បណ្ណាល័យ
មេរៀនទី 131 ៖ នីហ្វៃទី 3 23


មេរៀនទី 131

នីហ្វៃទី 3 ជំពូក 23

សេចក្តីផ្ដើម

ក្រោយពី​ដកស្រង់​ពាក្យ​របស់​អេសាយ​ហើយ ( សូមមើល 3នីហ្វៃទី 3 22 ) ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ជា​ពួក​សាសន៍​នីហ្វៃ​ឲ្យ​សិក្សា​ពាក្យ​របស់​ព្យាការី​នេះ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ពាក្យ​របស់​អេសាយ​គឺជា​ពរជ័យ ដោយសារ​អេសាយ « បាន​មាន​ប្រសាសន៍​ជា​ប្រាកដ​ពី​គ្រប់ទាំង​ការណ៍​ដែល​ទាក់ទង​នឹង​រាស្ដ្រ​យើង គឺជា​វង្ស​អ៊ីស្រាអែល » ( នីហ្វៃទី 3 23:2 ) ។ ទ្រង់​ក៏​បាន​មាន​ព្រះ​បន្ទូល​ថា ពាក្យ​របស់​អេសាយ​ទាំងឡាយ​ត្រូវបាន ឬ​នឹង​ត្រូវបាន​បំពេញ ។ បន្ទាប់មក ព្រះអង្គសង្គ្រោះ​បាន​បញ្ជា​ពួកសាសន៍​នីហ្វៃ​ឲ្យ​សិក្សា​ពាក្យ​នៃ​ព្យាការី​ទាំងឡាយ និង​បាន​ណែនាំ​ពួកគេ​ឲ្យ​បន្ថែម​សម្ភារ​ដើម្បី​កត់ត្រា ។

យោបល់​ទំាងឡាយ​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 23:1–5

ព្រះយេស៊ូវគ្រីស្ទ​បញ្ជា​ប្រជាជន​ឲ្យ​សិក្សា​ពាក្យ​ទាំងឡាយ​របស់ពួកព្យាការី

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ ពរជ័យ​ពី​ការសិក្សា​ព្រះគម្ពីរ ។​ សូម​ឲ្យ​សិស្ស​គិតពី​បទពិសោធន៍​របស់​ពួកគេ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​មរមន​នៅផ្ទះ និង​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ឆ្នាំនេះ ។ សូម​ឲ្យ​ពួកគេ​ឡើង​មក​កាន់​ក្ដារខៀន ហើយ​សរសេរ​ពាក្យ​មួយ ឬ​ឃ្លា​មួយ​ខ្លី​ដែល​បង្ហាញ​ពី​ពរជ័យ​ដែល​បាន​មកដល់​ជីវិត​របស់​ពួកគេ ជា​លទ្ធផល​នៃ​ការសិក្សា​ព្រះគម្ពីរ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​រៀបរាប់​លម្អិត​បន្ថែម​ទៀត​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ បន្ទាប់មក សូមចង្អុល​ទៅ​ពរជ័យ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​យើង​ត្រូវបាន​ប្រទានពរឲ្យ​តាម​របៀប​ទាំងនេះ នៅពេល​យើង​អាន​ព្រះគម្ពីរ ?

សូម​ឲ្យ​សិស្ស​រំឭក​ពី​មេរៀន​មុន​ដែល​ព្រះបន្ទូល​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​​ដកស្រង់ នៅពេល​ទ្រង់​បាន​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ ។ ( ពាក្យ​របស់​អេសាយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 23:1–3 ឮៗ ។ អ្នកគួរណែនាំឲ្យ​សិស្ស​​គូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​លេចធ្លោ​ដល់​ពួកគេ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ហេតុអ្វីបានជា​ព្រះ​អម្ចាស់​ចង់​ឲ្យ​ប្រជាជន​សិក្សា​ពាក្យ​របស់​អេសាយ ? ( សូមមើល នីហ្វៃទី 3 23:2–3 ) ។

