បណ្ណាល័យ
មេរៀនទី 124 ៖ នីហ្វៃទី 3 14


មេរៀនទី 124

នីហ្វៃទី 3 14

សេចក្តីផ្ដើម

នៅពេលដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ដ​ទេសនកថា​របស់​ទ្រង់​នៅឯ​ព្រះវិហារបរិសុទ្ធ​នៅក្នុង​ដែនដី​បរិបូរណ៍ នោះ​ទ្រង់​បាន​ព្រមាន​ដល់​ប្រជាជន​អំពី​ការកាត់សេចក្ដី​អ្នកដទៃ និង​បានបង្រៀន​ពួកគេ​ឲ្យ​ស្វែងរក​នូវ​ពរជ័យ​ពី​ព្រះវរបិតាសួគ៌​ដោយ​ការអធិស្ឋាន និង​ការធ្វើតាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។ ព្រះអង្គសង្គ្រោះ​ក៏​បាន​ព្រមាន​ពួកគេ​អំពី​ព្យាការី​ក្លែងក្លាយ និង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះដែរ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 14:1–6

ព្រះអង្គសង្គ្រោះ​បង្រៀន​អំពី​ការកាត់សេចក្ដី​សុចរិត

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​ពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ អំពី​ការកាត់សេចក្ដី​សុចរិត សូម​អាន​រឿង​ខាងក្រោម​ដែល​បាន​តំណាល​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស. ម៉នសុន

« គូស្វាមី​វ័យក្មេង​មួយគូ លីសា និង​ចន បាន​ផ្លាស់ទីលំនៅ​ទៅ​​សង្កាត់​ថ្មី​មួយ ។ នា​ព្រឹកមួយ​ខណៈពេល​ដែល​ពួកគេ​កំពុងបរិភោគអាហារ​ពេលព្រឹក លីសា​បាន​មើល​ទៅក្រៅ​បង្អួច ហើយ​បាន​ឃើញ​អ្នកជិតខាង​របង​តែមួយ​កំពុង​តែ​ហាល​ខោអាវ ។

« ‹ ខោអាវ​នោះ​បោក​មិន​ស្អាតសោះ ! › លីសា​លាន់មាត់ ។ ‹ អ្នកជិតខាង​របស់​យើង​មិន​ដឹង​ពី​របៀប​ដើម្បី​បោក​ខោអាវ​ឲ្យ​ស្អាតទេ ! ›

ចន​បាន​ក្រឡេក​មើល ប៉ុន្ដែ​មិន​មាត់​ឡើយ ។

« រាល់ពេល​ដែល​អ្នកជិតខាង​របស់​នាង​ហាល​ខោអាវ លីសា​និយាយ​ពាក្យ​ដដែលៗ ។

« ពីរ​បី​សប្ដាហ៍​ក្រោយមក លីសា​ ភ្ញាក់ខ្លួន​ពេល​មើលទៅ​បង្អួច​របស់​នាង ហើយ​ឃើញ​ខោអាវ​យ៉ាងស្អាត​​ដាក់​ហាល​នៅ​សួនច្បារ​របស់​អ្នកជិតខាង​នាង ។ នាង​បាន​និយាយ​ទៅកាន់​ស្វាមី​នាង​ថា ‹ មើល​ន៎ ចន !— នាង​បាន​រៀន​ចេះ​ពី​របៀប​បោក​ខោអាវ​ឲ្យ​ស្អាត​ហើយ ខ្ញុំ​ឆ្ងល់​ថា​តើ​នាង​បាន​ធ្វើ​វា​ដោយ​របៀបណា ។ ›

« ចន​បាន​ឆ្លើយ​ថា ‹ អូន​សម្លាញ់ បង​មាន​ចម្លើយ​សម្រាប់​អូន ។ អូន​នឹង​ចាប់អារម្មណ៍​ពេល​ដឹង​ថា បង​បាន​ក្រោក​ពី​ព្រលឹម​នា​ព្រឹកនេះ ហើយ​បាន​ជូតសម្អាត​បង្អួច​របស់​យើង ! › » ( « Charity Never Faileth » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 122 ) ។

  • តើ​មេរៀន​អ្វី​ដែល​យើង​អាច​រៀន​ពី​រឿង​នេះ ?

