បណ្ណាល័យ
មេរៀនទី 119 ៖ នីហ្វៃទី 3 8–10


មេរៀនទី 119

នីហ្វៃទី 3 8–10

សេចក្តីផ្ដើម

សាមសិបបី​ឆ្នាំ​ក្រោយពី​ការឃើញ​ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ពួកសាសន៍​នីហ្វៃ​បាន​ចាប់ផ្ដើម​រកមើល​ទីសម្គាល់​ដែល​ព្យាការី​សាំយូអែល ជា​សាសន៍​លេមិន បាន​ព្យាករ​ពី​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ ។ ទោះបីជា​មាន​ទីសម្គាល់​ជាច្រើន​ត្រូវបាន​ផ្ដល់​ឲ្យ​​ក្ដី ក៏​ការសង្ស័យ និង​ការជំទាស់​នៅ​តែ​​កើតមាន​នៅក្នុង​ចំណោម​ប្រជាជនដែរ ។ នៅ​ឆ្នាំ​បន្ទាប់ ការព្យាករ​ណ៍របស់​លោក​សាំយូអែល​ត្រូវបាន​បំពេញ ។ ក្រោយពី​មាន​ព្យុះ​ ការរញ្ជួយដី និង​វិបត្តិភ័យ​ផ្សេង​ទៀតដ៏ធំ ដែល​បណ្ដាល​ឲ្យ​មាន​ការរីករាលដាលនៃការបំផ្លិចបំផ្លាញ​ នោះ​ភាពងងឹត​បាន​គ្របដណ្ដប់​ដែនដី​នោះ​អស់រយៈពេល​បី​ថ្ងៃ ។ នៅក្នុង​ភាពងងឹតនោះ​ ប្រជាជន​ដែល​នៅរស់​ក្រោយពី​ការបំផ្លាញ​នោះ​បាន​ឮ​សំឡេង​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​បាន​អញ្ជើញ​ឲ្យ​ពួកគេ​ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ទ្រង់​វិញ ។ នៅពេល​ភាពងងឹត​បានរសាត់បាត់​ទៅ ការទួញយំ​របស់​ប្រជាជន​បាន​ប្រែក្លាយទៅជា​សេចក្ដីអំណរ និង​ការសរសើរ​ដល់​ព្រះយេស៊ូវគ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 8:1–18

ការបំផ្លិចបំផ្លាញ​ដ៏​ធំ​បង្ហាញ​ពី​ទីសម្គាល់​នៃ​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បំពេញ​ការព្យាករណ៍របស់​ព្យាការី​សាំយូអែល ជា​សាសន៍​លេមិន ។

សូម​ចាប់ផ្ដើម​បង្រៀន​ដោយ​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ដឹង​ពី​ទីសម្គាល់​នានា​ដែល​បាន​កើតឡើង​រួចហើយ ដោយ​​បង្ហាញ​ថា​ការយាងមកជាលើកទីពីរ​របស់​ព្រះអង្គសង្គ្រោះ​នៅ​ជិត​បង្កើយដែរ​ទេ ? ( អ្នក​អាច​បង្ហាញ​ថា ការព្យាករណ៍​ជាច្រើន ដូចជា​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ ការមក​ដល់​របស់​ព្យាការី​អេលីយ៉ា និង​កាល​ដែល​ដំណឹងល្អ​ត្រូវបាន​ចែកចាយ​ទូទៅ​ពិភពលោក ត្រូវបាន​បំពេញ ឬ​កំពុង​ត្រូវបាន​បំពេញ ) ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​ស្គាល់​អ្វីមួយដែល​ជា​សញ្ញា​មួយ​យ៉ាង​ច្បាស់​ថា​ ​ការយាងមកជាលើកទីពីរ​របស់​ព្រះអង្គសង្គ្រោះ​ជិត​មក​ដល់ហើយនោះ ?