  • ហេតុអ្វីបានជា​វា​គឺជា​ពរជ័យ​មួយ​ដែលដឹង​ថា ពាក្យ​ទាំងឡាយ​របស់​អេសាយ​នឹង​ត្រូវបាន​បំពេញ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 23:4–5 ឮៗ ។ សូម​បង្ហាញ​ថា ក្រោយពី​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ឲ្យ​សិក្សា​ពាក្យ​របស់​អេសាយ​ហើយ ទ្រង់​បាន​មាន​បន្ទូល​ថា​ឲ្យ « សិក្សា​ស្រាវជ្រាវ​ពី​ព្យាការី​ទាំងឡាយ » ។ សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ ព្រះអង្គសង្គ្រោះ​បញ្ជា​ឲ្យ​យើង​សិក្សា​ស្រាវជ្រាវ​ដោយ​ឧស្សាហ៍​ព្យាយាម​នូវ​ពាក្យ​របស់​អេសាយ និង​ពី​ព្យាការី​ផ្សេង​ទៀត ។

  • យោងតាម នីហ្វៃទី 3 23:5 តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ត្រូវ​បាន​សង្គ្រោះ ? តើ​ពាក្យ​របស់​ព្យាការី​ជួយ​យើង​ឲ្យ​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងនេះ​ដោយ​របៀបណា ?

  • តើ​ការសិក្សា​ពាក្យ​របស់​ព្យាការី​ដោយ​ឧស្សាហ៍​ព្យាយាម​ខុសពី​ការគ្រាន់តែ​អាន​ពាក្យ​របស់​ព្យាការី​ដោយ​របៀបណា ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​សិក្សា​ពាក្យ​របស់​អេសាយ និង​ព្យាការី​ផ្សេង​ទៀត​ដោយ​ឧស្សាហ៍​ព្យាយាម ?

  • តើ​របៀប​សិក្សា​ព្រះគម្ពីរ​អ្វីខ្លះ ដែល​ជួយ​អ្នក​ឲ្យ​សិក្សា​ពាក្យ​របស់​អេសាយ និង​ព្យាការី​ផ្សេង​ទៀត​ជា​ផ្នែក​ដ៏​មាន​ន័យ​ខ្លាំង​នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ មើរិល ជេ ប៊ែតមែន នៃ​ពួកចិតសិបនាក់ ៖

« មាន​ពរជ័យ​ជាក់លាក់​ដែល​មាន​ជាប់ នៅពេល​បុគ្គល​ម្នាក់​សិក្សា​ស្រាវជ្រាវ​ព្រះគម្ពីរ ។ នៅពេល​បុគ្គល​ម្នាក់​សិក្សា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ និង​គោរព​តាម​វា គេ​នឹង​ខិតកាន់តែ​ជិត​ទៅរក​ព្រះអង្គសង្គ្រោះ ហើយ​ទទួល​បាន​បំណងប្រាថ្នា​ដ៏​ធំ​ជាងមុន​មួយ​ដើម្បី​រស់នៅ​ដ៏​សុចរិត ។ អំណាច​ដើម្បី​ប្រឆាំង​នឹង​ការល្បួង​កើនឡើង ហើយ​ភាពទន់ខ្សោយ​ខាង​វិញ្ញាណ​នឹង​ត្រូវ​យកឈ្នះ ។ របួស​ខាង​វិញ្ញាណ​នឹង​ត្រូវបាន​ព្យាបាល » ( « Coming unto Christ by Searching the Scriptures » Ensign ខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 28 ) ។

  • តើ​យើង​អាច​ស្វែងរក​ពាក្យ​របស់​ព្យាការី​នៅឯណាទៀត ក្រៅពីព្រះគម្ពីរ ?