សូម​ពន្យល់​ថា នីហ្វៃទី 3 14 រួមមាន​ការបន្ដ​នៃ​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​មួយ​ទៅដល់​ប្រជាជន​នីហ្វៃ​នៅឯ​ព្រះវិហារបរិសុទ្ធ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 14:1–2 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​រកមើល​ការព្រមាន​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រាប់​អំពី​ការកាត់សេចក្ដី​អ្នកដទៃ ។ អ្នក​អាច​ពន្យល់​ថា​ពាក្យ វាល់ ដែល​មាន​នៅក្នុង នីហ្វៃទី 3 14:2 មាន​ន័យ​ថា​វាស់ ឬ​កាត់សេចក្ដី ។ ឃ្លា « ដោយ​រង្វាល់​ដែល​អ្នករាល់​គ្នា​វាល់ » សំដៅ​លើ​បទដ្ឋាន​ដែល​បុគ្គល​ម្នាក់​ប្រើ​ដើម្បី​វាល់ ឬ​កាត់សេចក្ដី​មនុស្ស​ផ្សេង​ទៀត ។

  • តើ​អ្នក​នឹង​បង្ហាញ​សេចក្ដីពិត​នៅក្នុង នីហ្វៃទី 3 14:2 ជា​សម្ដី​របស់​អ្នក​ផ្ទាល់​ដោយ​របៀបណា ? ( ចម្លើយ​របស់​សិស្ស​អាច​ឆ្លុះបញ្ចាំង​អំពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ យើង​នឹងត្រូវ​គេ​កាត់សេចក្ដី​ស្របតាម​របៀប​ដែល​យើង​កាត់សេចក្ដី​អ្នកដទៃ ។)

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការបញ្ជា​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី « កុំ​កាត់សេចក្ដី » នៅក្នុង នីហ្វៃទី 3 14:1 សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រកនូវ​ប្រភេទ​នៃ​ការកាត់សេចក្ដី​ដល់​អ្នកដទៃ​ដែល​យើង​ត្រូវ​ចៀសវាង ។

រូបភាព
អែលឌើរដាល្លិន អេក អូក

« ការវិនិច្ឆ័យចុងក្រោយ … គឺ​ថា​ឱកាស​នា​ពេល​អនាគត​ដែល​យើង​ទាំងអស់​គ្នា​នឹង​ឈរ​នៅ​ខាងមុខ​កៅអី​នៃ​ការជំនុំជម្រះ​របស់​ព្រះគ្រីស្ទ​ដើម្បី​ទទួល​ការជំនុំជម្រះ​ស្របតាម​កិច្ចការ​របស់​យើង ។ … ខ្ញុំ​ជឿ​ថា ការបញ្ជា​នៃ​ព្រះគម្ពីរ​ដើម្បី ‹ កុំ​កាត់សេចក្ដី › សំដៅយ៉ាងច្បាស់​បំផុត​ទៅលើ​ការវិនិច្ឆ័យចុងក្រោយ​នេះ ។ …