សូម​ពន្យល់​ថា យើង​រស់នៅ​ក្នុង​ជំនាន់​មួយ ដែល​ស្រដៀង​គ្នា​ទៅនឹង​ជំនាន់ ពី​មុន​ព្រះយេស៊ូវគ្រីស្ទ​បានយាង​​មក​ជួប​នឹង​ពួកសាសន៍​នីហ្វៃដែរ ។ ​ដូចជា​ពួកសាសន៍​នីហ្វៃ​ដែល​បាន​រកមើល​ទីសម្គាល់​ដែល​ព្យាការី​សាំយូអែល ជា​សាសន៍​លេមិន​បាន​ព្យាករ​ណ៍ថា​ជា​ទីសម្គាល់​នៃ​ការសុគត និង​ការរស់ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​គួរ​រកមើល​ទីសម្គាល់​នៃ​ការយាងមកជាលើកទីពីរ​របស់​ព្រះអង្គសង្គ្រោះ​ដែរ ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 8:3–4 ដោយ​ស្ងៀមស្ងាត់ ​ដោយ​រកមើលពី​​​​របៀបខុសគ្នាដែល​ពួកសាសន៍​នីហ្វៃ​ខ្លះ​មាន​​អារម្មណ៍អំពី​ទីសម្គាល់​ទាំងឡាយ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( ទោះបីជា​ប្រជាជន​បាន​ស្វែងរក​ទីសម្គាល់ « ដោយ​ម៉ឺងម៉ាត់ » ក្ដី ក៏ « ការសង្ស័យ និង​ការប្រកែកគ្នា​យ៉ាងខ្លាំង » បាន​កើត​មាន​នៅក្នុង​ចំណោម​ពួកគេដែរ ) ។

  • តើ​ស្ថានភាព​ដែល​បាន​រៀបរាប់​នៅក្នុងនីហ្វៃទី 3 8:3–4 ស្រដៀងគ្នា​ទៅនឹង​លក្ខខណ្ឌ​នៅក្នុង​ពិភពលោក​នា​សព្វថ្ងៃនេះ​ដោយ​របៀបណា ?

  • តើ​យើង​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទបាន​ដោយ​របៀបណា ទោះបីជា​នៅពេល​មនុស្ស​ជាច្រើន​ជុំវិញ​យើង​មាន​ភាពសង្ស័យ​ក្ដី ?

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​ជួប​​ព្យុះ​ ការរញ្ជួយដី មួយ​ដ៏​សាហាវ ឬ​គ្រោះមហន្ដរាយ​ផ្សេង​ទៀត​ដែរ​ឬ​ទេ ។ នៅពេល​សិស្ស​ឆ្លើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពីអារម្មណ៍ដែល​ពួកគេមាន​​អំឡុងពេលនោះ និង​ក្រោយពេល​ជួប​នឹង​បទពិសោធន៍​នោះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 8:5–7 ឮ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​ទី 34 ក្រោយពី​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក​សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 8:8–18 ដោយស្ងៀម​ស្ងាត់ ​ដោយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​ដល់​ប្រជាជន​នៅក្នុង​ទីក្រុង ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​រំឭក​សិស្ស​ថា សាំយូអែល​ជា​សាសន៍​លេមិន​បាន​ព្យាករ​ណ៍ពី​ហេតុការណ៍​ទាំងនេះ ( សូមមើល ហេលេមិន 14:20–27 ) ។ សូម​បញ្ជាក់​ថា ពាក្យសម្ដី​របស់​ព្យាការី​នឹង​ត្រូវបាន​បំពេញ​ទាំងអស់ ហើយ​ថា ព្រះ​នឹង​ឲ្យ​ពួកទុច្ចរិត​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ ។