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ។

  • តើ​ការផ្លាស់ប្ដូរ​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​សិក្សា​ពាក្យ​របស់​ព្យាការី​ទាំងឡាយ​ដោយ​ឧស្សាហ៍​ព្យាយាម ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ថ្លែងទីបន្ទាល់​អំពី​ពរជ័យ​ដែល​កើត​មាន​​ពី​ការសិក្សា​ស្រាវជ្រាវ​ពាក្យ​របស់​ព្យាការី​ទាំងឡាយ ។

នីហ្វៃទី 3 23:6–14

ព្រះអង្គសង្គ្រោះ​ណែនាំ​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​បន្ថែម​ហេតុការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​កំណត់ត្រា​ព្រះគម្ពីរ​របស់​ពួកគេ

សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​រៀប​រាប់​ពី​ចំណងជើង​ដំណើររឿង​ដែល​គេ​ចូលចិត្ត​នៅក្នុង​ព្រះគម្ពីរមរមន ។ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្តារខៀន ។ បន្ទាប់មក សូម​លុប​ចម្លើយ​មួយ ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ​មរមន ឬ​នីហ្វៃ ឬ​អ្នករក្សា​ទុក​កំណត់ត្រា​ផ្សេង​ទៀត​បាន​ធ្វេសប្រហែស​មិន​បញ្ចូល​ដំណើររឿង​នោះ ។

  • តើ​មេរៀន​ដ៏​សំខាន់​អ្វី​ខ្លះនឹង​មិន​ត្រូវបាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរមរមន ប្រសិនបើ​ដំណើរឿង​នេះ​មិន​ត្រូវបាន​បញ្ចូល​នោះ ?

សូម​ពន្យល់​ថា នៅពេល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ ទ្រង់​បាន​បង្ហាញ​ថា អ្នករក្សា​កំណត់ត្រា​របស់​ពួកគេ​បាន​ប្រហែស​មិន​បាន​បញ្ចូល​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​ត្រូវបាន​បំពេញ​តាម​ការព្យាករណ៍ ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗក្នុង នីហ្វៃទី 3 23:6–13 ។ សូម​ឲ្យ​សិស្ស​ផ្សេងទៀត​មើល​តាម ដោយ​រកមើល​អ្វី​ដែល​ពួកសាសន៍​នីហ្វៃ​មិន​កត់ត្រា​នោះ ។

  • ពួកសាសន៍​នីហ្វៃ​បាន​មាន​កំណត់ត្រា​មួយ​អំពី​ការព្យាករណ៍​របស់​លោក សាំយូអែល រួចហើយ ( សូមមើល ហេលេមិន 14:25 ) ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​ជា​ការណ៍​ដ៏​សំខាន់​សម្រាប់​ពួកគេ​ដើម្បី​មាន​កំណត់ត្រា​មួយ​អំពី​ការបំពេញ​នេះ ?

សូម​បង្ហាញ​ថា ទោះបីជា​យើង​មិន​ត្រូវបាន​បញ្ជា​ឲ្យ​រក្សា​កំណត់ត្រា​ខាង​វិញ្ញាណ​សម្រាប់​សាសនាចក្រ​ក្ដី យើង​ត្រូវបាន​ប្រឹក្សា​ឲ្យ​រក្សា​កំណត់ហេតុ​ផ្ទាល់ខ្លួន ។

  • តើ​ការណែនាំ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 23:6–13 អាច​អនុវត្ត​ចំពោះ​ការខិតខំ​របស់​យើង​ដើម្បី​រក្សា​កំណត់ហេតុ​ផ្ទាល់ខ្លួន​ដោយ​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​របៀប​មួយ​ដែល​ពួកគេ​អាច​រក្សា​កំណត់ហេតុ​មួយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​បទពិសោធន៍​ខាងក្រោម​ដែល​បាន​ចែកចាយ​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ខ្ញុំ​បានធ្វើ​កិច្ចការ​សាសនា​មួយ​ហើយមក​ដល់​ផ្ទះ​យឺត ។ ​មេឃ​​ងងឹតខ្លាំងណាស់ ។ ឪពុក​ក្មេក​របស់​ខ្ញុំ ដែល​បាន​រស់នៅ​ក្បែរ​យើង បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​នៅពេល​ខ្ញុំ​បាន​ដើរ​ឆ្ពោះទៅ​ទ្វារ​មុខ​ផ្ទះ​ខ្ញុំ ។ គាត់​កំពុងលីបំពង់​​លើ​ស្មា​របស់​គាត់ ដោយ​ដើរ​យ៉ាងលឿន ក្នុង​​សំលៀកបំពាក់​ធ្វើការ​របស់​គាត់ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​កំពុង​សង់​ប្រព័ន្ធ​បូមទឹក​ពី​ស្ទឹងមួយ​មក​ដល់​ដី​របស់​យើង ។