« … ហេតុអ្វីបានជា​ព្រះ​អង្គ​សង្គ្រោះ​ដាក់​បញ្ញត្តិ​ថា កុំ​ឲ្យ​យើង​វិនិច្ឆ័យ​ការ​កាត់​សេចក្ដីនៅ​ថ្ងៃ​ចុង​ក្រោយ ? ខ្ញុំ​ជឿ​ថា បទបញ្ញត្តិ​នេះ​ត្រូវបាន​ប្រទានឲ្យ ​ដោយសារ​យើង​គិត​ថា​នឹង​ធ្វើ​ការវិនិច្ឆ័យថ្ងៃចុងក្រោយ នៅពេល​ណា​ដែល​យើងស្តែង​ថា មនុស្សមួយ​ចំនួន​នឹង​ទៅ​ស្ថាននរក ( ឬ​ទៅ​ស្ថានសួគ៌ ) ដោយសារ​ទង្វើ​មួយ​ចំនួន​ នៅក្នុង​ពេលណា​​មួយ ។ នៅពេល​យើង​ធ្វើ​ដូចនេះ —ហើយ​មាន​ការល្បួង​ដ៏​ធំ​មួយ​ឲ្យ​ធ្វើដូច្នេះ— យើង​នឹង​ធ្វើឲ្យ​ខ្លួន​ឯង និង​បុគ្គល​ដែល​យើង​វិនិច្ឆ័យ​ឈឺ​ចាប់ ។ …

« … ដំណឹងល្អ​គឺជា​ដំណឹងល្អ​​នៃ​សេចក្ដីសង្ឃឹម ហើយ​គ្មាន​នរណាម្នាក់​ក្នុង​ចំណោម​យើង​ត្រូវបាន​ប្រគល់​សិទ្ធិ​ឲ្យ​បដិសេធ​អំណាច​នៃ​ដង្វាយធួន ​ដើម្បី​នាំមក​នូវ​ការសម្អាត​នៃ​អំពើបាបរបស់​​បុគ្គល ការអភ័យទោស និង​ការកែប្រែ​ជីវិត​ទៅតាម​លក្ខខណ្ឌ​សមរម្យ​ឡើយ » ( « ‘Judge Not’ and Judging » Ensign, ខែ សីហា ឆ្នាំ 1999, ទំព័រ 7, 9 ) ។

  • តើ​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ អូក ជួយ​អ្នក​ឲ្យ​យល់​ពី​បទ​បញ្ញត្តិ​​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី « វិនិច្ឆ័យ » គេ ដោយ​របៀបណា ?

សូម​បង្ហាញរបស់​​ដែលល្អិតៗ ដូចជា​​បំណែកឈើតូច ។ សូម​ពន្យល់​ថា​អត្ថន័យ​ផ្សេង​ទៀត នៃពាក្យល្អិត​គឺ កំទេច ។ បន្ទាប់មក​សូម​បង្ហាញ ( ឬ សូម​គូស​នៅលើ​ក្ដារខៀន ) នូវ​ធ្នឹម​ឈើ​មួយ ឬ​ឈើ​វែងមួយ​មែក ។ សូម​ប្រាប់​សិស្ស​ថា ព្រះអង្គសង្គ្រោះ​បាន​សំដៅ​លើ​កំទេច​មួយ និង​ធ្នឹម​មួយ​ ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​បញ្ហា​ដែល​នឹង​កើតឡើង នៅពេល​យើង​វិនិច្ឆ័យ​អ្នកដទៃ​ដោយ​មិន​សុចរិត ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 14:3–5 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​គិត​អំពី​អ្វី​ដែល​តំណាង​ឲ្យ​កំទេច និង​ធ្នឹម ។

  • តើ​កំទេច​តំណាង​ឲ្យ​អ្វី ? ( កំហុស​មួយ​ដែល​យើង​មើលឃើញ​នៅលើ​អ្នកដទៃ ) ។ តើ​ធ្នឹម​តំណាង​ឲ្យ​អ្វី ? ( កំហុស​របស់​យើង​ផ្ទាល់ ។ )

សូម​បង្ហាញ​ថា រឿង​តំណាល​របស់​ព្រះអង្គសង្គ្រោះ​ផ្ដោតលើ​វត្ថុ​ដែល​ជាប់​នៅក្នុង​ភ្នែក ។ របស់​បែបនោះ​នឹង​ប៉ះពាល់​ដល់​ការគិត​របស់​បុគ្គល​ម្នាក់ ។

