយ 3:11–27

ស្ដេច​បេនយ៉ាមីន​បាន​ថ្លែងទីបន្ទាល់​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​សម្រាត​ភាពខាងសាច់ឈាម​ចេញ ហើយ​ក្លាយជា​អ្នកបរិសុទ្ធ ។

សូម​ប្រាប់​សិស្ស​ថា ស្ដេច​បេនយ៉ាមីន​បាន​ចែកចាយ​នូវ​ការពិពណ៌នា​របស់​ទេវតា​អំពី​ក្រុម​មនុស្ស​ខុសគ្នា និង ពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​អនុវត្ត​ដល់​ក្រុម​នីមួយៗ ។ សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 3:11–13, 16 ដោយ​ស្ងាត់​ស្ងៀម ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

តើ​ដង្វាយធួន​អនុវត្ត​ដោយ​របៀប​ណា ៖

ចំពោះ​អ្នកដែល​ស្លាប់​ដោយ​មិន​ដឹង​អំពី​ដំណឹងល្អ ?

ចំពោះ​អ្នកដែល​បះបោរ​ទាស់​នឹង​ព្រះ និង ធ្វើ​អំពើ​បាប​ដោយ​ចេតនា ?

ចំពោះ​កូនក្មេង​ដែល​ស្លាប់ មុនពេល​ពួកគេ​មាន​អាយុ​ដែល​ត្រូវ​ទទួលខុសត្រូវ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​នឹង​សំណួរ​ទាំងនេះ ។ ( ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ទីមួយ អ្នក​អាច​ឲ្យ​ពួកគេ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា 137:7–10។ ដើម្បី​ជួយ​ពួកគេ​ឆ្លើយ​នឹង​សំណួរ​ទី​បី អ្នក​អាច​ឲ្យ​ពួកគេ​អាន មរ៉ូណៃ 8:8, 17 និង គោលលទ្ធិ និង សេចក្ដី​សញ្ញា 29:46–47 ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​អំពី​ឥទ្ធិពល​នៃ​ដង្វាយធួន​ចំពោះ​កូនចៅ​របស់​ព្រះវរបិតាសួគ៌​ទាំងអស់ ៖

“ យើង … បាន​អាន​ថា ‹ព្រះលោហិត​របស់​ទ្រង់​ក៏​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៃ​អស់​អ្នកណា … ដែល​ស្លាប់ទៅ​ដោយ​មិន​បាន​ដឹង​អំពី​ព្រះហឬទ័យ​នៃ​ព្រះ​ចំពោះ​ពួកគេ ឬ ក៏​អស់​អ្នកណា​ដែល​មាន​បាប​ដោយសារ​ល្ងង់ខ្លៅ › ( ម៉ូសាយ 3:11 ) ។ ដូចគ្នា​ដែរ ‹ ព្រះលោហិត​នៃ​ព្រះគ្រីស្ទ​នឹង​ធ្វើឲ្យ​ធួន​នឹង​បាប​របស់ [ ពួក​កូនក្មេង ] ដែរ › ( ម៉ូសាយ 3:16 ) ។ ការបង្រៀន​ទាំងនេះ​ថា ​អំណាច​នៃ​ដង្វាយធួន​ដែល​ធ្វើ​ឲ្យ​រស់ឡើងវិញ និង លាងសម្អាត​នោះ គឺ​បដិសេធ​អ្វី​ទាំងអស់​ដែល​អះអាង​ថា ព្រះគុណ​នៃ​ព្រះ សង្គ្រោះ​តែ​អ្នកដែល​ត្រូវ​បាន​ជ្រើសរើស​មួយ​ចំនួនតូច​ប៉ុណ្ណោះ ។ ព្រះគុណ​របស់​ទ្រង់​គឺ​សម្រាប់​ទាំងអស់​គ្នា ។ ក្នុង​ព្រះគម្ពីរ​មរមន ការបង្រៀន​ទាំងនេះ​បាន​ពង្រីក​ការយល់ដឹង​របស់​យើង និង បំភ្លឺ​ការយល់​របស់​យើង​អំពី​សេចក្ដីស្រឡាញ់​ដល់​មនុស្ស​ទាំងអស់​របស់​ព្រះ និង អំពី​ឥទ្ធិពល​ដ៏​ធំធេង​នៃ​ដង្វាយធួន​របស់​ទ្រង់​សម្រាប់​មនុស្ស​ទាំងអស់​នៅគ្រប់​ទីកន្លែង ” ( “ មនុស្ស​ទាំងអស់​គ្រប់ទីកន្លែង ” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 77 ) ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​បាន​រៀន​ពី ម៉ូសាយ 3:12 អំពី​របៀប​ដែល​ដង្វាយធួន​អនុវត្ត​ចំពោះ​យើង ? ( យើង​នឹង​ត្រូវ​បាន​សង្គ្រោះ​ចេញពី​អំពើបាប​របស់​យើង នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត 

  • យោងតាម​ខ​នេះ តើ​នឹង​មាន​អ្វី​កើតឡើង ដល់​អស់​អ្នកណា​ដែល​ជ្រើសរើស​មិន​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយមិន​ប្រែចិត្ត​នោះ ?

សូម​បង្ហាញ​ថា ម៉ូសាយ3:19 គឺជា​វគ្គ​ខគម្ពីរ​ចំណេះចំណាន ។ អ្នកអាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​វគ្គ​នេះ​តាម​របៀប​មួយ ដែល​ពួកគេ​អាច​រកវា​ឃើញ​ដោយ​ងាយស្រួល ។ សូម​យកចិត្ត​ទុកដាក់​ផងដែរ​ទៅលើ ម៉ូសាយ 3:19 ចំពោះ​ការប្រើ​ពាក្យ​របស់​ទេវតា​ថា “ មនុស្ស​​ខាងសាច់ឈាម ” ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ឃ្លា​នេះ សូម​អាន​ការពន្យល់​ខាងក្រោម​ពី​ក្នុង​ការណែនាំ​អំពី​ព្រះគម្ពីរ ៖

មនុស្ស​ខាងសាច់ឈាម​គឺជា “ មនុស្ស​ដែល​ជ្រើសរើស​ដើម្បី​ត្រូវ​រងឥទ្ធិពល​ដោយ​តណ្ហា បំណងប្រាថ្នា ការចង់បាន និង ញាណ​នៃ​សាច់ឈាម ជាជាង​ដោយ​ការបំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មនុស្ស​បែប​នោះ អាច​យល់​ពី​រឿង​ខាង​សាច់ឈាម ប៉ុន្ដែ​មិនមែន​ខាង​វិញ្ញាណ​នោះ​ទេ ។ មនុស្ស​គ្រប់​គ្នា​គឺជា​សាច់ឈាម ឬ ចេះសា្លប់​ដោយសារតែ​ការធ្លាក់​របស់​អ័ដាម និង អេវ៉ា ។ បុគ្គល​ម្នាក់ៗ​ត្រូវតែ​កើត​ម្ដងទៀត តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ” ( ការណែនាំ​អំពី​ព្រះគម្ពីរ “ មនុស្ស​ខាង​សាច់ឈាម” scriptures.lds.org ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ។ សូម​ឲ្យ​សិស្ស​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ដែល​ពួកគេ​អាន​ដោយស្ងាត់ស្ងៀម​នៅក្នុង ម៉ូសាយ 3:19 ។

តើ​ទេវតា​ពិពណ៌នា​ទំនាក់ទំនង​របស់​មនុស្ស​ខាងសាច់ឈាម​ជាមួយ​នឹង​ព្រះ​យ៉ាង​ដូចម្ដេច ?

យោងតាម​ខ​នេះ តើ​យើង​អាច​សម្រាត​ចេញ​នូវ​ភាពសាច់ឈាម​ដោយ​របៀប​ណា ?

សូម​បង្ហាញ​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ម្នាក់​មិន​ត្រឹម​តែ​អាច​ឈប់​ពី “ ភាពខាង​សាច់ឈាម” ប៉ុណ្ណោះ​ទេ គេ​អាច​ធ្វើ​ច្រើន​ជាងនេះ ។ គេ​នឹង “ ក្លាយជា​អ្នកបរិសុទ្ធ” ។ បន្ថែម​លើ​ការសង្គ្រោះ​យើង​ចេញ​ពី​អំពើ​បាប ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្ដូរ​យើង​ទៅជា​មនុស្ស​ដែល​ប្រសើរ​ជាង​ដែល​យើង​អាច​ក្លាយ​ទៅ​ជា​ទៅ​ទៀត ។ ទ្រង់​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលលទ្ធិ​នេះ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

“ គឺជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង ចិត្ត​បរិសុទ្ធ​ដែល​ត្រូវមាន​ដើម្បី​ឡើង​ទៅឯ​ភ្នំ​នៃ​ព្រះយេហ៊ូវ៉ា និង ឈរ​នៅក្នុង​ទីបរិសុទ្ធ​របស់​ទ្រង់​បាន [ សូម​មើល ទំនុកតម្កើង 24:3–4 ] ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

“ ខ្ញុំ​សូម​ស្នើ​ថា ដៃ​ត្រូវ​បាន​សម្អាត​ដោយសារ​ដំណើរការ​នៃ​ការសម្រាតចេញ​នូវ​ភាពខាង​សាច់ឈាម និង ដោយ​ការយកឈ្នះ​អំពើ​បាប និង ឥទ្ធិពល​អាក្រក់​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ចិត្ត​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ នៅពេល​យើង​ទទួល​នូវ​កម្លាំង​ពង្រឹង​ពី​ទ្រង់​ក្នុង​ការធ្វើ​ល្អ និង ក្លាយជា​មនុស្ស​ប្រសើរ​ជាង​មុន ។ បំណងប្រាថ្នា​ស្អាតស្អំ និង អំពើល្អ​របស់​យើង​ទាំងអស់ មិន​អាច​ធ្វើ​ឲ្យ​ដៃ​ស្អាត និង ចិត្ត​បរិសុទ្ធ​នោះ​ទេ ទោះជា​វា​សំខាន់​ប៉ុណ្ណា​ក្ដី ។ វា​គឺជា​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​ធ្វើ​មាន​ទាំង អំណាច​សម្អាត និង សង្គ្រោះ ដែល​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​អំពើបាប និង អំណាច​ធ្វើ​ឲ្យ​បរិសុទ្ធ និង ពង្រឹង ដែល​ជួយ​យើង​ឲ្យ​ប្រសើរឡើង​ជាង​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ការពឹងផ្អែក​តែ​លើ​កម្លាំង​ផ្ទាល់​របស់​យើង ។ ដង្វាយធួន​ដ៏​មហិមា​នេះ គឺ ​សម្រាប់​ទាំង​អ្នកមាន​បាប និង សម្រាប់​អ្នកបរិសុទ្ធ​នៅក្នុង​ចំណោម​យើង​គ្រប់គ្នា ” ( ដៃ​ស្អាត និង ចិត្ត​បរិសុទ្ធ ” Ensignលេអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2007, ទំព័រ 82 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​សង្ខេប​គោលលទ្ធិ​ដែល​ពួកគេ​បាន​រៀន​ពី ម៉ូសាយ 3:19 សូម​សួរ ៖

  • តើ​សេចក្ដីពិត​នៃ​ដំណឹងល្អ​អ្វី​ខ្លះ ដែល​អ្នក​បាន​រកឃើញ​នៅក្នុង ម៉ូសាយ 3:19 ?

សិស្ស​អាច​សរសេរ​នូវ​គោលលទ្ធិ​បី​បួន​ពី​ខគម្ពីរ​នេះ រួម​មាន​ដូច​ខាងក្រោម ៖

មនុស្ស​ខាង​សាច់​ឈាម​គឺ​ជា​សត្រូវ​ដល់​ព្រះ ។

នៅពេល​យើង​ទោរទន់​ទៅតាម​ការលួងលោម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​សម្រាត​ចេញ​នូវ​ភាពខាង​សាច់ឈាម ។

តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ យើង​អាច​សម្រាត​ចេញ​នូវ​ភាព​ខាងសាច់ឈាម ហើយ​ក្លាយជា​អ្នករបរិសុទ្ធ ។

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរមួយក្នុង​ចំណោម​សំណួរ​​ខាងក្រោម​នេះ​​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ ( អ្នក​អាច​សរសេរ​សំណួរ​ដែល​មាន​នៅលើ​ក្ដារខៀន​ទាំងនេះ​មុន​ចាប់ផ្ដើម​ថ្នាក់ សូម​រៀបចំ​ក្រដាស​ទុក​ចែក​ដល់​សិស្ស​ដោយ​មាន​សំណួរ ឬ សូម​អាន​សំណួរ​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​អាច​សរសេរ​វា​ចូល​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ )

  • តើ​អ្នក​អាច​ធ្វើ​បាន​ដើម្បី​កាន់តែ​ទោរទន់​ជាង​នេះ “ ទៅតាម​ការលួងលោម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ” ? តើ​អ្នក​នឹង​ធ្វើ​អ្វី​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពង្រឹង​នៅក្នុង​ផ្នែក​នេះ​នៃ​ជីវិត​របស់​អ្នក ?

  • តើ​អាកប្បកិរិយា​កូនក្មេង​អ្វីខ្លះ​ដែល​មាន​នៅក្នុង ម៉ូសាយ 3:19 ដែល​អ្នក​ត្រូវអភិវឌ្ឍ​ខ្លាំង​បំផុត​នោះ ? តើ​អ្នក​នឹង​ធ្វើ​អ្វី​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ជួយ​អ្នក​ពង្រីក​អាកប្បកិរិយា​នោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់តែ​មាន​សេចក្ដី​កោតសរសើរ​ដល់​ដង្វាយធួន​នៃ​ព្រះអង្គ​សង្គ្រោះ សូម​អាន ម៉ូសាយ 3:23–26 ដល់​ពួកគេ ។ សូម​ពន្យល់​ថា ឃ្លា “ ពែង​នៃ​ការពិរោធ​នៃ​ព្រះ ” នៅក្នុង​ខ​ទី 26 សំដៅ​លើ​ការរងទុក្ខ​ចុងក្រោយ​នៃ​អស់អ្នកណា​ដែល​ប្រព្រឹត្ត​អំពើបាប​ដោយ​ចេតនា ហើយ​មិន​ប្រែចិត្ត ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា 19:16–19 ។ សូម​ឲ្យ​សិស្ស​ស្ដាប់​ហើយ​រកមើល​ពាក្យ ពែង នៅក្នុង​ខ​ទី 18 ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​កុំឲ្យ​យើង​ផឹក​នូវ “ ពែង​នៃ​ការពិរោធ​នៃ​ព្រះ ” ? ( ទ្រង់​បាន​ផឹក​ពែង​នោះ​ដោយ​អង្គទ្រង់ ដោយ​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​ការដាក់ទោស​ព្រោះ​អំពើ​បាប​របស់​យើង ។ ប្រសិនបើ​យើង​ពិតជា​ប្រែចិត្ត នោះ​យើង​នឹង​មិនត្រូវ​រងទុក្ខ​ការដាក់ទោស​នោះ​ទេ ។ )

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ទាំងឡាយ​ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ។

ចំណេះចំណាន​ខគម្ពីរ—ម៉ូសាយ 3:19

ដើម្បី​ជួយសិស្ស​ឲ្យ​ទន្ទេញ ម៉ូសាយ 3:19 សូម​បែងចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យ​ពួកគេ​អាន ម៉ូសាយ 3:19 ឮៗ មួយ​ពាក្យ​ម្ដងៗ ដោយ​ប្ដូរ​រាល់​ពាក្យ​បន្ទាប់​ជាមួយ​នឹង​ដៃគូ​របស់​គេ ។ សូម​ឲ្យ​ពួកគេ​ធ្វើ​លំហាត់​នេះ​ពីរ​បី​ដង​សារឡើងវិញ ។ អ្នក​អាច​បន្ថែម​សកម្មភាព​ដោយ​ឲ្យ​ដៃគូ​នីមួយៗ​អាន​ពីរ ឬ បី​ពាក្យ​ម្ដង ។

ការធ្វើ​សកម្មភាព​នេះ​សារឡើងវិញ នឹង​ជួយ​សិស្ស​ឲ្យ​ស៊ាំ​នឹង​បរិបទ​នៃ​ខគម្ពីរ​នេះ ហើយ​វា​នឹង​ងាយ​សម្រាប់​សិស្ស​ក្នុង​ការចាំ​ខគម្ពីរ​ទាំងមូល ។ សូម​លើក​ទឹក​ចិត្ត​​សិស្ស​ឲ្យ​ទន្ទេញ​ ម៉ូសាយ 3:19 ឲ្យ​ចាំ​ដោយ​ខ្លួនពួកគេ ។

កំណត់​ចំណាំ ៖ ដោយសារ​តែ​លក្ខណៈ និង ប្រវែង​នៃ​មេរៀន​នេះ អ្នក​អាច​ប្រើ​សកម្មភាព​ចំណេះចំណាន​ខគម្ពីរ​នៅថ្ងៃ​ក្រោយ នៅពេល​អ្នកមាន​ពេល​ច្រើន ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 3:5–11 ។ ការរៀន​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​បង្រៀន​ថា យើង​ត្រូវ​រៀន​យល់​ពី​អ្វី​ទាំងអស់​ដែល​យើង​អាច​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖

« គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​អាច​កោតសរសើរ​គ្រប់​ល្មម​នៅក្នុង​ភាពខាងសាច់ឈាម​នូវ​លទ្ធផល​ដ៏​មាន​សារប្រយោជន៍​ពេញលេញ​នៃ​ដង្វាយធួន​នោះ​ឡើយ ។

« មាន​តម្រូវការ​ចាំបាច់​ជា​ប្រចាំ​សម្រាប់​យើង​ម្នាក់ៗ ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​យើង​អំពី​សារសំខាន់​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​វាក្លាយ​ជា​គ្រឹះ​មួយ​ដែល​មិន​អាច​រង្គើរ​បាន​ដែល​ត្រូវ​សង់​នៅក្នុង​ជីវិត​របស់​យើង ។ នៅពេល​ពិភពលោក​លែង​មាន​បទដ្ឋានគ្រឹះ​ទៀត ហើយ​នៅពេល​កិត្តិយស គុណធម៌ និង ភាពបរិសុទ្ធ​បន្ដ​កាត់ចេញ​ដើម្បី​ដេញ​តាម​ចំណង់ នោះ​ការយល់ដឹង​របស់​យើង និង សេចក្ដីជំនឿ​យើង​ទៅលើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ផ្ដល់​ជា​កម្លាំង និង សមត្ថភាព​ដែល​ត្រូវការ​សម្រាប់​ជីវិត​ដ៏​មាន​ជោគជ័យ​មួយ ។ វា​ក៏​នឹង​នាំ​មក​នូវ​ទំនុកចិត្ត​ក្នុងពេល​មាន​ឧបសគ្គ និង នាំ​មក​នូវ​សន្ដិភាព​ក្នុងពេល​ចលាចល ។

« ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក​អស់​ពី​ចិត្ត​ឲ្យ​បង្កើត​គម្រោង​សិក្សា​ផ្ទាល់ខ្លួន​ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់ និង កោតសរសើរ​កាន់តែ​ខ្លាំង​ដល់​លទ្ធផល​ដ៏​មិន​អាច​ប្រៀបធៀប​បាន ដ៏​អស់កល្ប ដ៏​មហិមា នៃ​ការបំពេញ​ដ៏​ឥតខ្ចោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការចាត់តាំង​ឲ្យ​បម្រើ​ខាងទេវភាព​របស់​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ និង ព្រះប្រោសលោះ​របស់​យើង ។ ការសញ្ជឹងគិត​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ​លើ​ព្រះគម្ពីរ​ដែល​អមទៅដោយ​ការស្រាវជ្រាវ ការអធិស្ឋាន​ដ៏​ខ្លាំងក្លា​នឹង​ពង្រឹង​ការយល់ដឹង​របស់​អ្នក និង ការកាតសរសើរ​របស់​អ្នក​ដល់​ដង្វាយធួន​របស់​ទ្រង់ដែល​មិន​អាច​កាត់​ថ្លៃ​បាន ។ របៀប​ដ៏​មាន​ឥទ្ធិពល​មួយ​ទៀត​ក្នុង​ការរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ គឺ​តាមរយៈ​ការទៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ជាប់លាប់ » ( « ទ្រង់​នៅរស់ ! សូម​ថ្វាយ​សិរីល្អ​ទាំងអស់​ទៅដល់​ព្រះនាម​របស់​ទ្រង់ ! » Ensignលីអាហូណា, ខែ ឧសភា ឆ្នាំ 2010, ទំព័រ 77 ) ។

ម៉ូសាយ ៣:១៩ សាក្រាម៉ង់ និង ការក្លាយទៅជា​អ្នកបរិសុទ្ធ

អែលឌើរ ឃ្វីនថិន អិល ឃុក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ពន្យល់​ពី​ទំនាក់ទំនង​រវាង​សាក្រាម៉ង់ និង ការខិតខំ​របស់​យើង​ដើម្បី​ក្លាយជា « អ្នក​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ជា​ព្រះអម្ចាស់​របស់​យើង » ( ម៉ូសាយ 3:19 ) ៖

« ការប្រជុំ​សាក្រាម៉ង់ គឺ​ពិសិដ្ឋ​បំផុត និង បរិសុទ្ធ​ជាង​ការប្រជុំ​ណាៗ​ទាំងអស់​នៅក្នុង​ព្រះវិហារ ។ ក្រោយពី​ការរស់ឡើងវិញ​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​ស្ថាបនា​ពិធីសាក្រាម៉ង់​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។ ប្រសិនបើ​យើង​គឺជា​សិស្ស​របស់​ទ្រង់ និង គឺជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ យើង​ត្រូវ​ចងចាំ និង គោរព​ដល់​ពិធីសាក្រាម៉ង់ ។ វា​នឹង​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​ឆន្ទៈ​យើង​ដោយ​ចិត្ត​សោកសង្រេង និង វិញ្ញាណ​ទន់ទាប​ដើម្បី​ធ្វើតាម​ព្រះអង្គសង្គ្រោះ ដើម្បី​ប្រែចិត្ត និង ក្លាយជា​អ្នកបរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ » ( « យើង​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ » EnsignLiahona, ខែ ឧសភា ឆ្នាំ 2010, ទំព័រ 84 ) ។