« គាត់​បាន​ញញឹម ហើយនិយាយ​ដោយ​ស្រទន់ រួច​ប្រញាប់​ដើរ​ទៅ​ក្នុង​ទីងងឹត​ដើម្បី​បន្ដ​កិច្ចការ​របស់គាត់ ។ ខ្ញុំ​បាន​ដើរ​ពីរបី​ជំហាន​ទៅផ្ទះ ដោយ​គិត​អំពី​អ្វី​ដែល​គាត់​បាន​កំពុង​ធ្វើ​សម្រាប់​យើង ហើយ​នៅពេល​ខ្ញុំ​បាន​ដើរ​ទៅដល់​មាត់​ទ្វារ ខ្ញុំ​បាន​ឮ​នៅក្នុង​គំនិត​របស់​ខ្ញុំ —មិន​មែន​ជាសំឡេង​របស់​ខ្ញុំ​ឡើយ— នូវ​ពាក្យ​ទាំងនេះថា ៖ ‹ យើង​មិន​បាន​ប្រទាន​ដល់​អ្នក​នូវ​បទពិសោធន៍​ទាំងនេះ​សម្រាប់​​ខ្លួន​អ្នក​នោះទេ ។ សូម​សរសេរ​វា​ទុក ។ ›

« ខ្ញុំ​បាន​ដើរ​ទៅក្នុង​ផ្ទះ ។ ខ្ញុំ​មិន​បាន​ចូល​ទៅដេក​នោះទេ ។ ទោះបីជា​ខ្ញុំ​ហត់នឿយ​យ៉ាងណា​ក្ដី ខ្ញុំ​បាន​យក​សៀវភៅ​ចេញ​មក​សរសេរ​វា ។ ហើយ​នៅពេល​ខ្ញុំ​បាន​ធ្វើវា ខ្ញុំ​បាន​យល់​ពី​សារលិខិត​ដែល​ខ្ញុំ​បាន​ឮ​នៅក្នុង​គំនិត​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​កត់​វា​ទុក​ឲ្យ​​កូនចៅ​របស់​ខ្ញុំ​ដើម្បី​អាននៅ​ថ្ងៃណាមួយនាពេលអនាគត អំពី​របៀប​ដែល​ខ្ញុំ​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះ​ប្រទានពរ​ដល់​គ្រួសារ​របស់​យើង ។ លោកតា​មិន​ចាំបាច់​ធ្វើ​អ្វី​ដែល​គាត់​បាន​​ធ្វើ​សម្រាប់​យើង​នោះទេ ។ គាត់​អាច​ឲ្យ​នរណាម្នាក់​ទៀត​ធ្វើ​វា ឬ​មិន​ចាំបាច់​ធ្វើ​វា​ឡើយ ។ ប៉ុន្ដែ​គាត់​បាន​បម្រើ​ដល់​យើង ដែល​ជា​គ្រួសារ​របស់​គាត់ តាម​របៀប​ដែល​សិស្សនៃ​​សេចក្ដីសញ្ញា​របស់​ព្រះយេស៊ូវគ្រីស្ទ​តែងតែ​ធ្វើ ។ ខ្ញុំ​បាន​ដឹង​ថា វា​គឺជា​ការពិត ។ ​ដូច្នេះហើយទើបខ្ញុំ​បាន​សរសេរ​វា​ទុក ដើម្បី​ឲ្យ​កូនចៅ​របស់ខ្ញុំ​អាច​ចងចាំ នៅពេល​ពួកគេ​ត្រូវការ​វានៅថ្ងៃណាមួយ ។

« ខ្ញុំ​បាន​សរសេរ​រឿង​ពីរ​បី​បន្ទាត់​ជារៀងរាល់​ថ្ងៃ​អស់​រយៈពេលជាច្រើនឆ្នាំ ។ ខ្ញុំ​មិន​ដែល​ខកខាន​មួយ​ថ្ងៃ​ណា​ឡើយ មិន​ថា​ខ្ញុំ​នឿយហត់​ប៉ុណ្ណា ឬ មិន​ថា​ព្រលឹម​យ៉ាងណា​ដែល​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​នោះទេ ។ មុនពេល​ខ្ញុំ​ចាប់​សរសេរ ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​សំណួរ​នេះ ៖ ‹ តើ​ខ្ញុំ​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះ​កំពុង​ឈោង​មកប៉ះ​យើង ឬ​កូនចៅ​របស់​យើង ឬ​គ្រួសារ​របស់​យើងនៅថ្ងៃនេះ​ដោយ​របៀបណា ? › » ( « O Remember, Remember » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 66–67 ) ។

  • តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​សរសេរ​អំពី​បទពិសោធន៍​ដែល​ពង្រឹង​ដល់​យើង​ខាងវិញ្ញាណ ?

  • តើ​យើង​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការធ្វើ​តាមគំរូ​របស់​ប្រធាន អាវរិង ដោយ​របៀបណា ? តើ​កំណត់ត្រា​របស់​យើង​អាច​ជួយ​អ្នកដទៃ​ដោយរបៀបណា ?

សូម​ពន្យល់​ថា ប្រធាន អាវរិង បាន​ប្រាប់​អំពី​ពរជ័យ​ដែល​លោក​បាន​ទទួល ដោយសារ​លោក​បាន​រក្សា​កំណត់ត្រា​ប្រចាំ​ថ្ងៃពីពរជ័យ​របស់​ព្រះ​ចំពោះ​គ្រួសារលោក ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោមឲ្យ​ឮៗ ។ ( អ្នក​អាច​ចែកចាយ​ផ្នែក​នៃ​សេចក្ដីថ្លែងការណ៍​នេះ​នៅក្នុង​មេរៀន​ទី 117 ។ សិស្ស​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការស្ដាប់​វា​ម្ដងទៀត ) ។

« នៅពេល​ខ្ញុំ​បន្ដ​ធ្វើ​វា នោះ​អ្វីមួយ​បាន​ចាប់ផ្ដើម​កើតឡើង ។ នៅពេល​ខ្ញុំ​គិត​ពីថ្ងៃនោះ ខ្ញុំ​បាន​ឃើញ​ពី​ភស្ដុតាង​នៃ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង​ម្នាក់ៗ​ដែល​ខ្ញុំ​មិន​បាន​កត់​ចំណាំ​នៅក្នុង​ពេល​ដ៏​រវល់​នា​ថ្ងៃនេះ ។ នៅពេល​វា​បាន​កើតឡើង ហើយ​វា​បាន​កើតឡើង​ជា​ញឹកញាប់ ខ្ញុំ​បាន​យល់​ថា ការព្យាយាម​ចងចាំ​បាន​អនុញ្ញាតឲ្យ​ព្រះ​បង្ហាញ​ដល់​ខ្ញុំ​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។

« វា​លើស​ពី​អំណរគុណទៅទៀត​ដែល​បាន​ចាប់ផ្ដើម​ដុះ​ដាល​ឡើង​នៅក្នុង​ចិត្ត​របស់​ខ្ញុំ ។ ទីបន្ទាល់​បាន​រីកចម្រើន​ឡើង ។ ខ្ញុំ​កាន់តែមាន​ការ​ជឿជាក់ថា ព្រះវរបិតាសួគ៌​របស់​យើង​ឮ ហើយ​ឆ្លើយ​នូវ​ការអធិស្ឋាន​ទាំងឡាយ ។ ខ្ញុំ​​មាន​អារម្មណ៍​នូវការ​ដឹងគុណបន្ថែមទៀត​ចំពោះ​ការបន្ទន់​ចិត្ត និង​ការបន្សុទ្ធ​ដែលកើតមាន ដោយសារតែ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​ជាងមុន​ថា ព្រះវិញ្ញាណបរិសុទ្ធ​អាច​ធ្វើ​ឲ្យ​យើង​ចងចាំ​អ្វីៗ​ទាំងអស់— ទោះបីជា​​រឿង​ដែល​យើង​មិន​ចាប់អារម្មណ៍ ឬ​យកចិត្ត​ទុកដាក់​លើ នៅពេល​វា​បាន​កើតឡើង​ក្ដី » ( « O Remember, Remember » ទំព័រ 67 ) ។