  • តើ​កំហុស​របស់​​យើង​អាច​ប៉ះពាល់​ដល់​របៀប​ដែល​យើង​មើលទៅ​អ្នកដទៃ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​គិត​ថា​តើ​វា​សម​ទេ ដែលវិនិច្ឆ័យ​អ្នកដទៃ​នោះ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​ពី​សំណួរ​នេះ​មួយ​សន្ទុះ ។ បន្ទាប់មក សូម​ពន្យល់​ថា នៅក្នុង​ការបកប្រែ​ដ៏​បំផុសគំនិត​​នៃ ម៉ាថាយ 7:1 ព្យាការី យ៉ូសែប ស៊្មីធ បាន​បញ្ជាក់​ពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការវិនិច្ឆ័យ​អ្នកដទៃ ។ យោងតាម យ៉ូសែប ស៊្មីធ ព្រះអង្គសង្គ្រោះ បាន​មាន​បន្ទូល​ថា « កុំ​ថ្កោលទោស​គេ​ឡើយ ដើម្បីមិន​ឲ្យ​មាន​គេ​ថ្កោល​អ្នកវិញ ៖ ប៉ុន្ដែ​កាត់សេចក្ដី​សុចរិត​វិញ » ( ការបកប្រែ​របស់ យ៉ូសែប ស៊្មីធ ម៉ាថាយ 7:1 [ នៅក្នុង ម៉ាថាយ 7:1, លេខយោង ] ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ការពន្យល់​ខាងក្រោម​នៅក្នុង ពិត​ចំពោះ​សេចក្ដីជំនឿ ៖

« ពេលខ្លះ​មនុស្ស​មាន​អារម្មណ៍​ថា វា​ខុស​ក្នុង​ការវិនិច្ឆ័យ​អ្នកដទៃ​តាម​របៀប​ណាក្ដី ។ ខណៈពេល​ដែល​វា​ពិត​ថា អ្នក​មិន​គួរ​ដាក់ទោស​អ្នកដទៃ ឬ​វិនិច្ឆ័យ​ពួកគេ​ដោយ​មិនសុចរិត នោះ​អ្នក​នឹង​ត្រូវ​វិនិច្ឆ័យ​លើ​គំនិត ស្ថានភាព ហើយ​និង​មនុស្ស​នោះ​ពេញមួយ​ជីវិត​របស់​អ្នក ។ ព្រះអម្ចាស់​បាន​ប្រទាន​ព្រះបញ្ញត្តិ​ជាច្រើន​ថា អ្នក​មិន​អាច​រក្សា​បាន​ទេ បើ​អ្នក​កាត់សេចក្ដី​នោះ » ( ពិត​ចំពោះ​សេចក្ដីជំនឿ ៖ សេចក្ដីយោង​ដំណឹងល្អ [ ឆ្នាំ 2004 ], ទំព័រ 90 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការវិនិច្ឆ័យ​សុចរិត សូម​ឲ្យ​ពួកគេ​អាន នីហ្វៃទី 3 14:6 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​ការវិនិច្ឆ័យ​ខ្លះ​ដែល​ទ្រង់​បាន​ណែនាំ​យើង​ឲ្យ​ធ្វើ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​វា​មាន​ន័យយ៉ាងណា កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះកែវ​មុក្ដា​របស់​ខ្លួន​នៅ​មុខ​ជ្រូក​ឡើយ ? ( ការ​ចែកចាយ​អ្វីមួយ​ដែល​ពិសិ្ឋ​ដល់​អ្នកទាំងឡាយ​ណា​ដែល​នឹង​មិន​កោតសរសើរ​ដល់​វា ឬ​ផ្ដល់​កិត្តិយស​ដល់​ភាពពិសិដ្ឋ​របស់​វា ) ។

  • តើ​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 14:6 តម្រូវ​ឲ្យ​យើង​វិនិច្ឆ័យអ្នកដទៃ​ដោយ​របៀបណា ?

ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក អំពី​ស្ថានភាព​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​ការ​វិនិច្ឆ័យ ៖

« យើង​ទាំងអស់​គ្នា​ធ្វើការ​ វិនិច្ឆ័យ​ក្នុង​ការជ្រើសរើស​មិត្តភក្ដិ ក្នុង​ការជ្រើសរើស​របៀប​ដែល​យើង​នឹង​ចំណាយ​ពេល​របស់​យើង និង​ប្រាក់កាស​របស់​យើង ហើយ​ប្រាកដ​ណាស់ ​គឺ​ក្នុង​ការជ្រើសរើស​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច ។ …

« … ការវិនិច្ឆ័យ​ដ៏​សុចរិត​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណនៃព្រះអម្ចាស់ មិន​មែន​ដោយ​កំហឹង ដោយ​ការសងសឹក ការច្រណែន ឬ​ការចាប់អារម្មណ៍​ផ្ទាល់ខ្លួន​នោះទេ » ( « ‘Judge Not’ and Judging » ទំព័រ 9 ) ។

  • តើ​ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ធ្វើការវិនិច្ឆ័យ​សុចរិត​ក្នុង​ផ្នែក​ដូចជា ការជ្រើសរើស​មិត្តភក្ដិ ការសម្រេចចិត្ត​លើ​របៀប​ដែល​យើង​ចំណាយពេល និង​ប្រាក់កាស​របស់​យើង និង​ការជ្រើសរើស​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច ?

  • តើ​មាន​ស្ថានភាព​ផ្សេង​ទៀត​ណាខ្លះ​ដែល​យើង​ត្រូវ​ធ្វើការ​វិនិច្ឆ័យ​ដោយ​សុចរិត​លើ​អ្នកដទៃ ? ( សិស្ស​អាច​លើកឡើង​ពី​ការជ្រើសរើស​រវាង​និយោជក​មាន​សក្ដានុពល ឬ​ការជ្រើសរើស​ថា​តើ​ត្រូវ​ទទួល​យក​ការអញ្ជើញ​ទៅ​ជួប​គ្នា​ឬ​ទេ ) ។

នីហ្វៃទី 3 14:7–11

ព្រះអង្គសង្គ្រោះ​បង្រៀន​អំពី​ការស្វែងរក​ពរជ័យ​ទាំងឡាយ​ពី​ព្រះវរបិតាសួគ៌

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 14:7–11 ​ស្ងាត់ៗ ​ដោយ​រកមើល​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​ក្នុង​ការឆ្លើយតប​ចំពោះ​ការអធិស្ឋាន​របស់​យើង ។ សូម​ពន្យល់​ថា ប្រសិនបើ​ឪពុក​លើ​ផែន​ដី ដែល​មាន​ចិត្ត​ល្អ និង​ជាទីស្រឡាញ់​ប៉ុន្ដែ​មិន​ឥតខ្ចោះ នឹង​ផ្ដល់​នំបុ័ង និង​ត្រី​ដល់​កូនចៅ​របស់​ខ្លួន ជំនួសឲ្យដុំ​ថ្ម និង​ពស់​ពិស នោះ​ព្រះវរបិតាសួគ៌​ដែល​មាន​ព្រះ​ទ័យ​ល្អ និង​ជាទីស្រឡាញ់​ដ៏​ឥតខ្ចោះ​ ​ប្រាកដ​ជា​ឆ្លើយតប​នឹង​ការអធិស្ឋាន​សុំ​ជំនួយ​របស់​កូនចៅ​របស់​ទ្រង់ ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី នីហ្វៃទី 3 14:7–11 ? ( សិស្ស​អាច​រកឃើញ​នូវ​គោលការណ៍​ខុសគ្នា ។ គោលការណ៍​មួយ​ដែល​អ្នក​អាច​បញ្ជាក់​គឺ ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​យើង នៅពេល​យើង​អធិស្ឋាន​សុំ​ជំនួយ​ពី​ទ្រង់ ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដល់​អ្នក​ដើម្បី​ដឹង​ថា ព្រះវរបិតាសួគ៌​នឹង​ឆ្លើយ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក ?