នីហ្វៃទី 3 8:19–25

ភាពងងឹត​គ្របដណ្ដប់​ដែនដី​អស់​រយៈពេល​បី​ថ្ងៃ

សូម​ពន្យល់​ថា ក្រោយពី​ព្យុះ និង​ការរញ្ជួយផែនដី​បាន​ស្ងប់ នោះ​ភាពងងឹត​បាន​គ្របដណ្ដប់​មក​លើ​ផែនដី​អស់​រយៈពេល​បី​ថ្ងៃ ។ សូម​បិទ​ភ្លើង​នៅក្នុង​ថ្នាក់​មួយ​ភ្លែត ។ បន្ទាប់មក សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​ធ្លាប់​នៅ​កន្លែង​មួយ​ដែល​មាន​ភាពងងឹត​ទាំងស្រុង ដូចជានៅ​​ក្នុង​រូងភ្នំ ឬ​បន្ទប់​ដែល​គ្មាន​បង្អួចដែរ​ទេ ។

  • តើ​អ្នក​​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​ស្ថិតនៅក្នុង​កន្លែង​បែប​នោះ ?

សូម​បង្ហាញ​ថា ភាពងងឹត​ដែល​បាន​គ្របដណ្ដប់​មក​លើ​ដែនដី​អស់រយៈពេល​បី​ថ្ងៃ​ខុសគ្នា​ពី​ភាពងងឹត​ដែលបាន​កើត​ឡើង នៅពេល​យើង​បិទ​ភ្លើង ឬ​ទៅ​កន្លែង​​មួយ​ដែល​គ្មាន​បង្អួច ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 8:19–23 ដោយ​ស្ងៀមស្ងាត់ ​ដោយ​រកមើល​ឃ្លា​ដែល​រៀបរាប់​ពី​ភាពងងឹត​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ជួប ។ ( ចម្លើយ​អាច​រួមមាន « ភាពងងឹត​យ៉ាង​ក្រាស់» « ចំហាយ​នៃ​សេចក្ដីងងឹត» « អ័ព្វ​នៃ​សេចក្ដីងងឹត » និង « គ្មាន​ពន្លឺ » ) ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 38:23–25 ដោយស្ងៀម​ស្ងាត់ ​ដោ​យរកមើល​ឥទ្ធិពល​នៃ​ភាពងងឹត​មាន​លើ​ពួកសាសន៍​នីហ្វៃ ដែល​បាន​រស់​ពី​ការបំផ្លាញ​នោះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

នីហ្វៃទី 3 9:1–14

នៅក្នុង​ភាពងងឹត ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​ឲ្យ​អស់​អ្នក​ដែល​បាន​រស់​ពី​សេចក្តីបំផ្លិចបំផ្លាញ​នោះ​ឲ្យ​ប្រែចិត្ត ហើយ​មក​កាន់​ទ្រង់

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 9:1–12 ដោយ​ស្ងៀមស្ងាត់ ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ។

ហេតុអ្វីបានជា​ការបំផ្លាញ​នេះ​បាន​កើតឡើង ?

តើ​សាតាំង​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​សេចក្តីបំផ្លិចបំផ្លាញ​នេះ ?

តើ​ការណ៍​នេះ​បង្រៀន​អំពី​សាតាំង​ និង​របៀប​ដែល​វា​ប្រព្រឹត្ត​នឹង​អ្នកដែល​ដើរ​តាម​វា​យ៉ាងណា​ខ្លះ ?

សូម​អាន នីហ្វៃទី 3 9:13–14 ឮៗ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​មើល​តាម ដោយ​រកមើល​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​អស់​អ្នកទាំងឡាយ​ណា​ដែល​បាន​រស់​ពី​សេចក្តីបំផ្លិចបំផ្លាញ ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ពី​សាសន៍​នីហ្វៃ​ទាំងនោះ ដែល​ស្ដាប់​សំឡេង​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុងភាព​ងងឹត​ទាំងស្រុង ។ ពួកគេ​បាន « នៅរស់​ដោយសារ [ ពួកគេ ] សុចរិត​ជាង » អ្នកដែល​ត្រូវបាន​បំផ្លាញ ប៉ុន្ដែ​ពួកគេ​នៅតែ​ត្រូវ​ប្រែចិត្ត និង​ផ្លាស់ប្ដូរ ( សូមមើល នីហ្វៃទី 3 9:13, 10:12 ) ។