  • តើ​គោលការណ៍​អ្វី​ដែល​យើងអាច​រៀន​ពី​ដំណើររឿង​នៅក្នុង នីហ្វៃទី 323 និង​ពី​បទពិសោធន៍​របស់​ប្រធាន អាវរិង ? ( សិស្ស​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​តាម​របៀប​ខុសៗ​គ្នា ។ ចម្លើយ​របស់​ពួកគេ​គួរ​បង្ហាញ​ពី​សេចក្ដីពិត​ដូចតទៅនេះ ៖ នៅពេល​យើង​កត់ត្រា​ពី​បទពិសោធន៍​ខាងវិញ្ញាណ នោះខ្លួន​យើងផ្ទាល់ និង​គ្រួសារ​របស់​យើង​នឹង​ត្រូវបាន​ប្រទាន​ពរ​ឲ្យ ) ។

សិស្ស​ខ្លះ​អាច​មាន​អារម្មណ៍​ថា ពួកគេ​មិនធ្លាប់​មាន​អ្វីមួយដែល​មាន​តម្លៃសម​នឹងឲ្យ​ពួកគេ​កត់ត្រា​នោះឡើយ ។ ដើម្បី​ជួយ​ដល់​ពួកគេ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ចន អេច ហ្គ្រូបេក នៃ​ក្រុម​ចិតសិបនាក់ ៖

« មនុស្ស​ខ្លះ​និយាយ​ថា ‹ ខ្ញុំ​គ្មាន​​អ្វី​ដែល​ត្រូវកត់ត្រានោះ​ទេ ។ គ្មានរឿង​ខាងវិញ្ញាណ​ណាមួយ​កើតឡើង​ចំពោះខ្ញុំសោះ › ។ ខ្ញុំ​និយាយ​ថា ‹ សូម​ចាប់ផ្ដើម​កត់ត្រា ហើយ​រឿង​ខាងវិញ្ញាណ​នឹង​កើតឡើង ។ វា​នៅទីនោះ​គ្រប់ពេល ប៉ុន្ដែ​យើង​នឹង​ដឹង​ពី​វា​កាន់តែ​ខ្លាំង នៅពេល​យើង​សរសេរ​វា ›» ( « Writing Your Personal and Family History » Ensign ខែ ឧសភា ឆ្នាំ 1980 ទំព័រ 48 ) ។

សូម​ឲ្យ​សិស្ស សួរ​ខ្លួន​ឯងថា​តើ​ពួកគេ​ធ្លាប់​ធ្វេសប្រហែស​មិន​បាន​សរសេរ​អំពី​បទពិសោធន៍​ដែល​បាន​ពង្រឹង​ដល់​ពួកគេ​ខាងវិញ្ញាណ​ដែរ​ទេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​អំពី​បទពិសោធន៍​ទាំងនេះ ហើយ​បន្ដ​កត់ត្រា​បទពិសោធន៍​ផ្សេង​ទៀត​ពេញមួយ​ជីវិត​របស់​គេ ។ អ្នក​អាចណែនាំ​ថា ពួកគេ​គួរ​ធ្វើ​តាម​គំរូ​របស់​ប្រធាន អាវរិង ដោយ​សរសេរពី​​អ្វីមួយជារៀង​រាល់ថ្ងៃ ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