  • តើ​នៅពេលណា​ដែល​អ្នក​ទទួល​​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ដល់​អ្នក តាមរយៈ​របៀប​ដែល​ទ្រង់​បាន​ឆ្លើយតប​ទៅនឹង​ការអធិស្ឋាន​របស់​អ្នក ? ( អ្នក​អាច​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​នេះ​មួយសន្ទុះ មុនពេល​ពួកគេ​ឆ្លើយ ។ សូម​គិត​ផងដែរ​ពី​ការចែកចាយ​បទពិសោធន៍​របស់​អ្នក​ផ្ទាល់ ) ។

នីហ្វៃទី 3 14:12–27

ព្រះអង្គសង្គ្រោះ​បង្រៀន​យើង​ពី​សារៈសំខាន់​នៃ​ការធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 14:12 ដោយ​ស្ងាត់ស្ងៀម ​ហើយ​សុំ​ឲ្យ​ពួកគេ​គិត​ពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ខគម្ពីរ​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​កាន់តែ​ខ្លាំង ។

  • តើ​ការគោរព​តាម​ការណែនាំ​នៅក្នុង នីហ្វៃទី 3 14:12 អាច​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​កាន់តែ​ខ្លាំង​ដោយ​របៀបណា ?

សូម​ប្រាប់​សិស្ស​ថា នៅពេល​ដែល​ព្រះអង្គសង្គ្រោះ​បន្ដ​បង្រៀន នោះ​ទ្រង់​បាន​ប្រើ ភាព​ស្រដៀង​គ្នា ​ដ៏​មាន​ព្រះចេស្តា​ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​ពី ភាពស្រដៀង​គ្នា​​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 14 សូម​ដឹកនាំ​នូវ​សកម្មភាព​ខាងក្រោម ។

សូម​បំបែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​ 2 ឬ 4 នាក់​ក្នុង​មួយ​ក្រុម ។ សូម​ឲ្យ​ក្រដាស​ដល់​សិស្ស ។ សូម​សរសេរ​វគ្គ​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​សូម​ដាក់​កិច្ចការ​មួយ​ឲ្យ​ដល់​ក្រុម​នីមួយៗ ៖ នីហ្វៃទី 3 14:13–14; នីហ្វៃទី 3 14:15–20; នីហ្វៃទី 3 14:24–27 ។ ( ប្រសិនបើ​អ្នក​មាន​សិស្ស​ច្រើន សូម​ដាក់​វគ្គ​ព្រះគម្ពីរ​ឲ្យ​សិស្ស​ច្រើន​ជាង​មុន​ក្នុង​ក្រុម​នី​មួយៗ ) ។ សូម​ឲ្យ​សិស្ស​អាន​កិច្ចការ​ព្រះគម្ពីរ​របស់​គេ ហើយ​គូស​រូបភាព​នៃភាព​ស្រដៀង​គ្នា​​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ ។ សូម​ឲ្យ​ពួកគេ​សរសរ​អ្វី​ដែល​ពួកគេ​រៀន​ពី​ភាព​ស្រដៀង​គ្នា​ផងដែរ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បង្ហាញ​រូបភាព​របស់​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ហើយ​ពន្យល់​អ្វី​ដែល​ពួកគេ​បាន​រៀន ។ នៅពេល​សិស្ស​បង្ហាញពី​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ការគោរព​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដូចជា​ការដើរ​តាម​ផ្លូវ​ដ៏​តូចចង្អៀត​មួយ​ដោយ​របៀបណា ? តើ​ការបដិសេធ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដូចជា​ការដើរ​តាម​ផ្លូវ​ដ៏​ធំ​ទូលាយ​មួយ​ដោយ​របៀបណា ? ( សូមមើល នីហ្វៃទី 3 14:13–14 ) ។តើ​របៀបណា​ខ្លះ​ដែល​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ខុសពី​ការបង្រៀន​របស់​ពិភពលោក ?