  • តើ​អ្នក​គិត​ថា សាសន៍​នីហ្វៃ​​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ពួកគេ​បាន​ឮ​ការអញ្ជើញ​នេះ​ពី​ព្រះអង្គសង្គ្រោះ ? ហេតុអ្វី ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ស៊ី ស្កត ហ្គ្រូ នៃ​ពួកចិតសិបនាក់ ៖

« ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្នកព្យាបាល​ដ៏​អស្ចារ្យ​នៃ​ព្រលឹង​របស់​យើង ។ …

« នៅពេល​យើង​ធ្វើ​អំពើ​បាប សាតាំង​ប្រាប់​យើង​ថា យើង​វង្វេង​ហើយ ។ ផ្ទុយទៅវិញ ព្រះដ៍ប្រោសលោះ​របស់​យើង​ផ្ដល់​សេចក្តីប្រោសលោះ​ដល់​មនុស្ស​ទាំងអស់— មិន​ថា​អ្វី​ដែល​យើង​បាន​ធ្វើ​ខុស​នោះទេ— សូម្បី​តែ​អ្នក និង​ខ្ញុំ » ( « The Miracle of the Atonement » EnsignLiahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 109 ) ។

សូម​បញ្ជាក់​ថា ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 9:13— ឲ្យ​មក​កាន់​ទ្រង់ ហើយ​ទទួល​ការប្រោស —ត្រូវបាន​ប្រគល់​ដល់​យើង​ម្នាក់ៗ ។ ដើម្បី​ឲ្យ​ព្រះអង្គសង្គ្រោះ​ប្រោស​យើង យើង​ត្រូវ​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ​មក​កាន់​ទ្រង់ ប្រែចិត្ត​​ចេញពី​អំពើបាប​របស់​យើង ហើយ​ប្រែចិត្ត​ជឿ ។ សូម​ឲ្យ​សិស្ស​គិត​អំពី​ផ្នែក​នៃ​ជីវិត​របស់​គេ ដែល​ពួកគេ​ត្រូវការ​ការប្រោស​របស់​ព្រះអង្គសង្គ្រោះ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ឆ្លើយ​នឹង សំណួរ ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ ក្នុង​សៀវភៅ​សរសេរ ៖

  • តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​ការប្រោស​ពី​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់​អ្នក ?

នីហ្វៃទី 3 9:15–22

ព្រះអង្គសង្គ្រោះ​ប្រកាស​ថា តាមរយៈ​ពលិកម្ម​របស់​ទ្រង់ នោះ​ច្បាប់​ម៉ូសេ​ត្រូវបាន​បំពេញ ។

សូមអាន នីហ្វៃទី3 9:19 ឮៗ ។សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​បន្ទូល​ថា​ទ្រង់​នឹង​មិន​ទទួល​ពី​ពួកសាសន៍​នីហ្វៃ​ទៀត​ឡើយ ។ វា​អាច​ចាំបាច់​ដើម្បី​រំឭក​សិស្ស​ថា ពួកសាសន៍​នីហ្វៃ​កំពុង​រស់នៅ​តាម​ច្បាប់​ម៉ូសេ​នៅពេល​នេះ ។ ជា​ផ្នែក​នៃ​ច្បាប់​ម៉ូសេ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ប្រជាជន​របស់​ទ្រង់​ថ្វាយ​យញ្ញបូជា​សត្វ​ជា​ប្រភេទ និង​ស្រមោល​នៃ​ការពលី​ដែល​ព្រះអង្គសង្គ្រោះ​នឹង​ធ្វើ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 9:20 ដោយ​ស្ងៀមស្ងាត់ ​ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា​សាសន៍​នីហ្វៃ​ត្រូវ​ថ្វាយ​អ្វី​ជា​ការបូជានា​ពេលនេះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា​ក្នុង​ការថ្វាយ​ការ​បូជា​នៃ « ការមាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » ?

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​ព្រះអង្គសង្គ្រោះ​សន្យា​ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​មក​កាន់​ទ្រង់​ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ?

សូម​ពន្យល់​ថា​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន​របៀប​មួយ​ដើម្បី​គិត​អំពី​ឃ្លា « ចិត្ត​សង្រេង » និង « វិញ្ញាណ​ទន់ទាប » ។ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដោយ​សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​នូវ​ពាក្យសម្ដី​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​ប្រើ​ដើម្បី​ជួយយើង​ឲ្យ​យល់​ពី​ឃ្លា​ទាំងនេះ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« អ្នក​អាច​ថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​អំណោយ​នៃ​ចិត្ត​សង្រេង ឬ​ការ​ប្រែចិត្ត និង​វិញ្ញាណ​ទន់ទាប ឬ​ការគោរព​តាម ។ ជាក់ស្តែង វា​គឺជា​អំណោយ​នៃ​ខ្លួន​អ្នក —អ្វី​ដែល​ជា​អ្នក និង​អ្វី​ដែល​អ្នក​នឹង​ក្លាយទៅជា ។

« តើ​មាន​អ្វី​នៅក្នុង​ខ្លួនអ្នក ឬ​នៅក្នុង​ជីវិត​របស់​អ្នក​ដែល​មិន​បរិសុទ្ធ ឬ​មិន​ស្អាតស្អំ​ដែរ​ទេ ? នៅពេល​អ្នក​ចៀសចេញ​ពី​វា នោះ​គឺជា​អំណោយ​ដល់​ព្រះអង្គសង្គ្រោះ​មួយ ។ តើ​មាន​ទម្លាប់ល្អ ឬ​គុណភាព​ល្អ​ដែល​ខ្វះ​នៅក្នុង​ជីវិត​របស់​អ្នក​ទេ ? នៅពេល​អ្នក​ទទួល​យក​វា ហើយ​ធ្វើ​ឲ្យ​វា​ក្លាយជា​ចរិតលក្ខណៈ​របស់​អ្នក អ្នក​កំពុង​តែ​ថ្វាយ​ដង្វាយ​ដល់​ព្រះអម្ចាស់​ហើយ » ( « When Thou Art Converted » EnsignLiahona ខែ ឧសភា ឆ្នាំ 2004 ទំព័រ 12 ) ។

  • តើ​ពាក្យ​អ្វី​ខ្លះ​ដែល​អែលឌើរ គ្រីស្តូហ្វឺសិនបាន​ប្រើ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​ឃ្លា « ដួងចិត្ត​សង្រេង » ? ( ការប្រែចិត្ត ) ។ តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា​ដើម្បី​មាន​ដួងចិត្ត​ដែល​ប្រែចិត្ត ?

  • តើ​ពាក្យ​អ្វី​ខ្លះ​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​ប្រើ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​ឃ្លា « វិញ្ញាណ​ទន់ទាប » ? ( ការគោរពប្រតិបត្តិ ) ។ តើ​អ្នក​នឹង​រៀបរាប់​នរណាម្នាក់​ដែល​មាន​វិញ្ញាណ​ប្រកប​ដោយ​ការគោរព​តាម​យ៉ាងណា ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 9:21–22 ដោយស្ងៀម​ស្ងាត់ ​ដោយ​រកមើល​ការពិពណ៌នា​របស់​ព្រះអង្គសង្គ្រោះ​ពី​របៀប​ដេល​យើង​គួរ​មក​កាន់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​លើក​រូបភាព​កូនក្មេង​តូច​មួយ ប្រហែល​នរណាម្នាក់​នៅក្នុង​គ្រួសារ​របស់​អ្នក ។

  • តើ​អ្នក​ស្រមៃ​ថា​កូនក្មេង​តូច​នេះ​មក​កាន់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? តើ​ការណ៍​នេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​យើង​គួរ​មក​កាន់​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

ប្រសិនបើ​យើង​មកកាន់​ព្រះគ្រីស្ទ​ដោយ​មាន​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​នោះ ទ្រង់​នឹង …

សូម​ឲ្យ​សិស្ស​រំឭកនីហ្វៃទី 3 9:13–15, 19–22 ដើម្បី​រកមើល​វិធី​ដើម្បី​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ចម្លើយ​អាច​រួមមាន ទ្រង់​នឹង​ប្រោស​យើង ( សូមមើល នីហ្វៃទី 3 9:13 ) ប្រទាន​ដល់​យើង​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូមមើល នីហ្វៃទី 3 9:14 ) ហើយទទួល​យក​យើង ( សូមមើល នីហ្វៃទី 3 9:22 ) ។ ក្រោយពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​មកកាន់​ព្រះគ្រីស្ទ​ដោយ​មាន​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​នោះ ទ្រង់​នឹង​ទទួល​យក​យើង ប្រោស​យើង ហើយ​ប្រទាន​ដល់​យើង​នូវ​ជីវិតដ៏នៅអស់កល្បជានិច្ច ។

នីហ្វៃទី 3 10

ព្រះអម្ចាស់​ផ្ដល់​នូវ​ការប្រមូល​រាស្ដ្រ​របស់​ទ្រង់ ដូចជា​មេមាន់​ប្រមូល​កូន​របស់​វា​ដែរ ។

សូម​សង្ខេប នីហ្វៃទី 3 10:1–3 ដោយ​ពន្យល់​ថា ក្រោយពី​ឮ​សំឡេង​របស់​ព្រះអង្គសង្គ្រោះ​ហើយ ប្រជាជន​បាន​រំភើប​ជាខ្លាំង​រហូតដល់​ពួកគេ​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​ម៉ោង ។ បន្ទាប់មក ទ្រង់​បាន​មាន​បន្ទូល​ម្ដងទៀតទៅកាន់​ប្រជាជន ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន នីហ្វៃទី 3 10:4–6 ឮៗ។ សូម​បង្ហាញ​ថា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​អំពី​វង្សអ៊ីស្រាអែល រាស្ត្រនៃសេចក្តីសញ្ញា​របស់​ទ្រង់ ។

  • តើ​ព្រះអង្គសង្គ្រោះ​ប្រៀបដូចជា​មេមាន់​ដែល​ការពារ​កូន​ពី​គ្រោះថ្នាក់​ដោយ​របៀបណា ? ហេតុអ្វី​បានជា​ព្រះអង្គសង្គ្រោះ​មិន​ប្រមូល និង​ការពារ​វង្សអ៊ីស្រាអែល​ទាំងអស់ ? ( ពួកគេ​មិន​មក​កាន់​ទ្រង់ ) ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​សន្យា​អ្វីខ្លះ ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ប្រែចិត្ត និង​ត្រឡប់​មក​កាន់​ទ្រង់​វិញ ? ( ទ្រង់​នឹង​ប្រមូល​ពួកគេ​ដូចជា​មេមាន់​ប្រមូល​កូន​របស់​វា ) ។

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ ។ ( អ្នក​អាច​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ឬ​អាន​វា​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​អាច​កត់​ត្រាវា​បាន ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍ពី​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ ឲ្យ​ទទួល​យក​ការថែទាំ និង​ការការពារ​របស់​ទ្រង់ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 10:9–11 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​ក្រោយពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ទៅកាន់​ប្រជាជន ។ អ្នក​អាច​បញ្ចប់​ដោយ​ការថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​មាន​សេចក្ដីមេត្តាករុណា​ដល់​អស់​អ្នក​ទាំងឡាយ​ណាដែល​មករក​ទ្រង់​ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ។ អ្នក​ក៏​អាច​ពន្យល់​ថា នៅក្នុង​មេរៀន​បន្ទាប់ សិស្ស​នឹង​ពិភាក្សា​ពី​ការយាងមករបស់​ព្រះអង្គសង្គ្រោះ​ទៅជួប​នឹង​ប្រជាជន និង​របៀប​ដែល​ទ្រង់ផ្ទាល់​​បាន​បម្រើ​ដល់​ពួកគេ​ម្នាក់ៗ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 9:2 ។ « អារក្ស​វា​សើច ហើយ​ពួកទេវតា​របស់​វាអរ​សប្បាយ »

អែលឌើរ រ៉ូបឺត ឌី ហែល នៃ កូរ៉ុមនៃពួកសាវក ដប់ពីរនាក់ បាន បង្រៀន អំពី ប្រតិកម្ម របស់ អារក្ស នៅពេល យើង ធ្វើ អំពើបាប ៖

« ‹ លោកអ័ដាម​បាន​ធ្លាក់​ខ្លួន​ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ › [នីហ្វៃទី 2 2:25] ។

« ពេលខ្លះ​យើង​ភ្លេច​ថា ព្រះវរបិតាសួគ៌​របស់​យើង​ចង់​ឲ្យ​យើង​ម្នាក់ៗ​មាន​សេចក្ដីអំណរ​នេះ ។ មានតែការងាកទៅការល្បួង និង អំពើបាបនោះហើយដែល​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដីអំណរ​នោះ ។ ហើយ​ការងាកទៅរកនោះគឺ​ពិតជា​អ្វី​ដែល​សាតាំង​ចង់​ឲ្យ​យើង​ធ្វើ ។

« ខ្ញុំ​ធ្លាប់​មាន​ឱកាស​ម្ដង​ដើម្បី​រួមដំណើរ​នឹង​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ទៅដែនដី​ដ៏​ឆ្ងាយ​មួយ ។ យើង​ទទួល​បាន​ការដើរទស្សនកិច្ច​ទៅ​កន្លែង​ជាច្រើន​នៅក្នុង​តំបន់​នោះ រួមមាន​បូជនីយដ្ឋាន​ក្រោមដី— កន្លែង​បញ្ចុះសព​សម្រាប់​មនុស្ស​ដែល​បាន​បៀតបៀន​ដោយ​ពួកជំនឿស៊ុប​នឹង​សាសនា​គ្រីស្ទាន ។ នៅពេល​យើង​មក​ដល់​ជណ្ដើរ​​ងងឹត ដ៏តូចចង្អៀត​នៃ​កន្លែង​នោះ ប្រធាន ឃឹមបឹល បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ដ៏​មិន​អាច​បំភ្លេច​បាន​មួយ ។ លោក​បាន​ទាញ​ជាយ​​អាវ​ធំ​ខ្ញុំ ហើយ​បាន​មាន​ប្រសាសន៍​ថា ‹ វា​តែងតែ​ធ្វើឲ្យ​ខ្ញុំ​មាន​បញ្ហា​ចំពោះ​អ្វី​ដែល​សាតាំង​វា​ធ្វើ​ដោយ​ប្រើ​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ​យើង › ។ បន្ទាប់មក លោក​បាន​មាន​ប្រសាសន៍​ថា ‹ រ៉ូបឺត អារក្ស​មិន​​អាច​មាន​សេចក្ដីអំណរ​ទេ លុះត្រាតែ​អ្នក និង​ខ្ញុំ​ធ្វើ​អំពើបាប › ។

« នៅពេល​ខ្ញុំ​សញ្ជឹងគិត​ពី​ប្រសាសន៍​នេះ ហើយ​បាន​សិក្សា​ព្រះគម្ពីរ ខ្ញុំ​បាន​ចាប់ផ្ដើម​យល់​ពី​អ្វី​ដែល​ប្រធាន ឃឹមបឹល ចង់​មាន​ន័យ ។… វា​គឺជា​អំពើបាប​របស់​យើង​ដែល​ធ្វើ​ឲ្យ​អារក្ស​វា​សើច ហើយ​គឺ​សេចក្ដីព្រួយ​របស់​យើង​ដែល​នាំ​ឲ្យ​វា​នូវ​សេចក្ដីអរសប្បាយ​ក្លែងក្លាយ ។

« ទោះបីជា​អារក្ស​វា​សើចក្ដី ក៏អំណាច​របស់​វា​មាន​កម្រិត ។ អ្នកខ្លះ​អាច​ចងចាំ​កំណាព្យ​ដ៏​ចាស់បុរាណ​នេះ ៖ ‹ អារក្ស​បណ្តាល​ឲ្យ​ខ្ញុំ​ធ្វើវា › ។ ថ្ងៃនេះ​ខ្ញុំ​ចង់​ប្រាប់​ពី​ពាក្យ​ដ៏​ពិតប្រាកដ​ថា អារក្ស​មិន​អាចបណ្តាល​ឲ្យ​យើង​ធ្វើ​អ្វី​បាន​ឡើយ ។ វា​កុហក​យើង​មែន ដូចដែល​ព្រះគម្ពីរ​បានចែង ហើយ​វា​ដើរ​តាម​យើង​រាល់ថ្ងៃ ។ រាល់​ពេល​យើង​ចេញទៅ​ក្រៅ រាល់​ការសម្រេចិត្ត​ដែល​យើង​ធ្វើ នោះ​យើង​អាច​ជ្រើសរើស​ដើរទៅ​ការដឹកនាំ​របស់​វា ឬ​ទៅរក​ការដឹកនាំ​របស់​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្ដែ​អារក្ស​ត្រូវតែ​ចាកចេញ ប្រសិនបើ​យើង​ប្រាប់​វា​ឲ្យ​ចេញទៅ ។ វា​មិន​អាច​មាន​ឥទ្ធិពល​លើ​យើងទេ លុះត្រាតែ​យើង​ឲ្យ​វា​មាន ហើយ​វា​ដឹង​ពី​ការណ៍​នោះ ! មាន​ពេល​តែ​មួយ​គត់​ដែល​វា​អាច​ប៉ះពាល់​ដល់​គំនិត និង​រាងកាយ​របស់​យើង —ព្រលឹង​តែមួយ​របស់​យើង— គឺ​នៅពេល​យើង អនុញ្ញាត ឲ្យ​វា​ធ្វើ​ដូច្នោះ ។ និយាយ​ម៉្យាងទៀត​ថា យើង​មិន​ត្រូវ​ចុះចាញ់​នឹង​ការទាក់ទាញ​របស់​វា​ឡើយ ! » ( « To Act for Ourselves: The Gift and Blessings of Agency » EnsignLiahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 5–6 ) ។

នីហ្វៃទី 3 9:19–20 ។ « ចិត្តសង្រេង និង វិញ្ញាណទន់ទាប »

អែលឌើរ នែល អេ ម៉ាក់ស្វែល​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​រៀបរាប់​ពី​អត្ថន័យ ដើម្បី​ថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​ចិត្តសង្រេង និង វិញ្ញាណ​ទន់ទាប ៖

« ការ​បូជា​ពិតប្រាកដ ពុំ​មែនជាការដាក់​សត្វ​នៅលើ​អាសនាទេ ។ ផ្ទុយទៅវិញ វា​គឺ​ជា​ឆន្ទៈ​មួយ ដើម្បី​ដាក់​សត្វ​ដែល​នៅក្នុង​ខ្លួន​យើង នៅ​លើ​អាសនា ហើយ​ទុក​ឲ្យ​វា​ដុត​ឆេះអស់ ! បែបនោះ​គឺជា ‹ ពលិកម្ម​ចំពោះ​ព្រះអម្ចាស់ … នៃ​ចិត្តសង្រេង និង វិញ្ញាណទន់ទាប › ( គ. និង ស. 59:8 ) » ( « Deny Yourselves of All Ungodliness » Ensign ខែ ឧសភា ឆ្នាំ 1995 ទំព័ឬ 68 ) ។