ការរៀន​ពី​របៀប​ដើម្បី​ដោះស្រាយ​បញ្ហាតាមរយៈការប្រើ​ព្រះគម្ពីរអាច​ជួយ​សិស្សពេញ​មួយ​ជីវិត​របស់ពួកគេ ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ក្រដាសតូច​មួយ ។ សូម​ឲ្យ​ពួកគេ​សរសេរ​អំពី​សំណួរ​មួយ​ដែល​ពួកគេ​មាន ឬ​ឧបសគ្គ​មួយ​ដែល​ពួកគេ​ជួប ។ សូម​ពន្យល់​ថា អ្នក​នឹង​ប្រមូល​ក្រដាស ហើយ​អាន​វា​ខ្លះៗ​ដល់សិស្សទាំងអស់ ។ សូម​ណែនាំ​សិស្ស​កុំ​ឲ្យ​ដាក់​ឈ្មោះ​នៅលើ​ក្រដាស ហើយ​សូម​រំឭក​ពួកគេ​កុំ​ឲ្យ​សរសេរ​រឿងលម្អិត​​ផ្ទាល់ខ្លួន ឬ​មិន​សមរម្យ​ដើម្បី​ពិភាក្សា​នៅក្នុង​ថ្នាក់ ។ ( ក្រោយពី​ប្រមូល​ក្រដាស​ហើយ អ្នក​អាចមើល​វា​ដោយ​សង្ខេប​ដើម្បី​ធានាថា ពួកគេ​សរសេរ​អ្វី​សមរម្យ និង​មិន​ផ្ទាល់ខ្លួន​ពេក ) ។ សូម​អាន​សំណួរ ឬ​ឧបសគ្គ​មួយ​ដល់​សិស្ស ហើយ​សូម​មើល​ថា​សិស្ស​អាច​ប្រើ​វគ្គ​ចំណេះចំណានខគម្ពីរ​ដើម្បី​ជួយ​ដោះស្រាយ​នឹង​សំណួរ ឬ​ឧបសគ្គ​នេះ​ទេ ។

សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​បញ្ជា​យើង​ឲ្យ​បង្រៀន​ដល់​អ្នកដទៃ​នូវ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​ដល់​យើង ( សូមមើល នីហ្វៃទី 323:14 ) ។ ដើម្បី​ជួយ​រៀបចំ​សិស្ស​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ​ទាំង​នេះ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​ជំនាញ​បង្រៀន ដូចជា​ការពន្យល់​គោលលទ្ធិ ឬ​គោលការណ៍​នានា ការចែកចាយ​បទពិសោធន៍ និង​ការថ្លែង​ទីបន្ទាល់​នៅពេល​ពួកគេ​ប្រើ​វគ្គ​ចំណេះចំណានខគម្ពីរ​ដើម្បី​ដោះស្រាយ​បញ្ហា ។ អ្នក​គួរទុក​សំណួរ ឬ​ឧបសគ្គ​ផ្សេង​ទៀត​ដែល​សិស្ស​បាន​សរសេរ ហើយ​ពិភាក្សា​វា​តាម​របៀប​ដូចគ្នា​នៅថ្ងៃ​ណា​ដែល​ពួកគេ​មាន​ពេល​បន្ថែម ។

កំណត់ចំណាំ ៖ ប្រវែង​​មេរៀន​នេះអាច​នឹង​មានពេល​សម្រាប់​ការរំឭក​ចំណេះចំណានខគម្ពីរ ។ អ្នក​អាច​ដឹកនាំ​សកម្មភាព​នេះ​នៅពេល​ចាប់ផ្ដើម​ថ្នាក់ នៅពេល​សម្រាក​រវាង​វគ្គ​នៃមេរៀន​នេះ ឬ​នៅ​ចុងម៉ោង ។ សូម​រក្សា​សកម្មភាព​នេះ​ឲ្យ​ខ្លី​ដើម្បី​ឲ្យ​មាន​ពេល​សម្រាប់​មេរៀន ។ សម្រាប់​សកម្មភាព​រំឭក​ផ្សេង​ទៀត សូម​មើល​ឧបសម្ព័ន្ធ​នៅចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។