  • ហេតុអ្វីបានជា​សត្វចចក​នឹង​ក្លែងខ្លួន​ធ្វើជា​ចៀម ? ( សូមអាន នីហ្វៃទី 3 14:15 ) ។តើ​ភាព​ស្រដៀង​គ្នា​នេះ​ប្រាប់​យើង​អំពី​បំណង និង​សកម្មភាព​របស់​ព្យាការី​ក្លែងក្លាយ​អ្វីខ្លះ ?

  • ប្រសិនបើ​ដើមឈើ​នៅក្នុង នីហ្វៃទី 3 14:16–20 តំណាង​ឲ្យ​មនុស្ស តើ​ផ្លែ​វា​អាច​តំណាង​ឲ្យ​អ្វី ? ( ចម្លើយ​អាច​រួមមាន គំនិត​របស់​មនុស្ស សម្ដី សកម្មភាព និង​ឥទ្ធិពល​ទៅលើ​អ្នកដទៃ ) ។

  • នៅពេល​ណា​ដែល​យើង​ស្ដាប់តាម​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ និង​ធ្វើ​តាម​ទ្រង់ តើ​យើង​អាច​ដូចជា​បុរសម្នាក់​ដែល​សង់​ផ្ទះ​របស់​គាត់​នៅលើ​ថ្ម​ដោយ​របៀបណា ? ( សូម​មើល នីហ្វៃទី 3 14:24–25 ) ។ប្រសិនបើ​យើង​ជ្រើសរើស​មិន​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ តើ​យើង​អាច​ដូចជា​បុរសម្នាក់​ដែល​សង់​ផ្ទះ​របស់​គាត់​នៅលើ​ខ្សាច់​ដោយ​របៀបណា ? ( សូមមើល នីហ្វៃទី 3 14:26–27 ) ។

    ក្រោយពី​ការបង្ហាញ និង​ការពិភាក្សា​របស់​សិស្ស​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 14:21–23 ឮៗ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី នីហ្វៃទី 3 14:21 ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែពួកគេ​គួរ​បង្ហាញ​នូវ​សេចក្ដីពិត​ដូចខាងក្រោម [ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើក្ដារខៀន ] ៖ យើង​ត្រូវតែ​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​ដើម្បី​ចូលទៅក្នុង​នគរស្ថានសួគ៌ ។)

  • តើ​សេចក្ដីពិត​នេះ​ទាក់ទង​ទៅនឹង​ការបង្ហាញ​នៃ​ផ្លូវ​ដ៏​ធំ និង​ចង្អៀត ដើមឈើ​ដ៏​ល្អ និង​អាក្រក់ និង​បុរស​ដ៏​ឆ្លាត និង​បុរស​ល្ងង់​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​មាន​ពេល​សញ្ជឹងគិត និង​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី នីហ្វៃទី 3 14 ។ សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅសរសេរ ឬកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​អំពី​របៀប​ដែល​ពួកគេ​​នឹង​ពង្រឹង​ការខិតខំ​របស់​ពួកគេ ​ក្នុង​ការធ្វើ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃទី 3 14 ។ បើ​មាន​ពេល​វេលា សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ចែកចាយ​អ្វីដែល​ពួកគេ​នឹង​ធ្វើ​ដោយសារ​តែ​អ្វី​ដែល​ពួកគេ​បានរៀន​នេះ ។ អ្នក​អាច​បញ្ចប់​ដោយ​ការថ្លែងទីបន្ទាល់​អំពី​ពរជ័យ​ដែល​អ្នក​បាន​ទទួល នៅពេល​ដែល​អ្នក​បាន​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ។